ជាង២.០០០ជើងហោះហើរទៀតត្រូវបានលុបចោលកាលពីថ្ងៃច័ន្ទ ដោយសារករណីឆ្លងកូវីដកើនឡើងខ្លាំងជុំវិញពិភពលោក

ដោយ សុខុម

ញូវយ៉ក: ជើងហោះហើរជាង២.០០០ជើងបន្ថែមទៀតត្រូវបានលុបចោលកាលពីថ្ងៃច័ន្ទ ទី២៧ ធ្នូ នៅពេលករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងខ្លាំងនៅជុំវិញពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ធ្នូ។

យោងតាមក្រុមហ៊ុនផ្ដល់ទិន្នន័យអំពីការហោះហើរអាមេរិក FlightAware ឱ្យដឹងថា ក្នុងចំណោមជើងហោះហើរជិត២.២០០ជើងដែលត្រូវបានលុបចោល មានជាង៧០០ជើងហោះហើរខាងក្នុង និងចេញចូលសហរដ្ឋអាមេរិក ហើយជើងហោះហើរជាង៣.០០០ជើងទៀតត្រូវបានពន្យារពេល។

នៅទូទាំងពិភពលោក ក្រុមហ៊ុនអាកាសចរណ៍នានាបានលុបចោលជើងហោះហើរជាង៦.០០០ជើងនៅមួយថ្ងៃមុនបុណ្យអូណែល (Christmas Eve) នៅថ្ងៃបុណ្យណូអែល និងមួយថ្ងៃក្រោយបុណ្យណូអែល។ នៅសហរដ្ឋអាមេរិក ជើងហោះហើរជាង១.២០០ជើងត្រូវបានលុបចោល ហើយជាង៥.០០០ជើងត្រូវបានពន្យារពេលគ្រាន់តែថ្ងៃអាទិត្យកន្លងទៅ នៅពេលក្រុមបុគ្គលិក និងអាកាសយានិកសុំច្បាប់សម្រាកឈឺ។

ការលុបចោលជើងហោះហើរទាំងនេះ ធ្វើឡើងចំពេលមមាញឹកបំផុតប្រចាំឆ្នាំសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ រដ្ឋបាលសន្តិសុខដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និយាយថា ខ្លួនបានត្រួតពិនិត្យមនុស្សរាប់លាននាក់ក្នុងមួយថ្ងៃៗកាលពីចុងសប្ដាហ៍កន្លងទៅ ដោយចំនួនអ្នកធ្វើដំណើរបានកើនឡើងខ្ពស់បំផុតរហូតដល់២,១៩លាននាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ។ កាលពីថ្ងៃពុធ ទី២២ ធ្នូ មនុស្សកាន់តែច្រើនបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ TSA គឺច្រើនជាងនៅថ្ងៃតែមួយក្នុងឆ្នាំ២០១៩ ទៅទៀត។

ការធ្វើដំណើរតាមផ្លូវអាកាសកាលពីថ្ងៃសៅរ៍ ទី២៥ ធ្នូ មានភាពយឺតយ៉ាវបន្តិច ដោយសារការលុបចោលជើងហោះហើរ ដោយមានមនុស្សជាង១,៥៣លាននាក់បានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខកាលពីថ្ងៃសៅរ៍។

ក្រុមហ៊ុនអាកាសចរណ៍ United Airlines (UAL) បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនត្រូវលុបចោលជើងហោះហើររាប់រយជើងដោយសារមានសមាជិកអាកាសយានិកមិនគ្រប់គ្រាន់ ដើម្បីហោះហើរដោយសុវត្ថិភាព៕

បើកប្រទេសជាការបើកឱកាសឱ្យកម្ពុជាព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ

ដោយ: លក្ខិណា

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេស បើកសេដ្ឋកិច្ចសង្គមឡើងវិញ បណ្ដាសកម្មភាពអាជីវកម្ម សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាក៏បានងើបឡើងវិញព្រមៗគ្នា ដែលធ្វើឱ្យកម្ពុជាបានសម្រេចព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពី២,៤ភាគរយទៅ៣ភាគរយក្នុងឆ្នាំ២០២១នេះ និងបន្តងើបឡើងខ្ពស់នៅឆ្នាំ២០២២ខាងមុខទៀត។

នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជាក្របខណ្ឌទូទាំងប្រទេស បានធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពឈានទៅដល់ការបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញហើយក៏ធ្វើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ ពី២,៤ភាគរយ អាចនឹងសម្រេចបាន៣ភាគរយ។

លោកបន្ថែមថាទោះបីជាស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩បានធូរស្រាលក៏ពិតមែន តែកម្ពុជានៅតែបន្តយកចិត្តទុកដាក់លើបញ្ហាកូវីដ១៩នេះជាចម្បងផងដែរ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងធានាឱ្យបាននូវការបើកប្រទេស និងការរៀនរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី។

ទាំងអ្នកជំនាញ វិស័យទាំងទេសចរណ៍ វិស័យអចលនទ្រព្យ ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជាក្រោយបើកប្រទេសឡើងវិញជាពិសេស នៅក្នុងឆ្នាំ២០២១ខាងមុខនេះ រំពឹងថាសកម្មភាពអាជីវកម្មសំខាន់ៗនឹងមានកំណើនឡើងវិញ ហើយនឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយៗ នឹងកើនឡើងជាបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងផងដែរថា ការបើកប្រទេសរបស់កម្ពុជានឹងមិនដើរថយក្រោយនោះទេ ពោលគឺនឹងបន្តទៅមុខហើយ ដោយកម្ពុជាបាននិងកំពុងចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣)ជូនប្រជាពលរដ្ឋនិងត្រៀមចាក់ដូសទី៤ ដើម្បីបន្ស៊ាំមេរោគកូវីដ១៩ទៅនឹងសហគមន៍៕

កោះកុងក្រៅបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរសម្រាប់ឆ្លងឆ្នាំសកលនេះ

ដោយ: សុធារី

កោះកុង: កោះកុងក្រៅស្ថិតនៅភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង ប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។

កោះកុងក្រៅសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។

ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ កោះនេះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌។ នៅលើកោះ មានចំការដូងធំវែងសរុប ៦ គ្របដណ្តប់លើផ្ទៃកោះ។ ឆ្នេរចំការដូងទី០១ មានប្រវែងដល់ទៅ ១ ៨០០ម៉ែត្រ។ ឆ្នេរចំការដូងទី០២ លាតសន្ធឹងលើដីប្រវែង ២ ០៥០ម៉ែត្រ។ ឆ្នេរចំការដូងទី០៣ ប្រវែង ៧០ម៉ែត្រ។ ឆ្នេរចំការដូងទី០៤ ប្រវែង ៩០០ម៉ែត្រ។ ឆ្នេរចំការដូងទី០៥ ប្រវែង ៧៥០ម៉ែត្រ និង ឆ្នេរចំការដូងទី០៦ ប្រវែង៦៥០ម៉ែត្រ។

គម្រោងផ្លូវដែកឡាវ-ចិន តម្លៃជិត៦ពាន់លានដុល្លារ នឹងទទួលបានប្រាក់ចំណេញនៅជាង២០ឆ្នាំក្រោយ

ដោយ: សុខុម

វៀងចន្ទន៍: ក្រសួងផែនការ និងវិនិយោគនៃប្រទេសឡាវ និយាយថា គម្រោងផ្លូវដែកឡាវ-ចិន ក្រោមទុនវិនិយោគច្រើនពាន់លានដុល្លារអាមេរិក នឹងត្រូវដំណើរការរយៈពេល២៣ឆ្នាំ ទម្រាំទទួលបានប្រាក់ចំណេញ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៧ ធ្នូ។

យោងតាមការផ្សាយរបស់វិទ្យុជាតិឡាវ ឱ្យដឹងថា គម្រោងនេះមានតម្លៃវិនិយោគខ្ពស់ណាស់ ដូច្នេះហើយការប្រមូលដើមទុនមកវិញនឹងត្រូវចំណាយពេលយូរ។

លោក Outakeo Keodouangsinh អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញការវិនិយោគក្រោមចំណុះក្រសួងផែនការ និងវិនិយោគថ្លែងថា គម្រោងផ្លូវដែកឡាវ-ចិន នេះមានតម្លៃសរុបរហូតដល់ទៅ៥,៩ពាន់លានដុល្លារអាមេរិក ហើយដំណើរការក្រោមរយៈពេលសម្បទាន៥០ឆ្នាំ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ប្រមាណ៤០%នៃការវិនិយោគនេះបានពីថវិកាជាតិ ចំណែកឯ៦០%ជាឥណទានពីធនាគារចិន Export-Import Bank of China។

លោកបានលើកឡើងបន្តថា ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន (Laos-China Railway Company) នឹងត្រូវទទួលខុសត្រូវលើថ្លៃថែទាំ និងហានិភ័យផ្សេងៗទៀត នៅពេលរយៈពេលសម្បទាន៥០ឆ្នាំផុតកំណត់ ហើយគម្រោងនេះនឹងត្រូវប្រគល់ជូនរដ្ឋាភិបាលឡាវ វិញ។ ទន្ទឹមនេះ ក្រុមហ៊ុននេះក៏អាចស្នើសុំបន្តសម្បទានរបស់ខ្លួនពីរដ្ឋាភិបាលបានផងដែរ។

មន្ត្រីរូបនេះបានបន្ថែមថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជុំវិញស្ថានីយរថភ្លើងនេះត្រូវបានព្រមព្រៀងគ្នាលើ៤ចំណុចរួមមានផ្ទៃដី១.០០០ហិកតាក្នុងខេត្តឧត្ដមសាយ និងស្ថានីយក្រុងវៀងចន្ទន៍ ព្រមទាំងផ្ទៃដី៥០០ហិកតាទៀតជុំវិញស្ថានី Vang Vieng និងស្ថានីយ Luang Prabang ផងដែរ”។

លោកបានធ្វើការកត់សម្គាល់ថា រដ្ឋាភិបាលឡាវ នឹងមិនផ្តល់ដីបន្ថែមទៀតសម្រាប់ការវិនិយោគជុំវិញគម្រោងផ្លូវដែកឡាវ-ចិន នេះឡើយ។

លោកគូសបញ្ជាក់ថា “ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ទទួលខុសត្រូវចំពោះដីដែលផ្តល់ឱ្យខ្លួនរួមទាំងអគារ និងថ្លៃឈ្នួល ព្រមទាំងសំណង ឬការតាំងទីលំនៅថ្មីស្របតាមច្បាប់ប្រទេសឡាវ ដែលមិនរាប់បញ្ចូលនៅក្នុងការចំណាយលើគម្រោងផ្លូវដែកនេះផងដែរ”៕

តើមានដើមទុនប៉ុន្មានទើបសមស្របក្នុងការវិនិយោគអចលនទ្រព្យ?

ដោយ សុផារី

ភ្នំពេញ ៖ មុននឹងចាប់ផ្ដើមធ្វើអាជីវកម្មឬវិនិយោគលើអ្វីមួយ ដើមទុនពិតជាសំខាន់គ្រាន់តែអាជីវកម្មខ្លះត្រូវការដើមទុនតិច អាជីវកម្មខ្លះទៀតត្រូវការដើមទុនច្រើន ហើយអាជីវកម្មខ្លះទៀត គឺត្រូវតែការសមត្ថភាពចំណេះដឹង គឺសំខាន់ជាងដើមទុនទៅទៀត។ ចុះសម្រាប់វិស័យអចលនទ្រព្យវិញ ដើម្បីវិនិយោគបានគួរចាប់ផ្ដើមពីដើមទុនប៉ុន្មានឡើងទៅ?

លោកប៊ុន សម្ផស្ស អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបនៅកម្ពុជាបានឱ្យដឹងថា ការវិនិយោគ អចលនទ្រព្យ វាមិនទាមទារត្រូវតែមានដើមទុនច្រើន ដើមទុនទាំងដុលនោះទេ។ លោកឱ្យដឹងថា លោកចង់ឃើញអ្នកធ្វើការចំណាកស្រុក ពីស្រុកកំណើតទៅរកការងារនៅស្រុកផ្សេង ដោយសន្សំដើមទុនមួយខែ១០ភាគរយ២០ភាគរយ ទៅតាមលទ្ធភាពរបស់ខ្លួនដើម្បីទុកជាដើមទុនសម្រាប់វិនិយោគនិងផ្លាស់ប្តូរជីវភាពរបស់ខ្លួន ។

លោកបន្តថា បើនៅប្រទេសអភិវឌ្ឍន៍វិញការវិនិយោគ មួយចំនួនគេអាចចាប់ផ្ដើមពីទុនត្រឹមតែ៦០ដុល្លារឬក៏១០០ដុល្លារអាមេរិកឡើងទៅក៏បានដែរ ពោលគឺដើមទុនរបស់គេតិចមែន ប៉ុន្តែវាត្រូវការសមត្ថភាព ចំណេះដឹងលើការចាត់ចែងសាច់ប្រាក់។

ចំណែកប្រទេសកម្ពុជា ការវិនិយោគអចលនទ្រព្យគឺត្រូវការទាមទារឱ្យមានដើមទុនធំៗ ដូចជាការវិនិយោគលើដីធ្លី ដីឡូតិ៍ ដីជាប្លង់ៗជាដើម។ លោកថា ”ជាបទពិសោធន៍របស់ខ្ញុំ រឿងដើមទុន វានឹងមាននៅតាមក្រោយនៅពេលដែលយើងមានចំណេះដឹង មានបទពិសោធន៍ច្បាស់លាស់”។

លោកបញ្ជាក់ថា ដើម្បីបង្កើនទ្រព្យរបស់យើងនៅពេលខាងមុខ យើងគួរតែយកតែ១០ភាគរយនៃចំណូលរបស់ខ្លួនប៉ុណ្ណោះ ទៅវិនិយោគក្នុងវិស័យអចលនទ្រព្យ ហើយទុននេះ ក៏ធានាថានឹងមិនប៉ះពាល់ ដល់ចរន្តសាច់ប្រាក់របស់យើងប្រចាំថ្ងៃ ទើបការវិនិយោគរបស់យើងមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព។

លោក ង៉ែត ជូ អ្នកជំនាញនៃវិស័យហិរញ្ញវត្ថុនិងជាអ្នកវិនិយោគលើអចលនទ្រព្យមួយរូបនៅកម្ពុជា ក៏បានលើកឡើងផងដែរថា ការចាប់ផ្ដើមវិនិយោគមិនចាំបាច់ទាល់តែមានដើមទុនធំៗនោះទេ។ យើងអាចចាប់ផ្ដើមជាមួយនឹងតិច ដោយការសន្សំប្រាក់ខែ ប្រាក់ចំណូលរបស់ខ្លួនមួយចំនួន ដើម្បីទុកវិនិយោគទៅលើអ្វីដែលជាចំណូលចិត្តនិងជំនាញរបស់យើង។

ការវិនិយោគអាចជាការវិនិយោគចូលហ៊ុនគ្នា និងការវិនិយោគដាច់តែឯង។ ការវិនិយោគចូលគ្នាបើសិនជាខាតគឺមិនសូវច្រើនទេ ហើយបើចំនេញក៏មិនចំណេញច្រើនដែរ ព្រោះមានគ្នាត្រូវបែងចែក ចំណែកការវិនិយោគតែឯងបើចំណេញគឺចំណេញតែឯង បើខាតគឺខាតច្រើនដូចគ្នា៕

អ្នកជំនាញអចលនទ្រព្យចែករំលែកវិធីសាស្រ្តវាយតម្លៃអចលនទ្រព្យមុនវិនិយោគ

ដោយ៖ សុផារី

ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលមានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ Key Real Estate Co.,Ltd លោក សន សៀប បានចែករំលែកនូវចំណេះដឹងខ្លីៗ ប៉ុន្តែមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកចង់ប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ។

ជាការចូលរួមលើកស្ទួយវិស័យអចលនទ្រព្យ ក៏ដូចជាផ្តល់ជាចំណេះដឹងដល់អ្នកដែលមានបំណងចាប់ជំនួញ និងប្រឡូកនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលកំពុងមានភាពពុះកញ្ជ្រោលនៅពេលពេលបច្ចុប្បន្ន បានបង្ហាញពីការវាយតម្លៃអចលនទ្រព្យមុនពេលវិនិយោគ ដោយលោកបានលើកឡើងថា “មុនពេលវិនិយោគគួរមើលពីទីតាំង ទំហំ ជម្រៅ ក្បាលដី និងរូបរាងដីជាដើម ដើម្បីឱ្យការវិនិយោគមានដំណើរការល្អប្រសើរ ដោយផ្តោតទៅលើចំណុច២គឺ ទី១-រូបមន្តប្រៀបធៀប ទី២-រូបមន្តវិនិយោគ”។

លោកបានបន្តថា “យើងត្រូវប្រមូលព័ត៌មាន ដើម្បីឱ្យដឹងពីទីផ្សារ ដោយពិចារណាទៅលើតម្លៃណាមួយដែលសមស្របសម្រាប់យើងអាចធ្វើការវិនិយោគបាន។ ពោលគឺយើងយកមកវិភាគតាមទិន្នន័យទីផ្សារ បន្ទាប់មកគឺយើងបានតម្លៃទីផ្សារដែលយើងត្រូវយកមកធ្វើការវិនិយោគ”។

លោក សន សៀប ក៏បានបន្ថែមទៀតដែរថា “កត្តាដែលយើងគួរវាយតម្លៃមុនវិនិយោគ គឺ ដើម្បីឱ្យដឹងពីកត្តានៃការលក់ត្រឡប់ទៅវិញ ដោយបានមកពីការលក់ ឬជួល និងមានភាពងាយស្រួលក្នុងការទទួលបានផលចំណេញថា តើយើងត្រូវធ្វើការវិនិយោគលំនៅដ្ឋាន ខុនដូ អាផាតមិន ឬក៏ផ្ទះល្វែង ដែលការពិចារណា គឺស្ថិតនៅលើអ្នកវិនិយោគខ្លួនឯងដែលបានវិភាគទៅតាមទិន្នន័យទីផ្សារដែលបានប្រមូលមក”៕

ក្រសួងសាធារណការ ប្រកាសចាត់វិធានការក្តៅឃាត់រថយន្តដឹកលើសទម្ងន់កំណត់ទុកមួយឆ្នាំ ដោយគ្មានការលើកលែង

ដោយ៖សុផារី

ភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញម្ចាស់រថយន្តមួយចំនួននៅតែព្រងើយកន្តើយ ដឹកលើសទម្ងន់កំណត់ដោយមិនអាសូរផ្លូវនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចាត់វិធានការក្តៅចំពោះរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី២០ភាគរយឡើង ដោយឃាត់រថយន្តទុកមួយឆ្នាំ គ្មានការលើកលែងនោះឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា ទោះបីជាគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់ ជាពិសេសសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក៏ដោយ ក៏នៅតែសង្កេតឃើញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូច នៅតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយ។

ក្នុងសេចក្តីជូនព័ត៌មាននេះ ក្រសួងបានបញ្ជាក់ទៀតថា រថយន្តដែលផ្ទុកលើសទម្ងន់កម្រិតកំណត់ចំនួន ២២៩គ្រឿង ដែលបានឃាត់ទុករយៈពេល១ឆ្នាំ ដែលត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកលែងបន្ធូរបន្ថយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក៏នៅតែបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី ២០ភាគរយ ធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ហើយត្រូវបានមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន បង្ក្រាប និងស្ទាក់ចាប់បានចំនួន ៧៥គ្រឿង។

ក្នុងបំណងពង្រឹងវិធានការអនុវត្តតាមបទប្បញ្ញត្តិច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផលល្អនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹកសាជាថ្មីដល់ម្ចាស់រថយន្តដឹកជញ្ជូនដូចខាងក្រោម៖

១៖ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសេចក្តីជូនដំណឹងលេខ ០៤៩សជណ.សក.គតលទំ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

២៖ ម្ចាស់រោងចក្រផលិតស៊ីម៉ងត៍ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ត្រូវធ្វើការណែនាំដល់អ្នកបើកបររថយន្តរបស់ខ្លួនឱ្យផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ មុនពេលដឹកជញ្ជូនទំនិញចេញពីចំណុចគោលដៅដើមទីនីមួយៗ។

៣៖ ក្នុងករណីនៅតែបណ្តែតបណ្តោយឱ្យអ្នកបើកបរ ឬចរាចរណ៍រថយន្តផ្ទុកទម្ងន់លើសកម្រិតកំណត់ ជាពិសេសការផ្ទុកទម្ងន់លើសពី ២០(ម្ភៃ)ភាគរយ ឡើងទៅ ធ្វើចរាចរណ៍នៅតាមបណ្តាញផ្លូវថ្នល់ នឹងត្រូវឃាត់ទុករថយន្តក្នុងរយៈពេល១(មួយ)ឆ្នាំ ស្របតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដោយគ្មានការលើកលែងតទៅទៀតឡើយ។

៤៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នឹងចូលរួមផ្តល់កិច្ចសហការជាមួយគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ដើម្បីចាត់វិធានការបង្ក្រាបបទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តនីមួយៗ។

៥៖ ការចូលរួមគោរពប្រតិបត្តិ និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវរបស់ប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ជាចំណែកដ៏សំខាន់មួយដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ធន់ជាប់តាមអាយុកាលបច្ចេកទេស និងរួមចំណែកកាត់បន្ថយថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់ ក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩(Covid-19)។

New condo supply tipped for frenzy

 

The Bangkok condo market is expected to be more active from January despite the Covid-19 Omicron variant, with developers now better prepared for the virus as they plan for the future, says a property consultancy.

Phattarachai Taweewong, director of research and communication at Colliers International Thailand, said next month should see a large amount of new condo supply launched in Greater Bangkok.

“January is usually a slow month for the residential market after a high sales season in the fourth quarter,” he said.
“But January 2022 will be unusual. It will see a condo market frenzy as many developers launch their projects after delaying from 2021.”

Mr Phattarachai said positive signs were present in the fourth quarter of 2021 as daily new infections in Thailand eased, coupled with the country’s reopening and a rising vaccination rate.

Other key drivers were a relaxation of the loan-to-value limits from Oct 20, 2021, and the extension of a cut in transfer and mortgage fees to 0.01%, from 2% and 1% respectively, for houses priced below 3 million baht until the end of 2022.

Colliers forecasts new condo supply launched in Greater Bangkok next year to grow by 28.5% to around 24,000 units, from 18,678 units in 2021.

Most locations for the new condo supply next year are in outer Bangkok areas where mass transit lines are under construction, said the consultancy.

The busy zones where a large number of new condo projects are in the pipeline include Ramkhamhaeng to Lam Salee (the Orange Line), Lat Phrao and Srinakarin (the Yellow Line), Ram Intra Road (the Pink Line) and the Bang Na area.
Mr Phattarachai said newly launched Greater Bangkok condo supply continued to drop in 2021 for the third year, after peaking in 2018 at 66,201 units.

Most developers decided to delay new condo launches in 2021, shifting the focus to low-rise houses in Greater Bangkok and major strategic provinces such as Chon Buri, Chachoengsao, Rayong, Phuket and Chiang Mai, where home purchasing power remained strong.

“The low-rise housing segment will continue to be robust in 2022 as major developers keep launching more projects,” he said.

Some listed developers have continued launching new projects in locations where they are confident about demand, or where there are niche market segments.

However, most of them are cautious about setting prices as some new projects launched previously were unable to increase the sales prices, said Mr Phattarachai.

To cope with this challenge, some developers need to differentiate their properties with new selling points or added services such as pet friendliness, medical services or branded residences, he said.

In 2021 large developers shifted to lower-end condo projects, or those with units priced lower than 50,000 baht per square metre in Bangkok’s outskirts.

Many projects enjoyed good sales from both real demand and investment buyers, said Mr Phattarachai.

According to Colliers, there were 47 new condo projects launched in 2021 in Greater Bangkok with a total of 18,678 units worth a combined 63.4 billion baht, down 16.1% from 21,643 units and 10.6% from 70.9 billion baht in 2020.

Of the total unit numbers, 83.2% worth 55.3 billion baht were from listed developers, while those from non-listed companies accounted for 16.8% worth 8 billion baht.

Source: Bangkok Post

ការផ្គត់ផ្គង់ខុនដូនៅក្រុងបាងកកនឹងមានសន្ទុះខ្លាំងចាប់ពីដើមឆ្នាំ២០២២

ដោយ៖ សុខុម

បាងកក: ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យថៃមួយនិយាយថា តាមការរំពឹងទុក ទីផ្សារខុនដូនៅទីក្រុងបាងកក ប្រទេសថៃ នឹងមានភាពសកម្មរស់រវើកជាងមុន ចាប់ពីខែមករាដើមឆ្នាំ២០២២ តទៅ ទោះបីជាប្រឈមនឹងវីរុសបំប្លែងថ្មីអូមីក្រុង។

យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៧ ធ្នូ នេះឱ្យដឹងថា ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាបានត្រៀមលក្ខណៈប្រឈមមុខនឹងវីរុសអូមីក្រុង កាន់តែប្រសើរជាងមុន នៅពេលក្រុមហ៊ុនទាំងនោះរៀបចំផែនការហ្មត់ចត់សម្រាប់ថ្ងៃអនាគត។

លោក Phattarachai Taweewong នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៅក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Colliers International Thailand ថ្លែងថា នៅខែមករា ដើមឆ្នាំ២០២២ ការផ្គត់ផ្គង់ខុនដូថ្មីៗនឹងមានសន្ទុះកើនឡើងក្នុងចំនួនយ៉ាងច្រើននៅក្រុងបាងកក។

លោកគូសបញ្ជាក់ថា “ជាធម្មតា ខែមករាគឺជាខែដែលមានសន្ទុះយឺតយ៉ាវសម្រាប់ទីផ្សារលំនៅដ្ឋាន បន្ទាប់ពីរដូវកាលលក់ដាច់ខ្លាំងក្នុងត្រីមាសទី៤។ ប៉ុន្តែនៅខែមករា ឆ្នាំ២០២២ នឹងមានសន្ទុះខ្លាំងខុសពីធម្មតា”។

អ្នកជំនាញរូបនេះបានលើកឡើងបន្ថែមទៀតថា ទីផ្សារខុនដូនឹងមានសកម្មភាពរស់រវើកខ្លាំង នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនសម្រុកចាប់ផ្តើមគម្រោងរបស់ពួកគេ បន្ទាប់ពីពន្យារពេលពីឆ្នាំ២០២១។

ក្រុមហ៊ុន Colliers International Thailand ព្យាករថា ការផ្គត់ផ្គង់ខុនដូថ្មីៗនៅទីក្រុងបាងកក នៅឆ្នាំក្រោយនឹងកើនឡើង២៨,៥%រហូតដល់ប្រមាណ២៤.០០០យូនីត បើធៀបនឹង១៨.៦៧៨យូនីតនៅក្នុងឆ្នាំ២០២១។

ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា ទីតាំងភាគច្រើនសម្រាប់ការផ្គត់ផ្គង់ខុនដូថ្មីៗនៅឆ្នាំក្រោយ គឺស្ថិតនៅជាយក្រុងបាងកក ជាកន្លែងដែលបណ្តាញផ្លូវដឹកជញ្ជូនសាធារណៈធំៗកំពុងស្ថិតក្រោមដំណើរការអភិវឌ្ឍន៍៕

អ្នកជំនាញបង្ហាញពីគន្លឹះសម្រាប់វិនិយោគមុនប្រឡូកក្នុងវិស័យអចលនទ្រព្យ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការវិនិយោគវិស័យអចលនទ្រព្យត្រូវបានចាត់ទុកថាជាការវិនិយោគដែលមានហានិភ័យទាបមួយ ក៏ប៉ុន្តែមុននឹងបណ្ដាក់ទុនលើវិស័យនេះ វិនិយោគិនគួរមានចំណេះដឹង ជំនាញ មួយចំនួនខ្លះៗដែរ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាមួយរូបបានបង្ហាញពីគន្លឹះមួយចំនួនដល់បណ្ដាវិនិយោគិន មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងវិស័យនេះ។

លោក ឈុន សម្ផស្ស នាយកប្រតិបត្តិក្រុមហ៊ុន Century 21 The Premium Realty បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីឱ្យការវិនិយោគអចលនទ្រព្យប្រកបដោយភាពរលូននិងមិនមានហានិភ័យខ្ពស់ មុនដំបូងគឺត្រូវវិនិយោគទៅលើខ្លួនឯងជាមុនសិន ពោលគឺត្រូវមានចំណេះដឹងលើវិស័យអចលនទ្រព្យ ដោយសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យពីស្ថាប័នជំនាញ។

លោកបន្តថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្នកំពុងពេញនិយមខ្លាំងណាស់ ដោយមានអ្នកចូលរួមវិនិយោគលើវិស័យនេះច្រើន ក៏ប៉ុន្តែអ្នកខ្លះក៏ទទួលបានជោគជ័យ អ្នកខ្លះទៀតក៏បរាជ័យ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យឱ្យនៅទាប អ្នកវិនិយោគត្រូវធ្វើឡើងទៅតាមកម្រិតនិងកុំហក់លោតពេក។ ធ្វើបែបនេះ វាហាក់ដូចជាការទទួលចំណេះដឹងផងនិងចាប់ផ្ដើមវិនិយោគផង។ នៅពេលដែលមានបទពិសោធន៍ហើយ យើងអាចចាប់ផ្ដើមវិនិយោគគម្រោងធំៗបានទៅតាមចំណេះដឹង ជំនាញ និងសមត្ថភាពរបស់យើង។

លោកបន្ថែមថា ការវិនិយោគអចលនទ្រព្យមិនចាំបាច់ទាល់តែមានទុនច្រើន ទុនគ្រប់គ្រាន់នោះទេ យើងអាចវិនិយោគរួមហ៊ុន ដោយចូលហ៊ុនគ្នា ក៏ប៉ុន្តែយើងក៏ត្រូវតែប្រុងប្រយ័ត្នចំពោះការវិនិយោគរួមហ៊ុននេះដែរ ដោយជជែកច្បាស់លាស់ជាមួយដៃគូវិនិយោគទាំងអស់ មុននឹងសម្រេចបណ្ដាក់ទុនវិនិយោគលើគម្រោងណាមួយ។

តាមរយៈសៀវភៅគន្លឹះសំខាន់ៗសម្រាប់ភ្នាក់ងារអចលនទ្រព្យ លោក ម៉ាន់ ច័ន្ទឌី បានបញ្ជាក់ថា ការប្រឡូកក្នុងវិស័យអចលនទ្រព្យ គឺត្រូវដាក់ចិត្ត ដាក់កាយ និងយកចិត្តទុកដាក់លើវាឱ្យបានច្រើន ហើយមិនត្រូវគិតពីពេលវេលាថ្ងៃឈប់សម្រាកនោះឡើយ។ បើពុំនោះទេវានឹងធ្វើឱ្យយើងខាតទាំងពេលវេលា និងបាត់បង់ចំណូលផងដែរ។

កំណើននៃការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជារយៈពេលប៉ុន្មានឆ្នាំនេះហាក់កើនឡើងជាបន្តបន្ទាប់ ទាំងការវិនិយោគពីវិនិយោគិនក្នុងស្រុក និងវិនិយោគក្រៅប្រទេស ក្នុងនោះមានទាំងនៅរាជធានីភ្នំពេញនិងបណ្ដាខេត្តសក្ដានុពលជាច្រើនទៀត។ បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្តី សកម្មភាពវិនិយោគអចលនទ្រព្យនៅតែមានដដែល គ្រាន់តែល្បឿននៃការវិនិយោគមានការថមថយជាងមុនវិបត្តិ៕