បណ្តាក្រុមហ៊ុនចិនកំពុងងាកចេញពីការវិនិយោគលើទីផ្សារលំនៅឋាននៅបរទេស ឆ្ពោះទៅរកអចលនទ្រព្យផ្នែកឧស្សាហកម្ម

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank បានឱ្យដឹងថា បណ្តាក្រុមហ៊ុនចិនកំពុងវិនិយោគកាន់តែច្រើនលើអចលនទ្រព្យឧស្សាហកម្ម និងពាណិជ្ជកម្មនៅបរទេស ជាពិសេសគម្រោងផលិតថាមពលថ្មី មជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់បម្រើដល់ពាណិជ្ជកម្មអេឡិចត្រូនិក និងគម្រោងទីក្រុងឆ្លាតវៃ។

ការវិនិយោគលើលំនៅឋានកំពុងធ្លាក់ចុះ ខណៈទីផ្សារអចលនទ្រព្យឧស្សាហកម្ម ភស្តុភារកម្ម និងពាណិជ្ជកម្មកំពុងក្លាយជាចំណុចផ្តោតសំខាន់របស់អ្នកវិនិយោគចិន។ ក្រុមហ៊ុន Knight Frank បានព្យាករថា ការវិនិយោគនៅក្រៅប្រទេសរបស់ចិននៅក្នុងវិស័យទាំងនេះនឹងកើនឡើង១៥ភាគរយនៅឆ្នាំ២០២៦។

លោកស្រី Virginia Huang នាយិកាគ្រប់គ្រងប្រចាំតំបន់ភាគខាងជើង និងខាងកើតនៃប្រទេសចិននៅក្រុមហ៊ុន Knight Frank បានលើកឡើងថា ការវិនិយោគនៅក្រៅប្រទេសរបស់សហគ្រាសចិនកំពុងងាកទៅរកនិន្នាការថ្មី ដោយងាកចេញពីការវិនិយោគលំនៅឋាន ហើយឆ្ពោះទៅរកអចលនទ្រព្យផ្នែកឧស្សាហកម្ម និងភស្តុភារកម្ម ដែលជំរុញដោយបច្ចេកវិទ្យា។

គោលដៅសំខាន់ៗរួមមាន ការវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យទីក្រុងឆ្លាតវៃនៅតំបន់មជ្ឈិមបូព៌ា ដូចជា គម្រោងទីក្រុងអនាគតនៅប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងអាប៊ុយដាប៊ីនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។

ជាក់ស្តែង ក្រុមហ៊ុនរដ្ឋចិន China State Construction Engineering Corp ដែលចុះបញ្ជីនៅទីក្រុងសៀងហៃ កំពុងសាងសង់ផ្លូវរូងភ្នំសម្រាប់គម្រោងទីក្រុងអនាគត The Line នៅអារ៉ាប៊ីសាអូឌីត ដែលមានប្រវែង១៧០គីឡូម៉ែត្រ (106 ម៉ាយ) និងទទឹង២០០ម៉ែត្រ។ គម្រោងនេះមានតម្លៃ៧,៨៦ពាន់លានយ័ន(១,១៣ពាន់លានដុល្លារអាមេរិក)។

ក្រុមហ៊ុនផលិតកញ្ចក់ CHG Holding ដែលបានចុះបញ្ជីនៅទីក្រុង Shenzhen កំពុងសាងសង់រោងចក្រឆ្លាតវៃនៅក្រៅប្រទេសដំបូងរបស់ខ្លួននៅទីក្រុងអាប៊ុយដាប៊ី ដែលនឹងផលិតកញ្ចក់សន្សំសំចៃថាមពល និងវត្ថុធាតុដើមទំនើបៗសម្រាប់បម្រើដល់ទីផ្សារពិភពលោក រួមទាំង តំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាហ្វ្រិក និងសហរដ្ឋអាមេរិក។

រោងចក្រខាងលើត្រូវបានសាងសង់ក្រោមទុនវិនិយោគចំនួន៣០០លាន dirhams (ប្រមាណ៨១,៤លានដុល្លារអាមេរិក) និងត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦នេះ៕ប្រភព: SCMP៕

តម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកបន្តធ្លាក់ចុះរហូតដល់ដើមឆ្នាំ២០២៦ ខណៈការផ្គត់ផ្គង់កើនឡើង

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកនៅតែបន្តធ្លាក់ចុះរហូតដល់ឆ្នាំ២០២៦ ដោយសារការផ្គត់ផ្គង់បន្តកើនឡើង ហើយម្ចាស់ផ្ទះព្យាយាមដំឡើងថ្លៃ ដែលជាហេតុនាំឱ្យតម្រូវការជួលអាផាតមុិនមានការធ្លាក់ចុះ។

តម្លៃជួលអាផាតមុិនជាមធ្យមទូទាំងប្រទេសក្នុងខែមករាមានទំហំទឹកប្រាក់ចំនួន១.៣៥៣ ដុល្លារ ធ្លាក់ចុះ១,៤ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ តួលេខនេះជាការធ្លាក់ចុះក្នុងអត្រាខ្ពស់បំផុតប្រចាំឆ្នាំ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ និងជាតម្លៃជួលទាបបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២២។

អត្រា​អាផាតមុិន​ទំនេរ​ទូទាំងសហរដ្ឋអាមេរិកស្ថិតក្នុងរង្វង់៧,៣ភាគរយក្នុង​ខែមករា ឆ្នាំ២០២៦ ដែល​ជា​កំណត់ត្រា​ខ្ពស់​បំផុត​មួយ​នៅលើ​សន្ទស្សន៍ Apartment List គិតចាប់​តាំងពី​ឆ្នាំ២០១៧។ គេត្រូវចំណាយពេលជា​មធ្យមចំនួន៤១ថ្ងៃ​ដើម្បី​ស្វែងរកអ្នកជួលបាន កើនឡើង៤​ថ្ងៃ​បើធៀប​នឹង​ខែមករា ឆ្នាំ២០២៥។

ការផ្គត់ផ្គង់​យូនីត​អាផាតមុិនថ្មីៗ​​កំពុងហូរ​ចូល​មក​ក្នុង​ទីផ្សារ ខណៈ​តម្រូវការ​នៅតែ​បន្តធ្លាក់ចុះ ​ដោយសារ​ទីផ្សារ​ការងារ​នៅសហរដ្ឋអាមេរិកកាន់តែ​មានភាពតានតឹង។នេះបើយោងតាមការចុះផ្សាយដោយកាសែត CNBC។

តម្លៃជួលអាផាតមុិនកំពុងធ្លាក់ចុះនៅតំបន់ភាគខាងត្បូងនៃសហរដ្ឋអាមេរិក ខណៈតម្លៃអាផាតមុិននៅតំបន់ភាគឦសាន តំបន់ Midwest និងផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាងលិចនៅតែបន្តកើនឡើង។ តួយ៉ាង តម្លៃជួលអាផាតមុិនជាមធ្យមនៅទីក្រុង Austin នៃរដ្ឋ Texas បានធ្លាក់ចុះ៦,៣ភាគរយក្នុងខែមករា ធៀបនឹងឆ្នាំមុន។

ចំណែក តម្លៃជួលអាផាតមុិននៅទីក្រុង Virginia Beach នៃរដ្ឋ Virginia សម្រេចបានកំណើនលឿនបំផុតក្នុងរង្វង់៥ភាគរយ តាមពីក្រោយដោយទីក្រុង San Jose ទីក្រុង San Francisco និងទីក្រុង Chicago៕ប្រភព: CNBC៕

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកឡើងពីអ្វីខ្លះក្នុងបរិបទទេសចរណ៍សកល?

ដោយៈ និស្ស័យ

ភ្នំពេញៈ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅកោះសេប៊ូ ប្រទេសហ្វីលីពីន បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ ក្រោមចក្ខុវិស័យអាស៊ានរួមគ្នា តម្រង់ទិសអនាគតទេសចរណ៍។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ សម្តែងនូវសេចក្តីពេញចិត្តចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅអាស៊ាន ជាមួយនឹងលទ្ធផលសំខាន់ៗមួយចំនួន មានជាអាទិ៍៖ ការដាក់ឱ្យដំណើរការផែនការទេសចរណ៍អាស៊ាន ២០២៦-២០៣០ និងផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន២០២៦-២០៣០ ការលើកកម្ព​ស់​គុណភាពក្នុងវិស័យទេសចរណ៍ ការជំរុញទេសចរណ៍ឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍សម្រាប់សហគមន៍ ស្រ្តី និងយុវជន។

ជាមួយគ្នានេះអង្គប្រជុំ ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការអនុតំបន់ របស់ក្រុមការងារមន្រ្តីទេសចរណ៍ជាតិកម្ពុជា ឡាវ និងវៀតណាម និងការឯកភាពលើការតម្លើងកម្រិត នៃកិច្ចសហប្រតិបត្តិការនេះដល់កម្រិតរដ្ឋមន្រ្តី តាមរយៈការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅក្នុងឆ្នាំ២០២៦ ក្រោមចក្ខុវិស័យ “ប្រទេសបី គោលដៅតែមួយ”។

កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរ អំពីពិធីបុណ្យម្ហូបអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងសិក្ខាសាលាស្តីពីទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលបានរៀបចំឡើងនៅឆ្នាំ២០២៥ ក្នុងប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តឱ្យបន្តការរៀបចំព្រឹត្តិការណ៍ទាំងនេះជាបន្តបន្ទាប់ ដើម្បីជំរុញលំហូរទេសច​រណ៍ទាំងក្នុងតំបន់ និងអន្តរតំបន់ និងធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយ។

បន្ថែមលើនេះ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ក៏មានការប្រគល់ពានរង្វាន់ ស្តង់ដាទេសចរណ៍អាស៊ាន២០២៦ ចំនួន៩ប្រភេទ សរុប ២១១ រង្វាន់ ក្នុងនោះកម្ពុជាទទួលបានចំនួន២៧ រង្វាន់ផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី៣០ នឹងប្រព្រឹត្តទៅប្រទេសសិង្ហបុរី ក្នុងអំឡុងខែមករា ឆ្នាំ២០២៧៕

សមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជាដើរតួនាទីសំខាន់ក្នុងការគៀងគរអ្នកធុរកិច្ចបរទេសមកកាន់កម្ពុជា

ដោយៈ ម៉ាលីនណា

    ស្វាយរៀងៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរខួប២ឆ្នាំ នៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា។

សមាគមបានរៀបចំពិធីនេះ ទ្បើងដើម្បីបង្កើនភាពស្និទ្ធស្នាល ចែករំលែកនូវបទពិសោធន៍ ពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ច ព័ត៌មានស្តីពីវិនិយោគ ក៏ដូចជាពង្រឹងនិងពង្រីកសាមគ្គីភាពនៃបណ្តាក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគ នៅក្នុងទឹកដីនៃខេត្តស្វាយរៀង។

ថ្លែងក្នុងពិធីនេះ លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ក្នុងរយៈពេល២ឆ្នាំរបស់សមាគម ពិសេសការចូលរួមចំណែកផ្សព្វផ្សាយ ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានខិតខំប្រឹងប្រែងកៀរគរវិនិយោគិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការបានកត់សម្គាល់ឃើញថា ត្រឹមតែរយៈពេ​ល២ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)ខេត្តស្វាយរៀង បានទទួលគម្រោងវិនិយោគយ៉ាងច្រើន ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស។

លោកជា វុទ្ធីបានលើកឡើងថា ការធ្វើធុរកិច្ចគឺត្រូវធ្វើយ៉ាងណាដើម្បីទទួលបានផលចំណេញ ប៉ុន្តែបន្ថែមលើការប្រឹងប្រែងស្វែងរកផលចំណេញ ក្រុមហ៊ុនក៏ត្រូវមានកាតព្វកិច្ច ក្នុងសកម្មភាពទទួលខុសត្រូវសង្គមផងដែរ។

ក្នុងន័យនេះ លោកអគ្គលេខាធិការបានមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជំហានដំបូងផ្តោតលើការបង្រៀនភាសាចិន និងកសាងសាលារៀនចំណេះទូទៅបន្ថែមទៀតនៅក្នុងខេត្តស្វាយរៀង ដែលកិច្ចការនេះ ទាមទារឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់សមាគម និងវិនិយោគិនទាំងអស់ក្នុងខេត្តស្វាយរៀង៕

រដ្ឋមន្រ្តីកាបរទេសសឹង្ហបុរីស្នើឲ្យថៃដោះស្រាយជម្លោះជាមួយ កម្ពុជាដោយសន្តិវិធី

ដោយៈ ម៉ាណា

    ហ្វីលីពីនៈ រដ្ឋមន្ត្រី​ការបរទេសសិង្ហបុរី​ លោក Vivian Balakrishnan បាន​​ជំរុញ​​ឲ្យ​ថៃ ​ដោះស្រាយ​ដោយ​សន្តិភាព​​នូវ​​តានតឹង​​​​តាមបណ្តោយ​​​ព្រំដែន​​ថៃ​និង​កម្ពុជា​។

​​លោកបានលើកឡោះងបែបនេះ ក្នុងជំនួប​​ទ្វេភាគី​ជាមួយ​​រដ្ឋមន្ត្រី​ការបរទេសថៃ​ លោក ​​Sihasak Phuangketkeow​ នៅ​​ឯក្រៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​កា​របរទេសអាស៊ាន​​នៅ​​​ទីក្រុង​ស៊ីប៊ូ ប្រទេសហ្វីលីពីន។

លោករដ្ឋមន្រ្តី ​វីវ៉ាន់ បាឡា​គ្រឹស្នាន់ ​បាន​បង្ហោះ​សារ​តាមបណ្តាញ​សង្គមហ្វេសប៊ុក និង​ដក​​ស្រង់​​ដោយ​សារ​ព័ត៌មាន Straits Times បាន​និយាយថា​ “សង្ឃឹមថាសន្តិភាពនឹង​ស្តែង​ឡើង​ ហើយភាគីទាំងពីរនឹងអាចដោះស្រាយភាពខុសគ្នារបស់ពួកគេ តាមរយៈការសន្ទនា និងការចរចា។

ជម្លោះ​​ព្រំដែនរវាង​ថៃ​និង​កម្ពុជា ហាក់​បាន​ទាញទម្លាក់​​​​​គុណតម្លៃ​របស់​អាស៊ាន ដែល​ជា​សហគមន៍​​សន្តិភាព​ រួម​វាសនា​តែមួយ​ នោះ ​ដោយសារ​តែ​​​ភាគី​ថៃ ​​​ដែលមានទំនាស់​នយោបាយ​​ផ្ទៃ​ក្នុង រួច​​បង្វែរ​ជម្លោះ​​ផ្ទៃក្នុងនោះ ​មក​កាន់​ព្រំដែន​ជាមួយកម្ពុជា ដោយ​បង្ក​ហេតុ​ឲ្យ​មានការ​ផ្ទុះ​អាវុធ និង​ប្រើប្រាស់​មធ្យោបាយ​ប្រយុទ្ធ​ដ៏សាហាវ ​ដើម្បី​កាន់​កាប់​​តំបន់​មួយចំនួន​របស់​កម្ពុជា ក្នុងន័យ​ផ្គាប់ចិត្ត​ក្រុម​អ្នក​ជាតិនិយមថៃ​។

បើទោះបី​​ជា ប្រទេស​កម្ពុជា ​និង​ថៃ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់រហូតដល់​ទៅ២លើក និងកិច្ច​ព្រមព្រៀង​សន្តិភាព​​​ដ៏ទូលំទូលាយ​ ក្រោម​វត្តមាន​​មហាអំណាច​សហរដ្ឋអាមេរិក និង​ប្រធានអាស៊ាន​ក៏ដោយ ប៉ុន្តែ​​​យោធា​របស់​ប្រទេសថៃ​ នៅមិនទាន់​ចូលរួម​អនុវត្តន៍​ពេញលេញ​ ដោយ​ដកចេញពី​ទឹកដី​របស់​កម្ពុជា​នៅឡើយ ដោយ​បំពាន​លើ​​​ជនស៊ីវិល និង​​បូរណៈភាព​ទឹកដី​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​៕

ធនាគារ ហត្ថា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ផ្តោតលើការអនុវត្តផែនការយុទ្ធសាស្រ្តអោយល្អបំផុត ក្នុងឆ្នាំ២០២៦

ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុ MUFG បានរៀបចំកិច្ចប្រជុំនាយក-នាយិកាសាខា ប្រចាំឆ្នាំ ២០២៦ ក្រោមប្រធានបទ៖“Defining Together Tomorrow” បានធ្វើឡើងនៅធនាគារ ហត្ថា ថៅវើ ដោយមានការអញ្ជើញចូលរួមពី លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងថ្នាក់គ្រប់គ្រង ព្រមទាំងលោកនាយក-នាយិកាសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស ប្រមាណជាង​៤០០នាក់។

កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងចែករំលែកផែនការយុទ្ធសាស្ត្រ និងនិតិវិធីសំខាន់ៗដល់ប្រតិបត្តិករនៅគ្រប់សាខាទូទាំងប្រទេស  ដើម្បីជំរុញការលក់ សម្រួលនីតិវិធីប្រតិបត្តិការប្រចាំថ្ងៃ និងគាំទ្រដល់ការដឹកនាំសាខាឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ក្នុងការផ្ដល់នូវសេវាកម្មប្រកបដោយគុណភាពដើម្បីជំរុញកំណើនអាជីវកម្មឲ្យមានចីរភាពក្នុងឆ្នាំ ២០២៦។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “កិច្ចប្រជុំនាយក-នាយិកាសាខានៅថ្ងៃនេះ ដើរតួនាទីជាវេទិកាដ៏មានសារៈសំខាន់ក្នុងការចែករំលែកនូវនៅផែនការ​យុទ្ធសាស្រ្ត​   និងវីធីសាស្រ្តថ្មីៗក្នុងការជំរុញការលក់ ព្រមទាំងគន្លឹះក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាព ដើម្បីកសាងទំនុកចិត្តពីសំណាក់អតិថិជន និងពង្រឹងគុណភាពប្រត្តិបការអោយកាន់តែមានប្រសិទ្ធភាព”។ លោកបានបន្ថែមទៀតថា “លើសពីនេះ កិច្ចប្រជុំក្នុងឆ្នាំនេះ គឺដើម្បីជំរុញការអនុវត្តន៍នូវផែនការយុទ្ធសាស្រ្តអោយមានប្រសិទ្ធភាពខ្ពស់បំផុតស្របតាមពាក្យ រួមគិត រួមធ្វើ និងធ្វើអោយល្អបំផុត ដើម្បីរួមគ្នាសាងអនាគតដ៏ប្រសើរទាំងអស់គ្នា”។​

 

ក្រៅពីកិច្ចប្រជុំដើម្បីចែករំលែកនូវយុទ្ធសាស្រ្តនេះ យើងបានរៀបចំសកម្មភាពការងារជាក្រុម​ (Team Building) ក្នុងគោលបំណងអោយបុគ្គលិកធនាគារ ហត្ថា​ មកពីទូទាំងប្រទេស បានជួបប្រាស្រ័យទាក់ទងគ្នា មានសកម្មភាពកីឡារួមគ្នា ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និងការសហការល្អក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅរកវឌ្ឍនភាព និងភាពជោគជ័យនាពេលខាងមុខ។​

 

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។ ធនាគារ ហត្ថា គឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ របស់ប្រទេសជប៉ុន ដែលមានសាខាប្រហែល  ២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ប្រទេសក្នុងពិភពលោក ។ សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយេន និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយេន នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥ ៕

អ្នកឧកញ៉ាសំ សុខនឿនៈ អចលនទ្រព្យនៅតែមានឱកាសធ្វើជំនួញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ នៅពេលមនុស្សជាច្រើន បារម្ភនិងមិនសូវមានសុទិដ្ឋិ​និយមពីទីផ្សារអចលនទ្រព្យ អ្នកជំនាញក្នុងវិស័យនេះមិនសូវមានការបារម្ភច្រើនពេកទេ។

អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN GROUP បានលើកឡើងថា បងប្អូនដឹងទេ ទោះនៅពេលនេះស្ថានភាពអចលនវត្ថុស្ថិតនៅក្នុងស្ថានភាពទ្រឹង ឬស្ងប់ស្ងាត់ក៏ពិតមែន តែបើអ្នកមានជំនាញពិតប្រាកដនៅក្នុងវិស័យនេះ នៅតែអាចស្វែងរកឱកាសធ្វើជំនួញដដែរ។

អ្នកឧកញ៉ាបញ្ជាក់ថា “ខ្ញុំចង់បញ្ចាក់ឱ្យកាន់តែច្បាស់ថា ក្នុងជំនួញវិស័យអចលនវត្ថុ គឺមានជំនួញ៥ប្រភេទដែលលោកអ្នកត្រូវដឹង”។

ជំនួញទាំងនោះរួមមាន ១. ភ្នាក់ងារអចលនវត្ថុ ២. វាយតម្លៃអចលនវត្ថុ ៣. គ្រប់គ្រងអចលនវត្ថុ ៤. វិនិយោគអចលនវត្ថុ ៥. អភិវឌ្ឍន៍អចលនវត្ថុ។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ជំនួញទាំង៥ខាងលើ គ្មានជំនួញណាមួយល្អ ជាងជំនួញណាមួយនោះទេ អ្វីដែលសំខាន់បងប្អូនមានជំនាញពិតប្រាកដក្នុងជំនួញនោះ។

អ្នកឧកញ៉ាបញ្ជាក់ទៀតថា “ចំណែកខ្ញុំបច្ចុប្បន្នកំពុងធ្វើជំនួញ ២ប្រភេទ ក្នុងវិស័យអចលនវត្ថុនេះ គឺ ភ្នាក់ងារអចលនវត្ថុ និងវិនិយោគអចលនវត្ដុ។ ហើយនឹងចាប់ផ្តើម បន្ថែមមួយទៀត គឺអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យនៅក្នុងឆ្នាំ២០២៧នេះ”៕

តើរដ្ឋាភិបាលកំពិងអភិវឌ្ឍន៍គំរោងនៅភ្នំខ្នងផ្សារបែបណា?

ដោយៈ ម៉ាណា

    កំពង់ស្ពឺៈ  បន្ទាប់ពីមានការចង្អុលបង្ហាញរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់១០០ភាគរយហើយ។

គំរោងអភិវឌ្ឍន៍ទាំងនោះ រួមមាន ការសាងសង់ក្លោងទ្វារឡើងភ្នំ កន្លែងដំណាក់ដំរី ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតឡាន ម៉ូតូ សួនច្បារ ការដាំដើមឈើចម្រុះ រួមជាមួយហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មាន សម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបានរួចរាល់១០០%ផងដែរ។

ដោយឡែកការសាងសង់ផ្លូវ ប្រវែង៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ របស់ក្រសួងអភិវឌ្ឍន៍ជនបានរៀបចំចាក់ដី និងក្រាលគ្រួសស្អាតរួចរាល់ ឌែលបានសម្រួលការធ្វើដំណើរងាយស្រួលផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀចំ គម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិ បានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

លោកបានបញ្ជាក់ថា “ការអភិវឌ្ឍគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រ ទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ”។ លោកបន្ថែមថា ៗហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ ឱ្យទៅជាសហគ្រិន ដែលជាការផ្លាស់ប្តូរយ៉ាងសំខាន់ ពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានបង្កើនចំណូលជីវភាពគ្រួសារបន្ថែមទៀត ពីគោលដៅលំហែបៃតងនៅតាមសហគមន៍”។

លោកបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ចូលរួមពិនិត្យមើសមិទ្ធផលថ្មីនៃគម្រោងគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ និងរៀបចំផែនការអភិវឌ្ឍន៍ ផ្លូវឡើងភ្នំ និងតំបន់នៅលើភ្នំខ្នងផ្សារ នាថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ ក្នុងដំណើទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ នាពេលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធា​នទឹកនិងឧតុនិយម និងប្រតិភូក្រសួងជាច្រើននាក់ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងផងដែរ។

ប្រតិភូបានអញ្ជើញចូលរួមដាំដើឈើ “សន្តិភាព” នៅក្លោងទ្វាចូល ដំណាក់ដំរី ចំណុចជើងភ្នំ មុនឡើងទៅលើភ្នំខ្នងផ្សារ។ លោករដ្ឋមន្រ្តីទាំងពីរ រួមជាមួយអ្នកចូលរួមទាំងអស់ បានធ្វើដំណើរឡើងភ្នំដោយថ្មើជើង ចាប់ពីដំណាក់ដំរី ឆ្លងកាត់ដំណាក់នីមួយៗ ដែលបានសាងសង់រួចរាល់ ជាមួយកន្លែងអង្គុយសម្រាកលម្ហែដ៏ស្រស់ស្អាត អ្នកទេសចរណ៍ អាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ គយគន់ទេសភាពធម្មជាតិ រុក្ខជាតិ ផ្កាព្រៃជាដើម។

ជាមួយគ្នានេះ គម្រោងបានដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការឡើងភ្នំចំពោះសុខភាព នៅតាមកន្លែងសម្រាកនីមួយៗថែមទៀត៕

តើរដ្ឋាភិបាលគ្រោងពង្រីកការប្រើប្រាស់ទឹកស្អាតឲ្យបានទូទាំង ប្រទេសនៅឆ្នាំ២០៣០?

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា រដ្ឋាភិបាលគ្រោងពង្រីកការចែកចាយបណ្តាញទឹកស្អាត ឲ្យបានគ្រប់ភូមិទូទាំងប្រទេសនៅឆ្នាំ២០២៣០ខាងមុខ។

ព័ត៌មាននេះត្រូវបានលើកឡើងកាលពីចុងសប្តាហ៍មុន ដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចែករំលែកអំពីគោលនយោបាយ ស្ថានភាព និងគោលដៅ នៃការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ខណ:រដ្ឋាភិបាលបានចាត់ទុកវិស័យទឹកស្អាត ស្ថិតក្នុងអទិភាពទី៣ និងមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍ។

លោកបានបញ្ជាក់ថា “ក្នុងអាណត្តិទី៧នេះ ក្រសួងមានបំណងយកវិស័យទឹកស្អាតនេះ ធ្វើបរិវត្តកម្មសេដ្ឋកិច្ចជនបទ និងលើកកម្ពស់ឧស្សាហូបនីយកម្ម ដោយមានរដ្ឋាភិបាលបានដាក់គោលដៅ ក្នុងឆ្នាំ២០៣០ ឱ្យមានទឹកស្អាតប្រើប្រាស់នៅគ្រប់ទីកន្លែង និងគ្រប់ភូមិដ្ឋាន”៕

មាសធ្លាក់ចុះបន្ទាប់ពីការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ហេតុអ្វី?

ដោយៈ ម៉ាណា

    អន្តរជាតិៈ តម្លៃមាសបានធ្លាក់ចុះ បន្ទាប់ពីការធ្លាក់ចុះដ៏ធំបំផុតរបស់ខ្លួន ក្នុងរយៈពេលជាងមួយទសវត្សរ៍ ហើយប្រាក់បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការជួញដូរដ៏ច្របូកច្របល់ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់បំផុត។

មាសភ្លាមៗបានធ្លាក់ចុះដល់6.3% នៅថ្ងៃចន្ទ។ ប្រាក់បានកើនឡើងយ៉ាងខ្លាំង ដោយធ្លាក់ចុះមកត្រឹមប្រហែល75 ដុល្លារក្នុងមួយអោន បន្ទាប់ពីបានកើនឡើងដល់ទៅ3.2%ពីមុន។ លោហៈពណ៌សបានកត់ត្រាការខាតបង់ ដ៏ធំបំផុតរបស់ខ្លួននៅក្នុងវគ្គជួញដូរមុន។

“រឿងនេះមិនទាន់ចប់ទេ” លោក Robert Gottlieb អតីតអ្នកជួញដូរលោហៈដ៏មានតម្លៃនៅ JPMorgan Chase & Co. និងឥឡូវនេះជាអ្នកអត្ថាធិប្បាយទីផ្សារឯករាជ្យបាននិយាយ ដោយបន្ថែមថា ការស្ទាក់ស្ទើរ ក្នុងការទទួលយកហានិភ័យបន្ថែមទៀត នឹងរារាំងសាច់ប្រាក់ងាយស្រួលទីផ្សារ។

លោកបញ្ជាក់ថា “យើងត្រូវមើលថាតើវានឹងស្វែងរកការគាំទ្រឬអត់។ ចំណុចសំខាន់គឺថា ការជួញដូរមានមនុស្សច្រើនពេក”។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ លោហៈដ៏មានតម្លៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេល ដែលធ្វើឱ្យសូម្បីតែអ្នកជួញដូរដែលមានបទពិសោធន៍ក៏ភ្ញាក់ផ្អើលផងដែរ។ ការកើនឡើងបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមករា ខណៈដែលវិនិយោគិនបានប្រមូលផ្តុំគ្នាចូលទៅក្នុងមាស និងប្រាក់ ដោយសារតែការព្រួយបារម្ភឡើងវិញអំពីភាពចលាចលភូមិសាស្ត្រនយោបាយ ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ និងឯករាជ្យភាពរបស់ធនាគារកណ្តាលសហព័ន្ធ។ រលកនៃការទិញពីអ្នកវិនិយោគចិន បានបន្ថែមភាពមិនច្បាស់លាស់ដល់ការកើនឡើង។

កត្តាជំរុញឱ្យមានការលក់ចេញយ៉ាងខ្លាំង នៅថ្ងៃសុក្រគឺព័ត៌មានដែលថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងតែងតាំងលោក Kevin Warsh ឱ្យដឹកនាំធនាគារកណ្តាលសហព័ន្ធ ដែលបានធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ និងធ្វើឱ្យអារម្មណ៍ធ្លាក់ចុះ ក្នុងចំណោមវិនិយោគិន ដែលបានភ្នាល់លើឆន្ទៈរបស់លោក Trump ក្នុងការអនុញ្ញាតឱ្យរូបិយប័ណ្ណចុះខ្សោយ។

ពាណិជ្ជករចាត់ទុកលោក Warsh ជាអ្នកប្រយុទ្ធប្រឆាំងនឹងអតិផរណាដ៏លំបាកបំផុត ក្នុងចំណោមបេក្ខជនចុងក្រោយ ដែលបង្កើនការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ដែលនឹងគាំទ្រប្រាក់ដុល្លារ និងធ្វើឱ្យមាសដុំ ដែលមានតម្លៃដូចប្រាក់ដុល្លារចុះខ្សោយ។

ប៉ុន្តែលោហៈដ៏មានតម្លៃ ត្រូវបានរៀបចំរួចហើយសម្រាប់ចលនាខ្លាំង ខណៈដែលតម្លៃកើនឡើង និងភាពប្រែប្រួលបានធ្វើឱ្យគំរូហានិភ័យ និងតារាងតុល្យការរបស់ពាណិជ្ជករមានភាពតានតឹង។ រលកកំណត់ត្រានៃការទិញជម្រើសហៅទូរស័ព្ទ កិច្ចសន្យាដែលផ្តល់ឱ្យអ្នកកាន់សិទ្ធិក្នុងការទិញក្នុងតម្លៃកំណត់ទុកជាមុនកំពុង “ពង្រឹងសន្ទុះតម្លៃឡើងខ្ពស់”។

អ្នកជំនាញនៅGoldman Sachs Group Inc. បាននិយាយនៅក្នុងកំណត់ចំណាំមួយ ខណៈដែលអ្នកលក់ជម្រើស បានការពារការប៉ះពាល់របស់ពួកគេ ចំពោះតម្លៃកើនឡើងដោយការទិញបន្ថែម។

មាសបានធ្លាក់ចុះ៤,៤% មកនៅត្រឹម៤.៦៨០,៧៦ ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:២១ ព្រឹក ម៉ោងនៅសិង្ហបុរី។ ប្រាក់បានធ្លាក់ចុះ ២,២% មកនៅត្រឹម៨៣,២៩៦៥ ដុល្លារ។ ផ្លាទីន និង ប៉ាឡាដ្យូម បានធ្លាក់ចុះ។ សន្ទស្សន៍ Bloomberg Dollar Spot ដែលជារង្វាស់នៃរូបិយប័ណ្ណអាមេរិក បានកើនឡើង០,១% បន្ទាប់ពីកើនឡើង ០,៩% នៅក្នុងវគ្គមុន៕