សម្តេចតេជោ៖ មួយផ្នែកការរីកចម្រើនរបស់កម្ពុជា ក៏មិនអាចកាត់ផ្តាច់ពីដៃគូអភិវឌ្ឍន៍ ជាពិសេសជប៉ុន

ដោយ៖សុផារី

ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ពីទឹកដីខេត្តក្រចេះមកថា មួយផ្នែកលើការរីកចម្រើនរបស់កម្ពុជា ក៏មិនអាចកាត់ផ្តាច់ចេញ ពីជំនួយឧបត្ថមពីដៃគូអភិវឌ្ឍន៍ទាំងអស់បានទេ ជាពិសេសប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “មួយផ្នែកការរីកចម្រើនរបស់កម្ពុជា ក៏មិនអាចកាត់ផ្តាច់ ចេញពីជំនួយឧបត្ថមពី ដៃគូអភិវឌ្ឍន៍ទាំងអស់ និយាយជារួម និងនិយាយដោយឡែក ពីប្រទេសជប៉ុនតែម្តង ខ្ញុំសូមយកឱកាសនេះ តាមរយៈឯកអគ្គរាជទូតជប៉ុន និង តាមរយៈចាយការ សូមសម្តែងនូវការអរគុណ ដែលបានផ្តល់ថវិការសាងសង់ស្ពានទាំង៧នេះ”។

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ០៧កន្លែង ក្នុងខេត្តព្រៃវែងចំនួន ០២កន្លែង លើកំណាត់ផ្លូវជាតិលេខ១១ និងក្នុងខេត្តក្រចេះចំនួន ០៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣។ ស្ពានថ្មីទាំង ៧កន្លែង ក្នុងខេត្តព្រៃវែង និងខេត្តក្រចេះនេះ មានតម្លៃប្រមាណ ៣៥លានដុល្លារ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន៕

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិមណ្ឌលគីរីពន្យារពេលដោយគ្មានកាលកំណត់

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផែនការរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិមណ្ឌលគីរី នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ២០២២នេះ ប៉ុន្តែដោយសារតែស្ថានភាពកូវីដ១៩ បានអូសបន្លាយធ្វើឱ្យគម្រោងផែនការនេះមានការប្រែប្រួល និងពន្យារពេលអភិវឌ្ឍន៍ ដោយមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ។

លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលនៅរសៀលថ្ងៃទី១៥ កុម្ភៈ ២០២២កន្លងមកថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិមណ្ឌលគីរី នៅតែមានផែនការអភិវឌ្ឍន៍ដដែល ដោយមិនមានការលុបចោលនោះទេ គ្រាន់តែគម្រោងនេះ ត្រូវពន្យារពេលមួយរយៈធំ ដោយមិនទាន់កំណត់ពេលវេលាច្បាស់លាស់ថា នឹងចាប់ផ្ដើមអនុវត្តន៍នៅពេលណានោះទេ។

លោកបន្តថា “បញ្ហាកូវីដ១៩ បានធ្វើឱ្យគម្រោងនេះត្រូវពន្យា ហើយការពន្យារនេះ យើងក៏មិនអាចបញ្ជាក់បានថា វានឹងអាចចាប់ផ្ដើមបាននៅពេលណានោះទេ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ក្នុងស្ថានភាពនេះ អ្នកជំនាញការណ៍មកពីចិនដែលត្រូវចុះ មកកវាយតម្លៃផលប៉ះពាល់ និងការចំណាយមិនអាចចុះមកកម្ពុជាបាននោះទេ ដូចយើងបានដឹងស្រាប់ហើយថា បច្ចុប្ប​ន្ននេះកូវីដ១៩ប្រភេទ អូមីក្រុងកំពុងមានការរាលដាល នៅលើពិភពលោករួមទាំងកម្ពុជាផងដែរ។ មេរោគនេះដែរ ក៏បានបង្កផលប៉ះពាល់ដល់វិស័យអាកាសចរកម្ពុជាជាថ្មី។ រាប់ចាប់តាំងពីខែវិច្ឆិកា គឺគ្រាដែលរដ្ឋាភិបាលចាប់ផ្ដើមបើកទូលាយលើវិស័យអាកាសចរ ឃើញថាអ្នកដំណើរបរទេសចូលមកច្រើន និងមានសន្ទុះមួយប្រាវ តែក្រោយពេលរកឃើញមេរោគកូវីដ១៩ប្រភេ​ទអូមីក្រុង អ្នកដំណើរចូលមកបានធ្លាក់ចុះបន្តិច ហើយក៏បាននៅទ្រឹងមកទល់ពេលនេះ ។

លោកបន្ថែម ថ្វីត្បិតតែគម្រោងអភិវឌ្ឍន៍ ព្រលានយន្តហោះមណ្ឌលគីរីបានពន្យារក្ដី សម្រាប់គម្រោងព្រលានយន្តហោះពីរផ្សេងទៀត ដែលកំពុងសាងសង់ គឺព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះ អន្តរជាតិតេជោ ក្រុងតាខ្មៅ នៅតែបន្តសកម្មភាព ដោយមិនមានការផ្អាកឬពន្យារពេលឡើយ ក្នុងគោលដៅបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៣ខាងមុខនេះ។

លោកវុត្ថាបានបន្តថា យ៉ាងណាយើងក៏ព្រួយបារម្ភ ចំពោះ​ការឆ្លងមេរោគនេះ ចូលទៅក្នុងការដ្ឋានសំណង់ផងដែរ បើសិនជាឆ្លងគឺមានទ្រង់ទ្រា​យធំ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ការសម្រេចបានទៅតាមផែនការ។

រដ្ឋាភិបាលបានបង្កើតគណកម្មការអន្តរក្រសួងរួចហើយ ដើម្បីសហការធ្វើការងារជាមួយក្រុមហ៊ុន China Power Group ដែលគ្រោងបោះទុន១០០លានដុល្លារអាមេរិក សាងសង់ព្រលានយន្តហោះនេះ។

ការប្រកាសពីគម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិមណ្ឌលគីរី បានជំរុញឱ្យវិស័យដីធ្លីមានសន្ទុះមួយកម្រិតបន្ថែមទៀត ដោយមានការចុះស្វែងរកដីធ្លី សម្រាប់អភិវឌ្ឍន៍ ហើយក៏ធ្វើឱ្យតម្លៃដីធ្លីនៅទីនោះ បានហក់ឡើងមួយកម្រិតផងដែរ ប៉ុន្តែមកដល់ពេលនេះ បើតាមអ្នកជំនាញប្រចាំខេត្តនេះថា តម្លៃហាក់នៅទ្រឹង មិនមានការឡើងបន្តឬក៏ធ្លាក់ចុះវិញនោះទេ៕

កូរ៉េ គ្រោងសាងសង់រោងចក្រផលិតដែកតម្លៃជិត ១ពាន់លានដុល្លារនៅអារ៉ាប៊ីសាអូឌីត

ដោយៈសុខុម

រីយ៉ាដៈ ក្រុមហ៊ុន Doosan Heavy Industries & Construction របស់កូរ៉េខាងត្បូង ទទួលបានកិច្ចសន្យាតម្លៃ៨៣៤លានដុល្លារអាមេរិក ដើម្បីសាងសង់ចក្រ ផលិតដែកមួយនៅអារ៉ាប៊ីសាអូឌីត ដែលមានសមត្ថភាពផលិតដែក បាន៦០.០០០តោនក្នុងមួយឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៥ កុម្ភៈ។

ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap News Agency ចុះផ្សាយថា ក្រោមកិច្ចសន្យានេះ ការសាងសង់រោងចក្រនៅសួនឧស្សាហកម្ម King Salman Global Maritime Industries Complex ក្នុងតំបន់ Ras Al-Khair នេះនឹងចាប់ផ្តើមក្នុងឆ្នាំ២០២២នេះ ហើយគ្រោងនឹងបញ្ចប់ នៅត្រីមាសទី១ ដើមឆ្នាំ២០២៥។

កិច្ចសន្យានេះ ទទួលបានពីក្រុមហ៊ុន Saudi Tuwaiq Casting & Forging Co. ជាការបណ្តាក់ទុនរួមគ្នាមួយ ដែលបានបង្កើតឡើងកាលពីខែមុនរវាងក្រុមហ៊ុន Doosan ក្រុមហ៊ុនSaudi Dussur Industrial Investments Co. និងក្រុមហ៊ុន Saudi Aramco Development Co។

ក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ Frost & Sullivan និយាយថា ការបញ្ជាទិញរោងចក្រ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងពិភពអារ៉ាប់ ត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ១,៧ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំក្នុងឆ្នាំ២០២៨។

បង្កើតឡើងក្នុងឆ្នាំ១៩៦២ ក្រុមហ៊ុន Doosan Heavy Industries & Construction Co. គឺជាក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ ដែលមានឯកទេសខាងបង្កើត និងសាងសង់រោងចក្រថាមពល ដើរដោយនុយក្លេអ៊ែរ ស្ថានីយថាមពលបំប្លែងចេញពីកម្ដៅ ទួរប៊ីន ម៉ាស៊ីនភ្លើង និងរោងចក្រផលិតដែកជាដើម៕ Arab News៕

EU lays out $6.8 billion satellite communication plan in space race

STRASBOURG : The European Commission on Tuesday set out a 6 billion-euro ($6.8 billion) satellite communications plan, part of a push to cut the European Union’s dependence on foreign companies and protect key communications services and surveillance data against any outside interference.

The move comes amid growing concerns over Russian and Chinese military advances in outer space and a surge in satellite launches.

Commercial operators such a Elon Musk’s SpaceX and its Starlink network that aims to launch tens of thousands of satellites to supply global space-based wifi have also contributed to a fast-growing satellite population and resulting debris.

“Our new connectivity infrastructure will deliver high-speed internet access, serve as a back-up to our current internet infrastructure, increase our resilience and cyber security, and provide connectivity to the whole of Europe and Africa,” EU industry chief Thierry Breton said in a statement.

The EU proposal aims to build and operate a space-based state-of-the-art connectivity system, help to counter cyber and electromagnetic threats and improve the resilience of EU telecommunication infrastructures.

The 6 billion euro cost will be funded by a 2.4 billion euro contribution from the EU from 2022 until 2027, the EU budget, EU countries, the European Space Agency and private investments.

The EU aims to launch the programme next year.

ទូតអាល្លឺម៉ង់កោតសរសើរពីសោភ័ណភាពខេត្តបាត់ដំបងថាមានលក្ខណៈពិសេស

ដោយៈគង់ សូរិយា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Christian Berger បានកោតសរសើរពីការរីកចម្រើន សោភ័ណភាពខេត្តបាត់ដំបងថា មានលក្ខណៈពិសេសខុសប្លែកពីបណ្តាខេត្តដទៃ។

ក្នុងជំនួបជាមួយលោកសុខ លូអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃម្សិលម៉ិញ លោក Christian Berger បានមានប្រសាសន៍ថា រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការ GIZ បានធ្វើការងារជាច្រើននៅក្នុងខេត្តបាត់ដំបង ក្នុងនោះក៏មានកម្មវិធី វិមជ្ឈការ និងវិសហមជ្ឈការ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

លោកបានសម្តែថការចាប់អារម្មណ៍ ទៅការៀបចំសោភ័ណភាព ក្នុងក្រុង ព្រោះខេត្តបាត់ដំបង មានលក្ខណៈពិសេសជាងខត្តដទៃ តាមខេត្តដែលឯកឧត្តមធ្លាប់ទៅដល់ ហើយខេត្តបាត់ដំបងនេះ ជាខេត្តមរតក។

ក្នុងជំនួបនេះ លោកសុខ លូ បានជម្រុញឲ្យឯកអគ្គរដ្ឋទូតនៃសាធារ​ណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា ជួយជំរុញផ្សព្វផ្សាយដល់អ្នកវិនិយោគទុន ឱ្យមកធ្វើការវិនិយោគទុន មកខេត្តបាត់ដំបង និងបន្តជួយ លើគំរោងផ្សេងទៀតនៅខត្តបាត់ដំបង។

លោកបន្តទៀតថា ទោះបីខេត្តបាត់ដំបង ជាខេត្តកសិកម្មពិតមែន តែក៏នៅមានបញ្ហាផងដែរ គឺមានការខ្វះខាតរោងចក្រ ឬសិប្បកម្មកែឆ្នៃផលិត​ផលកសិកម្ម ហើយនេះជាកង្វល់របស់ខេត្ត៕

សហភាពអឺរ៉ុបគ្រោងវិនិយោគផ្កាយរណបតម្លៃ ៦,៨ពាន់លានដុល្លារដើម្បីប្រកួតប្រជែងផ្នែកអវកាស

ដោយៈសុខុម

អន្តរជាតិ: គណៈកម្មការអឺរ៉ុប កាលពីថ្ងៃអង្គារ ទី១៥ កុម្ភៈ បានដាក់ចេញផែនការ ទំនាក់ទំនងផ្កាយរណបតម្លៃ៦,៨ពាន់លានដុល្លារអាមេរិក។

ការវិនិយោគដ៏ច្រើននេះ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនបរទេស និងដើម្បីការពារសេវាកម្មទំនាក់ទំនងសំខាន់ៗ និងទិន្នន័យឃ្លាំមើលប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ។

ចំណាត់ការនេះធ្វើឡើង ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីកចម្រើនរបស់យោធារុស្ស៊ី និងយោធាចិន ផ្នែកលំហអវកា​ស និងការកើនឡើងយ៉ាងគំហុកនូវការបាញ់បង្ហោះផ្កាយរណប។

ប្រតិបត្តិករពាណិជ្ជកម្ម ដូចជា ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk និងបណ្តាញ Starlink របស់ខ្លួន ដែលបំណងបាញ់បង្ហោះផ្កាយរណបរាប់ម៉ឺន ដើម្បីផ្គត់ផ្គង់សេវា Wifi អ៊ីនធឺណិតពីលំហអវកា​សជាដើម ក៏បានរួមចំណែកធ្វើឱ្យកើនឡើង យ៉ាងឆាប់រហ័សនូវចំនួនផ្កាយរណប និងកម្ទេចកម្ទីផ្កាយរណបក្នុងលំហអវកាសផងដែរ។

លោក Thierry Breton ឧត្តមស្នងការទទួលបន្ទុកទីផ្សាររបស់សហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ថា “ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ថ្មីរបស់យើង នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ជួយគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតបច្ចុប្បន្នរបស់យើង បង្កើនភាពធន់ទ្រាំ និងសុវត្ថិភាពអ៊ីនធឺណិត និងផ្តល់ការតភ្ជាប់ទៅកាន់ទ្វីបអឺរ៉ុប ទាំងមូល និងទ្វីបអាហ្វ្រិក”។

សំណើរបស់សហភាពអឺរ៉ុប នេះមានគោលបំណងបង្កើត និងដំណើរការប្រព័ន្ធតភ្ជាប់ដ៏ទំនើប ដែលមានមូលដ្ឋានលើលំហអវកាស ជួយទប់ទល់នឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងអេឡិចត្រូម៉ាញេទិក ព្រមទាំងកែលម្អភាពធន់ នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ របស់សហភាពអឺរ៉ុបផងដែរ។

សហភាពអឺរ៉ុប មានបំណងដាក់ឱ្យដំណើរការកម្មវិធីនេះ នៅឆ្នាំ២០២៣៕ Reuters៕

សណ្ឋាគារថ្មីមួយនឹងបើកដំណើរការនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញនៅខែមិនាខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញៈ បើទោះជាវិស័យទេសចរណ៍ នៅតែជួបភាពមិនប្រាកដប្រជាក្តី ប៉ុន្តែសណ្ឋាគារថ្មីៗបាននិងកំពុងត្រៀមខ្លួន បើកដំណើរការនៅរាជធានីភ្នំពេញក្នុងខែមិនាពេលខាងមុខនេះ។

ជាក់ស្តែងក្រុមហ៊ុនសណ្ឋាគារល្បីឈ្មោះ Ascott នឹងបើកដំណើរការបណ្តាញសណ្ឋាគាររបស់ខ្លួន Citadines Flatiron Phnom Penh នៅរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ ផ្តល់ជូននូវសេវាកម្មទាំងបន្ទប់អាផាតមិនជួល និងសណ្ឋាគារ។

អគារ Citadines Flatiron មាន៣១៥យូនីត ហើយមានទីតាំងនៅក្នុងអគារ Flatiron by Meridian ដែលជាគម្រោងអភិវឌ្ឍចម្រុះកម្ពស់៤១ជាន់ នៅនៅក្នុងមជ្ឈមណ្ឌលភ្នំពេញ ឬ Phnom Penh City Center ឬតំបន់បឹងកក់។

មជ្ឈមណ្ឌល Citadines Flatiron ផ្តល់ជូននូវជម្រើសបន្ទប់ និងអាផាតមិនជាច្រើនពីយូនីតសណ្ឋាគារ បន្ទប់ប្រភេទស្ទូឌីយ៉ូ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេងជាដើម។

ការបើកសម្ពោធ Citadines Flatiron Phnom Penh គឺជាការបោះជំហានទី៣របស់ The Ascott Limited មកកាន់ប្រទេសកម្ពុជា បន្ទាប់ពី CASA Meridian Residences និង Somerset Norodom Phnom Penh៕

អ្នកជំនាញៈតម្លៃដីលើផ្លូវក្រវ៉ាត់ក្រុងទី៣មានការកើនឡើងខ្ពស់ក្រោយបញ្ចប់ការសាងសង់

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលដែលការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជាង៦៦ភាគរយ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ មានការកើនឡើងច្រើន បើប្រៀបធៀបនឹងមុនពេលសាងសង់ ហើយនឹងកាន់តែមានកំណើនខ្ពស់ ក្រោយបញ្ចប់ការសាងសង់នាពេលខាងមុខ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals (KFA) បានមានប្រសាសន៍កាលពីថ្ងៃទី១៥ ខែកុម្ភៈនេះថា បើប្រៀបធៀបនឹងមុនពេលសាងសង់ តម្លៃដីនៃតំបន់នេះ ទីតាំងខ្លះលើផ្លូវក្រវ៉ាត់ក្រុងទី៣ មានការកើនឡើង៤ទៅ៥ដង។

លោកបានបញ្ជាក់ថា ”តម្លៃដីទាបបំផុតលើផ្លូវក្រវ៉ាត់ក្រុងទី៣ ចាប់ផ្តើមពី៦០ ទៅ៨០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយមានតំបន់ទីប្រជុំជនឬតំបន់ក្បែររាជធានីភ្នំពេញខ្លះ តម្លៃបានឡើងខ្ពស់រហូតដល់ ៣០០ទៅ ៤០០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

បើតាមលោកឧកញ៉ា កំណើនខ្ពស់នៃតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ ជំរុញដោយកត្តាសំខាន់ៗមួយចំនួន ដូចជា កត្តា GDP របស់សេដ្ឋកិច្ចរបស់ប្រទេសមួយកើនឡើង នាំឱ្យតម្លៃដីធ្លីមានការកើនឡើង ទៅតាមនិន្នាការនេះផងដែរ។

កត្តាមួយទៀតគឺ Block Market Price ផ្អែកលើគម្រោងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយកាលណាគម្រោងចាប់ផ្តើម អនុវត្តន៍បានបន្ទិច តម្លៃដីធ្លីនឹងគុណនឹង២ ក្រោយគម្រោងបានអនុវត្ត នោះតម្លៃនឹងកើនឡើងគុណនឹង៣ ហើយក្រោយគម្រោងបានអនុវត្តន៍រួចរាល់ហើយ នោះតម្លៃដីធ្លីអាចនឹងកើនឡើងរហូតដល់១០ដងក៏មានដែរ។

លោកឧកញ៉ាបានបញ្ជាក់ថា “នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ មានគម្រោងអភិវឌ្ឍន៍លំនៅឋានមួយចំនួន នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បានចាប់ផ្តើមប្រកាសហើយ តែគម្រោងផ្សេងទៀតនៅមិនទាន់មានការប្រកាសនៅឡើយទេ”។

លោកឧកញ៉ានួន រិទ្ឋីបានព្យាករណ៍ថា ក្រោយពីផ្លូវនេះមានបញ្ចប់ការកសាងរួចរាល់ហើយ តម្លៃដីធ្លីនៅក្នុងតំបន់ផ្លូវក្រវាត់ក្រុងទី៣ នេះអាចមានការកើនឡើងរហូតដល់២០ ទៅ៣០ភាគរយធៀបនឹងពេលបច្ចុប្បន្ន។ លោកបន្តថា យ៉ាងណាក្តី វាអាស្រ័យនឹងគោលនយោបាយ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឧទាហរណ៍ គោលនយោបាយឃ្លាំង ដែលត្រូវលើកចេញពីក្រុងនឹងធ្វើឱ្យផ្លូវក្រវាត់ក្រុងទី៣ មានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ចរាចរណ៍កាត់និងវាងក្រុងភ្នំពេញ ដែលអាចកាត់បន្ថយរយៈពេលការដឹកជញ្ជូន។

ផ្លូវក្រវាត់ក្រុង ដែលចំណាយទំហំទឹកប្រាក់ ចំនួន៣០០លានដុល្លារមានប្រវែងសរុប៥២,៩៨៣គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងខែមករា ឆ្នាំ២០២២កន្លងមកថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមការចង្អុលបង្ហាញ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលនានា រួមចំណែកកាត់បន្ថយបញ្ហាកកស្ទះដោយយានយន្ដធំៗ ដែលដឹកជញ្ជូនទំនិញចេញ-ចូលរាជធានីភ្នំពេញ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏ជាផ្លូវតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ រួមមានផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ច របស់មហាអនុតំបន់ទន្លេមេគង្គ ដែលរួមចំណែកសម្រួល ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្ដុភារកម្មតំបន់៕

ទីក្រុងប៉ោយប៉ែតចាប់ផ្តើមជួបវិបត្តិខ្វះកំលាំងពលកម្មជាថ្មី

ដោយៈ វណ្ណៈ

ភ្នំពេញៈ ទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បានជួបវិបត្តិខ្វះកំលាំងពលកម្មលើទីផ្សារការងារជាថ្មី បន្ទាប់ពីកាស៊ីណូ អាជីវកម្មនានាបានបើកដំណើរការឡើងវិញ។

លោកសួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HTL Bright ដែលមានមុខជំនួញជាច្រើន នៅទីក្រុងជាប់ព្រំប្រទល់ប្រទេសថៃ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីក្រុងនេះ ពិបាករកមនុស្សធ្វើការណាស់ ពិសេសការងារមួយចំនួនទាក់ទងនឹងរដ្ឋបាល និងការងារមួយចំនួនទៀត ដែលជាការងារចាំបាច់របស់ក្រុមហ៊ុន។

លោកបន្តថា “អ្នកចេះបន្តិចបន្តួច គ្រាន់តែកាន់កុំព្យួទ័រអាចធ្វើការលើ​បណ្តាញទំនាក់ទំនងសង្គម ឬការងាររដ្ឋបាលផ្សេងៗ ក៏ពួកគេទាមទារប្រាក់ខែ ៥០០ដុល្លារផងដែរ ពិសេសពួកគេត្រូវការបាយពីរពេលផងដែរ”។ លោក​បន្តថា “បច្ចុប្បន្នសូម្បីក្រុមហ៊ុនរបស់លោក ក៏ពិបាករកបុគ្គលិកធ្វើការ​ផងដែរ បើមានគឺពួកគេទាមទារប្រាក់ខែខ្ពស់ ធៀបជាមួយការងារនៅរាជធានីភ្នំពេញ”។

លោកសួង សុខហ៊ាង បានបន្តថា ក្រុងប៉ោយប៉ែត ចាប់ផ្តើមមានសកម្ម ភាពសាងសង់សំណង់ធំៗកាន់តែច្រើន និងមានភាពសកម្មឡើងវិញច្រើន ដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់ក្រុង ព្រោះកាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេសនានាបានបើកដំណើរការឡើងវិញហើយ។

លោកបន្តថា “ការរីកចម្រើននេះ បានធ្វើឲ្យការវិនិយោគលំនៅដ្ឋាន កើនោះឡើងខ្ពស់ ពិសេសផ្ទះមានតម្លៃថ្លៃៗ ដោយសារទីផ្សារ និងតម្រូវការជួលបានកើនឡើងខ្ពស់ជាថ្មី ព្រោះបច្ចុប្បន្នផ្ទះវីឡាមួយ អាចជួលបានរហូតដល់ ១០,០០០ឬច្រើនជាងនេះក្នុងមួយខែ៕

សម្តេចតេជោនឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធស្ពាន៧កន្លែង តម្លៃ៣៥លានដុល្លារនៅព្រឹកថ្ងៃនេះ

ដោយៈ វិវត្តន៍

ក្រចេះ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងជាអធិបតី ជាមួយលោក មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ៣៥លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានទាំង៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសា​ស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប៣,៤២៤ម៉ែត្រ។

ស្ពានសំខាន់ៗទាំង៧ទីតាំងនេះ រួមមានដូចជា​ ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង៣៥ម៉ែត្រ ស្ពានព្រែកឬស្ស ប្រវែង៦២ម៉ែត្រ ស្ពានអន្លង់ឃ្លេ ប្រវែង៤៨ម៉ែត្រ ស្ពានព្រែកឆ្លូង ប្រវែង១៤០ម៉ែត្រ និងស្ពានពាមទេរប្រវែង១៧៥ម៉ែត្រ។

ស្ពានចំនួន២កន្លែងទៀត ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន ស្ពានបាបោងលេខ១ ប្រវែង១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង១០៥ម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងខាងលើនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់១០សង់ទីម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា “សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង”។

លោកបន្តថា ការសម្រេចបាននូវការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ដូចនាពេលបច្ចុប្បន្ននេះ គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចាត់ទុកការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាវិស័យអាទិភាពរបស់ជាតិ ហើយសម្ដេចតេជោ តែងតែពុះពារស្វះ ស្វែងរកប្រភពធនធានពីគ្រប់មជ្ឈដ្ឋាន ដើម្បីអនុវត្តគម្រោ​ងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅទូទាំងប្រទេសឱ្យកាន់តែមានភាពល្អប្រសើរឡើង។

លោកបន្តថា​ “កត្តាសុខសន្តិភាព ដ៏ពេញលេញនេះហើយ បានបង្កភាពងាយស្រួលឱ្យប្រជាជនកម្ពុជា អាចធ្វើដំណើរទៅទីជិតឆ្ងាយនៅទូទាំងប្រទេស តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួចរាល់ពាសពេញផ្ទៃប្រទេស”។

លោកបន្តថា​ “សុខសន្តិភាព ពិតជាបានប្រែក្លាយកម្ពុជាទៅជាសង្គមជឿនលឿន និងមានការរីកចម្រើនលើគ្រប់វិស័យ ដែលបានផ្តល់ឱកាសឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់មានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន រស់នៅក្នុងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ ដោយគ្មានការរើសអើង រួមទាំងការទទួលបាននូវការសិក្សាអប់រំ អាហារូបត្ថម្ភ ការប្រើប្រាស់ទឹកស្អាត និងអនាម័យ បរិស្ថានរស់នៅល្អ សេវាថែទាំសុខភាពផ្សេងៗ ទាំងនៅតាមទីប្រជុំជន និងជនបទ និងមានបណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ ទូរស័ព្ទ អ៊ីនធឺណែត និងប្រព័ន្ធបច្ចេកវិទ្យាទំនើបប្រើប្រាស់យ៉ាងទូលំទូលាយ”៕