កម្ពុជា កូរ៉េរៀបចំព្រឹត្តិការណ៍វប្បធ៌មរួមគ្នាជាមួយការបញ្ជាក់ពីកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព

ដោយៈ ចំណាន

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC) មានការចូលរួមជាសារវីដេអូរបស់ឯកឧត្តមប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់របស់លោក Kim Chang-yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Robin Kim ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ព្រមទាំងលោក លោកស្រីតំណាងក្រុមហ៊ុន អង្គការ និងធនាគារកូរ៉េនៅកម្ពុជា សិស្សនិសិ្សត និងប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនៃកម្មវិធីផ្សព្វផ្សាយវប្បធម៌ ដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនេះ គណៈអធិបតីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្លស់ លើគុណតម្លៃនៃសន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត “ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោសសំអាតឱ្យអស់ឧក្រិដ្ឋកម្ម ឆបោកអនឡាញអន្តរជាតិ ដែលបានជះឥទ្ធិពលជាអវិជ្ជមាន លើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍។

លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ ដែលបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួមសាមគ្គីភាពគ្នា ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការជំរុញការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នា រវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី និងបានគូសបញ្ជាក់ជូនភ្ញៀវជាតិ និងអន្តរជាតិដែលមានវត្តមានថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ សម្រាប់ភ្ញៀវទេសចរពីទូទាំងពិភពលោក។

លោកហួត ហាក់បានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយា​កាសសុវត្ថិភាព  និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន”។

ក្នុងរយៈពេល២ខែដំបូង នៃឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦៩០,០០០នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត១៥.១០០នាក់ ដែលបង្ហាញពីសក្តានុពល និងភាពទាក់ទាញទេសចរណ៍របស់កម្ពុជាក្នុងទីផ្សារកូរ៉េ៕

តើតម្លៃ “មាស” ប្រែប្រួលយ៉ាងណានៅក្នុងសប្តាហ៍នេះ?កើនឡើង ឬចុះបន្តទៀត?

ដោយៈ ម៉ាណា

    អន្តរជាតិៈ ស្របពេលអ្នកទិញ “មាស”ទុកមួយចំនួនគេងមិនលក់ មួយចំនួននៅតែមានសុទិដ្ឋិនិយមរយៈពេលវែង ទីផ្សារមាសបានប្រែប្រួលគួរឲ្យកត់សំគាល់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អ្នកវិភាគបានលើកឡើងថា មាសអាចនឹងឡើងថ្លៃនៅសប្តាហ៍ក្រោយ ប៉ុន្តែវាមិនប្រាកដទេ។

អ្នកវិភាគរំពឹងថានឹងមានចលនាប្រែប្រួល (ឡើងចុះ) ជាជាងការកើនឡើងត្រង់ៗ។

ស្ថានភាពទីផ្សារបច្ចុប្បន្ន

មាសថ្មីៗនេះ បានធ្លាក់ចុះប្រហែល3% មកនៅត្រឹមប្រហែល 5,030ដុល្លារ/អោនស៍ បន្ទាប់ពីឈានដល់កម្រិតកំណត់ត្រាជិត 5,420ដុល្លារកាលពីដើមខែមីនា។

ការធ្លាក់ចុះនេះបានកើតឡើង ដោយសារតែប្រាក់ដុល្លារអាមេរិកបានកើនឡើង ហើយទិន្នផលមូលបត្របានកើនឡើង ដែលជាធម្មតាជំរុញឱ្យមាសធ្លាក់ចុះ។

អ្នកវិភាគនិយាយថា មាសអាចជួញដូរក្នុងតម្លៃប្រហែលរវាង 5,020 ដុល្លារ ទៅ5,250 ដុល្លារក្នុងមួយអោននៅសប្តាហ៍នេះ។

តើអ្វីជាសេណារីយ៉ូដែលអាចកើតមាន?

1️.តម្លៃមាសកើនឡើងប្រសិនបើ៖

  • ភាពតានតឹងសង្គ្រាមនៅមជ្ឈិមបូព៌ា / អ៊ីរ៉ង់កាន់តែអាក្រក់ទៅៗ
  • វិនិយោគិនស្វែងរកទ្រព្យសកម្មដែលមានសុវត្ថិភាព។
  • ប្រាក់ដុល្លារអាមេរិកចុះខ្សោយ

ក្នុងករណីនេះ មាសអាចឡើងដល់5,280 ដុល្លារ ទៅ5,400 ដុល្លារ។

2️.មាសធ្លាក់ចុះប្រសិនបើ៖

  • ដុល្លារអាមេរិកនៅតែរឹងមាំ
  • ការរំពឹងទុកអត្រាការប្រាក់កើនឡើង
  • វិនិយោគិនផ្លាស់ប្តូរប្រាក់ទៅក្នុងភាគហ៊ុន ឬមូលបត្របំណុល។

បន្ទាប់មក មាសអាចសាកល្បង ការគាំទ្រប្រហែល5,000ដុល្លារ។

សម្រាប់ទស្សនវិស័យរយៈពេលមធ្យម ធនាគារធំៗជាច្រើននៅតែរំពឹងថា មាសនឹងកើនឡើងនៅពេលក្រោយ ក្នុងឆ្នាំ2026 ដោយមានការព្យាករណ៍ មួយចំនួនប្រហែល6,000 ដុល្លារ ឬច្រើនជាងនេះ ដោយសារតែហានិភ័យភូមិសាស្ត្រនយោបាយ និងការទិញរបស់ធនាគារកណ្តាល។

សម្រាប់សប្តាហ៍ក្រោយនេះ? មានការប្រែប្រួលបែបណា?

  • សប្តាហ៍ក្រោយ៖ ចំហៀង / ប្រែប្រួល (មិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ)។
  • ប្រសិនបើភាពតានតឹងសង្គ្រាមកើនឡើង មាសទំនងជាឡើងថ្លៃម្តងទៀត៕
  • ប្រសិនបើដុល្លារនៅតែរឹងមាំ → មាសអាចនៅតែខ្សោយក្នុងរយៈពេលខ្លី។

 

✔️ ប្រសិនបើអ្នកចង់ ខ្ញុំក៏អាចប្រាប់អ្នកពីសញ្ញាសំខាន់ៗចំនួន 3 ដែលបង្ហាញថាមាសនឹងកើនឡើងម្តងទៀតក្នុងពេលឆាប់ៗនេះ (វិនិយោគិនជាច្រើនតាមដានសញ្ញាទាំងនេះ)។

កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់តំបន់អាស៊ាននឹងជួយជំរុញដល់ការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់

ដោយ: សហសេវិក
អន្តរជាតិ: តំបន់អាស៊ាននៅតែជាប៉ូលសេដ្ឋកិច្ចមួយដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវក្នុងរបាយការណ៍ Southeast Asia Outlook ឆ្នាំ២០២៦ របស់ក្រុមហ៊ុន Cushman & Wakefield។

ផលទុនជាតិសរុប (GDP) របស់តំបន់អាស៊ានបានបន្តសម្រេចបាននូវកំណើនទោះបីជាបរិយាកាសពាណិជ្ជកម្មពិភពលោកមានភាពច្របូកច្របល់កាលពីឆ្នាំមុនយ៉ាងណាក្តី ដោយការប៉ាន់ស្មានបានបង្ហាញពីការកើនឡើង៤,៨%សម្រាប់ឆ្នាំ ២០២៥។

នៅឆ្នាំ២០២៦ កំណើន GDP ត្រូវបានគេរំពឹងថា នឹងកើនឡើង៤,៣%។ របាយការណ៍បានបង្ហាញថា ការប្រើប្រាស់ឯកជន ដែលជាកត្តាជំរុញកំណើនដ៏សំខាន់នៅក្នុងតំបន់ នៅតែមានភាពធន់ ដោយសារអត្រាភាពគ្មានការងារធ្វើមានកម្រិតទាប និងការកើនឡើងនៃប្រាក់ចំណូលគ្រួសារ។

ក្រុមហ៊ុន Cushman & Wakefield វាយតម្លៃថា សូចនាករសេដ្ឋកិច្ចវិជ្ជមានទាំងនេះ រួមផ្សំជាមួយនឹងកត្តាប្រជាសាស្ត្រអំណោយផល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យតំបន់អាស៊ានបោះជំហានក្លាយជាប៉ូលសេដ្ឋកិច្ចធំបំផុតទី៤នៅលើពិភពលោក។

កំណើនសេដ្ឋកិច្ចនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ ខណៈ​​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ានបន្ត​បង្ហាញ​សន្ទុះប្រកបដោយស្ថិរភាព។

នៅ​ឆ្នាំ២០២៥ ការ​​វិនិយោគ​លើ​ទីផ្សារអចលនទ្រព្យ​របស់​តំបន់​នេះសម្រេចបានទំហំទឹកប្រាក់សរុប​ប្រមាណ២១,៨ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​ជិត១៦ភាគរយបើ​ធៀប​នឹង​ឆ្នាំ​២០២៤៕ប្រភព: Edgeprop៕

ក្រសួងស្ថាប័នចំនួន១៩រៀបចំ “ក្របខ័ណ្ឌទស្សនាទាន និង ផែនទីបង្ហាញផ្លូវនៃការប្រមើលអនាគតនៅកម្ពុជាឆ្នាំ២០៣០

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីមកពីក្រសូង ស្ថាប័នចំនួន១៩ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្ដរក្រសួងស្ដីពី ការរៀបចំ “ក្របខ័ណ្ឌទស្សនាទាន និង ផែនទីបង្ហាញផ្លូវនៃការប្រមើលអនាគត (foresight) នៅកម្ពុជា ឆ្នាំ២០៣០”។

ក្នុងស្មារតីបុរេសកម្មដើម្បីបុព្វហេតុ នៃការអភិវឌ្ឍជាតិរយៈពេលវែង នាព្រឹកថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងក្រសួង-ស្ថាប័នចំនួន១៩ ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាង “ក្របខ័ណ្ឌទស្សនាទាន និង ផែនទីបង្ហាញផ្លូវនៃការប្រមើលអនាគត នៅកម្ពុជាឆ្នាំ២០៣០”។

កិច្ចប្រជុំបានផ្ដោតការពិភាក្សា លើភាពចាំបាច់បន្ទាន់នៃឧបករណ៍ប្រមើលអនាគត (Foresight) ក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រទះនូវចល័តភាព ភាពមិនប្រាកដប្រជា មិស្សភាពនិងភាពមន្ទិល (Volatility, Uncertainty, Complexity and Ambiguity—VUCA) ។

ក្នុងបរិការណ៍នេះ ការគិតគូរ និងរៀបចំគោនយោបាយដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ឬព្រឹត្តិការណ៍ ដែលមិននឹកស្មានដល់ (Wild Cards) ការប្រមើលអនាគតដែលជា “ការគិតគូរជាប្រព័ន្ធ” មានតួនាទីដ៏សំខាន់បំផុត ដើម្បីប្រែក្លាយប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យក្លាយជាប្រព័ន្ធរ៉ាដា ដែលអាចស្កេនរកសញ្ញាផ្លាស់ប្តូរសកល និង ត្រៀមខ្លួនគ្រប់គ្រងកត្តាចៃដន្យនានា ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ការរៀបចំក្របខ័ណ្ឌទស្សនាទាន និងផែនទីបង្ហាញផ្លូវខាងលើ មានគោលដៅ ដើម្បីដាក់ចេញនូវផែនការជាជំហាន ក្នុងការកសាងមូលដ្ឋានគ្រឹះ ដើម្បីត្រៀមខ្លួនចាប់យកការប្រើប្រាស់ ក្របខ័ណ្ឌការប្រមើលអនាគតឱ្យបានពេញលេញ ចាប់ពីឆ្នាំ២០៣០ តទៅតាមរយៈទី១). ការបញ្ជ្រាបទស្សនាទានការប្រមើលអនាគត ទៅដល់ក្រសួង-ស្ថាប័ន ដើម្បីត្រៀមខ្លួនក្នុងការចាប់យក ការប្រើប្រាស់ក្របខ័ណ្ឌគិតគូរពីចម្ងាយ ទី២) ការពង្រឹងសមត្ថភាពមន្រ្តី និងស្ថាប័នអំពីក្របខ័ណ្ឌការប្រមើលអនាគត ទៅក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល និងទី៣). ការគិតគូររៀបចំក្របខ័ណ្ឌស្ថាប័ន ដើម្បីដឹកនាំ និងសម្របសម្រួលការងារប្រមើលអនាគត កម្រិតរាជរដ្ឋាភិបាល ឱ្យមានស្តង់ដារ និងប្រសិទ្ធភាពខ្ពស់ ស្របតាមឧត្តមានុវត្តន៍ក្នុងតំបន់។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររៀបចំសេចក្តីព្រាង ក្របខ័ណ្ឌទស្សនាទាន និងផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់នេះ ។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម និងចែករំលែកនូវមតិយោបល់ ក៏ដូចជាគំនិតផ្ដួចផ្ដើមផ្សេងៗ សំដៅជំរុញឱ្យការរៀបចំ ឯកសារបង្គោលចរយុទ្ធសា​ស្រ្តដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ស៊ីជម្រៅ៕

វៀតណាមកំពុងសាងសង់គម្រោងអចលនទ្រព្យធំៗចំនួន ២៧ ដែលមានតម្លៃជាង១១៥ ពាន់លានដុល្លារអាមេរិក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍មួយបានបង្ហាញថា ប្រទេសវៀតណាមមានគម្រោងអភិវឌ្ឍន៍ទីក្រុងខ្នាតយក្សចំនួន ២៧ ដែលមានទំហំដើមទុនវិនិយោគសរុបលើសពី១១៥ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយកាសែត Vnexpress។

ទីភ្នាក់ងារវាយតម្លៃឥណទាន S&I Ratings ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បានឱ្យដឹងថា គម្រោងនីមួយៗគ្របដណ្តប់លើផ្ទៃដីរាប់រយទៅរាប់ពាន់ហិកតា រួមមានគម្រោងអភិវឌ្ឍដែលទើបនឹងដាក់ឱ្យដំណើរការថ្មី កំពុងសាងសង់ ឬទើបតែត្រូវបានអនុម័តទូទាំងប្រទេស។

របាយការណ៍​ខាងលើ​បាន​បន្តថា ចំនួនជាង៥០ភាគរយនៃ​ការវិនិយោគ​សរុប​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ រួម​មាន ក្រុមហ៊ុន ​Vingroup និង ក្រុមហ៊ុន Sun Group ដែល​ឆ្លុះបញ្ចាំង​ពី​ការប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​អភិវឌ្ឍ​គម្រោងទីក្រុង​ធំ​ៗ។

តំបន់ភាគខាងជើងប្រទេសវៀតណាមមានគម្រោងអចលនទ្រព្យធំៗចំនួន៩ ដែលភាគច្រើនស្ថិតនៅក្នុង និងជុំវិញទីក្រុងហាណូយ ក៏ដូចជាខេត្ត Hung Yen និងខេត្ត Quang Ninh។

តំបន់ភាគកណ្តាលវៀតណាមមានគម្រោងចំនួន៨ ដែលក្នុងនោះគម្រោងធំជាងគេ មានឈ្មោះថា Cam Lam ក្នុងខេត្ត Khanh Hoa ដែលត្រូវបានអភិវឌ្ឍដោយសម្ព័ន្ធក្រុមហ៊ុន Vinhomes។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដីជាង ១០.០០០ ហិកតា និងមានទុនវិនិយោគជិត១១ពាន់លានដុល្លារ។

តំបន់ភាគខាងត្បូងវៀតណាមមានគម្រោងធំៗចំនួន១០ ដែលក្នុងនោះចំនួន៥០ភាគរយនៃគម្រោងទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការស្នើសុំការអនុម័តទុនវិនិយោគ៕ប្រភព: Vnexpress៕

ផ្ទៃដីប្រព័ន្ធអេកូឡូស៊ីទំហំជាង៨២,០០០ហិកតា និងតំបន់សហគមន៍ទេសចរណ៍ចំនួន១៦កំពុងសហការជាមួយគម្រោងCamAdapt

ដោយៈ ចំណាន

ភ្នំពេញៈ ប្រព័ន្ធអេកូឡូស៊ីជាង៨២,០០០ហិកតា និងតំបន់សហគមន៍ការពារធម្មជាតិចំនួន១៦ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន កំពុងសហការជាមួយគម្រោងCamAdapt ដើម្បីពង្រឹងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ភាពធន់ និងការធ្វើពិពិធកម្មជីវភាពរស់នៅ នៅតាមតំបន់ឆ្នេរកម្ពុជា។ ​​

ក្រសួងបរិស្ថាន តាមរយៈគម្រោង CamAdapt បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការពង្រឹងបណ្តាញសហគមន៍តំបន់ការពា​រធម្មជាតិ និងការត្រួតពិនិត្យឡើងវិញ នូវវឌ្ឍនភាពនៃការអភិរក្សសហគមន៍”។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីតំណាងមន្ទីរបរិស្ថានខេត្ត និងតំណាងសហគមន៍តំបន់ការពារធម្មជាតិ នៃខេត្តកំពត និងខេត្តកោះកុង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងបណ្តាញសហគមន៍ កែលម្អផែនការគ្រប់គ្រង និងធ្វើសមាហរណកម្មវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ការផ្តល់អាទិភាពយេនឌ័រ នៅក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីនៅតំបន់ឆ្នេរ។

ជាលទ្ធផល សហគមន៍តំបន់ការពារធម្មជាតិទាំង១៦ បានធ្វើបច្ចុ​ប្បន្នភាព និងកែសម្រួលផែនការគ្រប់គ្រង សម្រាប់សហគមន៍នីមួយៗ ដើម្បីបំពេញចន្លោះខ្វះខាត លើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ការចូលរួមរបស់សហគមន៍ និងការបញ្ជ្រាបយេនឌ័រ។

ព្រឹត្តិការណ៍ការណ៍នេះ បានជួយពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយអាកាសធាតុ ព្រមទាំងធានាបាននូវការចូលរួម ពីគ្រប់សមាសភាព ក្នុងកិច្ចការអភិរក្ស និងការអភិវឌ្ឍសហគមន៍។

គម្រោងCamAdapt ត្រូវបានផ្តល់ថវិកាដោយមូលនិធិបរិស្ថានសកល (GEF) និងអនុវត្តដោយក្រសួងបរិស្ថាន រដ្ឋបាលជលផល និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា៕

ក្រុមការងារវិស័យឯកជនពិភាក្សាពីបញ្ហាប្រព័ន្ធសុវត្ថិភាព ចំណតនៅក្នុងអគារCondo និងអគារពាណិជ្ជកម្មខ្ពស់ៗ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន ក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានបើកកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យសំណង់។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុន្នីវណ្ណ សហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា​ តំណាងក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ក្រុមហ៊ុនបុរី ខេស៊ី ឯ.ក អគ្គនាយកក្រុមហ៊ុន ព្រុំ មុន្នីទេ, អគ្គនាយកក្រុមហ៊ុន សេម អេសអិន រៀលធី ឯ.ក។ តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា  និងតំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យសំណង់ និងអចលនទ្រព្យមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រ​ឈមថ្មីៗបន្ថែមទៀត ក្នុងវិស័យយសំណង់ និងអចលនទ្រព្យ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។

ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនរួមមាន៖ ១.ការពិភាគ្សាលើ អនុក្រឹត្យលេខ០៣ អនក្រ.បក “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ” ២.បញ្ហាចំណតនៅក្នុងអគារCondo និងអគារពាណិជ្ជកម្មខ្ពស់ៗ រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

រដ្ឋាភិបាលចាប់ផ្តើមរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់ការផលិតផែនទីគោល

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំក្រុមការងារ រៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់ការផលិតផែនទីគោល។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់ការផលិតផែនទីគោល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំរៀបចំឡើងដើម្បីពិភាក្សាកម្រិតផ្ទៃក្នុង សម្រាប់អ្នកបច្ចេ​កទេសក្រសួង ដោយយោងទៅតាមសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់សម្រា​ប់ការផលិតផែនទីគោល៕

រដ្ឋមន្រ្តីក្រសួងកសិកម្មស្វាគមន៍ក្រុមហ៊ុនធំមួយរបស់អាល្លឺម៉ង់ ក្នុងការកែច្នៃម្រេចនៅកម្ពុជា

ដោយៈ និស្ស័យ

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់Fuchs Gruppe។

ក្នុងជំនួបនេះ លោកឌិត ទីណាបានស្វាគមន៍លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដឹកនាំដោយលោកអគ្គនាយក Nil Meyer-Pries ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាល្លឺម៉ង់លើវិស័យកសិកម្ម ជាពិសេសភាពជាដៃគូល្អ ក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយ គុណភាពកសិផលកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រីឌិត ទីណា ក៏បានស្វាគមន៍ផែនការរបស់ក្រុមហ៊ុន Fuchs Gruppe ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈជំនួបនេះ ភាគីកម្ពុជា-អាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិ​និយម ចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីជំរុញកសិ-ពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យកសិកម្ម៕

បណ្តាប្រទេសចំនួន៤ កំពុងនាំមុខគេក្នុងការសម្រេចបានកំណើនតម្លៃអចលនទ្រព្យសកលនាពេលបច្ចុប្បន្ន

ដោយ: សហសេវិក
អន្តរជាតិ: ទិដ្ឋភាពនៃការវិនិយោគលើអចលនទ្រព្យសកលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយទីផ្សារមួយចំនួននឹងនាំមុខទីផ្សារផ្សេងទៀតនៅឆ្នាំ២០២៦។ ខាងក្រោមនេះជាប្រទេសទាំង ៤ ដែលនាំមុខគេលើកំណើនតម្លៃអចលនទ្រព្យសកលនាពេលបច្ចុប្បន្ន។

ទី១: ប្រទេសព័រទុយហ្កាល់

ក្នុងរយៈពេល៥ឆ្នាំកន្លងមក តម្លៃផ្ទះនៅប្រទេសព័រទុយហ្គាល់បានហក់ឡើង ៤៨% ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដែលមានសក្តានុពលផ្នែកអចលនទ្រព្យលំដាប់កំពូលមួយរបស់ពិភពលោក។

ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចពិភពលោក និងកម្រិតអត្រាការប្រាក់ខ្ពស់យ៉ាងណាក្តី ទីផ្សារអចលនទ្រព្យរបស់ប្រទេសព័រទុយហ្គាល់នៅតែមានភាពធន់ និងសម្រេចបានលទ្ធផលល្អប្រសើរលើសពីការរំពឹងទុក។

ទី២: ប្រទេសម៉ិកស៊ិក

ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ិកស៊ិកកំពុងរីកចម្រើន ដោយសារតែគម្រោងអភិវឌ្ឍន៍អចលនទ្រព្យប្រណីត។ នៅទូទាំងប្រទេសម៉ិកស៊ិក តម្លៃផ្ទះបានកើនឡើង៨,៨% ក្នុងឆ្នាំ ២០២៤ ខណៈទំហំទីផ្សារទាំងមូលត្រូវបានប៉ាន់ប្រមាណថា ឈានដល់៥,៧៤ ទ្រីលានដុល្លារនៅឆ្នាំ២០២៥។

ទី៣: ប្រទេសក្រិក

ទីផ្សារអចលនទ្រព្យរបស់ប្រទេសក្រិកបានទទួលអត្ថប្រយោជន៍ពីឥទ្ធិពលនៃវិស័យទេសចរណ៍ និងការលើកទឹកចិត្តពន្ធ។ វិស័យនេះត្រូវបានគេរំពឹងថា នឹងឈានដល់ទំហំទឹកប្រាក់១,៥៦ទ្រីលានដុល្លារនៅឆ្នាំ២០២៩ ដោយលំហូរជនបរទេស កំពុងកើនឡើងនិងជំរុញតម្រូវការលំនៅឋាន។

ទី៤: ប្រទេសតួកគី

ទោះបីជា​ទីផ្សារ​​មាន​ភាព​ប្រែប្រួលយ៉ាងណាក្តី តម្រូវការអចលនទ្រព្យនៅក្នុងប្រទេស​តួកគីនៅតែមានភាពរឹងមាំ និង​មានសក្តានុពល​ខ្ពស់ផ្នែកលំនៅឋានជួល។ទីក្រុងអ៊ីស្តង់ប៊ុលបានជាប់ឈ្មោះជាទីក្រុងមួយលើពិភពលោក ដែលសម្រេចបានកំណើនខ្ពស់បំផុតនៃតម្លៃអចលនទ្រព្យ ជាពិសេសនៅក្នុងផ្នែកលំនៅឋានប្រណីត៕ប្រភព: Benoit Properties៕