តោះទៅស្តាប់សារដ៏រំជួលចិត្តរបស់នាយករដ្ឋមន្រ្តីចិនផ្ញើជូនប្រជាជនកម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចលំដាប់ខ្ពស់មកកាន់កម្ពុជា ចាប់ពីថ្ងៃទី១០ដល់១២ មករាខាងមុខនេះ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានផ្ញើសារដ៏រំជួលចិត្តមួយទាក់ទងនឹងទំនាក់ទំនងវប្បធម៌ ប្រវត្តិសាស្រ្តរវាងរដ្ឋាភិបាល និងប្រ​ជាជននៃប្រទេសទាំងពីរ។

 

លោកនាយករដ្ឋមន្រ្តីនៃប្រទេសមហាអំណាចទី២ លើពិភពលោកនេះបានផ្ញើសារដ៏កក់ក្តៅ និងលន្លង់លន្លោចពីអ្វីដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបាននិងកំពុងធ្វើ និងប្រវត្តិសាស្រ្តដ៏យូរលង់នៃប្រជាជាតិទាំងពីរ។

 

ក្នុងដំណើរទស្សនកិច្ច និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡានឆាងលោក លី ខឺឈាង បានលើកឡើងជាច្រើនទាក់ទងនឹងកិច្ចសហប្រិតបតិ្តការឡានឆាង-មេគង្គជាច្រើន។

 

គេហទំព័រព័ត៌មានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា Propertyarea.asia សូមបង្ហាញជូននូវការបកប្រែក្រៅផ្លូវការដូចតទៅ។

 

លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនចេញផ្សាយអត្ថបទដាក់ឈ្មោះក្រោមចំណងជើងថា “សង់ស្ពាន និងក្រាលផ្លូវ ដើម្បីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងចំណងមេត្រីភាពចិននិងកម្ពុជា” តាមប្រព័ន្ធសារព័ត៌មានកម្ពុជានៅថ្ងៃទី ៩ ខែមករាដូចតទៅ។

 

ទឹកទន្លេ ជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាលនិងពូនជ្រុំនូវអរិយធម៌។ តាំងពីបុរាណកាលមកមនុស្សជាតិ រស់នៅតាមបណ្តោ​យទន្លេ បន្តពូជពង្ស និងរស់នៅដោយបណ្តុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ ទន្លេឡានឆាងនិងទន្លេមេគង្គ ដែលមានទីប្រភពនៅប្រទេសចិនបានលាតសន្ធឹងជិត ៥០០០គីឡូម៉ែត្រ ជាទន្លេដែលហូរកាត់ប្រទេសច្រើនបំផុតនៅអាស៊ី ដែលបានស្រោចស្រពលើដីដ៏មានជីជាតិ និងស្រស់បំព្រងដែលស្ថិតនៅតាមបណ្តោយច្រាំងទន្លេ និងកកើតបានជាវប្បធម៌ដ៏ត្រចះត្រចង់បីដូចរស្មី នៃដួងតារានៅក្នុងតំបន់ ។

 

ទន្លេដ៏ធំមួយខ្សែនេះ ជាអំណោយពីធម្មជាតិដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់យើង ហើយកាន់តែជាចំណងធម្មជាតិ នៃការជួយយកអាសាគ្នារបស់យើងទៀតផង ។ វាបានផ្សារភ្ជាប់ប្រទេសទាំង៦ ដែលហូបទឹកនៃទន្លេតែមួយឲ្យក្លាយជាសហគមន៍ រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធដូចជាមនុស្សក្នុងគ្រួសារតែមួយ។ អាស្រ័​យហេតុនេះ គ្រាន់តែលើកពីគំនិតផ្តួចផ្តើមស្តីពី យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គដែលបានប្រើឈ្មោះរបស់ទន្លេមួយនេះ ក៏ទទួលបានការឆ្លើយតបយ៉ាងសកម្មពីបណ្តាប្រទេសពាក់ព័ន្ធ ។

 

ទំហំសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសទាំង ៦ មានភាពខុសប្លែកពីគ្នា មានបញ្ហាអ្វីក៏ពិគ្រោះពិភាក្សាជាមួយគ្នា ដោយបានប្រែក្លាយភាពបំពេញបន្ថែមគ្នាផ្នែកសេដ្ឋ កិច្ចឲ្យទៅជាកម្លាំងជួយជំរុញគ្នា ដើម្បីការអភិវឌ្ឍ ដែលផ្តោតលើវិស័យធំៗទាំង៣ គឺសន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍជានិរន្តរភាពសង្គម និងវប្បធម៌មនុស្សជាតិ ស្របតាមឧត្តមភាពជាប្រទេសជិតខាង ក្នុងន័យជីកកកាយរកឲ្យបានកាន់តែស៊ីជម្រៅ នូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ហើយបានធ្វើកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាយ៉ាងទូលំទូលាយលើវិស័យការតភ្ជាប់ សមត្ថភាពផលិត សេដ្ឋកិច្ចឆ្លងដែនធន​ធានទឹកកសិកម្ម និងការកាត់បន្ថយភាពក្រីក្រជាដើម ។

 

ដោយឈរលើមូលដ្ឋាន នៃចំណងមិត្តភាពប្រពៃណីដ៏យូរលង់ និងការអភិវឌ្ឍប្រកបដោយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលជាក្តីបំណងរួមរបស់យើង ដែលជាហេតុញ៉ាំងឲ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទទួលបានផ្លែផ្កា ដោយសារមានលក្ខណសម្បត្តិគ្រប់គ្រាន់រួចជាស្រេច ។ គម្រោងជាសមិទ្ធផលដំណាក់កាលដំបូងចំនួន៤៥ ដែលបានកំណត់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកដំបូងកាលពីឆ្នាំ ២០១៦ បាននិងកំពុងដំណើរការទៅតាមផែនការ ពោលគឺហិរញ្ញប្បទានពិសេស នៃកិច្ចសហការផ្នែកសមត្ថភាពផលិត ដែលមានតម្លៃ៥០០០ លានដុល្លារអាមេរិកបានសម្រេច ដោយលើសទំហំដែលបានគ្រោងទុក ហើយ មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង- មេគង្គគ្រោងនឹងផ្តល់ការគាំទ្រលើគម្រោងចំនួន១៣២ ដែលលើកឡើងដោយប្រទេសទាំង​៦ បានបង្កើ​តជាល្បឿនឡានឆាង-មេគង្គ ដែលមានភាពវិវឌ្ឍរីកចម្រើនជារៀងរាល់ថ្ងៃ មានផ្លែផ្កាជារៀងរាល់ខែ និងឈានដល់កម្រិតខ្ពស់ថ្មីជារៀងរាល់ឆ្នាំ ។

 

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលកកើតឡើងដោយសារទឹក និងចម្រើនរុងរឿងដោយសារទឹក បានវិវឌ្ឍជាយន្តការសហប្រតិបត្តិការអនុតំបន់ដែលពោរពេញទៅដោយភាពរស់រវើក និងប្រកបដោយសក្តានុពលអភិវឌ្ឍន៍ ។ ក្នុងនាមជាផ្នែកមូលដ្ឋានមួយនៃ កិច្ចសហប្រតិបត្តិការតំបន់ ក្រោមបរិបទបច្ចុប្បន្នដែលមានភាពផ្ទុយពីការធ្វើសកភាវូបនីយកម្ម និងការងើបឡើងនៃការគាំពារនិយម ក៏ដូចជាកម្លាំងចលករមិនគ្រប់គ្រាន់ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ វាមិនត្រឹមតែមានអំណោយផល សម្រាប់ការបង្រួញ នូវគម្លាតអភិវឌ្ឍន៍នៃផ្ទៃក្នុងអាស៊ានផ្តល់ជាកម្លាំងចលករ សម្រាប់ការធ្វើសមាហរណកម្មអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ចូលនូវប្រភពទឹករស់រវើក និងកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេ​សកំពុងអភិវឌ្ឍន៍ រហូតដល់ដំណើរវិវឌ្ឍនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលប្រកបដោយភាពកាន់តែបើកចំហ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ តុល្យ​ភាព និងឈ្នះ-ឈ្នះទៀតផង ។

 

ទន្លេឡានឆាងនិងទន្លេមេគង្គដែលមានតាំងពីសម័យបុរាណមក វាបានផ្ទុកនូវភាពលំបាកជូរចត់ ភាពរុងរឿង និងក្តីសុបិនដ៏មោទនៈភាពនៃប្រទេសតាមបណ្តោយទន្លេ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នឹងហូរឆ្ពោះទៅកាន់អនាគត ដែលវាប្រាកដជានឹងហូរកាត់នូវការសម្រេចសុបិន និងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នារបស់យើងជាក់ជាពុំខាន ។

 

ឆ្នាំថ្មី អ្វីៗក៏ថ្មី ។ ខ្ញុំរំពឹងថានឹងអាចធ្វើការពិគ្រោះពិភាក្សាគ្នាជាមួយគ្រប់ភាគីអំពីផែនការប្រតិបត្តិនាពេលអនាគត តាមរយៈកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី២ដែលនឹងប្រារព្ធធ្វើនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ក្នុងន័យស្រោចស្រពឲ្យបាន ផ្លែផ្កាកាន់តែសម្បូរលើវិស័យធារាសាស្ត្រ អប់រំ វប្បធម៌និងយុវជនជាដើម ។

 

កាលពីឆ្នាំ ២០១៦ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅប្រទេស​កម្ពុជាប្រកបដោយភាពជោគជ័យ ដែលបានជំរុញឲ្យកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងកម្ពុជាឈានដល់កម្រិតថ្មីថែមទៀត ។ លើកនេះខ្ញុំមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដោយតបតាមការអញ្ជើញ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជារំពឹងថា នឹងមានការសំណេះសំណាលយ៉ាងស្និទ្ធស្នាល អំពីចំណងមេត្រីភាពដ៏ល្អប្រពៃរវាងប្រទេសទាំងពីរម្តងទៀត ។

 

ឆ្នាំនេះត្រូវជាខួបទី ៦០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងកម្ពុជា ។ និយាយចំពោះមហាជនចិន កម្ពុជាគឺជាប្រទេសមួយដែលញ៉ាំងឲ្យពួកយើងមានភាពស្និទ្ធស្នាលជាអនេក។ នេះវាមិនត្រឹមតែដោយសារទំនាក់ទំន​ងជាអ្នកជិតខាងដ៏ស្អិតល្មួតរវាងចិន និងកម្ពុជាដែលអាចស្វែងរកប្រភពនៅជាង ២០០០ឆ្នាំមុន ហើយក៏មិនត្រឹមតែដោយសារវប្បធម៌ខ្មែរ ដ៏ត្រចះត្រចង់ និងប្រសាទបុរាណអង្គរ ដែលល្បីរន្ទឺទូទាំងពិភពលោកដែលញ៉ាំងឲ្យអ្នកផងទាំងពួងនឹកភ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែលើសពីនេះទៅទៀត គឺដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកម្ពុជាបានជួបប្រទះរឿងប្រវត្តិសាស្ត្រស្រដៀងគ្នា និងបានឆ្លងកាត់ការរួមគ្នាតស៊ូប្រយុទ្ធ ជាហេតុនាំឲ្យប្រជាជននៃប្រទេសទាំងពីររួមរស់ជាមួយគ្នា ក្នុងភាពមោះមុត ហើយក៏ដោយសារតែក្នុងពេលដែលប្រឈមនឹងបញ្ហា ដែលពាក់ព័ន្ធដល់ផលប្រយោជន៍ ជាស្នូលរបស់សមភាគី និងរឿងធំនិងសំខាន់ដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា ឈរលើគោលការណ៍នៃការគាំពារសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ក៏ដូចជាអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ជាតិ ប្រទេសចិននិងកម្ពុជាមានការយល់ឃើញដូចគ្នាលើតម្លៃនៃមិត្តស្មោះក្នុងគ្រាលំបាក និងការប្រកាន់ខ្ជាប់នូវការគាំពារសច្ចភាពទៅវិញទៅមក។

 

ចំណងមិត្តភាពដ៏មហិមារវាង ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ដែលបានឆ្លងកាត់អស់រយៈពេលកន្លះទសវត្សរ៍បានចារឹកជារឿងតំណាលដ៏អស្ចារ្យ ទាំងក្នុងទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងរវាងចិន និងកម្ពុជា ក៏ដូចជាអន្តរជាតិផងដែរ ។ ជាការពិតណាស់ នៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជនចិន ប្រទេសកម្ពុជានិងព្រះនាមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋសុទ្ធតែជាការចងចាំនៃយុគសម័យមួយដែលមិនអាចលុបបំបាត់បាន ។មានគេនិយាយថា រឿងតំណាលដ៏អស្ចារ្យនេះ គឺបានសបង្ហាញឲ្យឃើញពីឥរិយាបថ ចំពោះមនុស្ស និងការដោះស្រាយបញ្ហា ដែលជាផ្នែកមួយនៃវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ជនជាតិចិន និងបានឆ្លុះបញ្ចាំងពីកម្លាំងទាក់ទាញ នៃសច្ចភាពរបស់ប្រទេសចិនថ្មីដែលប្រកបដោយភាព ឯករាជ្យម្ចាស់ការនិងកិច្ចការទូតសន្តិភាព ។ ថ្វីបើពេលវេលាបានរំកិលទៅមុខ ពិភពលោកមានការប្រែប្រួលក្តី ក៏ប៉ុន្តែការថែរក្សានិងឲ្យតម្លៃរបស់យើងទៅលើចំណងមិត្តភាព ប្រពៃណីរវាងចិននិងកម្ពុជា ការប្រកាន់ខ្ជាប់របស់យើងលើទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ បរិយាប័ន្ន និងគោលការណ៍ណែនាំស្តីពី កិច្ចការទូតជាមួយប្រទេសជិតខាង គឺការរក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាង ចាត់ទុកប្រទេសជិតខាងជាដៃគូ ការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្កើតសហគមន៍រួមវាសនាតែមួយ ជាមួយប្រទេសជិតខាង និងទស្សនសច្ចភាពនិងផលប្រយោជន៍ដ៏ត្រឹមត្រូវ ដែលយើងបានប្រកាន់ខ្ជាប់ គឺជាការបន្តវេននៃឥរិយាបថនិងសច្ចភាពរបស់ប្រជាជាតិចិន វាមិនកែប្រែជាដរាប ពោលគឺពេលវេលារឹតតែយូររឹតតែរឹងមាំ ។

 

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសដែលដាក់ឈ្មោះ តាមកំពង់ផែក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍយ៉ាងផុលផុស ដែលបានស្រូបទាញសហគ្រាសចិននិងបរទេសជាង១០០ ទៅធ្វើអាជីវកម្ម បានផ្តល់ឱកាសការងារក្នុងតំបន់ជិត២ ម៉ឺននាក់ គឺដូចជាគម្រោងសហប្រតិបត្តិការ ជាក់ស្តែងដទៃទៀតរវាងចិននិងកម្ពុជាដូច្នោះដែរ វាបាននិងកំពុងបន្តចារឹកនូវទំព័រថ្មី សម្រាប់យុគសម័យនៃចំណងមិត្តភាពចិន និងកម្ពុជាតាមវិធីដែលផ្តល់សេចក្តី សុខសុភមង្គលពិតប្រាកដជូនដល់ប្រជាជន ។ ពេលបានមើលឃើញប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់ទុក្ខលំបាក បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ នៅលើមាគ៌ាអភិវឌ្ឍន៍ ប្រជាជនចិនមានសេចក្តីត្រេកអរយ៉ាងស្មោះអស់ពីដួងចិត្ត ។ ក្នុងដំណើរដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ និងការដឹកនាំឲ្យប្រទេសជាតិខ្លាំងក្លាប្រជាជនសម្បូរសប្បាយ ប្រទេសចិន និងកម្ពុជាកាន់តែត្រូវចាប់ដៃគ្នាដើរឆ្ពោះទៅមុខ តស៊ូពុះពារឧបសគ្គជាមួយគ្នា ។

 

ប្រទេសចិនរីករាយ ក្នុងការតភ្ជាប់ដោយស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាក្នុងន័យត្រួសត្រាយ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ។ ការបណ្តាក់ទុន បច្ចេកទេស សមត្ថភាព ផលិត និងភ្ញៀវទេសចរដែលមកពីប្រទេសចិន នឹងចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ ដល់សេដ្ឋកិច្ចសង្គមរបស់កម្ពុជាដូចគ្រាកន្លងទៅ ។

 

កិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសចិននិងកម្ពុជា ក៏ដូចជាឡានឆាងនិងមេគង្គ គឺសុទ្ធតែចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺជីវភាពរស់នៅនិងការផ្តល់សេចក្តីសុខ សុភមង្គលជូនដល់ប្រជាជនជាទិសដៅណែនាំ ។ ខ្ញុំមានក្តីសប្បាយរីករាយជាពន់ពេក ដែលបានដឹងថា ក្រុមការងារសុខាភិបាលរបស់ចិនក្នុងសកម្មភាព “ដំណើរពន្លឺនៃក្តីសង្ឃឹមតាមទន្លេ មេគង្គ”បានជួយឲ្យប្រជាពលរដ្ឋកម្ពុជាជាង ៦០០ រូបដែលមានជំងឺភ្នែកឡើងបាយបានជាសះស្បើយ ជឿជាក់ថាអនាគតដ៏ភ្លឺស្វាងនៃការរួមគ្នាអភិវឌ្ឍរបស់យើង នឹងស្ថិតនៅក្នុងក្រសែភ្នែកដែលពោរពេញទៅដោយក្តីសង្ឃឹមរបស់ពួកគាត់ ។

 

ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងរួមជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបើកដំណើរការ នូវសកម្មភាពវះកាត់ជំងឺបេះដូងស្តីពី”ដំណើរសប្បុរសធម៌” ខ្ញុំសូមជូនពរឲ្យអ្នកជំងឺទាំងឡាយឆាប់បានជាសះស្បើយ និងជឿជាក់ថា ចំណងមិត្តភាពរវាងចិននិងកម្ពុជានឹងទទួលបានកម្លាំ​ងចលករកាន់តែយូរអង្វែង ពីក្នុងចង្វាក់បេះដូងរបស់ពួកគាត់ ដែលកាន់តែមានកម្លាំងខ្លាំងក្លា ។

 

មានស្ថិតិបង្ហាញថា ប្រទេសចិនបានជួយកសាងស្ពាននិងផ្លូ​វថ្នល់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំយល់ឃើញថា ក្នុងចំណោមនោះ គ្មានអ្វីគួរឲ្យសង្ស័យឡើយ ស្ពានដែលល្អបំផុត គឺស្ពានមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា។ ឯផ្លូវដែលល្អបំផុតជាការពិតណាស់ គឺផ្លូវរួមគ្នាអភិវឌ្ឍរវាងប្រទេសចិន និងកម្ពុជា ហើយការមកដល់របស់ខ្ញុំលើកនេះ គឺក្នុងគោលបំណងដើម្បីបន្តសាងសង់ស្ពាននិងក្រាលផ្លូវបែបនេះតទៅទៀត ៕









LEAVE A REPLY

Please enter your comment!
Please enter your name here