មហាសេដ្ឋីចិត្តធម៌ Lord Haughey គ្រោងបោះទុន២ពាន់លានដុល្លារសាងសង់ផ្ទះតម្លៃធូរថ្លៃរាប់សែនខ្នងដើម្បីជួយដល់អ្នកក្រ

សុខុម

ស្កុតលែន: មហាសេដ្ឋីជំនួញលោក Lord Willie Haughey គ្រោងបោះទុនវិនិយោគរហូតដល់ទៅប្រមាណ២ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្ទះតម្លៃធូរថ្លៃចំនួន១១,០០០ខ្នងនៅស្កុតឡែន សម្រាប់រយៈពេល៩ឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី១៨ ឧសភា ឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានឈ្មោះថា City Facilities Management Holdings ដែលមានមូដ្ឋាននៅទីក្រុង Glasgow ស្កុតលែន បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Ediston រួចហើយនៅក្នុងគម្រោងនេះ។

មហាសេដ្ឋីចិត្តធម៌រូបនេះបានលើកឡើងថា គម្រោងនេះនឹងជួយពលរដ្ឋកាត់បន្ថយការចំណាយទៅលើថ្លៃឈ្នួលផ្ទះ ហើយបង្វែរការចាប់អារម្មណ៍របស់អ្នកជួលផ្ទះឱ្យងាកមកទិញផ្ទះបង់រំលស់វិញ។

លោកបានប្រាប់សារព័ត៌មាន BBC Scotland ថា “ខ្ញុំកំពុងតែព្យាយាមជួយសម្រាលវិបត្តិលំនៅដ្ឋាន”។ លោកបានបន្ថែមថា “ខ្ញុំបានអានអត្ថបទមួយដែលលើកឡើងថា ពលរដ្ឋវ័យក្មេងបានចំណាយជាង៥០%នៃប្រាក់ចំណូលរបស់ពួកគេទៅលើលំនៅដ្ឋាន។ ខ្ញុំគិតថាត្រូវតែមានវិធីប្រសើរជាងនេះ នោះគឺផ្ទះដែលមានតម្លៃធូរថ្លៃដែលមានក្នុងគម្រោងនេះ”។

ក្រុមហ៊ុនអចលនទ្រព្យ Ediston ដែលមានមូដ្ឋាននៅក្រុង Edinburgh បានទិញយកភាគហ៊ុន២៤%នៅក្នុងក្រុមហ៊ុនរបស់លោកក្នុងតម្លៃ៩០៦លានដុល្លារអាមេរិក។

បុរសវ័យ៦៤ឆ្នាំរូបនេះសង្ឃឹមថា ការចាប់ដៃគូសហការនៅក្នុងគម្រោងសាងសង់លំនៅដ្ឋាននេះនឹងជួយដោះស្រាយកង្វះខាតលំនៅដ្ឋាននៅស្កុតលែន។ លោកបានបន្ថែមថា សម្រាប់ផ្ទះថ្មីដែលមានផ្ទៃសរុប១១១ម៉ែត្រការ៉េទាំងនេះ អ្នកទិញបង់រំលស់ត្រឹមតែ១.០០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ លោកបានគូសបញ្ជាក់ថា “គ្មានអ្នកណាលក់ផ្ទះក្នុងតម្លៃធូរថ្លៃបែបនេះទេ”៕

Mini Martធំជាងគេរបស់ថៃ 7 Elevanនឹងបើកដំណើរការជាលើកដំបូងក្រុង ភ្នំពេញនាខែកក្កដាខាងមុខនេះ

ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ការឈានជើងមកចាប់យកចំណែក ទីផ្សាររបស់ផ្សារបែបMini Mart 7 Eleven នៅកម្ពុជាទទួលជោគជ័យកម្រិតណា អ្វីៗនឹងបង្ហាញលទ្ឋផលនៅពេលផ្សារនេះបើកដំណើរការនៅខែកក្កដាខាងមុខ។

យោងតាមសេចក្ដីប្រកាសជាផ្លូវការបស់នាយកដ្ឋាន ជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងកាលពីពេលថ្មីៗនេះថា 7 Eleven នឹងបើកដំណើរការដំបូង នៅស្ថានីយ៍ប្រេងឥន្ឋនៈ ក្នុងខ័ណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ បច្ចុប្បន្ន ក្រុមការងារកំពុងបញ្ចប់ការសាងសង់ និងការតុបតែងផ្នែកខាងក្នុង។ ដូច្នេះបើការបិទខ្ទប់មិនប៉ះពាល់ខ្លាំងដល់ការងារនេះទេ ផ្សារ 7-Eleven នឹងបើកតាមផែនការ។
ក្រុមហ៊ុនដ៏ធំរបស់ថៃឈ្មោះ CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ បានបញ្ជូនបុគ្គលិកជាន់ខ្ពស់ពីប្រទេសថៃមកកម្ពុជារួមហើយ ខណៈនេះកំពុងជ្រើសរើសបុគ្គលិកក្នុងស្រុកបន្ថែមទៀតជាច្រើនអ្នក។

ដំណឹងល្អៈរដ្ឋបាលរាជធានីភ្នំពេញលុបចោលតំបន់ក្រហម ដោយមានតែ តំបន់លឿននិងលឿងទុំ

ដោយៈគង់ សូរិយា
ភ្នំពេញៈ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចដោយបន្តដាក់ចេញវិធានការ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយកំណត់តំបន់លឿងទុំ និងតំបន់លឿង ហើយលែងមានតំបន់ក្រហមទៀតឡើយ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់វិធានការរដ្ឋបាលដែលបានដាក់ចេញចំពោះ “តំបន់លឿងទុំ” ត្រូវអនុវត្តសម្រាប់រយៈពេល៧ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
ដោយឡែកសម្រាប់ “តំបន់លឿង” ត្រូវអនុវត្តសម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១៕

តើកិច្ចសន្យាជួលផ្ទះឲ្យក្រុមហ៊ុនឬជនបរទេស ភាគីទាំង២ត្រូវធ្វើយ៉ាងណា?

ដោយៈ គង់ សូរិយា
ភ្នំពេញៈ កិច្ចសន្យាជួលផ្ទះឬអចលនទ្រព្យ មានទម្រង់និងបែបបទខុសៗគ្នា ដែលម្ចាស់អចលនវត្ថុ និងអ្នកជួលត្រូវការរៀបចំកុងត្រាច្បាស់លាស់ និងមានលាយលក្ខអក្សរ និងតាមរយៈផ្ទាល់មាត់ផងដែរ។
យោងតាមក្រមរដ្ឋប្បវេណីបានឲ្យដឹងថា កិច្ចសន្យាជួលគឺមិនតម្រូវឱ្យមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចទេ ប៉ុន្តែដើម្បីជៀសវាងបញ្ហា ក្នុងករណីដែលអ្នកជួលក្នុងទ្រង់ទ្រាយធំជួលឱ្យក្រុមហ៊ុន ឬជនបរទេស កិច្ចសន្យាត្រូវធ្វើឡើងក្រោមការដឹងឮពីអាជ្ញាធរ ឬមេធាវី។
ការដឹងឮនេះ អាចធ្វើបានដោយភាគីទាំង២ យកកិច្ចសន្យាជួល ទៅឃុំសង្កាត់ ជាមួយនឹងសាក្សី ដើម្បីឱ្យមន្រ្តីឃុំសង្កាត់បោះត្រាទទួលដឹងឮ។ លើសពីនេះ បើជួលឱ្យជនបរទេសភាគីទាំង២ គួរធ្វើការបញ្ជាក់ទីលំនៅរបស់ជនបរទេសនោះឱ្យបានច្បាស់លាស់។
ជាមួយគ្នានេះដែរ បើការជួលធ្វើឡើងក្នុងរយៈពេលវែងលើសពី១៥ឆ្នាំ ឬដល់ទៅ ៥០ឆ្នាំ ភាគីទាំង២ ត្រូវធ្វើឯកសារកិច្ចសន្យាចំណារជាមួយនឹងអាជ្ញាធរសុរិយោដី។
តើអ្វីទៅជាកិច្ចសន្យាជួល?
តាមមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណីបានចែងថា កិច្ចសន្យាជួល គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាង ឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកកម្រៃ។
ជាទូទៅ កិច្ចសន្យាជួល ច្បាប់មិនកំណត់ឱ្យធ្វើជាលាយលក្ខណ៍អក្សរទេ អាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង កិច្ចសន្យាដែលធ្វើជាលាយលក្ខណ៍អក្សរ គឺមានទម្ងន់ជាងកិច្ចសន្យាផ្ទាល់មាត់ ក្នុងករណីមានទំនាស់កើតឡើង។
យោងតាមមាត្រា៥៩៩ នៃក្រមរដ្ឋប្បវេណីបានបញ្ជាក់ថា កិច្ចសន្យាជួលអាចធ្វើឡើងដោយកំណត់រយៈពេល ឬមិនកំណត់រយៈពេល។ ហើយក្នុងករណីបញ្ឈប់ការជួល ភាគីទាំង២ត្រូវព្រមព្រៀងគ្នា និងត្រូវមានការជូនដំណឹងឱ្យដឹងជាមុន៕

វិស័យអចលនទ្រព្យនៅខេត្តបាត់ដំបងរីកដុះដាលខ្លាំងនៅភាគខាងលិច

ឆៀងខាងជើងក្រុង
ដោយៈរតនៈ
បាត់ដំបងៈ បើទោះជាស្ថិតក្នុងបរិបថ ដែលពិភពលោកកំពុងតែរីករាលដាលនូវជំងឺកូវីត១៩ហើយធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្តី ប៉ុន្តែវិស័យអចលនទ្រព្យនៅខេត្តបាត់ដំបង បាននិងកំពុងរីកដុះដាលខ្លាំងនៅភាគខាងលិច ឆៀងខាងជើងក្រុង។

ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មនិង សំណង់ ខេត្តបាត់ដំបង លោក អ៊ូ ដារី បានប្រាប់Propertyarea នៅថ្ងៃទី ១៩ ខែឧសភានេះថា ខេត្តបាត់ដំបងទីតាំងដែលវិស័យអចលនទ្រព្យបាន និងកំពុងរីកដុះដាលខ្លាំងគឺភាគខាងលិច ឆៀងខាងជើងខេត្ត ព្រោះថានៅតំបន់នោះជិតទីប្រជុំជន មានមន្ទីរពេទ្យ សាលារៀន ហើយដីនៅតំបន់នោះ នៅទូលាយច្រើនអំណោយផលសម្រាប់ប្រជាពលរដ្ឋរស់នៅ។
លោកបន្តថា “ប្រជាពលរដ្ឋដែលទៅទិញដីនៅតំបន់នោះភាគច្រើន គឺអ្នកនៅក្នុងខេត្តតែម្ដង ដោយអ្នកខ្លះជាអ្នកក្រុងបាត់ដំបង និងអ្នកខ្លះទៀតមកពីស្រុកផ្សេងៗនៃខេត្តបាត់ដំបង”។
លោក អ៊ូ រីដាបន្ថែមថា គម្រោងអចលនទ្រព្យធំៗ ដែលចូលទៅអភិវឌ្ឍន៍នៅភាគខាងលិច ឆៀងខាងជើងមាន៤ក្រុមហ៊ុនធំៗ និងមានលក់ដូរបែបតូចតាចមួយចំនួនទៀតផងដែរ ដោយនៅក្នុងនោះ មានការពុះជាដីឡូត៍លក់ ការសង់ផ្ទះល្វែង និង ដីឡូត៍ទំហំមធ្យមហើយមានផ្ទះនៅក្នុងនោះតែម្ដង។

ជាមួយគ្នានេះ លោកឆម ចំរើ់នអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា បាត់ដំបងគឺជាទីតាំងដែលមានសក្ដានុពលខ្លាំង ហើយផលប៉ះពាល់ដោយសារជំងឺកូវីត១៩ក៏តិចតួចជាងគេ ដែលកត្ដានេះធ្វើឲ្យវិស័យអចលនទ្រព្យរីកចម្រើន។
លោកបន្តថា “ខេត្តបាត់ដំបងជាចំណុចប្រសព្វមួយនេះ ខេត្តផ្សេង ជាពិសេសគម្រោងសាងសង់ផ្លូវជាតិលេខ១០ កាត់ខេត្តមួយនេះ ទៅខេត្តផ្សេងទៀត កំពុងតែមានច្រើន តំបន់ទេសចរណ៍ក៏មានច្រើន បូករួមទាំងដីដែលមានអំណោយផលខាងកសិកម្មផងដែរ”។
បើតាមលោក អ៊ូ រីដា នៅតាមបណ្ដាស្រុកផ្សេង នៃខេត្តបាត់ដំបងក៏មានដែរការទិញលក់ដី តែមិនសូវមានសម្រាប់ការធ្វើលំនៅដ្ឋាននោះទេ គឺមានជាប្រភេទដីធ្វើកសិកម្ម ហើយក៏មានអតិថិជនពីរាជធានី និងខេត្តផ្សេងៗទៅទិញនៅទីនោះផងដែរ៕

ភ្នាក់ងារអចលនទ្រព្យចាប់ផ្ដើមសកម្មឡើងវិញក្រោយរដ្ឋាភិបាលបន្ធូរបន្ថយ

ការធ្វើដំណើរ
ដោយៈលក្ខិណា
ភ្នំពេញៈ ចាប់តាំងពីរាជរដ្ឋាភិបាលបានបន្ធូរបន្ថយ នូវការរឹតបន្តឹងការធ្វើចរាចរណ៍មក សកម្មភាពរបស់ភ្នាក់ងារអចលនទ្រព្យចាប់ផ្ដើមសកម្មឡើងវិញ ដោយភ្នាក់ងារអចលនទ្រព្យ ជាពិសេសភ្នាក់លក់គម្រោងដីឡូត៍ និងផ្ទះល្វែងនៅតំបន់ជាយកក្រុង ក៏ចាប់ផ្ដើមប្រកាសលក់ជាបន្តបន្ទាប់ឡើងវិញ។

លោកហ៊ឹម ស៊ុយ( ចេ ស៊ុន )ភ្នាក់ងារអចលនទ្រព្យមួយរូបបានឱ្យដឹងនារសៀលកថ្ងៃទី១៩ ឧសភានេះថា ក្រោយរដ្ឋាភិបាលប្រកាសបិទបញ្ចប់ការបិទខ្ទប់ និងបើកឱ្យធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយ ភ្នាក់ងារលក់គម្រោងរបស់លោកក៏ចាប់ផ្ដើមប្រកាសលក់និងសម្រុកលក់សារជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។
លោកបន្តថា “ក្នុងអំឡុងពេលនៃការបិទខ្ទប់ កុំថាឡើយដល់ភ្ញៀវមកមើលគម្រោងដី សូម្បីតែភ្ញៀវត្រង់បង់រំលោះដីក៏ពិបាកដែរ ព្រោះកន្លងទៅពួកគាត់ត្រូវបង់ផ្ទាល់ៗ និងចុះមើលគម្រោងដីរបស់ពួកគាត់ដែរ តែដល់ពេលបិទការធ្វើដំណើរ ពួកគាត់ត្រូវបង់តាមភ្នាក់ងារវេរលុយជំនួសវិញ”។ លោកបន្តថា “កាលពីពេលបិទខ្ទប់ការលក់ធ្លាក់ចុះសឹងតែគ្រប់គម្រោង និងគ្រប់វិនិយោគិនទាំងអស់ តែក្រោយពេលមានការបើកចរាចរណ៍ឡើងវិញសកម្មភាពលក់ចាប់ផ្ដើមបានខ្លះៗ តែបើប្រៀបធៀបនឹងមុនពេលមានការបិទខ្ទប់និងមុនព្រឹត្តិការណ៍២០កុម្ភៈ ២០២១ ការលក់នៅមានចំនួនតិចតួចនៅឡើយ”។

ជាមួយគ្នានេះ លោកគឹម សង្គ្រាមភ្នាក់ងារអចលនវត្ថុមួយរូបបានឱ្យដឹងថា ក្នុងអំឡុងពេលរដ្ឋាភិបាល បិទការធ្វើដំណើរឆ្លងខេត្ត អ្នកទិញមិនអាចធ្វើដំណើរទៅមើលទីតាំងអចលនទ្រព្យដែលប្រកាសលក់បាន ធ្វើឱ្យការលក់មានការថមថយ។ តែបន្ទាប់ពីរាជរដ្ឋាភិបាល ប្រកាសបើកឱ្យធ្វើដំណើរឡើងវិញ អ្នកទិញអាចចេញធ្វើដំណើរទៅមើលគម្រោងទីតាំងអចលនទ្រព្យ និងចរចាជាមួយម្ចាស់ដី ដើម្បីទិញទុកអភិវឌ្ឍនៅពេលអនាគត ។
លោកបន្តថា “ក្នុងពេលបច្ចុប្បន្ននេះ អ្នកមានលុយមានឱកាសក្នុងការទិញដីតម្លៃក្រោមទីផ្សារ ព្រោះដីធ្លីខ្លះប្រកាសលក់ក្រោមតម្លៃទីផ្សារច្រើន តែបើនិយាយជាទូទៅតម្លៃវាមិនធ្លាក់នោះឡើយ គ្រាន់តែម្ចាស់ដីដែលត្រូវការលុយ គេប្រកាសលក់បន្ទាន់និងលក់ក្រោមទីផ្សារទើបមានការចរចានិងទិញ”។
ជាការកត់សម្គាល់ បច្ចុប្បន្ននេះ គេមើលឃើញថាភ្នាក់ងារអចលនទ្រព្យជាច្រើន ចាប់ផ្ដើមប្រកាសលក់គម្រោងអចលនទ្រព្យ ជាបន្តបន្ទាប់ដោយយកបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ សម្រាប់ការផ្សព្វផ្សាយលក់គម្រោងរបស់ខ្លួន ជាពិសេសគម្រោងអចលនទ្រព្យដែលមានតម្លៃសមរម្យ សម្រាប់គម្រោងអចលនទ្រព្យតម្លៃខ្ពស់ៗ នៅតែបន្តបាត់បង់ចំណែកទីផ្សារដដែល ក្នុងអំឡុងនៃវិបត្តិនេះ៕

ក្រុមហ៊ុនអចនទ្រព្យភាគច្រើនផ្តោតលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ

ក្នុងឆមាសទី១ឆ្នាំនេះ
ដោយៈ ប៊ី
ភ្នំពេញៈ ការផ្ទត់ផ្គង់គម្រោងអចលនទ្រព្យផ្ទាល់ដី នៅក្នុងក្រុងភ្នំពេញបានមានកាន់តែច្រើន និងវិនិយោគក្នុងល្បឿនដ៏លឿននារយៈពេល៦ខែ ឈានទៅកាន់ត្រីមាសទី១ឆ្នាំ២០២១ ខណៈគម្រោងភាគច្រើនបាន និងកំពុងផ្ដោតទៅលើវិស័យគេហដ្ឋានតម្លៃសមរម្យនេះ។ នេះបើយោងតាមរបាយការណ៍ស្តីពី “ទិដ្ឋភាពទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី១ឆ្នាំ២០២១ ដែលចេញដោយទីភ្នាក់ងារអចលនទ្រព្យCBRE Cambodia កាលពីថ្មីៗនេះ។

ក្នុងរយៈពេល៦ខែឈានទៅឆមាសទី១ឆ្នាំ២០២១នេះ គម្រោងចំនួន២១ហើយបានចាប់ផ្ដើមសម្ភោធ នៅក្នុងខ័ណ្ឌចំនួន៩ផ្សេងៗគ្នា សម្រាប់វិស័យអចលនទ្រព្យផ្ទាល់ដីនៅឯទីក្រុងភ្នំពេញ។ គម្រោងទាំង២១នេះនឹងបង្កើតគេហដ្ឋានចំនួន១៥,៥០០យូនីត ក្នុងការផ្គត់ផ្គង់អចលនទ្រព្យផ្ទាល់ដីនៅឯទីក្រុងភ្នំពេញ។

សម្រាប់ការសាងសង់បញ្ចប់គម្រោង ក្នុងរយៈពេលដូចគ្នានេះ CBRE រាយការណ៍ថា គម្រោងថ្មីៗចំនួន១១ នឹងបើកទទួលស្វាគមន៍អ្នកចូលមករស់នៅ ដោយបានបន្ថែមគេហដ្ឋានចំនួន៤៥០០យូនីធ ទៅលើចំនួនគេហដ្ឋានសរុប ដែលមានក្នុងរាជធានីភ្នំពេញ។

របាយការណ៍បានឱ្យដឹងទៀតថា ការផ្លាស់ប្ដូរទៅកាន់ការអភិវឌ្ឍផ្ទះដែលមានតម្លៃសមរម្យនៅតែបន្ត ដោយមានគម្រោង ដែលទើបតែចាប់ផ្ដើមមួយចំនួន បាននិងកំពុងផ្ដោតទៅលើវិស័យគេហដ្ឋានតម្លៃសមរម្យនេះ។ យោងតាមរបាយការណ៍របស់CBRE ជាង៦០%នៃផ្ទះជាប់ និងជាង៧០%នៃវីឡាទោល ស្ថិតនៅក្នុងចំណោមគេហដ្ឋានដែលមានតម្លៃសមរម្យ។
លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលពីម្សិលមិញនេះថា ទីផ្សារលំនៅដ្ឋានត្រូវបានរំពឹងថា នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដែលគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌប្រាក់កម្ចី និងការទូទាត់ពីធនាគារ និងអ្នកអភិវឌ្ឍន៍។
លោកបានថ្លែងថា “យើងរំពឹងថា សកម្មភាពនៃការលក់ នឹងមានភាពប្រសើរឡើងទាំងផ្នែកខុនដូ និងផ្នែកអចលនទ្រព្យជាប់ដី (ផ្ទះ) នៅត្រីមាសទី៣ ឆ្នាំ២០២១ ខណៈរយៈពេលនៅសល់នៃត្រីមាសទី២ សកម្មភាពទិញលក់ហាក់ ដូចជានៅភាពយឺតនៅឡើ យ”។

ការរំខានពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ក្នុងព្រឹត្តិការរណ៍២០កុម្ភៈ ទំនងជានឹងរុញច្រានការស្ទុះឡើងវិញ ក្នុងវិស័យអចលនទ្រព្យយឺតយ៉ាវ ដូច្នេះស្ថានភាពទីផ្សារប្រសើរឡើងវិញ គឺពឹងផ្អែកលើល្បឿន និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង ដើម្បីបង្កើតសន្ទុះ និងបង្កើនភាពជឿជាក់លើការវិនិយោគអចលនទ្រព្យ៕

ការសិក្សាៈ ក្រុមហ៊ុនអាមេរិកធំៗជាច្រើនទទួលរងនូវបន្ទុកពន្ធពីការធ្វើការសង្គ្រាមពាណិជ្ជកម្មជាមួយចិន

ដោយៈ ម៉ាណេត
ភ្នំពេញៈ ភ្នាក់ងារស្រាវជ្រាវ និងវាយតម្លៃសេដ្ឋកិច្ច Moody’s បានឱ្យដឹងថា អាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកធំៗជាច្រើន កំពុងទទួលបន្ទុកក្នុងការចំណាយភាគច្រើន ពីការដំឡើងពន្ធគយ ក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មអាមេរិកនិងចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។

ទីភ្នាក់ងារវាយតម្លៃបាននិយាយនៅក្នុងរបាយការណ៍ថ្ងៃចន្ទថា អ្នកនាំចូលសហរដ្ឋអាមេរិកបានស្រូបយកច្រើនជាង៩០% នៃការចំណាយបន្ថែម ដែលបណ្តាលមកពីការដំឡើងពន្ធ២០%របស់សហរដ្ឋអាមេរិកលើទំនិញចិន។

នោះមានន័យថា អ្នកនាំចូលអាមេរិកបង់ពន្ធប្រហែល១៨,៥% សម្រាប់មុខទំនិញចិន នៃអត្រាពន្ធ ២០% ខណៈអ្នកនាំចេញចិនបង់ពន្ធត្រឹម១,៥%។

ភ្នាក់ងារ Moody’s បានឱ្យដឹងក្នុងរបាយការណ៍ថា “ថ្លៃពន្ធភាគច្រើនត្រូវបានដាក់ទៅលើក្រុមហ៊ុននាំចូលអាមេរិក”។
ទីភ្នាក់ងារនេះបានបន្ថែមទៀតថា “ប្រសិនបើពន្ធគយនៅតែមានដដែល សម្ពាធលើអ្នកលក់រាយនៅអាមេរិកទំនងជានឹងកើនឡើង ដែលនាំឱ្យមានការឡើងថ្លៃតម្លៃទំនិញប្រើប្រាស់”។

ពន្ធគយពាណិជ្ជកម្មខ្ពស់បានចូលជាធរមាន ក្នុងអាណត្តិអតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ ភ្នាក់ងារMoody’s បាននិយាយថា ពន្ធគយទាំងនោះភាគច្រើននៅតែបន្តអនុវត្ត ហើយប៉ះពាល់ដល់ពាក់កណ្តាលនៃលំហូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ពន្ធអាមេរិកលើទំនិញចិនមានអត្រាជាមធ្យម១៩,៣% ដោយផ្អែកលើទំងន់ពាណិជ្ជកម្ម នៅដើមឆ្នាំ២០២១ ស្របពេល ដែលពន្ធគយចិន លើផលិតផលអាមេរិកមានប្រហែល២០,៧%។ នេះបើយោងតាមទិន្នន័យចងក្រងដោយវិទ្យាស្ថាន Peterson។

ទិន្នន័យបានបង្ហាញថា មុនពេលសង្រ្គាមពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន នៅដើមឆ្នាំ២០១៨ ពន្ធសហរដ្ឋអាមេរិកលើទំនិញចិនមានអត្រាជាមធ្យម៣,១% ខណៈពន្ធរបស់ចិនលើទំនិញអាមេរិកមាន៨ភាគរយ៕

ទំហំនៃការលក់កំពូលនាវាកម្សាន្តកើនទឹកប្រាក់រាប់ពាន់លានដុល្លារ ខណៈ ក្រុមសេដ្ឋីគេចពីវិបត្តិកូវីដ-១៩

ដោយៈសុខុម
ក្រុងឡុងដ៍: ក្រុមមហាសេដ្ឋី ឬអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ បានចំណាយប្រាក់រហូតដល់ទៅប្រមាណ២ពាន់លានដុល្លារអាមេរិក គិតត្រឹមដើមឆ្នាំ២០២១នេះ ខណៈពួកគេព្យាយាមរត់គេចពីការបិទខ្ទប់ទីក្រុង និងការរឹតបន្តឹងការធ្វើដំណើរ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី១៩ ឧសភា នេះ។

ទស្សនាវដ្ដីអង់គ្លេស Boat International ដែលចុះផ្សាយអំពីកំពូលនាវាកម្សាន្ត និងជីវិតឡូយឆាយ របស់ក្រុមអ្នកមានបានលើកឡើងថា កំណើននៃការលក់កំពូលនាវាកម្សាន្តនេះ អាចធ្វើឱ្យឆ្នាំ២០២១ក្លាយជាឆ្នាំ ដែលលក់នាវាកម្សាន្ដដាច់បំផុតទាក់ទិននឹងការលក់នាវាកម្សាន្តមួយទឹក។

ទោះជាយ៉ាងណា អង្គការOxfam បានបញ្ចេញទស្សនៈថា វាជារឿងដ៏អាម៉ាស់ដែលលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ មិនត្រូវបានចំណាយលើវ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ អង្គការមនុស្សធម៌នេះ បានគូសបញ្ជាក់ថា សម្រាប់ថ្លៃចំណាយទៅលើកំពូលនាវាកម្សាន្តទាំងនោះ គឺល្មមគ្រប់គ្រាន់សម្រាប់ទិញវ៉ាក់សាំងចាក់ឱ្យពលរដ្ឋនេប៉ាល់បានគ្រប់គ្នា។

អង្គការ Oxfamបានលើកឡើងទៀតថា និន្នាការឈានទៅរករកការទិញកំពូលនាវាកម្សាន្ត ដែលបានចាប់ផ្ដើមកាលពីរដូវក្ដៅមុននេះ ធ្វើឱ្យ”កំពូលនាវាកម្សាន្តលក់ដាច់បំផុតមិនធ្លាប់មាន”។

ទស្សនាវដ្ដីអង់គ្លេស ដដែលបានគូសបញ្ជាក់ថា កំពូលនាវាកម្សាន្តត្រូវបានកំណត់ថា ជានាវាដែលមានប្រវែង វែងជាង២៤ម៉ែត្រឡើងទៅ និងត្រូវការក្រុមនាវិក៕

ក្រុងបូកគោចាប់ផ្តើមបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ឋដឹកនាំហើយ

ដោយៈគង់ សូរិយា
ភ្នំពេញៈ បន្ទាប់ពីទទួលបានការអនុម័តពីសម្តេចតេជោ ទីបំផុតការរៀបចំរចនាសម្ព៍ន្ឋសម្រាប់ដឹកនាំរដ្ឋបាលក្រុងថ្មីនេះបានចាប់ផ្តើមហើយ ជាមួយនឹងការឈរឈ្មោះរបស់បេក្ខជនមកពីគណបក្សចំនួន៤។

បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៤ នៅរសៀលថ្ងៃទី១៨ ខែឧសភាកន្លងមក គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។

ជាលទ្ធផល នៃការចាប់ឆ្នោតលំដាប់លេខរៀង ដែលគណបក្សនយោបាយនីមួយៗទទួលបានគឺ
ទី១-គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានលេខរៀងទី១
ទី២-គណបក្សយុវជនកម្ពុជាទទួលបានលេខរៀងទី២
ទី៣-គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី៣
ទី៤- គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤
គណកម្មាធិការៀបចំការបោះឆ្នោតបានឲ្យដឹងថា ការកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ហើយជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយនូវលេខរៀង និងឈ្មោះគណបក្សនយោបាយដែលគាត់ស្រលាញ់ពេញចិត្ត។

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចាប់ឆ្នោតរួចហើយ ក្នុងរយៈពេលយ៉ាងតិច៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត យោងតាមមាត្រា ២៦ នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

រាជរដ្ឋាភិបាលថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពតដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា ក្រុងបូកគោ មានសង្កាត់ចំនួន៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក៕