ឥណ្ឌូនេស៊ីកំពុងសាងសង់រដ្ឋធានីថ្មី Nusantara ជាមួយទុនវិនិយោគ ៣៤ពាន់លានដុល្លារអាមេរិក

ដោយៈសុខុម

ហ្សាការតា: គម្រោងកសាងរដ្ឋធានីថ្មី នៃប្រទេសឥណ្ឌូនេស៊ី ជាមួយទំហំទុនវិនិយោគរហូត ដល់ទៅ៣៤ពាន់លានដុល្លារអាមេរិក កំពុងតែបោះជំហានឆ្ពោះទៅមុខ ដោយកាលពីថ្ងៃអង្គារ ទី១៨ មករា សមាជិកសភាបានអនុម័តគម្រោងទីក្រុងថ្មីនេះដែលនឹងត្រូវប្រសិទ្ធនាមថា Nusantara។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ឱ្យដឹងថា ឈ្មោះ Nusantara ដែលមានន័យត្រង់ថា Archipelago ឬ “ប្រជុំកោះ” ខាងលើនេះត្រូវបានប្រធានាធិបតី ចូកូ វីដូដូ ជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីបាវចនាជាតិ នៃប្រទេសឥណ្ឌូនេស៊ី។

រដ្ឋមន្ត្រីផែនការអភិវឌ្ឍន៍ជាតិលោក Suharso Monoarfa បានថ្លែងនៅចំពោះមុខសភាកាលពីថ្ងៃច័ន្ទ ទី១៧ មករា ថា លោកប្រធានាធិបតី ចូកូ វីដូដូ ចង់ឱ្យរដ្ឋធានីថ្មីនេះបង្អួតពីភាពចម្រុះ នៃប្រទេសឥណ្ឌូនេស៊ី ដែលសម្បូរទៅដោយប្រជុំកោះច្រើនបំផុតក្នុងពិភពលោក។

លោក Suharso Monoarfa បានបញ្ជាក់ថា ក្រុមអ្នកជំនាញខាងប្រវត្តិសាស្ត្រ និងភាសាវិទ្យា បានស្នើឈ្មោះរហូតដល់ទៅ “ប្រមាណ៨០” សម្រាប់ដាក់ឱ្យរដ្ឋធានីថ្មីនេះ ប៉ុន្តែចុងក្រោយលោកប្រធានាធិបតី ចូកូ វីដូដូ បានសម្រេចជ្រើសយកឈ្មោះ Nusantara ព្រោះគ្មានឈ្មោះណាស្រដៀង និងស័ក្ដិសមដូចឈ្មោះនេះឡើយ។

រដ្ឋធានីថ្មី Nusantara ដែលនឹងត្រូវកសាងឡើងនៅលើផ្ទៃដីរហូតដល់ទៅ៥៦.១៨០ហិកតា នឹងក្លាយជាដែនរដ្ឋបាលពិសេស ដែលនឹងអនុ​ញ្ញាតឱ្យប្រធានាធិបតីជ្រើសតាំងចៅហ្វាយក្រុង ហើយសុំការអនុម័តពីសភា។

ភាគច្រើននៃហិរញ្ញប្បទាន សម្រាប់ការកសាងរដ្ឋធានីថ្មីនេះ ដែលស្មើនឹង៥៣% នឹងបានពីថវិកាជាតិ។ រដ្ឋាភិបាលក៏នឹងស្វះស្វែងរកហិរញ្ញប្បទានពីអាជីវកម្មនានា វិស័យឯកជន និងបណ្ដាសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋផងដែរ៕ South China Morning Post៕

As Indonesia names its new US$34 billion capital ‘Nusantara’, historically minded critics say it’s ‘hard to see the idea’

Jakarta- The construction of Indonesia’s US$34 billion new capital is moving ahead, with lawmakers on Tuesday passing into law the bill governing the administrative centre, which will be named Nusantara.

The name Nusantara (literally, “archipelago”) was chosen by President Joko Widodo to underline the country’s motto of “unity in diversity”.

Minister of National Development Planning Suharso Monoarfa told parliament on Monday that the president wanted the new capital to showcase the diversity Indonesia – the world’s largest archipelago – had to offer.

“So Nusantara is a unity concept that accommodates all of our diversity, whether in race, language, or ethnicity, and the new Indonesian capital, under that name, will reveal that reality,” he said.

Suharso said Widodo had to choose from “around 80” names proposed by historians and language experts. These ranged from newly created names – such as Negara Jaya, Nusantara Jaya, Pertiwipura and Cakrawalapura – to historical ones, such as Kertanegara, the name of the most powerful ruler of the Singhasari Kingdom of Java.

But none of those names offer the familiarity that “Nusantara” does.

Most Indonesians learn this word in school during history lessons and it is used widely to refer to modern day Indonesia.

Source: China Morning Post

តើសម្តេចតេជោផ្តល់អនុសាសន៍អ្វីខ្លះដល់មេដឹកនាំទេស​ចរណ៍អាស៊ាន?

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែ​កនូវអនុសាសន៍សំខាន់ៗចំនួន៥ ដើម្បីបន្តពង្រឹងទំនាក់ទំនងអាស៊ានឱ្យកាន់តែប្រសើរឡើង។

សម្តេចតេជោក៏ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្ពោះទៅអនាគត និងវិបុលភាពរួមស្របតាមប្រធានបទ អាស៊ាន “សហគមន៍សន្តិភាព និងវាសនាតែមួយ”និងឈរលើទស្សនៈវិស័យ​ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត”។

ការចែករំលែកអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញ បើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នាទីក្រុងព្រះសីហនុ។

អនុសាសន៍សំខាន់ៗទាំង៥ របស់សម្តេចតេជោ ក្នុងបើកវេទិកាទេស​ចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ រួមមានទី១ ការបើកដំណើរការសក​ម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដោយហេតុថា ស្ថានភាពទីផ្សារទេសចរណ៍នឹងមានភាពតូចចង្អៀត ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម តម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍។

វិធានការក្នុងការគ្រប់គ្រងស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ ។ ចំណុចទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ ការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី ។ ក្នុងន័យនេះ ផែនការ ស្តារវិស័យទេសចរណ៍អាស៊ាន ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រ ដ៏សំខាន់ សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗ នៃការទទួលភ្ញៀវទេស​ចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សា បាននូវតុល្យភាពរវាងសកម្ម​ភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួ​យកិច្ចខិតខំក្នុងការវិលត្រឡប់ ឱ្យបានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភា​ពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនអាស៊ាន។

ទី២ សម្តេចសូមគាំទ្រគំនិតផ្តួចផ្តើម សម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងការរៀបចំការអនុវត្តវិធានសុខាភិបាល ក្នុងឧស្សាហកម្មទេសចរណ៍ ដែ​លជាយន្តការចូលរួមដ៏មានសារៈសំខាន់ ក្នុងការធានាបាននូវដំណើរការអាជី​វកម្មទេសចរណ៍ឡើងវិញផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួម ជាអតិបរមា។
កម្ពុជាបច្ចុប្បន្ន បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវ “វិធានសុវត្ថិភាពទេសចរណ៍” និង “នីតិវិធីប្រតិបត្តិស្តង់ដា” សម្រាប់ប្រតិ​បត្តិលើការបើកដំណើរការ អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

ទី៣ ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនៈ “អាស៊ានដើម្បីអាស៊ាន (ASEAN For ASEAN) ហើយសម្តេចសូមគាំទ្រទាំងស្រុង នូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្តេចសូមគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅថ្ងៃស្អែកចេញពីក្រុងព្រះសីហនុ។ ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យ នៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឲ្យបាននូវភាពជឿជាក់ និងទុកចិត្តថាជា “គោលដៅទេសចរណ៍ អាស៊ានមានសុវត្ថិភាព” ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។

ក្នុងន័យនេះ សម្តេចសូមគាំទ្រនូវកម្មវិធី “ទេសចរណ៍វ៉ាក់សាំ​ង​” ដែលបានដាក់ចេញ នៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ ៣អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅនិងសុវត្ថិភាប៣។ សម្តេចតេជោ អំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណាក្នុងការសម្រួលលក្ខខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។

ទី៤ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍ ដៃគូអាស៊ាន គួរបន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ល្អៗ ជុំវិញការទាក់ទាញ និងអភិវឌ្ឍទេពកោសល្យដោយគិតគូរផងដែរ នូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេស​ចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីការអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយវៃឆ្លាតចីរភាព និងបរិយាប័ន្ន។

ទី៥ អាស៊ានត្រូវរួមគ្នាជំរុញការងើបឡើងវិញ នៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគត កាន់តែប្រសើរជាងមុន ប្រកប​ដោយគុណភាព ចីរភាព និងបរិយាប័ន្ន ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាស៊ានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួ​យដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូរដ្ឋ-ឯកជន (PPP)ទាំងក្នុងប្រទេសតំបន់ និងសកលលោក សំដៅឆ្ពោះទៅរកការរីកចម្រើននៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ តាមគន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល៕

តើសរសរស្ថម្ភអ្វីខ្លះនឹងជាចលករជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំនើនក្នុងរង្វង់៤,៨ភាគរយ ជាសុទិដ្ឋិនិយមមួយ សម្រាប់អ្នកប្រមើលមើលពីនិ​ន្នាការឬចរន្តវិញចុះឡើង នៃសកម្មភាពពាណិជ្ជកម្មការវិនិយោគ។

ការព្យាករណ៍ជាបណ្ដោះអាសន្នរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជា អាចមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤.៨ភាគរយ ។ ការព្យាករណ៍នេះប្រាកដថា នឹងអាចមានការកែតម្រូវនៅ​ពេលដែលអនុវត្តបាន៦ខែដើមឆ្នាំ ឬក៏៩ខែ តាមជាក់ស្តែង។ នេះជាការលើកឡើងរបស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ១៨ ខែ មករានេះ។

លោក មាស សុខសេនសាន បានមានប្រសាសន៍ឲ្យដឹងថា មានវិស័យចំនួនបី ដែលអាចជួយជំរុញសេដ្ឋកិច្ចជាតិ ឲ្យមានសន្ទុះកើនឡើង។ វិស័យទាំងនោះរួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍។

ក្រៅពីវិស័យទាំងបីនេះ វិស័យអទិភាពមួយទៀត ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិដែរនោះគឺវិស័យកសិកម្ម។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកាលពីខែ វិច្ឆិកា ឆ្នាំ ២០២១ថា ការនាំចេញក្នុងវិស័យកសិកម្ម លើសផែនការ បើធៀបនឹងឆ្នាំមុន ទោះជាកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ខណៈដែលកម្ពុជា នឹងចរចានាំចេញដោយត្រង់នូវកសិផលជាកញ្ចប់ ជាមួយប្រទេសចិននាពេលខាងមុននេះ។

សម្តេចតេជោបានបង្ហាញសុទិដ្ឋិនិយមថា ការនាំចេញរបស់វិស័យក​សិកម្ម និងវិស័យឧស្សាហកម្ម កាន់តែមានភាពល្អប្រសើរ ព្រមជាមួយនឹងការមកដល់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ជាពិសេសចិន។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា កំនើនន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០២១​ ​មានលក្ខណៈ​ល្អប្រសើរ​ជាង​ការរំពឹង​ទុក​ ហើយ​កំណើ​ន​សេដ្ឋកិច្ច​កម្ពុជា​នឹងវិល​ទៅរក​៧% ត្រឹមឆ្នាំ ២០២៤។​

ការរំពឹងបែបនេះ សំអាងទៅលើកត្តាមួយចំនួន ដូចជា កត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា មិនមានភាពថមថយ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀតដែរ ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញកន្លងមក។

ជាក់ស្តែងតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ចរយៈពេល១១ខែឆ្នាំ២០២១ បង្ហាញថា វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមានកំណើន១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម១០%ប៉ុណ្ណោះ។ រីឯការនាំចេញទំនិញមិនមែនកាត់ដេរ រយៈពេល១១ខែ គឺមានការកើនឡើងប្រមាណ៥៣%។

ជាមួយគ្នានេះ ធនាគារពិភពលោកបានវាយតម្លៃថា វត្តមានរបស់វីរុសបំប្លែង Omicron អាចរំខានដល់ការងើបឡើងវិញ នៃឧស្សាហកម្ម ទេស​ចរណ៍ និងមានការកើនឡើងហានិភ័យផ្នែកហិរញ្ញវត្ថុ ជាមួយនឹងការកើនឡើងនៃបំណុល និងភាពងាយរងគ្រោះ ចំពោះគ្រោះមហន្តរាយធម្មជាតិ និងហេតុការដែលពាក់ព័ន្ធអាកាសធាតុ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជានឹងមានភាពល្អប្រសើរ​ ដោយការនាំចេញនឹងកើនឡើង ព្រោះនៅដើមឆ្នាំនេះកិច្ចព្រៀងព្រៀង ពាណិជ្ជកម្មសេរី រវាងកម្ពុជា ចិន និងកិច្ចព្រមព្រៀងនៃភាពជាដៃគូ គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏នឹងចូលជាធរមានផងដែរ។

លោកបន្តថា “តាមរយៈកិច្ចព្រមព្រៀងធំៗទាំងពីរនេះ នឹងផ្តល់កាលានុវត្តន៍ភាពដ៏ធំ សម្រាប់ការនាំចេញពីកម្ពុជាផង និងជាការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកផលិតនៅកម្ពុជា ដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន និងបណ្តាប្រទេសសមាជិកRCEPផងដែរ”៕

គំរោងអាគារខ្ពស់ជាងគេនៅទីក្រុងកោះនរាកំពុងរៀបចំឌីសាញប្លង់ស្ថាបត្យកម្មឡើងវិញ

ដោយៈជេស៊ីកា

ភ្នំពេញៈ គំរោងអាគារខ្ពស់កប់ពពក ដែលនឹងជា Land Mark ខ្ពស់់ជាងគេនៅទីក្រុងកោះនរា បាននិងកំពុងរៀបចំរចនាប្លង់ ស្ថាបត្យកម្មឡើងវិញ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញសង្គម កាលពីរសៀលថ្ងៃទី១៨ មករាកន្លងមកថា ប្លង់ស្ថាបត្យកម្មអាគារខ្ពស់ជាងគេ ដែលគ្រោងសាងសង់នាពេលខាងមុខ បាននិងកំពុងសិក្សារចនាប្លង់ពីរឬបីទៀត ដើម្បីមានជ្រើសរើសយកមួយមកសា​ងសង់ ដែលមានភាពអស្ចារ្យ និងស្ញប់ស្ញែង។

លោកបន្តថា “ប្លង់ស្ថាបត្យកម្មដែលបានគូរ និងដាក់បង្ហាញកន្លងមក ត្រុវបានគេផ្តល់យោបល់មួយចំនួនថា អគារនេះមិនសូវមានភាពទាក់ទាញ និងមិនសូវស្អាតជាដើម”។លោកបន្តថា “តាមផែនការការសាងសង់អគារកប់ពពកនេះ អាចនឹងមិនចាប់ផ្តើមនៅឆ្នាំនេះនៅឡើយទេ”។

ទោះជាយ៉ាងណា លោកទូច សំណាងមិនបានបញ្ជាក់ឲ្យដឹងពីអគារពាណិជ្ជកម្មនេះ មានកំពស់ប៉ុន្មានជាន់ ស្មើនឹងរយៈកំពស់ប៉ុន្មានរយម៉ែត្រនៅឡើយទេ។

ទីក្រុងកោះនរា កំពុងវិនិយោគដោយក្រុមហ៊ុន OCIC មានទំហំផ្ទៃដីសរុប១២៥ហិកតា ដែលបច្ចុប្បន្ននេះការរៀបចំសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋទាំងមូលនៃគំរោងនេះ សម្រេចបានប្រមាណ៥០ភាគរយហើយ៕

បុរីធំមួយសាងសង់លើទំហំដី១៣០ហិកតា លើកកំពស់សក្តានុពលផ្លូវជាតិលេខ៥១

ដោយៈជេស៊ីកា

ភ្នំពេញៈ បុរីធំមួយសាងសង់លើផ្ទៃដីទំហំ១៣០ហិកតា បាននិងកំពុងរំលេចខ្លួនលើផ្លូវជាតិលេខ៥១ ជាតំបន់ដែលមានការរីកចម្រើនលឿន ស្របពេលរោងចក្រ ឧស្សាហកម្មនានាបាន និងកំពុងបោះទីតាំងនៅតំបន់នេះ។

លោកប៊ុន ហួត អគ្គនាយកក្រុមហ៊ុនភីស៊ីវ ប្រភើធី បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី១៨ មករានេះថា បុរី TLL បាននិងកំពុងសាងសង់យ៉ាងសកម្ម និងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន ដោយសារបុរីនេះ បានផ្តល់ការបង់រំលស់១០០ភាគរយ ជាមួយការប្រាក់ទាប ដើម្បីចូលររួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្តល់លំនៅ ដ្ឋានជូនដល់ប្រជាពលរដ្ឋ។

លោកបន្តថា “បុរីនេះមានផ្ទះបីប្រភេទ និងមានដីឡូត៍ ដែលបង់រំលស់ត្រឹម១០០ដុល្លារសម្រាប់ដីឡូត៍ ផ្ទះ E0 ដែលផ្តល់ការបង់រំលស់ ២៦៣ដុល្លារក្នុងមួយខែ”។ លោកប៊ុន ហួតបានបន្តឲ្យដឹងទៀតថា “សំរាប់ដីឡូត៍ ផ្តល់ការបង់រំលស់ ដោយឥតការប្រាក់រយៈពេល៥ឆ្នាំ ហើយបើអតិថិជនបង់មុនត្រឹម៣០ភាគរយ អតិថិជនបង់ត្រឹម១០០ដុល្លារប៉ុណ្ណោះ”។

លោកប៊ុន ហួតបានបន្តឲ្យដឹងទៀតថា សំរាប់ដីឡូត៍ និងផ្ទះ E0 ផ្តល់ការបង់រំលស់ ដោយឥតការប្រាក់រយៈពេល៥ឆ្នាំ ហើយបើអតិថិជនបង់មុនត្រឹម៣០ភាគរយ អតិថិជនបង់ត្រឹមជាង១០០ដុល្លារប៉ុណ្ណោះ សំរាប់ផ្ទះប្រភេទ E0។ លោកបន្តថា កំនើនប្រជាពលរដ្ឋនៅតំបន់នេះ បានកើនឡើងជាប្រចាំ ហេតុនេះការវិនិយោគលំនៅដ្ឋាន និងដីឡូត៍នៅក្នុងគំរោងនេះនឹងទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ ពិសេសអាចប្រកបអាជីវកម្មនានាបាន។

រដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជម្រុញលើកទឹកចិត្តម្ចាស់រោងចក្រ សហគ្រាសនានាចាកចេញពីទីក្រុង និងត្រូវពង្រីកមូលដ្ឋាននៅតំបន់ជាយរាជធានីភ្នំពេញ ដើម្បីសម្រួលការកកស្ទះចរា​ច​រណ៍ និងងាយស្រួលដឹកជញ្ជូនទៅកាន់កំពង់ផែនានាផងដែរ។

លោកប៊ុន ហួតបានបន្តថា ការរីកចម្រើននគរូបននីយកម្ម ពិសេសគំរោងពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលគ្រោងចាកចេញពីតំបន់ ផ្លូវជាតិលេខ៥១ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤១ នឹងធ្វើឲ្យតំបន់ផ្លូវនេះមានសភាពដូចផ្លូវវេងស្រេងកាលពី១០ទៅ១៥ឆ្នាំមុន ដែលរោងចក្រ សហគ្រាស អាជីវកម្មនានា នឹងមានភាពរីកចម្រើនដូចផ្សិតនៅតំបន់នេះនាពេលអនាគត។

អតិថិជនចាប់អារម្មណ៍ទិញលំនៅដ្ឋានតម្លៃទាប ដីឡូត៍អាចប្រកបអាជីវកម្មនានាបានសូមទំនាក់ទំនងលេខទូរស័ព្ទ 📲 Smart: 015 663 995 📲 Cellcard: 089 663 995 📲 Metfone: 066 553 168៕

សម្តេចតេជោបង្ហើបពីការចេញសេចក្តីថ្លែងការណ៍ COC មិនរួចកាលពី ១០ឆ្នាំមុន

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបពីមូលហេតុ ដែលសេចក្តីថ្លែងការណ៍ កិច្ចប្រជុំកំពូលអាស៊ានកាលពី១០ឆ្នាំមុន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ​ចេញមិនរួច។

សម្តេចតេជោបានថ្លែងចេញពីក្រុងព្រះសីហនុ កាលពីរាត្រីថ្ងៃទី១៨ មករាកន្លងមក ក្នុងពេលសម្តេចអញ្ជើញជាអធិបតី បើកកិច្ចប្រជុំវេទិកាទេស​ចរណ៍អាស៊ានថា មូលហេតុដែលនៅពីក្រោយ ការមិនអាចចេញសេចក្តីថ្លែងការណ៍ COC បានពេលនោះ គឺជាការចាប់បង្ខំឲ្យកម្ពុជាធ្វើចៅក្រមកាត់សេចក្តីលើដែនអធិបតេយ្យសមុទ្រចិនខាងត្បូងទៀតផង។

ជាមួយគ្នានេះ សម្តេចតេជោហ៊ុន សែនក៏ធ្លាប់បានប្រកាសជាមុនទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ដើម្បីកុំឱ្យមានការបន្ទោសលើកម្ពុជា ប្រសិនបើសេចក្តីថ្លែងការណ៍ស្តីពី ក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មិនអាចចេញបានដូចពេលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០១២។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា អាស៊ានឆ្នាំ២០២២នេះ មានកិច្ចការជាច្រើនក្រៅពីបញ្ហា របស់មីយ៉ាន់ម៉ា ដោយ​សម្តេចបានគូសបញ្ជាក់ថា អាស៊ានមិនមែនជាចំណាប់ខ្មាំង នៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ ដូចដែលអ្នកទាំងឡាយ បាននិយាយយ៉ាងច្រើន ក្នុងរយៈពេលប្រមាណជិត៣សប្តាហ៍នេះ។ សម្តេចបន្តថា យើងមានបញ្ហាជាច្រើន ដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំង នៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។

សម្តេចតេជោហ៊ុន សែន បានចាត់ទុកថា ការលើកឡើងរបស់សម្តេចនាពេលនេះ ជាការបញ្ជាក់យ៉ាងខ្លីដោយសង្ខេប ដើម្បីចង្អុលបង្ហាញទិស សម្រាប់អ្នកតាមដាន ស្ថានការណ៍នយោបាយទាំងឡាយ នៅក្នុងតំបន់អាស៊ាននេះ ខណៈដែលកម្ពុជាបានកាន់តំណែង ធ្វើជាប្រធានអាស៊ានជាលើកទី៣។

នៅមុនមានការបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា ត្រូវបានជជែកយ៉ាងផុសផុលនៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ក្រោយទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសសមា​ជិកមួយចំនួន ដូចជា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី បានរំលឹកអំពីលក្ខខណ្ឌសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយពួកគេមិនចង់ឱ្យមានការអញ្ជើញបុគ្គល ដែលពាក់ព័ន្ធនឹងនយោបាយ ចូលរួមប្រជុំអាស៊ានឡើយ ប្រ​សិនបើគ្មានការវិវឌ្ឍណាមួយគួរឱ្យកត់សម្កាល់ ចំពោះការអនុវត្តគោលកា​រណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន ដែលដាក់ចេញកាលពីខែមេសា ឆ្នាំ២០២១ សម្រាប់ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

ថ្លែងនៅក្នុងវេទិកាដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា របៀបវារៈនៃកិច្ចការអាស៊ាន មិនមែនមានបញ្ហាតែមួយនោះទេ គឺមានបញ្ហាច្រើនដែលត្រូវធ្វើ រាប់ទាំងបញ្ហាធ្វើឱ្យទេសចររស់ឡើងវិញ នៅក្នុងបរិបទនៃកូវីដ១៩។

កន្លងទៅសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា សម្រាប់បញ្ហាមីយ៉ាន់ម៉ានាពេលនេះ មិនមែនដោះស្រាយបញ្ចប់ត្រឹមរយៈពេលខ្លី ឬត្រឹមដំណាក់កាលកម្ពុជា ធ្វើជាប្រធានអាស៊ាននោះទេ។ សម្តេចបានលើកឡើងអំពីភាពចាំបាច់នៃការបង្កើត អាស៊ានត្រ័យការណ៍ ដើម្បីសម្របសម្រួ​លដោះស្រាយបញ្ហាមីយ៉ាន់ម៉ានេះ ដែលអាចធ្លាក់ទៅដល់ដៃប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងបញ្ហាអាស៊ានឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានលើកឡើង ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំនេះ ចំនឹងខួប២០ឆ្នាំ នៃការដាក់ចេញក្រមប្រតិ​បត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០០២ផងដែរ៕

ក្រុងថ្មីនៃខេត្តកំពតចាប់ផ្ដើមបង្ហាញសក្ដានុពលទាក់ទាញការវិនិយោគបន្ថែម

ដោយ៖ វឌ្ឍនៈ

កំពត ៖ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុងបូកគោក្នុងខេត្តកំពត ឃើញថាមានការទាក់ទាញនិងចាប់អារម្មណ៍ពីសំណាក់វិនិយោគក្នុងការបណ្ដាក់ទុនវិនិយោគទៅលើវិស័យនានាជាច្រើននៅក្នុងទឹកដី នៃក្រុងថ្មីមួយនេះ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យប្រចាំខេត្តកំពតបានបញ្ជាក់ស្រដៀងគ្នាថា សកម្មភាពនៃការវិនិយោគនៅក្នុងក្រុងថ្មីនៃខេត្តកំពត បាននិងកំពុងចាប់ផ្ដើមជាបណ្ដើរៗហើយ ដោយមានគម្រោងតូចធំជាច្រើនបាននិងចាប់ផ្ដើមអនុវត្ត ជាពិសេស ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញកាលពីពេលថ្មីៗកន្លងទៅនេះ។

លោកសុខ គែន នាយកក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate បានឱ្យដឹងថា ការបង្កើតក្រុងថ្មីនៅខេត្តកំពតវាជាសញ្ញាល្អមួយសម្រាប់ការវិនិយោគនៅក្នុងក្រុងបូកគោ ដោយយើងឃើញបានគម្រោងវិនិយោគឯកជាច្រើនចាប់ផ្ដើមបោះទីតាំងវិនិយោគនៅទីនោះ ហើយភាគច្រើនយើងមើលឃើញថាជាគម្រោងអភិវឌ្ឍន៍ជាផ្ទះលំហែ សម្រាប់គាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត។

លោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនKW Cambodia ប្រចាំខេត្តកំពតក៏បានឱ្យដឹងផងដែរថា ក្រោយពេលរដ្ឋបាលក្រុងបូកគោបានលេចរូបរាងជាផ្លូវការ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងថ្មីមួយនេះ ក៏បាននិងកំពុងមមាញឹក ដែលជាសញ្ញាល្អសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ ហើយអ្នកវិនិយោគក៏កាន់តែមានភាពងាយស្រួល។ ជាងមុនទៅទៀត ដោយសារតែការកាត់ឈ្មោះ ការផ្ទេរកម្មសិទ្ធិនានា មិនចាំបាច់ឡើងមកដល់រដ្ឋបាលក្រុងកំពត ឬស្រុកផ្សេងឡើយ អាចកាត់ត្រឹមក្រុងបូកគោនៅជិតនោះបាន។

លោកបន្តថា បច្ចុប្បន្ននេះ យើងឃើញមានគម្រោងជាច្រើនចាប់ផ្ដើមដំណើរការជាបន្តបន្ទាប់ ដោយវិនិយោគិនដែលមានដីធំៗ ចាប់ផ្ដើមកែប្រែដីរបស់ខ្លួន អភិវឌ្ឍន៍ទៅជាគម្រោងនានា ដោយខ្លះអភិវឌ្ឍន៍ទៅជាដីឡូត៏លំហែនិងគម្រោងរោងចក្រឧស្សាហកម្ម ជាច្រើនទៀត។

លោកថា”នៅពេលខាងមុខនេះ ក្រុងបូកគោនឹងកាន់តែទាក់ទាញ ការវិនិយោគបន្ថែមទៀត ស្របពេលក្រុមហ៊ុនធំៗរបស់វិនិយោគិននៅក្នុងស្រុក ជាច្រើនក៏បានចាប់ផ្ដើមអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ ”៕

ទីក្រុងរណបធំមួយទៀតនឹងលេចវត្តមាននៅតំបន់អរិយក្សត្រ

ដោយៈជេស៊ីកា

       កណ្តាលៈ ទីក្រុងរណបថ្មីមួយ ស្ថិតនៅតំបន់អរិយក្សត្រ របស់លោកឧកញ៉ាឃុន សៀ គ្រោងលេចរូបរាងនៅពេលខាងមុខ ស្របពេលទំហំគំរោងអភិវឌ្ឍន៍ដ៏ធំនេះ លាតសន្ឋឹងលើផ្ទៃដី៧៥ហិកតា។

បច្ចុប្បន្នទីតាំងនេះកំពុងចាក់ខ្សាច់ និងថ្មប្របតាមដងទន្លេមេគង្គលើ ដែលតំបន់នេះនឹងមើលឃើញច្បាស់ ប្រសិនជាមើលពីទីក្រុងកោះពេជ្រ និងស្ថិតនៅទល់មុខនឹងទីក្រុងកោះនរា ដែលវិនិយោគ​ដោយក្រុមហ៊ុនOCIC។

ទោះជាយ៉ាងណាក្រុមហ៊ុនឃុន សៀមិនទាន់បង្ហើបឲ្យដឹងពីព៌តមានលំអិតរបស់គំរោងនេះថា នឹងចាប់ផ្តើមសាងសង់ និងចំណាយថវិកាប៉ុន្មានរយលានដុល្លារ ដើម្បីអភិវឌ្ឍន៍លើគំរោងនេះនៅឡើយទេ។

អ្នកជំនាញអចលនវត្ថុកម្ពុជាបានលើកឡើងថា នៅពេលមានគម្រោងអភិវឌ្ឍន៍អ្វីធំៗ តែងតែធ្វើមានឥទ្ធិពលទៅលើតម្លៃអចលនទ្រព្យ ជាក់ស្ដែងគម្រោងអភិវឌ្ឍអគារខ្ពស់ របស់ក្រុមហ៊ុនឧកញ៉ាឃុន សៀ នៅតំបន់អរិយក្សត្រ បើទោះបីមិនទាន់លេចជារូបរាងក្ដី តែតម្លៃក្នុងតំបន់នេះ បានផ្ទុះឡើងតាំងពីការប្រកាសគម្រោងដំបូងម្ល៉េះ ។

ប្រជាពលរដ្ឋជាច្រើន នៅក្នុងតំបន់អរិយក្សត្រ ក្បែរគម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ាឃុន សៀបានលើកឡើងនាពេលកន្លងមកថា ចាប់តាំងពីមានគម្រោងអភិវឌ្ឍន៍មួយនេះ មានអ្នកដើររកទិញដីច្រើនណាស់នៅអរិយក្ស័ត្រ មានទាំងខ្មែរ មានទាំងចិន និងហ៊ានឱ្យតម្លៃខ្ពស់ៗទៀតផង ជាក់ស្ដែងផ្ទះនៅជាប់ផ្លូវធំក្បាលត្រឹម២០ ឬ៣០ម៉ែត្រប   ណ្ដោយ៣០ ទៅ៤០ម៉ែត្រពួកគេហ៊ានឱ្យតម្លៃ២០ ទៅ៣០ម៉ឺនដុល្លារអាមេរិកឯណោះ។

​ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន មិនបានសម្រេចចិត្តលក់ទេ ដោយគិតថាលក់ហើយមិនទាន់ដឹងថាទៅធ្វើអ្វី ប្រកបមុខរបរអ្វី ដូច្នេះចេះតែរស់នៅទីនោះសិនទៅ ។

យោងតាមអាជ្ញាធរនៅក្នុងតំបន់អរិយក្ស័ត្រ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុនធំៗ នៅក្នុងទឹកដីនៃតំបន់អរិយក្ស័ត្រនឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋក្នុងតំបន់នោះ ហើយកូនៗអ្នកស្រុកក៏នឹងទទួលបានការងារនៅជិតផ្ទះ និងមិនបាច់ធ្វើដំណើរទៅធ្វើការឆ្ងាយដែរ។ អ្វីដែលអ្នកស្រុកត្រូវត្រៀមនៅពេលនេះ គឺបញ្ជូនកូនៗទៅរៀនយកជំនាញ ដើម្បីបម្រើការជាមួយក្រុមហ៊ុនជាច្រើនដែលនឹងមកបណ្ដាក់ទុនក្នុងតំបន់អរិយក្ស័ត្រនៅពេលខាងមុខ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងនឹងពង្រីកបន្ថែមនូវ​ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នាពេលខាងមុខ ដោយការពង្រីកផ្លូវខ្សែក្រវ៉ាត់ទី៣នេះ នឹងមានការ​សាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយ ទៅតំបន់អរិយក្សត្រ និងស្ពានមួយទៀតតភ្ជាប់ពីតំបន់កោះដាច់ ទៅកាន់ផ្លូវជាតិលេខ៦អាផងដែរ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់អរិយក្សត្រ និងល្វាឯម នឹងក្លាយជាទីក្រុងរណបនាពេលអនាគត៕

 

គំរោងអភិវឌ្ឍន៍សំខាន់ៗចំនួន៥កំពុងរុញសក្តានុពលខេត្តកែប

ដោយៈគង់ សូរិយា

       កែបៈ គំរោងអភិវឌ្ឍន៍សំខាន់ៗចំនួន៥ បាននិងកំពុងបន្តដំណើរការសាងសង់ នៅក្នុងខេត្តកែប ទោះបីស្ថិតក្នុងវិបត្តិកូវីដ១ ដែលគេរំពឹងថា ខេត្តនេះនឹងពង្រីកបាននូវសក្តានុពលបន្ថែមទៀត ក្រោយពេលវិបត្តិនេះបញ្ចប់។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានចុះពិនិត្យវឌ្ឍនភាពនៃគំរោងទាំងនោះ​ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បើទោះបីស្ថិតក្នុង ដំណាក់កាលរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ខេត្តនៅបន្តគម្រោងអភិវឌ្ឍន៍តាមផែនការដដែល ដោយគម្រោ​ងអភិវឌ្ឍន៍ជាច្រើន របស់ខេត្ត​ បាននិងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹក ដូចជា គម្រោងផ្សាររាត្រី(ខាងត្បូងផ្សារក្តាម)​ កំពុងផែរទេសចរណ៍កោះទន្សាយ កំណាត់ផ្លូវអ៊ុតកៅស៊ូ AC ,ផ្លូវDBST និងផ្លូវបេតុងជាច្រើនខ្សែនៅទូទាំងខេត្ត ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២នេះ គឺជាគម្រោងទីលានចាក់សម្រាម ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោកបន្ថែមថា “ការដ្ឋានសាងសង់ទីលានចាក់ សម្រាមទំហំ៨ហិចតានេះ នឹងជួយឱ្យខេត្តកែប មានទីតាំងទុកដាក់សំរាម ប្រកបដោយស្តង់ដា និងអាចគ្រប់គ្រងបរិស្ថានបានកាន់តែល្អប្រសើរ ក្នុងការកែលម្អរសោភ័ណភាពខេត្ត និងរក្សាបាននូវ និរន្តរភាពបរិស្ថាន ជាខេត្តដែលមាន​ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។

លោកសោម ពិសិដ្ឋបានបញ្ជាក់ថា “ដើម្បីបំពេញសម្បទាជាខេត្ត គោលដៅទេសច​រណ៍ សម្រាកលំហែរប្រណីតកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកែប​ បានធ្វើការយ៉ាងជិតស្និតជាមួយគណ:កម្មការអន្តរក្រសួង ក្នុងការកសាងផែនការ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំជាបន្តបន្ទាប់ ដើម្បីជាត្រីវិស័យឆ្ពោះទៅការអភិវឌ្ឍខេត្តប្រកបដោយចិរភាព និងនិរន្តភាព សំដៅទាក់ទាញភ្ញៀវទេសច​រណ៍ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោក”។

ប្រធានសាងសង់គម្រោងទីលាន ចាក់សម្រាម នៅខេត្តកែប លោក ទិត្យ ទីគា បានអោយដឹងថា គម្រោងសាងសង់ទីលាននេះ បានដំណើរការតាំងពីចុងខែឧសភា ឆ្នាំ២០២០មកម្លេះ រហូតមកដល់ពេលនេះ គម្រោងសាងសង់សម្រេចបាន៧៥%ហើយ ។ លោកបន្ថែមថា ជំហានទីមួយ គឺធ្វើការសាងសង់ផ្លូវបេតុង ប្រវែង៣៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ។

ជំហានទី២ គឺសាងសង់ អាងស្ទុកសម្រាមចំនួន៣ មកដល់ពេលនេះសម្រេចបានបីអាងហើយ ក្រៅពីនេះមានការងារសាងសង់អាគារញ៉ែកសម្រាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសម្រាមផងដែរ ។ លោកប្រធានគម្រោងបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សម្រាមនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយគ្រោងសាងសង់រួចទីលាននេះ​ និងអាចស្ទុកសម្រាមបានរយៈពេល២០ឆ្នាំ។

ក្រសួងរៀបចំដែនដី តាមរយៈការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាក៏បាននិងកំពុងរៀបចំឆ្នេរមាសដ៏ធំមួយ នៅក្នុងខេត្តកែបផងដែរ ដែលបច្ចុប្បន្នគំរោងនេះ ត្រូវបានចាក់ដីបំពេញរួចហើយ នៅឡើយតែការចាក់ខ្សាច់ និងសោភ័ណភាព៕