ដោយៈ រ៉ាណេត
ភ្នំពេញៈ វិនិយោគិនខុនដូ SKY TREE បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) រៀបចំពិធីពិនិត្យសុខភាពជូនកម្មករ ដែលកំពុងបម្រើការងារ នៅក្នុងការដ្ឋានរបស់ក្រុមហ៊ុនប្រមាណ១៥០នាក់ និងការឧបត្ថម្ភអាហារ រួមជាមួយនឹងអង្ករម្នាក់មួយបាវផងដែរ។
ការពិនិត្យសុខភាពនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ នៅទីតាំងក្រុមហ៊ុនផ្ទាល់ ដែលមានអាស័យដ្ឋានផ្ទះលេខ KH1+KH2 ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តំណាងឱ្យក្រុមហ៊ុន SKY TREE លោក ឃួន ស៊ីណាម៉ាខេនបានថ្លែងថា ការគិតគូរពីសុខភាពរបស់កម្មករសំណង់ តែងតែត្រូវបានលើកស្ទួយជានិច្ច។ ជាក់ស្តែងថ្ងៃនេះ ដើម្បីលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលប្រកបការងារលើវិស័យសំណង់ ស.ស.យ.ក រាជធានីភ្នំពេញ និងក្រុមហ៊ុន SKY TREE បានរៀបចំពិធីពិនិត្យសុខភាព ជូនកម្មករសំណង់របស់ក្រុមហ៊ុនផ្ទាល់់។
លោក គឹម សុខរី នាយកនៃនាយកដ្ឋានកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ បានជំរុញឱ្យកម្មករសំណង់ទាំងអស់ ត្រូវចេះការពារសុខភាព និងសុវត្ថិភាពខ្លួនឯងនៅក្នុងការដ្ឋានសំណង់ផងដែរ។ លោកបានបន្តថា ការធ្វើការដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ គឺជារឿងដែលត្រូវអនុវត្តមុនគេ ជៀសវាងពេលកើតមានបញ្ហា ទើបស្វែងរកដំណោះស្រាយតាមក្រោយ។
គំរោងខុនដូ SKY TREE ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីសរុប ៨២៤៨.៩៣ ម៉ែត្រការ៉េ មានកម្ពស់៣២ជាន់ ស្មើនឹងជាង១០០ម៉ែត្រ ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន UP KEEN VENTURES LIMITED និងក្រុមហ៊ុន J&L PROPERTY DEVELOPMENT ដែលមានរចនាបថបែបធម្មជាតិ ជាមួយនឹងសំណង់អគារចំនួន៣ មានចំនួន ១,១០៤យូនីត៕