តើតម្លៃមាសនឹងហក់ខ្ពស់ឡើងវិញឬទេ ស្របពេលសង្រ្គាមនៅអ៊ីរ៉ង់នឹងអាចអូសបន្លាយរយៈពេលវែង?

ដោយៈ ម៉ាណា

    អន្តរជាតិៈ  តម្លៃមាសអាចឡើងថ្លៃនៅសប្តាហ៍ក្រោយ ប៉ុន្តែវាទំនងជាប្រែប្រួល (ឡើងចុះ) ទោះបីជាសង្គ្រាមអ៊ីរ៉ង់មិនបញ្ចប់ក៏ដោយ។

ហេតុអ្វីបានជាមាសអាចឡើងថ្លៃបន្តទៀតសម្រាប់ពេលអនាគត?

  1. សង្គ្រាមបង្កើតជម្រកសុវត្ថិភាព

នៅពេលដែលសង្គ្រាម ឬហានិភ័យសកលកើនឡើង វិនិយោគិនជាច្រើនទិញមាស ដើម្បីការពារប្រាក់របស់ពួកគេ។ ជម្លោះអ៊ីរ៉ង់បច្ចុប្បន្នបានជំរុញឱ្យវិនិយោគិន ងាកទៅរកមាសជាទ្រព្យសកម្ម ដែលមានសុវត្ថិភាពរួចទៅហើយ។

  1. ហានិភ័យវិបត្តិថាមពល

សង្គ្រាមបានរំខានដល់ប្រេង និងការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ដែលអាចបង្កើនអតិផរណា និងការភ័យខ្លាចផ្នែកសេដ្ឋកិច្ច – លក្ខខណ្ឌដែលជារឿយៗគាំទ្រដល់តម្លៃមាសខ្ពស់។

អ្នកវិភាគរំពឹងថានឹងមានសម្ពាធកើនឡើងជាបន្ត ប្រសិនបើជម្លោះនៅតែបន្ត។

អ្នកជំនាញនិយាយថា ភាពតានតឹងភូមិសាស្ត្រនយោបាយនៅ

មជ្ឈិមបូព៌ា អាចរក្សាសម្ពាធកើនឡើងលើមាស រហូតដល់ឆ្នាំ2026។

ប៉ុន្តែហេតុអ្វីបានជាមាស នៅតែអាចធ្លាក់ចុះនៅពេលខ្លះ? សូម្បីតែក្នុងអំឡុងពេលសង្គ្រាមក៏ដោយ មាសអាចធ្លាក់ចុះជាបណ្តោះអាសន្នដោយសារតែ

ទី១ ប្រាក់ដុល្លារអាមេរិករឹងមាំ (ដែលថ្មីៗនេះបានរុញមាសឱ្យធ្លាក់ចុះ)។

ទី២ ការរកប្រាក់ចំណេញដោយវិនិយោគិន បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង។

ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលត្រូវចេញផ្សាយនៅសប្តាហ៍ក្រោយនឹងប៉ះពាល់ដល់ទីផ្សារ។

ទស្សនវិស័យសាមញ្ញសម្រាប់សប្តាហ៍ក្រោយ ប្រសិនបើសង្គ្រាមកាន់តែខ្លាំងឡើង មាសទំនងជានឹងឡើងថ្លៃខ្ពស់។

ប្រសិនបើមិនមានព័ត៌មានសង្គ្រាមថ្មី + ប្រាក់ដុល្លារអាមេរិករឹងមាំ មាសអាចធ្លាក់ចុះបន្តិច។

អ្នកវិភាគភាគច្រើននិយាយថា សប្តាហ៍ក្រោយនឹងមានភាពប្រែប្រួល មិនមែនជានិន្នាការកើនឡើងត្រង់នោះទេ។

  • រយៈពេលខ្លី៖ ភាពប្រែប្រួលឡើងចុះ

រយៈពេលមធ្យម (ប្រសិនបើសង្គ្រាមនៅតែបន្ត)៖ មាសនៅតែមានការគាំទ្រដើម្បីឡើងថ្លៃ។

ចាប់តាំងពីអ្នកបានលើកឡើងពីមុនថា អ្នកបានទិញមាសក្នុងតម្លៃខ្ពស់ វិនិយោគិនជាច្រើនក្នុងស្ថានភាពនេះកំពុងរង់ចាំ ពីព្រោះហានិភ័យភូមិសាស្ត្រនយោបាយជារឿយៗ គាំទ្រមាសតាមពេលវេលា៕

តើសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥គាំទ្រដោយកម្លាំងចលករអ្វីខ្លះ?

ដោយៈ ចំណាន

    ភ្នំពេញៈ នៅឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានគាំទ្រដោយវិស័យរឹងមាំជាច្រើន។ វិស័យមួយចំនួនកំពុងរីកចម្រើនលឿនជាងមុន និងទាក់ទាញការវិនិយោគច្រើនជាងវិស័យដទៃទៀត។

១. ផលិតកម្ម និងឧស្សាហកម្ម (វិស័យរឹងមាំបំផុត)

វិស័យឧស្សាហកម្មគឺជាកម្លាំងចលករចម្បង នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ៨-៩%នៅឆ្នាំនេះ។

សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ គឺជាការនាំចេញធំជាងគេ។ រោងចក្រនាំចេញជាចម្បងទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន។

ឧស្សាហកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស

  • សម្លៀកបំពាក់ និងវាយនភណ្ឌ
  • ការផលិតកង់
  • ការផ្គុំគ្រឿងអេឡិចត្រូនិច
  • គ្រឿងបន្លាស់រថយន្ត
  • ការកែច្នៃអាហារ

វិស័យនេះ ផ្តល់ការងារដល់កម្មកររាប់សែននាក់ និងរួមចំណែកយ៉ាងច្រើនដល់ផលិតផលក្នុងស្រុកសរុប។

២. សំណង់ និងអចលនទ្រព្យ

ទោះបីវិស័យនេះ មិនសូវមានការរីកចម្រើនខ្លាំងក្តី តែមូលដ្ឋាននៃកំណើន និងលំហូរមូលធនចូលក្នុងវិស័យនេះកន្លងមក នៅតែមានសក្តានុពលសេដ្ឋកិច្ច តាមរយៈការផ្តល់ការងារ ឱកាសពង្រីកអាជីវកម្ម ការរីកចម្រើននគរូបនីយកម្ម និងសេដ្ឋកិច្ចតាមរយៈការទាញយកតម្លៃបន្ថែមបានយ៉ាងច្រើន។

ជាមួយនឹងការរីកចម្រើននៃនគរូបនីយកម្ម និងការវិនិយោគពីបរទេសបន្តគាំទ្រដល់ការអភិវឌ្ឍ។

ឧស្សាហកម្មសំណង់ត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល 6.6% នៅក្នុងឆ្នាំ 2026។

តំបន់សំខាន់ៗ

  • ភ្នំពេញ (មជ្ឈមណ្ឌលហិរញ្ញវត្ថុ)
  • ក្រុងព្រះសីហនុ (តំបន់វិនិយោគឆ្នេរសមុទ្រ)
  • សៀមរាប (ទីក្រុងទេសចរណ៍)

គម្រោងរួមមាន៖

  • តំបន់ឧស្សាហកម្ម
  • ខុនដូ
  • ឃ្លាំង និងមជ្ឈមណ្ឌលភស្តុភារកម្ម

៣. ទេសចរណ៍

ឧស្សាហកម្ម ដែលត្រូវបានរដ្ឋាភិបាល ចាត់ទុកជាមាសបៃតងនេះហេតុអ្វីបានជាខ្លាំង។ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រហែល៦,៧លាននាក់នៅឆ្នាំ ២០២៤ ដែលកើនឡើងយ៉ាងខ្លាំង។

  • ទេសចរណ៍គឺជាសសរស្តម្ភសំខាន់មួយនៃសេដ្ឋកិច្ច។

ទីតាំងទេសចរណ៍សំខាន់ៗ៖

  • សៀមរាប (អង្គរវត្ត)
  • ភ្នំពេញ
  • ក្រុងព្រះសីហនុ
  • កំពត និងកោះ

អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី នៅជិតភ្នំពេញក៏នឹងជំរុញទេសចរណ៍ និងការធ្វើដំណើរអាជីវកម្មផងដែរ។

៤. កសិកម្ម និងកែច្នៃកសិ-ឧស្សាហកម្ម

ហេតុអ្វីបានជាវិស័យនេះ នៅតែមានសក្តានុពលខ្លាំង?  វិស័យកសិកម្ម នៅតែផ្តល់ការងារដល់ប្រជាជនប្រហែលមួយភាគបី។

ផលិតផលសំខាន់ៗ៖

  • អង្ករ
  • គ្រាប់ស្វាយចន្ទី
  • កៅស៊ូ
  • ដំឡូងមី
  • ផ្លែឈើ

ឥឡូវនេះ រដ្ឋាភិបាលកំពុងផ្តោតលើការកែច្នៃចំណីអាហារ និងនាំចេញកសិកម្ម ដើម្បីបង្កើនតម្លៃ។

៥. វិស័យធនាគារ ការទូទាត់ឌីជីថល និងសេវាកម្ម

កំណើនយ៉ាងឆាប់រហ័សនៃធនាគារ មីក្រូហិរញ្ញវត្ថុ និងការទូទាត់ឌីជីថល។ ប្រព័ន្ធទូទាត់ឌីជីថលបាគងរបស់កម្ពុជាកំពុងពង្រីកយ៉ាងឆាប់រហ័ស។ ជាក់ស្តែងវិស័យសេវាកម្មត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែលចន្លោះពី5 ទៅ6%។

វិស័យនាពេលអនាគតទំនងជា នឹងកើនឡើងលឿនជាងមុន (ឆ្នាំ 2026-2030)។

  • ភស្តុភារកម្ម និងកំពង់ផែ
  • ការផលិតគ្រឿងអេឡិចត្រូនិច
  • ថាមពលកកើតឡើងវិញ
  • សេដ្ឋកិច្ចឌីជីថល / ពាណិជ្ជកម្មអេឡិចត្រូនិក៕

ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យកំពុងជំរុញសន្ទុះទីផ្សារភាគហ៊ុនរបស់ទីក្រុងហុងកុងនៅដើមឆ្នាំ២០២៦

ដោយ: សហសេវិក
អន្តរជាតិ: ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុងនៃប្រទេសចិនបានចាប់ផ្តើមទាក់ទាញវិនិយោគិនបរទេសឱ្យត្រឡប់មកវិស័យនេះវិញ ដោយសន្ទស្សន៍អចលនទ្រព្យ Hang Seng បានហក់ឡើងជាង២០ភាគរយនៅឆ្នាំនេះ។

យោងតាមធនាគារ Citi បានឱ្យដឹងថា បណ្តាវិនិយោគិនអន្តរជាតិ ដែលបានងាកចេញពីភាគហ៊ុនអចលនទ្រព្យរបស់ទីក្រុងហុងកុងក្នុងរយៈពេល២ទៅ៣ឆ្នាំកន្លងមកនេះ បានចាប់ផ្តើមងាកមកទិញភាគហ៊ុនទាំងនេះនៅដើមឆ្នាំ២០២៦។

នៅក្នុងសន្និសីទវិនិយោគិនសកលថ្មីៗនេះ ដែលរៀបចំឡើងដោយធនាគារអាមេរិក Citi អ្នកចូលរួមបានលើកឡើងថា ពួកគេមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើទីផ្សារអចលនទ្រព្យហុងកុងជាង ទីផ្សារលំនៅឋានរបស់ចិនដីគោក ដែលបានធ្លាក់ចុះអស់រយៈពេល៥ឆ្នាំជាប់ៗគ្នា។

បណ្តាវិនិយោគិនយល់ស្របថា តម្លៃផ្ទះនៅទីក្រុងហុងកុងកំពុងកើនឡើង ហើយពួកគេកំពុងផ្តោតលើការជ្រើសរើសភាគហ៊ុនឱ្យបានត្រឹមត្រូវ។ បណ្តាអ្នកវិនិយោគគ្រោងបង្កើនការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងពិចារណាទិញក្រុមហ៊ុនដែលមិនសូវមានដំណើរការល្អ (underperforming)។

ការផ្លាស់ប្តូរ​នេះ​កើតឡើង​ ស្របពេលដែល​ការលក់​ផ្ទះ​នៅទីក្រុង​ហុងកុង​បាន​កើនឡើង​នៅ​ដើមឆ្នាំ២០២៦។ យោងតាមទិន្នន័យ​ចុះបញ្ជី​ដីធ្លី​បាន​បង្ហាញថា កិច្ចព្រមព្រៀង​លំនៅឋានចំនួន៦.៦៦៩ ត្រូវបាន​ចុះបញ្ជី​ក្នុង​ខែកុម្ភៈ កើនឡើង១៧,៦ភាគរយ​ធៀប​នឹង​ខែមករា៕ប្រភព: SCMP៕

កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិនបានបើក ដំណើរការផ្លូវការ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសូ វិសុទ្ធី បានអញ្ជើញអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន (Entrepreneurship Mentor Development Program) ដើម្បីពង្រឹងគុណភាពការតម្រង់ទិសសម្រាប់សហគ្រិន និងធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។

កម្មវិធីនេះរៀបចំដោយមជ្ឈមណ្ឌលបច្ចេកវិទ្យាATC ក្រោមកិច្ចសហការជាមួយ Sasakawa Peace Foundation (SPF) និងអង្គការស្វីសខន់ថាក់កម្ពុជា (Swisscontact Cambodia) តាមរយៈគម្រោងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei) ដែលទទួលបានការគាំទ្រថវិកាពីសហគ្រិនខ្មែរ (Khmer Enterprise) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

“កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន” ត្រូវបានបង្កើ​តឡើង ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់អ្នកតម្រង់ទិស តាមរយៈការបង្កើនសមត្ថភាពរបស់ពួកគាត់ ក្នុងការផ្តល់ការគាំទ្រ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្តែងរបស់សហគ្រិន ក្នុងដំណាក់កាលចាប់ផ្តើមអាជីវកម្មដំបូង។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីកសាងសមត្ថភាព និងសង្គ​តិភាព (ភាពស៊ីចង្វាក់គ្នា)របស់អ្នកតម្រង់ទិស តាមរយៈការរួមបញ្ចូលគ្នា រវាងការបណ្តុះបណ្តាលចំគោលដៅ ការអនុវត្តការតម្រង់ទិសជាក់ស្តែង និងការបង្កើតបណ្តាញទំនាក់ទំនង។

លោកសូ វិសុទ្ធី បានបញ្ជាក់ថា ការផ្តល់ការតម្រង់ទិស (Mentorship) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការអភិវឌ្ឍសហគ្រិនភាព ការរីកលូតលាស់នៃអាជីវកម្ម និងជួយពង្រឹងនវានុវត្តន៍នៃប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែរឹងមាំ។

លោកបន្តថា “អ្នកតម្រង់ទិស ដែលមានប្រសិទ្ធភាព មិនត្រឹមតែផ្តល់ការណែនាំ ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយតម្រង់ទិសដៅយុទ្ធសាស្ត្រ និងផ្តល់នូវបទពិសោធជាក់ស្តែង ដើម្បីជួយសហគ្រិន និងធុរកិច្ចថ្មីឌីជីថល ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅដំណាក់កាលដំបូង”។

លោករដ្ឋលេខាធិការបានបន្ថែមថា កម្មវិធីនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើនគុណភាពនៃការគាំទ្រ តាមរយៈការតម្រង់ទិស នៅក្នុង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជា៕

ទីផ្សារអចលនទ្រព្យវៀតណាមរំពឹងឈានចូលដល់ដំណាក់កាលងើបឡើងវិញកាន់តែច្បាស់នៅឆ្នាំ២០២៦នេះ

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងឈានចូលដល់ដំណាក់កាលងើបឡើងវិញកាន់តែច្បាស់នៅឆ្នាំ២០២៦នេះ ដោយមានការគាំទ្រពីកំណែទម្រង់ច្បាប់ និងការរៀបចំផែនការគម្រោងកាន់តែប្រសើរឡើង។

លោក Hà Quang Hưng អនុប្រធាននាយកដ្ឋានគ្រប់គ្រងទីផ្សារលំនៅឋាន និងអចលនទ្រព្យ នៃក្រសួងសំណង់វៀតណាម បានអះអាងថា ឆ្នាំ ២០២៥ ជាចំណុចរបត់មួយ ខណៈនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួង និងស្ថាប័ននានា លុបបំបាត់ឧបសគ្គផ្នែកស្ថាប័ន ច្បាប់ និងដើមទុន ដែលវិស័យនេះកំពុងប្រឈមមុខ។

ចាប់តាំងពីពេលនោះមក គេសង្កេតឃើញមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពិនិត្យឡើងវិញ និងធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងដីធ្លី ផែនការទីក្រុង និងជនបទ ការសាងសង់ និងលំនៅឋាន។

ក្របខ័ណ្ឌច្បាប់ដែលគ្រប់គ្រងសកម្មភាពវិនិយោគ និងធនាគារក៏ត្រូវបានកែសម្រួលផងដែរ ដើម្បីដោះស្រាយឧបសគ្គដែលកើតមានជាបន្តបន្ទាប់ ដើម្បីជំរុញការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបានអនុញ្ញាតឱ្យអាជ្ញាធរអាចចាត់ថ្នាក់វាយតម្លៃ និងដោះស្រាយគម្រោងជាច្រើនដែល
ជាប់គាំងពីមុន ដោយសារឧបសគ្គផ្នែកបទប្បញ្ញត្តិ។

នីតិវិធីរដ្ឋបាលត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត ដោយបង្កើនតម្លាភាព និងកាត់បន្ថយពេលវេលារៀបចំគម្រោង ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្តារទំនុកចិត្តអាជីវកម្មឡើងវិញ និងធ្វើឱ្យបរិយាកាសវិនិយោគមានស្ថិរភាព។

ដោយផ្អែកលើមូលដ្ឋានគ្រឹះនេះ ក្រសួងសំណង់វៀតណាមរំពឹងថា ការផ្គត់ផ្គង់ និងតម្រូវការនឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៦។ គម្រោងជាច្រើនដែលត្រូវបានពន្យារពេល នឹងបន្តដំណើរការឡើងវិញ ដែលការណ៍នេះនឹងជួយជំរុញការផ្គត់ផ្គង់លំនៅឋាន៕ប្រភព: Vietnam News៕

រដ្ឋាភិបាលដាក់ចេញក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជាក្នុងគោលដៅជំរុញការអភិវឌ្ឍសួនកសិឧស្សាហកម្ម

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ក្នុងគោលបំណងជំរុញការអភិវឌ្ឍសួនកសិឧស្សាហកម្ម។

ក្របខ័ណ្ឌនេះធ្វើឡើង តាមរយៈវិធានការគាំទ្រសំខាន់ៗ ដើម្បីទាក់ទាញការវិនិយោគ លើសួនកសិឧស្សាហកម្ម និងបង្កើតខ្សែច្រវាក់តម្លៃ ដោយរំពឹងលើកម្មវិបាកជាវិជ្ជមាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងរយៈពេលមធ្យម និងវែង។

ក្របខ័ណ្ឌអភិវឌ្ឍន៍ សួនកសិឧស្សាហកម្មនៅកម្ពុជានេះ មានគោលដៅផ្តល់នូវក្របខ័ណ្ឌរួមមួយ សំដៅបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងកិច្ចដំណើរការសួនកសិឧស្សាហកម្ម តាមរយៈការកំណត់វិធានការគាំទ្រ និងលក្ខខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍសួន រួមទាំងការកំណត់យន្តការស្ថាប័ន និងការសម្របសម្រួល ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តជាក់ស្ដែង។

ជារួម ក្របខ័ណ្ឌអភិវឌ្ឍន៍ សួនកសិឧស្សាហកម្ម នឹងផ្តោតលើការផ្តល់ការលើកទឹកចិត្តពិសេស បន្ថែមលើសពីការផ្ដល់ ដែលបានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន និងការសម្របសម្រួលចាំបាច់ផ្សេងៗទៀត ក្នុងគោលដៅបម្រើគោលបំណងគោលនយោបាយជាអាទិភាព។

ការបង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ រួមមាន ១). ផ្តល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជំរុញការនាំចេញ ឆ្លើយតបទៅនឹងអាទិភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ផែនការមេតាមវិស័យនិងគោលនយោបាយ/ យុទ្ធសាស្ត្រពាក់ព័ន្ធជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម។

២). បង្កើនតម្លៃបន្ថែមតាមរយៈការជំរុញ ខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃកសិផល ដែលមានសក្តានុពលទីផ្សាររ និងសេដ្ឋកិច្ច។ ៣). ត្រូវមានលទ្ធភាពអនុវត្ត និងធនធានគ្រប់គ្រាន់សម្រាប់អភិវឌ្ឍគម្រោងសួនកសិឧស្សាហកម្ម ដែលអាចសម្រេចបានតាមគោលដៅ ដូចមានកំណត់ក្នុងផែនការអាជីវកម្ម និងផែនការរអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម ដោយបង្ហាញអំពីលទ្ធភាពបច្ចេកទេសអាចអនុវត្តបាន ព្រមទាំងបង្ហាញផលចំណេញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រប់គ្រាន់ ផ្អែកលើការសិក្សាគម្រោងច្បាស់លាស់។

៤). គិតគូរតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ការគាំទ្រស្របតាមភាពអាចទ្រទ្រង់បាននៃថវិកា និង៥). បង្កើតបច្ច័យវិជ្ជមាន និងជ្រោមជ្រែងគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុន តូចនិងមធ្យម(SMEs) នៅកម្ពុជា។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ក្នុងកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើសេចក្តីកែសម្រួល ក្នុងឯកសារក្របខ័ណ្ណអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា៕

កិច្ចប្រជុំនេះមានគោលបំណងដើម្បី ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីកែសម្រួល ក្នុងឯកសារក្របខ័ណ្ណអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ដែលត្រូវបានដាក់ស្នើសុំការអនុម័យពីប្រមុខរាជរដ្ឋាភិបាល ប៉ុន្តែដោយសារមានភាពចាំតម្រូវ ឱ្យមានការកែសម្រួលបន្ថែម ដើម្បីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ៕

ដំណឹងល្អ!គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥”ត្រូវបានពង្រាងជាមួយទិសដៅចំនួន៤

ដោយៈ ចំណាន

ភ្នំពេញៈ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប្រជុំពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦​-២០៣៥”។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និងជាប្រធានក្រុមការងារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP)បានដឹក​នាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥”។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង ជាសមាជិក-សមាជិកនៃក្រុមការងារIDP នៃកបសព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសាវតារ វឌ្ឍនភាពនៃការរៀបចំ និងភាពចាំបាច់នៃការរៀបចំIDP ២០២៦-២០៣៥ ដែលមានចក្ខុវិស័យក្នុងការធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និងជំនាញទាប ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញខ្ពស់ និង ច្ចេកវិទ្យា តាមរយៈការកសាងមូលដ្ឋានឧស្សាហកម្ម ដែលមានភាពប្រកួតប្រជែង ពិពិធកម្មនិងភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកល សមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងលើកកម្ពស់សមត្ថភាព ឧស្សាហកម្មក្នុងស្រុក ។

គោលបំណងសំខាន់នៃIDP ២០២៦-២០៣៥ មានចំនួន៤ រួមមាន ទី១). រក្សា និង ជំរុញការចាក់ឬសឱ្យកាន់តែស៊ីជម្រៅ នូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ទី២). បង្កើតការងារដែលមានជំនាញ និង បច្ចេកវិទ្យាខ្ពស់ ព្រមទាំងប្រាក់ចំណូលប្រសើរ។

ទី៣). កសាងវិស័យដែលគាំទ្រ ដល់ការបង្កើនផលិតភាព នៃវិស័យឧស្សាហកម្មផ្សេងៗទៀត និងទី៤). តម្រង់ទិសវិស័យផ្សេងៗនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់និន្នាការអនាគត និង មានភាពធន់នឹងបរិស្ថាន ។

អង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងផុសផុល លើការកំណត់យកវិស័យអាទិភាពចំនួន៤ក្រុមធំៗ ដើម្បីជំរុញការធ្វើពិពិធកម្ម និងបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម ដែលរួមមាន៖ ១). វិស័យឧស្សាហកម្មដែលមានស្រាប់, ២). វិស័យឧស្សាហកម្មកំពុងលូតលាស់, ៣). វិស័យឧស្សាហកម្មយុទ្ធសាស្រ្តរយៈពេលវែង, និង៤). វិស័យឧស្សា​ហកម្មគាំទ្រ និងសេដ្ឋកិច្ចចក្រា។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់លើការគិតគូចំពោះយន្តការអនុវត្ត នៃគោលនយោបាយដ៏មានសារៈសំខាន់នេះ ដើម្បីធានាឱ្យបាននូវផ្លែផ្កា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និង ធ្វើជាចលករជំរុញកម្ពុជាឱ្យសម្រេចបាននូវ “ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០”៕

ទីក្រុងសិង្ហបុរីជាប់ឈ្មោះជាទីក្រុងដែលគេត្រូវចំណាយខ្ពស់បំផុតលើការរៀបចំតុបតែងការិយាល័យ

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank បានឱ្យដឹងថា ទីក្រុងសិង្ហបុរីជាទីក្រុងដែលគេត្រូវចំណាយខ្ពស់បំផុតលើការរៀបចំការិយាល័យបើធៀបនឹងទីក្រុងផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារថ្លៃពលកម្មខ្ពស់ កង្វះអ្នកម៉ៅការ និងច្បាប់សំណង់តឹងរ៉ឹង។

នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនKnight Frank លើទីក្រុងចំនួន២៣ ទូទាំងតំបន់ ការរៀបចំការិយាល័យនៅទីក្រុងសិង្ហបុរីមានតម្លៃជាមធ្យមខ្ពស់បំផុតចំនួន២.០២៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ (Fit-out cost)។

តួលេខខាងលើមានកម្រិតខ្ពស់ជាងការរៀបចំការិយាល័យនៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលមានតម្លៃជាមធ្យមចំនួន១.៩៩៤ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនិងទីក្រុងតៃប៉ិ ដែលមានតម្លៃជាមធ្យមចំនួន១.៥៩៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

Fit-out cost រួមមាន ការតុបតែង ការបំពាក់គ្រឿងបរិក្ខារ (ដូចជា គ្រឿងសង្ហារិម ភ្លើងបំភ្លឺ ម៉ាស៊ីនត្រជាក់ ខ្សែភ្លើង ការដំឡើង IT) និងសំណង់ខាងក្នុង (ដូចជា ជញ្ជាំង ពិដាន កម្រាលឥដ្ឋ ទុយោទឹក និងប្រព័ន្ធអគ្គិសនី)។

យោងតាមការស្ទង់មតិខាងលើ​បាន​ឱ្យដឹងទៀតថា ការ​រៀបចំ​ការិយាល័យ​លំដាប់​ខ្ពស់​(premium) នៅ​ប្រទេស​សិង្ហបុរី​មាន​តម្លៃជាមធ្យមចំនួន៣.១១៧ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដែល​ជា​តម្លៃ​ខ្ពស់​ជាង​គេ​បើ​ធៀប​នឹង​ទីក្រុងផ្សេងទៀតនៅតំបន់​អាស៊ី និង​បង្ហាញ​ពី​ឋានៈ​របស់​សិង្ហបុរី​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់។

ការ​រៀបចំ​ការិយាល័យនៅទីក្រុងហុងកុងមានតម្លៃជាមធ្យមចំនួន១.២៩២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីក្រុងធំៗរបស់ចិនដីគោក ដូចជាទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងសុិនជិន មានតម្លៃជាមធ្យមចំនួន៩២៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ៕ប្រភព: SCMP៕

ស្ថាប័នធ្វើការផ្ទាល់ជាមួយអ្នកវិនិយោគបើកកិច្ចប្រជុំដើម្បីពង្រឹង យន្តការការងារកាន់តែប្រសើរ

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) លោកជា វុទ្ធីបានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បី ដើម្បីពិភាក្សានិងពង្រឹងយន្តការងារកាន់តែប្រសើរ។

កិច្ចប្រជុំនេះ បានផ្តោតលើកិច្ចការសំខាន់ៗចំនួន២ រួមមានទី1.  ពិភាក្សា និងបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ និងនាយកដ្ឋានចំណុះ គ.វ.ក. ដែលមានភារកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមអនុវត្តវិធានការរបស់ “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ដែល គ.វ.ក. ទទួលបន្ទុកអនុវត្តន៍ចំនួន១១វិធានការ។

ទី2.  ពិភាក្សា និងបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ និងនាយកដ្ឋាន​ចំណុះ គ.វ.ក. ក្នុងការអនុវត្តវិធានការទាំង៥ ក្នុងផែនបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែល គ.វ.ក. ទទួលបន្ទុកអនុវត្ត ដើម្បីគិតគូរកែសម្រួល ឬកំណត់សូចនាករ/បង្គោ​លចរ និងក្របខណ្ឌពេលវេលាបញ្ចប់ ការអនុវត្តសម្រាប់វិធានការកំពុងអនុវត្ត ជាពិសេសវិធានការ ដែលពុំទាន់មានវឌ្ឍនភាពល្អប្រសើរ និងធ្វើការកំណត់វិធានការថ្មី ជំនួសវិធានការដែលសម្រេចបានពេញលេញ ស្របតាមការចង្អុលបង្ហាញ របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកអគ្គលេខាធិការ ក៏បានដាក់ទិសដៅការងារមួយចំនួន ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទខិតខំបំពេញសំដៅធានា ឱ្យបាននូវប្រសិទ្ធភាពការងារ ជាពិសេស ការបន្តចូលរួមលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរ៕

ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃរបស់អេមីរ៉ាតអារ៉ាប់រួមរំពឹងរងផលប៉ះពាល់ ស្របពេលមានការវាយប្រហារដសងសឹករបស់អ៊ីរ៉ង់

ដោយ: សហសេវិក
អន្តរជាតិ: ការវាយប្រហាររបស់​សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើ​អ៊ីរ៉ង់ ដែល​បាន​រាលដាលទៅជាជម្លោះទូទាំងតំបន់មជ្ឈិមបូព៌ា រំពឹងជះ​ផលប៉ះពាល់​​លើ​ទីផ្សារ​អចលនទ្រព្យរបស់ទីក្រុង​ឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

កន្លងមក ទីក្រុងឌូបៃ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សុវត្ថិភាព​សម្រាប់​បណ្តាអ្នកវិនិយោគជុំវិញ​ពិភពលោក។

យ៉ាងណាមិញ ការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅអេមីរ៉ាតអារ៉ាប់រួម រួមទាំងការបាញ់ផ្លោងមីសុីលលើទីក្រុងឌូបៃ នឹងអាចបង្កជាផលអវិជ្ជមានលើទីផ្សារអចលនទ្រព្យរបស់ទីក្រុងមួយនេះ។

ទោះបីជាមិនទាន់មានការសម្រុកលក់ចេញអចលនទ្រព្យក្នុងទីក្រុងឌូបៃនៅឡើយក្តី ក៏ប៉ុន្តែក្រុមអ្នកវិភាគ និងឈ្មួញកណ្តាលបានព្រមានថា ភាពមិនប្រាកដប្រជាជាបន្តបន្ទាប់អាចធ្វើឱ្យតម្រូវការថយចុះ ជាពិសេសក្នុងចំណោមអ្នកទិញ និងវិនិយោគិនបរទេស ដែលជាកត្តាជំរុញដ៏សំខាន់នៃទីផ្សារលំនៅដ្ឋានរបស់ទីក្រុងឌូបៃ។

ឈ្មួញកណ្តាល និងបណ្តាអ្នកអភិវឌ្ឍន៍នៅទីក្រុងឌូបៃលើកឡើងថា ប្រសិនបើជម្លោះនៅតែបន្តអូសបន្លាយ នោះការលក់អចលនទ្រព្យអាចនឹងថយចុះក្នុងរយៈពេលខ្លី។ ប៉ុន្តែ តម្លៃអចលនទ្រព្យនឹងមិនដាំក្បាលចុះភ្លាមៗនោះទេ។

សកម្មភាពអចលនទ្រព្យនៅទីក្រុងឌូបៃអាចនឹងថយចុះ ខណៈដែលបណ្តាវិនិយោគិនកំពុងតាមដាន និងវាយតម្លៃការវិវឌ្ឍភូមិសាស្ត្រនយោបាយក្នុងតំបន់។

ក្រុមអ្នកជំនាញអចលនទ្រព្យអះអាងថា ស្របពេលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ទីផ្សារអចលនទ្រព្យជាធម្មតាជួបប្រទះនឹងស្ថានភាពមិនប្រាកដប្រជា។ អ្នកទិញប្រើប្រាស់វិធីសាស្រ្តរង់ចាំមើល (wait and see) ដោយពន្យារពេលនៃការសម្រេចចិត្ត៕ប្រភព: Moneycontrol៕