ដោយគង់ សូរិយា
ភ្នំពេញ៖ ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងបរិយាកាសវិនិយោគកាន់តែប្រសើរបានធ្វើឲ្យរោងចក្រចំនួន១៦០០បានបើកនៅកម្ពុជា និងស្រូបយកកំលាំងពលកម្មជាង១លាននាក់។
អគ្គនាយករងឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកហ៊ត ផេងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣ សីហានេះថា ការចុះបញ្ជីឧស្សាហកម្ម គិតពីដើមខែមករា មកដល់ខែមិថុនា ឆ្នាំ២០១៨ នៅកម្ពុជាមានរោងចក្របង្កើតថ្មីមានចំនួន៧៤រោងចក្រ។ សរុបទាំងអស់កម្ពុជាមានរោងចក្រជិត១,៦០០រោងចក្រ ខណៈដែលឆ្នាំ២០១៣ យើងមានចំនួនរោងចក្រត្រឹមតែ១,១០៨ រោងចក្រតែប៉ុណ្ណោះ។
លោកបន្តថា“ការកើនឡើងរោងចក្រពីមួយឆ្នាំទៅមួយឆ្នាំនេះ បានធ្វើឲ្យវិស័យនេះ កំពុងមានសក្តានុពលស្រូបយកកំលាំងពលកម្មយ៉ាងខ្លាំង ជាក់ស្តែងគិតមកដល់ខែមិថុនាឆ្នាំ២០១៨នេះ វិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង មានកំលាំងពលកម្មសរុបជាង៨០ម៉ឺននាក់”។លោកបន្តថា “បើបូករួមជាមួយផ្នែកផ្សេងទៀត កម្ពុជាមានកំលាំងពលកម្មសរុបជាង១លាននាក់ ខណៈនៅក្នុងឆ្នាំ២០១៣ កំលាំងពលកម្មបម្រើក្នុងវិស័យការងារត្រឹមជាង៦០ម៉ឺននាក់ប៉ុណ្ណោះ”។
វិស័យឧស្សាហកម្មកម្ពុជាកាន់តែធ្វើពិពិធកម្ម ដោយសារការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ របស់រដ្ឋាភិបាល ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសឧស្សាហកម្ម ដែលអាចបង្កើតនិងទាញយកតម្លៃបន្ថែមបានកាន់តែច្រើន ដោយផ្លាស់ប្តូរទីផ្សារការងារពីអតិពលកម្ម ទៅជាការងារដែលប្រើប្រាស់កំលាំង ជំនាញដែលទាញយកតម្លៃបន្ថែមកាន់តែច្រើន។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា វិស័យឧស្សាហកម្មកម្ពុជាកំពុងមានការរីកចម្រើន តាមរយៈការធ្វើពិពិធកម្មផលិតផលនាំចេញបានកាន់តែច្រើន តែវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងនៅតែជាមូលដ្ឋានសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ហើយជាមូលដ្ឋានឬជាជន្ទល់សំខាន់មួយ ដើម្បីកម្ពុជាឈានឡើងទៅកានកម្រិតថ្មីមួយ។
លោកបន្តថា “ទាំងអ្នកជំនាញ និងរដ្ឋាភិបាលនៅតែមើលឃើញឧស្សាហកម្មកាត់ដេរមានភាពសំខាន់ ដែលត្រូវថ្នាក់ថ្នម ហេតុនេះទើបរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យវាយណភ័ណ្ឌ ដើម្បីធ្វើយ៉ាងណាឲ្យកម្មករ និយោជិត និងនិយោជក និងភាគីពាក់ព័ន្ឋអាចធ្វើការជាមួយគ្នាប្រកបដោយភាពសុខដុម”៕