ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការសិក្សា និងវភាគលើផលចំណេញ និងខាត (CBA) ខាងផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបការងារបម្រែបម្រួលអាកាសធាតុទៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួង និងមន្ត្រីនៃអង្គភាពទាំងអស់ក្រោមឱវាទផងដែរ។
កិច្ចប្រជុំ និងពិគ្រោះយល់ស្ដីពីប្រធានបទខាងលើនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមានរបស់លោកស្រី ម៉ម រមនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកស្រី ម៉ម រមនា បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្តរវិស័យ ហើយវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលទទួលរងផលប៉ះពាល់តាមរយៈការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិ ថវិកាជំនួយ និងកម្ចីពីអន្តរជាតិ ដើម្បីធ្វើការជួសជុល ស្ដារឡើងវិញ”។
លោកស្រីបានបន្តទៀតថា “បញ្ហាទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ កំពត ពោធិសាត់ ស្ទឹងត្រែង រតនគិរី បណ្ដាលឱ្យផ្លូវថ្នល់ ស្ពាន ទទួលរងការខូចខាត និងផ្អាកចរាចរណ៍ការជាបណ្ដោះ ដែលទាំងអស់នេះ គឺជាបញ្ហាដែលត្រូវតែមានដំណោះស្រាយ”។
អគ្គនាយក នៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក សឿន ប៊ុនលី បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ១ថ្ងៃពេញនេះ អង្គសិក្ខាកាមបានរៀនសូត្រនូវមេរៀនគន្លឹះមួយចំនួនដូចជា មូលដ្ឋានគ្រឹះនៃការប្រែប្រួលអាកាសធាតុ និងវិទ្យាសាស្ត្រអាកាសធាតុ ចំណុចប្រទាក់គ្នារវាងការប្រែប្រួលអាកាសធាតុ និងគោលនយោបាយសាធារណៈ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិធីសាស្ត្រវិភាគចំណាយ និងផលចំណេញលើសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។
លោកបានបន្ថែមថា “អង្គសិក្ខាសាលាបានលើកយកនូវលំហាត់ករណីសិក្សា លើការវិភាគលើផលចំណេញ-ខាត (CBA) ខាងផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបការងារប្រែប្រួលអាកាសធាតុទៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងការប្រៀបធៀបពីអត្ថប្រយោជន៍រវាងការវិនិយោគ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលគិតគូរពីស្ថានភាពដែលមានការប្រែប្រួលអាកាសធាតុ និងគ្មានការប្រែប្រួលអាកាសធាតុ ៕
