តើទីក្រុងណាខ្លះ ដែលមានចំនួនអគារកប់ពពកច្រើនជាងគេបំផុតលើពិភពលោក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មាន Conde Nast Traveler បានរៀបចំចំណាត់ថ្នាក់ទីក្រុង ដែលមានចំនួនអគារកប់ពពកច្រើនជាងគេលើពិភពលោក ដោយផ្អែកលើតួលេខថ្មីចុងក្រោយបំផុត គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ពីក្រុមប្រឹក្សា Tall Buildings & Urban Habitat (CTBUH)។

ទី១: ទីក្រុងហុងកុង

តំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីក្រុងមានអគារកប់ពពកច្រើនជាងគេលើពិភពលោកចំនួនជាង៥៥០អគារ។ កង្វះខាតដី គួបផ្សំនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅចុងសតវត្សទី២០ បានធ្វើឱ្យការអភិវឌ្ឍន៍អគារខ្ពស់ៗនៅទីក្រុងហុងកុងរីកស្គុះស្គាយ។

ទី២: ទីក្រុងសុិនជិន

ការលេចត្រដែតឡើងរបស់ទីក្រុងសុិនជិន (Shenzhen) ក្នុងនាមជាតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន បាននាំឱ្យមានការសាងសង់បញ្ចប់អគារកប់ពពកចំនួនជាង៣៨០អគារ ដោយតំណាងឱ្យគំរូនៃការអភិវឌ្ឍន៍ទីក្រុងទំនើបរបស់ប្រទេសចិន។

ទី៣: ទីក្រុងញូវយ៉ក

ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានអគារកប់ពពកចំនួនជាង៣២០អគារ។អគារជាច្រើន រួមមានដូចជាអគារជាប្រវត្តិសាស្ត្រ Chrysler និងសំណង់អគារថ្មីៗដូចជា អគារ One World Trade Center បានធ្វើឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោកមួយនេះមានភាពទាក់ទាញខ្លាំង។

ទី៤: ទីក្រុងឌូបៃ

ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) មានអគារកប់ពពកចំនួនជាង២៥០អគារ។ ទីក្រុងនេះបានក្លាយទៅជានិមិត្តរូបនៃមហិច្ឆតាស្ថាបត្យកម្ម ខណៈអគារកប់ពពក“Burj Khalifa”ដែលមានកំពស់៨២៨ម៉ែត្រ ជាអគារខ្ពស់ជាងគេបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន។

ទី៥: ទីក្រុងក្វាងចូវ

ទីក្រុងក្វាងចូវរបស់ប្រទេសចិនមានអគារកប់ពពកចំនួនជាង២២០អគារ។ ទីក្រុងនេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ដែលមានប្រវត្តិយូរអង្វែងក្នុងប្រទេសចិន។

អគារខ្ពស់ៗនៅទីក្រុងក្វាងចូវត្រូវបានប្រមូលផ្តុំនៅតាមដងទន្លេ Pearl River និងតំបន់ពាណិជ្ជកម្ម Zhujiang New Town ដែលរួមមានដូចជា អគារ Canton Tower និងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (Guangzhou International Finance Center)៕ប្រភព:Conde Nast Traveler៕

ផ្លូវជាតិលេខ២១ សសៃឈាមសេដ្ឋកិច្ចតភ្ជាប់រវាងកម្ពុជា និងវៀតណាម

0

ដោយៈ ម៉ាល័យ

    កណ្តាលៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ២១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តភ្ជាប់រវាងកម្ពុជា-វៀតណាម ពិសេសលើការដឹកជញ្ជូនទំនិញផ្សេងៗឆ្លងកាត់ព្រំដែនទៅវិញទៅមករវាងប្រទេសទាំង២។

ក្រសូងបញ្ជាក់ថា ផ្លូវជាតិលេខ២១ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

ផ្លូវជាតិលេខ២១ ក្រាលបេតុងផ្លូវកៅស៊ូប្រភេទAC មានប្រវែង ៦៣,៦គីឡូម៉ែត្រ ពីរង្វង់មូលក្រុងតាខ្មៅ ឆ្ពោះទៅស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៣មីនា ឆ្នាំ២០២២។

ខ្សែផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រា​ប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាមព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន៕

តើខុនដូ និងដីធ្លីនៅទីក្រុងវៀងចន្ទន៍របស់ប្រទេសឡាវមានតម្លៃលក់ និងតម្លៃជួលដូចម្តេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្នែកអចលនទ្រព្យលំនៅដ្ឋាននៅទីក្រុងវៀងចន្ទន៍ ដែលជារដ្ឋធានីរបស់ប្រទេសឡាវ មានតម្លៃសមរម្យបំផុត គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥ បើប្រៀបធៀបនឹងបណ្តាទីក្រុងផ្សេងៗទៀតក្នុងតំបន់អាស៊ាន។

គិតមកទល់បច្ចុប្បន្ន ខុនដូនៅទីក្រុងមួយនេះមានតម្លៃដាក់លក់ជាមធ្យមចន្លោះពី១.៥០០ដុល្លារ ទៅ២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ជាមួយគ្នានោះ ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅកណ្តាលទីក្រុងវៀងចន្ទន៍មានតម្លៃប្រចាំខែចន្លោះ៨៥០ដុល្លារទៅ១.៤០០ដុល្លារក្នុងមួយខែ។

ការជួលអាផាតមុិន ដែលមានបន្ទប់គេងចំនួន៣ មានតម្លៃចាប់ពី៨០០ដុល្លារដល់១.១០០ដុល្លារក្នុងមួយខែសម្រាប់អគារអាផាតមុិនចាស់ៗ ខណៈការជួលយូនីតអគារអាផាតមុិនថ្មីៗ និងបំពាក់ដោយបរិក្ខារទំនើប មានតម្លៃលើសពី១.៥០០ដុល្លារក្នុងមួយខែ។

តម្លៃដីនៅតំបន់ពាណិជ្ជកម្មសំខាន់ៗបានកើនឡើងដល់ទំហំទឹកប្រាក់ចន្លោះពី២.៧០០ដុល្លារទៅ៣.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ប៉ុន្តែ​ ដីនៅតំបន់​លំនៅដ្ឋាន​មានតម្លៃជាមធ្យមត្រឹមតែ៥០០ដុល្លារទៅ៧០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ខណៈ​ដី​នៅ​តំបន់ជាយ​ក្រុង​មាន​​តម្លៃចន្លោះពី១៥ដុល្លារទៅ៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

អត្រាផលចំណេញពីការជួលលំនៅដ្ឋាន (Rental Yield) នៅទីក្រុងវៀងចន្ទន៍នៅតែមានភាពទាក់ទាញសម្រាប់បណ្តាវិនិយោគិន ដោយស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ៨,៤ភាគរយ នៅតំបន់កណ្តាលទីក្រុង៕ប្រភព: Bamboo Routes៕

ខេត្តកំពង់ធំឈានមុខគេ ដោយមានគំរោងវារីវប្បកម្មទំហំ៣០០០ ហិកតាដំបូងគេនៅកម្ពុជា

0

ដោយៈ និស្ស័យ

    កំពង់ធំៈ ខេត្តកំពង់ធំកំពុងឆ្ពោះទៅមុខ ជាមួយនឹងគំរោងអភិវឌ្ឍន៍វារីវប្បកម្ម លាតសន្ទឹងលើផ្ទៃ៣ ០០០ហិកតា ស្ថិតក្នុងស្រុកស្ទោង។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធី​ដាក់ឱ្យដំណើរការធនាគារវីងសាខាខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកក្កដា។

ខេត្តនេះ ក៏មានសួនឧស្សាហកម្មស្វាយចន្ទីដ៏ធំផងដែរ ក៏ទទួលបានការជំរុញបន្ថែម ពីសម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក នួន ផារ័ត្ន បានលើកឡើងថា ខេត្តកំពង់ធំ កំពុងអភិវឌ្ឍវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្ម ក្រោមការគាំទ្រនិងជំរុញយ៉ាងពេញទំហឹងពី សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នៅឆ្នាំ ២០២៦ ខេត្តកំពង់ធំ នឹងមានគម្រោងរីវប្បកម្មដ៏ធំមួយ លាតសន្ទឹងលើផ្ទៃដី៣០០០ហិកតា ស្ថិតក្នុងស្រុកស្ទោង។

លោកបន្តថា វារីវប្បកម្មនេះទទួលការអនុញ្ញាត និងបញ្ជាឱ្យដំណើរការរួចហើយ ពីសម្ដេច ហ៊ុន ម៉ាណែត។ គម្រោងនេះ នឹងជួយបំពេញវិស័យកសិកម្ម និងទេសចរណ៍ ខេត្តកំពង់ធំឱ្យកាន់តែមានភាពរស់រវើកបន្ថែមទៀត។

លោកបញ្ជាក់ថា “ឆ្នាំក្រោយនេះខេត្តកំពង់ធំ នឹងមានគម្រោងវារីវប្បកម្មដ៏ធំមួយ លើផ្ទៃដី ៣០០០ហិកតា ដែលជាគម្រោងធំមួយ ជួយទាញសក្ដានុពលបន្ថែមទៀត ទាំងក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យទេសចរណ៍”។

គម្រោងនេះ ស្ថិតស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគោលដៅសំខាន់ ដោយទទួលបានការអនុញ្ញាត និងបញ្ជាឱ្យដំណើរការរួចហើយ ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។

កំពង់ធំ ជាខេត្តមួយស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជា មានចម្ងា​យ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

តាមតួលេខឆ្នាំ២០២៣ ខេត្តមួយនេះ មានសក្ដានុពលលើវិស័យកសិកម្ម ដោយបានដាំដុះស្រូវជាង ២៥ម៉ឺនហិកតា ស្វាយចន្ទីជាង ១១ម៉ឺនហិកតា ដំឡូងមីជាង៥ម៉ឺនហិកតា រួមទាំងដំណាំជាច្រើនទៀត។

ក្រោមការដឹកនាំរបស់ រដ្ឋាភិបាលនីតិកាលទី៧ ខេត្តកំពង់ធំ ទទួលបានការគាំទ្រ និងខ្វល់ខ្វាយស្ទើរគ្រប់វិស័យ ជាពិសេសពាក់ព័ន្ធវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្ដែង ក្រៅពី គម្រោងវារីវប្បកម្ម ខេត្តកំពង់ធំ ក៏កំពុងបង្កើត “សួនឧស្សាហកម្មស្វាយចន្ទី”មួយកន្លែងផងដែរ ដើម្បីប្រមូលផ្ដុំការវិនិយោគ រោងចក្រកែច្នៃគ្រប់ប្រភេទ។

គម្រោងនេះ នឹងចេញដំណើរនៅឆ្នាំ២០២៥ ដោយរដ្ឋនឹងជួយគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានងើបឡើងថ្លៃដល់ទំហំទឹកប្រាក់ចំនួន៣៤៣១,១២ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១១ភាគរយដល់៣៤២៧,១៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៤ភាគរយដល់៣៤៣៨,៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៤,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៤៤ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៣៩ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

ប្រទេសចិនត្រៀមដាក់ឱ្យអនុវត្តន៍បទប្បញ្ញត្តិថ្មី ដើម្បីជំរុញឱ្យការអភិវឌ្ឍន៍ទីផ្សារជួលលំនៅដ្ឋានមានគុណភាពខ្ពស់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានចុះហត្ថលេខាលើក្រឹត្យមួយរបស់ក្រុមប្រឹក្សារដ្ឋ ដោយប្រកាសដាក់ចេញបទប្បញ្ញត្តិដើម្បីជំរុញការអភិវឌ្ឍន៍ទីផ្សារជួលលំនៅដ្ឋានប្រកបដោយគុណភាពខ្ពស់នៅក្នុងប្រទេសចិន។

ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏បានជួយសម្របសម្រួលដល់ការបង្កើតប្រព័ន្ធលំនៅដ្ឋានមួយ ដើម្បីគាំទ្រទាំងការជួលផ្ទះ និងការទិញផ្ទះ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua។

បទប្បញ្ញត្តិថ្មីនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើការច្របាច់រួមបញ្ចូលនូវតួនាទីឈានមុខរបស់ទីផ្សារ និងការចង្អុលណែនាំរបស់រដ្ឋាភិបាលចិនលើការអភិវឌ្ឍន៍ទីផ្សារលំនៅដ្ឋាន។

បទប្បញ្ញត្តិថ្មីក៏លើកទឹកចិត្តដល់ការផ្គត់ផ្គង់ផ្ទះជួលបន្ថែមទៀតតាមរយៈមធ្យោបាយជាច្រើន និងជំរុញឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងផ្តោតលើតម្រូវការទីផ្សារជាក់ស្តែង។

ឯកសារនេះបានគូសបញ្ជាក់ថា បណ្តាភ្នាក់ងារឈ្មួញជើងសាត្រូវធ្វើការផ្ទៀងផ្ទាត់ និងកត់ត្រារាល់ព័ត៌មានរបស់គ្រប់ភាគី ព្រមទាំងធ្វើការត្រួតពិនិត្យអចលនទ្រព្យនៅនឹងកន្លែង មុនពេលសម្រេចចុះបញ្ជី និងត្រូវកំណត់តម្លៃសេវាកម្មរបស់ពួកគេឱ្យបានច្បាស់លាស់។

បទប្បញ្ញត្តិ​នោះក៏បាន​គូសបញ្ជាក់​ផងដែរពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ត្រួត​ពិនិត្យ និង​ការ​គ្រប់​គ្រង​លើប្រតិបត្តិការ​ជួល​ផ្ទះ ខណៈបណ្តាអាជ្ញាធរមូលដ្ឋានត្រូវបង្កើតយន្តការត្រួតពិនិត្យលើការជួលផ្ទះ និងត្រូវផ្សព្វផ្សាយកម្រិតតម្លៃជួលផ្ទះជាប់ជាប្រចាំ៕ប្រភព: Xinhua៕

គម្រោងនៃអនាគតក្នុងខេត្តកោះកុង គ្រោងបោះទុនវិនិយោគ ប្រមាណ២៥០០លានដុល្លារ

0

ដោយៈ គង់ សូរិយា

    កោះកុងៈ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិមួយឈ្មោះ Qixinghai Cambodia-China Comprehensive គ្រោងនឹងលេចឡើងនៅក្នុងខេត្តកោះកុង។

គំរោងនេះ នឹងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Cambodia Youhaina Investment Co., Ltd. វិនិយោគក្នុងទឹកប្រាក់ប្រមាណ២.៥ពាន់លានដុល្លារអាម៉េរិក។

គម្រោង Qixinghai Cambodia-China Comprehensive សាងសង់គ្របដណ្តប់លើផ្ទៃដី៣៦០គីឡូម៉ែត្រការ៉េ គឺជាគម្រោងសាងសង់ទីក្រុងដ៏ធំមួយ នៅក្នុងខេត្តកោះកុង ដែលជាគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវមួយ” ជាគម្រោងចម្រុះ រួមបញ្ចូលដូចជាសណ្ឋាគារថ្នាក់ផ្កាយ៥ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលហ្គេម កាស៊ីណូ កន្លែងកម្សាន្ត វីឡាលំហែកាយ កន្លែងជិះទូកកម្សាន្ត សួនកុមារ ផ្សារទំនើប ភោជនីយដ្ឋានជាដើម។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ គម្រោងនេះមិនទាន់លេចចេញរូបរាងនៅឡើយទេ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតាមដាន ដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានលើកឡើងកាលពីល្ងាចថ្ងៃទី២២ កក្កដាថា ប្រសិនជាផែនកា​រនេះបានអភិវឌ្ឍន៍តាមការគ្រោងទុក ខេត្តកោះកុងនឹងផ្លាស់ប្តូរមុខមាត់កាន់តែត្រដែតថែមទៀត ដែលរួមចំណែកលើកកំពស់សេដ្ឋកិច្ច និងសង្គមកម្ពុជាឆ្ពោះទៅមុខកាន់តែលឿនថែមទៀត។

លោកបន្តថា “ទោះជាយ៉ាងណា វិបត្តិអចលនទ្រព្យនៅប្រទេសចិន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល អាចធ្វើឲ្យគំរោងនេះពន្យាពេលសាងសង់”។ លោកបន្ថែមថា “ជាក់ស្តែងគំរោងអភិវឌ្ឍន៍ធំៗជាច្រើននៅកម្ពុជា បានពន្យាពេលដោយសារបញ្ហាសេដ្ឋកិច្ច អំ​ណា​ចនៃការទិញក្នុងទីផ្សារ និងតម្រូវការនៅមានកម្រិត ក៏ធ្វើឲ្យអ្នកអភិវឌ្ឍន៍ពន្យាពេលផងដែរ”៕

បច្ចប្បន្នភាពៈ កម្ពុជាមានក្រុមហ៊ុននិងគំរោងអភិវឌ្ឍន៍អចលនទ្រព្យកើនដល់៦៣៨

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានបង្ហាញរបាយការណ៍របស់ខ្លួនថា គិតមកទល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុន/គម្រោង​ចំនួន៦៣៨។

គំរោងទាំងនេះ បានទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន(ផ្ទះល្វែង និងវីឡា) និងអគារសហកម្មសិទ្ធិ (ខុនដូការិយាល័យ,តូប-ផ្សារ)។

 នេះបើតាមរបាយការណ៍ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមក្រុមហ៊ុន/គម្រោងទាំង៦៣៨ នៅទូទាំងប្រទេសនេះ គឺមានគម្រោងផ្ទះល្វែងចំនួន៣៩៩គម្រោង វីឡា១៩៧គម្រោង និងខុនដូមាន១៩៧គម្រោង។ ជាមួយគ្នានេះ ក៏មានគម្រោងអគារការិយា៣គម្រោង និងតូប-ផ្សារ៦គម្រោងទៀតផងដែរ។

គម្រោងអភិវឌ្ឍន៍លំនៅឋាន និងអគារសហកម្មសិទ្ធិទាំងនេះ ភាពច្រើនលើសលុប គឺមានទីតាំងនៅរាជធានីភ្នំពេញ។

របាយការណ៍បានបញ្ជាក់ទៀតថា បច្ចុប្បន្ន​ខុនដូទាំង១៩៧គម្រោង ដែលទទួលបានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនេះ មានគម្រោងមួយចំនួន ក៏កំពុងសាងសង់និងលក់ដំណើរធម្មតា​ គម្រោងមួយចំនួនក៏រអាក់រអួល ខណៈគម្រោងខ្លះទៀតត្រូវបានផ្អាកដំណើរការសាងសង់ទាំងស្រុង ចាប់តាំងឆ្នាំផ្ទុះឡើងនូវកូវីដ-១៩មកម្លេះ។​

របាយការណ៍ពីនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ បានបង្ហាញថា ខុនដូទាំង១៩៧គម្រោងនេះ គឺមានសរុប៧៤,៨៧៥ យូនីត​។​

និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ បានផ្សព្វផ្សាយ​ជាហូរហែនូវគម្រោងអភិវឌ្ឍន៍លំនៅឋាន និងអគារសហកម្មសិទ្ធិមួយចំនួនដែលបានសកម្មភាពអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពីអាជ្ញាធរផងដែរ។ ដូចជា គម្រោងផ្ទះល្វែងសិរីសម្បត្តិ និងលំនៅដ្ឋានត្យា​ ការអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុន​ ហ្វូរីលានហ្វា ឡេហ្គូន (ខេមបូឌា) ឯ.ក សម្រាប់គម្រោង “Crystalville” និងគម្រោង បុរី សំណាង ទេវី នៅខេត្តបាត់ដំបង..ជាដើម៕

ដែលកំពុងធ្វើអាជីវកម្មលំនៅឋាន និងអគារសហកម្មសិទ្ធិ បច្ចុប្បន្នភាពបញ្ជីឈ្មោះនិងទីតាំងរបស់ក្រុមហ៊ុន/គម្រោងដែលបានទទួលអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ។

ន.អ.ប៖ គម្រោងផ្ទះល្វែងសិរីសម្បត្តិ និងលំនៅដ្ឋានត្យា​ គ្មានអាជ្ញាបណ្ណអាជីវកម្ម​ឡើយ និងលំនៅឋានសរុបចំនួន៣ ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដានេះ។

ក្រុមហ៊ុនធំមួយរបស់កាតាចាប់ផ្តើមវិនិយោគនៅកម្ពុជា ក្នុងចំណោម បណ្តាប្រទេសអាស៊ាន

0

ដោយៈ គង់​ សូរិយា

    ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និងគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia របស់ប្រទេសកាតា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ក្នុងដំណើរទស្សនកិច្ច ស្វែងរកឱកាសវិនិយោគ នៅកម្ពុជានាពេលនេះ។ សម្តចតេជោ បានគូសរំលេចអំពីលទ្ធផលជាផ្លែផ្កា នៃដំណើរទស្សនកិច្ចសម្តេចនៅមជ្ឈឹមបូព៌ា ជាពិសេសជំនួបពិភាក្សាការងារសម្តេចជាមួយប្រធានសភា នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ កាតាផ្សេងៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើវិស័យសក្តានុពលរវាងប្រទេសទាំង២ កាលពីឆ្នាំកន្លងទៅ។

នាឱកាសនោះលោក Fahd AI Dosari បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសមនាពេលនេះ។

លោកបន្តថា តាងនាមឱ្យគ្រួសាររាជវង្សនៃកាតា និងក្រុមហ៊ុន AI Mansour Asia, លោក Fahd AI Dosari បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការបន្តពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសលើការវិនិយោគក្នុងវិស័យសាធារណៈ និងឯកជន។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន AI Mansour Asia បានដាក់ទិសដៅវិនិយោគនៅអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងមានលោក Jay Han ជានាយកប្រតិបត្តិប្រចាំនៅកម្ពុជា។

ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោក Fahd AI Dosari។ សម្តេចតេជោ បានផ្តល់អនុសាសន៍ដល់ ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពវិនិយោគ លើការកែច្នែស្បៀង និងវត្ថុធាតុដើមកសិកម្មនៅកម្ពុជា។

សម្តេចតេជោ បានបន្តចង្អុលបង្ហាញ អំពីកាលានុវត្តភាពសម្រាប់ការកែច្នៃស្រូវ ក្នុងខណៈដែលកម្ពុជា ជាប្រទេសមានអទិរេកស្រូវ ស្របពេលដែលកាតា គឺជាប្រទេសត្រូវការស្បៀង។ តាមរយៈការរៀប​ចំប្រមូលទិញ ស្តុក និងបង្កើតម៉ាស៊ិនកិនស្រូវនេះ កម្ពុជា-កាតា អាចពង្រីកការផ្គត់ផ្គង់ស្បៀង ទៅកាន់ប្រទេសនានានៅមជ្ឈឹមបូព៌ា ដែលត្រូវការស្បៀងផងដែរ។

សម្តេចតេជោ ក៏បានកត់សម្គាល់អំពីសក្តានុពល នៃស្វាយចន្ទីកម្ពុជា ដែលបច្ចុប្បន្ន កម្ពុជាជាប្រទេសផលិត គ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងបាននាំចេញប្រមាណ៦០ម៉ឺនតោន រួចទៅហើយក្នុងមួយឆមាសដើមឆ្នាំ២០២៥នេះ។

ផ្អែកតាមតួលេខនេះសម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា នឹងអាចបន្តនាំចេញ គ្រាប់ស្វាយចន្ទីប្រមាណ១លានតោន ក្នុងឆ្នាំនេះ ហើយការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី គឺជាពេលវេលាដ៏សមស្រប។

សម្តេចតេជោ បានបន្តថា កម្ពុជា ក៏នៅមានដំឡូងមី និងជ័រកៅស៊ូ ដែលយើងមិនទាន់បានកែច្នៃ ឱ្យអស់សក្តានុពលនៅឡើយ ហើយទីផ្សារនៅកម្ពុជា រួមទាំងតំបន់ ក៏នៅមានលម្ហក្នុងការផ្គត់ផ្គង់ ដែលគួរក្រុមហ៊ុនសិក្សាចាប់យកឱកាសវិនិយោគនេះ។

លោក Fahd AI Dosari បានថ្លែងអរគុណសម្តេចតេជោ ចំពោះអនុសាសន៍ណែនាំ និងបង្ហាញការចាប់អារម្មណ៍លើវិស័យកសិ​កម្ម កម្មន្តសាល ក៏ដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេស​ចរណ៍ ដូចជា សណ្ឋាគារ ការអភិវឌ្ឍកោះ ទីកន្លែងកំសាន្ត និងព្រលានយន្តហោះផងដែរ។

លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់លោក មើលឃើញយ៉ាងច្បាស់អំពីសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពរបស់កម្ពុជា ដូច្នេះហើយទើប ក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ នៅអាស៊ីអាគ្នេយ៍ដោយផ្តើមចេញពីការវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក Fahd AI Dosari ចំពោះការទុកចិត្ត និងមើលឃើញសន្តិភាព និងស្ថិរភាពនៅកម្ពុជា និងគម្រោងវិនិយោគទាំងអស់ រួមទាំង វិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ និងបានជូនពរលោក ព្រមទាំងគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនាពេលនេះផងដែរ៕

ការសិក្សា: តើទីក្រុងទាំង៥ណាខ្លះលើពិភពលោក ដែលមានបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភចូលមកទិញលំនៅដ្ឋានច្រើនជាងគេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាមួយបានរកឃើញថា ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក បើគិតពីចំនួនបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុត(Ultra-wealthy) ដែលមានលំនៅដ្ឋានយ៉ាងតិចមួយយូនីត ឬមួយខ្នង។

យោងតាមការសិក្សាដោយក្រុមហ៊ុន Altrata បានបង្ហាញថា បុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅទីក្រុងញូវយ៉កមានចំនួន៣៣.២២២នាក់ ហើយពួកគេបានកាន់កាប់លំនៅដ្ឋានយ៉ាងតិចមួយយូនីត ខណៈបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅទីក្រុង Los Angeles មានចំនួន១៩.៧៨១នាក់ ដោយជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក។

ទីក្រុងហុងកុងរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោក ខណៈបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅតំបន់រដ្ឋបាលពិសេសមួយនេះមានចំនួន១៩.៤៣៩នាក់ ហើយពួកគេបានកាន់កាប់លំនៅដ្ឋានយ៉ាងតិចមួយយូនីត។

ចំណែក ទីក្រុង Miami ក្នុងរដ្ឋ Florida របស់សហរដ្ឋអាមេរិកបានចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក ខណៈបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅទីក្រុងជាប់ឆ្នេរសមុទ្រមួយនេះមានចំនួន១៧.៤៥៧នាក់ ហើយពួកគេបានទិញលំនៅដ្ឋានយ៉ាងតិចមួយយូនីត។

ជាមួយគ្នានោះ ចំណាត់ថ្នាក់លេខ៥ បានទៅលើទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេស ខណៈបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅទីក្រុងយ៉ាងល្បីល្បាញមួយនេះមានចំនួន១៥.៦៩៥នាក់ ហើយពួកគេបានទិញលំនៅដ្ឋានយ៉ាងតិចមួយយូនីត៕ប្រភព: Vnexpress៕