រដ្ឋាភិបាលគ្រោងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយជាមួយប្រទេសវៀតណាមនាពេលខាងមុខ

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីជំនាញបានរៀបចំសិក្ខាសាលា លើការរៀបចំគម្រោងផែនការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ព្រំដែនកម្ពុជា-វៀតណាម។

សិក្ខាសាលានេះ ដឹកនាំដោយលោកឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភាកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោក Yoo Han-Jun ទីប្រឹក្សាជាន់ខ្ពស់តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោងប្រមាណ៥០រូប។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងបង្ហាញពីការរៀបចំគម្រោងផែនការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (Establishment of Comprehensive Plan of Cross-Border Checkpoint Facility at International Border Trapeang Srae, Cambodia) ឋិតក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ព្រំដែនកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ របស់សាធា​រណរដ្ឋកូរ៉េ (ODA) ដែលត្រូវចំណាយពេលវេលា សម្រាប់សិក្សាលទ្ធភាពប្រមាណ២៤ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៤។

គម្រោងនេះ ផ្តោតលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ សំណង់បរិក្ខារ បម្រើឱ្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ ដែលក្នុងនោះរួមមាន ការិ​យាល័យអន្តោប្រវេសន៍ ការិយាល័យគ្រប់គ្រងច្រក អគារសម្រាប់ភ្ញៀវទេស​ចរណ៍ កន្លែងផលិតថាមពល អន្តេវាសិកដ្ឋាន និងទីធ្លាសម្រាប់កុងតឺន័រជាដើម។

លោកឈៀង ពេជ្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង ដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ ដែលបានប្តេជ្ញាចិត្តគាំទ្រក្នុងការអនុវត្តគម្រោងនេះ ដើម្បីរួមចំណែកលើ ការអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ភាគីកម្ពុជា និងកូរ៉េ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះនឹងរួមចំណែកបង្កើនទំហំពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា-វៀតណាមជាពិសេសច្រកទ្វារអន្តរជាតិត្រពាំងស្រែ ធ្វើឱ្យប្រសើរឡើងដល់ការប្រកួតប្រជែងតម្លៃនៃការដឹកជញ្ជូន ជំរុញការធ្វើទំនើបកម្មផ្នែកភ័ស្តុភាកម្ម ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ផងដែរ៕

តំបន់ការពារធនធានធម្មជាតិកើនឡើងដល់៧៦កន្លែងនិងគ្របដណ្តប់៤១ភាគរយនៃផ្ទៃដីកម្ពុជា

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសូងបរិស្ថាន លោកសាយ សំអាល់បានថ្លែងថា តំបន់ការពារធម្មជាតិ នៅទូទាំងប្រទេសកម្ពុជា បានកើនពី២៣កន្លែង នៅឆ្នាំ១៩៩៣ និងបច្ចុប្បន្នមានចំនួនដល់ទៅ៧៦កន្លែង គ្របដណ្ដប់លើផ្ទៃដីប្រមាណ៤១%នៃផ្ទៃដីប្រទេសកម្ពុជា។

លោកបានថ្លែងបែបនេះ ក្នុងពិធីធ្វើបថកឋាស្ដីពី ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ជូនដល់សិក្ខាកាមនៃក្រសួងការពារជាតិកាលពីថ្ងៃទី១២ តុលាកន្លងមកនេះ។

លោកសាយ សំអាល់បានបន្តថា ចំពោះការគ្រប់គ្រងធនធានធម្មជាតិ គឺត្រូវបានចាត់ទុកថា “ជាការងារយុទ្ធសាស្រ្ត ដែលមានតម្លៃជាសារវ័ន្តសម្រាប់ការរស់រាន ភាពសម្បូរបែប និងនិរន្តរភាពនៃជីវៈចម្រុះ(មនុស្ស សត្វ រុក្ខជាតិ។ល។)”។ លោកបន្តថា “ធនធនធម្មជាតិ ទាំងធនធានរូបសាស្ត្រ(ទឹក ដី ខ្យល់។ល។) និងធនធានជីវសាស្ត្រ(ព្រៃឈើ សត្វព្រៃ។ល។) បានផ្ដល់នូវអ្វីៗគ្រប់យ៉ាង មានដូចជាទីជម្រក ម្ហូបអាហារ ថ្នាំងព្យាបាលទឹកបរិភោគ និងខ្យល់ដកដង្ហើម។ ហេតុនេះ មនុស្សជាតិទាំងមូល មានភារកិច្ចរួមក្នុងការការពារ និងធានានិរន្តរភាពបរិស្ថាននិងធម្មជាតិ”។

ដើម្បីអនុវត្តការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ក្រសួងមានអគ្គនាយកដ្ឋានជំនាញចំនួន៦ ទី១ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទី២ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ទី៣ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ទី៤ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ទី៥អគ្គនាយក  ដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងទី៦អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ។

ក្នុងក្របខណ្ឌនៃកិច្ចគាំពារបរិស្ថាន ការងារចម្បងរបស់ក្រសួងបរិស្ថាន គឺការគ្រប់គ្រប់សំរាម សំណល់រឹងទីប្រជុំជន។ ក្រោមកិច្ចខិតខំប្រែង ការដាក់ចេញនូវក្របខណ្ឌច្បាប់ ផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងយន្តការច្បាស់លាស់ ស្ថានភាពនៃការគ្រប់គ្រងសំរាម មានភាពកាន់តែប្រសើរឡើង។ ធាតុស្នូលបីមិនអាចខ្វះបាន ដើម្បីទទួលបានជោគជ័យ និងធានាបាននិរន្តរភាពនៃការដោះស្រាយបញ្ហាសំរាមគឺ “ប្រព័ន្ធប្រមូលសំរាម ទីលានចាក់សំរាម និងថ្លៃសេវាប្រមូលសំរាម” ដែលត្រូវធ្វើក្នុងពេលព្រមគ្នា៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគសំណង់ក្នុងទំហំទឹកប្រាក់១៦៦២លានដុល្លារក្នុងរយៈពេល៨ខែ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាសេនាធិការ បានអនុម័តទុនវិនិយោគក្នុងវិស័យសំណង់ទំហំទឹកប្រាក់១៦៦២លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែឆ្នាំនេះ។

ក្នុងចំណោមទុនវិនិយោគទាំងនោះ គឺរដ្ឋាភិបាលបានចេញលិខិតអនុញ្ញាតសាងសង់ ដល់គម្រោងសរុបចំនួន២.៨១១​ ធ្លាក់ចុះ៩០គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ និន្នាការសង្គម-សេដ្ឋកិច្ចចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញឲ្យដឹងថា តម្លៃគម្រោងសាងសង់សរុប ១.៦៦២ លានដុល្លារ បានធ្លាក់ចុះ៥៦,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។​

របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមគំរោងទាំងនោះគម្រោងសាងសង់ប្រភេទសំណង់លំនៅដ្ឋាន រួមចំណែកធំជាងគេក្នុងចំណោមគម្រោងសាងសង់ ដែលទទួលបានការអនុញ្ញាត ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់។

ប្រភេទសំណង់លំនៅដ្ឋាន មាន២.៥២១គម្រោង ស្មើនឹង៨៩,៧ភាគរយ នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញផ្សាយក្នុងខែមករា កម្ពុជា បានអនុម័តគម្រោងចំនួន៤.៣០៣គម្រោង ក្នុងឆ្នាំ២០២១ និងមានតម្លៃជាង៥,៣ ពាន់លានដុល្លារ ធៀបនឹង៤៨៤១គម្រោង ដែលមានតម្លៃជាង៧,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០៕

សម្តេចតេជោនឹងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨នៅព្រឹកនេះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញនៅព្រឹកថ្ងៃទី១៣ តុលានេះ។

យោងតាមបណ្តាញតេឡេក្រាមរបស់សម្តេច ចេញផ្សាយកាលពីរាត្រីថ្ងៃទី១២ តុលាបានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័ន ក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន  អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

សម្តេចតេជោផ្តល់ទស្សនទានលើកិច្ចការសំខាន់ចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងបំផុសសក្ដានុពលសហគ្រិនស្ដ្រី

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានអាស៊ាន បានបានណែនាំឱ្យយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបំផុសសក្ដានុពលសហគ្រិនស្ដ្រី។

 

សម្តេចតេជោបានថ្លែងក្នុងឱកាសបើក កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២(2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូនៅវិមានសន្តិភាពនារៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២​នេះ។

 

ការដាក់ចេញនូវទិសអាទិភាពការងារចំនួន៤នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានមើលឃើញថា សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។

 

ម្យ៉ាងវិញទៀត ស្ត្រីភាគច្រើនចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឲ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់។

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ ក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្ត្រី និងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា យើងគួរពិនិត្យ និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖

 

ទី១៖ រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និងផ្នត់គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។

ទី២៖ ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ជំនាញ (Upskiling) និងបណ្ដុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និងក្មេងស្រី រួមទាំងកម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ។

ទី៣៖ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល សម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការផ្ដល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និងព័ត៌មាន ក្នុងការចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្ម ។

 

ទី៤៖ ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, វិធានការគោលនយោបាយនានាផ្នែកគាំពារសុខុមាភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំគ្រួសារ និងការងារផ្ទះរបស់ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និងសុខុមាលភាពសង្គម៕

សម្តេចតេជោ៖ កម្ពុជាកំណត់និងជំរុញការលើកតម្កើងស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានអាស៊ាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាកំណត់ និង ជំរុញការលើកតម្កើងស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

សម្តេចតេជោបានថ្លែងក្នុងឱកាសបើក កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២(2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូនៅវិមានសន្តិភាពនារៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២​នេះ។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យនិងគ្រប់កម្រិត គឺជាកិច្ចការចាំបាច់ ខណៈដែលនៅកម្ពុជា ស្ត្រីជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ៦១ភាគរយ នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងក្រខណ្ឌអាស៊ានពេលបច្ចុប្បន្ន និងអនាគត ស្ត្រីនឹងដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ៕

ក្រុមហ៊ុនលំដាប់អន្តរជាតិChestertonsរួមចំណែកពង្រឹងគុណភាពសេវាគ្រប់គ្រងអចលនទ្រព្យនៅកម្ពុជា

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សេវាកម្មទីផ្សារគ្រប់គ្រងអាគារ និងគំរោងអភិវឌ្ឍន៍អចលនទ្រព្យនានានៅកម្ពុជា បាននិងកំពុងពង្រឹង តាមរយៈការឈានជើងមកដល់​របស់ក្រុមហ៊ុនអន្តរជាតិChestertons Cambodia។

ជាមួយនឹងការពង្រីកវត្តមាន និងការឈានជើងចូលទីផ្សារ របស់ក្រុមហ៊ុនអចលនទ្រព្យលំដា​ប់ពិភពលោក បាននិងកំពុងធ្វើឲ្យទីផ្សារ និងវិស័យអចលនទ្រព្យកម្ពុជាកាន់តែទទួលបានទំនុកចិត្តបន្ថែមទៀត។

ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យអន្តរជាតិChestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាសបើកដំណើរការនៅកម្ពុជាកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា “កម្ពុជាជាទីផ្សារ”គន្លឹះរីកចម្រើនខ្លាំង” ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។

ក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានអាយុកាល២១៦ឆ្នាំនេះ បានឈានចូលក្នុងប្រតិបត្តិការទីផ្សារនៅកម្ពុជា ទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង១០០ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារច្រើនជាង​៥០នាក់ សម្រាប់ជំហានដំបូង ហើយត្រូវដឹកនាំដោយលោកជី មាត និងកញ្ញាសាម ចាន់ធូ ដើម្បីផ្តល់សេវាកម្មទាក់ទងនឹងអចល​នទ្រព្យលំនៅដ្ឋាននិងពាណិជ្ជកម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវាគ្រប់គ្រងអចលនទ្រព្យ ដូចជា​ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ​ សេវាកម្មគ្រប់គ្រងសម្ភារៈ​បរិក្ខារ​ និង​សេវាកម្មបរិក្ខារ​ផ្សេងៗ។

លោក Salah Mussa ប្រធានក្រុមហ៊ុនChestertonsនៅចក្រភព អង់គ្លេសបានបញ្ជាក់កាលពីពេលថ្មីៗនេះថា យើងមានសេចក្តីសោមនស្ស ក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជាក្រុមហ៊ុនមានការរីកធំធាត់ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេ នៃសមាជិក Franchiseរបស់យើង នឹងទទួលបានប្រយោជន៍ជាច្រើន ពីបណ្តាញដ៏ទូលំទូលាយ និងប្រកបដោយជំនាញរបស់យើង រួមទាំងប្រយោជន៍ពីម៉ាកយីហោក្រុមហ៊ុន Chestertons ដែលល្បីល្បាញកម្រិតអន្តរជាតិ។

លោក Salah Mussa អះអាងថា “ការផ្តោតជាសំខាន់របស់ក្រុមការងារលើសេវាកម្ម គ្រប់គ្រងអចលនទ្រព្យបង្ហាញពីជំនាញ និងធនធានសម្បូរបែបរបស់យើង”។លោកបន្តថា “ការដាក់គោលដៅខ្ពស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការងារ គឺជាគុណសម្បត្តិដ៏ល្អ ដើម្បីឲ្យយើងបំពេញការងារបានយ៉ាងប្រសើរ”។

លោកSalah Mussa បញ្ជាក់ថា នៅជាង១២ខែចុងក្រោយនេះ យើងបានបង្ហាញខ្លួន ដោយបើកដំណើរការទីផ្សារថ្មីចំនួន៧ ដែលគិតមកទល់ពេលនេះ យើងបើកដំណើរការចំនួន១៥ ប្រទេសជុំវិញពិភពលោក។ យើងនឹងមិនសម្រាកត្រឹមប៉ុនហ្នឹងទេ យើងសង្ឃឹមថានឹងបន្តដំណើរដ៏អស្ចា រ្យនេះដោយពង្រីកខ្លួនបន្តទៀត ទៅកាន់ពិភពលោកនៅឆ្នាំ ២០២២ និងឆ្នាំក្រោយៗទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ក្រុមហ៊ុនអច​លនទ្រព្យ Chestertons បានបង្ហាញពីផែនការបន្ទាប់នៃការពង្រីកខ្លួន ដោយដាក់ការិយាល័យថ្មីៗ បន្ថែមទៀតនៅតំបន់អាស៊ី និងពង្រឹងប្រតិបត្តិការសេវាអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានស្រាប់នៅទីក្រុងឌូបៃ ដែលជាទីក្រុងពាណិជ្ជកម្មនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

ក្រុម​ហ៊ុន Chestertons មាន​ប្រតិបត្តិការជាសកលនៅក្នុងទ្វីបចំនួន៥ មកពីចក្រភពអង់គ្លេស អឺរ៉ុប ការាបៀន អាហ្រ្វិក និងអាស៊ី។ ដោយ​សារ​តែ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ នៃ​វិស័យ​អចលនទ្រព្យ Chestertons បាន​ពង្រីក​សេវា​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​ខ្លួន ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា៕

កម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារអាមេរិកពីប្រេងឆៅជិត ៣០ម៉ឺនបារ៉ែលដែលត្រូវបានលួច

ដោយៈ សុផារី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រោយការបែងចែកចំណូល ពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលកប៉ាល់ MT Strovolos លួចយកទៅកាលពីជាងមួយឆ្នាំមុន ពេលនេះកម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ។

រាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកានេះ ធ្វើជាដើមទុនសម្រាប់បន្តដំណើរការផលិតប្រេង ដែលនៅសល់ជាង១០ម៉ឺនបារ៉ែលក្នុងប្លុក A និងខួងអណ្តូងបន្ថែមទៀត។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តាមរយៈ Facebook បានគូសបញ្ជាក់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះថា ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២កន្លងនេះ ដោយប្រេងឆៅរបស់កម្ពុជា ដែលបូមចេញពីប្លុក A ក្នុងដែនសមុទ្រកម្ពុជា មានចំនួនជាង២៨ម៉ឺនបារ៉ែល លក់បានក្នុងតម្លៃសរុបជាង២៥លានដុល្លារអាមេរិក ក្នុងតម្លៃ៨៩,៨៦៧ដុល្លារធុងបារ៉ែល ដោយគិតតាមមធ្យមភាគថ្លៃប្រចាំខែកញ្ញា។

លោកបន្តថា “ក្រោយការកាត់កងការចំណាយផ្សេងៗ និងបែងចែកជាមួយភាគីពាក់ព័ន្ធ កម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ក្នុងចំណែ​ក៧០% ពីការលក់ប្រេងជិត៣០ម៉ឺនបារ៉ែលនេះ”។លោកបន្តថា “ចំណូលទាំងនេះ កម្ពុជាត្រូវចំណាយលើថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេងអស់ ចំនួនជាង៣លាន២សែនដុល្លារ និងចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរ និងសេវាជំនាញការអន្តរជាតិផ្សេងៗជាង១លាន៧សែនដុល្លារ”។

លោកម៉េង ស័ក្តិធារ៉ាបានបញ្ជាក់ថា ក្រៅពីចំណែកសាច់ប្រាក់ដែលរដ្ឋបានទទួលពីការលក់ប្រេងឆៅខាងលើ ភាគីរដ្ឋាភិបាលទទួលបានបន្ថែម រួមមាន ចំណូលថវិកា៥លានដុល្លារអាមេរិក ពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធន និងស្ថាបនភ័ណ្ឌ និងកប៉ាល់ផលិតកម្មប្រេង ដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វម A នៅប្លុក A នាពេលបច្ចុប្បន្ននេះ៕

 

លោកបានសរសេរថា “បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។ ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ តាមរយៈការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សារការពារបាននូវកម្មសិទ្ធិ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា បានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ”។

 

លោកបញ្ជាក់ថា បើទោះបីជា KrisEnergy បានក្ស័យធន និងបញ្ឈប់ការបូមពីដែនសមុទ្រកម្ពុជាក៏ដោយ ប៉ុន្តែដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុននេះនោះទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូង ដែលបានពីការលក់ប្រេងនេះ រាជរដ្ឋាភិបាលអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំប្រមាណជាង ១០ម៉ឺនបារែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត៕

ស្ពានយោងដោយខ្សែកាបឆ្លងកាត់ទន្លេរសាប ក្នុងខណ្ឌឬស្សីកែវគ្រោងបញ្ចប់ការសាងសង់នៅដើមត្រីមាសទី២ឆ្នាំក្រោយ

ដោយៈ សុផារី

ភ្នំពេញៈ ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេសាប ក្នុងខណ្ឌឬស្សីកែវ សម្រេចបាន៧៥ភាគរយ និងស្ពានអាកាសផ្លូវជាតិលេខ៥ ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្រេចបាន៤០ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់ នៅខែមេសា ឆ្នាំ២០២៣។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១២ ខែតុលានេះថា ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ គ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៣។ ក្នុងនោះ ស្ពានឆ្លងទន្លេឬស្សីកែវ សម្រេចបាន៧៥ភាគរយ និងស្ពានអាកាសផ្លូវជាតិលេខ៥ឬស្សីកែវ ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្រេចបាន៤០ភាគរយ។

លោកបានបន្តថា ស្ពានទាំងពីរនេះ នឹងជួយសម្រួលចរាចរណ៍ទៅមកពីភ្នំពេញ និងតំបន់ជ្រោយចង្វារ ហើយអាចជួយកាត់បន្ថយចរាចរណ៍នៅស្ពានជ្រោយចង្វារប្រមាណ៤០ភាគរយ ខណៈការកកស្ទះចរាចរណ៍នៅត្រង់ចំណុចប្រសព្វរវាងស្ពានដែកបាឡេ និងផ្លូវជាតិលេខ៥ ទិសដៅឆ្ពោះទៅគីឡូម៉ែត្រលេខ៩ ដោយសារទទឹងផ្លូវរួមតូច និងជាចំណុចប្រសព្វគ្នា។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅចំណុចប្រសព្វផ្លូវជាតិលេខ៥ នឹងត្រូវពង្រីកទទឹងផ្លូវបន្ថែមប្រហែល១,៥ម៉ែត្រទៀតលើផ្លូវបច្ចុប្បន្ន មានទទឹងសរុប៦គីឡូម៉ែត្រ។ នៅពេលដែលដំឡើងសសរស្ពានរួច នៅក្នុងរយៈពេលប្រមាណ១ខែខាងមុខទៀត ការកកស្ទះនៅចំណុចនោះនឹងត្រូវបានកាត់បន្ថយ។

លោកបន្ថែមថា អ្នកជំនាញកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់បង្ហើយគន្លងផ្លូវប៉ែកខាងលិច នៃផ្លូវជាតិលេខ៥ ចាប់ពីផ្លូវសាលាយោធា កែងនឹងរបងដីឯកជន ឆ្ពោះទៅទិសស្ពានជ្រោយចង្វារ ដែលការសាងសង់ផ្លូវនេះ នឹងបើកឲ្យដំណើរការជាបណ្តោះអាសន្ន នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២២។

យោងតាមផែនការ តំបន់ការដ្ឋានស្ពានអាកាសផ្លូវជាតិលេខ៥ នៅរយៈពេលប្រហែលមួយខែទៀត ការកកស្ទះនឹងត្រូវកាត់បន្ថយ។ ជាដំបូងត្រូវរៀបចំដំឡើងស្ពានអាកាសពាក់កណ្តាល គន្លងប៉ែកខាងកើត រួចដាក់ឲ្យដំណើរការ ទន្ទឹមនឹងនោះនឹងមានការរៀបចំសាងសង់ ផ្លូវក្រោមស្ពានផ្ទាល់ដីផងដែរ៕

 

យល់ពីតម្រូវការ និងបំពេញតាមការចង់បានរបស់អតិថិជនបានធ្វើឲ្យ បុរីវិមានសំណាងឆ្ពោះទៅមុខ

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ផ្តើមចេញពីភ្នាក់ងារអចលនទ្រព្យសាមញ្ញមួយរូប លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិការបុរីវិមានសំណាង បានជួបជាមួយអតិថិជនជាច្រើន និងបានស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេ។

ជាមួយនឹងក្តីសុបិន ក្នុងការក្លាយជាអ្នកអភិវឌ្ឍន៍មួយរូប កាលពីអតីតកាល នៅទីបំផុតលោកជំទាវឧកញ៉ាគង់ សំណាងសម្រេចបានតាមក្តីសុបិនរបស់ខ្លូនកាលពីឆ្នាំ២០២១ ដោយលោកជំទាវនិងស្វាមី គឺលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានអភិវឌ្ឍន៍បុរីជាលើកទី១ គឺបុរីKS Residences ដែលមានទីតាំង នៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាល។

ជាបុរីមួយផ្តោតលើអ្នកមានជីវភាពមធ្យម KS Residencesទទួលបានជោគជជ័យ និងគាំទ្រពីអតិថិជនយ៉ាងច្រើន។

ជាមួយនឹងចំណង់ចំណូលចិត្ត និងសិក្សាពីទស្សនវិស័យ និងផែនការអភិវឌ្ឍន៍ ព្រមទាំងតម្រូវការរបស់អតិថិជន ទីបំផុតលោកជំទាវឧកញ៉ាគង់ សំណាង និងស្វាមីបានចាប់ផ្តើមបុរីវិមានសំណាង “ជាបុរីដែលផ្តោតលើអ្នកមានជីវភាពធូរធារឬអ្នកមាន”កាលពីចុងឆ្នាំ២០២១។

លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារលោកជំទាវ និងស្វាមីបានធ្វើការក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យ រយៈពេលយូរឆ្នាំមកហើយ បានធ្វើឲ្យលោកជំទាវសិក្សា និងយល់ដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជនថា ពួកគេត្រូវការផ្ទះប្រភេទណា និងមានរសនិយមបែបណាក្នុងការរស់នៅ។

លោកជំទាវបន្តថា “ឆ្លើយតបនឹងចំណង់ចំណូលចិត្ត និងស្គាល់ពីរសនិយមអតិថិជននេះ ទើបខ្ញុំវិនិយោគបុរីវិមានសំណាងឡើង ដោយផ្តោតលើអ្នកមានជីវភាពខ្ពស់”។ លោកជំទាវបន្តថា “នៅកម្ពុជាចំនួនអ្នកមានទ្រព្យច្រើនបានកើនឡើងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីកចម្រើន​សេដ្ឋកិច្ច និងការដឹកនាំប្រទេសបានល្អពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា៛”។

មូលដ្ឋានចំណេះដឹង និងការច្នៃប្រឌិត បានធ្វើឲ្យបុរីវិមានសំណាងមានភាពលេចធ្លោលើប្លង់ស្ថាបត្យកម្ម។

លោកជំទាវឧកញ៉ាគង់ សំណាងបានបន្តថា “ខ្ញុំមិនធ្លាប់បានរៀនសូត្រផ្នែកស្ថាបត្យកម្មនោះទេ ប៉ុន្តែការសិក្សានិងស្វែងយល់បានធ្វើឲ្យខ្ញុំអាចចូលរួមជាគំនិត ជាមួយស្ថាបត្យករគូរប្លង់បុរីវិមានសំណាង ដើម្បីទទួលបាន​រចនាបទផ្ទះមួយ ដែលមានភាពទាក់ទាញនិងក្លាសិក”។

លោកជំទាវបានលើកឡើងថា លំនៅដ្ឋានិមួយៗនៃបុរីវិមានសំណាងបានសាងសង់ឡើងចំណាយប្រាក់ច្រើន លើសពីបុរីនិងម៉ូតវីឡាផ្សេងៗប្រមាណ៣០ភាគរយ ដោយសារម៉ូតរបស់យើងមានភាពរសរវើក ផ្ទះនិមួយ​ៗ​សាងសង់ឡើងដោយប្រើឥដ្ឋ២០ មានបង្អួចធំៗដែលផ្តល់បរិយាកាសរស់នៅប្រកបដោយផាសុខភាព ពិសេសធ្វើឲ្យខ្យល់ និងពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដែលអាចជួយសន្សំសំចៃអគ្គិសនី និងសម្របបាននឹងលក្ខខ័ណ្ឌនៃការប្រែប្រួលអាកាសធាតុបានយ៉ាងប្រសើរ៕