រដ្ឋបាល​ខេត្តកំពត​ត្រៀម​ដាក់​ដំណើរ​ការ​រូប​សំណាកបាតដៃ​ និង​រៀប​ចំព្រឹត្តិការណ៍​រត់​ឆ្លង​ឧបសគ្គ​

ដោយៈ ចំណាន

   កំពតៈ  លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ “រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ” នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅលើខ្នងភ្នំបូកគោ ខេត្តកំពត។

លើសពីនេះ រដ្ឋបាលខេត្តកំពត ក៏ត្រៀមបើកដំណើរការរូបសំណាក “បាតដៃ” ដែលអាចឲ្យភ្ញៀវទេសចរណ៍ ឡើងថតរូបលេង និងគយគន់ទេសភាពក្រុងកំពតផងដែរ។

ព្រឹត្តិការណ៍កាលពីចុងសប្តាហ៍មុននេះ ជាផ្នែកមួយនៃព្រឹត្តិការ​ណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ក្នុងខេត្តកំពត ដោយមានការចូលរួម ពីបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ព្រះសីហនុ និងកោះកុង។

គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍បៃតង ទេសចរណ៍កីឡា និងជំរុញជីវភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបង្ហាញពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ខេត្តកំពត និងបានគូសបញ្ជាក់ថា គោលបំណងចម្បង នៃការរៀបចំព្រឹត្តិការណ៍ កីឡារត់ប្រណាំងនេះឡើង គឺដើម្បីជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ របស់ខេត្តជាប់តំបន់ឆ្នេរទាំង៤របស់កម្ពុជា ដែលមានខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ឱ្យពិភពលោកបានស្គាល់ និងចង់មកសម្រាកកម្សាន្ត។

លោកបន្តថា ព្រឹត្តិការណ៍នេះ គឺបានផ្សារភ្ជាប់ទៅនឹង “ព្រឹត្តិកា​រណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦” ដែលមានសកម្មភាពទាក់ទាញជាច្រើន ដូចជា ការប្រកួតស្នាដៃចម្អិនម្ហូបអាហារ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ហើយកម្ពុជា ក្រោមម្លប់សន្តិភាពដែលយកមកដោយការលះបង់ គ្រប់បែបយ៉ាងរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជា មាន សុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្ន ក្រោមការដឹកនាំបន្ត ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក៏នៅតែបន្តរក្សាសុខសន្តិភាពជូនជាតិ ជូនប្រជាជន និងបន្តអភិវឌ្ឍន៍ប្រទេស ពិសេសវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពរីកចម្រើន ដែលជាកត្តាធ្វើឱ្យកំណើនភ្ញៀវទេសចរ អន្តរជាតិមកលេងកម្សាន្ត ក្នុងប្រទេសទទួលបានភាពកក់ក្តៅ និងជួយផ្សព្វផ្សាយបន្តពីកម្ពុជាទៅកាន់ពិភពលោក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំប្រកប​ដោយភាពច្នៃប្រឌិត របស់លោកអភិបាលខេត្ត ម៉ៅ ធនិន ដែលបានខិតខំអភិវឌ្ឍវិស័យទេសចរណ៍ និងផលិតផលទេសចរណ៍ ថ្មីៗ ប្លែកៗ មានភាពទាក់ទាញ ដែលជាកត្តាជំរុញឱ្យភ្ញៀវទេសចរសម្រុកមកកម្សាន្តក្នុងខេត្តកំពត កាន់តែច្រើនឡើងៗ៕

ទំហំពាណិជ្ជ​កម្ម​ទ្វេរ​ភាគី​កម្ពុជា ​ជប៉ុន​កើន​ឡើង​ជិត​២០០០​លាន​ដុល្លារ​រយៈ​ពេល​ត្រឹម​៨ខែ​

ដោយៈ ចំណាន

   ភ្នំពេញៈ ពាណិជ្ជកម្មទ្វេរភាគី​កម្ពុជា​-ជប៉ុន បាន​​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​រយៈ​ពេល៨ខែ​នៃ​​ឆ្នាំ២០២៦ នេះ​មាន​​តម្លៃ​​ជិត២ ពាន់​លាន​ដុល្លារ កើនជិត១/៥ដង ​បើធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំមុន។

យោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង២ ចន្លោះ​ពី​ខែមករា-​សីហា ឆ្នាំ​២០២៦ មាន​ទឹក​ប្រាក់​​សរុប១,៩៩ ពាន់​លាន​ដុល្លារ កើន​ ១៨,៧% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នាក្នុង​​ឆ្នាំ​២០២៥ ដែល​មាន១,៦៧ពាន់លាន​ដុល្លារ។ ក្នុងនោះទំនិញ​កម្ពុជានាំទៅជប៉ុន ១,២៧ ពាន់លានដុល្លារ កើន២២,២% ខណៈជប៉ុននាំចូលទំនិញមកវិញ៧១៧,៥៥ លានដុល្លារ កើនឡើង​១៣,១%។

អ្នកសិក្សា​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានលើកឡើង​ថា មាន​កត្តា​ចម្បង​​ចំនួន​២ ​ដែលធ្វើ​ឱ្យ​​ទំហំ​​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង២កើន​ឡើង គឺ ១. ​កិច្ច​ព្រមព្រៀងភាព​ជា​ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែល​កំពុង​ជួយ​សម្រួលដល់ការបញ្ចុះអត្រា​ពន្ធ និងនីតិវិធីគយ​សម្រាប់​លំហូរ​ទំនិញ​ទៅមក​រវាង​ប្រទេស​ទាំង ២ (​ធ្វើឱ្យទំនិញកម្ពុជាមានឧត្តមភាព​ប្រកួតប្រជែងខ្ពស់នៅលើទីផ្សារជប៉ុន) និង២. ទំនុកចិត្តរបស់​វិនិយោគិនជប៉ុន​ ដែល​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ដើម្បី​បើករោងចក្រផលិត/កែច្នៃ​ទំនិញ​សម្រាប់ផ្គត់​​ផ្គង់​ឱ្យ​រោងចក្រ​នានា ជា​ពិសេស​រោង​ចក្រ​​ជប៉ុន​​។

លោកបញ្ជាក់ថា “​បច្ចុប្បន្ន​ក្រៅ​ពី​ការទទួល​ទិញ​ទំនិញ ​ពី​កម្ពុជា​កាន់​តែ​ច្រើន ក៏​មាន​រោង​ចក្រ​ជប៉ុន​កាន់​តែ​ច្រើន ​បាន​មក​បើក​ដំណើរការ​នៅ​កម្ពុជា​ផងដែរ”។ លោកបន្ថែមថា “ជប៉ុន​អាច​ចាត់ទុក​ថា​ជា​ដៃគូពាណិជ្ជកម្ម​ដ៏​ល្អ​ជាមួយ​កម្ពុជា”៕

លំហូរ FDI ​ចូល​វិស័យ​អចលនទ្រព្យ​វៀតណាម​ហក់​ឡើង​ដល់ ​៥,៣២ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល ​៨ ​ខែ​ដំបូង​

ដោយ: សហសេវិក
អន្តរជាតិ: ការវិនិយោគពីបរទេសក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានហក់ឡើងដល់ ៥,៣២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ដែលជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមវិស័យដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។

ស្របពេលជាមួយគ្នានេះ ការកើនឡើងនៃការវិនិយោគក្នុងវិស័យផលិតកម្ម កំពុងបង្កើតតម្រូវការបន្ថែមសម្រាប់តំបន់ឧស្សាហកម្ម រោងចក្រដែលសាងសង់រួចស្រេច ហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន និងលំនៅដ្ឋាន។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យអចលនទ្រព្យមិនមែនកើតឡើងដោយឯកឯងនោះទេ។ នៅពីក្រោយលំហូរនៃដើមទុនទាំងនេះ គឺការរីកចម្រើននៃវិស័យផលិតកម្ម ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតឱ្យមានតម្រូវការដោយផ្ទាល់សម្រាប់ដីឧស្សាហកម្ម រោងចក្រ ឃ្លាំង ការិយាល័យ និងលំនៅឋាន។

យោងតាមការិយាល័យស្ថិតិជាតិនៃក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា វៀតណាមបានទាក់ទាញការវិនិយោគបរទេសដែលបានចុះបញ្ជីក្នុងទំហំទឹកប្រាក់ ៤០,៦៣ ពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ខែសីហា កើនឡើង ៥៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមនោះ ទុនចុះបញ្ជីថ្មីមានចំនួន ២១,៧២ ពាន់លានដុល្លារអាមេរិក (កើនឡើង ៩៦,៨%) ខណៈដែលទុនបន្ថែមមានចំនួន ១២,២១ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៤,៧%)។

វិស័យអចលនទ្រព្យបានទាក់ទាញទុនវិនិយោគចំនួន ៥,៣២ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ១៥,៧% នៃទុនសរុប (ទាំងទុនចុះបញ្ជីថ្មី និងទុនបន្ថែម) ដោយឈរនៅលំដាប់ទីពីរ បន្ទាប់ពីវិស័យកែច្នៃ និងផលិតកម្ម។ វិស័យកែច្នៃ និងផលិតកម្មបានទាក់ទាញទុនចំនួន ២០,១៨ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៥៩,៥%៕

មន្រ្តី​ជាន់ខ្ពស់​ពិភាក្សា​ជាមួយ​ភាគី​ជប៉ុន​ដើម្បី​ពង្រឹង ​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​

ដោយៈ ចំណាន

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកYuho Hayakawa អនុប្រធានជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិក និងការទាក់ទាញការវិនិយោគផ្ទាល់ (FDI)ពីជប៉ុន។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈ (JICA) ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា លើគ្រប់វិស័យ។

ក្នុងជំនួបនាព្រឹកនេះ លោកអនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារ JICA បានសម្តែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាគ្រប់គម្រោងកិច្ចសហប្រតិបត្តិការទាំងអស់ ទទួលបានលទ្ធផលយ៉ាងជោគជ័យ និងជាផ្លែផ្កា។

ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ ក.អ.ក ក្នុងការផ្តល់កិច្ចសម្រួល និងការគាំទ្រគ្រប់បែបយ៉ាងជូនដល់វិនិយោគិនជប៉ុនទាំងអស់ ក្នុងការស្វែងរក និងពង្រីកឱកាសធុរកិច្ចនៅកម្ពុជា៕

ក្រុមហ៊ុន​កូរ៉េ​ធំ​មួយ​គ្រោង​ស្វែង​រក​កិច្ចសហការ​ជាមួយ​ស្ថាប័នរដ្ឋ ​និង​ឯកជន​កម្ពុជា​លើ​ការ​វិនិយោគ​លើ​ផលិត​ផល​ថ្ម​សម្រាប់​ដ្រូន​

ដោយៈ ម៉ាណា

   ភ្នំពេញៈ ថ្នាក់ដឹកនាំនៃ​​ក្រុមហ៊ុន NEO Battery materials Ltd. បានបង្ហើបឱ្យ​ដឹងថា ​ខ្លួន​កំពុង​មាន​​បំណង​​ធ្វើ​ទស្សនកិច្ច​នៅប្រទេសកម្ពុជា ​ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនកម្ពុជា​លើ​ការ​​វិនិយោគ​លើ​ផលិតផល​ថ្ម​សម្រាប់​ដ្រូន។

​លោក Park Janghwan នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. ក្នុង​ពេល​ជួប​ពិភាក្សាការងារ​ជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៦។​

ក្នុង​ជំនួប​នេះ លោក Park Janghwan បានលើកឡើង​ថា រូប​លោកផ្ទាល់​ គឺ​ជាអ្នកបង្កើតផែនការសាកល្បង លើប្រតិបត្តិការដ្រូនដំបូង​គេបង្អស់នៅប្រទេសកូរ៉េ។ បច្ចុប្បន្ន​រូប​លោក​ផ្ទាល់​​កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ក្នុង​ការ​ដឹកនាំគណៈប្រតិភូ​របស់​ខ្លួន​ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា។

ក្រុមហ៊ុន NEO Battery materials Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ជាក្រុមហ៊ុនផលិត​ថ្ម (battery) សម្រាប់ប្រើប្រាស់លើដ្រូនគ្រប់ប្រភេទរបស់កូរ៉េ។

ជាការ​ឆ្លើយតប លោក ឃួន ផុនរតនៈ បាន​បង្ហាញ​​ការ​ស្វាគមន៍​ចំពោះបំណងរបស់​ថ្នាក់​ដឹកនាំក្រុមហ៊ុន NEO Battery materials Ltd. ដែល​ចង់មក​មើល​ដោយ​ផ្ទាល់​ពី​សក្តានុពល​ទីផ្សារ និង​តម្រូវ​ការ​ប្រើ​ប្រាស់​ដ្រូន​នៅ​កម្ពុជា។ បន្ថែម​ពី​លើ​នេះ លោក​ក៏​ក្តីរីករាយ​ក្នុង​ការ​បង្កើតកិច្ចសហប្រតិបត្តិការ ជាមួយ​ក្រុមហ៊ុនNEO ផងដែរ។

លោក​ថ្លែង​ថា “ខ្ញុំ​សូម​ស្វាគមន៍ចំពោះបំណង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន NEO ជាមួយ​នឹង​ស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជា ព្រោះថាបច្ចុប្បន្ន​នេះ​កម្ពុជា កំពុងត្រូវការដ្រូនសម្រាប់ប្រើប្រាស់លើវិស័យជាច្រើន”។

យោងតាមទិន្នន័យរបស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែមករា ដល់ខែ​សីហា ឆ្នាំ២០២៦ ការ​ផ្លាស់ប្តូរទំនិញ​រវាង​កម្ពុជា-កូរ៉េ មាន​ទឹក​ប្រាក់​សរុប ៨៥៨,៩៧ លាន​ដុល្លារ កើនឡើង៤៥,៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥ ក្នុង​នោះ​ការនាំ​ទំនិញ​ពី​កម្ពុជា ​ទៅ​ប្រទេស​កូរ៉េ​ មាន​ទឹកប្រាក់ ២៩៣,៣៩​លាន​ដុល្លារ កើនឡើង​៤១,១% និង​ទំនិញ​កូរ៉េ​នាំមក​វិញ ៥៦៥,៥៧​លាន​ដុល្លារ កើនឡើង៤៨,២%​។

បច្ចុប្បន្ន​ក្រៅ​ពី​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម សេរី​ទ្វេភាគី​កម្ពុជា-កូរ៉េ និង​កិច្ច​ព្រម​ព្រៀង​RCEP ដែល​រដ្ឋាភិបាល​នៃ​ប្រទេសទាំង ២ បាន​ចុះហត្ថលេខា និង​ចូល​ជាធរមាន​នា​ពេល​កន្លង​មក វិស័យឯកជន​នៃ​ប្រទេស​ទាំង២ ក៏​បាន​​ចុះអនុស្សរណៈនៃការយោគយល់គ្នា​ កាល​ពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៦៕

រដ្ឋាភិបាល​ពិនិត្យ ​និង​សម្រេច​លើ​ប្លង់​គោល​ប្រើ​ប្រាស់​ដី ​ថ្នាក់​ក្រុង ​ស្រុក​

ដោយៈ ចំណាន

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពិនិត្យ និងសម្រេចលើប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក និងពិនិត្យស្នើសុំការយល់ព្រម ពីរាជរដ្ឋាភិបាលលើសេចក្តីព្រាងផែនការរៀបចំដែនដីថ្នាក់ខេត្ត។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកប៉េង ពោធ៍នា រដ្ឋមន្រ្តីក្រសួងសាធារណលការ និងដឹកជញ្ជូន ព្រមទាំងក្រុមម​ន្រ្តីស្ថាប័ន្ធពាក់ព័ន្ធ៕

សន្ទុះ​ទីផ្សារលំនៅឋាន​នៅ​ប្រទេសអូស្ត្រាលី​កំពុង​បន្ត​ធ្លាក់​ចុះ ​ខណៈ​តម្រូវ​ការ​ពី​អ្នក​ទិញ​មាន​កម្រិត​ទាប​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ប្រទេសអូស្ត្រាលីកំពុងធ្លាក់ចុះ ដោយតម្លៃផ្ទះក្នុងខែកញ្ញាបានធ្លាក់ចុះមកនៅកម្រិតប្រហាក់ប្រហែលនឹងកាលពីមួយឆ្នាំមុន ដោយសារតម្រូវការពីអ្នកទិញមានកម្រិតទាប។

នៅទីក្រុងស៊ីដនី តម្លៃផ្ទះបានធ្លាក់ចុះជិត ៩ភាគរយបើធៀបនឹងកម្រិតខ្ពស់បំផុតកាលពីខែកុម្ភៈ ដោយបច្ចុប្បន្នតម្លៃមធ្យមស្ថិតនៅប្រហែល ១,២ លានដុល្លារអូស្ត្រាលី។

នៅទីក្រុង Brisbane តម្លៃផ្ទះបានធ្លាក់ចុះ ១,៥% នៅក្នុងខែកញ្ញា ដែលជាការធ្លាក់ចុះប្រចាំខែខ្លាំងបំផុតក្នុងចំណោមទីក្រុងធំៗ។ តម្លៃផ្ទះនៅតាមទីក្រុងធំៗបានធ្លាក់ចុះ ១,២% ជាមធ្យម។

ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា អត្រាការប្រាក់ខ្ពស់ ការចំណាយខ្ពស់លើប្រាក់កម្ចីទិញផ្ទះ និងការផ្លាស់ប្តូរលើអត្ថប្រយោជន៍ពន្ធសម្រាប់ការវិនិយោគលើអចលនទ្រព្យ។

ធនាគារកណ្តាលអូស្ត្រាលីបានដំឡើងអត្រាការប្រាក់ចំនួន ១ ភាគរយនៅក្នុងឆ្នាំ ២០២៦ ដែលធ្វើឱ្យអត្រានេះកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ។

ក្រុមហ៊ុន Cotality បានឱ្យដឹងថា តម្លៃអចលនទ្រព្យនៅក្នុងតំបន់ជាយក្រុងនៃទីក្រុងធំៗនានាបានធ្លាក់ចុះចំនួន ៩៧% ក្នុងរយៈពេល ៣ ខែរហូតដល់ខែកញ្ញា។
ទោះបីជាមានផ្ទះសម្រាប់លក់ច្រើនយ៉ាងណាក្តី ក៏អ្នកទិញជាច្រើនមិនមានលទ្ធភាពទិញបានដែរ ដោយសារការចំណាយលើការរស់នៅ និងការចំណាយលើការខ្ចីប្រាក់មានកម្រិតខ្ពស់៕

តម្លៃ​ផ្ទះ​នៅ​ប្រទេសអង់គ្លេស​កើន​ឡើង​ក្នុង​អត្រា​យឺត​បំផុត​នៅ​ខែកញ្ញា​

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះប្រចាំឆ្នាំនៅប្រទេសអង់គ្លេសបានកើនឡើងក្នុងអត្រាយឺតបំផុតនៅខែកញ្ញា គិតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៥ ដែលជាសញ្ញាបង្ហាញថា ការចំណាយខ្ពស់លើការខ្ចីប្រាក់បណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ បានជះឥទ្ធិពលអវិជ្ជមានដល់តម្រូវការ។

ស្ថាប័នផ្តល់ប្រាក់កម្ចីទិញផ្ទះ Nationwide Building Society បានឱ្យដឹងថា តម្លៃផ្ទះបានកើនឡើង ០,៨ ភាគរយនៅក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាអត្រាកំណើនប្រចាំឆ្នាំដ៏ទាបបំផុតមួយ ហើយបានធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងការកើនឡើង ១,៦ ភាគរយនៅក្នុងខែសីហា។

កំណើននេះមានកម្រិតទាបជាងអត្រាកំណើនប្រចាំឆ្នាំ ១,៣ ភាគរយ ដែលត្រូវបានព្យាករណ៍នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ទៅលើក្រុមសេដ្ឋវិទូ។

លោក Robert Gardner ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន Nationwide Building Society បានមានប្រសាសន៍ថា៖ «សកម្មភាពទីផ្សារ និងតម្លៃផ្ទះនៅតែមានសភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា»។

លោកបន្តថា «ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែមានកម្រិតខ្ពស់ ដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានបង្កជាសម្ពាធធ្វើឱ្យតម្លៃថាមពលកើនឡើង និងបង្កើនក្តីបារម្ភអំពីអតិផរណា»។

លោកបានលើកឡើងថា ទោះបីជាមានសញ្ញាបង្ហាញថា ការកើនឡើងនៃតម្លៃថាមពលមិនបានជះឥទ្ធិពលដល់សម្ពាធតម្លៃជាមូលដ្ឋានយ៉ាងណាក្តី ប៉ុន្តែការរំពឹងទុករបស់វិនិយោគិនថា ធនាគារកណ្តាលអង់គ្លេស (Bank of England) នឹងដំឡើងអត្រាការប្រាក់កម្ចី បានបន្តដាក់សម្ពាធឱ្យអត្រាការប្រាក់កម្ចីទិញផ្ទះកើនឡើង។

ទីផ្សារហិរញ្ញវត្ថុរំពឹងថា ធនាគារកណ្តាលអង់គ្លេសនឹងដំឡើងអត្រាការប្រាក់គោលចំនួន ០,២៥ ភាគរយនៅខែវិច្ឆិកា ហើយទីផ្សារក៏បានគិតគូរទុកជាមុនរួចហើយអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀតនៅខែកុម្ភៈ ឆ្នាំ២០២៧។

លោកនាយករដ្ឋមន្ត្រី Andy Burnham បានប្រកាសពីកម្មវិធីកម្ចីថ្មីមួយ ដើម្បីជួយដល់អ្នកទិញផ្ទះលើកដំបូងឱ្យអាចមានលទ្ធភាពទិញផ្ទះបាន។ កម្មវិធីនេះនឹងបើកសម្រាប់អ្នកទិញផ្ទះដែលមានប្រាក់កក់ ២,៥ ភាគរយ និងផ្តល់ប្រាក់កម្ចីរហូតដល់ ២០ ភាគរយនៃតម្លៃអចលនទ្រព្យ៕

កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន​២៨​កំពុង​ចុះ​បញ្ជីរ​នៅ​ក្នុង​ផ្សារហ៊ុន​កម្ពុជា​

ដោយៈ ម៉ាណា

   ភ្នំពេញៈ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៦ មានក្រុមហ៊ុនចុះបញ្ជីទាំងអស់ចំនួន ២៨ ដែលចុះបញ្ជីទាំងផ្នែកមូលបត្រកម្មសិទ្ធិ និង​ផ្នែកមូលបត្របំណុល ដែលគិតជាសាច់ប្រាក់ប្រមូលបានប្រមាណ១ពាន់លានដុល្លារ។

អគ្គនាយកនៃ​និយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បាននិយាយ​ថា វិស័យមូលបត្រកម្ពុជា ត្រូវបានអភិវឌ្ឍស្របតាមអភិក្រមចំនួន ២ រួមមាន​ ១. ការប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់​ គឺអភិក្រមធ្វើបណ្ដើររៀនបណ្ដើរ ឆ្លងស្ទឹងស្ទាបថ្ម និងការចាប់យកនវានុវត្តន៍​បន្ថែម ក្នុងគោលដៅជំរុញនិងអនុវត្តវិស័យមូលបត្រ និង២. ការអនុវត្តបន្តតាមយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យមូលបត្រ ២០២៥-២០៣៥ ដែលទទួលបាននូវការអនុម័ត និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០២៥។

ជាមួយគ្នាលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យបានដឹងថា សមិទ្ធផលទាំង​អស់​នេះ​បង្ហាញថា អាណត្តិទី១ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំចាំបាច់ក្នុងការអភិវឌ្ឍស្ថាប័នតាមវិស័យនីមួយៗ ជាមួយនឹងការរីកចម្រើន ការធ្វើពិពិធកម្ម និងភាពប្រទាក់ក្រឡាកាន់តែខ្លាំង ដែលនេះទាមទារឱ្យ អ.ស.ហ. បន្តលើកកម្ពស់គុណភាពអភិបាលកិច្ច សមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពនៃយន្តការគ្រប់គ្រងឱ្យសមស្រប ទៅនឹងទំហំកម្រិតហានិភ័យ និងភាពស្មុគស្មាញកាន់តែខ្ពស់របស់វិស័យនេះ។

លោកបញ្ជាក់ថា “គុណភាព និងអភិបាលកិច្ចទិន្នន័យសមត្ថភាពក្នុងការតាមដាន វាយតម្លៃហានិភ័យ កិច្ចការពារអ្នកប្រើប្រាស់ និងការឆ្លើយបតទៅនឹងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាកិច្ចការត្រូវយកចិត្តទុកដាក់ និងពង្រឹកបន្ថែមក្នុងដំណាក់កាលបន្ទាប់”៕

ត្រីមាសទី៤ឆ្នាំនេះ​ ពេលវេលា​នៃ​ការ​ប្រែ​ប្រួល​អចលនទ្រព្យ​នៅ​ក្នុង​ទីផ្សារ​

ដោយៈ ចំណាន

   ភ្នំពេញៈ ទស្សនវិស័យអចលនទ្រព្យនៅកម្ពុជា នៅត្រីមាសទី ៤ ឆ្នាំ ២០២៦ គិតពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២៦ ស្ថានភាពទីផ្សារ ទស្សនៈរបស់អ្នកជំនាញ និងផលប៉ះពាល់ លើការវិនិយោគសម្រាប់ប្រទេសកម្ពុជា។

សំណួរដ៏សំខាន់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ គឺថាតើទីផ្សារអចលនទ្រព្យ នឹងផ្លាស់ប្តូរពីស្ថានភាពធ្លាក់ចុះយូរអង្វែង ទៅរកការងើបឡើងវិញជាបណ្តើរៗ ឬថាតើអ្នកទិញនឹងនៅតែមានការប្រុងប្រ​យ័ត្ន ដោយសារបញ្ហាធនធានហិរញ្ញវត្ថុក្នុងការទិញ សម្ពាធលើការទទួលបានហិរញ្ញប្បទាន និងអចលនទ្រព្យ ដែលនៅសេសសល់មិនទាន់លក់ចេញ។

ចំណុចសំខាន់គឺ អ្នកវិភាគលើកឡើងពីការត្រូវបែងចែកឱ្យដាច់រវាងការងើបឡើងវិញ នៃប្រតិបត្តិការទិញ-លក់ជាក់ស្តែង និងការកើនឡើងនៃតម្លៃដែលបានដាក់លក់ (តម្លៃតាមការផ្សព្វផ្សាយ)។ គម្រោងមួយចំនួនដែលទទួលបានជោគជ័យ ឬការប្រកាសអំពីហេដ្ឋារចនាសម្ព័ន្ធថ្មីៗ មិនមែ​នមានន័យថាទីផ្សារទាំងមូល កំពុងងើបឡើងវិញនោះទេ។

សម្រាប់ការវិភាគរបស់អ្នកលើទីផ្សារអចលនទ្រព្យកម្ពុជា រហូតដល់ឆ្នាំ ២០៣០ អ្នកជំនាញបានស្នើឱ្យពិនិត្យមើលផ្នែកសំខាន់ៗចំនួន ៤ ដោយឡែកពីគ្នា៖ លំនៅដ្ឋានដែលមានដី (ដូចជាផ្ទះល្វែង ឬវីឡា) ខុនដូ ដីសម្រាប់អភិវឌ្ឍន៍ និងអចលនទ្រព្យពាណិជ្ជកម្ម ឬឧស្សាហកម្ម៕