ដោយ គង់ សូរិយា
ភ្នំពេញ៖ ការអភិវឌ្ឍជារឿងត្រូវអបអរសាទរ ប៉ុន្តែការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាអ្វីដែលមិនអាចមើលរំលងបាន ពិសេសខេត្តព្រះសីហនុកំពុងរីករាយនឹងល្បឿននៃការអភិវឌ្ឍន៍ ប៉ុន្តែបញ្ហាប្រឈមជាច្រើនកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។
បញ្ហាប្រឈមទាំងនោះរូមមាន ខេត្តមិនទាន់មានប្លង់គោលច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ឋមិនទាន់ឆ្លើយតបនឹងកំនើនមនុស្ស និងកំនើនយានយន្ត បញ្ហាបរិស្ថាន និងជម្លោះដីធ្លីកំពុងកើតមានកាន់តែច្រើន ដោយសារដីឡើងថ្លៃខ្ពស់។
អភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានថ្លែងទទួលស្គាល់ថា ខេត្តព្រះសីហនុបានរៀបចំប្លង់គោលរួចហើយ ប៉ុន្តែមិនទាន់បានអនុម័តដោយប្លង់គោលនោះស្ថិតនៅក្នុងដៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ត្រួតពិនិត្យ។លោកបន្តថា ជាមួយនឹងកំនើនដីធ្លី បានធ្វើឲ្យខេត្តជួបបញ្ហាច្រើនក្នុងការដោះស្រាយបញ្ហាអនាធិបតេយ្យនានា។
លោកបន្តថា ខេត្តកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីឆ្លើយតបនឹងកំនើនយានយន្ត និងចំនួនមនុស្សកើនឡើងនៅក្នុងខេត្តនេះ ពិសេសកំពុងដោះស្រាយបញ្ហាបរិស្ថាន ដោយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ និងចូលរួមធ្វើអាងចម្រោះទឹកកខ្វក់ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន។
លោកបន្តថា “យើងកំពុងខិតខំបំផុសឲ្យប្រជាជនចូលរួម ប៉ុន្តែបើមិនធ្វើអាជ្ញាធរនឹងចាប់បង្ខំឲ្យធ្វើ ព្រោះបើមិនធ្វើវានឹងរលាយហើយ”។
យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisal បានរកឃើញថា បច្ចុប្បន្នខុនដូនៅខេត្តព្រះសីហនុ មានផ្ទះចំនួន៥០០០យូនីត និងមានគំរោងសរុប១៦គំរោង។
បច្ចុប្បន្នខេត្តព្រះសីហនុមានកាស៊ីណូចំនួងជាង២០ និងមានភ្ញៀវទេសចរ ន៍ចិនកំពុងតែចាប់អារម្មណ៍ច្រើនក្នុងខេត្តនេះ ជាមួយនឹងការភ្ជាប់ការហោះហើរយ៉ាងសកម្មពីប្រទេសចិន និងគោលដៅផ្សេងៗទៀតមកកាន់ខេត្តនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ជំរុញឲ្យវិស័យលំនៅដ្ឋាន ពិសេសអាគារបែបសហកម្មសិទ្ឋ(ខុនដូ)មានការរីកចម្រើនយ៉ាងលឿន។

គិតត្រឹមដើមឆ្នាំ២០១៧នេះ ចិនវិនិយោគទឹកប្រាក់ជាង៣៥០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដោយបានបង្កើតរោងចក្រ សហគ្រាសប្រមាណ១៣០នៅតំបន់នោះ និងបានផ្តល់ការងារដល់ប្រជា ពលរដ្ឋជាង១០ម៉ឺននាក់។
អគ្គនាយកសណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុលោកឡៅ ហេងបានមានប្រសាសន៍ថា លោកស្វាគមន៍គំរោងវិនិយោគជាច្រើនពីអ្នកចិន ដែលបាននិងកំពុងកើនឡើងក្នុងខេត្តព្រះសីហនុ។ ការចូលមកវិនិយោគជាសញ្ញាល្អប្រសើរ និងសុទ្ឋជារឿងល្អ ដែលវានឹងជួយជំរុញកំនើនសេដ្ឋកិច្ចរបស់យើង ប៉ុន្តែការត្រួតពិនិត្យគុណភាពសំណង់ និងផលប៉ះពាល់បរិស្ថានជារឿងចាំបាច់ដែលយើងត្រូវធ្វើជាបន្ទាន់។
លោកបន្តថា “យើងរីករាយជាមួយការវិនិយោគ ប៉ុន្តែអាជ្ញាធរគួរកសាងហេដ្ឋារចនាសម្ព័ន្ឋឲ្យបានប្រសើរ និងសមស្របនឹងការអភិវឌ្ឍជាក់ស្តែង ពិសេសបញ្ហាសំរាម និងទឹកកខ្វក់ជារឿងដែលត្រូវតែគិតគូរជាចម្បង”៕