ប្រទេស៤ក្នុងសហភាពអឺរ៉ុបអំពាវនាវឱ្យប្រើប្រាស់ទ្រព្យបង្កករបស់រុស្ស៊ីសម្រាប់កសាងប្រទេសអ៊ុយក្រែនឡើងវិញ

ដោយ៖ សុខុម

 

ព្រុចសែល: ប្រទេសលីទុយអានី ស្លូវ៉ាគី ឡាតវី និងអេស្តូនី នៅថ្ងៃអង្គារ ទី២៤ ខែឧសភា នេះបានអំពាវនាវឱ្យរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលសហភាពអឺរ៉ុប បានបង្កកដើម្បីយកទៅជួយកសាងប្រទេសអ៊ុយក្រែន ឡើងវិញ បន្ទាប់ពីរុស្ស៊ីបញ្ឆេះសង្គ្រាមចូលឈ្លានពាន។

ផ្អែកតាមលិខិតរួមមួយច្បាប់ដែលប្រទេសទាំង៤នេះ បានចេញកាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា បង្ហាញថា កាលពីថ្ងៃទី៣ ខែឧសភា ប្រទេសអ៊ុយក្រែន បានប៉ាន់ប្រមាណថា ខ្លួននឹងត្រូវការទឹកប្រាក់រហូត ប្រមាណ៦០០ពាន់លានដុល្លារអាមេរិក សម្រាប់កសាងប្រទេសឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញពីសំណាក់រុស្ស៊ី។

 

ទោះជាយ៉ាងណា ខណៈសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តឆាបឆេះពេញទំហឹងនៅឡើយ ទំហំថវិកាដែលត្រូវការសម្រាប់កសាងប្រទេសឡើងវិញនេះទំនងជានឹងកើនឡើងខ្លាំង។

លិខិតដែលបានដាក់ជូនក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសហភាពអឺរ៉ុប នៅថ្ងៃអង្គារ នេះមានខ្លឹមសារថា “មួយចំណែកធំនៃការចំណាយ សម្រាប់ការកសាងប្រទេសអ៊ុយក្រែន ឡើងវិញ រួមទាំងសំណង សម្រាប់ជនរងគ្រោះនៃការឈ្លានពាន ដោយយោធារុស្ស៊ី ផងត្រូវតែរ៉ាប់រងដោយរុស្ស៊ី”។

 

លិខិតដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាននេះក៏អំពាវនាវឱ្យសហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេស (មិនរាប់បញ្ចូលរុស្ស៊ី) ចាប់ផ្តើមរៀបចំទណ្ឌកម្មថ្មីៗប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ផងដែរ។

 

ប្រទេសទាំង៤នេះ បានកត់សម្គាល់ថា សហភាពអឺរ៉ុប និងបណ្ដាប្រទេសដែលមានគំនិតដូចគ្នាបានបង្កកទ្រព្យសម្បត្តិបុគ្គល និងអង្គភាពរបស់រុស្ស៊ី ព្រមទាំងទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ី សរុបប្រមាណ៣០០ពាន់លានដុល្លារអាមេរិក។

 

រហូតមកដល់ពេលនេះ សហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្តិប្រមាណ៣២ពាន់លានដុល្លារអាមេរិក របស់មហាសេដ្ឋី និងអង្គភាពរបស់រុស្ស៊ី និងបេឡារូស។

គណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍មុនថា ខ្លួននឹងពិនិត្យមើលលទ្ធភាពថា តើខ្លួនអាចរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានបង្កកទុក ដើម្បីយកទៅកសាងប្រទេសអ៊ុយក្រែន ឡើងវិញបានដែរឬយ៉ាងណា ក្រោមច្បាប់ជាតិ និងច្បាប់របស់សហភាពអឺរ៉ុប ប៉ុន្តែមិនបាននិយាយអំពីទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ីនោះឡើយ៕

ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកមួយបោះទុន១០លានដុល្លារ ពង្រីកសក្តានុពលលើការអភិវឌ្ឍអចលនទ្រព្យភូមិភាគ​ឦសាន

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនគ្រូយើង បាននិងកំពុងបោះទុនរាប់លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងបុរីធំដំបូងគេបង្អស់ នៅលើទឹកដីស្រុកកូនមុំ ខេត្តរតនគិរី ដោយមានមហិច្ឆិតាប្រែក្លាយតំបន់ភូមិភាគឦសានទាំងមូលជាតំបន់ស៊ីវិល័យ។

លោក មាន ទូច ប្រធានគ្រប់គ្រងគម្រោងគ្រូយើង ក្នុងទឹកដីខេត្តរតនគិរី បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៣ ខែឧសភានេះថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងសាងសង់ ដោយកំពុងឈូសឆាយដី ហើយគ្រោងនឹងចាប់ផ្តើមការសាងសង់ផ្ទះនាពេលឆាប់ៗនេះ។

បើតាមលោកទូច គម្រោងគ្រូយើងមួយនេះ មានការសាងសង់លំនៅឋានច្រើនប្រភេទ រួមមាន ផ្ទះអាជីវកម្ម ផ្ទះវីឡា Twin Villa King Villa ក្លឹបហាត់ប្រាណ ជាពិសេស គម្រោងផ្សារទំនើបដំបូងគេបង្អស់ នៅលើទឹកដីភូមភាគឦសានមួយនេះ។

គម្រោងក៏ធំបង្អស់មួយនេះ មានទឹកប្រាក់វិនិយោគប្រហែល១០លានដុល្លារអាមេរិក ដែលសាងសង់លើផ្ទៃដី១៦,៥ហិកតា មានទីតាំងនៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី ដែលមានចម្ងាយត្រឹមតែ៦គីឡូម៉ែត្រ​ពីក្រុងបានលុង។

លោកបន្តថា មូលហេតុដែលគម្រោងជ្រើសរើសទីតាំងនេះ ព្រោះជាទីតាំងស្ថិតនៅផ្លូវបំបែកទៅកាន់រាជធានីភ្នំពេញ និង​ផ្លូវបំបែកឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី ហើយគម្រោងអភិវឌ្ឍន៍ខេត្តនឹងត្រូវបានពង្រីកក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត។ លើសពីនេះ ម្ចាស់គម្រោងមានផែនការកែប្រែតំបន់មួយនេះ ទៅជាតំបន់មួយ ដែលមានលក្ខណៈស៊ីវិល័យ។

លោកថា “ទី១ យើងគិតថា ខេត្តនឹងរីកទៅដល់ហ្នឹង ក្នុងប៉ុន្មានឆ្នាំទៀត។​ ទី២ យើងចង់ធ្វើតំបន់មួយដែលមានលក្ខណៈដូចក្រុងភ្នំពេញ កុំឱ្យថា ខេត្តដាច់ស្រយាល មិនមានអ្វីដូចគេ”។

លោកបានបន្តថា ប្រសិនបើមិនមានការប្រែប្រួលនោះទេ គម្រោងទាំងមូលនេះ គ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយកន្លងមក បានចាប់ផ្តើមបើកដំណើរការលក់ម្តងរួចរាល់ហើយ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្អាកការលក់បណ្តោះអាសន្នសិន ដោយផ្តោតទៅលើការ​ឈូសឆាយដី នៅក្នុងគម្រោងជាមុនសិន។ ប្រសិនបើគម្រោងនេះដំណើរការល្អប្រសើរ ក្រុមហ៊ុននឹងបន្តដំណើរការពង្រីកទៅកាន់ខេត្តផ្សេងទៀតដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ជាដើម។​

លោកបញ្ជាក់ឱ្យដឹងថា គម្រោងនេះសាងសង់ផ្ទះចំនួនប្រហែល២០០ខ្នង ដោយការសាងសង់ផ្តោតទៅលើសុខុមាលភាពនៃការរស់នៅរបស់អតិថិជនផ្ទាល់។ លោកថា នេះជាគម្រោងដំបូងគេក្នុងភូមិភាគឦសាន ដែល​នឹងលើកមុខមាត់ខេត្តរតនគិរីទាំងមូល ព្រមទាំងលើកស្តង់ដារការរស់នៅរបស់ប្រជាជន ដោយផ្តល់នូវការរស់នៅប្រកបដោយអនាម័យ ផាសុខភាព និងសុវត្តិភាព។

លោក យ៉ូន សុខរិន​ ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី បានឱ្យដឹងថា ក្រោយពីបញ្ចប់ការសាងសង់ហើយ គម្រោងនេះនឹងជំរុញកំណើនវិស័យអចលនទ្រព្យក្នុងខេត្តរតនគិរីបន្ថែមទៀត ដោយនឹងនាំមកនូវការរស់នៅថ្មីមួយ ទាក់ទាញទេសចរ និងលើកមុខមាត់ខេត្តរតនគិរីទាំងមូលផងដែរ។

លោកបន្តទៀតថា គម្រោងនេះក៏បានទាក់ទាញ អតិថិជនមានចំណាប់អារម្មណ៍ នៅក្នុងការទិញលក់ដីធ្លីច្រើនប្រភេទ ដូចជា ប្រជាជននៅក្នុងខេត្ត ចាប់អារម្មណ៍ស្វែងរកទិញដី ដើម្បីសាងសង់ជាលំនៅឋានផ្ទាល់ខ្លួន។ ចំណែកអតិថិជនធំមួយទៀតនោះ គឺអ្នកវិនិយោគ ដែលចាប់អារម្មណ៍រកទិញដី នៅជាយក្រុងបានលុង ដើម្បីអភិវឌ្ឍន៍ និងលក់យកផលចំណេញខ្ពស់ នាពេលអនាគត៕

 

គម្រោងសាងសង់ស្ពានពីតំបន់ព្រែកប្រាឆ្លងកាត់ទន្លេបាសាក់មិនទាន់កំណត់ពេលវេលាជាក់លាក់

ដោយៈជេស៊ីកា

       ភ្នំពេញៈ គំរោងសាងសង់ស្ពានពីតំបន់ព្រែកប្រា ឆ្លងកាត់ទន្លេបាសាក់ទៅកាន់មហាវិថីសម្តេចតេជោ បានស្ថិតក្នុងផែនការអាទិភាព នៃកញ្ចប់ថវិ​កាជាតិសម្រាប់ឆ្នាំ២០២២។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះ ថា ដោយសារការលើកសំណើរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឲ្យផែនការអភិវឌ្ឈន៍គំរោង ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ផ្លាស់ប្តូរកម្រិតអាទិភាព។​ ជាក់ស្តែងគំរោងសាងសង់ស្ពានក្រចេះ តភ្ជាប់ទៅកាន់ស្រុកព្រែកប្រ​សព្វបានផ្លាស់ប្តូរមកអាទិភាពក្រោយ។

លោកបន្តថា “ដោយសារភាពចាំបាច់ ក្នុងការសម្រួលការធ្វើចរាចរ​ណ៍ បានធ្វើឲ្យគំរោងសាងសង់ស្ពានព្រែកប្រា ឆ្លងទន្លេបាសាក់លោតមកកាន់អាទិភាពទី១”។ លោកបន្តថា “ទោះជាយ៉ាងណា លោកមិនមានព៌តមានលំអិតពីគំរោងស្ពាននេះថា នឹងសាងសង់នាពេលណានោះទេ ព្រោះគំរោងនេះ ស្ថិតនៅក្រោមដែនរដ្ឋ​បាលក្រុងភ្នំពេញ”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ដោយសារថវិការបស់យើងនៅមាន​កម្រិត ទើបគំរោងអាទិភាពនានា ត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់ ជាក់ស្តែងស្ពានឆ្លងកាត់ពីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង ក៏បានផ្លាស់ប្តូរកម្រិតអាទិភាពផងដែរ ហើយគំរោងមួយចំនួនទៀត ក៏រុញទៅពេលក្រោយបន្តប ន្ទាប់។

លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ការសិក្សាពីគំរោងសាងសង់ស្ពាននេះ បានឈានដល់ដំណាក់កាលជិតបញ្ចប់ហើយ៕

ទោះជាយ៉ាងណារហូតមកទល់ពេលនេះ ការសាងសង់ស្ពាននេះនៅពេលណា មិនទាន់មានការបញ្ជាក់ ឬជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញនៅឡើយទេ។

គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុកំពុង សិក្សាលំអិត

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីអ្នកនាំាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ថា គំរោងសិក្សាសាងសង់ ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុ ភ្នំពេញ សៀម​រាប និងក្រុងប៉ោយប៉ែត កំពុងសិ្ថតក្នុងការពិចារណាលើជម្រើសចំនួនពីរ។

លោកបានមានប្រសាសន៍ឲ្យ ដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បន្ទាប់ពីមានអនុសាសន៍ចង្អុល បង្ហាញពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងសាធារណៈការ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងនូវជម្រើសចំនួនពីរ ទី១ សាងសង់លើផ្លូវចាស់ ដែលមានស្រាប់ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ប៉ុន្តែបើធ្វើបែបនេះទូរថភ្លើង និងជំរឹងផ្លូវរថភ្លើងចាស់ នឹងត្រូវចោលទាំងអស់។

ជម្រើសទី២ គឺសាងសង់ផ្លូវថ្មីតែម្តង ដែលជម្រើសបែបនេះ ប្រទេសវៀតណាមបានធ្វ់រួចហើយ។

លោកវ៉ាស៊ីម សូរិយាបានបន្តថា យ៉ាងណាក៏ដោយ បើយើងតភ្ជាប់ផ្លូវ​រថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ហើយឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ជាចំណុចប្រឈមផងដែរ ដោយសារប្រទេសថៃគ្មាន​ផែនការសាងសង់Express Trainមកកាន់ក្រុងប៉ោយប៉ែតទេ ប៉ុន្តែបើ​សាងសង់តភ្ជាប់តាមរយៈផ្លូវជាតិលេខ១ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀងភាគីវៀតណាម នឹងយល់ព្រមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឬExpress Way មកកាន់ព្រំដែនបាវិត។

លោកបន្តឲ្យដឹងទៀតថា ទោះជាយ៉ាងណារហូទមកទល់ពេលនេះ ផែន​ការនេះ មិនទាន់សម្រេចសិក្សាដោយក្រសួងសាធារណៈការ និងក្រសួ​ង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយទេ ប៉ុន្តែបើត្រូវសិក្សាគឺក្រុមហ៊ុនចិននឹងសិក្សាលើគំរោងនេះ តែយ៉ាងណារហូតមកទល់ពេលនេះ លោកមិនទាន់មានព៌តមានពីក្រុមហ៊ុនណាមកសិក្សានៅឡើយទេ។

យ៉ាងណាក៏ដោយនៅឆ្នាំាំ២០២១កន្លងមកនេះ ក្រុមហ៊ុនលំដាប់យក្សដែលសាងសង់ផ្លូវរថភ្លើងច្រើនជាងគេ នៅប្រទេសចិនChina Railwaysបានមកបោះទីតាំង និងបង្កើតការិយាល័យតំណាងនៅកម្ពុជារួចហើយ។ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ពីការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិតបញ្ចប់ដោយគ្រោងចំណាយថវិកាសាងសង់ ប្រមាណ២០០០លានដុល្លារអាមេរិកផងដែរ។

ជាមួយគ្នានេះ លោកWang Youpinថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនលំដាប់យក្សរបស់ចិនCRECបាន និងកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាគ្នាលើការងារនេះផងដែរ៕

ក្រុមហ៊ុនចិនកាន់តែច្រើនចាប់អារម្មណ៍វិនិយោគនៅក្នុងខេត្តស្វាយរៀង

ដោយៈគង់ សូរិយា

       ស្វាយរៀងៈ ក្រុមហ៊ុនវិនិយោគចិន កំពុងសម្លឹងមើលវិស័យអចលនទ្រព្យ ក្នុងទឹកដីខេត្តស្វាយរៀង ក្រោយពេលសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញជាបណ្តើរៗចាប់ពីចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២នេះ។

លោក ម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានថ្លែង​គាំទ្រ និង​លើកទឹកចិត្ត ដល់​វិស័យ​ឯកជន​ទាំងអស់ នៅក្នុង​ខេត្តស្វាយរៀង ដែល​វិនិយោគ​វិស័យ​អចលនទ្រព្យ​ដីធ្លី ស្រប​ពេលដែល​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍលើ​គ្រប់​វិស័យ ដែលជា​ឱកាស​មួយ សម្រាប់​អ្នកវិនិយោគទុន​ទាំងអស់ មក​បណ្តាក់ទុន​រកស៊ី​នៅ​ខេត្ត ដែលមាន​ទីតាំង​ដី អំណោយផល​ជាច្រើន សម្រាប់​អ្នកវិនិយោគ។

លោក​អភិបាលខេត្ត តែងតែ​ជំរុញ និង​សហការ ក្នុង​ការផ្តល់​ទំនុកចិត្ត ចំពោះ​ការអភិវឌ្ឍ ហើយ​រាល់​ការវិនិយោគ វិស័យ​ឯកជន ពិតជា​បានរួម​ចំណែក នូវ​គោលនយោបាយ កាត់បន្ថយ​ភាព​ក្រី​ក្រី ជាមួយ​រាជរដ្ឋាភិបាល បាន​មួយកម្រិត ដូចជា បានផ្តល់​នូវ​លំនៅឋាន និងដីមានតម្លៃ​សមរម្យ ជាពិសេសបានផ្តល់​ការងារ ដល់​ប្រជាពលរដ្ឋផងដែរ​។​

គម្រោងអចលនទ្រព្យ ភូមិមរតក ក្នុងខេត្តស្វាយរៀង ក៏បានទទួលស្វាគមន៍ក្រុមហ៊ុនដៃគូរ ACCI ដែលដឹកនាំដោយលោក Zhigang Wang សហការជាមួយដៃគូរវិនិយោគិនចិន។

លោកសោម សុធា អគ្គនាយកគម្រោងភូមិមរតក បានមានប្រសាសន៍ឲ្យដឹងថា គម្រោងអចលនទ្រព្យភូមិមរតក បានលរួមនៅក្នុងការងារសង្គម ដូចជា បានស្ថាបនាផ្លូវ និងតែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រជាដើម។

លោកបន្តថា ក្រុមហ៊ុននឹងពង្រីកទីតាំងបន្ថែមទៀត នៅស្រុកស្វាយជ្រំដែលមានដីជាង១០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់លិចក្រុងស្វាយរៀង ក្លាយទៅជាតំបន់ដែលមានមនុស្សរស់នៅអ៊ូអរ ស៊ីវិល័យ ទាក់ទាញ និងមានដី ផ្ទះ តូបផ្សារ ក្នុងតម្លៃសមរម្យ៕

អបអរសាទរៈកម្ពុជាទទួលទង់ស៊ីហ្គេមជាផ្លូវការហើយ

 ដោយៈគង់ សូរិយា

       ហាណូយៈ ជាការអបអរសាទរមួយ ដែលព្រះរាជាណាចក្រកម្ពុជាបានទទួលទង់ជ័យ របស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា “ទង់ស៊ីហ្គេម” ជាផ្លូវការហើយ ដើម្បីនាំយកទៅរាជធានីភ្នំពេញ និងរៀបចំពិធីដង្ហែ នាល្ងាចថ្ងៃទី២៤ ខែឧសភាសស្អែក សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ។

ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះ បានធ្វើឡើងក្នុងពិធីបិទព្រឹត្តិ​ការ​ណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ របស់សម្ដេចពិជ័​យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ។

សម្រាប់ថ្ងៃពិសេសក្នុងដំណើរឆ្ពោះ ទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានអញ្ជើញទទួលទង់ស៊ីហ្គេមផ្ទាល់ពីភាគីវៀតណាម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះនាឆ្នាំក្រោយ មុនលោករដ្ឋមន្ដ្រី ប្រគល់ឲ្យលោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជា សម្រាប់នាំយកទៅប្រគល់ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ តែម្ដង ។

ក្រោយទទួលបានទង់ស៊ីហ្គេម នៅល្ងាចថ្ងៃទី២៤ ខែឧសភាស្អែកនេះ CAMSOC និង NOCC នឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែទៅបញ្ចប់នៅទីស្នាក់ការ NOCC ។ តាមរយៈនេះ NOCC បានធ្វើការជូនដំណឹង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនចូលរួមអបអរសាទរពិធីដង្ហែទង់ស៊ីហ្គេមនេះ ដែលសបញ្ជាក់ថា ស៊ីហ្គេមបានទៅដល់កម្ពុជា ដើម្បីរួមចំណែកឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ទាំងអស់គ្នា ៕

 

លោកចូ បៃឌិន ដាក់ដំណើរការជាផ្លូវការនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលចិន

ដោយៈសុខុម

អន្តរជាតិ: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានដាក់ឱ្យដំណើរការជាផ្លូវការ នូវក្របខ័ណ្ឌសេដ្ឋកិច្ចរបស់លោក ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ក្នុងគោលបំណងទប់ទល់ នឹងឥទ្ធិពលរបស់មហាយក្សចិន ដែលរីកកាន់តែធំឡើងៗនៅអាស៊ី។

លោកបានប្រកាសថា ប្រទេសចំនួន១២នៅអាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាដៃគូចូលរួម ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចខាងលើនេះ សម្រាប់កិច្ចសហការលើវិស័យនានារួមទាំងថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

លោក ចូ បៃឌិន បានបង្ហាញក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីវិបុលភាព (Indo-Pacific Economic Framework for Prosperity) ហៅកាត់ថា IPEF នេះនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា អំឡុងដំណើរឈប់សំចតលើកទី២ នៃទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ី ក្នុងគោលបំណងជួយគាំទ្រ ដល់ការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។

ក្របខ័ណ្ឌសេដ្ឋកិច្ច IPEF ដែលមានគោលបំណងជំរុញលើកកម្ពស់ទំនាក់ទំនង តាមរយៈស្តង់ដាររួមក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗគ្នា ដែលជាដំបូងនឹងរួមបញ្ចូលកូរ៉េខាងត្បូង អូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ បូកសរុបបញ្ចូលគ្នា ប្រទេសទាំងនេះគ្របដណ្ដប់ប្រមាណ៤០% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក។

ក្របខ័ណ្ឌនេះ រួមមាន សសរស្តម្ភចំនួន៤ដូចជា ពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត &ហេដ្ឋារចនាសម្ព័ន្ធ និងពន្ធ & ការប្រឆាំងអំពើពុករលួយ។

លោក ចូ បៃឌិន បានថ្លែងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ថា “ថ្ងៃនេះយើងនៅទីនេះ ដើម្បីគោលបំណងដ៏សាមញ្ញមួយ ដែលអនាគតនៃសេដ្ឋកិច្ចនាសតវត្សរ៍ទី២១ ភាគច្រើននឹងស្ថិតនៅក្នុងតំបន់ឥណ្ឌូ -ប៉ាស៊ីហ្វិក តំបន់របស់យើង”។ លោកបន្តថា “ក្របខ័ណ្ឌនេះ នឹងជំរុញឱ្យមានការប្រកួតប្រជែងដល់ចំណុចកំពូល”។

ក្របខ័ណ្ឌសេដ្ឋកិច្ចនេះ បង្ហាញពីការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ចូ បៃឌិន នៅក្នុងការជំរុញលើកកម្ពស់ ការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដកខ្លួនចេញភ្លាមៗ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (TTP) ក្នុងឆ្នាំ២០១៧។

ព័ត៌មានលម្អិតជាក់លាក់ សម្រាប់ការអនុវត្តក្របខ័ណ្ឌសេដ្ឋកិច្ច ដែលលោក ចូ បៃឌិន បានប្រកាសជាលើកដំបូងកាលពីខែតុលា ចុងឆ្នាំ២០២១ នេះ នឹងត្រូវបានគាំទ្រ តាមរយៈការពិភាក្សាជាមួយប្រទេសជាដៃគូ ដែលនឹងអាចជ្រើសរើសវិស័យណាមួយដែលពួកគេចង់ចូលរួម។

ទោះជាយ៉ាងណា រដ្ឋការលោក ចូ បៃឌិន បានបញ្ជាក់យ៉ាងច្បាស់ហើយថា ក្របខ័ណ្ឌសេដ្ឋកិច្ច IPEF មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចសព្វដង ដែលនឹងពង្រីកផ្លូវរបស់បណ្ដាប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ី ហ្វិក ចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនោះឡើយ។

វិសាលភាពមានកម្រិត និងកង្វះការប្តេជ្ញាចិត្ត ដែលចងភ្ជាប់តាតព្វកិច្ចនៃក្របខ័ណ្ឌសេដ្ឋកិច្ចនេះ ត្រូវបានក្រុមអ្នកវិភាគ និងក្រុមមន្ត្រីក្នុងតំបន់មើលឃើញថា មានអ្នកខកចិត្ត ហើយបានលើកឡើងជាទឡ្ហីករណ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែស្វែងរកការចូលរួមផ្នែកសេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយ៕ Aljazeera៕

ថ្នាក់ដឹកនាំជាន់ខ្ពស់ CREC មកទស្សនកិច្ចកម្ពុជា ដើម្បីពិភាក្សាពីគំរោងរថភ្លើងល្បឿនលឿន និងផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័​ន្ឋធំលំដាប់ទី២របស់ពិភពលោក គឺ CREC បាននិងកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាជាមួយស្ថានទូតចិន លើ់ផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន។

ថ្នាក់ដឹកនាំមូយរូបនៃក្រុមហ៊ុននេះ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា លោក Wang Yiuping ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុន CREC បាន និងកំពុងទស្សនកិច្ចនៅកម្ពុជា ដោយលោកបាននិងកំពុងពិភាក្សា និងសុំការណែនាំពីស្ថានទូតចិននៅកម្ពុជា ពីគំរោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត និងគំរោង​សាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប សៀមរាបប៉ោយប៉ែត និងគំរោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុផងដែរ។

លោកបន្តថា “ទោះជាយ៉ាងណាព៌តមានលំអិត និងលទ្ឋផលនៃកិច្ចពិភាក្សានេះទទួលបានផ្លៃផ្កាយ៉ាងដូចម្តេច ខ្ញុំមិនអាចបញ្ជាក់បាននៅឡើយទេ”។ លោកបន្ថែមថា “លោក Wang Youping នឹងកបញ្ចប់ទស្សនកិច្ចនៅកម្ពុជានៅថ្ងៃពុធ ទី២៤ ឧសភាស្អែកនេះ”។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំាពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា លោកមិនបានដឹងព៌តមាននេះនៅឡើយទេ ហើយដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ CREC នឹងមិនមានជំនួប ជាមួយឯកឧត្តមទេសរដ្ឋមន្រ្តីឬយ៉ាងណា លោកមិនអាចបញ្ជាក់បានទេ ព្រោះពេលនេះលោកកំពុង ស្ថិតនៅប្រទេសស្វីសជាមួយសម្តេចតេជោ។

លោកបន្តថា “បើលោក Wang វិលត្រលប់ទៅវិញនៅថ្ងៃពុធ នឹងមិនមានជំនួបជាមួយឯកឧត្តមទេសរដ្ឋមន្រ្តីទេ ហើយការសិក្សាពីផ្លូវល្បឿនលឿន និងគំរោងផ្លូវរថភ្លើងល្បឿនលឿន ខ្ញុំមិនមានព៌តមានលំអិតទេ”៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) រៀបចំព្រឹត្តិការណ៍ ​“ទិវារត់ពាក់កណ្តាលម៉ារ៉ាតុន ច្បារអំពៅ” (Chbar Ampov Day) ដើម្បីកៀរគរថវិកាជូនមន្ទីរពេទ្យកុមារអង្គរ

ការរត់គឺជាកីឡាដ៏ពេញនិយម ហើយបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សជាច្រើន ព្រោះការរត់គឺជាសកម្មភាពហាត់ប្រាណ ដែលងាយស្រួលនិងមានប្រយោជន៍ ខណៈការហាត់ប្រាណនេះក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រួមទាំងបញ្ហា​ធ្វើឱ្យកម្រិត​អារម្មណ៍​ប្រសើរឡើងដូចជា៖ កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ និង​អាយុវែង បំបាត់ជាតិខ្លាញ់ សម្រួលអារម្មណ៍កាត់បន្ថយស្ត្រេស បង្កើនកម្លាំងសាច់ដុំ។ល ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) ដើម្បីរៀបចំព្រឹត្តិការណ៍ ​“ទិវារត់ពាក់កណ្តាលម៉ារ៉ាតុន ច្បារអំពៅ” (Chbar Ampov Day) ដែលជាព្រឹត្តិការណ៍រត់ដើម្បី សប្បុរសធម៌ និងសហគមន៍ ជាសាធារណៈ ដោយមានអ្នកចូលរួមប្រមាណជាង ២០០ នាក់ ចូលរួមរត់ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងទីតាំងបុរី ប៉េង ហួត ហ្រ្គេនស្ដាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងរយៈចម្ងាយ ១០ គីឡូម៉ែត្រ ។

គោលបំណងនៃព្រឹត្តិការណ៍ ទិវារត់ពាក់កណ្តាលម៉ារ៉ាតុន ច្បារអំពៅ នេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍កីឡាដើម្បីសុខភាព និងការថែរក្សាបរិស្ថាន ព្រមទាំងចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ ដោយរាល់ថវិកាផ្សេងៗដែលកៀរគរបានក្នុងព្រឹត្តិការណ៍នេះតាមរយៈការលក់សំបុត្រ និងការចូលរួមឧបត្ថម្ភផ្សេងៗពីដៃគូរសហការ គឺ​នឹងត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ។ ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍នេះក៏បានផ្ដល់ឱកាសដល់បណ្ដាស្ថាប័នក្រុមហ៊ុនឯកជនសហការចូលរួមចំណែកក្នុងការងារសម្បុរសធម៌ ដោយមានការចែកជូននូវផលិតផល និងសេវាកម្មរបស់ខ្លួនដោយមិនគិតថ្លៃដល់សាធារណៈជន ជាពិសេសដល់អ្នកដែលបានចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះផងដែរ ។

លោក អ៊ឹង ឆាយហួត ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ បានមានប្រសាសន៍ថា៖ “ មុននឹងឈានមកដល់កម្មវិធីធំមួយនេះ យើងបានរៀបចំការងារជាច្រើនជាមួយក្រុមការងារ​ ហើយក៏សូមថ្លែងអំណរគុណដល់បុរី ប៉េង ហួត ផងដែរ ដែលបានចូលរួមសហការផ្តល់ទីតាំង និងថវិកា ។ យើងសង្ឃឹមថាបងប្អូនប្រជាជនយើងទាំងអស់គ្នាចូលរួមជាមួយការងារមនុស្សធម៌ឱ្យ​បានច្រើនដើម្បីសង្គមរបស់យើង ។ ”

 

លោក អ៊ុក វីឡា នាយកធនធានមនុស្ស គ្រុប និងតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានលើកឡើងក្នុងការបើកកម្មវិធីនៃព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុន នេះថា៖ “ ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមក្នុងកិច្ចការងារសង្គមជាច្រើន ដូចជា៖ ការងារបរិស្ថាន សុខាភិបាល អប់រំ សង្គម និងវិស័យផ្សេងៗទៀតជាច្រើន ។ ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមព្រឹត្តិការណ៍ រត់ប្រណាំងមេត្រីភាពបរិស្ថានជាលើកដំបូង នៅលើភ្នំគូលែន ហើយថ្ងៃនេះជាថ្មីម្តងទៀត ក្រុមហ៊ុនមានកិត្តិយសបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុន ជាមួយអង្គការសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) ។ យើងបានដឹងហើយថា ការរត់គឺពិតជាមានសារៈប្រយោជន៍ជាច្រើន ព្រមទាំងសំខាន់ចំពោះសុខភាព ព្រោះការរត់ធ្វើឱ្យសុខភាពរឹងមាំ ជួយដល់ចង្វាក់បេះដូង សម្រួលដល់សម្ពាធឈាម ជួយដុតបំផ្លាញជាតិខ្លាញ់ និងជួយឱ្យគេងលក់ស្រួលជាដើម ។ ថ្មីៗនេះតាមការសិក្សាស្រាវជ្រាវបានរកឃើញថា ការរត់ជួយរក្សាភាពក្មេងជាងវ័យ និងធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់មនុស្សកាន់តែរឹងមាំជាងមុន ហើយបើតាមការប្រៀបធៀបចំពោះអ្នករត់ គឺប្រឈមនឹងអត្រាមរណៈភាពទាបជាង អ្នកមិនរត់ ហើយ ការរត់ក៏ជួយផ្សារភ្ជាប់ខ្លួនយើងជាមួយនឹងធម្មជាតិ ដែលទាំងអស់នេះគឺសុទ្ធសឹងតែជាអត្ថប្រយោជន៍ដ៏ល្អពីការរត់ ។ ដូច្នេះហើយការរត់ក្នុងថ្ងៃនេះគឺយើងរត់ដើម្បីសុខភាព បរិស្ថាន សម្បុរសធម៌ និងសង្គម ព្រមទាំងប្រមូលថវិកា ដើម្បីបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរផងដែរ ហើយការរត់ថ្ងៃនេះក៏ដើម្បីផ្សារភ្ជាប់អារម្មណ៍ និងនិស័្សយរបស់យើងទៅនឹងបរិស្ថានដ៏ស្រស់បំព្រងនៃ បុរី ប៉េង ហួត ។ ”​

សូមរំលឹកដែរថា៖ នាពេលកន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមព្រត្តិការណ៍បរិស្ថានជាច្រើន ដូចជា៖ កម្មវិធីអង្ករប្ដូរយកសំណល់ប្លាស្ទិក ចូលរួមសម្អាតបរិស្ថាន ក្នុងទិវាសម្អាតបរិស្ថានពិភពលោក ឧបត្ថម្ភរថយន្តបោសសំអាតផ្លូវ និងរថយន្តផ្ទុកទឹក ជូនដល់រដ្ឋបាលខណ្ឌនានា សម្រាប់ការងារសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន និងក្នុងទីក្រុង ព្រមទាំងចូលរួមដាំដើមឈើក្នុងគម្រោងរបស់ខ្លួនជាច្រើនម៉ឺនដើម និងតាមបណ្ដាខេត្តនានា ផងដែរ ។ល។ ក្រៅពីនេះថ្មីៗនេះ ក្រុមហ៊ុនក៏បានចូលរួមក្នុងការងារសង្គមជាច្រើនទៀតរួមមាន៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ៧០B ចំនួន ០១ខ្សែថ្មី ប្រវែង ១៦,១៣៣ គ.ម បន្ថែមពីលើកំណាត់ផ្លូវប្រវែងប្រមាណជាង ៥ គ.ម ដែលបានសាងសង់រួចរាល់តាំងពី ឆ្នាំ២០១៣ ព្រមទាំងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងចំនួន ០៩កន្លែង ស្ថិតនៅក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពិធីសម្ពោធ និងប្រគល់អគារសិក្សាមួយខ្នង ដែលជាជំនួយសាងសង់ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត រួមទាំងសម្ភារសិក្សា និងសម្ភារប្រើប្រាស់មួយចំនួនទៀតដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) និងកម្មវិធីអង្ករប្ដូរយកការសិក្សាផងដែរ ។ល ៕

 

China to expand property tax trial to check speculation

BEIJING: China is set to expand pilot property tax reforms, state media reported, as the government battles real estate speculation in the world’s second-biggest economy.

China’s housing market took off after key 1998 reforms sparked a building boom on the back of rapid urbanisation and wealth accumulation.

But as prices soared, so did worries about wealth disparity and the resulting potential for social instability.

China’s top legislature, the National People’s Congress Standing Committee, on Saturday (May 21) approved the latest plan to promote “rational housing consumption”, according to the official Xinhua news agency.

Under the five-year pilot scheme, Xinhua added, property tax will be levied on all types of real estate, excluding some rural homes.

Further details, such as its start date and target areas, are expected to be disclosed at a later date.

The announcement comes with President Xi Jinping pushing for more “common prosperity” in China aimed at spreading wealth more evenly.

In 2011, authorities started trials in Shanghai and Chongqing targeting high-end private residential properties for taxation.

There have been talks to expand such taxation, but localities have been reluctant, worried it will drag down property values and dampen demand for land, a key source of local government revenue, state-run tabloid Global Times said Saturday.

China’s real estate sector is in troubled waters, with home sales slumping 16.9 per cent on-year in September and deeply indebted property giant Evergrande battling a liquidity crisis.

Some analysts believe, however, the latest tax move is aimed at preventing prices from rebounding to earlier levels.

“The chances of a national tax being implemented are much higher now,” said Mark Williams of Capital Economics last week as reports emerged that a plan was being stalled.

Opposition to the tax from insiders was not new, he added, given that correlation between Communist Party membership and ownership of multiple properties is “probably fairly high”.

“But demographics mean the 25-year property boom is ending,” he said.

“Land sales are not a sustainable source of government revenue anymore. A modest property tax could be.”

Source: CNA