រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​បើក​កា​រដ្ឋា​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២ទីតាំងនៅ​ចុងឆ្នាំ​នេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់​ថា​ ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ពីរ​ទី​តំា​ងរួម​មាន​ទីតាំង​ទី១​ ស្ថិតនៅ​លើ​មហាវិថី​ម៉ៅសេទុង​ ខាងកើត​សាលាបឋមសិក្សា​សន្ធរ​ម៉ុ​ក និង​ទីតាំង​ទី២​ ស្ថិតនៅ​លើ​មហាវិថី​ម៉ៅសេទុង​ ខាងលិច​ផ្សារ​ដើម​គ នឹង​ត្រូវ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ហើយ​ បន្ទាប់ពី​ទទួល​បានការ​គំ​ទ្រ​ពី​ពលរដ្ឋ​យ៉ាងច្រើន​ពី​គម្រោង​ទាំង២នេះ​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ម៉េ​ត មាស​ភក្តី​បាន​ប្រាប់​គេហទំព័រ​ Propertyarea.asia​ នៅ​ថ្ងៃទី២៤​ ខែកញ្ញា​ឆ្នាំ២០១៩នេះ​ថា​ ក្រោយពី​មានការ​ផ្សព្វផ្សាយ​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​នេះ​ កាលពី​កន្លងមក​នេះ​រដ្ឋបាល​រាជ​ភ្នំពេញ​បាន​ទទួល​ការ​គំា​ទ្រ​ និង​មតិយោបល់​ឆ្លើយតប​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ ឱ្យ​មានការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ​។

លោក​បន្ត​ថា​ “ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​ទីតាំង​នេះ​ ជា​គម្រោង​ស្អាត​ និង​មា​នភ​ណភាពល្អ​ ព្រមទាំង​លើក​កេរ្តិ៍ឈ្មោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​”។ លោក​បន្ត​ថា​ “ក្រៅពី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​ទីតាំង​នេះ​ ក៏​នឹង​ឆ្លុះបញ្ចាំង​ពី​ភាព​រីក​លូតលាស់​នៃ​ទីក្រុង​ភ្នំពេញ​ក្រោយពី​បញ្ចប់​ និង​ទទួល​បាន​ជោគជ័យ​លើ​ការសាងសង់​ គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​នៅ​រង្វង់​មូល​នាងគង្ហីង​”។

លោក​ម៉េ​ត មាស​ភ័ក្តី​បាន​បន្ត​ថា​ ក្រោយពី​បញ្ចប់​ដំណើរការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​ទីតាំង​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ទី​តាំង​ផ្សេង​ៗទៀត​ ដើម្បី​ឆ្លើយតបទៅនឹង​សម្រួល​ចរាចរណ៍​របស់​ពលរដ្ឋ​។

លោក​បន្ត​ថា​ “ចំពោះ​ទំហំ​នៃ​ការ​ចំណាយ​ លើ​ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​នេះ​ ខ្ញុំ​មិនទាន់​បានដឹង​នៅឡើយ​ទេ​ ព្រោះ​ខ្ញុំ​មិន​មាន​ឯកសារ​នៅក្នុង​ដៃ​ ហើយ​ការសាងសង់​ស្ពាន​ទាំងពីរ​នេះ​ នឹង​ត្រូវ​ចំណាយពេល​មិនដល់​មួយឆ្នាំ​នោះ​ទេ​ ព្រោះ​មាន​ចម្ងាយ​មិន​ឆ្ងាយ​ និង​សាងសង់​នៅលើគោក​” ។

លោក​ ឃួង​ ស្រេង​ អភិបាល​សាលា​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​ កាន់តែ​រីកចម្រើន​ ទីក្រុង​កាន់តែ​ស៊ី​វី​ល័យ​! រដ្ឋបាល​រាជធានី​ភ្នំពេញ​ មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ ប្រកបដោយ​សុវត្ថិភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here