ដោយ ៖ វុត្ថា
ព្រះសីហនុ ៖ កាស៊ីណូ Century Casino លំដាប់អន្តរជាតិដែលមានដើមទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិកថ្មីមួយទៀតរបស់ក្រុមហ៊ុន Lion King Entertainment Co,.Ltd មកពីហុងកុង បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅក្រុងព្រះសីហនុ។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទីខេត្តព្រះសីហនុ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវអាជីវកម្ម កាស៊ីណូ Century Casino កាលពីម្សិលមិញនេះ បានឱ្យដឹងថា សម្រាប់ការវិនិយោគដ៏ធំនេះ រដ្ឋបាលខេត្តបានសម្តែងការគាំទ្រយ៉ាងខ្លំាង។
លោកថា “ក្នុងនាមក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ហើយសូមចូលរួមសហការនូវសកម្មភាពវិនិយោគដោយស្របច្បាប់របស់ក្រុមហ៊ុន” ។
លោកបន្ថែមថា “ជាមួយនឹងកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញក្នុងខេត្តព្រះសីហនុ យើងសង្ឃឹមថា ខេត្តព្រះសីហនុ នឹងទាក់ទាញអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ បានច្រើនជាក់ជាមិនខាន” ។
របាយការណ៍របស់ក្រុមហ៊ុន Lion King Entertainment Co,.Ltd មកពីហុងកុងមួយនេះ បានឱ្យដឹងថា ក្រៅតែសម្ពោធដាក់ឱ្យដំណើការអាជីវកម្ម កាស៊ីណូ Century និងផ្តល់ទីកន្លែងការងារដល់យុវជនយុវនារីខ្មែរ ប្រមាណ ១.១០០នាក់នោះ។ ជាទិសដៅផែនការ ក្រុមហ៊ុននឹងវិនិយោគលើសណ្ឋាគារ កន្លែងកំសាន្ត ដោយគ្រោងនឹងចំណាយទឹកប្រាក់វិនិយោគជិត ១.០០០លានដុល្លារបន្ថែមទៀត។
កំណើននៃវិស័យល្បែង កាស៊ីណូ នៅកម្ពុជា ត្រូវបានគេមើលឃើញថា គឺដើរស្របគ្នាទៅនឹងកំណើននៃលំហូរ ទេសចរជនជាតិចិនមកកម្ពុជា។ តួយ៉ាង នៅ ៨ខែឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៤លាន ៣សែននាក់ កើនឡើង ១០,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទេសចរជនជាតិចិន មាន ១លាន ៧សែននាក់ កើនឡើង ៣៣ភាគរយ និងមានចំណែកប្រមាណ ៣៩ភាគរយ នៃចំនួនភ្ញៀវទេសចរ អន្តរជាតិសរុប។
យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៨ កន្លងមក កម្ពុជាបានប្រមូលប្រាក់ចំណូលពីវិស័យកាស៊ីណូប្រមាណ ៤៦ លានដុល្លារអាមេរិក និងសម្រាប់ផែនការឆ្នាំ ២០១៩ រំពឹងថា នឹងអាចប្រមូលបានរហូតដល់ ៥៦ លានដុល្លារអាមេរិក៕