ដំណឹងល្អៈវ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពលើកុមារហូតដល់៩៦ភាគរយ

ដោយគង់ ម៉ាលីន

អន្តរជាតិៈ ការស្រាវជ្រាវថ្មីមួយកាលពីថ្ងៃអង្គារបានបង្ហាញថា វ៉ាក់សាំងការពារកូវីដ CoronaVac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac ចំនួន២ដូស ជួយបង្កើតនូវការឆ្លើយតបអង់ទីគ័រខ្លាំង ចំពោះកុមារដែលមានអាយុលើសពី៣ឆ្នាំ និងក្មេងជំទង់។

ការអះអាងនេះធ្វើឡើង ក្រោយទស្សនាវដ្ដីវេជ្ជសាស្ត្រ Lancet បានរាយការណ៍អំពីដំណើរការសាកល្បងដំណាក់កាលទី ១ និងដំណាក់កាលទី ២ នៃវ៉ាក់សាំង CoronaVac នៅខេត្ត Hebei ភាគឦសានប្រទេសចិនចំពោះកុមារ និងក្មេងជំទង់ដែលមានអាយុពី៣ ទៅ ១៧ ឆ្នាំ ។

យោងតាមការសិក្សានោះបានឲ្យដឹងថា “ចន្លោះថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២០ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ មនុស្សចំនួន១១០នាក់ ត្រូវបានពិនិត្យ និង៧២នាក់ត្រូវបានចុះឈ្មោះក្នុងដំណាក់កាលទី១។ ចន្លោះពីថ្ងៃទី១២ ខែធ្នូ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ មានមនុស្សចំនួន៥១៥នាក់ ត្រូវបានពិនិត្យ និង៤៨០នាក់ បានចុះឈ្មោះនៅក្នុងដំណាក់កាលទី ២” ។

ការសិក្សានោះបានបញ្ជាក់ថា “វ៉ាក់សាំង CoronaVac គឺមានភាពស៊ាំចំពោះកុមារ និងមនុស្សវ័យជំទង់ដែលមានអាយុពី៣ ទៅ១៧ឆ្នាំ ហើយអត្រាឆ្លើយតបរបស់អង់ទីគ័រទៅនឹងជំងឺកូវីដ១៩ ចំពោះកុមារ និងក្មេងជំទង់ មានប្រសិទ្ធភាពរហូតដល់៩៦ភាគរយ បន្ទាប់ពីចាក់ពេញ២ដូស” ៕

វិស័យឯកជនស្នើដល់រដ្ឋាភិបាលអនុញ្ញាតឱ្យដាក់ដំណើរការកញ្ចប់ទេសចរណ៍ វ៉ាក់សាំងនៅត្រីមាសទី៤ឆ្នាំនេះ

ដោយៈ ប៊ី
ភ្នំពេញៈ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានជំរុញ និងស្នើដល់រដ្ឋាភិបាល អនុញ្ញាតឱ្យមានការដំណើរការកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួច នៅត្រីមាសទី៤ ឆ្នាំ២០២១ (Q4 Vaccinated Tourism Progam)។

យោងតាមលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ នៃក្រសួងទេសចរណ៍របស់ស មាគមPATA នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថា  កម្មវិធីចាក់វ៉ាក់សាំងសម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចទាំងអស់ នឹងផ្តល់ទំនុកចិត្តដល់បុគ្គលិករបស់យើង ដែលយើងយកចិត្តទុកដាក់ចំពោះពួកគេ និងសាធារណជន ដែលយើងមានសុវត្ថិភាព ហើយយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ទេសចរណ៍ត្រឡប់មកវិញទាំងក្នុង និងក្រៅប្រទេស។

លិខិតនេះបានឱ្យដឹងថា ការលើកទឹកចិត្តបន្ថែមទៀត តាមរយៈការប្រជុំ និងផ្នែកពិគ្រោះយោបល់ផ្នែកឯកជន និងសាធារណៈផ្សេងៗគ្នា ដែលរៀបចំឡើងដោយក្រសួង និងដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី បានជួយយើងទាំងអស់គ្នាឱ្យយល់ និងមានក្របខណ្ឌច្បាស់លាស់ និងផែនការសកម្មភាពលើអ្វីដែលត្រូវធ្វើ ហើយយើងរំពឹងថានឹងឆ្ពោះទៅមុខ ក៏ត្រូវបានចងក្រងជាឯកសារផងដែរ។

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ជំរុញ និងស្វែងរកការគាំទ្រពីរដ្ឋមន្ត្រីក្រសួង

ទេសចរណ៍ ដើម្បីជំរុញទៅមុខជាមួយអន្តរក្រសួង ដើម្បីអនុញ្ញាតិឱ្យវិស័យឯកជន និងក្រសួងទេសចរណ៍ អនុវត្តកម្មវិធីទេសចរណ៍វ៉ាក់សាំងនៅត្រីមាសទី៤ ឆ្នាំ២០២១ សម្រា​ប់ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់ខេត្តសៀមរាប និងកម្មវិធីទេសចរណ៍សម្រាប់ទីក្រុងសំខាន់ៗដទៃទៀត នៅទូទាំងប្រទេស។

លិខិតខាងលើបានឱ្យដឹងថា នេះនឹងជួយយើងយ៉ាងខ្លាំង នៅក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីទទួលបានទំនុកចិត្តក្នុងការធ្វើដំណើរការងារ និងអាជីវកម្ម។ វានឹងជួយយើងរកផ្លូវរបស់យើងបន្តិចម្តងៗ ជុំវិញការសម្របខ្លួនតាម “គន្លងថ្មី” និងមាននិរន្តរភាពក្នុងជីវភាពរស់នៅរបស់យើង។ ជាថ្មីម្តងទៀត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់យើងទាំងអស់គ្នាក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានថ្លែងថា ក្រសួងទេសចរណ៍បានធ្វើការយ៉ាងមមាញឹក និងមានការតាំងចិត្តខ្ពស់ ក្នុងការជំរុញនូវការឱ្យដំណើរកញ្ចប់ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួច ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភ គឺក្រសួងសុខាភិបាល ហាក់ដូចជាមិនមានយោគចំពោះបញ្ហានេះ។

លោកបានថ្លែងដូច្នេះថា “យើងសូមស្នើសុំឱ្យមានការជួលផ្សព្វផ្សាយ ដើម្បីជំរុញ ឱ្យក្រសួងសុខាភិបាល បានយល់ពីអ្វីដែលពួកយើងត្រូវការ ហើយពិសេស យើងចង់បានសារនេះឱ្យបានទៅដល់សម្តេច និងបានដឹងពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងទេសច​រណ៍ និងអ្នកនៅក្នុងវិស័យទេសចរណ៍ទាំងអស់”៕

រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យក្រុមហ៊ុន៣ធ្វើការប្រមូលសំរាមនិងសំណល់រឹង ចាប់ពីថ្ងៃទី១កក្កដា២០២១

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ដើម្បីបង្កើនការគ្រប់គ្រងសំរាម និងសំណល់រឹងនៅក្នុងដែនរាជធានីភ្នំពេ​ញ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសពីប្រតិបត្តិករ៣ ចាប់ផ្ដើមធ្វើការប្រមូលសំរាមនិងសំណល់រឹងចាប់ពីថ្ងៃទី១កក្កដា ២០២១នេះតទៅនៅតំបន់ចំនួន៣ នៃខណ្ឌទាំង១៤នៃក្រុងភ្នំពេញ ។ នេះបើតាមសេចក្ដីជូនដំនឹងរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៣០ មិថុនា ២០២១នេះ។

នៅក្នុងសេចក្ដីជូនដំនឹងដដែលនេះឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិប្រមូលសំរាម និងគ្រប់គ្រងសំណល់រឹងនៅភ្នំពេញ ចាប់ពីថ្ងៃទី១កក្កដា ២០២១នេះតទៅរួមមាន ទី១- ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន៥ខណ្ឌគឺ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារនិង ខណ្ឌព្រែកព្នៅ ។

ទី ២. ក្រុមហ៊ុន Mizuda Group Co, Ltd នឹងត្រូវផ្តល់សេវាក្នុងតំបន់ទី២ ដែលមាន៥ខណ្ឌគឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។

ទី ៣ ក្រុមហ៊ុន CINTRI (Cambodia/Everbright (China) នឹងត្រូវផ្តល់សេវាក្នុងតំបន់ទី៣ដែលមាន៤ខណ្ឌគឺ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យនិងខណ្ឌច្បារអំពៅ ។

ក្នុងដំណាក់កាល អន្តរកាលនៃការផ្ទេរការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងពីប្រតិបត្តិ ករចាស់ទៅប្រតិបត្តិករថ្មី គឺអាចនឹងមានភាពរអាក់រអួលខ្លះៗ នៃការផ្តល់សេវា ជាពិសេសនៅតំបន់ដែល ទទួលខុសត្រូវដោយប្រតិបត្តិករថ្មី ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅ រាជធានីភ្នំពេ​ញ មេត្តាវេចខ្ចប់ទុកដាក់និងបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួន តាមការកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យ និងបរិស្ថាននៅរាជធានីភ្នំពេញ ឱ្យបានស្អាតល្អជានិច្ច និងមេត្តាយោគយល់ ចំពោះភាពរអាក់រអួលនៃការចាប់ផ្តើមដំបូងនេះ៕

គម្រោងស្ថាបត្យកម្មមិនទាន់សាងសង់ល្អដាច់គេទាំង១៦ជុំវិញពិភពលោក ដែលឈ្នះការប្រកួត

ដោយៈសុខុម
អន្តរជាតិៈ នៅសប្ដាហ៍នេះ គេហទំព័រដ៏ល្បីល្បាញ ArchDaily បាននាំមកនូវចំណីអារម្មណ៍ប្លែក ផ្នែកស្ថាបត្យកម្មបែបថ្ងៃអនាគត នោះគឺគម្រោងស្ថាបត្យកម្មមិនទាន់សាងសង់ល្អដាច់គេ (Best Unbuilt Architecture) ចំនួន១៦ដែលឈ្នះការប្រកួត។

រាប់ចាប់ពីសារៈមន្ទីរ រហូតដល់ស្តូបរំឭកវិញ្ញាណក្ខន្ធ គម្រោងដ៏អស្ចារ្យទាំងនេះត្រូវបានដាក់ចូលរួមប្រកួតប្រជែង ពីប្រទេសជាច្រើនទូទាំងពិភពលោក រួមមាន ប្រទេសអ៊ុយក្រែន ប្រទេសរ៉ូម៉ានី ប្រទេសអេស្ប៉ាញ ប្រទេសចិន ប្រទេសថៃ ប្រទេសឥណ្ឌា ប្រទេសអ៊ីស្រាអែល ប្រទេសអ៊ីរ៉ង់ កូសូវ៉ូ និងប្រទេសហុងគ្រី។

តោះ! ដើម្បីជ្រាបកាន់តែច្បាស់ថា តើគម្រោងស្ថាបត្យកម្មបែបថ្ងៃអនាគតទាំងនោះស្រស់ស្អាតកម្រិតណា និងឌីហ្សាញប្លង់ដោយក្រុមហ៊ុនណា សូមមកស្វែងយល់ត្រួសៗទាំងអស់គ្នាដូចខាងក្រោម៖

*ទី១ គម្រោងកន្លែងហាត់ប្រាណ Bursa Sports Hall
ឌីហ្សាញដោយក្រុមហ៊ុន Tamirci Architects
ជាប់ចំណាត់ថ្នាក់លេខ៣

*ទី២ គម្រោងអគារការិយាល័យ Ivy Office
ឌីហ្សាញដោយក្រុមហ៊ុន NG Architects
ជាប់ចំណាត់ថ្នាក់លេខ១

*ទី៣ គម្រោងសារៈមន្ទីរ The New Academy and Museum of the Hebrew Language។
ឌីហ្សាញដោយក្រុមហ៊ុន Mayslits Kassif Roytman Architects
ជាប់ចំណាត់ថ្នាក់លេខ១

*ទី៤ គម្រោងអគារលំនៅដ្ឋាន Ghost to Host
ឌីហ្សាញដោយក្រុមហ៊ុន Pongpol Puangniyom x Mah Yi Jun
ជាប់ចំណាត់ថ្នាក់លេខ១

*ទី៥ គម្រោងសាលារៀន The Attendance – ការរៀបចំឡើងវិញនូវសាលារដ្ឋនានាក្នុងប្រទេសឥណ្ឌា។
ឌីហ្សាញដោយក្រុមហ៊ុន Ashish Dalal and Pratibha Christy
ជាប់ចំណាត់ថ្នាក់លេខ១

*ទី៦ គម្រោងមជ្ឈមណ្ឌលសង្គម និងវប្បធម៌ FAAHO206
ឌីហ្សាញដោយក្រុមហ៊ុន Tuungoo Arquitectos
ជាប់ចំណាត់ថ្នាក់លេខ១

*ទី៧  គម្រោងសណ្ឋាគារ Lviv Grand Hotel
ឌីហ្សាញដោយក្រុមហ៊ុន Symmetry
ជាប់ចំណាត់ថ្នាក់លេខ៣

*ទី៨ គម្រោង រោងចក្រអគ្គិសនីបែបអេកូឡូស៊ី Ecological Power Plant
ឌីហ្សាញដោយក្រុមហ៊ុន Leers Weinzapfel Associates
ជាប់ចំណាត់ថ្នាក់លេខ២

*ទី៩ គម្រោងឧទ្យានធម្មជាតិ East Park
ឌីហ្សាញដោយក្រុមហ៊ុន Metapolis, Studio Ana Horhat, Atelier Mass
ជាប់ចំណាត់ថ្នាក់លេខ១

*ទី១០ គម្រោងផ្សារទំនើបនៅតាមមាត់ដៃទន្ល Budapest Student City- Big Market Hall។
ឌីហ្សាញដោយក្រុមហ៊ុន BIVAK studio Ltd.
ជាប់ចំណាត់ថ្នាក់លេខ១

*ទី១១ គម្រោងសួនកម្សាន្ត Natural Futurism of Chongqing Amusement Park
ឌីហ្សាញដោយក្រុមហ៊ុន MLA+
ជាប់ចំណាត់ថ្នាក់លេខ១

*ទី១២ គម្រោងសាលមោស្រព និងមជ្ឈមណ្ឌលសិល្ប់ Theatre and Art Centre។
ឌីហ្សាញដោយក្រុមហ៊ុន PES-Architects
ជាប់ចំណាត់ថ្នាក់លេខ១

*ទី១៣ គម្រោងស្តូបរំឭកវិញ្ញាណក្ខន្ធ Memorial to the Heroes of the Heavenly Hundred and ATO soldiers
ឌីហ្សាញដោយក្រុមហ៊ុន VTA Architects
ជាប់ចំណាត់ថ្នាក់លេខ៣

*ទី១៤ គម្រោងកន្លែងលម្ហែសាធារណៈ Peak
ឌីហ្សាញដោយក្រុមហ៊ុន SuperSpace
ជាប់ចំណាត់ថ្នាក់កិត្តិយស

*ទី១៥ គម្រោងសារៈមន្ទីរសិល្បៈ Sara Hildén Art Museum
ឌីហ្សាញដោយក្រុមហ៊ុន Janne Hovi
ជាប់ចំណាត់ថ្នាក់លេខ១

*ទី១៦ គម្រោងពហុកីឡដ្ឋានចិន Hangzhou E-sports Ecological Park and E-sports Stadium
ឌីហ្សាញដោយក្រុមហ៊ុន Central-South Architectural Design Institute Co., LTD (CSADI)
ជាប់ចំណាត់ថ្នាក់លេខ១៕

ក្រុមហ៊ុនអភិវឌ្ឍន៍របស់ម៉ាឡេស៊ីរំពឹងថាគម្រោងទីក្រុងបច្ចេកវិទ្យារបស់ខ្លួននឹង បង្ហាញភាពទាក់ទាញខ្លាំង

ដោយៈ គៀតឈូ
គូឡាឡាំពួៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យម៉ាឡេស៊ី I-Bhd មានទំនុកចិត្តចំពោះចក្ខុវិស័យរបស់ខ្លួនលើស្ថានភាពហិរញ្ញវត្ថុ និងភាពជាដៃគូអាជីវកម្មដ៏រឹងមាំជាច្រើន ដែលនឹងផ្តល់ឱ្យភាពបត់បែន ផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុន ដើម្បីទាញយកផលចំណេញជាច្រើនទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា យុទ្ធសាស្ត្របង្រួបបង្រួមរបស់ខ្លួន នឹងជំរុញឱ្យក្រុមហ៊ុន មានរីកចម្រើនឆ្ពោះទៅមុខ នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ។

លោកLan Sri Lim Kim Hong ប្រធានក្រុមហ៊ុមបានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងត្រីកោណI-city golden ដែលជាក្រុងបច្ចេកវិទ្យាលេខ១ របស់ប្រទេសម៉ាឡេស៊ី គឺផ្ដោតសំខាន់របស់ក្រុមហ៊ុនI-Bhd ខណៈវានឹងពង្រឹងជំហររបស់ក្រុមហ៊ន ដោយការបង្កើ​នតម្លៃ និងឱកាសបន្ថែម។

លោកបានថ្លែងបន្តថា “ទីក្រុងបច្ចេកវិទ្យារបស់យើង ជាមួយនឹងបំពាក់នៃបច្ចេកវិទ្យាចុងក្រោយ នឹងធ្វើឱ្យក្រុមហ៊ុនអាចប្រកួតប្រជែងជាដៃគូរបស់ខ្លួន និងទាក់ទាញក្រុមហ៊ុនជាច្រើនមកចូលទីក្រុងមួយនេះ”។

ការរកទីតាំងថ្មីនៃស្ថាប័នហិរញ្ញវត្ថុ ក្នុងតំបន់ថ្នាក់ទីមួយនៃទីក្រុងI-city អគារសាជីវកម្មបៃតងអាច នឹងមើលឃើញថាអត្រាកើនឡើង៨០ភាគរយ សម្រាប់អាគារដែលត្រូវបានសាងសង់ចប់នាពេលថ្មីៗនេះ។

ទីក្រុងបច្ចេកវិទ្យាគឺជាទិសដៅ ដែលត្រៀមរួចជាស្រេច សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាសកល ដែលកំពុងផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសម៉ាឡេស៊ី សម្រាប់ហេដ្ឋារចនាសម្ព័ន្ធលំដាប់ទី១របស់ខ្លួនហើយ និងបុគ្គលិកជំនាញ។ I-Bhd កំពុងផ្លាស់ប្តូរការអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសកល នៃការច្នៃប្រឌិតបច្ចេកវិទ្យា និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលគាំទ្រដោយសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល។

ក្រៅពីនេះលោកលឹមបាននិយាយថា ក្រុមហ៊ុននេះ ក៏មានគម្រោងបន្ថែមមជ្ឈមណ្ឌ​លទិន្នន័យចំនួន២ទៀត ដែលមានទំហំ១០០,០០០ការ៉េហ្វីត ដើម្បីបំពេញតាមតម្រូវការ។ មជ្ឈមណ្ឌលទិន្នន័យដំបូងនេះ បានដំណើរការតាំងពីឆ្នាំ២០០៨ដល់បច្ចុប្បន្នមក       ម្លេះ។

ក្រុមហ៊ុមនេះបានបន្តទៀតថាកម្មវិធីចាក់វ៉ាក់សាំង គឺជាការផ្លាស់ប្តូរមួយសម្រាប់កំណើនសេដ្ឋកិច្ច និងការងើបឡើងវិញសម្រាប់ឆ្នាំ២០២១ និង២០២២៕

អ្នកអភិវឌ្ឍន៍លំនៅឋានបន្តសាងសង់គម្រោងរបស់ខ្លួនទោះបីជាមានការ រាលដាលពីកូវីដ១៩

ដោយៈវឌ្ឈ​នៈ

ភ្នំពេញៈ ទោះបីជាមានការរីករាលដាលនៃកូវីដ១៩យ៉ាងនេះក្ដី ក៏វិនិយោគិនក្នុងស្រុក នៅតែបន្តគម្រោងរបស់ខ្លួនដដែល ជាមួយនឹងក្ដីរំពឹងពីទីផ្សារដដែល ជាក់ស្ដែងអភិវឌ្ឍន៍លំនៅឋាន នៃក្រុមហ៊ុនបុរីវិមានភ្នំពេញ របស់អ្នកឧកញ៉ាលី ហួរ បានប្រកាសបើកការដ្ឋានសាងសង់គម្រោងទី ១២ជាមួយនឹងជំនឿជាក់លើទីផ្សារ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងពីធីបើកការដ្ឋានសាងសង់គម្រោងទី១២នៃបុរីវិមានភ្នំពេញ កាលពីថ្ងៃទី៣០ មិថុនា ២០២១នេះ បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់របស់បុរីវិមានភ្នំពេញ នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃកូវីដ១៩នេះ បានជួយផ្ដល់ឱកាសការងារដល់កម្មករសំណង់ជាច្រើន នៅក្នុងការដ្ឋាន ដែលអាចជួយសម្រាលបន្ទុកជីវភាពគ្រួសារ របស់ពួកគេមួយកម្រិតផងដែរ។

អ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបក៏បានឱ្យដឹងផងដែរថា ការអភិវឌ្ឍលំនៅឋាន ដែលមានជាបុរីជាបន្តបន្ទាប់របស់បុរីវិមានភ្នំពេញ ក៏ដូចជាក្រុមហ៊ុនផ្សេងទៀត បានជួយកែប្រែតំបន់ដែលស្ងាត់ជ្រងំ តំបន់ដែលមិនមានមនុស្សរស់ ពីតំបន់វាលស្រែ ក្លាយជាតំបន់ដែលមានមនុស្សរស់នៅអ៊ូអរ មានសកម្មភាពអាជីវកម្ម និងធ្វើឱ្យតំបន់ជាយរាជធានីភ្នំពេញ កាន់តែខិតជិតកណ្ដាលរាជធានីភ្នំពេញ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា តភ្ជាប់ពីកណ្ដាលទីក្រុងទៅកាន់ជាយក្រុង ។

ក្រៅពីគម្រោងរបស់វិនិយោគិនរូបនេះ ក៏មានគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់វិនិយោគិនផ្សេងទៀតជាប្រភេទបុរី នៅតំបន់ជាយៗរាជធានីភ្នំពេញ និងស្ទើរតែគ្រប់ផ្នែកនៃរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងថា ទីផ្សារលំនៅឋាននៅកម្ពុជា ក្នុងបរិបទកូវីដ១៩នេះ ពិតជាមានផលប៉ះពាល់ តែផលប៉ះពាល់នៃទីផ្សារលំនៅឋាន ក៏មានភាពខុសៗគ្នា ទៅតាមតម្លៃនៃលំនៅឋានទាំងនោះ។

លោកបន្តថា “លំនៅឋានដែលមានតម្លៃក្រោម៥ម៉ឺនដុល្លារ មិនសូវជាប៉ះពាល់ទេ ហើយលំនៅឋានដែលមានតម្លៃកាន់តែខ្ពស់ ក៏មិនមានផលប៉ះពាល់ដែរ ដូចជាតម្លៃចាប់ពី២០ម៉ឺនដុល្លារឡើងទៅ ព្រោះលំនៅដ្ឋានប្រភេទនេះ គឺសម្រាប់អ្នកមានលុយគ្រប់គ្រាន់ទិញសម្រាប់ស្នាក់នៅ។

ក្រសួងមហាផ្ទៃត្រៀមសាងសង់អាគារថ្មីមួយក្នុងតម្លៃជាង២០លានដុល្លារ

ដោយៈ ប៊ី

ភ្នំពេញៈ
រាជរដ្ឋាភិបាលកម្ពុជាយល់ព្រមជាគោលការណ៍ ឲ្យក្រសួងមហាផ្ទៃ សាងសង់អាគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ជាង២០លានដុល្លារអាមេរិក។ នេះបើតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី  នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អាគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយឲ្យបានជាអតិបរមា នូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយ ប្រឆាំងជំងឺកូវីដ១៩៕

ប្រជាពលរដ្ឋនៅភាគពាយ័ព្យផ្អើលទិញដី បន្ទាប់ពីទទួលបានព៌តមានពីការសាងសង់ផ្លូវពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង

ដោយៈគង់ សូរិយា
ពាយ័ព្យៈ បន្ទាប់ពីមានការចុះផ្សាយ ពីគំរោងសាងសង់ផ្លូវពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបងរបស់គេហទំព័រPropertyarea.asiaកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅភូមិភាគពាយ័ព្យប្រទេសជាច្រើន បានផ្អើលទិញដីនៅខេត្តបាត់ដំបង។

ប្រភពព៌ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៩ មិថុនាកន្លងមកថា បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនបានសម្រុកទិញដីនៅខេត្តបាត់ដំបង ពិសេសនៅតំបន់ជុំវិញទីរួមខេត្ត ដោយសារពួកគេទទួល​បានព៌តមានពីការសាងសង់ផ្លូវចេញពីខេត្តសៀមរាប មកកាន់ខេត្តបាត់ដំបង របស់រដ្ឋាភិបាលនាពេលខាងមុខ។

ទោះជាយ៉ាងណាផ្លូវដែលគ្រោងសាងសង់នេះ ចាប់ផ្តើមចេញពីតំបន់ណា និងសាងសង់នាពេលណា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

ជាមួយគ្នានេះ កាលពីខែឧសភាកន្លងមកនេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រាក៏បានប្រកាសសាងសង់រមណីយដ្ឋាន លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មលើទំហំដី៥០០​ហិកតាក្នុងខេត្តបាត់ដំបងផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង កាលពីខែឧសភាកន្លងមកឲ្យដឹងផងដែរថា រដ្ឋាភិបាលពិតជាមានបំ​ណ​ង​សាងសង់ផ្លូវនេះមែន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទាក់ទាញទេស​ចរណ៍អន្តរជាតិ ទៅសម្រាកលំហែរនៅក្រុងបាត់ដំបង ព្រោះបើពួកគេចេញតាមផ្លូវជាតិលេខ៥ ពួកគេនឹងឆ្ពោះទៅកាន់ប្រទេសថៃ។

លោកបន្តថា “វាជាគំរោងអាទិភាពមួយ ហើយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលចង់បានគំរោងនេះដំណើរការលឿនណាស់”។លោកបន្តថា “តាមគំរោងក្រសួងគ្រោងនឹងសាងសង់ប៉មនៅកណ្តាលទន្លេសាបមួយ ដើម្បីឲ្យភ្ញៀវទេសចរណ៍សម្រាកលំហែរ និងគយគន់ទេសភាពទន្លេសាប ដែលមានភាពស្រស់ស្អាតខ្លាំងណាស់”។

លោកវ៉ាស៊ីម សូរិយាបានបន្តឲ្យដឹងទៀតថា ការសាងសង់ប៉មបែបនេះ បានធ្វើនៅប្រទេសជាច្រើនដូចជា ជប៉ុន កូរ៉េ និងទីក្រុងហុងកុងជាដើម ដោយសារភ្ញៀវទេសចរណ៍ចូលចិត្ត។លោកបន្តថា ទោះជាយ៉ាងណាគំរោងនេះ មិនទាន់បានសិក្សាចប់ និងអាចចាប់ផ្តើមសាងសង់នាពេលណា យើងមិនទាន់ដឹងនៅឡើយទេ៕

លោកស៊ុន ចាន់ថុលចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ឋនៅច្រកស្ទឹងបង់ ណងអៀន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នៅខេត្តបន្ទាយមានជ័យ។

ករចុះពិនិត្យនេះ ដើម្បីធ្វើយ៉ាងណាឱ្យបានសម្រេចតាមផែនការគ្រោងទុក និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល។ ការចុះពិនិត្យក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាឱ្យបានសម្រេចតាមផែនការគ្រោងទុក និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល ដែលជាសរសៃឈាម រួមចំណែកលើកស្ទួយដល់កំណើនសេដ្ឋកិច្ចដល់កម្ពុជាយើងផងដែរ។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានបន្តចុះពិនិត្យផ្លូវ និងផ្កាត្របែកព្រៃដែលដាំអមផ្លូវជាតិលេខ៥ (ផ្លូវវាងក្រុងសិរីសោភ័ណ) នៅខេត្តបាត់ដំបង-បន្ទាយមានជ័យ ដើម្បីអាចប្រើប្រាសបានយូរ ប្រកបដោយគុណភាពតាមស្តង់ដាបច្ចេកទេស និងសម្រេចឱ្យបានតាមផែនការគ្រោងទុក។

ការចុះត្រួតពិនិត្យនេះគឺក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាត្រូវឱ្យមាននូវគុណភា​ព​​អាចប្រើប្រាស់យូរ ប្រកបដោយដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ហើយអាចសម្រេចឱ្យបានជាលទ្ធផលសមិទ្ធផល ទៅតាមផែនការដូចគ្រោងទុក៕

 

អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ស្នើរដ្ឋាភិបាលបើកចំហឲ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានលើប៉ូលសេដ្ឋកិច្ចទី៤

ដោយៈតារា

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍បានលើកឡើងថា ដើម្បីសម្រេចនូវគោលដៅ លើការបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តមណ្ឌលគិរីជាតំបន់អេកូទេស​ចរណ៍លំដាប់អន្តរជាតិ ទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ឋទាំងអស់។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ មិថុនានេះថា ការជម្រុញបង្កើតតំបន់ទេសចរណ៍នេះកន្លងមក រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនសូវជោគជ័យប៉ុន្មាននោះឡើ​យ ដោយសារខ្វះការចូលរួមរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ទេសច​រណ៍ ដោយពួកគាត់មិនសូវមានការយល់ដឹងអំពីបញ្ហាទេសចរណ៍នេះ។

លោកបណ្ឌិតបន្តថា “គម្រោងរាជរដ្ឋាភិបាលជម្រុញបង្កើត តំបន់អេកូទេសចរណ៍នៅខេត្តមណ្ឌលគីរីនេះ វាជាចំណុចចាប់ផ្តើមថ្មីមួយ ហើយតំបន់ទេសចរណ៍ទាំងនោះ ភាគច្រើន គឺជាសហគមន៍អត់សូវមានមនុស្សរស់នៅ”។លោកបន្តថា “ដូច្នេះការរៀបចំសហគមន៍នេះ គឺជារឿងចាំបាច់ជម្រុញអភិវឌ្ឍន៍”។

អ្វីដែលធ្វើឲ្យប្រសើរថែមទៀត រាជរដ្ឋាភិបាលគួរគិតគូរអំពីភូតគ្គមអនាម័យ និងការលក់ដូរមានតម្លៃសមរម្យ រួមជាមួយការបង្កើតហេដ្ឋានរចនាសម្ព័ន្ធផ្លូវ នៅតាមព្រំដែនបន្ថែមទៀត នៅលើគម្រោងដែលយើងបានគ្រោងទុកទាំងនោះ ព្រោះវាគឺជាចំណុចនៃការទាក់ទាញផងដែរ ហើយអ្វីដែលសំខាន់ គឺត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងស្ថានប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ទើបរាជរដ្ឋាភិបាលនឹងទទួលបានជោគជ័យ ដែលក៏ជាផ្នែកមួយក្នុងការបង្កើតការងារ និងប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចសង្គមផងដែរ ។

ជាមួយគ្នានេះ លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងកំណត់ខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី ៤  និងជាខេត្តគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ របស់រាជរដ្ឋាភិបាល ព្រោះខេត្តនៅតំបន់ភូមិភាគឥសាន្ត គឺជាខេត្តដែលស័ក្តិកសម និងសំបូរធនធានធម្មជាតិប្រកប ដោយ​​​សក្តានុពល។ លោកស្រីបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមានកំណើនខ្ពស់ និងស្របតាមផែនការ ត្រូវទាមទាឲ្យមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មឲ្យសំបូរបែប និងប្រកបដោយស្តង់ដារខ្ពស់ ជាពិសេសការអនុវត្តឲ្យបានលឿន ស្របតាផែនការដែលបានគ្រោងទុករបស់រាជរដ្ឋាភិបាល ។

រដ្ឋាភិបាលកម្ពុជាទើបបានប្រកាសពីផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសច​រណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)”  របស់រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យសំខាន់ៗរួមមាន៖ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

រដ្ឋាភិបាលបានដាក់គោលដៅ នៅឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារក្នុងរង្វង់៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោល១.០០០ លានដុល្លារ ដើម្បីរួមចំណែកធ្វើឲ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាបផងដែរ៕