ដំណឹងល្អៈផ្លូវថ្មើជើងក្រោមដីជាលើកដំបូងនៅកម្ពុជាបានសាងសង់រួចហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការស្ថាបនាផ្លូវក្រោមដី សម្រាប់អ្នកដំណើរថ្មើរជើងចំនួន២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ បានសាងសង់រួចរាល់ហើយ ប៉ុន្តែនៅមិនទាន់ដាក់ឱ្យដំណើរប្រើប្រាស់ជាផ្លូវការនៅឡើយទេ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣កក្កដាថា ដំណើរការសាងសង់ផ្លូវក្រោមដីបានរួចរាល់ តែនៅមិនទាន់អាចដាក់ឱ្យប្រើប្រាស់នៅឡើយទេ។

លោកបន្តថា “យើងមើលការដ្ឋានរបស់គាត់ គឺរួចរាល់ហើយ វានៅតែការបើកសម្ពោធជាផ្លូវការទេហើយ នៅតែមិនទាន់អាចបាននៅឡើយទេ ដោយសារផ្លូវក្រោមដីទី១ ឆ្លងកាត់ផ្លូវជាតិលេខ៤ នៅចំណុចសាលាវិទ្យាល័យាឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ហើយ សាលាបានបិទ។ អីចឹងអត់មានសិស្សទៅរៀន អត់មានការប្រើប្រាស់ជាបណ្តោះអាសន្នដែរ”។

លោកឃាង ភារម្យបានបន្តទៀតថា ចំណែកផ្លូវក្រោមដីទី២ ស្ថិតនៅមុខរោងចក្រមួយកន្លែង ហើយរោងចក្រនោះក៏បានផ្អាកដំណើរការអាជីវកម្ម ដោយសារបញ្ហាជំងឺកូវីដ១៩។ ដូចនេះមិនមានការប្រើប្រាស់ជាបណ្តោះអាសន្នដូចគ្នា។

ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយផ្លូវក្រោមដីនីមួយៗ មានប្រវែង៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ ដោយមួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ។

ផ្លូវនេះធ្វើឡើងសម្រាប់សិស្សានុសិស្ស និងកម្មករ កម្មការិនីឆ្លងកាត់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុណាមួយ៕

 

រដ្ឋាភិបាលៈតំបន់បឹងតាមោគស្ថិតក្នុងផែនការពង្រីកទីក្រុងប្រកបដោយគុណភាពខ្ពស់

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ តំបន់បឹងតាមោគ នៃភាគខាងផើងរាជធានីភ្នំពេញ គឺជាសេចក្តីប្រាថ្នានៃការរៀបចំនគរូបនីយកម្ម ដែលបឹងនេះបង្ហាញនូវឱកាសតែមួយគត់ សម្រាប់បង្កើតនូវទីតាំងនគរូបនីយកម្មថ្មីមួយ ដើម្បីពង្រីកក្រុងប្រកបដោយគុណភាពខ្ពស់។ នេះបើតាមអនុក្រិតស្តីពីការដាក់ឲ្យប្រើប្រាស់ដីរាជធានីភ្នំពេញ។

យោងតាមអនុក្រិតលេខ១៨១ អនក្របក ចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថា បឹងនេះបង្ហាញឱកាសតែមួយគត់ សម្រាប់បង្កើតនូវទីតាំងនគរូបនីយកម្មថ្មីមួយ ដើម្បីពង្រីកក្រុងប្រកបដោយគុណភាពខ្ពស់ ដែលរាជធានីត្រូវតែមាន ដើម្បីទទួលនូវស្តង់ដាលំនៅដ្ឋាន និងតំបន់កណ្តាលក្រុងថ្មីៗ។

អនុក្រិតដដែលបានបន្តថា ការថែរក្សាទុកនូវបឹងទាំងនេះ គឺមានសារៈសំខាន់សំរាប់ការបង្ហូរទឹក ពីទីតាំងនគរូបនីយកម្ម ដែលបានគ្រោងទុក នៅខាងជើងបឹងទំនប់កប់ស្រូវ(បឹងតាមោគ) និងបឹងទន្លេសាប។ ការធ្វើឲ្យថមថយនូវសមត្ថភាពជ្រាបទឹក នូវផ្ទៃដី ទាំងឡាយបន្តិចម្តងៗ នឹងនាំមកនូវផលលំបាកកាន់តែខ្លាំង ក្នុងការគ្រប់គ្រងទឹកជំនន់ពេលភ្លៀងធំៗ។

ការការពារនិងលើកដំកើងបឹងនានា ដែលតភ្ជាប់ទៅនឹងប្រឡាយធំនានាក្នុងខ័ណ្ឌឬស្សីកែវ និងខ័ណ្ឌសែនសុខ នឹងក្លាយជាជន្ទល់ដ៏មានសារៈសំខាន់ សម្រាប់ទាក់ទាញ​ការអភិវឌ្ឍប្រកបដោយគុណភាព ដោយរាប់បញ្ចូលផងដែរនូវគំរោង ដែលអាចមាននៅជុំវិញមាត់បឹង។

អនុក្រិតដដែលបានបន្តថា ការអភិវឌ្ឍទាំងឡាយនេះ តម្រូវឲ្យមានការបង្កើតឡើងនូវអាងទទួលទឹក ដែលប្រើប្រាស់រួចហើយ ដែលនឹងត្រូវបង្ហូរទឹកកខ្វក់ទាំងនេះ ចេញពីតំបន់ជាយក្រុងខាងជើងទៅអាងចម្រោះ ទឹកកខ្វក់បឹងជើងឯក នៃតំបន់ជាយក្រុងភាគខាងត្បូង ដើម្បីជៀសវាងការបំពុលបរិស្ថានទន្លេសាប ដែលជាទីតាំងបរិស្ថាននិងសង្គមកិច្ច ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា៕

 

ធនាគារហត្ថាវិនិយោគទឹកប្រាក់៥លានដុល្លារលើបច្ចេកវិទ្យាទូទាត់សាច់ប្រាក់

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ជាមួយនឹងដំណើរវិវត្តន៍រីកចម្រើនលើបច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារហត្ថាបានវិនិយោគទឹកប្រាក់៥លានដុល្លារ លើបច្ចេកវិទ្យានេះដើម្បីសម្រួលដល់ការទូទាត់សាច់ប្រាក់របស់អតិថិជន។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ កក្កដានេះថា បច្ចេកវិទ្យាបាននិងកំពុងដើរតួនាទីកាន់តែមានសារៈសំខាន់ឡើង ក្នុងវិស័យហិរញ្ញវត្ថុ ហេតុនេះទើបយើងបង្កើនការវិនិយោគលើផ្នែកនេះ ដើម្បីសម្រួលដល់ការប្រើប្រាស់សេវាកម្មនានារបស់ធនាគារ ក៏ដូចជាជួយសម្រូលការប្រើប្រាស់សំរាប់អតិថិជន។

លោកបន្តថា “យើងបាននិងកំពុងពង្រីក និងសម្រួលប្រព័ន្ឋទូទាត់របស់យើងតាមរយៈSmart Brand ជាអ្វីនៃការទូទាត់តាមប្រព័ន្ឋឌីជីថល ដែលកាន់តែមានភាពពេញនិយ មក្នុងសម័យកាលបច្ចុប្បន្ន”។ លោកបន្តថា “ជាមួយនឹងការសាងសង់អាគារការិយាល័យកណ្តាលកំពស់២២ជាន់ លើផ្លូវ៦០ម៉ែត្រ បាននិងកំពុងឆ្លុះបញ្ចាំងពីស្ថាប័នរបស់យើងមានសុខភាពកាន់តែល្អ”។

លោកឧកញ៉ាបានបន្តថា ជាមួយនឹងការពង្រីកនូវការទូទាត់តាមប្រព័ន្ឋឌីជីថល ការរពង្រីកការដាក់ម៉ាស៊ីនATM របស់យើងក៏បានធ្វើព្រមជាមួយគ្នាផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើង អាចប្រើប្រាស់សេវាកម្មបានកាន់តែលឿន មានប្រសិទ្ឋភាព និងអាចទុកចិត្តបាន។

លោកបន្តថា “គោលដៅរបស់យើងចង់ឲ្យអតិថិជន ប្រើប្រាស់ឥណទានរបស់យើងបានកាន់តែច្រើន មានប្រសិទ្ឋភាព និងប្រើប្រាស់សេវាកម្មរបស់យើងកាន់តែលឿន និងទទួលបានជោគជ័យ”។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការទូទាត់សាច់ប្រាក់តាមប្រព័ន្ឋឌីឌីថលនៅកម្ពុជា បានកើនឡើង៣០ភាគរយ ក្នុងត្រីមាសទី១ឆ្នាំនេះ។ ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តប្រជាពលរដ្ឋឲ្យទូទាត់សាច់ប្រាក់តាមប្រព័ន្ឋឌីជីថល ក្នុងអំឡុងវិបត្តិកូវីដ១៩ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺនេះ៕

មហាយក្សចិនចាប់ផ្ដើមសាងសង់រ៉េអាក់ទ័រជាលើកដំបូងដែលអាចផលិតថាមពល បានដល់១២៥មេហ្គាវ៉ាត់

ដោយៈ សុខុម

សៀងហៃ: រដ្ឋាភិបាលចិន បានចាប់ផ្តើមសាងសង់គម្រោងនុយក្លេអ៊ែរ លើគោកដំបូងបង្អស់របស់ខ្លួន ដោយប្រើប្រាស់ការឌីហ្សាញរ៉េអាក់ទ័រម៉ូទ័រខ្នាតតូច Small Modular Reactors (SMRs) ក្នុងស្រុកដែលមានឈ្មោះថា “Linglong One”។ នេះបើយោងតាមក្រុមហ៊ុន China National Nuclear Corporation (CNNC) ដែលគ្រប់គ្រងដោយរដ្ឋបានទម្លាយឱ្យដឹងនៅថ្ងៃអង្គា ទី១៣ ខែកក្កដា នេះ។

តាមពិតទៅ ក្រុមហ៊ុន CNNC គ្រោងចាប់ផ្ដើមសាងសង់ គម្រោងនៅឯរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរ Changjiang នៅលើកោះហៃណាន (Hainan) តាំងពីក្នុងឆ្នាំ២០១៧ ម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេលដោយសាររង់ចាំការសម្រេចរបស់ក្រុមនិយ័តករ។

គម្រោងនុយក្លេអ៊ែរ Linglong One ឬ ACP100 នេះគឺជារ៉េអាក់ទ័រខ្នាតតូច SMRs ដំបូងបង្អស់របស់ចិន ដែលត្រូវបានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (International Atomic Energy Agency) ហៅកាត់ IAEA អនុម័តក្នុងឆ្នាំ២០១៦។ រ៉េអាក់ទ័រនុយក្លេអ៊ែរនីមួយៗ មានសមត្ថភាពអាចផលិតថាមពលអគ្គិសនី បានក្នុងកម្លាំង១២៥មេហ្គាវ៉ាត់។

គំរូរ៉េអាក់ទ័រនេះត្រូវបានឌីហ្សាញឡើង ដើម្បីបំពេញបន្ថែមពីលើរ៉េអាក់ទ័រធំដែលមានកម្លាំង១.‌១៧០មេហ្គាវ៉ាត់របស់ក្រុមហ៊ុន CNNC ដែលប្រទេសចិន គ្រោងនឹងដាក់ឱ្យដំណើរការយ៉ាងឆាប់រហ័សនៅក្នុងស្រុក ហើយនឹងធ្វើការផ្សព្វផ្សាយនៅបរទេស។

ការសាងសង់រ៉េអាក់ទ័រខ្នាតតូច SMRs មានតម្លៃថោកជាង និងលឿនជាងការសាងសង់រ៉េអាក់ទ័រធម្មតា ហើយអាចដាក់ពង្រាយនៅតាមតំបន់ជនបទដាច់ស្រយាល នៅលើនាវា និងលើយន្តហោះផងដែរ។ នោះមានន័យថា រ៉េអាក់ទ័រទាំងនោះអាចដឹកជញ្ជូនតាមកុងតឺន័រចេញពីរោងចក្រ ហើយដំឡើងយ៉ាងងាយស្រួល និងឆាប់រហ័សនៅតាមគោលដៅដែលត្រូវបានកំណត់ណាមួយ។

ប្រទេសចិន បាននិងកំពុងសម្លឹងរកឱកាស លើការប្រើប្រាស់រ៉េអាក់ទ័រខ្នាតតូច SMRs ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីនៅភាគខាងជើងនៃប្រទេស និងបើកដំណើរការរោងចក្រចម្រាញ់ទឹកសមុទ្រ តាមបណ្ដោយឆ្នេរឱ្យទៅជាទឹកសាបសម្រាប់ប្រើប្រាស់។ ប្រទេសចិន ក៏មានគម្រោងប្រើប្រាស់វា សម្រាប់ជួយគាំទ្រដល់សកម្មភាពសាងសង់នានានៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ៕

ក្រុមហ៊ុនវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុឈានដល់ដំណាក់កាលបង្កើតរោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់ដោយខ្លួនឯង

ដោយៈ ប៊ី

ភ្នំពេញៈ  ទិន្នន័យផ្លូវការពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ជាក់កាលដើមសប្តាហ៍នេះថា ក្រុមហ៊ុនបានអភិវឌ្ឍន៍បានសាងសង់ រោងចក្រកែច្នៃកៅស៊ូ ក្រាលថ្នល់(asphalt) ដែលមានលក្ខណៈស្របតាមស្តង់ដាររោងចក្រ ហើយនឹងផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់កែច្នៃប្រភេទSBS សរុបប្រហែល៥ម៉ឺន៣ពាន់តោន សម្រាប់គម្រោងទាំងមូល។

គម្រោងប្រើប្រាស់សម្ភារៈថ្មីៗយ៉ាងសកម្ម និងនាំចូលនូវបច្ចេកវិទ្យាថ្មីៗដល់ប្រទេ​សកម្ពុជា ដើម្បីលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងគម្រោងចំណាយថវិកាប្រមាណ២០១៩លានដុល្លារអាមេរិក ក្នុងនោះក្រុមហ៊ុនទទួល បានសម្បទានវិនិយោគប្រមាណ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការសាងសង់ផ្លូវ ល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ សម្រេចបានជាង៥៥ភាគរយហើយ បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។ តាមសន្ទុះនៃការសាងសង់រំពឹងថា នឹងបញ្ចប់រួចរាល់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣ ពោលគឺ មុនផែនការគ្រោងទុក។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ និង មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ។ ផ្លូវនេះ មានគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្ត គ្រប់ប្រភេទអាចបើកបរក្នុងល្បឿន រហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

គម្រោងអភិវឌ្ឍន៍នេះ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែ​ងចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំនិងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា គម្រោងផ្លូវល្បឿនលឿនទី១នេះ ជាផ្លូវរបៀងយុទ្ធសាស្ត្រដ៏សំខាន់បំផុតនៅកម្ពុជា ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន៥ម៉ោងមកត្រឹមតែ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

សម្តេចតេជោអបអរលោកណុប មាននៅខេត្តឧត្តរមានជ័យដែលជាបុគ្គលទទួលបានការចាក់វ៉ាក់សាំងទី៥លាន

ដោយៈ ប៊ី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះលោកណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន នៅថ្ងៃនេះ។

សម្តេចតេជោបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា សូមអបអរសាទរចំពោះបងប្រុសឈ្មោះណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១នេះ។

សម្តេចតេជោ បានថ្លែងថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។

សម្តេចតេជោ បានថ្លែងបន្តថា សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។ សូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

រដ្ឋាភិបាលតម្រូវឱ្យការអភិវឌ្ឍអាគារខ្ពស់ៗរក្សានូវគុណភាពទេសភាពនៅតំបន់កណ្តាលក្រុង

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ចេញលក្ខខណ្ឌចំាបាច់ សម្រាប់ទទួលយកនូវការសាងសង់អាគារខ្ពស់ៗនៅកណ្តាលក្រុងភ្នំពេញ ដោយទាមទារឱ្យការសាងសង់ ឬការអភិវឌ្ឍទាំងនោះ ឆ្លើយតបនឹងទេសភាពនគរូបនីយកម្មក្រុង។

យោងតាមតប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ២០៣៥ ដែលបានចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ការសាងសង់អាគារខ្ពស់ៗនៅរាជធានីភ្នំពេញ គឺជាប្រធានបទដ៏រសើបមួយ តាមពិតទៅទីក្រុង មានកម្ពស់កើនឡើងតាំងពីច្រើនឆ្នាំមកហើយ យោងទៅតាមការវិវត្តនៃដង់ស៊ីតេ។

កំណើនសេដ្ឋកិច្ចរបស់រាជធានីភ្នំពេញ ដែលក្នុងនោះមានអ្នកធ្វើវិនិយោគទុនបានចូលរួមផងដែរ នឹងត្រូវបង្ខំឱ្យមានទោះយូរ ឬឆាប់នូវការសាងសង់អាគារខ្ពស់ៗនានា។

បញ្ហាមិនមែនបដិសេធ ការសាងសង់អគារខ្ពស់ៗនោះទេ ក៏ប៉ុន្តែគឺធ្វើយ៉ាងណារៀបចំទីតាំងរបស់វាឱ្យឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់អ្នកធ្វើវិនិយោគទុន តែជំរុញនូវគុណសម្បត្តិនៃទេសភាពនគរូបនីយកម្មក្រុង មិនត្រូវឱ្យការសាងសង់អាគារខ្ពស់ៗ ដែលធ្វើឱ្យធ្លាក់តម្លៃទីកណ្តាលក្រុង ធ្វើឱ្យថយចុះនូវតម្លៃ របស់ទេសភាពទីក្រុង ឬស្ថានភាពនៃការធ្វើចរាចរណ៍នានានោះទេ។

តំបន់កណ្ដាលកង់ជាតំបន់ ប្រវត្តិសាស្ត្រតាំងពីមុនមកមិនបានរៀបចំនូវរចនាសម្ព័ន្ធ សម្រាប់ទទួលអគារខ្ពស់ៗ ដោយបានរៀបចំឱ្យមានផ្លូវចង្អៀត ទំហំដីឡូត៍តូចៗ ការលំបាកទាំងឡាយដែលជួបប្រទះរបស់ទីក្រុង នានានៅក្នុងតំបន់ក្នុងការគ្រប់គ្រងការធ្វើចរាចរណ៍ជាអាទិ៍ ដោយសារតែការសាងសង់នៃអគារខ្ពស់ៗនៅក្នុងតំបន់កណ្តាលក្រុងជាប្រវត្តិសាស្ត្រ ដែលគួរជំរុញឱ្យមានការបង្វែរ ឬ ស្នើឡើងនូវទីតាំងផ្សេងទៀត ដែលសមរម្យជាងនេះ។

ការបង្កើនសេដ្ឋកិច្ចរាជធានីភ្នំពេញទាំងលើផែនការទេសចរណ៍ និងការបោះទីតាំងរបស់ក្រុមហ៊ុនសហគ្រាសនានាចាំបាច់ត្រូវតែរក្សានូវគុណភាពទេសភាព នៃតំបន់កណ្តាលក្រុងជាប្រវត្តិសាស្ត្រជាអាទិ៍ នៅជុំវិញផ្សារធំថ្មី ជុំវិញវត្តភ្នំ និងព្រះបរមរាជវាំង។

ដូចគ្នានេះដែរនៅក្នុងករណីដែលអគារខ្ពស់ៗនានាមិនធ្វើឱ្យអន្តរាយដល់ទេសភាពទី ក្រុងការសាងសង់អគារខ្ពស់ៗនានា នឹងអាចត្រូវបានគ្រោងធ្វើឡើងនៅក្នុងផ្នែកមួយចំនួននៃទី ប្រជុំជនក្រុងហើយថែមទាំងអាចជាសេវាសម្រាប់សមាសភាព នគរូបនីយកម្ម ការកំណត់ផ្លូវចូល ទីក្រុងនៅខាងជើងទួលគោក ឬនៅខាងប៉ែកនិរតី (បឹងក្រពើ) ការរក្សាទុកនូវស្ថាបត្យកម្មដាច់ៗគ្នា ដែលអាចឱ្យមានផ្លូវចូលសាធារណៈទៅកាន់ច្រាំងទន្លេ (ច្បារអំពៅ) ឬបឹង (បឹងពោងពាយ បឹងកក់…)៕

មិត្តជប៉ុនផ្តល់វ៉ាក់សាំងAstrazenecaចំនួន១លានដូសដល់កម្ពុជាជាលើកដំបូង

ដោយៈម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិត ក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។

ឯកអគ្គរដ្ឋទូតជប៉ុន លោកមិកាមិ មីសាហ៊ីរ៉ួបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាជំនួយនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុ​ទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា”។

លោកបន្តថា ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។  មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជា ការផ្ដល់បរិក្ខារសម្រា​ប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។

លោកឯកអគ្គរដ្ឋទូតបានបន្តថា យើងក៏បានផ្ដល់ជាកម្ចីប្រមាណ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩  និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

លោកបន្តថា “ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះ សម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលត្រូវខិតខំប្រឈ​មនឹងស្ថានភាពដ៏លំបាកនេះ”។

ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង។

លោកមិកាមិ មីសាហ៊ីរ៉ូបានបន្តថា “ខ្ញុំសង្ឃឹមថាស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ”។លោកបន្ថែមថា “ខ្ញុំសូមបួងសួងឲ្យប្រជាជនកម្ពុជាទាំងអស់មានសុខភាពល្អ និងមានសុវត្ថិភាព”៕

 

 

ការនាំចេញទំនិញពីសេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទំហំទឹកប្រាក់ជិត១០០០លានដុល្លារ

ដោយៈ ម៉ាណេត

ភ្នំពេញៈ បរិមាណនៃការនាំចូល និងនាំចេញ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) សម្រេចបានទំហំទឹកប្រាក់សរុបជិត១០០០លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ នេះយោងតាមស្ថិតិចុងក្រោយរបស់SSEZ។

យោងតាមស្ថិតិចុងក្រោយគិតចាប់ពី ខែមករា ដល់ខែមិថុនាឆ្នាំនេះ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានបរិមាណនាំចូល និងនាំចេញសរុបចំនួន៩៩៤លានដុល្លារអាមេរិក ពោលគឺកើនឡើង៤៩,៩២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។ យើងនឹងបន្តរក្សាកំនើននេះឱ្យស្ថិតស្ថេរ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ស្ថិតក្រោមលក្ខខណ្ឌនៃជំងឺវីរុសកូវីដ១៩ ពាណិជ្ជកម្មចិន-កម្ពុជាក្នុងឆ្នាំ២០២០បន្តកើនឡើង ទោះបី​ជាជួបនឹងឧបសគ្គជំងឺវីរុសក៏ដោយ ដែលមានចំនួនទឹកប្រាក់សរុបជាង៩.៥៦ពាន់លានដុល្លារ។

លោកបានថ្លែងថា “គម្រោងសំខាន់ៗនៃខ្សែក្រវាត់ និងផ្លូវ ត្រូវបានជំរុញយ៉ាងរលូនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេ​ញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម”។

កាលពីខែតុលា ឆ្នាំ២០២០ចិន-កម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីជាប្រវត្តិសាស្ត្រ ហើយផលិតផល ដែលមានគុណភាពខ្ពស់របស់កម្ពុជាត្រូវបានអនុញ្ញាតនាំចេញទៅទីផ្សារ ចិន និងមានវត្តមានលើតុអាហាររបស់ប្រជាជនចិន ដូចជាផ្លែចេក ស្វាយ និងជលផលជាដើម ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានរំពឹងទុកថានឹងចូលជាធរមាននៅដើមឆ្នាំក្រោយ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំគណៈប្រតិភូអន្តរក្រសួងចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែង” ជាមួយលោកស្រីនិន សាផុនប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាកាលពីថ្ងៃទី៨ ខែកក្កដា បានលើកឡើងថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺពិតជានឹងចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ស្របតាមចំណុចទី៤ស្តីពី ការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

លោកបានថ្លែងថា “នៅក្នុងកាលៈទេសៈនៃវិបត្តិជំងឺឆ្លងកូវីដ១៩ ច្បាប់ទាំង២ នេះនឹងជួយដល់យុទ្ធសាស្ត្រស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ព្រមទាំងជួយឱ្យមានភាពស៊ាំនៃសង្គមសេដ្ឋកិច្ច ក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅកាន់ទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋយើង”៕

ប្រាក់ចំណូលរបស់កំពង់ស្វយ័តក្រុងភ្នំពេញនៅតែរក្សាបានកំនើនប្រសើរក្នុងត្រីមាសទី២នៃឆ្នាំនេះ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ទោះបីជាមានការយារយីពីវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែ ប្រតិបត្តិការសំខាន់ៗនៅក្នុងប្រទេសកម្ពុជា នៅតែមានដំណើរការល្អប្រសើរ ជាក់ស្ដែងនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២១នេះ ចំណូលពីប្រតិបត្តិការនានា នៃកំពង់ផែស្វយ័តក្រុងភ្នំពេញនៅតែមានកំណើន។

យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងភ្នំពេញឱ្យដឹងថា នៅក្នុងត្រីមា​សទី២ នៃឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាន៧,១លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី២ដូចគ្នា កាលពីឆ្នាំមុនមានកំណើនប្រមាណ១១ភាគរយ ខណៈត្រីមាសទី២កាលពីឆ្នាំមុន ចំណូលកំពង់ផែនេះរកបាន៦,៤លានដុល្លារអាមេរិក ។

របាយការណ៍ដដែល បានបង្ហាញទៀតថា ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ចំណូ​លពីប្រតិបត្តិការផែជាង៥៧ម៉ឺនដុល្លារអាមេរិក កើនឡើង១១ភាគរយ ចំណូលពីអាជ្ញាធរផែមានជាង៧៧ម៉ឺនដុល្លារអាមេរិក កើនឡើង៦ភាគរយ ចំណូលពីសេវាកម្មផ្សេងៗ ជាង ១៣ម៉ឺនដុល្លារអាមេរិក កើនឡើង៧១៩ភាគរយ និងចំណូលផ្សេងៗជាង៥៥ម៉ឺនដុល្លារអាមេរិកធ្លាក់ចុះ៩ភាគរយ ។

របាយការណ៍របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ បានបង្ហាញពីចំណូលប្រចាំខែមិថុនា ឆ្នាំ២០២១ដែរ ដោយចំណូលពីប្រតិបត្តិការផែ មានទំហំជាង២,២លានដុល្លារអាមេរិក កើនឡើង៤ភាគរយ។ ចំណូលពីអាជ្ញាធរផែជាង ២៩ម៉ឺនដុល្លារអាមេរិក កើនឡើង២ភាគរយ ចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារអាមេរិក កើនឡើង៥៦០ភាគរយ និងចំណូលផ្សេងៗ ជាង២៣ម៉ឺនដុល្លារអាមេរិកធ្លាក់ចុះ៦ភាគរយ ។

កំពង់ផែស្វយ័តក្រុងភ្នំពេញជាក្រុមហ៊ុនរបស់រដ្ឋមួយ ដែលបានចូលក្នុងផ្សារហ៊ុនកម្ពុជាផងដែរ ហើយប្រតិបត្តិការទិញលក់ភាគហ៊ុន របសកំពង់ផែមួយនេះនៅតែមានសកម្មភាពបន្តបន្ទាប់ផងដែរ ។

នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១ កំពង់ស្វយ័តក្រុងភ្នំពេញរកចំណូល១៥,៣លានដុល្លារអាមេរិក ( ពុំទាន់ធ្វើសវនកម្ម ) ដែលមានកំណើនប្រមាណ៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដូច្នេះនៅក្នុងឆមាសទី១នៃឆ្នាំ២០២១នេះ ចំណូលរបស់កំពង់ផែមួយនេះ មិនទាន់ធ្វើសវនកម្មមានចំនួន ២២,៤លានដុល្លារអាមេរិក៕