ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយគំរោងផ្លាស់ប្ដូរទីតាំងផ្សារបោះដុំបន្លែ និងផ្លែឈើពីផ្សារដើមគរ ទៅកាន់ទីតាំងថ្មី ដែលស្ថិតជ្រុងម្ខាងនៃបឹងតាមោឃ (បឹងកប់ស្រូវ) លើផ្ទៃដីទំហំ២០ហិកតានោះ បច្ចុប្បន្នសកម្មភាពនៃដំណើរការសាងសង់ផ្សារនេះ បានកំពុងមានសកម្មភាពយ៉ាងសកម្ម។

-->
តំបន់ជុំវិញបឹងតាមោឃ បច្ចុប្បន្ននេះត្រូវបានកាត់ចូលចំណែកខ្លះ មកក្នុងចំណុះខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងតែមានការអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យ វិស័យសំណង់និងលំនៅដ្ឋាន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគម្រោងអភិវឌ្ឍផ្ទៃបឹងមួយភាគធំធ្វើជាទីលានប្រណាំងទូកកានូ ដែលកាន់តែជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដោយឡែកពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍ និងសាងសង់ផ្សារបោះដុំបន្លែ ផ្លែឈើ និងទីចំណតរថយន្តធំៗ ដែលនឹងត្រូវផ្លាស់ប្ដូរចេញពីផ្សារដើមគរ និងផ្សារនាគមាស ក៏កំពុងតែបន្តសកម្មភាពផងដែរ។
អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកថា បច្ចុប្បន្ននេះ គម្រោងនៃការសាងសង់ផ្សារបោះដុំបន្លែ និងផ្លែឈើ គឺនៅតែបន្តសកម្មភាព មិនមានការផ្អាកនោះទេ ខណៈដែលការសិក្សាត្រូវបានបញ្ចប់ទាំងស្រុងរួចរាល់ហើយនោះ។
លោកបានបន្តទៀតថា “ឥឡូវ គឺកំពុងតែបូមដីដាក់លុបបំពេញ នៅតាមច្រាំងមាត់បឹងជាជំហានដំបូង រួមជាមួយនឹងការំណត់ទីតាំងព្រំដីផងដែរ”។ លោកបានបន្តទៀតថា “ការលុបដីនៅពេលនេះ ទើបតែបានចំនួនតិចនៅឡើយ ដោយហេតុថាពាក់ព័ន្ធទៅនឹងកត្តាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ដែលរំខានដល់ដំណើរការងាររបស់អ្នកបច្ចេកទេស”។
;លោកបានបន្តទៀតថា ចំពោះការកំណត់ពេលវេលាជាក់លាក់ថា អាចនឹងបញ្ចប់ការលុបដីនៅត្រឹមប៉ុន្មានខែទៀតនោះ យើងនៅមិនទាន់អាចកំណត់បាននៅឡើយនោះទេ ព្រោះទំហំដែលត្រូវលុបមានរហូតដល់ទៅ២០ហិកតា ហើយជម្រៅបឹងមានកន្លែងខ្លះរាក់ កន្លែងខ្លះជ្រៅ ដែលត្រូវចំណាយច្រើនបន្តិច។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា សកម្មភាពរបស់ក្រុមការងារជំនាញនៅតែបន្តទៅមុខជានិច្ចស្របទៅនឹងការសម្រេចសម្រាប់រដ្ឋាភិបាល។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូ បានមានប្រសាសន៍ផងដែរថា ការរុះរើ និងផ្លាស់ទីតាំងផ្សារបោះដុំបន្លែ និងផ្លែឈើ ពីផ្សារដើមគរ ទៅបឹងតាម៉ោក វាជារឿងល្អ សម្រាប់សាធារណៈជនទូទៅមួយចំនួនធំ ប៉ុន្តែក៏មានអាចប៉ះពាល់ប្រយោជន៍ដល់ប្រជាពលរដ្ឋដែលអាស្រ័យផលមួយចំនួនតូចដែរ។
លោកបានបន្តទៀតថា “ជាក់ស្ដែងផ្សារដោះដុំបន្លែ និងផ្លែឈើនៅទីតាំងចាស់គឺមានផលប៉ះពាល់ច្រើន ដូចជាការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់សណ្ដាប់ធ្នាប់ ជាពិសេសរំខាន់ដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជុំវិញទីតាំងចាស់”។ លោកបានបន្តថា “ក្រោយពេលផ្លាស់ប្ដូរទីតាំង អជ្ញាធរអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលការកកស្ទះបានមួយកម្រិតធំ ដែលជាការលើកកម្ពស់សោភ័ណភាពក្រុងផងដែរ ប៉ុន្តែក៏មានផលប៉ះពាល់ទៅដល់អាជីវករខ្នាតតូចមួយចំនួនដែលកំពុងតែអាស្រ័យផលពីផ្សារមួយនេះផងដែរ ដោយហេតុថាពួកគាត់មិនមានលទ្ធភាពក្នុងការនាំកសិផលទៅកាន់ផ្សារទីតាំងថ្មី ព្រោះមានចម្ងាយឆ្ងាយ”។

លោក ង៉ែត ជូ បានមានប្រសាសន៍បន្តទៀតថា ជាធម្មតាទេ នៅពេលដែលមានការអភិវឌ្ឍនៅតំបន់ណាមួយ តែងជៀសមិនផុតពីផលប៉ះពាល់ ពីអ្នកអាស្រ័យផលនោះទេ ជាពិសេសប្រជាពលរដ្ឋ ក៏ដូចជាអាជីវករខ្នាតតូច ដែលមិនអាចមានធនធានក្នុងការសម្របខ្លួនតាមគោលការណ៍របស់រដ្ឋាភិបាល៕