រដ្ឋាភិបាលសម្រេចផ្តល់នីតិសម្បទានគរបាលយុត្តិធម៌ចំនួន ៣៦១នាក់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសសំណង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីអធិការកិច្ចសំណង់នៃអគ្គនាយដ្ឋានសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី និងរូបនីយកម្ម អគ្គនាយកដ្ឋានលំនៅឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចំនួន៣៦១នាក់ ដើម្បីទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសសំណង់ជាក់ស្ដែង។

យោងតាមសេចក្ដីប្រកាសរបស់អន្តរក្រសួង(ក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់) ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ដើម្បីទប់ស្កាត់នូវរាល់បទល្មើសសំណង់ និងដីធ្លីនៅទូទាំងប្រទេសកម្ពុជា តបតាមការស្នើសុំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី តាមរយៈក្រសួងយុត្តិធម៌បានសម្រេចផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីរៀបចំដែននៅទូទាំងប្រទេសសរុប៣៦១នាក់។

លោកជិន ម៉ាលីនរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា នេះជាយន្តការធម្មតា ព្រោះច្បាប់បានកំណត់ថា អ្នកដែលអាចមានសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានលុះត្រាតែជាមន្ត្រីនគរបាលយុត្តិធម៌ ដូច្នេះស្ថាប័នជំនាញដែលត្រូបបង្ក្រាបនូវបទល្មើសព្រហ្មទណ្ឌពិសេសនៅក្នុងវិស័យរបស់ខ្លួនត្រូវសុំនីតិសម្បទាជានគរបាលយុត្តិធម៌ពីសំណាក់ក្រសួងយុត្តិធម៌។

លោកបានបញ្ជាក់ថា “ក្រសួងយុត្តិធម៌បានផ្តល់ជូននូវមន្ត្រីតាមអង្គភាពជំនាញមួយចំនួនដែលត្រូវមានសមត្ថកិច្ចត្រូវទប់ស្កាត់ បង្ក្រាប់បទល្មើសព្រហ្មទណ្ឌពិសេសក្នុងវិស័យរបស់ខ្លួន។ ដោយឡែកស្ថិតនៅក្នុងវិស័យសំណង់ មន្ត្រីជំនាញមួយចំនួននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏ត្រូវមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ទើបអាចបញ្ចេញសកម្មភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌពិសេសពាក់ព័ន្ធទៅនឹងវិស័យសំណង់ ក៏ដូចជាបទល្មើសដីធ្លីបានពេញលេញ”។

ពាក់ព័ន្ធទៅនឹងបទល្មើសដែលស្ថិតនៅក្នុងវិស័យសំណង់ និងដីធ្លី កាលពីពេលកន្លងទៅនេះគេសង្កេតឃើញមានកើតឡើងជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានដូចជា ការសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាត ការសាងសង់សំណង់បំពានលើសពីការកំណត់របស់ច្បាប់ ក៏ដូចជាការសាងសង់ខុសពីបទដ្ឋានជាដើម។ ក្រៅពីនេះក៏បានករណីខ្លះពាក់ព័ន្ធទៅនឹងការកាន់កាប់ដីដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងបំពានផងដែរ៕

អាគារពាណិជ្ជកម្មលំដាប់អន្តរជាតិថ្មីមួយលើទីក្រុងកោះពេជ្រត្រៀមបើកដំណើរការ

ដោយៈគង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយកំពស់៤៣ជាន់ ស្ថិតនៅលើទីក្រុងកោះពេជ្រ បានត្រៀមបើកទ្វារទទួលអតតិថិជនរបស់ខ្លួនហើយ បើទោះបីកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ក្តី។

យោងតាមព៌តមាន ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងថា GIA Tower បានឈានដល់ដំណាក់កាល អបអរជាមួយនឹងដំណាក់កាលបញ្ចប់ការរៀបចំននិងសាងសង់។ ក្រុមការងារយើងខ្ញុំកំពុងរៀបចំ ដើម្បីស្វាគមន៍អតិថិជនមកកាន់ការិយាល័យថ្មីរបស់ពួកគាត់។

ស្ថាប័ននិងក្រុមហ៊ុនផ្នែកច្បាប់ល្បីៗជាច្រើន បានជ្រើសរើសអគារ GIA មានដូចជា៖ National Cambodia Arbitration Center (NCAC), SokSiphana&associates, HBS Law, Camchin Law Firm, SP&P Law Associates ។ល។

ទន្ទឹមនឹងនេះដែរ យើងខ្ញុំនឹងចាប់ផ្ដើមចែករំលែក ជាមួយនឹងរូបភាពជាច្រើន ដើម្បីបង្ហាញពីភាពអស្ចារ្យ នៃគម្រោងរបស់យើង។ អគារ៤៣ជាន់ដែលរួមបញ្ចូលជាមួយនឹងរចនាបែបទំនើបនិងមានទីធ្លាបៃតង ដើម្បីបំពេញបន្ថែមនូវសោភ័ណភាពរបស់អគារដោយរក្សានូវគុណភាពនិងបច្ចេកវិទ្យាតាមស្តង់ដារអន្តរជាតិ៕

ការសាងសង់ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាមប្រវែង៣១៤គីឡូម៉ែត្រនៅខេត្តមណ្ឌលគីរីសម្រេចបាន៨០ភាគរយ

ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនរវាងកម្ពុជា-វៀតណាមដែលស្ថិតនៅខេត្តមណ្ឌលគីរី ដែលជាផ្លូវប្រវត្តិសាស្ត្ររវាងប្រទេសទាំង២ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងពេលឆាប់ៗខាងមុខនេះ។

អភិបាលខេត្តមណ្ឌលគីរី លោកស្វាយ សំអ៊ាងបានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្ដែង នៃការទប់ស្កាត់ការរាដាលជំងឺឆ្លងនៅតំបន់ព្រំដែនកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅខេត្តមណ្ឌលគីរី(កម្ពុជា)ជាប់ជាមួយខេត្តបី (ប្រទេសវៀតណាម) ដោយកម្លាំងវិស្វកម្ម ដែលមានប្រវែងសរុប៣១៤គីឡូម៉ែត្រ បានសម្រេចលទ្ធផលប្រមាណ៧០-៨០ភាគរយហើយ ដែលនឹងគ្រោងបញ្ចប់ឱ្យបានទាំងស្រុង នៅក្នុងឆ្នាំ២០២១នេះ។

លោកបន្តថា “ផ្លូវនេះជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងជាផ្លូវសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជា ក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះបានជួយសម្រួលដល់បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ”។

លោកអភិបាលបានបញ្ជាក់ថា “ផ្លូវមួយខ្សែនេះ គឺជាផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ហើយក៏ជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានជួយសម្រួល កងកម្លាំងឈរជើងការពារព្រំដែន ងាយស្រួលចូលទៅគ្រប់គ្រង និងការពារបូរណភាពទឹកដីការពារជាតិមាតុភូមិ”។

ជាមួយគ្នានេះ លោកស្វាយ សំអ៊ាងអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាល និងយោធា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនត្រង់ចំណុចប៉ុស្តិ៍អូរហ៊ុយ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីមា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែននៃប្រទេសជិតខាងឲ្យមានលក្ខណៈល្អប្រសើរ៕

រដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរនាខែមេសាខាងមុខ

ដោយ:គង់ សូរិយា
ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកម្មករ និយោជិតក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ តាមការកំណត់នៅខែមេសាខាងមុខនេះ ខណៈក្រសួងការងារ បានស្នើសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជួយសម្របសម្រួលជាមួយម្ចាស់ ឬនាយករោងចក្រ រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ។

អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោកកាំង ម៉ូនីកាបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ថា តាមការគ្រោងទុក នៅថ្ងៃអង្គារ៍ ទី៣០សប្តាហ៍ក្រោយនេះ ក្រសួងការងារនិងបណ្តុះបណ្តាល ជាមួយក្រសួងសុខាភិបាល នឹងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចាក់វ៉ាក់កូវីដ១៩ ជូនដល់គិលានុបដ្ឋាក គិលានុបដ្ឋាយិកា តាមរយៈប្រព័ន្ធអនឡាញ (Online)។

លោកឲ្យដឹងទៀតថា “ការងារនេះគេបង្កើតជាក្រុមការងារចាស់ មិនមែនរោងចក្រមួយយកគ្រូពេទ្យម្នាក់មកចាក់ទេ គេបង្កើតជាក្រុមផ្សេងៗគ្នា ដោយមួយក្រុមមានប្រមាណ១០០នាក់ ចុះទៅតាមរោងចក្រ ឬតំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្មណាមួយ”។។ លោកបន្តថា “មានកម្មករ និយោជិផ្ញើរមកឈ្មោះគិលានុបដ្ឋាយិកាមកបណ្តើរៗហើយ ដើម្បីចូលរួមជាមួយក្រុមការងាររបស់រដ្ឋាភិបាល ជាមួយក្រសួងការងារ និងក្រសួងសុខាភិបាល យើងទើបផ្ញើរចេញម្សិលមិញ””។

លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈននិងជាអ្នកនាំពាក្យបានឲ្យដឹងផងដែរថា ដូចជាយើងនឹងចាប់ផ្តើមបង្រៀនគាត់ ហើយនៅដើមខែក្រោយនឹង មិនដឹងសប្តាហ៍ណាច្បាស់លាស់ទេវ៉ាក់សាំង នឹងមកដល់ហើយយើងនឹងចាប់ផ្តើមយុទ្ធនាការចាក់។

លោកបន្តថា “ខាងខ្ញុំគ្រាន់តែដើរតួនាទី ជួយសម្របសម្រួលបន្ថែមទៀត ទាំងរដ្ឋាភិបាល និងរោងចក្រ”។
ជាមួយគ្នានេះ លោកបានអំពាវនាវទៅដល់បងប្អូនកម្មករ និងជនរួមជាតិរួមគ្នាចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ទាំងអស់គ្នា ព្រោះការចាក់វ៉ាក់សាំងការពារនេះ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសា។ លោកបន្ថែមថា ចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ដែលឲ្យយើងអាចចេញធ្វើការរកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន។

ជាមួយគ្នានេះ លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានសម្តែងការអរគុណ ដល់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទៅដល់បងប្អូនកម្មករ និយោជិតមិនថា ក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសការផ្តល់វ៉ាក់សំាងនេះ ដែលអាចបញ្ចៀសបាននូវហានិភ័យរបស់បងប្អូនកម្មករក្នុងគ្រាអាសន្ននេះ។

គិតមកដល់បច្ចុប្បន្ននេះ សមាជិក នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា រួមមាន៖វិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិត ផលិតផលធ្វើដំណើរ និងរោងចក្រផលិតស្បែកជើង សរុបចំនួនប្រមាណជាង ៦៦០សមាជិក ដែលស្មើនឹងកម្មករ កម្មការនី និយោជិតសរុបចំនួនប្រមាណជាង ៧៥ម៉ឺននាក់៕

អ្នកជំនាញៈក្នុងរយៈពេលជាង១ខែចុងក្រោយ ការទិញ-លក់អចលនទ្រព្យដាំក្បាលចុះយ៉ាងគំហុក

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងរយៈពេលជាង១ខែចុងក្រោយនេះ ពោលគឺចាប់តាំងពីផ្ទុះឡើងនូវព្រឹត្តិការណ៍ទី២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកទិញ-លក់ក្នុងវិស័យអលនទ្រព្យគ្រប់ប្រភេទរាប់ទាំងទីផ្សារលំនៅឋាន ដីឡូតិ៍ និងខុនដូផងដែរ ដោយសារតែមនុស្សភាគច្រើន បានផ្អាកសកម្មភាពចេញដើរក្រៅខ្លាចឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

អគ្គនាយកក្រុមហ៊ុនCentury 21 Advance លោកឡុង គឹមសួគ៌ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះថា បន្ទាប់ចាប់ផ្តើមផ្ទុះឡើងនូវព្រឹត្តិការ២០កុម្ភៈរហូតមកដល់ពេលនេះ ទីផ្សារអចលនទ្រព្យគ្រប់ប្រភេទនៅកម្ពុជាបានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងការទិញ-លក់ដីធ្លី លំនៅឋានខុនដូផងដែរ។

លោកបានថ្លែងថា “យើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះ គឺស្ងាត់តែម្តង។ បើនៅតាមផ្សារទំនើបវិញ មានតែអ្នកលក់ ប៉ុន្តែ អ្នកទិញអត់មាន ព្រោះគេខ្លាចឆ្លងជំងឺកូវីដ គេមិនចេញក្រៅទេ”។ លោកបន្តថា “ទីផ្សារអចលនទ្រព្យមិនសកម្មដូចទីផ្សារទិញលក់សម្ភារៈដែលមានតម្រូវការរាល់ថ្ងៃនោះទេ ហើយនៅពេលកើតមានព្រឹត្តិការណ៍ដូច្នេះទៀត កាន់តែស្ងប់ស្ងាត់មែនទែន ហើយសកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យកើនឡោះងវិញនៅពេលណា គឺវាអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃការទប់ស្កាត់ជំងឺ”។

ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកសំ សុខនឿន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍២០ កុម្ភៈ ដែលបាននឹងកំពុងកើតឡើងនាពេលនេះ ជាព្រឹត្តិការណ៍ដ៏លំបាកមួយរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងខ្លាំងជាងព្រឹត្តិការណ៍មុនៗដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្ទើរគ្រប់ប្រភេទ រួមទាំងវិស័យអចលនទ្រព្យផងដែរ។

លោកសំ សុខនឿន បញ្ជាក់ថា “ដោយមើលឃើញពីស្ថានភាពបែបនេះ បានធ្វើឱ្យមនុស្សមិនហ៊ានដើរចេញក្រៅ ក្នុងការប្រកបមុខរបរ ឬការចចារក្នុងទិញលក់ផ្សេងៗ ជាពិសេសលើវិស័យអចលនទ្រព្យ ដែលនៅក្នុងព្រឹត្តិការណ៍នេះ ការទិញលក់មានការធ្លាក់ចុះខ្លាំង បើធៀបជាមួយនឹងព្រឹត្តិការណ៍មុនៗ”។

លោកបន្តថា «នៅក្នុងខែនេះ ការទិញលក់មានការធ្លាក់ចុះខ្លាំង ដោយសារគាត់មិនអាចជួបជុំ ឬពិភាក្សាគ្នាបាន។ពេលនេះខ្ញុំអាចនិយាយបានថា វាប៉ះពាល់ខ្លាំងមែនទែន ហើយប្រសិនបើបញ្ហានៃការរាលដាលនេះ នៅតែអូសបន្លាយយូរទៀត មិនមែនតែវិស័យអចលនទ្រព្យនោះទេដែលប៉ះពាល់ ទីផ្សារក្នុងវិស័យដទៃទៀតក៏ប៉ះពាល់ដូចគ្នា រាប់ទាំងសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភាគច្រើនផងដែរ”៕

គម្រោងខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗចំនួន៣បានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗចំនួន៣ នៅទីក្រុងភ្នំពេញ បានប្រកាសបញ្ចប់ការសាងសង់របស់ខ្លួនដើមឆ្នាំ២០២១ ដើម្បីត្រៀមបម្រើឱ្យទីផ្សារ និងសេវាកម្មអចលនទ្រព្យនាពេលមុខឆាប់ៗ ទោះបីសិ្ថតក្នុងអំឡុងមានវិបត្តិកូវីដ១៩ ដែលបង្កផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក រួមមានទាំងកម្ពុជាក៏ដោយ។

គម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗចំនួន៣ ដែលបានប្រកាសបញ្ចប់ការសាងសង់នេះ មានដូចខាងក្រោម៖

ទី១) ដោយមានកម្ពស់ជាង៣០ជាន់ គម្រោងសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាម (Wyndham) របស់មជ្ឈមណ្ឌលលីស៊ីន CEO ដែលស្ថិតនៅក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបញ្ចប់គ្រោងអគារ និងកសាងដល់ជាន់ដំបូល នៅឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ។

ជាក់ស្ដែង នៅថ្ងៃទី២៥ ខែមករា មជ្ឈមណ្ឌលលីស៊ីន CEO បានប្រារព្ធពិធីបញ្ចប់ ការសាងសង់គ្រោងអគារដោយ មានការប្រសិទ្ធិពរពីព្រះសង្ឃ និងការសម្តែង ម៉ុងសាយអមដោយសំឡេងម៉ាស៊ីន របារដែកចុងក្រោយ ត្រូវបានបិទជិត។

យោងតាមផែនការក្នុងការសាងសង់ បន្ទាប់របស់ក្រុមហ៊ុនលីស៊ីន CEO បានផ្តោតសំខាន់ទៅលើ រូបរាងខាងក្រៅនៃដំបូលអាគារ ដែលមានរូបរាងពពក និង សំណង់ខាងក្នុង នៃសណ្ឋាគារលំដាប់ផ្កាយ៥ WYDHAM នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ តាមការគ្រោងទុក។

ទី២) ក្រុមហ៊ុន ម៉ារីថាម អសិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ារីថាម គ្រុប នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំពិធីបិទបញ្ចប់ការសាងសង់ គ្រោងអគារការិយាល័យទំនើបរបស់ខ្លួន ដែលមានឈ្មោះថា «Maritime Tower»។

អគារការិយាល័យទំនើបនេះ មានកម្ពស់២៦ជាន់ វិនិយោគទឹកប្រាក់ ៣០លានដុល្លារអាមេរិក ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹងក្លាយទៅជាតំបន់ធុរកិច្ចដ៏មានសក្តានុពល ប្រមូលផ្ដុំទៅដោយអគារទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតអន្តរជាតិ។

អគារការិយាល័យទំនើបលំដាប់អន្តរជាតិ តម្លៃ៣០លានដុល្លារ «Maritime Tower» ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២១នេះ។

ទី៣) នៅចុងភ្នំពេញ ២០២០ ជាមួយនឹងការរៀបចំចាក់សាបចុងក្រោយបង្អស់ Morgan Tower ត្រូវបានបញ្ចប់ការសាងសងជាស្ថាពរ។ ចាប់តាំងពីការបុកគ្រឹះនៃ Morgan Tower នៅខែសីហា ឆ្នាំ២០១៨ រហូតដល់បានបញ្ចប់៤៨ជាន់ អស់រយៈពេល២៨ខែ ហើយវាបានផ្តល់នៅចម្លើយដ៏ល្អឥតខ្ចោះ ដល់ម្ចាស់វិនិយោគិន និងដៃគូអាជីវកម្មជាច្រើន។

Morgan ជឿជាក់ថា សកម្មភាពជាក់ស្តែង គឺជាពាក្យដែលមានឥទ្ធិពលបំផុត ដោយទទូចឲ្យបកស្រាយគោលគំនិត ជាមួយនឹងសកម្មភាពប្រកបដោយប្រសិទ្ធភាព និងមើលឃើញពីភាពរឹងមាំប្រកបដោយគុណភាពខ្ពស់។

ស្ថិតក្រោមបរិយាកាសពិសេស នៃការរីករាលដាលនៃជំងឺ Covid 19 ឆ្នាំ២០២០ Morgan បានទប់ទល់នឹងហានិភ័យ នៃការរីករាលដាលនៃជំងឺ Covid19 សម្ភារសំណង់ខ្វះខាត ថ្លៃពលកម្មកើនឡើង និងការលំបាកក្នុងការសាងសង់ក្នុងរដូវវស្សា ហើយបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវវឌ្ឍនភាពនៃសំណង់ និងស្តង់ដារសំណង់ ហើយខិតខំធ្វើឲ្យសំណង់ នឹងផលិតផលល្អបំផុតតាមស្តង់ដាដ៏តឹងរឹង។

Morgan សង្ឃឹម Morgan Tower នឹងបញ្ជប់ការសាងសង់បានយ៉ាងជោគជ័យ ក្នុងពេលដំណាលគ្នានេះដែរ ក្រុមហ៊ុនត្រៀមនឹងប្រគល់ជូន នៅអគារការិយាល័យ ភាពរុងរឿង នៃអាជីវកម្មនាពេលអនាគត របស់រាជធានីភ្នំពេញ បានចាប់ផ្តើមលេចចេញជារូបរាង៕

ប្រា​សាក់​ចូលរួម​អនុវត្ត ៣ការពារ ៣កុំ ដើម្បី​បញ្ឈប់​ការរីក​រាលដាល​ជំងឺ​កូ​វីដ -19

ដោយ​ ស្រី​ណា​ង

ភ្នំពេញ៖ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ19នាពេលថ្មីៗនេះ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បានដាក់​ចេញ​ជា​វិធានការ​ជាបន្ទាន់​និង​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ19 ដោយ​តម្រូវឱ្យ​អតិថិជន​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ «3 ការពារ និង 3 កុំ» ។ ប្រា​សាក់ បាន​បង្កើត​បដា «3 ការពារ និង 3 កុំ»  ដើម្បី​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក “PRASAC MFI”  និង​តាម​ការិយាល័យ​របស់ខ្លួន​ប្រមាណ​ជា​ជិត 200 ទីតាំង​ផងដែរ។ ទាំង​អតិថិជន និង​បុគ្គលិក​ប្រា​សាក់ តម្រូវឱ្យ​ប្រតិបត្តិ 4 ចំណុច​ជា​ចាំបាច់​មុន​ចូលក្នុង​ការិយាល័យ​ប្រា​សាក់ រួមមាន៖ 1. ស្កេ​ន QR កូដ ទប់ស្កាត់​មេរោគ​កូ​វីដ-19 , 2. ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ 3. ពិនិត្យ​សីតុណ្ហភាព 4. លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល​លាងដៃ ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព ផងដែរ។

ជាមួយគ្នានេះដែរ ប្រា​សាក់ បាន​បិទ​ផ្សាយ​ប័ណ្ណប្រកាស «យើង​រួមគ្នា​ប្រឆាំង​មេរោគ​កូ​វីដ19»  នៅលើ​ទ្វារ​សាខា ទ្វារផ្ទះ​អេ​ធី​អឹម បញ្ជរ​បេឡា និង​នៅលើ​តុ​បម្រើសេវា​អតិថិជន ដើម្បីឱ្យ​អតិថិជន​អាច​ស្កេ​ន​លេខ​កូដ QR បាន​យ៉ាង​ងាយស្រួល។ ប្រា​សាក់ ក៏បាន​បិទ​ស្ទី​គ័​រ វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វីដ-19 នៅតាម​សាខា​របស់ខ្លួន ដើម្បី​បង្កើន​ការយល់ដឹង​ជូន​អតិថិជន​ផងដែរ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «យើង​បាននិងកំពុង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បញ្ឈប់​ការរីក​រាលដាល​ថ្មី​នៃ​ជំងឺ​កូ​វីដ-19 ។ ប្រា​សាក់ បាន​តម្រូវឱ្យ​អតិថិជន​និង​សាធារណជន អនុវត្ត​វិធាន​ផ្នែកអនាម័យ​ល្អ និង​សុវត្ថិភាព ដូចជា ការត្រួតពិនិត្យ​វាស់​ស្ទង់​សីតុណ្ហភាព​របស់​បុគ្គលិក និង​អតិថិជន​ទាំងអស់​មុននឹង​ចូលក្នុង​អគារ​ប្រា​សាក់ ការលាង​សម្អាត​ដៃ​ជា​ញឹកញាប់​ជាមួយនឹង​សាប៊ូ​ឬ​អាល់កុល​លាងដៃ ការពាក់​ម៉ាស ការរក្សា​គម្លាត​នៃ​ការប្រាស្រ័យ​ទាក់ទង និង​ការសម្អាត​ការិយាល័យ​ជាប្រចាំ។ យើង​ក៏បាន​ផ្លាស់ប្តូរ​ការប្រជុំ និង​វគ្គ​បណ្តុះបណ្តាល​ពី​ការជួប​ផ្ទាល់​ទៅជា​អន​ឡាញ (Online) វិញ និង​ចាត់ចែង​បុគ្គលិក​មួយចំនួន​ឱ្យធ្វើ​ការ​ពី​ផ្ទះ ដើម្បី​កាត់បន្ថយ​ការជួប​ផ្ទាល់» ។

លោក សាយ សូ​នី បាន​លើកឡើងថា «ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​ទាំងអស់​អាច​រួមគ្នា​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-19 បាន​ជាក់​ជាមិនខាន។ ក្នុងពេល​វេលា​ដ៏​លំបាក​នេះ តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ទាំងអស់​របស់​ប្រា​សាក់ ខ្ញុំបាទ​សូម​គោរព​ជូនពរ​ចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាពគ្រប់ៗគ្នា។ សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់ និង​ក្រុមគ្រួសារ។ យើង​រួមគ្នា​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ-19 ដោយ​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូ​វីដ-19 របស់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំងអស់គ្នា» ៕

ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​គ្រោង​វិនិយោគ១០ពាន់​លាន​ដុល្លារ​អាមេរិក​នៅប្រទេស​ឥណ្ឌូនេស៊ី

ដោយៈ​សុខុម

ឌូ​បៃ:  ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី២៣ មីនា ថា ប្រទេស​នេះ​នឹង​វិនិយោគ ទឹកប្រាក់​ចំនួន១០ពាន់​លាន​ដុល្លារ​អាមេរិក លើ​មូលនិធិ​វិនិយោគ (Sovereign Wealth Fund) ទើប​បង្កើត​ថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នឹងត្រូវ​យកទៅ​ចំណាយ​លើ​គម្រោង​នានា ក្នុង​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ មួយ​នេះ។

នេះ​គឺជា​ការសន្យា​បោះទុន​វិនិយោគ​ធំ​បំផុត របស់​បរទេស​សម្រាប់​អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី (INA) និង​ជាការ​វិនិយោគ​ដំបូងបង្អស់ ចាប់តាំងពី​មូលនិធិ​នេះ​ត្រូវបាន​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែកុម្ភៈ។

ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី ធ្លាប់បាន​លើកឡើងថា នៅ​មុនពេល​មូលនិធិ​នេះ ដំណើរការ​ជា​ផ្លូវការ អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី ក៏​ធ្លាប់​ទទួលបាន​ការសន្យា បោះទុន​វិនិយោគ​រហូត​ដល់​ទៅ១០ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ ពី​សំណាក់​ក្រុមហ៊ុន និង​ទីភ្នាក់ងារ​នានា​ទូទាំង​ពិភពលោក​រួមមាន ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)  ធនាគារ​ជប៉ុន ដើម្បី​កិច្ច​សហ​ប្រវត្តិ​ការ​អន្តរជាតិ (Japan Bank for International Cooperation) និង​មូលនិធិ​សោធន​បរទេស​មួយចំនួន​ទៀត។

ដើម្បី​ដំណើរការ​មូលនិធិ​វិនិយោគ​នេះ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា​នឹង​ផ្ដល់ទុន​ចំនួន៥ពាន់​លាន​ដុល្លារ​អាមេរិក ជា​សាច់ប្រាក់ និង​ទ្រព្យសម្បត្តិផ្សេងៗទៀត។ ខុសពី​មូលនិធិ​វិនិយោគ​ជាច្រើន​ផ្សេងទៀត ដែល​គ្រប់គ្រង​ប្រាក់ចំណូល​ប្រេង ដែល​លើស ឬ​ទុនបម្រុង​អន្តរជាតិ (Foreign Exchange Reserves) អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី ស្វះ​ស្វែងរក​មូលនិធិ​បរទេស​នានា មក​ធ្វើជា​សហ​វិនិយោគិន ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ពី​វិបត្តិ​កូ​វីដ-១៩ ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ WAM របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​ចុះផ្សាយ​ថា ការវិនិយោគ​របស់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន ផ្លូវថ្នល់ កំពង់ផែ ព្រមទាំង​វិស័យ​ទេសចរណ៍ កសិកម្ម និង “វិស័យ​ជា​យុទ្ធសាស្ត្រ” ផ្សេងៗទៀតផង​ដែរ។

ទោះជា​យ៉ាងណា មិនទាន់មាន​ការបញ្ជា​ក់​ពី​ពេលវេលា​ជាក់ នៃ​ការទម្លាក់​ទុនវិនិយោគ​នេះ​នៅឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​សម្របសម្រួល​កិច្ចការ​នាវាចរណ៍ និង​វិនិយោគ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​លើកឡើងថា ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្វាគមន៍​ការប្រកាស​នេះ ហើយ​ខ្លួន​នឹង “ជួយ​បង្រួម​គម្លាត រវាង​សមត្ថភាព​ផ្ដល់​មូលនិធិ​ក្នុងស្រុក និង​តម្រូវការ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​នានា” ។

ក្រុមមន្ត្រី​និយាយថា អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី នឹង​ផ្តល់ឱកាស​ដល់​វិនិយោគិន​បរទេស​នានា ឱ្យក្លាយ​ជា​សហ​វិនិយោគិន នៅក្នុង​មូលនិធិ​វិនិយោគ​នេះ។

ទីភ្នាក់ងារ​ដាក់​កម្រិត​ឥណទាន របស់​សហរដ្ឋអាមេរិក Fitch Ratings បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី២២ មីនា​ថា ការចាប់ផ្តើម​ដំណើរការ​មូលនិធិ​វិនិយោគ របស់​អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី​នេះ ទំនងជា​មិនអាច​កាត់បន្ថយ កម្រិត​បំណុល​របស់​ក្រុមហ៊ុន​នានា​ក្នុងប្រទេស​នេះនោះ​ឡើយ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​សមត្ថភាព​របស់​ប្រទេស​ឥណ្ឌូនេស៊ី នៅក្នុង​ការ​កៀរគរ​មូលនិធិ ប្រហែលជា​អាច​រឹងមាំ​ជាង​មុន ប្រសិនបើ​មូលនិធិ​នេះ​អាច​ទាញ​មូលធន​បរទេស​ចូលក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា។

ទោះជា​យ៉ាងណា ទីភ្នាក់ងារ​ដាក់​កម្រិត​ឥណទាន Fitch Ratings រំពឹងថា ការ​កៀរគរ​មូលនិធិ​បែបនេះ នឹង​លេចចេញ​ជា​រូបរាង​ក្នុង​រយៈពេល​វែង បន្ទាប់ពី​អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី មានកំណត់​ត្រា​ផ្ដល់​មូលនិធិ និង​គ្រប់គ្រង​គម្រោង​ត្រឹមត្រូវ។

មន្ត្រី​និយាយថា អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី បាននិងកំពុង​ពិនិត្យមើល​ឡើងវិញ​នូវ​ឱកាស​វិនិយោគ លើ​គម្រោង​ផ្លូវ​បង់ប្រាក់​ជាង២០គម្រោង ដែលមាន​តម្លៃ​សរុប​ប្រមាណ២,៦ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងចំណោម​គម្រោងផ្សេងៗទៀត៕

សកម្មភាព​ពុះ​ដីឡូត៍​លក់បាន​ចាប់ផ្តើម​រីក​រាលដាល​កាន់តែច្រើន​នៅ​ខេត្តមណ្ឌលគិរី

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គម្រោង និង​សកម្មភាព​ពុះ​ដីឡូត៍​លក់ ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​កើន​ឡើងជា​បន្តបន្ទាប់ និង​មាន​សន្ទុះ​ខ្លាំង​ជាង​ការវិនិយោគ អភិវឌ្ឍន៍​រមណីយដ្ឋាន ខណៈ​ខេត្ត​នេះ បាននិងកំពុង​ក្លាយជា​គោលដៅ របស់​អ្នកវិនិយោគ​ក្នុងស្រុក​ជាច្រើន ដោយ​ភាគច្រើន​បានបង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍។

លោក​ស៊ា ឆៃ​លីន​ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Chailin Sear Realty Co,.Ltd  បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា សកម្មភាព​ពុះ​ដីឡូត៍​លក់​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​មានការ​កើនឡើង​ឡើងជា​បន្តបន្ទាប់។

ទោះបី​វិស័យ​អចលនទ្រព្យ មាន​ភាពស្ងប់ស្ងាត់​បន្តិច ដោយសារ​វិបត្តិ​កូ​វីដ១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍២០ កុម្ភៈ ប៉ុន្តែ​លោក​ស៊ា ឆៃ​លីន​បាន​លើក​ថា ទីផ្សារ​ដីឡូត៍​ក្នុង​ខេត្តមណ្ឌលគិរី ចាប់ផ្តើម​មាន​សកម្មភាព និង​ការកើនឡើង​នូវ​ប្រជាប្រិយភាព ជាង​ការវិនិយោគ​រមណីយដ្ឋាន​នាពេល​បច្ចុប្បន្ន។

លោក​ប្រាប់ទៀតថា “ជាមួយនឹង​សម្ទុះ​នៃ​ការអភិវឌ្ឍ នៅក្នុង​ខត្ត​ពេលនេះ សកម្មភាព​ពុះ​ដីឡូត៍ នឹងមាន​កាន់តែច្រើន​នៅក្នុង​ខេត្តមណ្ឌលគិរី ហើយ​តម្លៃ​ក៏​នឹង​កើនឡើង​តាម​នោះដែរ​នាពេលខាងមុខ” ។

ខេត្ត​មណ្ឌល​គី​រី​នាពេល​បច្ចុប្បន្ន កំពុង​ក្លាយជា​គោលដៅ​របស់​អ្នកវិនិយោគ​ក្នុងស្រុក​ជាច្រើន ដោយ​ភាគច្រើន​បានបង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍ ក្នុង​វិស័យ​ទេសចរណ៍​ដោយ​ការ​បង្កើតជា​តំបន់​កម្សាន្ត​បែប​កែច្នៃ រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​លំហែរ​កាយ​ដែលមាន​តម្លៃ​ចាប់ ពី​ជាង៣ម៉ឺន​ដុល្លារ​រហូតដល់៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខ្នង។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម ​បាន​មានប្រសាសន៍ថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្តមណ្ឌលគិរី​នាពេល​បច្ចុប្បន្ន​ភាគច្រើន ជាការ​វិនិយោគ​របស់​អ្នកវិនិយោគ​ក្នុងស្រុក ដែល​គម្រោង​នៅ​ខេត្ត​នេះ អ្នកវិនិយោគ​បាន​ផ្តោតលើ​រមណីយដ្ឋាន​បែប​លំហែរ​កាយ​ច្រើនជាង។

លោក​បន្តថា “សកម្មភាព​សេដ្ឋកិច្ច​របស់​ខេត្ត​បាន​ងើប​បន្តិចម្តងៗ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា ហើយ​កំលាំង​ទិញ​នៅ​មូលដ្ឋាន​នៅមានកម្រិត​នៅឡើយ” ។ លោក​បន្តថា “ខេត្តមណ្ឌលគិរី​ពិតជា​មានការ​ពុះ​ដីឡូត៍​លក់​ច្រើន និង​គំរោង​សាងសង់​ផ្ទះល្វែង​មួយចំនួន ប៉ុន្តែ​ការសាងសង់​ផ្ទះ​លក់​នៅមាន​ចំនួន​តុ​ច​តួច ដោយសារ​កត្តា​តម្រូវការ​នៅមាន​ទំហំ​ត​តូច​ន​ភៅ​ឡើយ” ។

លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន កំពុង​បង្ហាញខ្លួន​ជា​បន្តបន្ទាប់ ជាពិសេស​នៅក្នុង​ក្រុង​សែន​មនោ​រម្យ និង​តំបន់​ដែល​ស្ថិត​នៅជាប់​ក្រុង​ក្នុង​រូបភាព ដូចជា ការសាងសង់​បណ្តុំ​លំនៅដ្ឋាន​លំហែរ​ក្បែរ​ជើងភ្នំ​ជាដើម។

លោក​បាន​បន្តថា “គម្រោង​អភិវឌ្ឍន៍ថ្មីៗពី​វិស័យ​ឯកជន ខ្ញុំ​នៅ​មិនទាន់​ក្តាប់បាន​ច្បាស់​នៅឡើយ​នោះទេ ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​ក្រោម​ផែនការ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​គម្រោង​សាងសង់​ព្រលានយន្ដហោះ ក្នុង​តំបន់​ដែល​ស្ថិតនៅ​ស្រុក​អូររាំង គឺ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​សិក្សា ដោយ​ក្រុមហ៊ុន​ចិន​ដែល​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល ដែល​អាច​នឹង​គ្រោង​ចាប់ផ្តើម​ការដ្ឋាន​នៅ​ចុងឆ្នាំ​នេះ” ៕

ហេតុអ្វី​ខេត្ត​ចំនួន៤ នៅតែមាន​ការទិញ​លក់​ដីធ្លី​សកម្ម ទោះ​កម្ពុជា​កំពុង​ផុង​ក្នុង​វិបត្តិ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ ខេត្ត​ចំនួន៤ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា នៅតែមាន​សកម្មភាព​ទិញ​លក់​ដីធ្លី​យ៉ាងសកម្ម ជាង​បណ្តា​រាជធានី​ខេត្ត​ចំនួន២១ទៀត ដែល​បណ្តា​ខេត្ត​ទាំងនោះ​រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ កំពត និង​ខេត្តសៀមរាប។

អ្នកតាមដាន​ការវិវត្តន៍​នៃ​វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់ ដែលជា​ស្ថាបនិក​និង​ជា​អគ្គនាយក នៃ​គេហទំព័រ Propertyarea.asia បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី២៣ មិនា​កន្លងមក​ថា ការបន្ត​សកម្មភាព​នៃ​ការដោះដូរ​ដីធ្លី នៅតាម​បណ្តា​ខេត្ត​ដូច​លើក​ឡើងលើ មិនមែនជា​រឿង​ចៃដនយ​នោះទេ ប៉ុន្តែ​វា​កើតឡើង​ដោយសារ​កត្តាសំខាន់ៗមួយចំនួន​ដូចជា កត្តា​ភូមិសាស្ត្រ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល និង​ជំនឿ​ទុកចិត្ត​របស់​អ្នកវិនិយោគ​នៅក្នុង​វិស័យនេះ។

លោក​បន្តថា “ខេត្តកណ្តាល កំពត កំពង់ស្ពឺ និង​ខេត្តសៀមរាប ប្រៀប​បីដូច​ជាតា​រា​កំពុង​រះ​ថ្មី ដែល​ជាទី​ទាក់ទាញ​ការចាប់អារម្មណ៍ ដោយសារ​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល ដូចជា​ផ្លូវ ព្រលានយន្តហោះ និង​គោលនយោបាយ​ឧស្សាហកម្ម ដែល​បាន​ដាក់ចេញ” ។ លោក​បន្តថា “គ្មាន​ចក្ខុវិស័យ​ដឹកនាំ​ប្រទេស​ច្បាស់លាស់​ទេ ប្រទេសជាតិ​មិនអាច​រីកចម្រើន​បានទេ ហើយ​គ្មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ ក៏​មិនអាច​ទាក់ទាញ​លំហូរ​ទុក​វិនិយោគ​ក្នុងស្រុក និង​មកពី​បរទេស​នោះដែរ” ។

លោក​យិន លាង​គង់ បាន​បន្តថា នៅ​កម្ពុជា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ បាន​បន្ថែម​នូវ​គុណ​តម្លៃ និង​បង្កើត​តម្លៃបន្ថែម​យ៉ាងច្រើន​ដល់​ការ​អ​ភ​ភិ​វ​ឌ្ឍ​នានា ពិសេស​បានធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​យ៉ាងគំហុក ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ត្រូវបាន​ប្មុ​ខ​រដ្ឋាភិបាល​ចាត់ទុក​ជាស​សៃ​ឈាម​នៃ​សេដ្ឋកិច្ចជាតិ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​ដែល​បាន​ចុះ​សិក្សា និង​អង្កេត​ចរន្ត​ទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ ជាប់​ជាប្រចាំ​បា​មានប្រសាសន៍ថា ចរន្ត​ដោះដូរ​ដីធ្លី​បានកើត​ឡើង​ច្រើន នៅលើ​បណ្តា​ខេត្ត​ទាំង​បួន​នេះ បើ​គិត​កំឡុង​ត្រីមាស​ទី១នៃ​ឆ្នាំ២០២១នេះ ប៉ុន្តែ​ខេត្ត​ដទៃ​ក្រៅពី​ខេត្ត​ទាំង​បួន​នេះ អ្វីៗហាក់​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច ដោយសារ​វិបត្តិ​កូ​វីដ១៩ ដែល​បាននិងកំពុង​អូសបន្លាយ ប៉ុន្តែ​យើង​ជឿជាក់ថាអ្វីៗនឹងមាន​ភាពប្រសើរឡើង ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​បិទ​បញ្ចប់​នាពេលឆាប់ៗខាងមុខ។

លោក​បន្តថា “ទោះជា​មានការ​ដោះដូរ​ដីធ្លី​កើនឡើង ប៉ុន្តែ​តម្លៃ​មិនបាន​ហក់​ឡើង​នោះទេ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​កំពុង​កើតមាន ហើយ​ចរន្ត​សេដ្ឋកិច្ច​មិន​វិល​មករក​ភាពប្រក្រតី​លឿន​ពេក​នោះទេ ទោះជា​ព្រឹត្តិការណ៍២០កុម្ភៈ ត្រូវ​បិទ​បញ្ចប់​នាពេលខាងមុខ​ក្តី។ លោក​បន្តថា “ទោះជា​យ៉ាងណា​កំឡុងពេល​មាន​វិបត្តិ​បែបនេះ អ្នកមាន​ធនធាន​បានចាប់ផ្តើម​ប្រ​មួល​ទិញ​ដីធ្លី ព្រោះ​ជា​ពេលវេលា​ដែល​តម្លៃ​ដីធ្លី ស្ថិតក្នុង​ដំណាក់កាល​អាច​ច​ចា​បាន” ៕