គុណភាពនៃការលូតលាស់សតិបញ្ញារបស់ទារក និងកុមារ ជាអ្វីដែលមាតាបិតា គួរគិតឲ្យបានច្រើនលើជម្រើសផលិតផលទឹកដោះគោម្សៅ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការមានកូនឆ្លាតវៃ ជាសុភមង្គលរបស់មាតា បិតា អាណាព្យាបាលទារក និងកុមារគ្រប់រូប ហេតុនេះការជ្រើសរើសផលិតផលទឹកដោះគោម្សៅ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់ភាពលូតលាស់ ដល់សតិបញ្ហា និងការចងចាំរបស់ពួកគេ។

សារធាតុDHA ត្រូវបានអ្នកប្រាជ្ញរកឃើញ និងបានដាក់ក្នុងផលិត​ផលទឹកដោះគោម្សៅ BalacTan ដែលជាផលិតផលមួយផលិតនៅ​ក្នុងសហគមន៍អឺរ៉ុប និងទទួលបានការកោតសរសើរពីអ្នកប្រើប្រាស់នៅទូទាំងពិភពលោក លើស្តង់ដាផលិត គុណភាពផលិតផល អនាម័យ និងគុណតម្លៃ ដែលផ្តល់ជូនទារក និងកុមារនូវការលូតលាស់រាងកាយ សតិបញ្ញា ស្មារតី និងការចងចាំដ៏ល្អ។

ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltdលោកប៊ូ​ ខេមរិន្ទ្រ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្នផលិតផល ទឹកដោះគោម្សៅ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា “អ្វីកាន់តែពិសេស ពេលកុមារទទួលបានសារធាតុ DHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះ ចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិត ផលរបស់យើង”។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណា​ក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

ជាមួយគ្នានេះ អ្នកចិញ្ចឹមបុត្រធីតា ដែលទទួលបានបទពិសោធន៍ល្អៗ ពីការប្រើប្រាស់ផលិតផលនេះបានសម្តែងនូវសុទិដ្ឋិនិយម។

អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង សុខលីបានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវ បានសម្រេចសំរេចជ្រើសរើស ផលិតផលទឹកដោះគោម្សៅ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះមុនសម្រេចចិត្ត ជ្រើសរើសផលិត​ផលណាមួយ សំរាប់ទារក និងបុត្រធីតារបស់ សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើស Balactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

 

អ្នកជំនាញបង្ហើបទីតាំងសក្តានុពលខ្ពស់លើការវិនិយោគដីធ្លីសម្រាប់អចលនទ្រព្យទេសចរណ៍

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជា មានសក្តានុពលលើតំបន់ទេសចរណ៍ធម្មជាតិ វប្បធ៌ម ប្រវត្តិសាស្រ្តពាសពេញផ្ទៃប្រទេស ដែលទីផ្សារដ៏សម្បូរបែបនេះ ក៏ជំរុញឱ្យមានការអភិវឌ្ឍលើទីផ្សារអចលនទ្រព្យដូចគ្នា។

អ្នកជំនាញបានបង្ហើបទីតាំងសក្តានុពល សម្រាប់អ្នកមានដើមទុន និងមានបំណងចង់វិនិយោគដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់នាពេលអនាគត។

លោក គង់ វិសា អ្នកជំនាញអចលនទ្រព្យមួយរូប បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា តំបន់ដែលមានសក្តានុពលសម្រាប់ការវិនិយោគ លើប្រភេទអចលនទ្រព្យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើន ហើយតំបន់នីមួយៗមានសក្តានុពល ក៏ខុសៗគ្នាផងដែរ។

អ្នកជំនាញរូបនេះបញ្ជាក់ថា “សម្រាប់អ្នកដែលមានគម្រោងទិញដីទុកចំណេញនៅក្នុងខេត្តមាត់សមុទ្រ គឺមិនសូវផ្តល់ផលចំណេញខ្ពស់ឡើង”។ លោកបន្តថា “ដីធ្លីនៅក្នុងបណ្ដាខេត្តជាប់មាត់សមុទ្រ គឺមានតម្លៃហើមខ្ពស់ខ្លាំង ដែលមិនអាចផ្តល់ផលចំណេញខ្ពស់ ដល់អ្នកវិនិយោគដីធ្លីនោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានគម្រោងវិនិយោគ លើការអភិវឌ្ឍជាប្រភេទអចលនទ្រព្យទេសចរណ៍កែច្នៃនានា នឹងទទួលបានផលល្អប្រសើរ”។

លោកបញ្ជាក់ថា “អ្នកដែលទិញដីធ្លីជាប់មាត់សមុទ្រ ភាគច្រើនជាអ្នកមានគម្រោងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ ជារីសត សណ្ឋាគារ ឬគម្រោងធំៗ។ តែបើទិញ រំពឹងទុកចំណេញគឺយឺតណាស់”។

យោងតាមអ្នកជំនាញរូបនេះ លោកសម្លឹងមើលសក្តានុពលនៃខេត្តភាគខាងជើង និងខាងកើត នៃប្រទេសកម្ពុជា ដើម្បីវិនិយោគលើវិស័យដីធ្លីអចលនទ្រព្យប្រភេទនេះ។ សម្រាប់អ្នកវិនិយោគដែលមានទុនច្រើន អ្នកជំនាញរូបនេះបានណែនាំថា ខេត្តមាត់សមុទ្រ ចំនួនបី រួមមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប គួរត្រូវបានសម្លឹងមើល និងពិចារណាសម្រាប់ការវិនិយោគបាន។

យ៉ាងណាក្តី សម្រាប់អ្នកមានដើមទុនមធ្យម អ្នកវិនិយោគអាច សម្លឹងមើលលើខេត្តសៀមរាប បាត់ដំបង មណ្ឌលគីរី រតនគីរី ដោយតំបន់ទាំងនេះជាតំបន់ ដែលមានដីធ្លីនៅធំទូលាយល្អ និងមានតម្លៃសមរម្យនៅឡើយ។ ជាពិសេសតំបន់ទាំងនេះមានសក្តានុពលទេសចរណ៍ធម្មជាតិជាជម្រើសច្រើនទៀតផង។

លោកបន្តថា “នៅក្នុងខេត្តភាគខាងជើង និងខាងកើតក៏ផ្តោតលើទេសចរណ៍ដូចគ្នា។ នៅថ្ងៃអនាគតប្រទេសកម្ពុជាយើង វិស័យទេសចរណ៍នឹងរីកចម្រើនខ្លាំង។ ដីធ្លីនៅក្នុងតំបន់ខាងលើ មានឱកាសច្រើនក្នុងការទិញយកចំណេញ”។

ជាមួយគ្នានេះ លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់ Property Area Asia ថា ដីធ្លីនៅក្នុងខេត្តភាគខាងកើតនៃប្រទេសជាឱកាសវិនិយោគថ្មីមួយ ហើយនឹងផ្តល់នូវផលចំណេញខ្ពស់ សម្រាប់គម្រោងអចលនទ្រព្យទេសចរណ៍។

លោនបន្តថា “ដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី មានតម្លៃសមរម្យច្រើនណាស់ បើប្រៀបធៀបនឹងខេត្តផ្សេងទៀត ជាពិសេសមានទំហំធំៗ ស័ក្តិសមសម្រាប់ការអភិវឌ្ឍប្រភេទរីសត បាំងកាឡូ ផ្ទះសំណាក់ជាដើម ហើយខេត្តទាំងនោះមានសក្តានុពលពីធម្មជាតិស្រាប់ មានភ្នំ មានទឹក និងទេសភាពស្រស់ស្អាតណាស់”៕

រដ្ឋាភិបាលប្រកាសបើកទំហំដី១៥៥ហិកតាឲ្យក្រុមហ៊ុនឯកជន វិនិយោគលើការរុករករ៉ែ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទាន ស្វែងរករ៉ែទំហំ១៥៥ហិកតា នៅស្រុកឈូក ខេត្តកំពត ឱ្យក្រុមហ៊ុនឯកជនណា ដែលមានបំណងចង់វិនិយោគ អាចចាប់ផ្តើមមកដាក់ពាក្យស្នើសុំបាន។

នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងកាលពីសប្តាហ៍មុន ។ តាមរយៈការប្រកាសនេះ ក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ អាចមកដាក់ពាក្យស្នើសុំ ស្វែងរុករករ៉ែ នៅការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែ និងថាមពល។

ដោយឡែក ការដាក់ពាក្យស្នើសុំនេះ ត្រូវធ្វើឡើងជាលក្ខណៈប្រកួតប្រជែងជាសាធារណៈ ដើម្បីទទួលបានអាជ្ញាបណ្ណស្វែងរុករកពី​ក្រសួងរ៉ែ។

ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចង់ដាក់ពាក្យស្នើសុំ អាចមកដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី៣០ ធ្នូ ២០២២។

តំបន់​សម្បទានរ៉ែថ្មីនេះ ដែលមាន​ទំហំ​១៥៥ហិកតា ស្ថិតក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តោល ក្នុងឃុំតែកែន ស្រុកឈូក ខេត្តកំពត៕

ក្រុមហ៊ុន Evergrande កំពុងចរចាជាមួយក្រុងវូហាន ដើម្បីស្នើសុំដីរាប់សែនហិកតារបស់ខ្លួនត្រលប់មកវិញ

ដោយៈ សុខុម

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលកំពុងជាប់ផុងក្នុងបំណុល China Evergrande Group កំពុងទំនាក់ទំនងសុំចរចាជាមួយសង្កាត់មួយក្នុងក្រុងវូហាន (Wuhan) ដើម្បីស្នើសុំដីទំហំ១៣៤.៥០០ហិកតា ដែលធ្លាប់កាន់កាប់ដោយបុត្រសម្ព័ន្ធមួយរបស់ខ្លួនត្រលប់មកវិញ។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យផែនការ និងធនធានធម្មជាតិនៃសង្កាត់ Jiangxia បានបង្ហាញថា រដ្ឋបាលសង្កាត់ដែលស្ថិតនៅកណ្តាលក្រុងWuhanនេះ បានដកហូតសិទ្ធិប្រើប្រាស់ដី នៅលើទីតាំងដែលមិនទាន់បានអភិវឌ្ឍន៍ ក្នុងគម្រោងទីក្រុងទេសចរណ៍បច្ចេកវិទ្យា Evergrande Technology Tourism City Project របស់ក្រុមហ៊ុន Evergrande កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

ក្រុមហ៊ុន Evergrande និយាយថា ខ្លួនកំពុងទំនាក់ទំនងសុំចរចាជាមួយរដ្ឋបាលសង្កាត់Jiangxia ហើយ “នឹងដាក់សំណើសុំឱ្យរដ្ឋបាលសង្កាត់ពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន”។

ក្រុមហ៊ុនបញ្ជាក់ថា រដ្ឋបាលសង្កាត់នេះ បានដកហូតសិទ្ធិប្រើប្រាស់ដីរបស់ខ្លួន លើដីតែចំនួន១១ក្បាលដី ដែលស្ថិតក្រោមគម្រោងប៉ុណ្ណោះ ហើយមិនពាក់ក្បាលដីផ្សេងទៀត របស់គម្រោងនេះឡើយ ខណៈគម្រោងនេះ មានក្បាលដីសរុបចំនួន២៤ក្បាលដី។

ក្រុមហ៊ុន Evergrande ដែលជាប់បំណុលរហូត ដល់ទៅ៣០០ពាន់លានដុល្លារអាមេរិក ខណៈវិស័យអចលនទ្រព្យក្នុងប្រទេសចិន កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ មានបំណងចាប់ផ្តើមការចរចា រៀបចំឥណទានឡើងវិញនៅខែក្រោយ ហើយកំពុងរៀបចំប្រមែប្រមូលទ្រព្យសកម្ម ក្នុងស្រុកឱ្យស្រួ​លបួល ដើម្បីឱ្យម្ចាស់អ្នកកាន់មូលបត្របំណុលរបស់ខ្លួន មានទំនុកចិត្តជាងមុន៕ Reuters៕

វិភាគលើចំណុចដ៏ស្រួចស្រាវទាំង៦នេះ មុនសម្រេចចិត្តវិនិយោគលើដីធ្លី

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ការវិនិយោគលើដីធ្លី ជាការវិនិយោគដ៏ល្អមួយ ដែលមានផលចំណេញច្រើន ប៉ុន្តែអ្នកក៏អាចជាប់គាំងលក់មិនចេញផងដែរ ប្រសិនជាការ​ចំណាយលុយរបស់អ្នកធ្វើឡើងមិនច្បាស់លាស់ និងមិនទទួលបានព៌តមានគ្រប់ជ្រុងជ្រោយ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានវិនិយោគលើដីធ្លីមួយចំនួនទទួលបានទាំងជោគជ័យ និងបរាជ័យ ពិសេសបានតាមដានដំណើរវិវត្តន៍ និងផ្សព្វផ្សាយព៌តមានក្នុងវិស័យនេះ ជាប្រចាំបានលើកឡើងនូវមូលដ្ឋានគ្រឹះ មួយចំនួន សម្រាប់ជាចំណេះដឹង និងជាការពិចារណា។

ទិញដីនៅតំបន់មានមនុស្សរស់នៅច្រើន

       សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មតែងតែធ្វើឡើងជាមួយសហគមន៍ ដែលមានមនុស្សរស់នៅច្រើន ព្រោះគ្មានដីនៅទីណាឡើងថ្លៃនៅតំបន់ ដែ​លគ្មានមនុស្សរស់នៅនោះទេ។ ចំណុចពិសេសមួយ គឺអ្នកជំនាញនានាតែងតែលើកឡើងថា ការទិញដីនៅជាយក្រុងភ្នំពេញ ជាការវិនិយោគល្អ ព្រោះទោះ​មានវិបត្តិសេដ្ឋកិច្ច ក៏ដីនៅជាយក្រុងមិនងាយជាប់គាំងនោះដែរ។

តាមធម្មតាដីនៅតំបន់មនុស្សរស់នៅច្រើន តែងតែមានតម្លៃខ្ពស់ ប៉ុន្តែអ្នកអាចជ្រើសរើសរកចំណុចយូនីកណាមួយ ដែលអ្នកអាចរើសបាន ដូចជាដីបឹងតូចៗ ដែលគេមិនសូវចាប់អារម្មណ៍ ដីសហគមន៍មូលដ្ឋាន ដែលគេមិនសូវចាប់ពអារម្មណ៍ អាចមានតម្លៃល្អ និងមានឱកាសចំណេញខ្ពស់ បន្ទាប់ពីអ្នកចាក់ដីបំពេញ ឬបំពេញនិតិវិធីច្បាប់ចប់សព្វគ្រប់។

ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនិងចំណុចគួរពិចារណា

       រដ្ឋាភិបាល តែងតែដាក់ចេញគោលនយោបាយ និងផែនការអភិវឌ្ឈន៍ថ្មីៗរៀងរាល់៣ ទៅ៥ឆ្នាំ និង១០ឆ្នាំម្តង។

រដ្ឋាភិបាល បានដាក់ចេញគោលនយោបាយរបស់ខ្លួន ដើម្បីលើកពីផែន​ការអភិវឌ្ឍន៍របស់ខ្លួន។

នាពេលថ្មីៗនេះ នៅពេលគោលនយោបាយផ្លាស់ប្តូរ បានធ្វើឲ្យអ្នកវិនិយោគអចលនទ្រព្យជួបបញ្ហាប្រឈមជាច្រើន ដូចជា ក្រុងព្រះសីហនុ មានអាគារប្រមាណ១២០០បានជាប់គាំង ដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនបានរងគ្រោះ ប៉ុន្តែក៏មានអ្នកវិនិយោគជាច្រើនបានទទួលផលច្រើនផងដែរ។

ជាមួយគ្នានេះ ការសាងសង់ព្រមានយន្តហោះ ខេត្តមណ្ឌលគិរីក៏បានជាប់គាំងផងដែរ ដែលធ្វើឲ្យចរន្តទិញ លក់ ដីធ្លីមានការធ្លាក់ចុះ និងតម្លៃស្ថិតក្នុងសភាពទ្រឹង ហេតុនេះការបោះទុនវិនិយោគ ក្នុងស្ថានភាពបែបនេះ នឹងធ្វើឲ្យលុយរបស់អ្នកគាំងមិនដំណើរការផងដែរ។

ដើម្បីវិភាគទៅលើចំណុចនេះ និងសិក្សាពីបញ្ហានេះ លោក អ្នកគួរសិក្សាលើកត្តាគោលមួយចំនួន ដូចជា ទី១ វិបត្តិសេដ្ឋកិច្ចពិភពលោកតែងតែកើតមានរៀងរាល់១០ឆ្នាំ ឬ១២ឆ្នាំម្តង ហេតុនេះអ្នកគួរសិក្សាពីវដ្តរបស់វា ដើម្បីត្រៀមបង្ការ និងបង្អង់ល្បឿនវិនិយោគរបស់អ្នក នៅពេលឆ្នាំជិតដល់វដ្តនៃវិបត្តិមកដល់ ទី២ នៅពេលស្ថានភាពអលនទ្រព្យ ពុះកញ្រ្ជោលខ្លាំងដូចនៅក្រុងព្រះសីហនុ អ្នកអាចចាប់យកឱកាសភ្លាមៗ ជាជាងធ្វើក្រោយគេ ព្រោះឱកាសបែបនេះ មានមិនយូរនោះឡើយ ប្រសិនបើអ្វីៗវាមានសភាពដូចពពុះសាប៊ូ ហើយករណីនេះបានកើតមាននៅប្រទេសចិន និងក្រុងព្រះសីហនុ ប្រទេសថៃ និងប្រទេសមួយចំនួនទៀតរួចហើយ។

តាមដានព៌តមានពីដំណើរវិវត្តន៍នៃសេដ្ឋកិច្ចប្រទេសធំៗ

       មិនថាប្រទេសកម្ពុជា ឬប្រទេសដទៃទៀតនោះទេ នៅពេលមានបញ្ហាសេដ្ឋកិច្ចកើតមាន នៅតាមបណ្តាប្រទេសធំៗ និងបញ្ហាសង្រ្គាមដូចជា     សង្រ្គា​មរុស្ស៊ី អ៊ុយក្រែន គឺបញ្ហាបានកើតមានពាសពេញពិភពលោក ដោយ​សារការឡើងថ្លៃទំនិញ ឬអតិផរណា។

ការកើតមានកលយុគនានា បញ្ហាសេដ្ឋកិច្ចប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក មហាយក្សចិន ប្រទេសជប៉ុន និងសហគមន៍អឺរ៉ុបជាដើម សុទ្ឋតែមានផលប៉ះទង្គិច ដល់ការវិនិយោគលើវិស័យនានា ពិសេសវិស័យអចលនទ្រព្យកម្ពុជា ដែលនៅមានភាពក្មេងខ្ចីនៅឡើយ។

អ្នកជោគជ័យ តែងតែតាមដានព៌តមានជាប្រចាំ ព្រោះមិនមែនអ្វីៗស្ថិតនៅក្នុងដៃរបស់អ្នកទាំងអស់ ដូចបុគ្គលមួយចំនួនលើកឡើង ដោយគ្មានមូលដ្ឋានពិចារណាឡើយ។

ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល

       នៅកម្ពុជា តម្លៃដីធ្លីតែងតែហក់ឡើង នៅពេលរដ្ឋាភិបាលបង្ហើបពីប្រ​កាសពីការសាងសង់ស្ពាន សាងសង់ផ្លូវ សាងសង់ព្រលានយន្តហោះជាដើម។

ការទទួលបានព៌តមានថ្មីៗ មានភាពជាក់លាក់ អាចទុកចិត្តបាន និងឈរលើ ក្រមសីលធ៌មវិជ្ជាជីវៈដូចជា គេហទំព័រPropertyarea.asia, Cambodiafinancialtimes.com សុទ្ឋតែអាចជាមូលដ្ឋានគ្រឹះ និងត្រី​វិស័យចង្អុលបង្ហាញផ្លូវ ដែលលោកអ្នកអាចជឿជាក់ និងទុកចិត្តបាន ព្រោះការបំប៉ោងព៌តមាន នឹងធ្វើឲ្យបាត់បង់គុណតម្លៃរបស់យើង និងជាការ​សម្លាប់ស្ថាប័នរបស់ខ្លួន។

ហេតុនេះព៌តមាន មានសារៈសំខាន់ណាស់ ទាំងក្នុងអាជីវកម្ម ការវិនិ​យោគ និងក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់ខ្លួន។

សិក្សានៅតំបន់ប៉ូលអភិវឌ្ឍន៍របស់រដ្ឋាភិបាល

       រាជរដ្ឋាភិបាលបានចាត់ទុករាជធានី ខេត្តចំនួន៤ ជាប៉ូលសេដ្ឋកិច្ចរបស់ខ្លូន គឺរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងតំបន់ស្ថិតនៅភូមិភាគឥសាន្ត គឺខេត្តមណ្ឌលគិរី ដែលផែនការអភិវឌ្ឍន៍រយៈពេលវែង សម្រាប់វិស័យទេសចរណ៍ តំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ឋត្រូវបានគិតគូរ និងរៀបចំជាបណ្តើរៗផងដែរ។

ប៉ុន្តែខេត្តដែលនឹងទទួលបានផលប្រយោជន៍ ពីគោលនយោបាយ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក៏កំពុងលេចឡើងផងដែរ ដូចជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខេត្តកំពត ខេត្តស្វាយរៀង គឺក្រុងបាវិត ដែលផ្លូវល្បឿនលឿននឹងសាងសង់ ដើម្បីតភ្ជាប់នឹងរាជធានី និងទីក្រុងធំមួយរបស់វៀតណាម។

ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឈន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ឆ្នាំ២០២៥ ដើម្បីរៀបចំទីក្រុងនេះជាតំបន់ឧស្សាហកម្មកម្រិតខ្ពស់ ហើយទីក្រុងនេះស្ថិតនៅក្នុងគោលនយោ​បាយអភិវឌ្ឍន៍ត្បូង ត្បូងរបស់អាស៊ានផងដែរ។

លើសពីនេះ ខេត្តកណ្តាល កំពង់ស្ពឺ ក៏បាននិងកំពុងទទួលឥទ្ឋិពល​និងផលប្រយោជន៍ចេញពីរាជធានីភ្នំពេញ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ​របស់រាជរដ្ឋាភិបាលផងដែរ។

ទិញដីតម្លៃទាប ងាយស្រួលលក់ឬរកអតិថិជន

       តាមធម្មតាដីមានតម្លៃទាប មានទំហំទឹកប្រាក់តិច ជាការវិនិយោគល្អមួយ ព្រោះបើតាមការអង្កេត អ្នកវិនិយោគប្រមាណ៩០ភាគរយ វិនិយោគមិនលើសពី១០ ទៅ២០ម៉ឺនដុល្លារអាមេរិកនោះឡើយ ហេតុនេះបើសិនជាអ្នកទិញដីតម្លៃត្រឹម១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េចុះក្រោម អ្នកនឹងមានអតិថិជនក្នុងដៃច្រើន ប៉ុន្តែបើដីរបស់អ្នកមានតម្លៃលើសពីនេះ អតិថិជនរបស់អ្នកមិនមានច្រើននៅក្នុងទីផ្សារឡើយ។

វាប្រៀបដូចជាត្រីនៅក្នុងបឹង គឺភាគច្រើនជាត្រីតូចៗ ដែលអ្នកមានឱកាសចាប់បានច្រើនជាងត្រីធំៗ ប៉ុន្តែការនិយាយបែបនេះ មិនមែនមានន័យថា ដីតម្លៃខ្ពស់មិនមានទីផ្សារឡើយ ប៉ុន្តែទីផ្សាររបស់អ្នកស្ថិតនៅក្នុងដៃឬអតិថិជន ដែលមានលទ្ឋភាពទិញដីរបស់អ្នក មានចំនួនតិចជាងដី ដែលមានតម្លៃចន្លោះ១០ទៅ២០ ទៅ៣០ ទៅ៥០ដុល្លារ និងទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

 

 

 

 

 

លោកស៊ុន ចាន់ថុលៈ ផ្លូវវាងក្រុងសៀមរាបនឹងត្រូវសាងសង់កាត់តំបន់ក្រុងរ៉ុនតាឯក និងពាក់ស្នែង

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនបានបង្ហើបឲ្យដឹងថា​ ផ្លូវ​វាងក្រុងមួយខ្សែ​នៅខាងជើង​​ក្រុងសៀមរាប ​នឹង​សាង់សង់​កាត់​តំបន់​អភិវឌ្ឍ​រុន​តាឯក និង​ពាក់ស្នែង។

ថ្លែង​នៅ​​ក្នុង​សន្និសីទ​វឌ្ឍនភាព​រយៈពេល៥ ឆ្នាំ​របស់​ក្រសួង​សាធា​រណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុលកាលពីពេលថ្មីៗនេះបាន​បង្ហើបពី​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​សៀមរាប នឹងស្ថាបនាឆ្លងកាត់តំបន់​អភិវឌ្ឍ​​រុន​តាឯក និង​ពាក់ស្នែង ដែល​រដ្ឋាភិបាល​ទើបរៀបចំ​ជា​តំបន់​អភិវឌ្ឍសម្រាប់​ពលរដ្ឋ ​ដែលបាន​ផ្លាស់ទីចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ។

លោកបាន​បញ្ជាក់ថា ផ្លូវ​វាង​ខាង​ជើង​ក្រុង​សៀមរាប ដែលនឹង​ស្ថាបនា​កាត់​តំបន់​រុន​តាឯក និង​ពាក់ស្នែង បាន​សិក្សា​ចប់​សព្វ​គ្រប់ ដោយ​ប្រើប្រាស់​ថវិកា​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB។

​លោក ស៊ុន ចាន់ថុលបានឲ្យដឹងទៀតថា ក្រៅ​ពី​ផ្លូវ​វាង​ខាងជើង រដ្ឋាភិបាល ក៏​​បាន​គិតគូរ​​សាងសង់​ផ្លូវ​វាង​ក្រុង​សៀមរាប ​មួយ​ខ្សែ​ទៀត​នៅ​ខាង​ត្បូង​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ៦៤ ទៅ​កាន់ស្រុកពួក ​ដោយ​ប្រើប្រាស់​ថវិកា​កម្ចី​មកពី​ ACDF របស់​កូរ៉េ។

លោក​រដ្ឋមន្រ្តី​បាន​បង្ហាញ​ពី​មោទនភាព ​ក្រោយ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាពិសេស​ផ្លូវ​៣៨ ខ្សែ​បាន​បញ្ចប់​សម្ពោធ​ដាក់​ដំណើរការ​ដែល​បាន​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​សៀមរាប ​មានផ្លូវស្អាតសម្រាប់ទទួលភ្ញៀវទេស​ចរណ៍ជាតិ និងបរទេសឃើញពីភាពទាក់ទាញ និងប្លែកភ្នែកនៃទីក្រុង​ទេស​ចរណ៍​ដ៏​សំខាន់មួយនេះ៕

 

ក្រសួងពាណិជ្ជកម្មកំពុងជួយអ្នកនៅក្នុងSMEដើម្បីជួបវិនិយោគិនមូលធនដើម្បីអាចរកប្រភពទុនបន្ថែម

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ីនៃវិនិយោគិនមូលធននៅក្នុងប្រទេសកម្ពុជា”។

គំរោងនេះជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM)។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ី នៃវិនិយោគិនមូលធននៅក្នុងប្រទេសកម្ពុជា” គម្រោង Go4eCAM ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងតំណាងសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍នៃការសិក្សា អំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ី វិនិយោគិនមូលធននៅកម្ពុជា ក៏ដូចជា ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចត្រៀមខ្លួនគ្រប់គ្រាន់ ក្នុងការចាប់យកឱកាស ក្នុងការទទួលបានហិរញ្ញប្បទានពីប្រភពទុនទាំងក្នុងស្រុក និងបរទេស ដើម្បីសហគ្រាសធុនតូចនិងមធ្យមកម្ពុជាមានសមត្ថភាព អាចនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

សមាសភាគនេះ របស់គម្រោងGo4eCAM គឺផ្តោតសំខាន់ទៅលើការនាំសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជួបជាមួយនឹងវិនិយោគិនមូលធន ដើម្បីផ្តល់ឱកាសដល់សគ្រាសធុនតូច និងមធ្យមកម្ពុជាស្វែងរកទុនបន្ថែម ក្នុងការពង្រីកអាជីវកម្ម និងគាំទ្រដល់ការឈានឆ្ពោះ ទៅរកសេដ្ឋកិច្ចឌីជីថល តាមរយៈការផ្តោតលើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការច្នៃប្រឌិតបែបឌីជីថល។

លោកជំទាវតឹករ៉េក កំរ៉ង បានលើកឡើងអំពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹង ផ្នែកការវិនិយោគមូលធន និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការទទួលបានហិរញ្ញប្បទាន ដែលជាសកម្មភាពការងារអាទិភាពមួយ របស់ក្រសួងពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញនៅក្នុង “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣” និង “យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

លោកជំទាវរដ្ឋលេខាធិការ សូមលើកទឹកចិត្តឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមកសាង និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី នៃការវិនិយោគមូលធន ដែលមានសារៈសំខាន់ ក្នុងការបង្កើនការទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

លោកJason Himអ្នកជំនួញអចលនទ្រព្យលាក់មុខបន្តវិនិយោគដីឡូត៏ដោយសុទិដ្ឋិនិយម

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បោះបង់ចោលការងារ ដែលមានប្រាក់ខែខ្ទង់ពាន់ដុល្លារទៅហើយ ដើម្បីមកប្រឡូកក្នុងវិស័យជំនួញអចលនទ្រព្យ លោកJason Him ហៅ “លោក ដង្ខៅដី”បានបន្តជម្នះវិបត្តិសេដ្ឋកិច្ច ដោយបន្តវិនិយោគលើដីធ្លី ទទួលបានជោគជ័​យតាមផែនការរបស់ខ្លួនជាបន្តបន្ទាប់។

មានស្រុកកំណើតនៅក្នុងខេត្តកំពង់ស្ពឺ លោកJasonបានឈានជើងមកកាន់រាជធានីភ្នំពេញ អស់រយៈពេលជាង២០ឆ្នាំមកហើយ និងបានឆ្លងកាត់ការងារជាច្រើនរហូតទទួលបានជោគជ័យក្នុងការងារនិងប្រាក់ខែខ្ទង់ពាន់ដុល្លារទៅហើយ​ ប៉ុន្តែដោយ​សារក្តីស្រលាញ់លើវិស័យជំនួញដីធ្លី​និងមើលឃើញការរីកចម្រើនសេដ្ឋកិច្ច ពិសេសអចលនទ្រព្យ លោកបានចាប់ផ្តើមការងារជាអ្នកទិញលក់អចលនទ្រព្យផងធ្វើការងារជាមួយក្រុមហ៊ុនអន្តរជាតិផងដើម្បីអោយមានចំណេះដឹងលើវិស័យនេះកាន់តែស៊ីជំរៅលោកបានសិក្សាស្រាវជ្រាវនិងរាប់អានមិត្តភ័ក្រជាច្រើនក្នុងប្រទេសកម្ពុជាដែលភាគច្រើនជាជើងចាស់ជំនាញលើវិស័យអចលនទ្រព្យនេះតែម្តងរហូតដល់ខ្លួនទទួលបានបទពិសោធន៏គ្រប់គ្រាន់ និងមានជំនាញលក់យ៉ាងស្ទាត់ជំនាញព្រមទាំងចំណូលដែលបានមកពីការលក់និងវិនិយោគទទួលបានប្រាក់ចំណេញជាច្រើនផងនោះ ទើបលោក សំរេចចិត្តលាឈប់ពីការងារប្រាក់ខែខ្ទង់ពាន់មកធ្វើការវិនិយោគ១០០%ទាំងកំលាំងកាយចិត្តបេះដូង​លើគំរោងដីឡូត៍ដ៏ធំមួយនៅក្នុងស្រុកពញាឭ ខេត្តកណ្តាល ជាគំរោងទី១​របស់លោកផ្ទាល់ ដែលទទួលបានជោគជ័យមកទល់សព្វថ្ងៃនេះ។

គំរោងនេះត្រូវបានដាក់ឈ្មោះដីឡូត៍វិមានអចលនទ្រព្យដែលស្ថិតនៅជើងភ្នំឧដុង្គជាតំបន់កំពុងមានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ននេះដែលកាលលោកចាប់ផ្តើមដំបូងតំបន់នេះគ្មានការអភិវឌ្ឍន៏នៅទ្បើយ។

បទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យរយៈពេលជាង១០ឆ្នាំ បានធ្វើ ឲ្យ​លោកJasonទទួលបានជោគជ័យ និងឆ្លងកាត់បទពិសោធន៍ជាច្រើន ដោ​យលោកបានពង្រីកគំរោងជាបន្តបន្ទាប់ទៀត គឺគំំរោងទី២ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយដាក់ឈ្មោះ “ភូមិធម្មជាតិលោកសង្ខៅដី” ដែលគំរោងនេះ ក៏ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។

បន្ថែមពីលើទស្សនវិស័យរយៈពេលវែង គួបផ្សំនឹងចំណូលចិត្ត និងការពង្រីកឱកាសក្នុងទីផ្សារ លោកJason Him ហៅដង្ខៅដីបានពង្រីកគំរោង​វិនិយោគទី៣របស់ខ្លួន ស្ថិតនៅតំបន់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម លើផ្លូវជាតិលេខ៤៤ស្ថិតនៅក្នុងតបន់សេដ្ឋកិច្ចក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាគំរោងធំមួយ និងទទួលបានជោគជ័យក្នុងទីផ្សារផងដែរ។

ជាមួយទស្សនវិស័យ និងរៀបចំផែនការអភិវឌ្ឍន៍រយៈពេលវែង លោកJason Himបានមានប្រសាសន៍ថា “ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ និងវិបត្តិ​សង្រ្គាមរុស្ស៊ី អ៊ុយក្រែនក្តី ប៉ុន្តែខ្ញុំនិងក្រុមការងារនៅតែជម្នះ នឹងឧបសគ្គរហូតទទួលបានជោគជ័យតាមផែនការ”។

ដោយផ្តោតលើផែនការចំពោះមុខ និងអភិវឌ្ឍន៍គំរោងរបស់លោកដោយនិរន្តរភាព និងការទទួលខុសត្រូវសង្គម លោកJason Himបាននិងកំពុងគិតគូរពីការអភិវឌ្ឍន៍រយៈពេលវែង ដោយលោកនឹងរៀបចំផែនការសា​ងសង់ផ្ទះតម្លៃមធ្យម និងក្រោមមធ្យមនៅដី ស្ថិតក្នុងស្រុកពញា­ឭ ខេត្តកណ្តាលព្រោះគំរោងដីនេះបានតបណ្តាញទឹកស្អាត និងខ្សែបណ្តាញអគ្គិសនីចូលរួចហើយ ផ្សារ​ សាលារៀន មន្ទីពេទ្យ រោងចក្រ បុរី និងជាទីប្រជំជនមនុស្សរស់នៅច្រើនកុះករ ។

ជាមួយគ្នានេះ គំរោងទី២ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងគំរោងនៅលើផ្លូវជាតិលេខ៤៤ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តកំពង់ស្ពឺក៏បាននិងកំពុងរៀបចំទស្សនទាន អភិវឌ្ឍន៍រយៈពេលវែងផងដែរ។

លោកសង្ខៅដីបានមានប្រសាសន៍ឲ្យដឹងថា “សម្រាប់ទស្សនវិស័យ   ​រយៈពេលវែង ខ្ញុំចង់កសាងតំបន់ដីឡូត៍របស់ខ្ញូំ ជាសហគមន៍មួយមានភាព​រសរវើក ជាសហគមន៍មួយអ៊ូរអរ ដែលមានមនុស្សរស់នៅច្រើន និងអាចប្រកបអាជីវកម្មបាន”។ លោកបន្តថា ចំពោះការចេញប្លង់វិញ ក្រុមហ៊ុនរបស់លោក ចេញជូនអតិថិជនទាន់ពេលវេលា​ស្ទើតែ​១០០% ដែលធ្វើអោយក្រុមការងារលក់ ភ្នាក់ងារលក់ អតិថិជនទុកចិត្តនិងគាំទ្រជាខ្លាំង​។

លោកបន្តថា “គំនិតរបស់ខ្ញុំ ចង់ធ្វើតំបន់អភិវឌ្ឍន៍​របស់យើងក្លាយជាទីប្រជុំជនមួយ ព្រោះយើងលក់ដីរួច មិនដើរចោលអតិថិជននោះទេ គឺយើងរៀបចំផែនការអភិវឌ្ឍន៍នៅនឹងកន្លែងគ្រាន់តែយើងដើរតាមផែនការ Step By Step ” ៕

    

 

 

 

ការសិក្សាថ្មីៈ ក្រសួបបរិស្ថានបែកចែកផ្ទៃដីនៅកម្ពុជាមាន ចំនួន២១ប្រភេទ

  ដោយៈ​គង់ សូរិយា

       ភ្នំពេញៈ ជាមួយគោលដៅប្រើប្រាស់ដីឲ្យបានជាក់លាក់ ក្រសួងបរិ ស្ថាន បានសិក្សាទិន្នន័យបឋម នៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សា និងស្រាវជ្រាវចងក្រងបានរកឃើញថា ផ្ទៃដីកម្ពុជាត្រូវបានបែងចែកជា២១ប្រភេទ។

ទិន្នន័យបឋមនេះ ត្រូវបានផ្សព្វផ្សាយជូនដល់ស្ថាប័នអង្គភាពពាក់ព័ន្ធនានាក្នុងគោលបំណង ដើម្បីជម្រាបជូនពីទិន្នន័យលម្អិត នៃការប្រើប្រាស់ដីនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែម ដើម្បីធ្វើឱ្យទិន្នន័យដែលប្រមូលបានកាន់តែមានភាពត្រឹមត្រូវកាន់តែខ្លាំង និងបម្រើផលប្រយោជន៍ដល់កម្ពុជាក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរបស់ខ្លួន។

ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី៣ របស់ព្រឹទ្ធសភានិងរដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះគឺបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជា ដោយចែកចេញជា២១ប្រភេទ ដូចជា ផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ការបែងចែកប្រភេទព្រៃ និងដីដំណាំផ្សេងៗទៀត។

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការសិក្សា លើទិន្នន័យនៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លា​ស់ ពីកម្រិតនៃការប្រើប្រាស់ដីនៅកម្ពុជា ដែលនឹងមានសារៈប្រយោជន៍ លើការរៀបចំផែនការយុទ្ធសាស្ត្រនានា។

លោកបន្តថា ក្រសួងនឹងប្រកាស ផ្តល់ទិន្នន័យស្រាវជ្រាវបាននេះ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើជាឧត្តមប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងវិស័យពាក់ព័ន្ធនានា៕

រដ្ឋាភិបាលកំពុងដោះស្រាយផលប៉ះពាល់ផ្នែកខាងចុងផ្លូវក្រវាត់ក្រុងទី៣ ដើម្បីសាងសង់បានតាមរង្វង់ជុំ

ដោយៈ សុផារី

ភ្នំពេញៈ ក្រវាត់ក្រុងទី៣ជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយ សម្រួលការដឹកទំនិញ និងតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ ដែលជាផ្នែកមួយ​នៃការលើកកំពស់សេដ្ឋកិច្ច សង្គម។

បច្ចុប្បន្នកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងសាងសង់កំពុងបន្តដំណើរការល្អប្រសើរ ខណៈមកទល់ពេលនេះរដ្ឋាភិបាលកម្ពុជា កំពុងដោះស្រាយផលប៉ះពាល់ផ្នែលខាងចុងផ្លូវ ដើម្បីធ្វើយ៉ាងណាឱ្យសាងសង់បានពេញមួយរង្វង់ជុំពេញលេញ។

លោកគង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៤ ខែវិច្ឆិកាថា រហូតមកទល់នឹងពេលនេះ ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានវឌ្ឍនភាពការសាងសង់បានចំនួនជាង៦០ភាគរយហើយ ហើយក្រុមការងារកំពុងដោះស្រាយផលប៉ះពាល់ ដែលកើតមាននៅផ្នែកខាងចុងផ្លូវ។

លោកបន្តថា ដោយសារនៅក្នុងរដូវវស្សា មានការលំបាកក្នុងការសាងសង់ផ្លូវ ជាហេតុឱ្យដំណើរការសាងសង់នាពេលកន្លងមក មានការផ្អាកមួយរយៈ ប៉ុន្តែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមការងារកំពុងតែចាប់ផ្តើមដំណើរការបន្តទៀតហើយ។

លោកគង់ វិមានបានបញ្ជាក់ថា ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ធ្វើឡើងជាដំណាក់ៗ ដោយដំណាក់កាលនីមួយៗ ត្រូវបានអនុវត្តទៅតាមផែនការមេជាក់លាក់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានស្រាប់ និងត្រូវបានដាក់ចេញ។

លោកថា “ការអនុវត្តគម្រោងមានដំណាក់កាលមានជំហានៗ អាស្រ័​យ​លើថវិកាដែលមាន”។

លោកបញ្ជាក់ថា “ចាប់ពីខែ១១នេះតទៅ ក្រុមការងារចាប់ផ្តើមសាងសង់បន្តហើយ។ យើងនៅរង់ចាំយូរនៅត្រង់ចុងទីបន្តិច ព្រោះពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់។ យើងដឹងហើយថា (ការដោះស្រាយផលប៉ះពាល់) នៅក្នុងក្រុង មិនមែនមានភាពងាយស្រួល ដូចនៅជនបទនោះទេ។ ប៉ុន្តែនេះមិនមែនជាបញ្ហានោះទេ ព្រោះគម្រោងដំណើរការទៅមុខហើយ”។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុប៥៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ ក្នុងទំហំទឹកប្រាក់ប្រមាណ២៦៨លានដុល្លារអាមេរិក៕