មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិមួយកំពុងត្រៀមលេចឡើងនៅភាគខាងជើងរាជធានី

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយ ដែលគ្រោងបោះទុនរាប់លានដុល្លារ កំពុងត្រៀមបង្ហាញវត្តមាននៅភាគខាងជើង រាជធានីភ្នំពេញ ជាអតីតតំបន់រោងចក្រ សហគ្រាស។

គំរោងនេះវិនិយោគដោយក្រុមហ៊ុនMorgan Champs Elysess ដែលផ្តោតលើការអភិវឌ្ឍន៍ ផ្ទះអាជីវកម្ម ផ្សារទំនើប កន្លែងកម្សាន្តនិងអគារពាណិជ្ជកម្ម ក្នុងគម្រោងតែមួយលើផ្ទៃដី35ម៉ឺនម៉ែត្រការ៉េ។

យោងតាមព៌តមានបង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គមបានឲ្យដឹងថា Morgan Champs Elysees គម្រោងថ្មីបែបជប៉ុន និងកូរ៉េដំបូងគេក្នុងទីក្រុងភ្នំពេញ ផ្ទះនិងអគារមានរចនាម៉ូតល្បីៗរបស់ជប៉ុន និងកូរ៉េ។ គំរោងនេះ​នឹង ជាកន្លែងទាក់ទាញយុវវ័យ ដោយមានកន្លែងកម្សាន្ត និងហាងម៉ាកយីហោល្បីៗមកពីជុំវិញពិភពលោក ខណៈគម្រោងសាងសង់ និងអភិវឌ្ឍជាទីក្រុងមានភ្លើងបំភ្លឺ24ម៉ោងពេញ។

ភាពច្នៃប្រឌិត និងទំនើបកម្មរបស់ Morgan Champs Elyseesរួមមាន ទី១ មានជណ្ដើរតភ្ជាប់ក្នុងលំហ ទៅកាន់គ្រប់កន្លែងក្នុងគម្រោងទាំងមូល ដែលបង្កើតឱកាសនៃការបើកប្រកបបរអាជីវកម្ម។ ទី២ ចំណតយានយន្តក្រោមដីច្រើនគ្រប់គ្រាន់ សម្រាប់អ្នករស់នៅនិងអតិថិជនដែលមកដើរផ្សារ។  ទី៣ ជាគម្រោងដែលមានភ្លើងបំភ្លឺ24ម៉ោង ទី៤ រចនាច្រករបៀងមានហាងលក់ទំនិញតាមដងផ្លូវជាដើម។

គំរោងដែលរៀបចំឡើងបែបជាទីក្រុងតូចមួយនេះ ក៏រួមបញ្ចូលអគារធំជាងគេ នៅកណ្តាលទីក្រុងភ្នំពេញ ដែលមានផ្ទៃដី៣៥ម៉ឺនម៉ែត្រការ៉េហើយនឹងមានអ្នករស់នៅជិត៣ម៉ឺននាក់នាពេលអនាគត។

ក្រុមហ៊ុនដ៏ធំនេះ ក៏បាននិងកំពុងសាងសង់ខុនដូ កប់ពពកចំនួន៣អាគារខ្ពស់ជាងគេ នៅតំបន់ជ្រោយចង្វារ ដែលបានបោះទុនវិនិយោគរហូតដល់៧០០លានដុល្លារអាមេរិកផងដែរ៕

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ ចាប់ផ្ដើមរៀបចំឡើងវិញក្រោយផ្អាករយៈពេល២ឆ្នាំ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានភាពធូរស្បើយ ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិដែលខកខាន២ឆ្នាំមកហើយ ក៏បានរៀបចំឡើងវិញដែរនៅក្នុងឆ្នាំនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមអ្នកសាងសង់កម្ពុជាដែលរៀបចំ ព្រឹត្តិការណ៍ឧស្សាហកម្មរៀងរាល់ឆ្នាំ បានឱ្យដឹងព្រឹត្តិការណ៍ពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ ២០២២នេះ រៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ខែធ្នូឆ្នាំ២០២២ នៅសាលពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍នេះ នឹងដាក់បង្ហាញនូវសម្ភារៈបរិក្ខាសំណង់ គ្រឿងចក្រ អចលនទ្រព្យ ធនាគារ និងផ្សេងៗទៀតដែលពាក់ព័ន្ធ នឹងវិស័យសំណង់និងអចលនទ្រព្យ  ។ ក្រុមហ៊ុនចូលក្នុងព្រឹត្តិការណ៍ មិនមែនមានតែក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានក្រុមហ៊ុនបរទេសជាច្រើន នឹងចូលរួមផងដែរ ដូច្នេះវាឱកាសក្នុងការពង្រីកទីផ្សារសំណង់ និងការជំរុញឱ្យវិស័យនៅកម្ពុជាមានសកម្មភាពកម្រើកឡើងមួយកម្រិតផងដែរ ។

ជារៀងរាល់ឆ្នាំពិព័រណ៍នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍សំណង់ និងអ្នកផ្គត់ផ្គង់បរិក្ខាសំណង់ នៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាឱកាស ក្នុងការកសាងបណ្ដាញ ទំនាក់ទំនងធុរកិច្ចនៅក្នុងវិស័យនិងអចលនទ្រព្យផងដែរ ។

អ្នករៀបចំព្រឹត្តិការណ៍ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំនេះ ក៏រំពឹងថានឹងទទួលបានការគាំទ្រ និងមានការចូលរួមច្រើនពីសំណា​ក់អ្នកពាក់ព័ន្ធ ក្រោយពីបានផ្អាករៀបចំអស់រយៈពេល២ឆ្នាំកន្លង ដោយសារតែកូវីដ១៩ ដែលមិនអាចឱ្យមានការជួបជុំប្រមូលផ្ដុំមនុស្សច្រើន៕

ស្អាតទេបងប្អូន តោះទៅដើរលេងនៅកែប!

ស្អាតទេបងប្អូន តោះទៅដើរលេងនៅកែប!

លោកបណ្ឌិតយ៉ង់ សាំងកុមារបានជួបសម្តេចតេជោ ដើម្បីលើកពីគោលនយោបាយ១២ចំណុចទាក់ទងនឹងការអភិវឌ្ឈវិស័យកសិកម្ម

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ នៅទីបំផុតលោកបណ្ឌិតយ៉ង់ សាំងកុមារបានជួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជជែកពីផែនការ១២ចំណុចរបស់លោក ទាក់ទងនឹងការលើកកំពស់វិស័យកសិកម្ម ពិសេសផ្នែកស្រូវ អង្ករ។

       លោកបានធ្វើបទសម្ភាសន៍មួយ ដែលបានបង្ហោះលើផេកគណៈបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក ដោយលោកទទូចសុំជួបជជែកផ្ទាល់ជាមួយសម្តេចតេជោ លើផែនការជួយឲ្យវិស័យស្រូវ អង្ករមានភាពប្រសើរឡើង។

       លោកបណ្ឌិតយ៉ង់ សាំងកុមារបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍នោះថា លោកបានជួបជជែកក្រៅផ្លូវការ និងផ្លូវការចំនួនពីរលើកជាមួយលោកឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលការជជែកបានផ្តោតលើប្រធានបទស្រូវ អង្ករ និងការលើកកំពស់បវិស័យកសិ​កម្ម។ លោកបន្តថា លោកឌិត ទីណាបានស្នើសុំឲ្យលោកចូលរួមជួយ ប៉ុន្តែ​លោកបានស្នើសុំជួយ ក្នុងនាមជាអ្នកជំនាញឯករាជ្យ ប៉ុន្តែលោកឌិត ទីណាបានប្រាប់ថា ទាល់តែលោកចូលរួមក្នុងរដ្ឋាភិបាល ទើបអាចធ្វើការងារនេះមានប្រសិទ្ឋភាព

       លោកបន្តថា ក្នុងពេលមានសំណើរបែបនេះ លោកបានសម្រេចចិត្ត​យល់ព្រម និងបានសុំជួបជជែកផ្ទាល់ជាមួយសម្តេចតេជោ ខណៈលោកបានសរសេរពង្រាងលិខិត សុំចូលរួមជីវភាពជាមួយគណៈបក្សប្រជាជននៅឡើយ ប៉ុន្តែក្រោយមកលិខិតនោះក៏បានបែកធ្លាយ។


ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់តែងតាំង ​លោកលោកយ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​)ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម និង​លោក ឡឹ​ក សុធារ អ្នកនាំពាក្យ​គណបក្ស​នេះ ​ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២​៕

តម្លៃអចលនទ្រព្យមិនទាន់មានសញ្ញាងើបឡើងវិញនៅឡើយនៅ ចុងឆ្នាំ២០២២នេះ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គិតមកដល់ចុងខែវិច្ឆិកាឆ្នាំ២០២២នេះ តម្លៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមិនទាន់មានសញ្ញាងើបឡើងវិញនៅឡើយ ទាំងដីធ្លី និងលំនៅឋាន។

ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យនេះដែរ ក៏ជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការទិញ ដើម្បីទទួលបានប្រាក់ចំណេញនៅពេលអនាគ។

តម្លៃដីធ្លីនៅតាមបណ្ដាខេត្ត និងទីក្រុងភ្នំពេញឃើញថា មិនទាន់បានងើបឡើងល្អប្រសើរ ដូចកាលមុនកូវីដ១៩នៅឡើយទេ មកដលចុងឆ្នាំ ២០២២នេះ ក្នុងនោះលំនៅឋាននៅតាមបុរីនានា ក៏មិនអាចឡើងថ្លៃតាមការសន្យារបស់អ្នកអភិវឌ្ឍន៍លំនៅឋានបានដែរ ។

បើតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ទីផ្សារលំនៅឋាន ដែលមានលក្ខណៈជាបុរី មានតម្លៃជាធម្យម៩០០ដុល្លារទៅ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះមានការថមថយប្រមាណ០,៤ ទៅ៤ភាគរយ បើធៀបនឹងដើមឆ្នាំ២០២០ ពោលគឺគ្រាដែលមានវិបត្តិកូវីដ១៩ដំបូង ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងថា ស្ថានភាព ទីផ្សារនៃវិស័យអចលនទ្រព្យក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានភាពប្រសើរ ដូចមុនកូវីដ១៩នៅឡើយពីព្រោះតែវិស័យនេះ ពឹងផ្អែកលើការវិនិយោគក្រៅប្រទេស ហើយក្នុងអំឡុងពេលនេះ ជនបរទេសនៅតែមិនទាន់បានចូលមកកម្ពុជាច្រើន ដើម្បីស្វែងរកការវិនិយោគនៅឡើយទេ ។

អ្នកនាងបន្តថា “បើសិនជាមានលំហូរវិនិយោគពីបរទេស ចូលមកច្រើននោះ កំណើននៃវិស័យអចលនទ្រព្យ នឹងអាចកើនឡើងហើយតម្លៃនិងហាងឆេងអចលនទ្រព្យនឹងស្ទុះងើបឡើងវិញ”។ អ្នកនាងបន្ថែមថា “ប៉ុន្តែយ៉ាងក្ដីការវិនិយោគពីវិនិយោគិនក្នុងស្រុក ក៏បានជួយដល់វិស័យអចលនទ្រព្យមិនឱ្យធ្លាក់ចុះខ្លាំង”។

តាមភ្នាក់ងារអចលនទ្រព្យតាមបណ្ដាខេត្ត មួយចំនួនបានឱ្យដឹងផងដែរ មកដល់ពេលនេះតម្លៃអចលនទ្រព្យ នៅតែមិនទាន់មានភាពប្រសើរឡើយ តែផ្ទុយទៅវិញអចលនទ្រព្យខ្លះ ដូចជា ដីធ្លីរបស់ពលរដ្ឋបានដាក់ក្នុងតម្លៃទាបជាទីផ្សារទៀត។ អ្វីដែលពិសេសនោះ គឺមិនមានអ្នកទិញទៅទៀត ៕

លោកJack Maកំពុងស្នាក់នៅក្នុងប្រទេសជប៉ុនក្រោយ​ពីប្រទេសចិន ​ធ្វើការ​បង្ក្រាប​លើ​វិស័យ​បច្ចេកវិទ្យា​

ដោយ: លាងហួរ

តូក្យូ:ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានរស់នៅក្នុងទីក្រុងតូក្យូអស់រយៈពេលជិត៦ខែ បន្ទាប់ពីលោកបានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈ ក្រោយការបង្រ្កាបរបស់ប្រទេសចិនលើវិស័យបច្ចេកវិទ្យា។ នេះបើយោងតាមសារព័ត៌មាន Financial Times បានរាយការណ៍ឱ្យដឹងនោថ្ងៃពុធនេះ ដោយដកស្រង់ប្រភពជាច្រើនដែលមិនបញ្ចេញឈ្មោះ។

មហាសេដ្ឋី​រូបនេះ ​មិនសូវ​បានបញ្ចេញមុខមាត់ ​ចាប់តាំងពី​មានការបង្ក្រាប ដោយក្រុម​និយ័ត​ករ​ចិន​លុបចោល​ការលក់​ភាគហ៊ុន ឲ្យ​សាធារណជន​(IPO)​របស់​ក្រុមហ៊ុន​Ant Group​ និង​ចេញ​ការ​ផាកពិន័យ​ប្រាក់​ច្រើន​បំផុត​លើ​ក្រុមហ៊ុន​Alibaba​។​

កាសែត Financial Times បានរាយការណ៍ថាលោក Jack Ma បានចំណាយពេលជាច្រើន ក្នុងរយៈពេល៦ខែចុងក្រោយនេះ ជាមួយគ្រួសាររបស់លោកនៅក្នុងទីក្រុងតូក្យូ និងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន ហើយលោកក៏បានធ្វើដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក និងប្រទសអ៉ីស្រាអែលផងដែរ។

យោងតាមកាសែត​អង់គ្លេស​ដដែលនេះ​បានឱ្យដឹងថា លោក​Jack Ma ជា​សមាជិក​ឯកជន​របស់​ក្លឹប​មួយចំនួន នៅក្នុងទីក្រុងតូ​ក្យូ និង​បាន​ក្លាយជា​អ្នក​ប្រមូល​ទិញ​វត្ថុ​សិល្បៈ ​ទំនើបរបស់ជប៉ុនថែមទៀតផង ។

ចាប់តាំងពី​បាត់​មុខ​ជា​សាធារណៈ ​នៅ​ក្នុងប្រទេសចិន លោកត្រូវបាន​គេប្រទះឃើញ​នៅ​ជា​ច្រើន​កន្លែង​ រួម​មាន​ នៅ​កោះ​ម៉ាល់ឡ័​រកា​(Mallorca)​របស់ប្រទេសអេ​ស្ប៉ាញ​កាលពី​ឆ្នាំ២០២១។

នៅ​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមមន្ត្រី​ចិន​បានផ្តោត​លើ​ការរកស៊ី​បែប​ផ្តាច់មុខ ​របស់​ក្រុមហ៊ុន​ធំៗ​ក្នុង​ប្រទេស​ចិន ដែលជំរុញឱ្យមានការព្រួយបារម្ភ​ថា បណ្តាក្រុមហ៊ុន​អ៉ីនធឺ​ណិ​ត​ធំៗ ​គ្រប់​​គ្រង​ទិន្នន័យ​ច្រើន​ពេក ​និង​ពង្រីក​ខ្លួន​លឿន​ពេក​។

កាលពីខែកក្កដាកន្លងទៅ របាយការណ៍មួយបានបង្ហាញថា លោក Jack Ma គ្រោងនឹងប្រគល់ការគ្រប់គ្រងរបស់ក្រុមហ៊ុន Ant Group ដើម្បីធ្វើឱ្យក្រុមនិយតករចិនមានការស្ងប់ចិត្ត។

កាលពីខែសីហា ឆ្នាំ២០២២នេះ ក្រុមហ៊ុនពាណិជ្ជកម្ម​តាម​អេឡិចត្រូនិច Alibabaបានរាយការណ៍ថា កំណើនប្រាក់ចំណូលរបស់ខ្លួន នៅទ្រឹងជាលើកដំបូង ខណៈប្រទេសចិនបានប្រយុទ្ធប្រឆាំង នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងករណីឆ្លងជំងឺកូវីដឡើងវិញ៕

លំហូរទេសចរថៃនិងវៀតណាមជំរុញឱ្យទីផ្សារសណ្ឋាគារនៅកម្ពុជាមានកំណើនស្ទុះងើបឡើងវិញ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជាទទួលបានចំនួនទេសចរថៃនិងវៀតណាមស្ថិតនៅក្នុងលំដាប់ទី១ និងទី២ ដែលលំហូរនៃកំណើនទេសចរនេះបានជំរុញឱ្យមានការងើបឡើងវិញផ្នែកខ្លះនៃទីផ្សារសណ្ឋាគារ។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ម៉ឺនភាគរយ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន ប្រទេសថៃ៥៩០.៩៨៤នាក់ វៀតណាម៣៤១.៩៥៣នាក់ ចិន៧៥.៩១៥នាក់ សហរដ្ឋអាមេរិក៦០.៩០៣នាក់ ឡាវ៥៩.៣៦៨នាក់ ឥណ្ឌូណេស៊ី៥៩.១២២នាក់ កូរ៉េខាងត្បូង៤៣.១៧៨នាក់។

នាយកគ្រប់គ្រង CBRE Cambodia លោក Lawrence Lennon បានមានប្រសាសន៍ថា លំហូរចូលនៃទេសចរមកពីបណ្តាប្រទេសថៃ វៀតណាម បាននាំឱ្យមានការរីកលូតលាស់នៅក្នុងទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់កម្រិតទាប ដោយទីផ្សារស្នាក់នៅខ្លះរាយការណ៍ថា មានការកាន់កាប់រហូតដល់១០០ភាគរយ។
ជាមួយគ្នានេះ Knight Frank បានឱ្យដឹងតាមរយៈរបាយការណ៍មួយកាលពីពេលថ្មីៗនេះថា ទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជា ជាប្រភេទកម្រិតមធ្យមមានចំនួន៤៨ភាគរយ សណ្ឋាគារប្រភេទ Upscale & Upper Midscaleចំនួន២៧ភាគរយ និង ២៧ភាគរយទៀតជាប្រភេទប្រណីត។

របាយការណ៍នេះឱ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរកម្ពុជា ដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១.០៧៣នាក់ កើនឡើង៣២៧៦,៣ភាគរយ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ៕

បាតុកម្មធំៗក្នុងប្រទេសចិនត្រូវបានបិទបញ្ចប់ ក្រោយមានការធ្វើអន្តរគមន៍ពីប៉ូលិសកាន់តែខ្លាំង

ដោយ: លាងហួរ

ប្រទេសចិន: បាតុកម្មប្រឆាំងនឹងគោលនយោបាយសូន្យកូវីដ របស់រាជរដ្ឋាភិបាលចិន ដែលបានផ្ទុះឡើង កាលពីចុងសប្តាហ៍កន្លងទៅ ហាក់មានភាពស្ងប់ស្ងាត់ឡើងវិញហើយ ដោយសារការចូលអន្តរគមន៍ពីសំណាក់ក្រុមប៉ូលិសកាន់តែច្រើន។

កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះកន្លងទៅ បាតុកម្មនៅ​ក្នុងប្រទេស​ចិន​ហាក់​ដូច​ជា​ត្រូវ​បានបញ្ចប់​ដោយ​មិន​មាន​សំឡេង​បាតុកម្មគគ្រឹកគគ្រេង​ខ្លាំងនោះ​ទេ។

បាតុកម្មដែលបានផ្ទុះឡើង នៅក្នុងទីតាំងមួយចំនួន ដូចជា ទីក្រុងហាងចូវ (Hangzhou) និងតំបន់ភាគច្រើន ដែលបានផ្ទុះបាតុកម្មធំៗផ្សេងទៀត កាលពីចុងសប្តាហ៍ មានភាពស្ងប់ស្ងាត់ ដោយសារមានវត្តមានក្រុមប៉ូលិសចូលអន្តរគមន៍កាន់តែច្រើន។

បាតុកម្មដ៏កម្រទាំងនេះបានផ្ទុះឡើងជុំវិញហេតុផល​មួយ​ចំនួន ដូចជា ការអំពាវនាវឱ្យបើកចំហ ការផ្លាស់ប្តូររដ្ឋាភិបាលលោក ស៊ី ជិនពិន និងនយោបាយការតវ៉ាប្រឆាំងនឹងគោលនយោបាយសូន្យកូវីដ។នេះជាលើកដំបូងហើយ ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដែលក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទារឱ្យមានការផ្លាស់ប្តូរគោលនយោបាយសូន្យកូវីដ និងការផ្លាស់ប្តូរអភិបាលកិច្ចផងដែរ។

ហេតុផលទី២បណ្តាលមកពីបាតុកម្មក្នុងទីក្រុងជាច្រើន នៅទូទាំងប្រទេសចិន ហាក់ដូចជាមិនមានការសម្របសម្រួលនោះទេ។ ក្រុមបាតុករមួយចំនួនទាមទារ ឱ្យបន្ធូរបន្ថយវិធានការកូវីដ និងប្រឆាំងជាមួយរដ្ឋាភិបាល ជាទូទៅ។ ជាឧទាហរណ៍ ក្រុមអ្នកតវ៉ានៅទីក្រុង Chengdu បានលើកកាន់បដាពណ៌ សទទេ ដើម្បីធ្វើជានិមិត្តរូបប្រឆាំងនឹងការចាប់ពិរុទ្ធ។

ហេតុផលទី៣ បាតុកម្មត្រូវបានផ្ទុះឡើង ក្រោយពីមានសោកនាដកម្មភ្លើងឆេះ នៅក្នុងទីក្រុងUrumqi ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន១០នាក់ ដោយសារការចូលជួយសង្គ្រោះពន្លត់អគ្គិភ័យមិនបានទាន់ពេលវេលា៕

រដ្ឋបាលរាជធានីភ្នំពេញកែសម្រួលប្លង់គោលរាជធានីឆ្នាំ២០៣៥លើផែនការអភិវឌ្ឍនិងការរៀបចំវិស័យសំណង់

ដោយ៖ សុផារី

ភ្នំពេញ៖ ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាមប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួលប្លង់គោលនេះមួយចំនួនឡើងវិញ ដើម្បីងាយស្រួល ក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានលឿន។

រដ្ឋបាលរាជធានីបានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះមកប្រជុំពិភាក្សា និងលើកទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ”។

លោក ឃួង ស្រេង បានណែនាំថា “សម្រាប់ភូមិបាលខណ្ឌត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ។ បន្ថែមពីនេះ ខណ្ឌមួយចំនួន គឺបានរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សាពីប្លង់មេឱ្យបានច្បាស់។ ៨ឆ្នាំទៅ១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន”។

ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា“បេះដូង របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំនុចពិសេស នៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្ត សញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ៕

អារ៉ាប៊ីសាអូឌីត គ្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិធំជាងគេ ក្នុងពិភពលោក

ដោយៈ សុខុម

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងសាងសង់អាកាសយាន   ដ្ឋានដ៏ធំបំផុតមួយរបស់ពិភពលោក ខណៈប្រទេសនេះមានមហិច្ឆតាដ៏ធំមហិមា ចង់ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា។

ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman bin Abdulaziz បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិKing Salman International Airport ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីរីយ៉ាដ នេះនឹងមានផ្លូវយន្តហោះរត់ស្របគ្នាចំនួន៦ ហើយតាមការរំពឹងទុក វានឹងរួមចំណែករកប្រាក់ចំណូល ក្នុងមួយឆ្នាំៗបានចំនួន៧,១៨ពាន់លានដុល្លារអាមេរិក សម្រាប់ផលិតផលក្នុងស្រុកសរុប មិនមែនប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

អាកាសយានដ្ឋាននេះ នឹងធ្វើឱ្យចំនួនអ្នកដំណើរតាមផ្លូវអាកាសប្រចាំឆ្នាំក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កើនឡើងពី២៩លាននាក់នាពេលបច្ចុប្បន្នឈានដល់១២០លាននាក់នៅត្រឹមឆ្នាំ២០៣០ និង១៨៥លាននាក់នៅត្រឹមឆ្នាំ២០៥០ ជាមួយនឹងចរាចរណ៍ហោះហើរ កើនឡើង២១១.០០០ជើងឈានដល់ជាង១លានជើងក្នុងមួយឆ្នាំៗ។

យោងតាមទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) ឱ្យដឹងថា ដោយសារនិរន្តរភាព ជាគុណតម្លៃស្នូលរបស់ខ្លួន អាកាសយានដ្ឋានថ្មីនេះនឹងដំណើរការដោយថាមពលកកើតឡើងវិញ។

គម្រោងអាកាសយានដ្ឋាន ដែលនឹងត្រូវសងសង់ដោយមូលនិធិវិនិយោគសាធារណៈ (Public Investment Fund) នេះនឹងរួមបញ្ចូលទាំងស្ថានីយចំណតមានស្រាប់ ដែលដាក់ឈ្មោះតាមព្រះមហាក្សត្រ King Khalid ផងដែរ។

ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA)  បានបន្ថែមទៀតថា គម្រោ​ងអាកាសយានដ្ឋានអន្តរជាតិនេះ នឹងជួយបង្កើតឱកាសការងារទាំងផ្ទាល់ និងប្រយោលចំនួន១០៣.០០០កន្លែង។

ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាននេះ មិនបានផ្ដល់សេចក្ដីកម្អិតអំពីផែនការវិនិយោគនោះទេ៕ Arab News៕