ប្រធានCVEAលើកឡើងពីមូលដ្ឋានដើម្បីជម្រុញទីផ្សារអចលនទ្រព្យ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ឧកញ៉ាសន សៀប បានបង្ហាញពីមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ពីបច្ចុប្បន្នទៅអនាគត។

លោកឧកញ៉ាបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍មួយថា មូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ពីបច្ចុ​ប្បន្ន និងទៅអនាគត គឺមានច្បាប់។

លោកបញ្ជាក់ថា “ច្បាប់សំខាន់ណាស់ក្នុងការជំរុញ និងការអភិវឌ្ឍ ការគោរពច្បាប់នេះ សំដៅលើមនុស្សគ្រប់គ្នា អ្នកវិនិយោគក្ដី ពលរដ្ឋក្ដី មន្រ្ដីក្ដីត្រូវចូលរួមទាំងអស់គ្នា”។

លោកបន្តថា ច្បាប់ក៏រួមចំណែកក្នុងការការពារ អ្នកចូលរួមអភិវឌ្ឍន៍ អ្នកវិនិយោគ អ្នករកស៊ី ព្រោះពួកគាត់ទាំងនេះ ជាមូលដ្ឋាននៃការរីកចម្រើន ពេលយើងការពារគាត់បាន នោះពួកគាត់នឹងខិតខំប្រឹងប្រែងអនុវត្តច្បាប់ បើមិនការពារទេនោះ នឹងបង្កើតឱ្យមានការមិនគោរពច្បាប់កាន់តែច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ឧកញ៉ាសន សៀប
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ឧកញ៉ាសន សៀប

ឧកញ៉ាសន សៀបបានបន្ដថា កត្តាសំខាន់មួយទៀតនោះ គឺសមត្ថភាព សមត្ថភាពនេះសំខាន់ណាស់ ប្រសិនបើអ្នកចង់ទាញអ្នកវិនិយោគពីក្រៅមកកម្ពុជា លុះត្រាតែអ្នកមានសមត្ថភាពខ្លាំងក្លា។ ក្នុងនោះជំនាញវិជ្ជាជីវៈពិតជាសំខាន់ ដែលមិនអាចខ្វះបាន ដូច្នេះចំណេះជំនាញត្រូវការអ្នកមានជំនាញមកធ្វើការ ក្នុងនោះសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិងកំពុងប្រឹងប្រែង​បន្ថែម ក្នុងការពង្រឹងចំណេះជំនាញឲ្យបានប្រសើរជាងមុនផងដែរ។

លោកបានលើកទឹកចិត្តដល់អ្នករកស៊ី ក្នុងវិស័យអចលនវត្ថុទាំងអស់ រួមមាន អ្នកសាងសង់ ភ្នាក់ងារលក់អចលនទ្រព្យ អ្នកវាយតម្លៃអនចលវត្ថុ និងអ្នកអភិវឌ្ឍន៍ជាដើម ត្រូវតែពង្រឹងវិជ្ជាជីវៈ ​គោរពច្បាប់ ប្រកួតប្រជែងគ្នាដោយស្មោះត្រង់ និងតម្លាភាព ព្រមទាំងបង់ពន្ធឱ្យស្មើភាពគ្នា ​ នោះទើបអាចជួយវិស័យអចលនទ្រព្យបាន។

លោកបញ្ជាក់ថា “ការសម្រេចបែបនេះបាន បានលុះត្រាតែទាញអ្នករកស៊ីអចលនវត្ថុទាំងអស់ ដែលនៅក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ”៕

ទីក្រុងភ្នំពេញតាមបណ្ដោយផ្លូវព្រះមុនីវង្ស មើលពីលើអាកាស
ទីក្រុងភ្នំពេញតាមបណ្ដោយផ្លូវព្រះមុនីវង្ស មើលពីលើអាកាស

រដ្ឋាភិបាលកំពុងអនុវត្តន៍គំរោង និងអភិវឌ្ឍន៍សួនឌីជីថល លើទំហំផ្ទៃដី១០០ហិកតា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថលកម្ពុជា លោក ជា វ៉ាន់ដេត បានថ្លែងឲ្យដឹងថា ក្រសួងកំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថល (Digital Park) លើផ្ទៃដីប្រមាណ១០០ហិកតា។

ការបង្កើតDigital Park ធ្វើឡើងក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល (Digital Hub) ដើម្បីជំរុញការធ្វើបរិវត្តកម្ម សហគ្រិនភាព នវានុវត្តន៍ និងការបណ្តុះបណ្តាលជំនាញក្នុងវិស័យឌីជីថល។

ការលើកឡើងរបស់លោករដ្ឋមន្រ្ដី ជា វ៉ាន់ដេត ធ្វើឡើងក្នុងកម្មវិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានថ្លែងថា “ក្រសួងកំពុងអនុវត្តន៍គម្រោងបង្កើត និងអភិវ​ឌ្ឍ​​​ន៍ សួនឌីជីថល (Digital Park) លើផ្ទៃដីប្រមាណ ១០០ ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឌីជីថល (Digital Hub) ដើម្បីជំរុញការធ្វើបរិវត្តកម្ម សហគ្រិនភាព នវានុវត្តន៍ និងការបណ្តុះបណ្តាលជំនាញ ក្នុងវិស័យឌីជីថល សំដៅគាំទ្រដល់ធុរកិច្ចថ្មី ការធ្វើទំនើបកម្មការអប់រំ ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏សម្បូរបែប និងការទាក់ទាញក្រុមហ៊ុនវិនិយោគ ជាពិសេស ការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលជំនាញទៅនឹងឧស្សាហកម្ម ក្នុងវិស័យឌីជីថល”។

លោកបន្តថា ជាចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ គឺប្រែក្លាយកម្ពុជាជាបណ្តើរៗ ឱ្យទៅជាប្រទេសដែលពុំនិយមប្រើប្រាស់ក្រដាសបន្តទៀត ដោយឈរលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលប្រជាពលរដ្ឋមានទំនុកចិត្ត ព្រមទាំងអាចលើកតម្កើងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ។ ជាការពិតរាល់ការអភិវឌ្ឍ ដែលមានចីរភាពរយៈពេលវែង តម្រូវឱ្យមានកិច្ចសហការ និងការគាំទ្រពីក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ និងសង្គមស៊ីវិល ក៏ដូចជា កិច្ចសហការទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងសាកលលោក។

ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងក្នុងប្រទេស និងក្រៅប្រទេសបន្តបង្កើនកិច្ច សហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីរួមគ្នាទាញយកសក្ដានុពលបច្ចេកវិទ្យាឌីជីថល សម្រាប់លើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។

លោកបានបន្តថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែករំលែកបទពិសោធ នៃការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នករៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់ផ្នែកក្នុងតំបន់ ក៏ដូចជាបង្ហាញអំពីសមិទ្ធផល នៃបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា សំដៅគាំទ្រដល់ធុរកិច្ចថ្មី ការធ្វើទំនើបកម្មការអប់រំ ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏សម្បូរបែប និងការទាក់ទាញក្រុមហ៊ុនវិនិយោគ ជាពិសេសការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយដែលផ្សារភ្ជាប់ ការអប់រំបណ្តុះបណ្តាលជំនាញទៅនឹងឧស្សាហកម្មក្នុងវិស័យឌីជីថល៕

អ្នកនិពន្ឋកាន់តែមានគុណតម្លៃ តាមរយៈទិវាជាតិអ្នកនិពន្ឋដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំជាទិវាជាតិ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា “ទិវាជាតិអ្នកនិពន្ធ គឺជាការរួមចំណែកជួយលើកស្ទួយសីលធម៌ និងកិត្យានុភាពជាតិ និងការរក្សាការពារចំពោះចំណេះដឹងប្រពៃណី ព្រមទាំងការលើកស្ទួយវិញ្ញត្តិវប្បធម៌ (ផ្សព្វផ្សាយវប្បធម៌)។

ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធ និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំ គុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិ និងវិស័យអប់រំ។

ការប្រារព្ធទិវាជាតិអ្នកនិពន្ធ ជារៀងរាល់ឆ្នាំ ក៏សំដៅដល់ការជំរុ​ញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្តុំ រួបរួមកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ដោយសុច្ឆន្ទៈមនសិការនៃវប្បធម៌សន្តិភាព ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលធានាគុណភាព តែងនិពន្ធប្រកបដោយសច្ចធម៌ បរិយាបន្ន និងលើកកម្ពស់គុណតម្លៃ នៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិតដើម្បីទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិត ចូលរួមអបអរសាទរទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ក្រោមប្រធានបទ “អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព” ជាមួយអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងទិសដៅបន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធ ដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹង និងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការ​ពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ទិវាជាតិអ្នកនិពន្ធ គឺជាចំណែកមួយ ដែលបានចូលរួមដល់ការ សម្រេចបាននូវគោលបំណង និងទិសដៅគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ តាមរយៈសកម្មភាពចូលរួមលើកស្ទួយ និងជំរុញឧស្សាហកម្មវប្បធម៌ផ្តោតលើសកម្មភាពគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតស្នាដៃថ្មីលើគ្រប់ផ្នែកដូចជាតន្ត្រីសោតទស្សន៍ ភាពយន្ត ការបោះពុម្ព សិល្បៈទស្សនីយភាព សិប្បកម្ម វិចិត្រកម្ម តម្បាញ ប្រពៃណី ការច្នៃម៉ូត និងទៅដល់ការផ្សារភ្ជាប់វិស័យវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹងអត្តសញ្ញា​ណជាតិ ការលើកស្ទួយសីលធម៌និង កិត្យានុភាពជាតិ និងការរក្សាការពារចំពោះចំណេះដឹងប្រពៃណី ព្រមទាំងការលើកស្ទួយវិញ្ញត្តិវប្បធម៌

រាជរដ្ឋាភិបាលនៅគ្រប់នីតិកាលនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេស គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន សមាគម និងអ្នកនិពន្ធឯកជននានាឱ្យបន្តពង្រឹងការចូលរួមការតាក់តែង និងការបង្កើតស្នាដៃថ្មីៗ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការ សិក្សាស្រាវជ្រាវ របស់សិស្ស និស្សិតនិងមជ្ឈ​ដ្ឋានទូទៅ។

គិតមកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋនិង នវានុវត្តន៍ ដើម្បីគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងការបោះពុម្ពសៀវភៅសិក្សាគ្រប់ជំនាញ។ ទិសដៅជាអាទិភាពរបស់យើង គឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹងនិងលើកកម្ពស់គុណភាព ពង្រឹងក្រមសីលធម៌ និងអត្ថន័យ អត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ និងតម្កល់ ផលប្រយោជន៍សង្គមជាធំ។ ជាមួយគ្នានេះ តាមរយៈក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យ កម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយរាប់បញ្ចូលទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធផងនោះ បានបន្តពង្រឹងសកម្មភាពកសាងច្បាប់ ការអនុវត្តច្បាប់ និងការចូលរួមជាមួយយន្តការតំបន់ និងអន្តរជាតិ លើវិស័យកម្មសិទ្ធិបញ្ញានេះ។

សម្តេចធិបតី បានបន្ថែមថា ឆ្លៀតក្នុងឱកាសនៃទិវាជាតិអ្នកនិពន្ធនាឆ្នាំនេះ ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគម អ្នកនិពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដទៃទៀត សូមចូលរួមសហការគាំទ្រចំពោះវិស័យតែងនិពន្ធ និងសូមចូលរួមផ្សព្វផ្សាយទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតី សុច្ឆន្ទៈ មនសិការជាតិ ដល់មន្ត្រីរាជការ នគរបាល កងយោធពលខេមរភូមិន្ទ ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត កវីនិពន្ធ អ្នកនិពន្ធ និងប្រជាពលរដ្ឋទូទៅឱ្យកាន់តែគាំទ្រ និងចូលរួមពង្រឹងការអាន ការតែងនិពន្ធ ការបង្កើតស្នាដៃថ្មី ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាព វប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។ ការចូលរួមឧបត្ថម្ភជាសម្ភារៈថវិកា ក៏ជាកាយវិការដ៏មានតម្លៃដើម្បីពង្រឹងវិស័យនេះ ឱ្យកាន់តែរឹងមាំផងដែរ។

សម្តេចធិបតី ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ និងអរគុណចំពោះបងប្អូនជនរួមជាតិ អ្នកនិពន្ធ កវីនិពន្ធ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ដែលជាកេរដំណែលវប្បធម៌ដ៏ពិសិដ្ឋរបស់ជាតិ៕

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី វិធាន និងនីតិវិធី នៃការអនុវត្តចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ជូនដល់មន្រ្តីបង្គោលរបស់អង្គភាពថវិការដ្ឋបាលកណ្តាលនៃក្រសួងសាធារណការ និងដឹកជញ្ជូន

ដោយ៖ សហការី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី វិធាន និងនីតិវិធី នៃការអនុវត្តចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ជូនដល់មន្រ្តីបង្គោលរបស់អង្គភាពថវិការដ្ឋបាលកណ្តាលនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង វាគ្មិនកិត្តិយស-គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងកសាងសមត្ថភាពមន្ត្រីបង្គោលនៅតាមបណ្តាអង្គភាពថវិការបស់ក្រសួង ឱ្យបានយល់ដឹងបន្ថែមលើកិច្ចការហិរញ្ញវត្ថុ និងនីតិវិធីនៃការស្នើសុំធានាចំណាយ និងការទូទាត់ចំណាយដែលពាក់ព័ន្ធនឹងកម្មវត្ថុនៃការងាររៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ សំដៅចូលរួមចំណែកលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងារ និងការកសាងគុណវុឌ្ឍវិជា្ជជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ជាពិសេសភាពជាម្ចាស់ការក្នុងការរៀបចំនីតិវិធីចំណាយនៅតាមអង្គភាពថវិកា ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការរៀបចំអង្គភាពថវិកា និងការគិតគូរអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានរាជរដ្ឋាភិបាលអនុវត្តអស់រយៈពេលប្រមាណ២០ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០០៤មកម៉្លេះ ហើយនាពេលបច្ចុប្បន្ននេះ កម្មវិធីកែទម្រង់នេះបានឈានដល់ការអនុវត្តក្នុងដំណាក់កាលចុងក្រោយ ពោលគឺ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដែលសម្រួច និងតម្រង់គោលដៅឆ្ពោះទៅរក “សមិទ្ធកម្ម ឬលទ្ធផល”។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំដល់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួងទាំងអស់ផងដែរ ដោយត្រូវផ្ដល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីកសាងសមត្ថភាពជូនដល់មន្ត្រីរាជការទាំងអស់ ដើម្បីជំរុញការចូលរួម និងលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងារឱ្យកាន់តែល្អប្រសើរឡើង។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់ការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងចាត់ទុកការកែទម្រង់នេះ ជាកត្តាគន្លឹះមួយសម្រាប់កំណត់ភាពជោគជ័យក្នុងការអនុវត្តរបៀបវារៈគោលនយោបាយអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១។

ដំណឹងល្អ! រដ្ឋាភិបាលអនុម័តទុនវិនិយោគ៩៥០០លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំនេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ​ដែលជាសេនាធិការរវស់រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគចំនួន ៦០៩ ​គម្រោង ​ក្នុងទំ​ហំ​ទុន​សរុប៩,៥ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥។

ទំហំទូនវិនិយោគនេះ កើនឡើង៤៧% ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា ​នៅឆ្នាំ ២០២៤ ​ដែល​មាន​ទុនវិនិយោគ៦,៥ ​ប៊ីលានដុល្លារ។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ CDC ទំហំទុនវិនិយោគ៩,៥ ប៊ីលានដុល្លារ បែងចែក​ជាវិស័យ វិស័យឧស្សា​ហកម្ម ៥,៧ ប៊ីលានដុល្លារ ហេដ្ឋារចនាសម្ព័ន្ធ៣,១ប៊ីលានដុល្លារ, កសិកម្ម និងកសិ-ឧស្សាហកម្ម៤៣៦លាន​ដុល្លារ និងទេសចរណ៍១៧៥លានដុល្លារ។​

សម្រាប់​តែខែវិច្ឆិកា ​គម្រោងវិនិយោគសរុបចំនួន៣៤ ​គម្រោង ក្នុងទំហំទុន២៦២លានដុល្លារ ត្រូវ​បាន​អនុម័ត ​ដែល​អាច​បង្កើត​ការងារ​បាន២៤ពាន់​កន្លែង​។

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៥​ថា ​កម្ពុជា​រំពឹង​នឹង​អនុម័ត​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (QIP) ​លើស​ពី៦០០ គម្រោង​នៅ​ឆ្នាំ ២០២៥ ​ដែល​ជា​កំណត់​ត្រា​ថ្មី ខណៈ​នៅ​ឆ្នាំ ២០២៤ កម្ពុជា​បាន​បំបែក​កំណត់​ត្រា​ម្តង​រួច​មក​ហើយ ​ក្នុង​ការ​អនុម័ត​គម្រោង​វិនិយោគ​ច្រើន​បំផុត​ក្នុង​រយៈ​ពេល៣០ឆ្នាំ។ ​

លោក​អះអាង​ថា ការ​ធ្វើ​កំណែ​ទម្រង់​បាន​ធ្វើ​ឲ្យ​កម្ពុជា ​ទទួល​បាន​ចំណាត់​ថ្នាក់​អន្តរជាតិ​ខ្ពស់ ​លើ​ការ​ទាក់ទាញ​វិនិយោគ​ពី​បទេស​។

កម្ពុជា​​ជាប់​ចំណាត់​ថ្នាក់​កំពូល​ ពី​ទីផ្សារ​រីកចម្រើន​ឈាន​មុខ​គេ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ។

ជាក់ស្តែងនៅ​ឆ្នាំ២០២៥នេះ កម្ពុជាជាប់ចំណាត់​ថ្នាក់​លេខ១ នៅ​អាស៊ីប៉ាស៊ីហ្វិក និង​លេខ៩លើ​ពិភពលោក​ លើ​សន្ទស្សន៍​នៃ​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​របស់​បរទេស (FDI) បើ​ធៀប​ទំហំ​សេដ្ឋកិច្ច​ប្រទេ​ស​៕

សម្តេចធិបតីៈរយៈពេល៣ឆ្នាំកម្ពុជាបានដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិចំនួន៣ជាមួយទំហំទុនវិនិយោគ៣៦០០លានដុល្លារ

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប៣,៦០០ លានដុល្លារអាមេរិក។

ព័ត៌មាននេះត្រូវបានលើកឡើង តាមរយៈសារលិខិតក្នុងឱកាស “ទិវាជាតិអាកាសចរណ៍ស៊ីវិល លើកទី១ ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ទន្ទឹមនឹងការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ដោយក្នុងនោះអាកាសយានដ្ឋានអន្តរជាតិថ្មីទាំង៣ ដែលដាក់ឱ្យដំណើរការរួមមាន ទី១ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build – Operate – Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣ ទី២ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ4D ក្រោមទឹកប្រាក់វិនិយោគ ២០០លានដុល្លារអាមេរិក ជាគម្រោង Build – Own – Operate (BOO) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤។

ទី៣ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ២៣០០លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សម្តេចបវរធិបតីបានលើកឡើង ពីវឌ្ឍនភាពរបស់វិស័យអាកាសចរណ៍ស៉ីវិលផងដែរថា ក្រោមគំនិតផ្តួចផ្តើមប្រកប ដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការដាក់ឱ្យអនុវត្តគោលនយោបាយបើកចំហជើងមេឃ ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលំហូរអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស ដើម្បីចូលរួមចំណែកអភិវឌ្ឍទេសចរ​ណ៍ ធុរកិច្ច ពាណិជ្ជកម្មនិងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម កាន់តែច្រើន ក៏ដូចជា ការចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ ក្រោមយន្តការនៃការធ្វើសេរីភាវូបនីយកម្ម នៃការដឹកជញ្ជូនតាមផ្លូវ អាកាសទ្វេភាគី និងពហុភាគីអាស៊ាន។

លទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៦ប្រទេស និង៣៩ទីក្រុង ដោយក្នុងនោះបានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់អាស៊ាន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន ៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់៕

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៥ ក្រោមមូលបទ “ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍”

ដោយៈ សហសេវិក

ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសារសារលិខិត ក្នុងឱកាសទិវាអន្ដរជាតិ​នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៥ ក្រោមមូលបទ “ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍”។

រដ្ឋាភិបាលកម្ពុជាចចារបន្ថែមទៀតលើពន្ឋបដិការបស់អាមេរិក ឲ្យធ្លាក់ក្រោម១៩ភាគរយ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​កម្ពុជានៅ​តែ​បន្ត​កិច្ចខិតខំរបស់​ខ្លួន ​ក្នុង​ការ​​ចរចាដើម្បី​ស្នើ​សុំ​ឱ្យ​សហរដ្ឋអាមេរិក បញ្ចុះអត្រា​ពន្ធបដិការបន្ថែមទៀត ជា​ពិសេ​សសម្រាប់​ទំនិញ​សក្តានុពល​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក​។​

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) ក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​​ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ឆ្នាំ​២០២៥ នា​​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។​

លោក​ ចាន់ថុល បាន​លើក​ឡើង​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​កាល​ពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានសម្រេច​ដាក់ពន្ធបដិការ​លើទំនិញ​កម្ពុជា ក្នុង​​​អត្រា ៤៩% ដែលជា​អត្រា​មួយ​ខ្ពស់​ជាង​គេលើពិភពលោក ដោយសារ​តែ​កម្ពុជាមានអត្រាអតិរេក ពាណិជ្ជកម្មខ្ពស់​ជាមួយ​សហរដ្ឋអាមេរិក។

លោក​បន្ត​ថា ភ្លាមៗ​ដោយយល់ឃើញ​ពីសារៈសំខាន់ នៃទីផ្សារសហរដ្ឋអាមេរិក រដ្ឋាភិបាលកម្ពុជា​​បាន​បង្កើត ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង​ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា-សហរដ្ឋអាមេរិក ដែលមានរូបលោក​ផ្ទាល់​ជា​ប្រធាន។

លោក​បន្ថែម​ថា បន្ទាប់​ពី​កិច្ច​ខិតខំ​ក្នុង​ការ​ចរចា​ជាច្រើន​លើករួចមក​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​សម្រេច​ទម្លាក់​អត្រា​ពន្ធ​បដិការ​សម្រាប់​ទំនិញ​ពី​កម្ពុជា​ជាបន្ត​បន្ទាប់ គឺ​ពី៤៩% មក​នៅ​ត្រឹម៣៦% និង​បន្ត​ធ្លាក់​​មក​នៅ១៩%​។​ កម្ពុជា ​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​ដែល​បាន​បើក​ការ​ចរចារឿង​​ពន្ធ​បដិការ​ជា​មួយ​សហរដ្ឋ​អាមេរិក។​

លោក​ថ្លែង​បញ្ជាក់ថា “​កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់​លើពិភពលោកដែលបានចុះហត្ថលេខា លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក​​ក្នុងអត្រាពន្ធ១៩% នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី”។ លោកបន្ថែមថា “កិច្ចព្រមព្រៀងនេះ​ផ្តល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់​សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផល​ទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក​”។​

ទោះយ៉ាង​ណា លោក ចាន់ថុល បាន​អះអាង​ថា កម្ពុជា​គឺ​នៅ​តែ​បន្ត​កិច្ច​ចរចា​រឿង​ពន្ធបដិការ ​ជាមួយ​សហរដ្ឋ​អាមេរិក ​រហូត​មក​ដល់​ពេល​នេះ​។​

លោក​​អះអាង​ថា“​ខ្ញុំផ្ទាល់ ជាមួយនិងលោកជំទាវ(រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម) និងក្រុមការងារទើបតែបានពិភាក្សាការងារ បន្តជាមួយភាគី​សហរដ្ឋអាមេរិក​កាលពីសប្តាហ៍មុន តាមរយៈប្រព័ន្ធវីនេអូពីចម្ងា​យ”។

លោកបន្ថែម​​​ថា​ កិច្ចខិតខំប្រឹងប្រែង​បាននិងកំពុងបន្ត ​ដើម្បីចរចាបញ្ចុះពន្ធបដិការបន្ថែមទៀត ​ជាមួយសហរដ្ឋអាមេរិក ទៅលើវិស័យអាទិភាពមួយចំនួន​រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលវិស័យទាំងនេះស្រូបទាញកម្លាំងពលកម្មច្រើន ជាពិសេសផ្តល់ឱកាសការងារយ៉ាងច្រើនដល់ស្ត្រី និងលើកស្ទួយ​កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា​៕

ការសិក្សា: ទីផ្សារ​អចលនទ្រព្យហ្វីលីពីននឹង​ប្រឈមមុខ​ទាំង​បញ្ហា​ប្រឈម និង​ឱកាសនៅឆ្នាំ២០២៦ខាងមុខ

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ជំរុញឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ហ្វីលីពីនធ្វើពិពិធកម្មផលបត្ររបស់ខ្លួន និងផ្តោតលើគម្រោង ដែលជំរុញដោយបច្ចេកវិទ្យា និងឧស្សាហកម្ម ខណៈឆ្នាំ២០២៦ ខិតជិតមកដល់។

យោងតាម​ទស្សនវិស័យ​ទីផ្សារ​អចលនទ្រព្យ​ហ្វីលីពីន​ឆ្នាំ២០២៦ ក្រុមហ៊ុន Colliers បាន​អះអាង​ថា ទីផ្សារ​នឹង​ប្រឈមមុខ​ទាំង​បញ្ហា​ប្រឈម និង​ឱកាស។ ដូច្នេះ បណ្តា​អ្នកអភិវឌ្ឍន៍​ត្រូវតែ​សម្រប​ខ្លួន និង​មាន​ភាព​ធន់​នឹង​អនាគត​ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ក៏បាន​ព្រមាន​ផងដែរថា បណ្តាអ្នកអភិវឌ្ឍន៍ ដែលមិនធ្វើពិពិធកម្ម​ផលបត្រ និង​ទីតាំងវិនិយោគរបស់ខ្លួន នោះពួកគេនឹងមិនអាច​​ប្រកួតប្រជែងបានឡើយ ខណៈ​តម្រូវការ​មានភាពប្រែប្រួល។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានលើកឡើងថា ការសម្របខ្លួន និងនវានុវត្តន៍ ឬភាពច្នៃប្រឌិតនឹងកំណត់ភាពជោគជ័យរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

ទីផ្សារការិយាល័យនៅក្នុងទីក្រុងម៉ានីលត្រូវបានគេរំពឹងថា នឹងងើបឡើងវិញបន្តិចម្តងៗ ខណៈតម្រូវការនឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៦។ ការផ្គត់ផ្គង់ការិយាល័យថ្មីប្រចាំឆ្នាំចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ នឹងមានចំនួនប្រហែល៣៥០.០០០ម៉ែត្រការ៉េ ដែលទាបជាងកម្រិតមុនវិបត្តិជំងឺរាតត្បាត។ ការណ៍នេះនឹងធ្វើឱ្យអត្រាការិយាល័យទំនេរមានស្ថិរភាព។

តំបន់ពាណិជ្ជកម្មកណ្តាល Makati និងតំបន់ Bonifacio Global City នៅរដ្ឋធានីម៉ានីលត្រូវបានគេព្យាករណ៍ថា នឹងជំរុញកំណើននៃតម្លៃជួលការិយាល័យ។

ទីផ្សារខុនដូលំនៅឋាននឹងនៅតែជាទីផ្សាររបស់អ្នកទិញ ខណៈតួលេខខុនដូដែលលក់មិនដាច់នៅទីក្រុងម៉ានីលមានចំនួនជាង៣០.០០០យូនីតគិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ៕ប្រភព: Bilyonaryo៕

ការលក់អាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់អាមេរិកហក់ឡើង២៥ភាគរយនៅក្នុងខែវិច្ឆិកា

ដោយ: សហសេវិក
អន្តរជាតិ: ការលក់អាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែវិច្ឆិកា ដោយបន្ធូរបន្ថយការព្រួយបារម្ភថា ការជាប់ឆ្នោតជាអភិបាលក្រុងញូវយ៉ករបស់លោក Zohran Mamdani នឹងជំរុញឱ្យក្រុមអ្នកមានចាកចេញ។

យោងតាមទីភ្នាក់ងារវាយតម្លៃ Miller Samuel និងក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យ Douglas Elliman បានឱ្យដឹងថា ការលក់អាផាតមុិននៅសង្កាត់ Manhattan សម្រេចបានចំនួន១៧៦យូនីតនៅខែវិច្ឆិកា ដែលមានតម្លៃចាប់ពី៤លានដុល្លារអាមេរិក។

តួលេខខាងលើនេះបង្ហាញពីការកើនឡើង២៥ភាគរយ បើធៀបនឹងការលក់អាផាតមុិនចំនួន១៤១យូនីតកាលពីខែតុលា។ អាផាតមុិនដែលបានលក់ចេញទាំងនោះ រួមមានអាផាតមុិននៅគម្រោង The 74 នៅតំបន់ Upper East Side និងគម្រោង 53 West 53rd St នៅតំបន់ Billionaires’ Row ដែលត្រូវបានទិញក្នុងតម្លៃប្រហែល២៤លានដុល្លារក្នុងមួយយូនីត។

មុនពេលការបោះឆ្នោតជ្រើសរើសអភិបាលក្រុង ក្រុមអ្នករិះគន់បានព្រមានថា ការជាប់ឆ្នោតរបស់លោក Mamdani នឹងអាចធ្វើឱ្យក្រុមអ្នកមានចាកចេញ ដែលជះផលប៉ះពាល់ដល់ចំណូលពន្ធ និងទីផ្សារលំនៅឋានរបស់ទីក្រុងញូវយ៉ក។

ទោះជាយ៉ាងណា ក្នុងរយៈពេលមួយខែ បន្ទាប់ពីជ័យជម្នះរបស់លោក Mamdani ក្រុមអ្នកមានហាក់មិនមានការព្រួយបារម្ភនោះទេ។

ផ្ទុយទៅវិញ ការស្ទុះងើបឡើងថ្លៃនៃទីផ្សារភាគហ៊ុន Wall Street បានលើកទឹកចិត្តឱ្យក្រុមអ្នកមានកាន់តែច្រើនទិញផ្ទះក្នុងខែវិច្ឆិកា។ នេះបើយោងតាមលោកស្រី Donna Olshan ប្រធានក្រុមហ៊ុន Olshan Realty៕ប្រភព: Bloomberg៕