Samsung និង LG គ្រោងវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាមេរិកទៅកាន់ប្រទេសវៀតណាម

ដោយ: លាងហួរ

ហាណូយ: យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងរដ្ឋាភិបាលវៀតណាមបានឱ្យដឹងកាលពីថ្ងៃអង្គារ ទី០៦ ខែធ្នូថា ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung និង LG  គ្រោងបោះទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសវៀតណាម។

សេចក្តីប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ក្រុមហ៊ុន Samsung  បាន​កាត់​បន្ថយ​ការ​ផលិត​ស្មាតហ្វូន​ក្នុង​ប្រទេស​វៀតណាម​ចំនួន​២ដង​ក្នុង​ឆ្នាំ​២០២២នេះ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ពិភពលោក​ដែល​ធ្លាក់​ចុះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានបង្ហាញឱ្យដឹងថា  ក្រុមហ៊ុន Samsung Electronics  ដែលវិនិយោគិនបរទេសធំជាងគេបំផុតនៅប្រទេសវៀតណាម   គ្រោងបោះទុនវិនិយោគចំនួន២ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសអាស៊ីមួយនេះ ដោយបង្កើនទុនវិនិយោគសរុបរហូតដល់២០ពាន់លានដុល្លារ។

កន្លងមក ក្រុមហ៊ុន Samsung បានផលិតស្មាតហ្វូនរបស់ខ្លួនប្រហែលពាក់កណ្តាលនៅក្នុងប្រទេសវៀតណាម និងបានរួមចំណែកជិតមួយភាគប្រាំនៃការនាំចេញសរុបរបស់ប្រទេសមួយនេះ។

បន្ទាប់ពីមានកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី០៦  ខែធ្នូ   នៅក្នុងទីក្រុងសេអ៊ូលរវាងប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc  និងនាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Han Jong-hee ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា  ការបោះទុនវិនិយោគបន្ថែមនេះ  នឹងធ្វើឱ្យប្រទេសវៀតណាមកាន់តែរឹងមាំ ជាកន្លែងផលិត  ដ៏សំខាន់របស់ក្រុមហ៊ុន Samsung។

ឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុន Samsung មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​ធ្វើអត្ថាធិប្បាយ​នោះទេ។

ដោយឡែក រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន LG ក៏គ្រោងបោះទុនវិនិយោគចំនួន៤ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសវៀតណាមផងដែរ ដើម្បីប្រែក្លាយប្រទេសនេះជាមជ្ឈមណ្ឌលផលិតកាមេរ៉ាស្មាតហ្វូន។ ក្រុមហ៊ុន LG បានបណ្តាក់ទុនចំនួន៥,៣ពាន់លានដុល្លារក្នុងប្រទេសវៀតណាម ដើម្បីបង្កើតផលិតផលដូចជា គ្រឿងអេឡិចត្រូនិច កាមេរ៉ា និងគ្រឿងបន្លាស់រថយន្ត។

សេចក្តីប្រកាសនេះបានធ្វើឡើង ខណៈពេលដែលប្រទេសវៀតណាម និងកូរ៉េខាងត្បូងបានពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរហូតមកដល់ពេលនេះ វៀតណាមបានបង្កើតតែជាមួយប្រទេសចិន រុស្ស៊ី និងឥណ្ឌាប៉ុណ្ណោះ។

ប្រទេសទាំងពីរគ្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យដល់១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣ និងដល់១៥០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ពោលគឺកើនឡើងពី៧៨ពាន់លានដុល្លារកាលពីឆ្នាំមុន៕

លំហូរទេសចរជាតិអន្តរជាតិជំរុញទីផ្សារសណ្ឋាគារក្នុងខេត្តសៀមរាបឱ្យមានសន្ទុះងើបឡើងវិញ

ដោយ៖ សុផារី

សៀមរាប៖ ក្នុងកំឡុងពេលកូវីដ១៩ មានសណ្ឋាគារ និងផ្ទះសំណាក់ប្រមាណជាច្រើននៅក្នុងខេត្តសៀមរាបបានបង្ខំចិត្តផ្អាក ឬបិទដំណើរការអាជីវកម្ម។ ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ ការវិលត្រលប់នៃកំណើនភ្ញៀវទេសចរ បានកំពុងក្លាយជាក្តីសង្ឃឹម សម្រាប់អាជីវកម្មដែលពឹងផ្អែកលើវិស័យទេសចរណ៍ និងអាជីវកម្មបដិសណ្ឋារកិច្ច។

យោងតាម​ការចេញផ្សាយរបស់ក្រសួងទេសចរណ៍កាលពីចុងសប្តាហ៍មុន បានបញ្ជាក់ថា ភ្ញៀវទេសចរប្រមាណ១លាន​៨សែ​ននាក់ បានទៅទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ដែលគិតចាប់ពីខែមករា មកដល់ខែតុលាឆ្នាំ២០២២ ហើយចំនួននេះបង្ហាញការកើនឡើង​ជិត៩០០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ក្នុងចំណោមទាំងនោះ មានប្រមាណ១លាន៦សែននាក់ជាភ្ញៀវទេសចរណ៍ក្នុងស្រុក និងប្រហែល១សែន៧ម៉ឺននាក់ជាភ្ញៀវទេសចរបរទេស ដែលចំនួននេះស្មើនឹងប្រហែល៧ភាគរយប៉ុណ្ណោះ ធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ ពោលគឺក្នុងឆ្នាំ២០១៩ ដែលនាពេលនោះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេស​ប្រហែល២លាន២សែននាក់។​

បច្ចុប្បន្ន ជើងហោះហើរពីបរទេសចូលខេត្តសៀមរាបមានចន្លោះពី១៥ ទៅ១៦ជើង ដោយបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចន្លោះពី១.៣០០ នាក់ទៅ១.៤០០នាក់ក្នុងមួយថ្ងៃ។

ការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរនឹងរួមចំណែកដ៍សំខាន់ដល់ទីផ្សារអចលនទ្រព្យជាពិសេសជួយបង្កើនតម្រូវការជួលទីតាំងធ្វើអាជីវកម្ម និងកន្លែងស្នាក់នៅ។

អ្នកនាង កែវ ណាលីន ប្រធានផ្នែកទីផ្សារនៃសណ្ឋាគារមួយនៅក្នុងខេត្តសៀមរាប បានបញ្ជាក់ប្រាប់ Property Area នៅថ្ងៃទី០៦ ខែធ្នូថា មួយរយៈចុងក្រោយនេះ ខេត្តសៀមរាបមានកំណើនទេសចរជាតិ និងអន្តរជាតិច្រើនជាងមុនប្លែក ដោយនេះជាសញ្ញាល្អប្រសើរ ក្នុងការឈានទៅស្តារទីផ្សារទេសចរណ៍ និងអាជីវកម្មដែលពឹងផ្អែកលើទេសចរណ៍។

អ្នកនាងបញ្ជាក់ថា “ភ្ញៀវមកកំសាន្តច្រើន វាក៏ជាក្តីសង្ឃឹមមួយនៃវិស័យទេសចរណ៍ ដែលអាចស្តារឡើងវិញនូវសក្តានុពល ក៏ដូចជាជួយបង្កើនផ្នែកសេវាកម្មនានាផងដែរ”។

លោក ឃឹម ហ្វី​ណង់ អភិបាលរង​ខេត្តសៀមរាប​បានលើកឡើងក្នុង​ពិធី​បើក​កម្មវិធី “​ហាត់​ការ​វិជ្ជាជីវៈ​តាម​អាជីវកម្ម​សណ្ឋាគារ និង​ភោជនីយដ្ឋាន លើ​ជំនាញ​ការិយាល័យ​ជួរមុខ គេហកិច្ច ម្ហូបអាហារ និង​ភេសជ្ជៈ​”​នៅ​នឹង​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២​ថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង​មានការ​គាំទ្រ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ផ្នែក​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ផ្ទាល់ ​ពី​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប មានការ​អភិវឌ្ឍ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោកលើកឡើងថា ទន្ទឹមនឹង​ការ​ងើបឡើង​វិញ​ជា​បណ្តើរៗ នៃ​វិស័យ​ទេសចរណ៍​សម្រាប់​ខេត្តសៀមរាប​នេះ​គឺ​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​នូវ​សមត្ថភាព​ជំនាញ​ដល់​បុគ្គលិក ដែល​កំពុង​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ ដែលជា​មូលដ្ឋាន​យុទ្ធសាស្ត្រ​នៃ​ការពង្រឹង​គុណភាព​សេវាកម្ម និង​ការផ្តល់សេវា​ប្រកបដោយ​សេចក្តី​ពេញចិត្ត​ដល់​ភ្ញៀវទេសចរ​៕

 

 

អារ៉ាប៊ីសាអូឌីតចេញលិខិតអនុញ្ញាតគម្រោងឧស្សាហកម្មតម្លៃ២៦៥ពាន់លានដុល្លារក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២

សុខុម

ក្រុងរីយ៉ាដ: អារ៉ាប៊ីសាអូឌីតបានចេញលិខិតអនុញ្ញាតដល់គម្រោងឧស្សាហកម្មចំនួន៧២៥គម្រោង ដែលមានតម្លៃសរុប២៦៥ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងធនធានរ៉ែនៃប្រទេសនេះ។

ការចេញលិខិតអនុញ្ញាតយ៉ាងច្រើនសន្ធឹកសន្ធាប់នេះធ្វើឡើង ស្របពេលប្រទេសនេះកំពុងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផលិតកម្មក្នុងស្រុក ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យឃ្លាតឆ្ងាយពីសេដ្ឋកិច្ច ដែលពឹងផ្អែកទាំងស្រុងលើប្រេង។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែធ្នូ ឱ្យដឹងថា៨៤%នៃគម្រោងទាំងនេះត្រូវបានកាន់កាប់ដោយវិនិយោគិនជាតិ កាលពីខែកញ្ញា ខណៈ១៦%ជាគម្រោងដែលកាន់កាប់ដោយជនបរទេស ឬជាការបណ្តាក់ទុនរួមគ្នាជាមួយប្រទេសក្រៅ។

លោក Khalid Al-Mudaifer អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែនៃប្រទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងថា អារ៉ាប៊ីសាអូឌីត នឹងក្លាយជាប្រទេសឈានមុខគេក្នុងពិភពលោកផ្នែកផលិតកម្មលោហៈប្រកបដោយនិរន្តរភាព ខណៈព្រះរាជាណាចក្រមួយនេះកំពុងប្រឹងប្រែងបញ្ចេញសក្តានុពលនៃការយករ៉ែរបស់ខ្លួន។

លោកបានបន្ថែមទៀតថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺស្របតាមគោលដៅ ដែលបានគូសបញ្ជាក់នៅក្នុងចក្ខុវិស័យឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទស្ដីពីរ៉ែ និងរូបប័ណ្ណកាលពីដើមខែនេះនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លោក Khalid Al-Mudaifer លើកឡើងថា រ៉ែពិតជាមានសារៈសំខាន់ណាស់ ចំពោះអន្តរកាលថាមពល ដែលផ្លាស់ប្ដូរពីការប្រើប្រាស់អ៊ីដ្រូកាបូន ឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ៕

តើគួរវិនិយោគលើផ្នែកណាមួយនៃអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ទើបបានផលចំណេញខ្ពស់?

ដោយ៖ សុផារី

ភ្នំពេញ៖ ទោះស្ថានភាពអចលនទ្រព្យក្នុងប្រទេសហាក់មានសញ្ញាវិជ្ជមាននៅក្នុងផ្នែកជាច្រើនក៏ដោយ ក្តីបារម្ភចំពោះភាពមិនប្រាកដប្រជានៃវិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់ពីវិបត្តិជំងឺនៅតែបន្តកើតមាន។ យ៉ាងណាក្តី អ្នកជំនាញណែនាំថា ទោះស្ថានភាពទីផ្សារមានការលំបាកបន្តិច ប៉ុន្តែផ្នែកចំនួនពីរនឹងមានសកម្មភាពល្អប្រសើរ ហើយអំណោយផលដល់ការវិនិយោគនៅក្នុងឆ្នាំ២០២៣។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance​ បានឱ្យ​ដឹង​ថា​ ជម្រើសវិនិយោគចំនួនពីរជាជម្រើសវិនិយោគល្អប្រសើរហើយនឹងផ្តល់ផលចំណេញ នៅក្នុងឆ្នាំ២០២៣ នោះគឺលំនៅឋានតម្លៃសមរម្យ មានទីតាំងនៅតំបន់ជាយក្រុងភ្នំពេញ និងការវិនិយោគលើដីធ្លី។

លោកថា “នៅតែមានចំណែកខ្លះ ដែលអាចដំណើរការទៅបាន គ្រាន់តែមិនសូវជាប្រែប្រួលខ្លាំងនោះទេ ទីផ្សារផ្ទះតម្លៃសមរម្យ មានតម្លៃចន្លោះពី៦ទៅ៧ម៉ឺនដុល្លារចុះក្រោម ដែលមានទីតាំងល្អ នៅក្បែរៗជាយក្រុង យើងមើលឃើញនៅមានទីផ្សារ”។

អ្នកជំនាញរូបនេះបញ្ជាក់ថា ចំណែកទីផ្សារតម្លៃខ្ពស់ជាងនេះហាក់មានការលំបាកបន្តិច ដោយសារតម្រូវការ ដែលមានជានិច្ចនោះគឺ តម្រូវការមធ្យមចុះក្រោម។ ម្យ៉ាងទៀត ក្នុងរយៈពេលដែលប្រឈមនឹងវិបត្តិ៣ឆ្នាំនេះបានធ្វើឱ្យទីផ្សារអចលនទ្រព្យប្រភេទតម្លៃថ្លៃរៀងពិបាកលក់បន្តិច។

លោកគូសបញ្ជាក់ថា “សម្រាប់អ្នកចង់វិនិយោគ ឆ្នាំ២០២៣ អាចជាឆ្នាំសម្រាប់អ្នកស្វែងរកទិញដីធ្លីសម្រាប់ទុកវិនិយោគអ្វីមួយ នៅក្នុងឆ្នាំបន្ទាប់”។

លោកបានបន្តថា នៅក្នុងដំណាក់កាលនេះ ជាពេលដែលអ្នកវិនិយោគអាចចរចាតម្លៃទ្រព្យបានសមរម្យជាងកាលពី២ទៅ៣ឆ្នាំមុន ដោយយើងអាចសង្កេតឃើញថា នៅក្នុងតំបន់មួយចំនួនតម្លៃអចលនទ្រព្យបានធ្លាក់ចុះបន្តិចបន្តួច ខណៈតំបន់ខ្លះក៏នៅទ្រឹង។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ស្ថានភាពនៅក្នុងឆ្នាំ២០២៣ ដីធ្លីនៅភ្នំពេញ និងជាយរាជធានីភ្នំពេញ និងតាមបណ្ដាក្រវាត់ក្រុងទី៣ ទី៤ ជាចំណុចសំខាន់ ដែលនឹងផ្ដល់សក្ដានុពលក្នុងការវិនិយោគអាចទទួលបាន ប្រាក់ចំណេញគួរសម នៅពេលស្ថានភាពគាប់ប្រសើរឡើងវិញ”៕

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េចាប់ផ្តើមការហោះហើរលើកដំបូងពីភ្នំពេញទៅសិង្ហបុរី

ដោយ៖ សុផារី

ភ្នំពេញ៖ ជើងហោះហើរ KR751 ពីភ្នំពេញ-សឹង្ហបុរី របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានឆាងជី នៅប្រទេសសឹង្ហបុរី។

នេះជានិមិត្តរូប បញ្ជាក់ពីភាពជោគជ័យ នៃការសម្ពោធជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។ ដើម្បីអបអរសាទរដំណើរកម្សាន្តលើកដំបូង បាហុនិការបានផ្តល់ជូនអ្នកដំណើរទាំងអស់នៅលើយន្តហោះជាមួយនឹងតុក្កតាដ៏គួរឱ្យស្រលាញ់ ទុកជាវត្ថុអនុស្សាវរីយ៍។

អាកាសយានដ្ឋាន ឆាងជី ដែលមានគោលដៅនៃការធ្វើដំណើររយៈពេលពីរម៉ោង បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់ពីយន្តហោះបានចុះចត អ្នកតំណាង និងបុគ្គលិកនៃក្រុមហ៊ុន Changi Airport Group (CAG) បានជូនអំណោយដល់អ្នកដំណើរដែលមកដល់ពីទីឆ្ងាយដោយម្នាក់ៗ បានទទួលនូវវត្ថុអនុស្សាវរីយ៍ និងសំបុត្រឥតគិតថ្លៃទៅកាន់ Hedge Maze នៅ Jewel Changi ។

តាមកាលវិភាគហោះហើរនៅខែធ្នូ របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងមានជើងហោះហើរពហុទីក្រុង ពីភ្នំពេញ-សិង្ហបុរី-សៀមរាប-ភ្នំពេញ នៅថ្ងៃសុក្រ និងជើងហោះហើរត្រង់ពីភ្នំពេញទៅសិង្ហបុរីនៅថ្ងៃពុធ និងថ្ងៃអាទិត្យ។

មកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានសម្រេចសម្ពោធជើងហោះហើរថ្មីពីភ្នំពេញទៅសិង្ហបុរីដោយជោគជ័យ បន្ទាប់ពីមានផែនការ និងការរៀបចំយ៉ាងសកម្ម ជំនះឧបសគ្គ និងដោយមានការគាំទ្រយ៉ាងខ្លាំងពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) និងអាកាសយានដ្ឋាន ឆាងជី។

ការចាប់ផ្តើមផ្លូវហោះហើរសិង្ហបុរី គឺជាផ្នែកមួយដ៏សំខាន់នៃគម្រោងដាក់ដំណើរការផ្លូវហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក្នុងការបង្កើតជើងហោះហើរហោះក្នុងរយៈវេលា៥ម៉ោងដោយយករាជធានីភ្នំពេញជាចំណុចគោល និងបន្តឆ្ពោះទៅដល់តំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលអនាគត។

លោក Lim Ching Kiat នាយកគ្រប់គ្រងក្រុមហ៊ុន Changi Airport Group (CAG) នៃAir Hub Development បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ មកកាន់ ឆាងជី។ ចរាចរណ៍អ្នកដំណើររវាងប្រទេសសិង្ហបុរី និងកម្ពុជាមានការកើនឡើងជាលំដាប់ ហើយបច្ចុប្បន្នកំពុងស្ថិតនៅច្រើនជាង៨០% នៃកម្រិតមុនកូវីដ”។

ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) គឺជាទីភ្នាក់ងារអភិវឌ្ឍន៍ឈានមុខគេសម្រាប់វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសសិង្ហបុរី៕

ក្រសួងសាធារណការគ្រោងរៀបចំតាំងពិព័រណ៍ផ្លាកលេខនិងរថយន្តសម្រាប់ដេញថ្លៃលេខពិសេសផ្ទាល់ខ្លួននៅក្នុងឆ្នាំ២០២៣

ដោយ៖ សហការី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការលក់លេខពិសេសផ្ទាល់ខ្លួន នៅដើមឆ្នាំ២០២៣ ដើម្បីបើកឱកាសដល់សាធារណជន និងប្រជាពលរដ្ឋគ្រប់រូប អាចស្វែងយល់បន្ថែមអំពីផ្លាកលេខ ការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជាអាចទស្សនាការតាំងពិព័រណ៍រថយន្តផ្សេងៗ។

ការបញ្ជាក់ដូចនេះបានលើកឡើង នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំផែនការពិព័រណ៍ផ្លាកលេខ និងរថយន្ត ដែលបានរៀបចំឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតី លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងដោយមានការចូលរួមពីមន្ត្រីជំនាញនៃគណៈកម្មការអន្តរក្រសួង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងមន្រ្តីក្រុមហ៊ុនលក់រថយន្តសរុបប្រមាណ៦០រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជូនដំណឹងស្ដីពី ការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត ដើម្បីបើកឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនលក់រថយន្តអាចចូលរួមក្នុងពិព័រណ៍នេះផងដែរ។

ពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការការលក់លេខពិសេសផ្ទាល់ខ្លួន ដែលកម្មវិធីនេះនឹងបើកឱកាសដល់សាធារណជន និងប្រជាពលរដ្ឋគ្រប់រូបអាចស្វែងយល់បន្ថែមអំពីផ្លាកលេខ ការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំក៏បានពិភាក្សាអំពីមុខងារដេញថ្លៃលេខពិសេស នៃប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យចុះបញ្ជីយានយន្ត ដើម្បីអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូអាចសហការលើការងារដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

លោកស្រី កុយ សុដានី ក៏បានអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ចូលរួមជាមួយក្រសួងដើម្បីតភ្ជាប់ប្រព័ន្ធដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន នៃប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ដើម្បីអាចផ្ដល់ជម្រើសទូទាត់សេវាដល់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពសម្បូរបែបផងដែរ៕

 

Sihanoukville Port sells 130 hectares of land

The publicly listed state-owned Sihanoukville Autonomous Port (PAS) is in the process of transfer of ownership title deeds to a buyer after they signed a sale and purchase agreement to sell the 130-hectare land located in the Bet Trang commune of Preah Sihanouk province, according to the latest report released yesterday on Cambodia’s stock exchange.

 

The Third Quarterly Report 2022 of PAS released on the Cambodia Securities Exchange (CSX) shows that the listed port firm received $2 million as a deposit on the date of signing the agreement from the buyer who promised to pay the remaining amount upon the completion of ownership title deed (LMAP) after both parties agreed at $20 per square metre.The report also states that the total contract value is $26 million and the process of ownership title deeds transfer has not been completed yet thus far as it was expected to by June 2022, which does not allow the PAS to recognise the amount as its
gain for the nine-month period ended September 30, 2022.The risk and rewards have not been completely transferred to the buyer.

 

 

This size of the land might be reduced as public road construction is taking place on it. The management is in the process of transferring the hard title deeds,” the report pointed out, adding that the actual size of the land will be known once the Ministry of Land Management, Urban Planning and Construction (MLMUPC) issues the hard title deeds.The report also indicated that the buyer will settle based on the confirmed size at $20 per square metre. PAS signed the sale and purchase agreement with the buyer to sell the parcel of vacant land on November 10, 2021, which was acquired for capital appreciation. Since then, it has been classified and presented as an investment property

 

 

 

 

សកម្មភាពទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបបង្ហាញសញ្ញាល្អប្រសើរជាង៣ឆ្នាំកន្លងមក

ដោយ៖​ វឌ្ឍនៈ

ភ្នំពេញ ៖ រយៈពេលជិត៣ឆ្នាំហើយ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក៏បានរងគ្រោះ ដោយសារបញ្ហាជំងឺកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីដើមឆ្នាំនេះ។ យ៉ាងណាក្ដី នៅឆ្នាំ២០២៣ខាងមុខនេះ អ្នកជំនាញរំពឹងថា អចលនទ្រព្យខេត្តសៀមរាបនឹងរើបឡើងវិញបណ្ដើរៗ និងមានភាពល្អប្រសើរជាង៣ឆ្នាំកន្លងមក។

លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី៦ ធ្នូ ២០២២នេះ ថា នៅក្នុងរយៈពេលចុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តសៀមរាបហាក់មានភាពប្រសើរ ជាងរយៈពេល៦ ឬ៧ខែមុន ដូច្នេះវាជាសញ្ញាវិជ្ជមាន សម្រាប់ទីផ្សារអចលនទ្រព្យនៅសៀមរាប ក្នុងឆ្នាំ២០២៣ខាងមុខ។

លោកបន្តថា កត្តាដែលលោកមើលឃើញថានឹងល្អប្រសើរនោះ ជំរុញដោយកំណើនភ្ញៀវទេសចរក្នុងស្រុកទៅលេងខេត្តសៀមរាបនៅក្នុងរយៈពេលចុងក្រោយនេះ  ដែលធ្វើឱ្យតម្រូវការនានាកើនឡើងវិញផងដែរ។ ម្យ៉ាងទៀត ភ្ញៀវទេសចរបរទេសមកកាន់ខេត្តសៀមរាបក៏ឃើញថា ចាប់ផ្ដើមមានកំណើនដែរ ហើយក្រៅពីនោះ មានផ្លូវស្អាតៗជាច្រើន ត្រូវបានសាងសង់រួចផងដែរ។

លោកបន្ថែមថា ក្រៅពីនេះ សៀមរាបក៏មានព្រលានយន្តហោះអន្តរជាតិថ្មី នៅប៉ែកខាងកើតទីរួមខេត្ត ដែលជាសក្ដានុពលមួយ សម្រាប់ទាក់ទាញវិនិយោគិនមកកាន់ទឹកដី នៃខេត្តសៀមរាប។ លោកថា”ឆ្នាំ២០២៣ ខ្ញុំគិតថាវានឹងល្អប្រសើរជាង៣ឆ្នាំមកនេះ តែបើឱ្យដូចស្ថានភាពមុនកូវីដ១៩ ប្រហែលជាត្រូវការពេលវេលា២ទៅ៣ឆ្នាំទៀត”។

រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងជំរុញកសាងទីក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ នាពេលឆាប់ៗនេះផងដែរ ដែលទីក្រុងឆ្លាតវៃនេះ នឹងក្លាយជាធ្នាក់ដ៏សំខាន់ សម្រាប់ទាក់ទាញដល់បណ្ដាវិនិយោគិន ទេសចរបរទេសមកកាន់ទឹកដី នៃតំបន់វប្បធម៌របស់កម្ពុជា។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ ជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏បានបង្ហាញពីសុទិដ្ឋនិយមចំពោះស្ថានភាពអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះដែរ។

លោកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia បានលើកឡើងថា ឆ្នាំ២០២២នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំទាំងនេះ បានអញ្ជើញភ្ញៀវអន្តរជាតិជាច្រើនចូលរួម ដែលជាការបង្ហាញពីកម្ពុជាទៅកាន់បណ្ដាភ្ញៀវអន្តរជាតិទាំងនោះ ហើយក៏ជាផ្សព្វផ្សាយពីកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ។ តាមរយៈសកម្មភាពនេះ យើងអាចរំពឹងថា នៅឆ្នាំ២០២៣ខាងមុខនេះ នឹងមានការហូរចូលឡើងវិញ នៃវិនិយោគិនបរទេស និងធ្វើឱ្យសកម្មភាព នៃការវិនិយោគក៏នឹងចាប់ផ្ដើមឡើងវិញផងដែរ៕

  

ក្រុមហ៊ុនធំៗជាច្រើនមកពីអាមេរិកបង្ហាញឆន្ទៈក្នុងការវិនិយោគនិងនាំចេញកសិផលពីកម្ពុជា

ដោយ: សហការី

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិភាក្សាការងារមួយ ជាមួយក្រុមហ៊ុនមួយចំនួនមកពីសហរដ្ឋអាមេរិក ក្រោមកិច្ចសម្របសម្រួលរបស់លោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុងឡុងដ៍ប៊ិច (Long Beach) សហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង។

នៅក្រោយជំនួបនេះ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំពិភាក្សានេះ ក្រុមហ៊ុនអាមេរិកធំៗជាច្រើន បានសម្តែងឆន្ទៈក្នុងការវិនិយោគដោយផ្ទាល់នៅកម្ពុជា ក្នុងវិស័យកសិកម្ម ដើម្បីនាំចេញកសិផលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងពិភពលោក។

តាមតំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា ដោយសារវិបត្តិនានា ដែលបាននិងកំពុងកើតឡើង នៅក្នុងតំបន់និងពិភពលោក សហរដ្ឋអាមេរិកក៏ជាប្រទេសមួយ ដែលបានទទួលរងផលប៉ះពាល់ តាមរយៈការហក់ឡើងខ្លាំង នៃថ្លៃទំនិញនៅក្នុងទីផ្សារ ពិសេសគឺផលិតផលចំណីអាហារ និងកសិផល។

កម្ពុជាគឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសគឺសហរដ្ឋអាម៉េរិកតែម្តង ហើយទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះ ជាដើម។

លោកបានបន្តថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាមេរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង Lowell នៃរដ្ឋ Massachusetts រដ្ឋ California រដ្ឋ Seattle និងរដ្ឋ Texas ហើយជាពិសេសគឺរដ្ឋដែលមាន Cambodian Town និងមានប្រជាជនខ្មែររស់នៅច្រើន។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលបានបង្ហាញឆន្ទះខ្ពស់ ក្នុងការវិនិយោគ និងនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។

លោកបានលើកឡើងថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាភូតគាមអនាម័យនិងស្តង់ដារផលិតផល ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាមេរិក ឱ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផល ដោយផ្ទាល់នៅកម្ពុជាជាមុនសិន រួចទើបនាំចេញ ជាជាងការនាំចេញកសិផលស្រស់ ដោយមិនមានការកែច្នៃជាមុន។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា កសិផលកម្ពុជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់ ហើយមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ ដែលនេះស្ដែងឲ្យឃើញថា កសិផលកម្ពុជា គឺជាផលិតផលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ។

នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាពេលកន្លងមក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានបញ្ជាក់ច្បាស់ៗអំពីជំហររបស់សហរដ្ឋអាម៉េរិក ក្នុងការចាត់ថ្នាក់តំបន់អាស៊ាន ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នេះគឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដែលវិនិយោគិននិងពាណិជ្ជករសហរដ្ឋអាម៉េរិក បានសម្លឹងឃើញកាន់តែច្បាស់ ថាកម្ពុជាក៏ជាដៃគូវិនិយោគ-ពាណិជ្ជកម្មដ៏សំខាន់មួយ ហើយនេះក៏ជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់វិនិយោគិន និងពាណិជ្ជករកម្ពុជា ក្នុងការស្វែងរកដៃគូវិនិយោគ និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ផងដែរ៕

 

កំពង់ផែក្រុងព្រះសីហនុសម្រេចដាក់លក់ដីទំហំ១៣០ហិកតាក្នុងតម្លៃ២៦លានដុល្លារអាមេរិក

ដោយ: លាងហួរ

ព្រះសីហនុ: កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កំពុងស្ថិតក្នុងដំណើរការផ្ទេរកម្មសិទ្ធិទៅឱ្យអ្នកទិញ បន្ទាប់ពីពួកគេបានចុះកិច្ចសន្យាលក់ និងទិញលក់ដីទំហំ១៣០ហិកតា ស្ថិតក្នុងឃុំបិតត្រាំង ខេត្តព្រះសីហនុ។

នេះ​បើ​តាម​របាយ​ការណ៍​ចុង​ក្រោយ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ ​នៅលើ​ផ្សារ​ហ៊ុន​កម្ពុជា​។

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ឆ្នាំ២០២២របស់ PAS ចេញផ្សាយនៅលើផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញថា ក្រុមហ៊ុនកំពង់ផែចុះបញ្ជីបានទទួលប្រាក់កក់ចំនួន២លានដុល្លារ នៅថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីអ្នកទិញ ដែលសន្យាថា នឹងបង់ចំនួនដែលនៅសេសសល់នៅពេលបញ្ចប់សំបុត្រកម្មសិទ្ធិ (LMAP) ក្រោយពីភាគីទាំង២បានព្រមព្រៀងគ្នាកំណត់តម្លៃ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា កិច្ចសន្យាសរុបមានតម្លៃ២៦លានដុល្លារ ហើយដំណើរការនៃការផ្ទេរកម្មសិទ្ធិមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ រហូតមកដល់ពេលនេះ។ ទំហំ​ដី​នោះអាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ ដោយសារ​ការ​សាងសង់​ផ្លូវ​សាធារណៈ​កំពុង​តែ​កើត​ឡើង​នៅ​ទីនោះ។

ចំណែកការគ្រប់គ្រងកំពុងស្ថិតក្នុងដំណើរការផ្ទេរកម្មសិទ្ធិប្លង់រឹង ហើយទំហំដីជាក់ស្តែងនឹងត្រូវបានបញ្ជាក់ឱ្យដឹងនៅពេលដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ចេញប័ណ្ណកម្មសិទ្ធិ។

របាយ​ការណ៍​ដដែលបាន​បន្តបង្ហាញ​ផង​ដែរ​ថា អ្នក​ទិញ​នឹង​ទូទាត់​តាម​ទំហំ ​ដែល​បាន​បញ្ជាក់​ក្នុង​តម្លៃ២០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ PAS បានចុះហត្ថលេខាលើកិច្ចសន្យាលក់ និងទិញ ជាមួយអ្នកទិញដើម្បីលក់ក្បាលដីនៅទំនេរកាលថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១៕