ដោយ វុត្ថា
ភ្នំពេញៈ រាល់អាជីវកម្មអភិវឌ្ឍលំនៅឋាន ដែលមានទំហំចាប់ពី៤ ឬ៣ភូមិគ្រឹះ ឬ៤ យូនីនៃលំនៅឋានឡើងទៅ ត្រូវមានអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋានជាមុន ដែលចេញដោយក្រសួងមានសមត្ថកិច្ច។
យោងតាមសេចក្តីប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋានលេខ ៩៦៥ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅដ្ឋានត្រូវបានចែកចេញជា២ប្រភេទ រួមមាន៖ អាជ្ញាបណ្ណប្រភេទ១ ផ្តល់ជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ដែលមានដើមទុនផ្ទាល់ខ្លួនទាំងស្រុងនិង /ឬប្រាក់កម្ចីពីគ្រឹះស្ថានធនគារគារ និងហិរញ្ញវត្ថុនានា ដើម្បីអភិវឌ្ឍលំនៅឋាន និងអាចលក់លំនៅឋានដល់អ្នកប្រើប្រាស់នៅពេលបញ្ចប់ការសងសង់ជាស្ថាពរ។
អាជ្ញាបណ្ណប្រភេទ២ ផ្តល់ជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ដែលមានដើមទុនផ្ទាល់ខ្លួន និង/ឬ ប្រាក់កម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា និង/ឬ ដើមទុនដែលបានមកពីការកៀរគរធនធានហិរញ្ញវត្ថុជាមុន ពីអ្នកទិញលំនៅឋានដើម្បីអភិវឌ្ឍលំនៅឋានជាបណ្តើរៗ និងអាចធ្វើប្រតិបត្តិការលក់លំនៅឋានដល់អ្នកប្រើប្រាស់ តាមលក្ខខណ្ឌដែលបានកំណត់ក្នុងប្រកាស។
សេចក្តីប្រកាសដដែលបន្តថា អាជ្ញាបណ្ណត្រូវបានផ្តល់ជូនក្រុមហ៊ុន អភិវឌ្ឍលំនៅឋាន សម្រាប់គម្រោងអភិវឌ្ឍលំនៅឋានតែមួយនៅតាំងតែមួយ។ ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋានតែមួយ ត្រូវបានបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួយៗនៃគម្រោងអភិវឌ្ឍលំនៅឋាន៕