នាយករដ្ឋមន្ត្រីចិន អំពាវនាវឲ្យចិននិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច

ដោយ: លាងហួរ

ប៉េកាំង: នាយករដ្ឋមន្ត្រីចិនលោកលីខឺឈាង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងពហុកម្រិត។

ប្រទេសចិនស្វាគមន៍សហគមន៍ធុរកិច្ចជប៉ុន ដើម្បីបន្តចាប់យកឱកា​សអភិវឌ្ឍន៍ និងពង្រីកវត្តមានរបស់ខ្លួនយ៉ាងសកម្ម នៅក្នុងទីផ្សារប្រទេសចិន ដើម្បីសម្រេចបានលទ្ធផលឈ្នះ ឈ្នះ។

លោកលី ខឺឈាង បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចសន្ទនាតាមវីដេអូកម្រិតខ្ពស់ ជាមួយតំណាងសហគមន៍ធុរកិច្ចជប៉ុន។  លោកបានផ្លាស់ប្តូរទស្សនៈ ជាមួយអ្នកតំណាងលើប្រធានបទជាច្រើន រួមទាំងទំនាក់ទំនងចិន-ជប៉ុន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាប្រឈមសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ការប្រែប្រួលអាកាសធាតុ និងប្រជាជនវ័យចំណាស់។

ប្រទេសចិន និងជប៉ុននឹងប្រារព្ធខួបលើកទី៥០ នៃការធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតា ក្នុងរយៈពេលពីរបីថ្ងៃទៀតនោះ លោក លីខឺឈាង បាននិយាយថា ប្រទេសចិន និងជប៉ុន គឺជាអ្នកជិតខាងដ៏សំខាន់ និងជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរ និងទីបីរបស់ពិភពលោក។

ការរក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេរភាគី បានបម្រើផលប្រយោជន៍របស់ភាគីទាំងពីរ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

Home prices poised to fall in Hong Kong, Australia, Canada, France and the US as global central banks raise interest rates

 

  • Home prices may decline by 12 per cent in Canada, 9 per cent in France and 3 per cent in the United States over the next two years, Goldman Sachs said
  • Hong Kong home prices will fall by as much as 8 per cent, while transactions are likely to slump by 35 per cent for the whole year, said Cushman & Wakefield
  • Farrah Gutierrez, a 45-year-old working mother of two, and her husband Angelo Gutierrez wanted to purchase a home in Vancouver, after moving from Winnipeg.
  • The Philippine native and her family settled in Canadain 2018, but initially lived in Winnipeg for three years before deciding that Vancouver was a better fit for the family. Their timing, however, was not ideal.

  • “In Winnipeg, we could buy a decent home for C$300,000 (US$227,406), but here in Vancouver a similar property would cost us C$1.7 million. With mortgage rates rising plus inflation, we need time to realise our dream of owning a home,” she said.
  • Gutierrez is not alone. Across the world, monetary authorities are confronting rising consumer prices by raising interest rates, constricting consumers’ ability to make purchases, including those involving homes, to cool prices.
  • While the effects have been uneven so far, that is unlikely to last as monetary policies continue to tighten. It is just a matter of time before more housing markets start to see declining prices, agents and analysts said.
  • Lower transaction numbers do not bode well for home prices, as a 10 percentage-point slowdown in sales tends to be followed by a 2 percentage-point decline in home prices in around six months, according to a report released in June by Goldman Sachs.
  • In the second half of the year, the investment bank said prime residential capital values across 30 cities it monitors in major markets are likely to grow 2.2 per cent, slower than the 2.4 per cent recorded in the first half. But a peak-to-trough decline of 12 per cent in Canada, 9 per cent in France and 3 per cent in the United States is likely over the next two years, it added.
  • Indeed, prices in some countries have started to cool as central banks step up the pace of rate increases.

 

តម្លៃផ្ទះក្នុងប្រទេសជាច្រើនទូទាំងពិភពលោកធ្លាក់ចុះខ្លាំង ខណៈបណ្ដាធនាគារកណ្ដាលដំឡើងអត្រាការប្រាក់

ដោយៈ សុខុម

ហុងកុង: ស្ត្រីកូនពីរឈ្មោះ Farrah Gutierrez វ័យ៤៥ឆ្នាំ និងស្វាមីរបស់គាត់ឈ្មោះ Angelo Gutierrez មានបំណងទិញផ្ទះនៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា បន្ទាប់ពីផ្លាស់ចេញពីទីក្រុង Winnipeg ប្រទេសនេះ។

ស្ត្រីដែលមានដើមកំណើតហ្វីលីពីន រូបនេះ និងគ្រួសាររបស់គាត់បានតាំងទីលំនៅ ក្នុងប្រទេសកាណាដា ក្នុងឆ្នាំ២០១៨។ ដំបូងឡើយគ្រួសារគាត់បានរស់នៅក្នុងទីក្រុងWinnipeg អស់រយៈពេល៣ឆ្នាំ មុនពេលសម្រេចចិត្ត ផ្លាស់មករស់នៅក្នុងទីក្រុង Vancouver ដោយគិតថាវានឹងល្អប្រសើរសម្រាប់គ្រួសាររបស់គាត់។

ទោះជាយ៉ាងណា ពេលវេលាមិនស័ក្ដិសម ហើយបានធ្វើឱ្យពួកគាត់ខកបំណង។

ស្ត្រីរូបនេះនិយាយថា “នៅក្រុង Winnipeg យើងអាចទិញផ្ទះសមរម្យមួយ ក្នុងតម្លៃប្រមាណជាង២២៧.០០០ដុល្លារអាមេរិក ប៉ុន្តែនៅទីនេះក្នុងទីក្រុងVancouver ផ្ទះប្រហាក់ប្រហែលគ្នា មានតម្លៃរហូតដល់ទៅប្រមា​ណ១,២៦លានដុល្លារអាមេរិកឯណោះ។ ដោយសារអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះកើនឡើង គួបផ្សំជាមួយនឹងអតិផរណាហក់ឡើង យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រេចក្តីសុបិនរបស់យើង ក្នុងការមានផ្ទះមួយផ្ទាល់ខ្លួន”។

ស្ថានភាពបែបនេះ មិនមែនកើតឡើងតែទៅលើអ្នកស្រី Farrah Gutierrez និងគ្រួសាររបស់គាត់នោះឡើយ។ នៅទូទាំងពិភពលោក អាជ្ញាធររូបិយវត្ថុ កំពុងប្រឈមមុខដោះស្រាយបញ្ហា ទំនិញប្រើប្រាស់ហក់ឡើងថ្លៃដោយសារការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនសូវមានលទ្ធភាពទិញដូចមុន រួមទាំងអ្នកទិញផ្ទះផងដែរ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី២១ ខែកញ្ញា។

ធនាគារវិនិយោគដ៏ធំ Goldman Sachs និយាយថា នៅក្នុងឆមាសទី២ ចុងឆ្នាំ២០២២ តម្លៃមូលធនអចលនទ្រព្យប្រភេទលំនៅដ្ឋាន ក្នុងទីក្រុងចំនួន៣០ ដែលខ្លួនឃ្លាំមើលនៅក្នុងទីផ្សារសំខាន់ៗ ទំនងជាកើនឡើង២,២% បើធៀបនឹងអត្រា២,៤%ក្នុងឆមាសទី១។

ទោះជាយ៉ាងណា ធនាគារនេះបានព្យាករថា តម្លៃផ្ទះនៅប្រទេសធំៗមួយចំនួននឹងធ្លាក់ចុះខ្លាំង តួយ៉ាងនៅក្នុងប្រទេសកាណាដា នឹងធ្លាក់ចុះរហូតដល់ទៅ១២% នៅក្នុងប្រទេសបារាំង នឹងធ្លាក់ចុះ៩% ហើយនៅសហរដ្ឋអាមេរិក នឹងធ្លាក់៣%នៅរយៈពេល២ឆ្នាំខាងមុខ។

ទន្ទឹមនេះ តម្លៃផ្ទះនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ក៏បានធ្លាក់ចុះផងដែរ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា តម្លៃផ្ទះជាមធ្យម នៅក្នុងប្រទេសនូវែលសេឡង់ បានធ្លាក់ចុះ៥,៩%ក្នុងខែសីហា ធៀបនឹងឆ្នាំមុន។

លើសពីនេះ ក្រុមហ៊ុនអចលនទ្រព្យ Cushman & Wakefield បានព្យាករថា តម្លៃផ្ទះនៅហុងកុង នឹងធ្លាក់ចុះរហូតដល់ទៅ៨% ខណៈប្រតិបត្តិការទិញ លក់ ទំនងជាដាំក្បាលចុះខ្លាំង រហូតដល់ទៅ៣៥%សម្រាប់ឆ្នាំ២០២២ ទាំងមូល។

ទន្ទឹមនឹងនេះដែរ ការប៉ាន់ប្រមាណបឋមអំពី តម្លៃសរុបនៃផ្ទះនៅប្រទេសអូស្ត្រាលី ក្នុងត្រីមាសគិតត្រឹមខែមិថុនា បានធ្លាក់ចុះ១,៦% បើធៀបនឹងត្រីមាសមុន។ យោងតាមការិយាល័យស្ថិតិអូស្ត្រាលី បង្ហាញថា នេះគឺជាការធ្លាក់ចុះប្រចាំត្រីមាសដំបូង ក្នុងរយៈពេល២ឆ្នាំមកនេះ។

ការធ្លាក់ចុះតម្លៃផ្ទះនេះកើតមានឡើង បន្ទាប់ពីធនាគារកណ្ដាលដំឡើងអត្រាការប្រាក់។ ធនាគារកណ្ដាលអូស្ត្រាលី បានចាប់ផ្តើមដំឡើងអត្រាការប្រាក់ក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ដោយលើកចុងក្រោយបានដំឡើងកន្លះពិន្ទុឈានដល់២,៣៥%ក្នុងខែនេះ។

ទន្ទឹមនេះ ធនាគារកណ្ដាលនៃប្រទេសនូវែលសេឡង់ ក៏បានដំឡើងអត្រាការប្រាក់ចំនួន៥ដងដែរក្នុងឆ្នាំនេះ ដោយធ្វើឱ្យអត្រាការប្រាក់ឡើងដល់៣%៕ South China Morning Post៕

ជាមោទនភាព នៅក្នុងប្រទេសបង់ក្លាដែសមានផ្លូវមួយខ្សែដាក់ព្រះនាមព្រះករុណាសម្ដេចឪ នរោត្តម សីហនុ

ដោយ៖ សុផារី

សហរដ្ឋអាមេរិក៖ ជាមោទនភាព នៅក្នុងប្រទេសបង់ក្លាដែស មានការសាងសង់ផ្លូវមួយខ្សែ ដោយមានការដាក់ព្រះនាមព្រះករុណា សម្ដេចឪ នរោត្តម សីហនុ ហើយកម្ពុជានឹងសាងសង់ផ្លូវមួយខ្សែ ដោយដាក់ឈ្មោះ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសផងដែរ។

នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកជំទាវ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយ ដែលដាក់ព្រះនាមព្រះករុណា សម្ដេចឪ នរោត្តម សីហនុ នៅប្រទេសបង់ក្លាដែស ហើយកម្ពុជា នឹងដាក់ឈ្មោះផ្លូវការផ្ដល់កិត្តិយសដល់ឪពុករបស់លោកជំទាវ ដែលចាត់ទុកជាបិតាស្ថាបនិករបស់ប្រទេសបង់ក្លាដែស ជាប្រធានាធិបតីទី១ និងក្រោយមកក្លាយជានាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ហ៊ុន សែនក៏បានអបអរសាទរ ដែលបង់ក្លាដែស ដែសមានការសាងសង់ស្ពានមួយយ៉ាងវែង ក្រោមការដឹកនាំរបស់លោកជំទាវផ្ទាល់ ដែលឈ្មោះស្ពាន ផាត់ម៉ា ដែលមានប្រវែងជាង៦គីឡូម៉ែត្រ អាចប្រើបានទាំងរថយន្ត និងរថភ្លើង ហើយប្រើថវិការបស់ប្រទេសបង់ក្លាដែស ដែសសុទ្ធសាធ។

វិថីឈ្មោះ Park Road ដែលស្ថិតនៅតំបន់ការទូត Baridhara ក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដែស ត្រូវបានប្តូរទៅជា “King Norodom Sihanouk Road” ហើយត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក។

ប្រទេសកម្ពុជា និងបង់ក្លាដេស បានភ្ជាប់ទំនាក់ទំនងគ្នានៅឆ្នាំ១៩៧៣។ ជាទំនាក់ទំនងដែលបង្កើតឡើងដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតប្រមុខរដ្ឋកម្ពុជា និងអតីតប្រធានាធិបតីបង់ក្លាដេស លោក សេក្ខ មូជីបួរ រ៉ាម៉ាន់។ ចំណែកប្រទេសកម្ពុជា ក៏បានសម្រេចដាក់ឈ្មោះ លោក Bangabandhu SHEIKH MUJIB បិតាជាតិ របស់បង់ក្លាដេស លើវិថីមួយខ្សែ នៅរាជធានីភ្នំពេញផងដែរ៕

កម្ពុជាស្នើបង់ក្លាដែសបង្កើនការនាំចេញអង្ករបន្ថែម ព្រមទាំងជំរុញឱ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីរវាងប្រទេសទាំងពីរ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញក្រុមហ៊ុនបង់ក្លាដែស មកកាន់កម្ពុជា ដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្ករ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។ ជាពិសេស សម្តេចបានស្នើឱ្យជំរុញឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណលោកស្រី ដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លង។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដែស ដែលបានផ្ដលវ៉ាក់សាំង covid ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន១លានដូសកន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅ ក៏មានការចរចាក្នុងការទិញប្រមាណជា២០ម៉ឺនតោន ពីប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសម្ដេចចង់បានក្នុងកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណា ដើម្បីឲ្យមានការនាំអង្ករពីប្រទេសកម្ពុជា ទៅកាន់បង់ក្លាដែស ឲ្យមានស្ថេរភាព ជាពិសេស បានអញ្ជើញក្រុមហ៊ុនរបស់បង់ មកកាន់កម្ពុជា ដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្ករ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។

ជាការឆ្លើយតប លោកស្រីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកជំទាវ បានស្នើឲ្យវិស័យឯកជនទៅវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។

លោកស្រីបានជម្រាបសម្តេចតេជោថា បង់ក្លាដែសមានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។

តាមរយៈនេះ លោកស្រីមានប្រសាសន៍ថា យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឲ្យកាន់តែច្រើន។

លោកស្រី ក៏មានបំណងចង់ជំរុញឲ្យកិច្ចព្រមព្រៀងទីផ្សារសេរី ប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើនឱកាសបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាការចាំបាច់ ដែលយើងអាចចាប់ផ្ដើមការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន ជាមួយនឹងកូរ៉េផងដែរ។

សម្តេចតេជោបន្តថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺយើងអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីររបស់យើង ដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕

ប្រជាពលរដ្ឋកម្ពុជាជាង២លានគ្រួសារកំពុងកាន់កាប់ដីកសិកម្ម ជាលក្ខណៈគ្រួសារ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា​ជាង​២ ​លាន​គ្រួសា​រ ឬ​ប្រហែល​៥៧ភាគ​រយ​ នៃ​គ្រួសារ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​កាន់​កាប់​កសិក​ម្ម​លក្ខណៈ​គ្រួសារ​។​

ជាមួយគ្នានេះ ក្រសួង​ផែន​ការ ​នឹង​ប្រកាស​លទ្ធផល​អង្កេត​កសិក​ម្ម​ឆ្នាំ​ ២០២១​ នៅ​ដើម​ឆ្នាំ​ក្រោយ​ស្របពេល ​ក្រុម​ការងារ​នឹង​ចាប់​ផ្តើម​ធ្វើ​អង្កេត​កសិកម្ម​ឆ្នាំ​២០២២​ នៅ​ដើម​ខែ​តុលា​ឆ្នាំ​នេះ។

កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ​រាជរដ្ឋា​ភិ​បាល​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​អង្កេត​កសិកម្ម​ឆ្នាំ​២០២០​ ដើម្បី​ផ្សព្វ​ផ្សាយ​លទ្ធផល​អង្កេត​កសិកម្ម​ស្ថិត​ក្រោម​គំនិត​ផ្តួច​ផ្តើម៥០x​២០៣០​ ដើម្បី​លុប​បំបាត់​គម្លាត​ទិន្ន​ន័យ​កសិ​កម្ម​នៅក្នុង​ប្រទេស ​ដែល​មាន​ចំណូល​ទាប ​និង​មធ្យម​កម្រិត​ទាប​។

​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២០​ ត្រូវ​បាន​ធ្វើឡើង​រួម​គ្នា​ ដោយ​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ (NIS)នៃ​ក្រសួង​ផែន​ការ ​(MoP) សហ​ការ​ជាមួយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ (MAFF) ដោយ​មាន​ការ​គាំទ្រ​បច្ចេក​ទេស​ពី​អង្គការ​ស្បៀង និង​កសិ​កម្ម​នៃ​សហ​ប្រជា​ជាតិ ​(FAO)​។​

រដ្ឋមន្រ្តីក្រសួងផែនការ លោក​ ឆាយ ​ថន ​​បាន​ថ្លែង​ថា គ្រួសារ​កាន់​កាប់​ទាំង​នោះ​ត្រូវ​បាន​បែង​ចែក​ជា​​៤ តំបន់​ភូមិ​សាស្ត្រ ដូចជា ​តំបន់​វាល​ទំនាប​មាន ​៤៣ ភាគ​រយ ​តំបន់​បឹង​ទន្លេ​សាប​មាន​៣៥ ភាគ​រយ ​តំបន់​ខ្ពង់រាប​មាន​ ១៥​ភាគ​រយ​ និង​តំបន់​សមុទ្រ​មាន៧ភាគ​រយ​។

លោក​បន្ថែម​ថា ​គ្រួសារ​កាន់​កាប់​កសិក​ម្ម​ទាំង​នោះ គឺ​មាន​គ្រួសារ​ដែល​ធ្វើ​កសិកម្ម ​សម្រាប់​ហូប​ក្នុង​គ្រួសារ​មាន​ប្រមាណ​៦១​ភាគ​រយ ​និង​គ្រួសារ​ធ្វើ​កសិកម្ម​ សម្រាប់​លក់​លើ​ទីផ្សារ​មាន​ប្រមាណ​៣៩ភាគ​រយ​។​

លោកឆាយ ថន បាន​ឱ្យ​ដឹង​ទៀតថា ក្នុង​ចំណោម​គ្រួសារ​កសិកម្ម​ទាំងអស់​នៅកម្ពុ​ជា មាន​ប្រមាណ​៩៤​ភាគរយ បាន​រាយ​កាណ៍​ពី​សកម្ម​ភាព​ដាំ​ដំណាំ ​ខណៈ​៨២​ភាគរយ​នៃ​គ្រួសារ​កសិកម្ម​ទាំង​អស់ ​បាន​រាយការណ៍​ពី​កា​រចិញ្ចឹម​ បសុសត្វ ប​សុ​បក្សី ឬ​សត្វ​ល្អិត​និង​មាន​ប្រហែល​២៧​ភាគ​រយ​ នៃ​គ្រួសារ​កសិកម្ម ​បាន​ចូលរួម​ក្នុង​សកម្ម​ភាព​នេសាទ​ និង​៦​ភាគ​រយ​មាន​សកម្ម​ភាព​ពាក់​ព័ន្ធ​នឹង​វារី​វប្ប​កម្ម​។​

លោក​បាន​បញ្ជាក់​ថា​ លទ្ធផល​នៃ​ការ​អ​ង្កេត​កសិកម្ម​ឆ្នាំ​ ២០២០​ នេះ គឺជា​របាយ​ការណ៍​លើក​ទី​២ ដែល​ត្រូវបាន​ផ្សព្វ​ផ្សាយ ​បន្ទាប់ពី​របាយ​ការណ៍​ល​ទ្ធ​ផល​អ​ង្កេត​ជំរឿន​កសិ​កម្ម​ឆ្នាំ២០១៩ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​ឆ្នាំ ​២០២១​ បន្ទាប់​ពី​មាន​ជំរឿន​កសិកម្ម​លើក​ទី​១​ កាល​ឆ្នាំ​២០១៣ ​ក្នុង​គោល​បំណង​ធ្វើ​បច្ចុប្បន្ន​ភាព​ ប្រចាំឆ្នាំ​នូវ​ទិន្នន័យ​ជំរឿន​គោល ​ដើម្បី​ចង់​ក្រង​ស្ថិតិ​កសិកម្ម​។​

​លោក​ស្រី​ ហង់ លី​ណា ប្រតិ​ភូ​រាជរដ្ឋាភិ​បាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គ​នាយក​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែន​ការ​បានមានប្រសាសន៍ថា ចាប់​តាំងពី​ឆ្នាំ​២០១៩ ​មក ក្រសួង​ផែន​ការបាន​ធ្វើការ​អង្កេត​កសិក​ម្ម​ ជា​រៀង​រាល់​ឆ្នាំ ហើយ​លទ្ធផល​នៃ​ការ​ធ្វើ​អង្កេត​នេះ ​ត្រូវបាន​ផ្សព្វ​ផ្សាយ​ជា​បន្ត​បន្ទាប់​។​

លោក​ស្រី​បញ្ជាក់​ថា ​នៅ​ពេល​នេះ យើង​ផ្សព្វ​ផ្សាយ​លទ្ធផល​អង្កេត​កសិ​កម្ម ឆ្នាំ​២០២០ ហើយ​លទ្ធ​ផល​អង្កេត​ឆ្នាំ​២០២១ យើ​ង​បាន​ធ្វើ​រួច​ហើយ គ្រាន់​តែ​មិនទាន់​ចេញ​ផ្សាយ​។ ឥឡូវ​នេះ យើង​ចាប់ផ្តើម​អង្កេត​កសិកម្ម​ឆ្នាំ​២០២២​ ដែល​ខែ​ក្រោយ (​តុលា​) យើង​នឹង​ចាប់​ផ្តើម​ធ្វើ​ហើយ​៕

 

អគ្គលេខាធិការ UN ពិចារណាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាចុងឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) នឹងពិចារណាក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅចុងឆ្នាំ២០២២នេះ។

ការពិចារណាក្នុងការធ្វើដំណើរមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារនៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងជំនួបនេះសម្ដេចតេជោ បានអញ្ជើញលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

សម្តេចតេជោ បានបញ្ជាក់ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន។

លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានជម្រាបសម្តេចតេជោថា លោក នឹងពិចារណាក្នុងការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខ ពីព្រោះកន្លងទៅ លោកក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍។ លោកបានឱ្យដឹងថា លោកពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី ជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕

ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំសន្និបាត “សហព័ន្ឋស្វាយចន្ទីរកម្ពុជា”នៅដើមខែតុលាខាងមុខ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមការងារចម្រុះ រៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា រៀបចំកិច្ចប្រជុំ ត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” នៅដើមខែតុលាខាងមុខនេះ។

កិច្ចប្រជុំដើម្បីរៀបចំសន្និបាតខាងលើនេះ ដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ និងមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រសួង លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោក-លោកស្រីតំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធ។

លោករាជ រ៉ាបានមានប្រសាសន៍ថា សមាគមសហព័ន្ធស្វាយចន្ទី គឺជាផ្នែកមួយ តំណាងសំឡេងវិស័យឯកជនដ៏សំខាន់ ក្នុងវិស័យស្វាយចន្ទី ដូចមានចែងក្នុងសេចក្តីព្រាង គោលនយោបាយជាតិស្តីពីស្វាយចន្ទី និងជាកម្លាំងចលករសំខាន់ ក្នុងការអនុវត្តគោលនយោបាយ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក។

លោកបន្តថា “ដូចនេះ ទើបក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំកិច្ចប្រជុំ ដើមី្បពិនិត្យសេចក្ដីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងដំណើរការត្រៀមរៀបចំសន្និបាត ដែលគ្រោងធ្វើឡើងនៅខែតុលាខាងមុខ និងប្រឹក្សាសម្របសម្រួលអំពីនីតិវិធីចុះបញ្ជីសហព័ន្ធនៅក្រសួងមហាផ្ទៃ”។

បន្ទាប់មកកិច្ចប្រជុំបានទទួលស្តាប់នូវបទបង្ហាញ ដែលធ្វើឡើងដោយតំណាងវិទ្យាស្ថានCIRD និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អំពីសារបាន ការរៀបចំសេចក្តីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីនៃការរៀបចំបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ និងដំណើរការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ល។

បន្ទាប់មកកិច្ចប្រជុំ បានបើកកិច្ចពិភាក្សាយ៉ាងផុលផុស លើចំណុចសំខាន់ៗតាមរបៀបវារៈ និងបានពិនិត្យលម្អិតលើសេចក្តីព្រាង លក្ខន្តិកៈដែលបានរៀបចំដោយតំណាងដៃគូអភិវឌ្ឍន៍៕

តើប្រទេសគុយបា មានប្រព័ន្ធសេដ្ឋកិច្ច វប្បធ៌ម និងភូមិសាស្ត្រ នយោបាយបែបណា?

ដោយៈ សុខុម

អន្តរជាតិ: ស្របពេលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបា នៅថ្ងៃទី២៤ និង២៥ កញ្ញាខាងមុខនេះ គេហទំព័រPropertyarea.asia សូមលើកយកនូវពត៌មានត្រួសៗពីប្រទេសនេះ ដើម្បីជាចំណេះដឹងដល់សាធារណៈជន។

សាធារណរដ្ឋគុយបា គឺជាប្រទេសដែនកោះមួយ ដែលរួមមានកោះគុយបា (Cuba) កោះធំបំផុតទី២ ប្រចាំប្រទេសនេះឈ្មោះ Isla de la Juventud និងប្រជុំកោះតូចៗជាច្រើនទៀតផងដែរ។

ដោយមានរដ្ឋធានីឈ្មោះថាឡាហាវ៉ាន (Havana) ប្រទេសគុយបា មានភូមិសាស្ត្រ ស្ថិតនៅចំណុចប្រសព្វរវាងសមុទ្រការ៉ាអ៊ីព (Caribbean Sea) ភាគខាងជើង ឈូងសមុទ្រម៉ិកស៊ិក (Gulf of Mexico) និងមហាសមុទ្រអាត្លង់ទិក (Atlantic Ocean)។

ប្រទេសនេះ ស្ថិតនៅភាគខាងកើតនៃឧទ្វីបយូកាតាន (Yucatán Peninsula) (ប្រទេសម៉ិកស៊ិក) ដោយភាគខាងត្បូងជាប់រដ្ឋមួយរបស់សហរដ្ឋអាមេរិក គឺរដ្ឋផ្លរីដា (Florida) និងប្រទេសបាហាម៉ាស (Bahamas) ភាគខាងលិចជាប់ប្រទេសហៃទី (Haiti) និងសាធារណរដ្ឋដូមីនីក (Dominican Republic)។ ចំណែកឯភាគខាងជើង ជាប់ប្រទេសហ្សាម៉ាអ៊ីក (Jamaica) និងកោះកៃម៉ង់ (Cayman Islands)។

ប្រទេសគុយបា មានផ្ទៃដីសរុប១០៩.៨៨៦គីឡូម៉ែត្រការ៉េ។ គុយបាយ ជាប្រទេសដែនកោះ ដែលមានប្រជាជនរស់នៅច្រើនបំផុតទី២ ក្នុងសមុទ្រការ៉ាអ៊ីព បន្ទាប់ពីប្រទេសហៃទី និងមានប្រជាជនរស់នៅប្រមាណ១១លាននាក់ នេះបើយោងតាមជំរឿនក្នុងឆ្នាំ២០២១។

ប្រទេសគុយបា ប្រើប្រាស់ភាសាអេស្ប៉ាញ ជាភាសាផ្លូវការ ហើយក៏ប្រើភាសាមួយចំនួនទៀតផងដែរ រួមមានភាសាគ្រីអូល (Creole) របស់ជនជាតិហៃទី និងភាសាអង់គ្លេស។

យោងតាមទិន្នន័យឆ្នាំ២០១២ បង្ហាញថា ប្រជាជនគុយបា មានពណ៌សម្បុរចម្រុះ ដោយជាង៦៤,១% មានសម្បុរស ២៦,៦%មានសម្បុរចម្រុះ និង៩,៣%មានសម្បុរខ្មៅ។

ទាក់ទិននឹងជំនឿសាសនា ប្រជាជនគុយបា៥៨,៩% កាន់សាសនាគ្រិស្ត ២៣,៣%គ្មានជំនឿសាសនា និង១៧,៩%កាន់សាសនាផ្សេងៗទៀត នេះបើយោងតាមទិន្នន័យឆ្នាំ២០២០។

ផលទុនជាតិសរុប (GDP) របស់ប្រទេសនេះ មានទំហំ២៥៤,៩ពាន់លានដុល្លារអាមេរិក ចំណែកឯផលិតផលក្នុងស្រុកសរុបរបស់មនុស្សម្នាក់ៗ ឬ GDP per Capita គឺមានចំនួន២២.២០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

*តើសេដ្ឋកិច្ចរបស់គុយបា ពឹងផ្អែកលើអ្វីខ្លះ?

បច្ចុប្បន្ន គុយបា គឺនៅតែជាសេដ្ឋកិច្ចផែនការ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ ពឹងផ្អែកខ្លាំងលើឧស្សាហកម្មទេសចរណ៍ និងការនាំចេញកម្លាំងពលកម្មជំនាញ ស្ករស ថ្នាំជក់ និងកាហ្វេ។

គុយបា គឺជារបបផ្ដាច់ការឯកបក្ស ដែលមិនអនុញ្ញាតឱ្យមានគណបក្សប្រឆាំងនោះឡើយ។ ដូចនេះថ្វីដ្បិតមានការបោះឆ្នោតក្ដី ក៏មិនត្រូវបានគេចាត់ថាត្រឹមត្រូវ និងយុត្តិធម៌តាមលទ្ធិប្រជាធិបតេយ្យនោះដែរ៕

កម្ពុជា ថៃពិភាក្សាគ្នាពីការតភ្ជាប់ប្រព័័ន្ឋដឹកជញ្ជូនរវាងប្រទេសទាំងពីរ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ថៃបានជួបពិភាក្សាគ្នា ដើម្បីសិក្សាពីផែនការតភ្ជាប់ប្រព័ន្ឋដឹកជញ្ជូន និងភស្តុភារកម្មនៃប្រទេសទាំងពីរ។

ជំនួបពិភាក្សានេះ ធ្វើឡើងរវាងលោកឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Arjaree Sriratanaban អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីបូពា៍ នៃក្រសួងការបរទេសថៃ ដើម្បីសិក្សាអំពីផែនការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរវាងប្រទេសទាំងពីរ។

ក្នុងជំនួបទ្វេភាគីនេះ លោកអគ្គនាយក បានធ្វើបទបង្ហាញពីផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម (Intermodal Transport Connectivity and Logistics System Master Plan) ដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កំពុងសហការរៀបចំ។

លោកអគ្គនាយកក៏បានជម្រាបជូនគណៈប្រតិភូថៃ អំពីវឌ្ឍនភាពនៃការសាងសង់ រចនាសម្ព័ន្ធច្រកទ្វារព្រំដែន CBF (Cross Border Facilities) នៅស្ទឹងបត់-បានណងអៀន ដែលជាប្រាក់កម្ចីរបស់រាជរដ្ឋាភិបាលថៃ និងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជាផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ ទៅលើនីតិវិធីក្នុងការបើកច្រកបណ្តោះអាសន្ន ស្ទឹងបត់-បានណងអៀន ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត -អារញ្ញប៉ាថេត និងការបើកច្រកទ្វារអន្តរជាតិថ្មដា-តាសែនផងដែរ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ និងជំរុញលំហូរនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើររវាងប្រទេ​សទាំងពីរឱ្យកាន់តែប្រសើរឡើង៕