រដ្ឋាភិបាលនឹងរៀបចំពិធីបិទ បើកកីឡាស៊ីហ្គេមសាកល្បងនៅចុងឆ្នាំនេះ

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) បានសម្រេច​យក​ពិធី​បើក​-​បិទ ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នៅចុងឆ្នាំ​២០២២​នេះ។

ពិធីនេះ នឹងធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ហើយ​កម្ពុជាបាន​យក​ពិធី​នេះ ធ្វើជា​ការសាកល្បង​ចុងក្រោយ​ដ៏​សំខាន់​មួយ សម្រាប់​ការឈាន​ទៅ​រៀបចំ​ពិធី​បើក​-​បិទ ជា​ប្រវត្តិសាស្ត្រ នៅពេល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ ​២០២៣​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកថោង ខុន ជា​អនុប្រធាន​អចិ ន្ត្រៃយ៍នៃគណកម្មាធិការអូឡាំពិកកម្ពុជា (CAMSOC) បាន​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទីលាន និង​គណៈកម្មការ​ស្នាក់​នៅ ហូបចុក និង​ដឹកជញ្ជូន កាលពីចុងសប្តាហ៍មុន ដើម្បី​ធ្វើការ​ពិភាក្សា​ការងារ និង​ពិនិត្យមើល ទៅលើ​វេទិកា​គណៈអធិបតី តើ​ត្រូវ​រៀបចំ​របៀប​ណា ឱ្យមាន​សភាព​ត្រឹមត្រូវ តាម​កន្លែង​អង្គុយ​នីមួយៗ ដើម្បីឱ្យ​គណៈអធិបតី​ងាយស្រួល​ទស្សនា​។​

អង្គប្រជុំ ក៏បាន​និយាយ​ផ្តោតទៅលើ ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ នៅក្នុង​ពហុ​កីឡដ្ឋាន ដែល​ត្រូវ​ពិនិត្យមើល​ពី​ប្រព័ន្ធ​សុវត្ថិភាព សន្តិសុខ​ស​ណ្ឋា​ប់​ធ្នាប់ ជាពិសេស​ការកសាង​ភូមិ​កីឡា ដោយ​អង្គប្រជុំ បាន​វាយតម្លៃ​ជារួម​ថា មាន​ភាព​វិជ្ជមាន​ច្រើន ព្រមទាំង​បានសម្រេច​យក​ផែនការB គឺ​ការជ្រើសរើស​យក​ចំនួន​គ្រែ ឬ​មនុស្ស​ត្រឹម​៣៧០០​នាក់ ដើម្បីឱ្យ​ស្នាក់នៅ​ក្នុងភូមិ​កីឡា​នេះ ពេល​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

លោកវ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ថា​ ​ចំពោះ​ផែនការA ដែល​យើង​ជ្រើស​រើសយក​ជាង​៤​ពាន់​គ្រែឬ​នាក់ ដើម្បី​ស្នាក់នៅ​ក្នុងភូមិ​កីឡា​នេះ អាច​មិន​សម្រេចបាន។ អ៊ីចឹង​យើង​សម្រេចយក​ផែនការB ជា​គោល ព្រោះ​ចំនួន​៣៧០០​នាក់​នេះ អាច​គ្រប់គ្រាន់ សម្រាប់​ដំណើរការ​ឆ្លាស់គ្នា នៅក្នុង​ចំណោម​ប្រតិភូ​កីឡា​ប្រមាណ​ជាង​៩​ពាន់​នាក់ គឺអាច​ចេញចូល​បាន។​

​ការរៀបចំ​ពិធី​បើក​-​បិទ​កីឡា​ជាតិ សាកល្បងនឹងធ្វើឡើង នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខនេះ ជា​ពេលដែល​គណៈកម្មការ​ជំនាញ​នីមួយៗ​របស់ CAMSOC ត្រូវអនុវត្ត​ផ្ទាល់ ដើម្បី​ជាការ​សាកល្បង មុនពេល​ស៊ី​ហ្គេម ឆ្នាំ​២០២៣ មកដល់​។​

លោកវ៉ា​ត់ ចំរើន បាន​បន្ថែមថា​ ​“យើង​នឹង​រៀបចំ​ពិធី​បើក​-​បិទ​កីឡា​ជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ ហើយ​នៅក្នុង​ពិធី​នេះ យើង​នឹង​រៀប​ចំ​មហាជន ឱ្យ​ចូលរួម​ទស្សនា ទៅតាម​ច្រក​នីមួយៗ​”។ លោកបញ្ជាក់​ថា “នេះ​ជាការ​រៀបចំ​សាកល្បង ដូច​ពេល​យើង​រៀបចំ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេម អ៊ីចឹង​ដែរ ដូច្នេះ​នៅក្នុង​ស្ថានភាព​ដ៏​មមាញឹក​នេះ យើង​បាន​កំណត់ឱ្យ​ភាគី​ពាក់ព័ន្ធ ក្នុង​ការរៀប​ចំនេះ ជាពិសេស​គណៈកម្មការ​ជំនាញ​នីមួយៗ ត្រូវមាន​ម្ចាស់ការ លើ​ការរៀបចំ​របស់ខ្លួន”។

​ពិធី​បើក​-​បិទ​កីឡា​ជាតិ​នេះ ដើម្បី​សាកល្បង​ចរន្ត ទៅលើ​ការរៀបចំ​កន្លែង និង​ទីតាំង​អ្នកចូលរួម សាកល្បង​ពី​សុវត្ថិភាព សន្តិសុខ ស​ណ្ឋា​ប់​ធ្នាប់ និង​សាកល្បង​ការសម្តែង​តូច​មួយ ប៉ុន្តែ​ការសាកល្បង​ទាំងអស់នេះ ដើម្បីឱ្យ​យន្តការ​ប្រព័ន្ធ​ទាំងអស់ វា​ដើរហើយ​ពេល​មានការ​ខ្វះ​អី វា​ឆ្គង​អី គឺ​យើង​ត្រូវ​កែប្រែ​ចំណុច ​ខ្វះខាត​ទាំងអស់​ហ្នឹង​ឱ្យ​ហើយ តាម​ដែល​អាចធ្វើ​ទៅបាន ទម្រាំ​ពិធី​បើក​-​បិទផ្លូវ​ការ​របស់​ស៊ី​ហ្គេម មកដល់។

ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ CAMSOC ដោយមាន​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់ ជា​ប្រធាន ក៏​នឹង​រៀបចំ​ឱ្យមាន មជ្ឈមណ្ឌល​ប្រតិបត្តិ​ការបញ្ជា​ការរួម​ ដែលមាន​ទីតាំងនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ​មរតក​តេ​ជោ​​ផ្ទាល់​តែម្តង ដើម្បី​ធ្វើការ​ពិនិត្យមើល ទៅលើ​ការងារ​ផ្សេងៗ ហើយ​មជ្ឈមណ្ឌល​នេះ នឹង​បង្កើតឱ្យមានចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ទៅ​៕

 

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញពីយុទ្ឋសាស្រ្ត និងទីតាំងដី គួរវិនិយោគ

  ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ មានបទពិសោធន៍លើការទិញលក់ដីធ្លី អស់រយៈពេល១៨ឆ្នាំ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានវិវត្តន៍ខ្លួនពីភ្នាក់ងារអចលនទ្រព្យសាម​ញ្ញមួយរូប រហូតដល់បើកក្រុមហ៊ុនជាបន្តបន្ទាប់ និងក្លាយជាអ្នកអភិវឌ្ឍន៍មានប្រាក់រាប់រយលានដុល្លារ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia ដែលបាននិងកំពុងអភិវឌ្ឍន៍បុរីKS Residence និងបុរីវិមានសំណាងតម្លៃរាប់រយលានដុល្លារបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១៩ កញ្ញាកន្លងមក ដោ​យលោកបានបង្ហាញពីវិធី ទិញដីបានតម្លៃល្អ ពីយុទ្ឋសាស្រ្ត និងជ្រើសរើសទីតាំងដែលទទួលបានផលចំណេញពីការវិនិយោគ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគអចលនទ្រ ព្យ​គឺទិញដីយ៉ាងណា ដើម្បីអាចលក់យកចំណេញ ប៉ុន្តែការអភិវឌ្ឍអច​លនទ្រព្យគឺយកដីដែលទិញបាន ទៅអភិវឌ្ឍន៍ធ្វើគំរោងអ្វីមួយ។ អញ្ចឹងសំណួរសួរថា តើទិញដីដូចម្តេច ដើម្បីបានផលចំណេញ វាជាសំណួរដែល​មនុស្សជាច្រើនចង់ដឹង។

លោកឧកញ៉ាបានបន្តថា “ទិញយ៉ាងម៉េចឲ្យតែថោក និងលក់យ៉ាងម៉េចឲ្យតែបានថ្លៃ ដែលពាក្យនេះអ្នកណាក៏ចេះនិយាយដែរ ប៉ុន្តែសំខាន់លក់យ៉ាងណាឲ្យបានតម្លៃល្អ នឹងបានផល​ចំណេញ”។ លោកបន្តថា “បច្ចុប្បន្នបើទិញរបស់ហើយ ចង់លក់បានចំណេ​ញ គឺទិញដីទំនេរ(ដីមិនទាន់ប្រើប្រាស់) វាជាប្រភេទអចលនទ្រព្យមួយ ដែលយើងលក់បានតម្លៃល្អនាពេលក្រោយ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា បើយើងវិនិយោគអចលនទ្រព្យយើងត្រូវដឹងថា តើយើងចង់វិនិយោគរយៈពេលខ្លី ដែលសំដៅដល់រយៈពេល១ឆ្នាំ ទៅ២ឆ្នាំ និងរយៈពេលមធ្យម គឺទិញរយៈពេល៣ ទៅ៥ឆ្នាំ និងវិនិយោគរយៈពេលវែង គឺទិញចន្លោះពេលពី៥ ទៅ១០ឆ្នាំ។

លោកបន្តថា ដើម្បីទិញដីបានល្អ គឺយើងត្រូវទិញដីដែលមានតម្លៃក្នុងទីផ្សារ ដែលតម្លៃទីផ្សារគឺសំដៅដល់ដី ដែលដាក់លក់ហើយមានអ្នកទិញ មិនមែនជាតម្លៃដីដែលម្ចាស់ដីទាមទារនោះទេ។ ហេតុនេះដើម្បីបានទិញបានដីក្នុងតម្លៃទីផ្សារមួយ ទាល់តែយើងស្គាល់ទីតាំង និងដឹងពីទីតាំងដីហ្នឹង។

លោកឧកញ៉ាបានពន្យល់ថា “និយា​យឲ្យខ្លី បើចង់ទិញដីនៅក្នុងសង្កាត់ ឬភូមិមួយ យើងត្រូវសួរតម្លៃដីនៅតំបន់នោះ ឲ្យបាន១០កន្លែង ហើយយកមកបូកចូលគ្នា បន្ទាប់មកកាត់២០ភាគរយចេញ យើងនឹងដឹងតម្លៃទី​ផ្សារដីនោះហើយ”៕

ក្រុមហ៊ុនRoyal Railwaysរបស់អ្នកឧកញ៉ាគិត ម៉េងនឹងបោះផ្សាយលក់មូលបត្រនាពេលខាងមុខ

ដោយៈ វិវត្តន៍

       ភ្នំពេញៈ ក្រុមហ៊ុនRoyal Railways របស់អ្នកឧកញ៉ាគិត ម៉េងនឹងបោះលក់ប័ណ្ណបំណុលនាពេលខាងមុខនេះ បន្ទាប់ពីទទួលបានការអនុម័ត​យល់ព្រមពីនិយ័តករមូលបត្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព៌តមាន របស់់និយ័តករមូលបត្រកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ កញ្ញាកន្លងមកបានឲ្យដឹងថា ការអនុញ្ញាតឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ បោះផ្សាយមូលបត្រលក់ជាផ្លូវការនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ កិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ( អ. ស. ហ.) លើកទី១០ ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ. ស. ហ លើរបៀបវារៈចំនួន ៧ និងមានការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា បន្ទាប់ពីការធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្ដូរយោបល់ ​ទាំងកម្រិតបច្ចេក​ទេស និងគោលនយោបាយ លើឯកសារដែលរៀបចំដោយមន្ត្រីជំនាញ។ ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានផ្តល់ការអនុញ្ញាតជាគោលការណ៍ លើសំណើសុំបោះ​ផ្សាយលក់មូលបត្របំណុល ជាសាធារណៈរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ ម.ក ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធី ជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេច​របស់​និយ័តករមូលបត្រកម្ពុជា។

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក គឺជាក្រុមហ៊ុនទី៨ហើយ ដែលទទួលបានការអនុញ្ញាត ឱ្យបោះលក់មូលបត្របំណុល ដែលក្រុមហ៊ុននេះ គ្រោងបោះលក់មូលបត្របំណុល​តម្លៃ១០លានដុល្លារ។

ក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ ម.ក ជាក្រុមហ៊ុនទីមួយ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រ​បំណុល នៅផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ។

បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត៕

 

សេចក្តីព្រាងផែនការមេអភិវឌ្ឈន៍ទេសចរណ៍រយៈពេលវែងនៅខេត្តកែបត្រូវបានបើកកិច្ចប្រជុំចុងក្រោយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួល សេចក្តីព្រាងចុងក្រោយ​ នៃផែនការមេអភិវឌ្ឍន៍វិស័យទេ​សចរណ៍(២០២២-២០៣៥)​។

លោកបណ្ឌិតសោម​ ពិសិដ្ឋ​ អភិបាល​ នៃគណអភិបាលខេត្តកែប​ បានដឹកនាំ​ អភិបាលរងខេត្ត​ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការ​ មេបញ្ជាការ​ លោក លោកស្រី​ ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត​ សមាជិកសមាជិកា​គណៈកម្មាធិការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត​ ប្រជុំដើម្បីពិនិត្យ និងផ្តល់យោ​បល់​លើសេចក្តីព្រាងចុងក្រោយ​ នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍(២០២២-២០៣៥)​ របស់រដ្ឋបាលខេត្ត​ នៅសាលប្រជុំសាលាខេត្តកែប។

លោកបណ្ឌិត​ សោម​ ពិសិដ្ឋ​ មានប្រសាសន៍ថា​ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍​(២០២២-២០៣៥)​ របស់ខេត្ត​ ​នឹងចង្អុល​បង្ហាញ​ពីគម្រោ​ង​ សកម្មភាពទាំងអស់​ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍​នៅក្នុងខេត្តកែប​ ក្នុងន័យ​ស្រូប​ទាញ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ជាតិ-​អន្តរជាតិ ព្រមទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​សម្បូរបែប​។

លោកបណ្ឌិត​ បានបញ្ជាក់ទៀតថា​ រដ្ឋាភិបាល​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នូវ​ឯកសារ​យុទ្ធសាស្ត្រ​ សម្រាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ​នៅក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស ដែល​រួមមាន​ជាអាទិ៍ ផែនទី​ចង្អុល​បង្ហាញផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ ក្នុងនិង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​-១៩ និង​គោលនយោបាយ​ជំរុញ ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឆ្នាំ ​២០២១-២០២៣​។

លោកបណ្ឌិតសោម ពិសិដ្ឋបាន​បន្ថែមថា ផែនការ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ​ក្នុង​ខេត្ត​កែប​ទាំងមូល ដោយ​បច្ចុប្បន្ន ផែនការ​មេនេះ​ ត្រូវបានរៀបចំជាសេចក្តីព្រាងចុងក្រោយ​ ដែលត្រូវដាក់ជូនគណៈអភិបាលខេត្ត​ គណកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​ ពិនិត្យ​ និងកែសម្រួល​ចុងក្រោយ​ មុន​នឹង​អាចដាក់​ឱ្យ​អនុវត្ត​នៅក្នុងពេល​ឆាប់ៗ​នេះ​។​

លោកបន្តថា “ផែនការ​មេនេះ បានកំណត់​តំបន់​ដែល​ត្រូវ​អភិវឌ្ឍ ​រួមមានទេសចរណ៍​តំបន់ឆ្នេរ​ ទេសចរណ៍​តំបន់​កោះ​ ទេសចរណ៍​តំបន់ភ្នំ (​ភ្នំ​វល្លិ ជា​តំបន់​កសិឧស្សាហកម្ម អេកូទេសចរណ៍ ​ជា​អតីត​តំបន់​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​) និង​ទេសចរណ៍​នៅ​តំបន់​ទី​ប្រជុំជន​មួយចំនួនទៀត​ផងដែរ”៕

 

សម្តេចតេជោនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំUN ទស្សនកិច្ចគុយបា និងចូលរួមបុណ្យសពលោកអាបេ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាពេលវេលាដ៏មមាញឹកមួយ សម្តេចតេជោនឹងចំណាយពេល៨ថ្ងៃ ដើម្បីចូលរួមកម្មវិធីសំខាន់ៗចំនួន៣ ដែលជាការលើ់កកំពស់ និងផ្សព្វផ្សាយពីកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ។

យោងតាមសេចក្តីប្រកាសព៌តមាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ កញ្ញា​កន្លងមកបានឲ្យដឹថថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោកសអាបេ ស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។

គណៈប្រតិភូដែលនឹងអញ្ជើញអម ដំណើរសម្តេចតេជោរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាលផ្សេងទៀត។

* សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (មសអសប)

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្ម ចំពោះបញ្ហាប្រឈ​មប្រទាក់ក្រឡាគ្នា” ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មសអសប។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងផ្នែកសុខភាពជាសកល ដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកា​សធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃជំងឺរាតត្បា​តកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាព នៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រីសេក្ខ ហាស៉ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោកបណ្ឌិតចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធា​នាធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។

ខណៈពេលអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមក្នុង មសអសបលើកទី៧៧ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន នឹងអ  ញ្ជើ​ញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន (IAMM) ដែលនឹងត្រូវបានរៀបចំឡើងនៅក្នុងឱកាសនៃ មសអសប លើកទី៧៧ ហើយនឹងមានជំនួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសមួយចំនួន និងតំណាង ស្ថាប័នអភិវឌ្ឍន៍ផងដែរ។

* សម្រាប់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា

តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគី ជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។

បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន៖

១៖ កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌។

២៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ។
៣៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា។
៤៖ គម្រោងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ។
៥៖ អនុស្សរណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសម ចំពោះ លោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។ សម្តេចតេជោ ក៏រំពឹងថានឹងចូលជួប សម្តែងការគួរសមចំពោះ លោករ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបាផងដែរ។

នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសគុយបាផងដែរ។

* សម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់ លោកអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនសម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៉ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

លោក អេបេ គឺជាមិត្តដ៏ល្អយូរអង្វែង របស់សម្តេចតេជោនាយករដ្ឋម ន្ត្រី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ខ្លួន លោកបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។

លោកត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្ម ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងនឹងជួបជាមួយសមភាគីបរទេសរបស់សម្ដេច និងទទួលការជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន៕

ទុនវិនិយោគជប៉ុននៅកម្ពុជាជិត៣០០០លានដុល្លារ ខណៈសម្តេចក្រឡាហោមថាអតីតឯកអគ្គរដ្ឋទូតជប៉ុនតែងបន្តជួយកម្ពុជា

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អតីតឯកអគ្គរាជទូតជប៉ុននៅកម្ពុជាជាច្រើនរូប ក្រោយពេលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយនោះ ពួកគាត់បានវិលមកកម្ពុជា ជាថ្មីទៀតដោយបង្កើតអង្គការ សមាគម និងក្រុមហ៊ុននានា ជួយដល់កម្ពុជាជាពិសេសកៀរគរវិនិយោគិន ចូលមកម្ពុជាដើម្បីវិនិយោគ។

សម្ដេចបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនជ័យលាភី អាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៩ កញ្ញា ២០២២នេះ។

សម្តេចក្រឡាហោមស ខេងបានបន្តថា ជប៉ុនជាប្រទេសមួយបានរួមចំណែកយ៉ាងច្រើន ដល់ការស្ដារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងថាក្រៅពីបានផ្ដល់ជំនួយនិងកម្ចីជាច្រើនហើយនោះ ជប៉ុនក៏បានបង្កលក្ខណៈឱ្យក្រុមអ្នកវិនិយោគមមក បណ្ដាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ដែរ ទាំងសហគ្រាសធនតូចនិងមធ្យម។

សម្ដេចបន្តថា “ពេលនេះជប៉ុនក៏កំពុង ចូលរួមចំណែកអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ ហើយក៏មានអង្គការជប៉ុនមួយចំនួន បានកៀរគរជំនួយមកជួយសាងសង់សាលារៀនតាមតំបន់ជនបទនៅកម្ពុជា”។

សម្ដេចបន្ថែមថា អតីតឯកអគ្គរដ្ឋទូតជប៉ុននៅកម្ពុជា ជាច្រើនរូប សម្ដេ​ចកត់សម្គាល់ថា ក្រោយពេលបញ្ចប់បេសកកម្មការទូត នៅកម្ពុជាហើ​យ​នោះ ពួកគាត់បានវិលមកកម្ពុជាជាថ្មីទៀត ដោយបង្កើតជាអង្គការ សមាគម និងក្រុមហ៊ុននានា ដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជា និងជំរុញការវិនិយោគនៅក្នុងប្រទេសកម្ពុជា តាមរយៈការកៀគរវិនិយោគទុនមកសិក្សាស្វែងយល់ពីស្ថានភាព និងឱកាសប្រកបដោយសក្ដានុពលរបស់កម្ពុជា។

សម្ដេចក៏បានលើកឡើង អំពីការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសជប៉ុន ដែលមានភាពរីកចម្រើន ច្រើនជាងប្រទេសកម្ពុជា ពិសេសការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធាន។ កម្ពុជា ក៏បាននិងកំពុងខិតខំធ្វើការងារនេះដែរ ជាក់ស្ដែងនៅក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងកំឡុងពេលកូវីដ-១៩នោះ កម្ពុជាបានទទួលលទ្ធផលជាវិជ្ជមានច្រើនតាមរយៈការចូលរួមកាន់តែសកម្មរបស់រដ្ឋបាលខេត្ត បន្ទាប់ពីថ្នាក់ជាតិបានផ្ទេរការគ្រប់គ្រងវិស័យសុខាភិបាល ។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញឱ្យដឹងថា គិតត្រឹមខែសីហាឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគរបស់ជប៉ុនចំនួន១៤៩គម្រោង ក្នុងនោះមានទឹកប្រាក់វិនិយោគសរុបប្រមាណ២,៩ពាន់លានដុល្លារអាមេរិក ។

បច្ចុប្បន្ននេះដែរ គម្រោងវិនិយោគជប៉ុនធំៗមួយចំនួនបាន និងកំពុងមានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលធ្វើឱ្យជប៉ុន បន្តដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ៕

ដំណឹងល្អៈ ស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១នឹងបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃស្អែកនេះហើយ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ស្ពានត្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១នឹងបើកដំណើរការសាកល្បងនៅថ្ងៃទី២០ កញ្ញាខាងមុខនេះហើយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសា​សន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនៅថ្ងៃទី១៩ កញ្ញានេះថា ការបើកដំណើរការសាកល្បងស្ពានខាងលើនេះ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃស្អែកទី២០ កញ្ញាខាងមុខនេះហើយ។

លោកបន្តថា “ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នេះរួចហើយ ហើយស្ពាននេះនឹងជួយសម្រួលចរា​ចរណ៍ និងការកកស្ទះចរាចរបានច្រើននៅពេលបើកដំណើរការ”។

ទីក្រុងកោះនរា បាននិងកំពុងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា ដើម្បីប្រែក្លាយទីក្រុងនេះជាSmart City ខណៈបច្ចុប្បន្នគំរោងរបស់អ្នកវិនិយោគជាតិ អន្តរជាតិមួយចំនួនបានចាប់ផ្តើមសាងសង់ នៅលើទីក្រុង ដែលមានផ្ទៃដីទំហំ១២៥ហិកតានេះ៕

គម្រោងដំណើរការរថយន្តក្រុងអគ្គិសនីសាធារណៈក្នុងខេត្តសៀមរាបនឹងលេចរូបរាងនៅឆ្នាំ២០២៥

ដោយៈ សុផារី

សៀមរាបៈ ក្រោយពីបញ្ចប់គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងខេត្តសៀមរាប រដ្ឋាភិបាល បានដាក់ផែនការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ៣ទៀត រួមមាន ឡានក្រុងប្រើអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ។

ក្នុងនោះ គម្រោងអនុវត្តសេវារថយន្តក្រុងអគ្គិសនីសាធារណៈ នៅក្នុងខេត្តសៀមរាប អាចនឹងលេចរូបរាងឡើង យ៉ាងយូរត្រឹមឆ្នាំ២០២៤ ឬ២០២៥។

លោកលី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសា​សន៍ថា យ៉ាងយូរត្រឹមឆ្នាំ២០២៤ ឬ២០២៥ គម្រោងអនុវត្តការប្រើប្រាស់រថយន្តក្រុងអគ្គិសនី នៅក្នុងខេត្តសៀមរាប អាចនឹងលេចរូបរាងឡើង។

លោកបានបញ្ជាក់ថា “សាលាខេត្តសៀមរាបក៏មានចក្ខុវិស័យ រយៈពេលមធ្យម និងវែងអំពីការគ្រប់គ្រងសម្រាម សំខាន់ការដាក់ឱ្យក្រុងសៀម​រាប កាត់បន្ថយការខ្ជះខ្ជាយកាបូន”។ លោកបន្ថែមថា “ដូចនេះហើយ យើងរៀបចំឲ្យមានចលនា រថយន្តក្រុងសាធារណៈប្រើប្រាស់អគ្គិសនី (E-Bus)”។

យ៉ាងណាក្តី លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ គម្រោងនេះស្ថិតនៅក្នុងការប្រជុំពិភាក្សា រវាងភាគីពាក់ព័ន្ធនៅឡើយ នៅមិនទាន់មានការចាប់ផ្តើមអនុវត្តគម្រោងនៅឡើយទេ។

លោកថា “នេះជាគំនិតផ្តួចផ្តើម ដោយមានការជួបប្រជុំគ្នា គិតផ្តួចផ្តើម នៅមិនទាន់មានការអនុវត្តនៅឡើយទេ”។

លោកបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន មានចក្ខុវិស័យរួមដូចរដ្ឋបាលក្រុងសៀមរាប ហើយបានបង្ហាញការគាំទ្រ លើគម្រោងនេះផងដែរ។ ក្នុងគោលដៅធ្វើឱ្យក្រុងសៀមរាប ក្លាយជាទីក្រុងបៃតង ដោយមានការកាត់បន្ថយផ្សែងពុល ក្រុមហ៊ុនដៃគូ ដែលរួមមាន ម៉ូតូអគ្គិសនី រថយន្តអគ្គិសនី ។ល។ គួរត្រូវបានលើកទឹកចិត្ត និងទទួលបានការវិនិយោគ។

លោកមានប្រសាសន៍ថា “យើងសង្ឃឹមថា នាពេលអនាគតមិនយូរ ព្រោះយើងគិតថា នៅត្រឹមឆ្នាំ២០២៤ ២០២៥ អាចនឹងលេចឡើងហើយ ប្រសិនបើមានការជជែកនិងស្រុះស្រួលគ្នាបានលឿន”។

ក្រោយពីបញ្ចប់គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងខេត្តសៀមរាប រដ្ឋាភិបាលបានដាក់ផែនការ កសាងហេដ្ឋារចនាសម្ព័ន្ធធំៗ៣ទៀត រួមមាន ឡានក្រុងប្រើអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងមកបានបង្ហើបឱ្យដឹងថា បើតាមផែនការទីក្រុងសៀមរាប នឹងមានប្រព័ន្ធឡាន ក្រុងសាធារណៈប្រើអគ្គិសនីទាំងអស់ ដែលជាផ្នែកមួយនៃគម្រោងសៀមរាបទីក្រុងឆ្លាតវៃ។

កន្លងមក មានវិទ្យាស្ថានបៃតងសកល GGGI ប្រចាំនៅកម្ពុជា បានធ្វើការសិក្សាលើគម្រោងរថយន្តក្រុងអគ្គិសនី ដោយកាលពីសប្តាហ៍កន្លងមក GGGI បានធ្វើបច្ចុប្បន្នភាពរបស់គម្រោង សិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប ដល់ថ្នាក់ដឹកនាំខេត្តសៀមរាប៕

អ្នកស្វែងរកទិញអចលនទ្រព្យកាន់តែមានឱកាសច្រើន ខណៈអ្នកលក់អចលនទ្រព្យកាន់តែច្រើន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុ​ ប្បន្ននេះ នៅតែមិនទាន់មានភាពប្រសើរឡើងនៅឡើយ ក្រោយពីរដ្ឋាភិបាលបានបើកប្រទេសបើកសេដ្ឋកិច្ច អស់រយៈពេល១ឆ្នាំមកនេះ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពបែបនេះ វាជាឱកាសសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ខណៈអ្នកដាក់លក់អចលនទ្រព្យលើទីផ្សារកាន់តែមានចំនួនច្រើន។

អ្នកស្រីចន្ទី ទិវា នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Advanced Property មានប្រសាសន៍ឱ្យដឹងកាលពីម្សិលម៉ិញនេះថា  ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ បន្ទាប់ពីកូវីដ១៩ បានធូរស្រាលអស់រយៈពេល១ឆ្នាំមកនេះ គឺស្ថានភាពអចលនទ្រព្យ តែស្ថិតនៅក្នុងសភាពទ្រឹងនៅឡើយ ។

អ្នកស្រីបន្តថា “កត្តាដែលស្ថានភាពអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានៅតែស្ថិតនៅសភាពទ្រឹង គឺយើងបានឃើញស្រាប់ហើយ”។ អ្នកស្រីបន្ថែមថា  “បន្ទាប់ពីកូវីដ១៩ធូរស្រាលមែន តែវិបត្តិមួយទៀតក៏បានចូលមកដល់ គឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់បណ្ដាប្រទេសមួយចំនួនក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ពីសង្គ្រាមនេះដែរ”។

អ្នកស្រីចន្ទី ទិវាបានបន្តថា ប៉ុន្តែស្ថិតនៅស្ថានភាពបែបនេះ វាគឺជាឱកាសនៃអ្នកដែលស្វែងរកទិញអចលនទ្រព្យ ដោយសារតែអ្នកលក់អចលនទ្រព្យកាន់តែមានចំនួនច្រើនឡើង ដូច្នេះហើយអ្នកទិញអាចស្វែងរកទីតាំងល្អៗ​ សម្រាប់ការអភិវឌ្ឍនៅពេលអនាគត ឬទិញទុកចំណេញនៅពេលបន្ទាប់ ។

ជាមួយគ្នានេះ លោករ៉ៃ ឬទ្ធីប្រធានតំបន់របស់ក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តឧត្តរមានជ័យបានលើកឡើងផងដែរថា នៅក្នុងឧត្តរមានជ័យ ក៏មានអ្នកលក់ដីធ្លីច្រើនដែរ ហើយអ្នកដែលមានលុយច្រើនគេនាំគ្នាស្វែងរកទិញដីធ្លីដែលមានទីតាំងល្អៗ សម្រាប់ទុកលក់ចំណេញនៅពេលដីនោះឡើងថ្លៃ ស្របពេលតំបន់មួយចំនួន នៅក្នុងខេត្តឧត្តរមានជ័យក៏ឃើញថា មានការអភិវឌ្ឍដោយរំពឹងថា នឹងឡើងថ្លៃនៅពេលឆាប់ៗនេះផងដែរ ។

លោកបន្តថា “អ្នកស្វែងរកទិញដីនៅខេត្តឧត្តរមានជ័យ មានទាំងអ្នកនៅក្នុងខេត្តនេះផ្ទាល់ និងអ្នកមកពីភ្នំពេញ ដោយពួកគេរំពឹងថាដីដែលពួកគេទិញទុកនោះមិនយូរ មិនឆាប់នឹងអាចធ្វើឱ្យពួកគេចំណេញប្រាក់មកវិញ”។ លោកបន្តថា “ចំពោះទស្សនខ្ញុំផ្ទាល់ ខ្ញុំក៏យល់ឃើញថាដីធ្លីនៅក្នុងខេត្តឧត្តរមានជ័យមានសក្ដានុពល និងឱកាសនៃការឡើងថ្លៃខ្ពស់នាពេលអនាគ”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យដទៃទៀត ក៏បានយល់ឃើញថាបច្ចុប្បន្ននេះ វាឱកាសសម្រាប់អ្នកលមានលុយមានទុន ក្នុងការទិញអចលនទ្រព្យទុកចំណេញក្នុងនោះដីធ្លី គឺជាទ្រព្យមួយដែលវិនិយោគហើយមិនចេះខាតបង់ ហើយបើសិនជាវាមិនត្រូវថ្លៃ យើងទុកបន្តទៀតលុយយើងនៅតែជារបស់យើង ដីយើងក៏នៅតែជារបស់យើងដដែល ចាំពេលត្រូវថ្លៃគ្នាចាំលក់ក៏មិនខាតដែរ”៕

រដ្ឋាភិបាលវៀតណាមគ្រោងសាងសង់អាផាតម៉ិនចំនួន១,៨លានយូនីតសម្រាប់អ្នកមានចំណូលទាប

 

ដោយ: លាងហួរ

ហាណូយ: ក្រសួង សំណង់ (MoC)បាន ដាក់ ផែនការ សាងសង់ អាផាតមុិន ជាង១,៨ លាន ល្វែង ក្រោម គម្រោង លំនៅឋាន សង្គម សម្រាប់ ប្រជាជនមាន ចំណូល ទាប និង កម្មករ ក្នុង តំបន់ ឧស្សាហកម្ម (IZs) ត្រឹម ឆ្នាំ២០៣០។

ក្រសួងបានរាយការណ៍ថា ផែនការនេះគឺផ្អែកលើតម្រូវការ លំនៅឋានសង្គមរបស់ប្រជាពលរដ្ឋ ដែលមានចំណូលទាប និងកម្មករក្នុងខេត្ត-ក្រុងចំនួនជាង៤០ ហើយគម្រោងនេះត្រូវបានបែងចែកទៅជាពីរដំណាក់កាល។

ចាប់ពីឆ្នាំ២០២១ដល់២០២៥ ផែនការនេះគ្រោងសាងសង់អាផាតម៉ិនចំនួន៧០ម៉ឺន ដែលបំពេញបានប្រហែល៥៤ភាគរយនៃតម្រូវការសរុប។

គម្រោងលំនៅដ្ឋានសង្គមភាគច្រើន នឹងត្រូវអនុវត្តន៍នៅក្នុងតំបន់ដែលមានសួនឧស្សាហកម្មធំៗ រួមទាំងទីក្រុងហូជីមិញ ដែលមានអាផាតម៉ិនចំនួន៣៤៥,០០០យូនីត។ ខេត្តឡុងអាន៣១០,០០០យូ​នីត ខេត្ត Bắc Giang មាន២៨៥,០០០ និងទីក្រុងហាណូយ១៣៦,០០០យូនីត។

ដើម្បីសម្រេចបាននូវគោលដៅ ក្រសួងសំណង់(MoC)បានអំពាវនាវឱ្យមានការកែសម្រួលច្បាប់លំនៅឋាន ច្បាប់ស្តីពីដីធ្លី ច្បាប់ដេញថ្លៃ និងច្បា ប់ស្តីពី ការគ្រប់គ្រងពន្ធដារ ដើម្បីឲ្យក្រុមដែលមានចំណូលទាប និងងាយរងគ្រោះក្នុងសង្គម មានឱកាសកាន់តែល្អប្រសើរ ក្នុងការទិញលំនៅដ្ឋានសង្គម។

MoC ស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានាកំណត់ ចំណុចខ្វះខាត និងរៀបចំដំណោះស្រាយ ដើម្បីដោះស្រាយបែងចែកដី សម្រាប់អភិវឌ្ឍលំនៅដ្ឋានសង្គម។

យោងតាម MoC បានឱ្យដឹងថា គម្រោងលំនៅឋានសង្គមចំនួន៣០១គម្រោង ត្រូវបានបញ្ចប់នៅក្នុងតំបន់ទីក្រុង ដែលមានអាផាតម៉ិនប្រហែល១៥៥,៨០០ ខណៈគម្រោងចំនួន៤០១ផ្សេងទៀត ដែលមាន៤៥៤,៣៦០យូនីតកំពុងដំណើរការ៕