ក្រសួងសាធារណការរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌនិងផែនទីបណ្ដាញផ្លូវនានា

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញផ្លូវថ្នល់ បាននិងកំពុងពិនិត្យនិងស្នើសុំទិន្នន័យពាក់ព័ន្ធ និងមតិយោបល់សំដៅរៀបចំ ធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ដែលឋិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ធ្នូកន្លងមកបានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពនេះ ធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួល ដល់ការគ្រប់គ្រងជួសជុលថែទាំ និងលើកកម្ពស់គុណភាពផ្លូវថ្នល់ និងដើម្បីកែសម្រួលខ្សែផ្លូវ លេខផ្លូវ ផ្លាស់ប្តូរ និងលើកកម្រិតឋានៈ របស់ផ្លូវថ្នល់មួយចំនួនចាំបាច់ឱ្យស្របតាមការកើនឡើងបរិមាណចរាចរណ៍ លក្ខណៈបច្ចេកទេស និងការអភិវឌ្ឍរីកចម្រើនរបស់សង្គម សេដ្ឋកិច្ចជាតិ និងធានារក្សាឱ្យបានគង់វង្ស និងការរប្រើប្រាស់យូរអង្វែង ជាពិសេសចៀសវាងបាននូវការមើលរំលង ខ្វះចន្លោះ ឬបំភ្លេចចោលការងារថែទាំធ្វើឱ្យផ្លូវខូចខាត។

អង្គប្រជុំបានផ្តោតការពិភាក្សា ទៅលើការដាក់លេខផ្លូវមួយលេខ(ឬផ្លូវកម្រិត១) ផ្លូវពីរលេខ(ឬផ្លូវកម្រិត២) ចំនុចចាប់ផ្តើមដែលត្រូវកំណត់លេខផ្លូវ ឈ្មោះផ្លូវ ការសិក្សា និងពិភាក្សាបន្ថែមលើចំនុច ដែលមិនទាន់មានការឯកភាព ក្នុងចំណោមសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធលើការកំណត់ដែនសមត្ថកិច្ច គ្រប់គ្រងផ្លូវ ការកែសម្រួល និងការដាក់លេខផ្លូវ ឈ្មោះផ្លូវកុំឱ្យត្រួតគ្នា ការចាត់ចំណាត់ថ្នាក់ផ្លូវ និងឈ្មោះផ្លូវដែលបង្ហាញពីប្រវត្តិសាស្ត្រផងដែរ។

លោកលឹម ស៊ីដេនីន បានណែនាំក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធដាក់លេខផ្លូវ និងឈ្មោះផ្លូវកុំឱ្យមានការត្រួតគ្នា ដែលធ្វើឱ្យពិបាក និងស្មុគស្មាញ ក្នុងការស្វែងរកក្នុងផែនទី និងត្រូវមានការពិភាក្សាលម្អិតជាមួយគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់លើការផ្លាស់ប្តូរ ក៏ដូចជា កែសម្រួលបង្គោ​ល​គីឡូម៉ែត្រ ដោយឈរលើគោលការណ៍ឯកភាពរួម និងបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត បន្តធ្វើការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមទៀតក្នុងការកំណត់ខ្សែផ្លូវខេត្ត ឬផ្លូវកម្រិត៣ដែលមានការពាក់ព័ន្ធ ឬត្រួតជាន់គ្នា ដើម្បីដាក់បញ្ចូលក្នុងផែនទី ឱ្យបានចប់សព្វគ្រប់ទាន់ពេលវេលា មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច៕

ស្វាគមន៍ឆ្នាំថ្មី! ថ្ងៃទី១មករា ២០២២ជាថ្ងៃដំបូងដែលកម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗចំនួនពីរ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទីបំផុតកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗចំនួនពីរ នឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី១មករា ២០២២ជាថ្មីបើកឆាកដំបូងនៃឆ្នាំថ្មី ហើយក៏ជាពេលវេលាដ៏សំខាន់ សម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញ ការទាក់ទាញការវិនិយោគពីប្រទេស។

កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនពីរ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២២ខាងមុខនេះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអសិប ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសសាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ផ្សេងទៀត រួមមានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូងនិងណូវែលហ្សេឡង់។

ប្រទេសទាំង១៥នេះ មានប្រជាជនសរុបប្រមាណ២,២ពាន់លាននាក់ ឬ៣០ភាគរយនៃប្រជាជនលើពិភពលោក ហើយផលិតផលក្នុងស្រុកសរុបវិញ មានរហូតដល់ជាង២៦,២ទ្រីលានដុល្លារអាមេរិក ឬប្រមាណ៣០ភាគរយនៃផលិតផល ក្នុងស្រុករបស់ពិភពលោក និងទំហំពាណិជ្ជកម្មប្រមាណ២៨ភាគរយ នៃពាណិជ្ជកម្មពិភពលោកទាំងមូល ។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនេះ កម្ពុជានឹងអាចបង្កើ​នការនាំចេញនូវទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម ។ អ្វីដែលពិសេសកម្ពុជា ក៏អាចទទួលបានរំលូរវិនិយោគិនបរទេស ពីប្រទេសទាំង១៥នោះដោយផ្ទាល់ ដែលអាចបង្កើតឱកាសការ ផលិតនូវទំនិញសម្រាប់នាំចេញបន្ថែមទៀតផងដែរ ។

កិច្ចព្រមព្រៀង ដែលនឹងចូលជាធរមាននៅថ្ងៃទី១មករា ២០២២ខាងមុខនេះដែរ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ។

លោកប៉ែនសុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឱ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ នឹងជួយឱ្យកម្ពុជាទាក់ទាញការវិនិ​យោគពីប្រទេសចិន ដោយផ្ទាល់ពីប្រទេសផ្សេងទៀត ហើយផលិតនូវទំនិ​ញ ដែលមានតម្រូវការនាំចេញទៅកាន់ប្រទេសចិន។

លោកលបន្តថា “តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងជំរុញទំហំពាណិជ្ជកម្មកម្ពុជា ចិនកាន់តែមានកំណើនឡើង ខណៈត្រឹម១១ខែក្នុងឆ្នាំនេះ ទំហំពាណិជ្ជកម្មទាំងពីរ សម្រេចបានរហូតដល់ជាង១០ពាន់លានដុល្លារអាមេរិកទៅហើយ”។

យ៉ាងណាក្ដី កម្ពុជាក៏ត្រៀមខ្លួន ក្នុងការបាត់បង់ចំណូលពន្ធគយមួយចំណែក ពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺត្រូវដករបាំងពន្ធគយចេញ បានន័យថា ចិននាំទំនិញមកកម្ពុជា មិនចាំបាច់បង់ពន្ធហើយកម្ពុជានាំទំនិញចេញទៅចិនក៏មិនបាច់បង់ពន្ធដែរ៕

មេរោគបម្លែងថ្មីអូមីក្រុងនឹងប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២ដែរឬទេ?

ដោយ៖ វឌ្ឍនៈ និងសុផារី

ភ្នំពេញ ៖ ក្រោយការបើកប្រទេសភ្លាមៗ អ្នកជំនាញ អ្នកវិនិយោគហាក់បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យអចលនទ្រព្យ។ ប៉ុន្តែក្រោយពីមានវត្តមានមេរោគអូមីក្រុងនៅលើពិភពលោក និងកំពុងមានវត្តមានក្នុងប្រទេសកម្ពុជាផងដែរនោះ អ្នកជំនាញនៃវិស័យមួយនេះ បង្ហាញថា ២០២២ជាឆ្នាំដែលពិបាកក្នុងការព្យាករណ៍ថាវិស័យអចលនទ្រព្យនឹងងើបឡើងវិញឬយ៉ាងណានោះដែរ។

លោកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន KW SAN SN បានឱ្យដឹងថា អំឡុងពេលដែលយើងរំពឹងទុកថាស្ថានភាពនៃវិស័យសេដ្ឋកិច្ចនឹងត្រលប់ទៅរកប្រក្រតីភាពឡើងវិញ យើងក៏បានជួបនូវប្រភេទមេរោគថ្មីមួយទៀតអូមីក្រុង ដែលធ្វើឱ្យប្រទេសកម្ពុជាយើង ប្រទេសជិតខាងនិងប្រទេសលើពិភពលោកបង្ហាញការព្រួយបារម្ភពីការបម្លែងឥតឈប់ឈររបស់មេរោគកូវីដ១៩។

លោកបន្តថា អ្វីដែលលោកបានឃើញ ក្នុងឆ្នាំ២០២២ ដរាបណាជំងឺកូវីដ១៩នៅតែបម្លែងបន្តទៀត ហើយបញ្ហានៃការរីករាលដាលបើនៅតែបន្តលើសកលលោកដដែល ការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយត្រូវបានរឹតបន្តឹងទៀតនោះ លោកជឿថាវិស័យដែលគាំទ្រដល់សេដ្ឋកិច្ចមិនថាតែកម្ពុជាឬពិភពលោកនឹងមានផលប៉ះពាល់បន្តទៀត ដូច្នេះការព្យាករណ៍ទៅលើវិស័យអចលនទ្រព្យសម្រាប់ឆ្នាំ២០២២ខាងមុខនេះ នៅតែពិបាកនិយាយនឹងមានកំណើនប៉ុនណានោះដែរ ។ លោកថា ”ដរាបណាជំងឺកូវីដ១៩នៅតែគម្រាមដល់សកលលោកយើង ខ្ញុំគិតថាឆ្នាំ២០២២ជាឆ្នាំមួយដែលយើងមិនអាចធ្វើការព្យាករពីវិស័យអចលនទ្រព្យបានទេ មានន័យថាវាក៏ពិបាកក្នុងការកើនឡើងដែរ បើសិនជាមេរោគកូវីដ១៩នៅតែរំខាន” ។

លោកបន្ថែមថាលោកនៅតែបារម្ភដដែល សម្រាប់ឆ្នាំ២០២២ ពីព្រោះថាកូវីដ១៩បានប្រែរូបប្រែកាយជាបន្តបន្ទាប់ ដែលយើងមិនអាចឃើញពីស្ថានភាពរបស់វានឹងទៅជាយ៉ាងណាឡើយ ។ ស្ថានភាពអចលនទ្រព្យនៅកម្ពុជា អាចកើនឡើងវិញ បើសិនជារាជរដ្ឋាភិបាលកម្ពុជាមានផែនការឬចក្ខុវិស័យពីការទប់ស្កាត់មេរោគនេះឱ្យបានជាប់លាប់។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Real Estate Co.,Ltd បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យកម្ពុជានៅតែមានការស្រពិចស្រពិល ដោយសារមេរោគអូមីក្រុងបានធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ច។

លោកមានប្រសាសន៍ថា “ជារួម ដោយសារវាជាលក្ខណៈមេរោគ ការប៉ាន់ប្រមាណទុកជាមុនវាមិនអាចច្បាស់លាស់១០០ភាគរយទេ។ អូមីក្រុងបានធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ច ក៏ដូចជាធ្វើឱ្យមានការស្រពិចស្រពិល ដោយសារវិបត្តិជំងឺកូវីដ១៩”។

ទោះយ៉ាងណាក្តី លោកយល់ថា ដោយសារយុទ្ធសាស្ដ្រនៃការគ្រប់គ្រង ការរៀបចំបង្កាទុកជាមុនរបស់រដ្ឋាភិបាល ការចូលរួមវិស័យឯកជន ខ្ញុំគិតថាវាអាចនឹងប៉ះពាល់តិចតួច។ និយាយទៅវាទាក់ទង ថាអ្វីទៅដែលជាក្ដីសង្ឃឹម ចាប់ផ្ដើមបើកប្រទេសឡើងវិញ ហើយយើងសង្ឃឹមថានឹងមានការវិនិយោគពីក្រៅចូលមក។

លោកបានបន្តថា “អូមីក្រុងអាចនឹងធ្វើឱ្យមានការរអាក់រអួល ឬមានការពន្យាពេល ឬក៏អាក់ខានដំណើរការ ឬល្បឿននៃការវិលត្រឡប់ពីខាងក្រៅមកវិញ។ តែកម្ពុជានៅមានភាពខ្លាំងនៃការប្រើប្រាស់ ខ្ញុំគិតថា អ្នកវិនិយោគក្នុងស្រុកនៅតែមានដំណើរការជាធម្មតា ចឹងអ្វីៗដែលយើងមានការប៉ះពាល់ប្រហែលជាអាចដោយផ្នែក លើការវិនិយោគ ការធ្វើដំណើរ របៀបរបបនៃការងារ ទាក់ទង និងការការពារជំងឺ ជាដើម”។

លោកបន្ថែមថា យើងនៅតែឱ្យតម្លៃអ្នកក្នុងស្រុកគឺជាកត្តាចម្បងជំរុញនៅក្នុងសេដ្ឋកិច្ចមួយ ដោយសារឥទ្ធិពលខាងក្រៅពឹងផ្អែកទៅលើវិធានការក៏ដូចជាច្រកចេញចូលតាមរយៈប្រទេស។ ជាក់ស្ដែង ជើងហោះហើរនៅក្នុងប្រទេសមួយចំនួននៅលើសកលលោកនៅមានកម្រិត។ អ្នកវិនិយោគក៏ចាប់ផ្ដើមបង្កើននូវចលនា Business ហើយក្នុងដំណាក់កាលនេះ អនិកជនមួយចំនួន ដែលមានធនធានវិនិយោគអាចបានចាប់ផ្ដើមធ្វើការអង្កេតតាមដានដំណើរនៃការគ្រប់គ្រង ដើម្បីធ្វើការវិនិយោគឡើងវិញ។

ដោយសារតែមិនទាន់ប្រាកដប្រជាពីស្ថានភាពមេរោគនេះ នៅលើពិភពលោក ទើបរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាជាង១ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ប្រើប្រាស់ក្នុងបញ្ហាកូវីដ១៩នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់សម្រាប់ទប់ស្កាត់កូវីដ១៩ គាំទ្រដល់ជីវភាពក្រីក្រ និងជនងាយរងគ្រោះ គាំទ្រដល់អាជីវកម្មនានាដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ជាដើម៕

Hong Kong November home prices drop for 2nd month, softening from peak

 

HONG KONG: Hong Kong private home prices, among the most expensive in the world, softened from an all-time high for the second month in November, official data showed on Wednesday (Dec 29), but realtors expect the property market to gain as much as 10 per cent in 2022.

The prices declined 1.2 per cent last month, according to the data, compared to a revised 0.5 per cent fall in October. Prices reached a record high in September according to the revised figures, and gained 3.1 per cent in the first 11 months.

Property agents said buyers turned more cautious after prices hit a new peak, amid concerns that policy measures could be introduced to cool the market. That no such measures were introduced is one reason analysts cite for expected market gains next year.
The official price index lags one to two months behind the market, they added.
For the full year of 2021, property consultancy Cushman & Wakefield expects home prices to rise around 6.5 per cent and transaction numbers to jump to the highest since 2012, at 74,600 units.
It forecasts home prices to rise another 5 per cent to 10per cent in 2022 on the improving economic environment.

JLL, another consultancy, expects prices to climb by up to 5 per cent next year on strong demand and low mortgage rates.

“New private housing supply will remain low in the medium term … it will support the capital values of mass residential to stay firm,” said Joseph Tsang, chairman of JLL in Hong Kong.

Source: Reuters

ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងកោះនរាទាំងមូលតម្លៃ២៥០០លានដុល្លារសម្រេចបាន៥០ភាគរយហើយ

ដោយៈគង់ សូរិយា

 ភ្នំពេញៈ គំរោងហេដ្ឋារចនាសម្ព័ន្ឋទីក្រុងកោះនរា ដែលវិនិយោគទឹកប្រាក់រហូតដល់២៥០០លានដុល្លារ កំពុងសម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរ ដោយរហូតមកទល់ពេលនេះ ការងារបានសម្រេច៥០ភាគរយហើយ។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៨ ធ្នូកន្លងមកថា ការសាងសង់ហេដ្ឋារចនា​សម្ព័ន្ឋទាំងមូលបានដំណើរការល្អប្រសើរ ដែលរហូតមកទល់ពេលនេះការចាក់ដីបំពេញ សម្រេចបាន៩០ភាគរយហើយ និងការងារសាងសង់ស្ពាន ច្រាំងទប់ទន្លេរ និងការងារជាច្រើនទៀតរួមមានប្រព័ន្ឋទឹក ភ្លើងសម្រេចបាន​នូវវឌ្ឍនភាពល្អប្រសើរផងដែរ។

លោកបន្តថា “បើយើងគិតពីហេដ្ឋារចនាសម្ព័ន្ឋទាំងមូល គឺសម្រេច​បានតាមផែនការ​ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខនេះ”។ លោ​ក​បន្តថា “ការងារតបណ្តាញទឹកស្អាត អគ្គិសនីបានបញ្ចប់បណ្តើរៗហើយ ដែលអ្នកមានដីនៅលើទីក្រុងនេះ អាចសាងសង់គំរោងពួកគេបានបណ្តើរៗ​ហើយ”។

ទីក្រុងកោះនរា ស្ថិតក្នុងខ័ណ្ឌច្បារអំពៅ ដែលវិនិយោគដោយក្រុមហ៊ុនOCIC ដោយទីក្រុងនេះមានទំហំ១២៥ហិកតា។

លោកទូច សំណាងបានបន្តថា ការងាររបស់យើងបាននិងកំពុងប្រព្រឹត្តទៅដោយរលូន ដែលបច្ចុប្បន្នចំនួនកម្មករធ្វើការបានកើនឡើង ដោ​យមិនមានអ្នកណាម្នាក់ បានឆ្លងជំងឺកូវីដ១៩នោះទេ។ លោកបន្តថា ទីក្រុងនេះ នឹងមានការសាងសង់អគារកប់ពពកថ្មីមួយ ដែលនឹងជាLand Markថ្មីប្រចាំរាជធានីភ្នំពេញ ស្របពេលគំរោងនេះបានរៀបចំឌីសាញរួចហើយ៕

តម្លៃលំនៅដ្ឋានក្នុងក្រុងហុងកុង ធ្លាក់ចុះ២ខែជាប់គ្នា ក្រោយហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

ដោយ៖ សុខុម

ហុងកុង: ទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃពុធ ទី២៩ ខែធ្នូនេះថា តម្លៃលំនៅដ្ឋានឯកជនក្នុងក្រុងហុងកុង ដែលស្ថិតក្នុងចំណោមទីផ្សារអចលនទ្រព្យថ្លៃបំផុតក្នុងពិភពលោក បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត២ខែជាប់គ្នាក្នុងខែវិច្ឆិកា ប៉ុន្តែក្រុមអ្នកជំនាញខាងអចលនទ្រព្យរំពឹងថា ទីផ្សារនេះនឹងហក់ឡើងខ្ពស់រហូតដល់ទៅ១០%ក្នុងឆ្នាំ២០២២។

ទិន្នន័យដដែលបង្ហាញថា តម្លៃបានធ្លាក់ចុះ១,២%កាលពីខែវិច្ឆិកា កន្លងទៅ បើធៀបនឹងការធ្លាក់ចុះ០,៥%ក្នុងខែតុលា។ តម្លៃបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងខែកញ្ញា ហើយបានហក់ឡើង៣,១%ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំនេះ។

ទោះជាយ៉ាងណា មិនទាន់មានទិន្នន័យផ្លូវការបង្ហាញពីតម្លៃលំនៅដ្ឋានសម្រាប់ខែធ្នូ នេះនៅឡើយទេ។ បណ្ដាភ្នាក់ងារអចលនទ្រព្យលើកឡើងថា អ្នកទិញមានការប្រុងប្រយ័ត្នជាងមុន បន្ទាប់ពីតម្លៃបានហក់ឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានជាថ្មី ស្របពេលមានការព្រួយបារម្ភថា រដ្ឋាភិបាលអាចនឹងដាក់ចេញវិធានការគោលនយោបាយដើម្បីរឹតបន្តឹងទីផ្សារ។

ក្រុមអ្នកវិភាគលើកឡើងថា ការមិនដាក់ចេញវិធានការបែបនេះជាមូលហេតុមួយដែលនឹងធ្វើឱ្យតម្លៃទីផ្សារលំនៅដ្ឋានហក់ឡើងនៅឆ្នាំក្រោយ។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២១ ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Cushman & Wakefield រំពឹងថា តម្លៃផ្ទះនឹងហក់ឡើងប្រមាណ៦,៥% ហើយចំនួនប្រតិបត្តិការទិញលក់នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១២ ដល់៧៤.៦០០យូនីត។

ក្រុមហ៊ុននេះព្យាករថា តម្លៃផ្ទះនឹងហក់ឡើងចន្លោះពី៥%ទៅ១០%ទៀតនៅក្នុងឆ្នាំ២០២២ ដោយសារស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង។ JLL ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលមួយទៀតរំពឹងថា តម្លៃផ្ទះនឹងហក់ឡើងរហូតដល់៥%នៅឆ្នាំក្រោយដោយសារមានតម្រូវការខ្ពស់ ហើយអត្រាការប្រាក់កាន់តែទាបសម្រាប់ឥណទានគេហដ្ឋាន ឬ កម្ចីទិញផ្ទះ។

លោក Joseph Tsang ប្រធានក្រុមហ៊ុន JLL នៅហុងកុង បានថ្លែងថា “ការផ្គត់ផ្គង់លំនៅដ្ឋានឯកជនថ្មីៗនឹងនៅតែមានចំនួនតិចតួចនៅឡើយសម្រាប់រយៈពេលមធ្យម”៕

សមាគមថ្មីមួយត្រូវបានបង្គើតឡើង ដើម្បីជួយជម្រុញការវិនិយោគក្នុងប្រទេសកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ សមាគមវិនិយោគិនខ្មែរ អន្តរជាតិ (Association of Khmer International Investor) ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ លោកឧកញ៉ា ប៊ី សុក្របណ្ឌិត រួមជាមួយសហស្ថាបនិក ថ្នាក់ដឹកនាំ និងសមាជិក គោលដៅក្នុងការទាក់ទាញ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាតិ អន្តរជាតិ ក្នុងគោលដៅផ្សារភា្ជប់ទំនាក់ទំនង់ជាមួយស្ថាប័ននានា បណ្តាដៃគូអភិវឌ្ឍន៍ និងអ្នកប្រកបការងារវិជ្ជាជីវៈទូទៅ។

ជាមួយគ្នានេះផងដែរ ដើម្បីលើកស្ទួយការអភិវឌ្ឍ សេដ្ឋកិច្ច ចំណេះដឹង វិជ្ជាជីវៈ សុខភាព កីឡា យេនឌ័រ និងចូលរួមដោះស្រាយវិបត្តិសង្គមមួយចំនួនដូចជា ភាពគ្មានការងារធ្វើ ការខ្វះខាតចំណេះដឹង ជំនាញវិជ្ជាជីវៈ ការខ្វះខាតព័ត៌មាន ការគាំពារកុមារកំព្រា ជួយឧបត្ថម្ភដល់សិស្សនិសិ្សតក្រីក្រ។ ជាងនេះទៅទៀត តាមរយៈការបង្កើតអោយមានក្លឹបបណ្តុះបណ្តាល វិជ្ជាជីវៈនានា ភាពជាអ្នកដឹកនាំ (CEO) និងក្លឹបបាលទាត់ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកឧកញ៉ា ប៊ី សុក្របណ្ឌិត ប្រធានសមាគមវិនិយោគិនខ្មែរ អន្តរជាតិ បានឱ្យដឹងថា សមាគមត្រូវបានបង្គើតឡើងក្នុងគោលបំណង ៣ សំខាន់ៗ រួមមាន ទី១ លើកកម្ពស់ផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាជិកសមាគម និងអ្នកវិនិយោគ ដើម្បីឧត្តមភាព ការរីកចម្រើន ភាតរភាព និងសាមគ្គីភាព ទី២ គាំទ្រ និងចែករំលែកដើម្បីការរីកចម្រើនខាងផ្នែកសង្គម និងសេដ្ឋកិច្ចស្របតាមគោលនយោបាយសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ទី៣ ដាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ និងបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធិផល សំដៅអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

លោកឧកញ៉ា ប៊ី សុក្របណ្ឌិត មានថា “គោលបំណងប្រមូលផ្ដុំអ្នកវិនិយោគគិនខ្មែរដើម្បីចូលសមាគមន៍ឱ្យវិនិយោគជាមួយគ្នានិងទាក់ទាញវិនិយោគក្រៅប្រទេសឱ្យចាប់ដៃគូរជាមួយនិងអ្នកវិនិយោគខ្មែរ។ យើងឱ្យនិស្សិតនិងអ្នកមានបំណងចង់រកស៊ី ឱ្យគាត់ចូលជាសមាជិកធម្មតាយើងនិងបណ្ដុះបណ្ដាលគាត់ឱ្យក្លាយជា CEO ដើម្បីត្រៀមគ្រប់គ្រងនូវក្រុមហ៊ុនរបស់ដៃគូរសមាជិកយើងទាំងជាតិនិងអន្តរជាតិ។ ថ្ងៃក្រោយគាត់និងមានឱកាសបង្កើតក្រុមហ៊ុនដោយខ្លួនឯង បណ្ដុះបណ្ដាលឱ្យគាត់មានអាជីវកម្ម “។

លោកឧកញ៉ាបានបន្តថា សមាគមត្រូវបានបង្គើតឡើងក្នុងគោលដៅបង្កើតទំនាក់ទំនង និងការចែករំលែកក្នុងចំណោមសមាជិក ធុរកិច្ចជន និងអ្នកវិនិយោគ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសេដ្ឋកិច្ចនៅកម្ពុជាតាមរយៈការផ្សព្ចផ្សាយគោលនយោបាយសេដ្ឋកិច្ច និងអភិវឌ្ឍ និងធ្វើជាតំណាង និងការពារផលប្រយោជន៍ក្នុងភាពជាដៃគូរវាងសមាជិកសមាគម និងអ្នកវិនិយោគជាតិនិងអន្តរជាតិ។

ក្រៅពីនេះ សមាគមក៏មានការបង្កើតវេទិកា សិក្ខាសាលា ពិពរណ៌បង្ហាញស្នាដៃថ្មីៗ និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ច ពាណិជ្ជកម្មភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ព្រមទាំងផ្សព្វផ្សាយ និងផ្តល់យោបល់ផ្នែកច្បាប់ពាណិជ្ជកម្ម ពន្ធដារ និងលិខិតបទដ្ឋានពាក់ព័ន្ធ។ សមាគមក៏បណ្ដុះបណ្ដាល ប្រឹក្សាយោបល់ និងការស្រាវជ្រាវផ្សេងៗទាក់ទងនឹងទីផ្សារ សហគ្រិនភាពផងដែរ។៕

គេហទំព័រPropertyareaនឹងចញផ្សាយកិច្ចសម្ភាសន៍ពិសេសរបស់ក្រសួងពាណិជ្ជកម្មនៅម៉ោង៧ល្ងាចថ្ងៃនេះ

ដោយ: ម៉ាលីស

ភ្នំពេញៈ កិច្ចសម្ភាសន៍៍ពិសេសមួយ បានរៀបចំដោយគេហទំព័រPropertyarea.asia ជាមួយលោកប៉ែន សុវិជាតិអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

កិច្ចសម្ភាសន៍នេះ នឹងចេញផ្សាយនៅវេលាម៉ោង៧ និង០០នាទីថ្ងៃទី២៩ ធ្នូនេះ ដែលវាជាកិច្ចសម្ភាសន៍ពិសេសផ្តោត លើ់កាលានុវត្តន៍ភាព ដំណើរការរៀបចំតាក់តែងច្បាប់ បទដ្ឋានគិតិយុត្តិនានារបស់ក្រសួងពាណិជ្ជកម្ម ដែលបានធ្វើកន្លងមក និងផែនការ  គោលនយោបាយ ក៏ដូចជាចក្ខុវិស័យរបស់ក្រសួងនាពេលខាងមុខ ដើម្បីពង្រីកកាលានុវត្តន៍ភាពសេដ្ឋកិច្ច ក៏ដូចជា ការជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់បរទេសកាន់តែប្រសើរឡើងថែមទៀត។

សំរាប់ព៌តមាន និងខ្លឹមសារបន្ថែមសូមរង់ចាំស្តាប់ កិច្ចសម្ភាសន៍នាល្ងាចថ្ងៃទី២៩ ធ្នូនេះ៕

 

សេចក្តីព្រាងច្បាប់ចំនួន៣ត្រូវបានរដ្ឋសភាអនុម័តសម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម

ដោយ:ម៉ាលីស

ភ្នំពេញ: សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានរបៀបវារៈចំនួនបី ពាក់ព័ន្ធវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។

សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាលើកយកមកពិភាក្សា និងអនុម័តនាពេលនេះមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ទី២ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម​ និងទី៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួមចំណែក ក្នុងការបន្តកំណែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ និងដើម្បីលើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា ដោយសារច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម តំាងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា ។

ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាបទដ្ឋានគតិយុត្តទ្វេភាគី ក្នុងការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។

តាមរយៈច្បាប់នេះ នឹងធ្វើឱ្យកសិផលកម្ពុជាមានទីផ្សារកាន់តែធំ តាមរយៈការនាំចេញទៅកាន់ទីផ្សារនៅសាធា រណរដ្ឋកូរ៉េ ដែលនឹងចូលរួមចំណែកដ៏សំខាន់ នៅក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ។ សេចក្តីព្រាងច្បាប់នេះនឹងជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខុមាលភាពប្រជាជន និងការផ្សាភ្ជាប់ធុរកិច្ច នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ព្រមទាំងអាចបង្កើតការងារថ្មីៗជូនប្រជាជនទៀតផង ៕

សម្ដេចតេជោនឹងរៀបចំឱ្យមានច្បាប់កំណត់អាយុចូលនិវត្តិន៍របស់នាយករដ្ឋមន្ត្រី

ដោយៈសុផារី

ភ្នំពេញៈ ថ្លែងពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី ២៩ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកមុនថា នៅពេលដែលចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងរបស់អ្នកស្នើសុំ ដែលចង់ឲ្យមានការកំណត់អាយុចូលនិវត្តិន៍ របស់នាយករដ្ឋមន្ត្រី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា“ប្រកាសទុកឱ្យ​ហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នក ដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុ ចូលនិវត្តិន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា អាណត្តិនាយករដ្ឋមន្ត្រី មិនអាចកំណត់បាននោះទេ ពីព្រោះតែការបោះឆ្នោត គឺបោះឆ្នោតជ្រើ​សរើសសមាជិកសភា មិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយផ្ទាល់នោះទេ។ ប៉ុន្តែសមាជិករដ្ឋសភាទេ ដែលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដាំទៅក្រុមអតីតគណបក្សប្រឆាំងថា “ហើយរឿងអ្នកណាធ្វើនាយករដ្ឋមន្ត្រី នៅពេលណា គឺជារឿងបក្សរបស់គេ”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា នៅពេលដែលសម្ដេច ចាកចេញពីតំណែង ជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ហើយក្លាយសមា​ជិករដ្ឋសភាវិញ នឹងពិភាក្សាជាមួយសមាជិករដ្ឋសភាផ្សេងទៀត ដើម្បីរៀបចំឲ្យមានច្បាប់កំណត់អាយុ នាយករដ្ឋមន្ត្រី ដែលត្រូវចូលនិវត្តិន៍។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា “កាលហ្នឹងគេថា កំណ​ត់អាយុនាយករដ្ឋមន្ត្រី អូខេ! ចាំពេលហ្នឹង បោះឆ្នោតជ្រើសរើស ផ្ដល់ការទុកចិត្តឱ្យរដ្ឋាភិបាលថ្មីរួចហើយ ចេញមកយើងជាសមាជិកសភា គិតថា បបួលគ្នាប៉ុន្មាននាក់យើង ពេលដែលយើងចេញមកប្រជុំកាសែតទាំងអស់គ្នា ហើយយើងផ្ដួចផ្ដើមគំនិតស្នើសុំ ធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី”៕