ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ការពង្រឹងធនធានមនុស្ស និងការពង្រឹងភាពម្ចាស់ការក្នុងការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន គឺជាការចូលរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប បានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនកាលពីម្សិលម៉ិញនេះថា កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រ មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ក្នុងនោះកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ នេះជារបត់ថ្មីមួយទៀត ដែលកម្ពុជាត្រូវពង្រឹងកិច្ចម្ចាស់ការក្នុងការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការពង្រីកនូវផ្នែកចំណេះដឹងឲ្យមានច្រើនសំបូរបែប។ លោកបានបន្តថា ក្នុងស្មារតីនេះ កម្ពុជាបានរៀបចំឯកសារគោលនយោបាយ ស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ 2016 – 2020 ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ពន្ធសាធារណៈ សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់និងសកលលោក។
លោក ហ៊ាន សាហ៊ីប បានបន្តថា ការពង្រីកចំណេះដឹងនេះដែរ កម្ពុជាកំពុងមានសេចក្តីត្រូវការ ក្នុងការស្វែងយល់បន្ថែមនូវឧត្តមនុវត្តន៍ និងការផ្លាស់ប្តូរបទពិសោធន៍ជាអន្តរជាតិ ក្នុងការអនុវត្តលើភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ពិសេសក្នុងវិស័យហេដ្ឋរចនាសម្ពន្ធផ្លូវ ស្ពាន ថាមពល ជាដើម សម្រាប់ចូលរួមចំណែក ជួយជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ សំដៅដល់ប្រទេសដែលប្រជាជនម្នាក់ៗ មានប្រាក់ចំណូលចាប់ពីជាង 4,800 ដុល្លារ ដល់ 12,000 ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ផ្អែកតាមសូចនាករសេដ្ឋកិច្ចកម្ពុជាអាចឲ្យយើងព្យាករណ៍ថា រដ្ឋាភិបាលកម្ពុជានឹងសម្រេចបានក្នុងការនាំប្រទេសទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 ។ លោកបន្តថា ការព្យាករណ៍នេះផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្តច្បាស់លាស់ មិនមែនចេះតែលើកឡើងនោះទេ ហើយលោកជឿជាក់លើសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដែលបាននិងកំពុងធ្វើការងារនេះ។
លោកបន្តថា “ផ្អែកលើមូលដ្ឋាននៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន កម្ពុជាពិតណាស់នឹងសម្រេចបាននូវគោលដៅរបស់ខ្លួននៅឆ្នាំ 2030 ក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់” ៕