ការវិភាគៈ វិនិយោគិនបរទេសកំពុងសម្លឹងមើលឱកាសវិនិយោគអចលនទ្រព្យនៅកម្ពុជានៅឆ្នាំ២០២៦

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ មានភស្តុតាងច្បាស់លាស់ដែលបង្ហាញថា វិនិយោគិនបរទេសបានសម្លឹងមើល វិស័យអចលនទ្រព្យនៅកម្ពុជា សម្រាប់ឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់។

ចំណុចទាំងអស់នេះ ជាមូលដ្ឋានសំខាន់ៗដែលមានការពិចា​រណាលើឱកាស និងហានិភ័យផងដែរ។

ហេតុអ្វីបានជាអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេមើលឃើញថាមានភាពទាក់ទាញ?

ចម្លើយគឺអ្នកទិញបរទេស បានគ្របដណ្ដប់ទីផ្សារខុនដូរួចហើយ នៅឆ្នាំ២០២៥ ប្រហែល៨២ភាគរយនៃការទិញខុនដូ នៅកម្ពុជាត្រូវបានទិញដោយជនបរទេស។

រដ្ឋាភិបាលបានធ្វើឱ្យការវិនិយោគ លើអចលនទ្រព្យកាន់តែងាយស្រួល តាមរយៈការកាន់កាប់អាផាតម៉ិន ដែលមានប្លង់កម្មសិទ្ធិ (ឧទា​ហរណ៍ ជនបរទេសអាចកាន់កាប់ខុនដូនៅពីលើដី) ដែលកម្រមាននៅក្នុងតំបន់។

លោកយិន លាងគង់សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានលើកយកការវិភាគមួយចំនួនមកបង្ហាញកាលពីថ្ងៃទី២៣ តុលា។

លោកបានបញ្ជាក់ថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្មរបស់រដ្ឋាភិបាលគឺជាការគាំទ្រដ៏សំខាន់ដល់វិស័យនេះ”។

លោកបានលើកជាឧទាហរណ៍ថា ការកើនឡើងនៃវណ្ណៈកណ្តាល ការកើនឡើងនៃទេសចរណ៍ ការតភ្ជាប់ដឹកជញ្ជូនថ្មី និន្នាការទាំងនេះធ្វើឱ្យអចលនទ្រព្យកាន់តែទាក់ទាញ។

លោកបន្តថា អ្នកជំនាញជាច្រើនបានបង្ហាញការព្យាករណ៍ផងដែរថា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ប្រហែលចាប់ផ្តើមពីឆ្នាំ ២០២៦-២០២៧។

ជាមួយនឹងភាគស្រពិចស្រពិលនៃទីផ្សារនេះ ការកើនឡើងនូវការផ្គត់ផ្គង់លើសតម្រូវការលើផ្នែកមួយចំនួន ដូចជា អាគារការិយាល័យ ខុនដូ ផ្សារទំនើប ក៏អ្នកវិនិយោគត្រូវគិតគូពីហានិភ័យសំខាន់ៗផងដែរ។នេះបើតាមលោកយិន លាងគង់បញ្ជាក់។

លោកបន្តថា “ជនបរទេសមិនអាចកាន់កាប់ដីធ្លី ដោយផ្ទាល់នៅកម្ពុជាបានទេ។ ពួកគេអាចកាន់កាប់អង្គភាពប្លង់កម្មសិទ្ធិ (ខុនដូ) ប៉ុន្តែមិនមែនជាដីដែលមានកម្មសិទ្ធិស្របច្បាប់ ក្រោមរដ្ឋធម្មនុញ្ញរបស់កម្ពុជាទេ”។ លោកបន្ថែមថា​ “ប៉ុន្តែយ៉ាងណា អ្នកវិនិយោគបរទេសមានសិទ្ឋទិញដីបាន ដោយប្រើប្រាស់ច្បាប់បរធនបាលកិច្ច”។

លោកបន្តថា សម្ពាធផ្គត់ផ្គង់លើសតម្រូវការ និងការកំណត់តម្លៃ ផ្នែកខ្លះនៃទីផ្សារ (ជាពិសេសខុនដូលំដាប់ខ្ពស់) កំពុងឃើញតម្រូវការមានកម្រិត និងហានិភ័យនៃការហួសកម្រិត។

ជាមួយគ្នានេះ ហានិភ័យហិរញ្ញប្បទាន និងម៉ាក្រូ៖ ធនាគារមានការប្រុងប្រយ័ត្នជាងមុន ហើយហានិភ័យសកល/វិនិយោគកាន់តែទូលំទូលាយត្រូវបានអនុវត្តន៍។

លោកយិន លាងគង់បានបន្តថា បើផ្អែកលើចំណុចខាងលើ សម្រាប់ឆ្នាំ២០២៦ ស្ថានភាពហាក់ដូចជា ជនបរទេសកំពុងស្វែងរក ហើយសក្តានុពលនៅតែល្អ ជាពិសេសនៅក្នុងខុនដូនៅភ្នំពេញ សៀម​រាប ឬតំបន់ឆ្នេរសមុទ្រដែលមានតម្រូវការខ្ពស់។ ប៉ុន្តែទីផ្សារមិនមានហានិភ័យទេ ប្រសិនជាការជ្រើសរើសធ្វើឡើងដោយប្រុងប្រយ័ត្ន៕

តើផ្លូវជាតិលេខ២៣ស្ថិតនៅទីណា និងមានសក្យានុពលតភ្ជាប់ពីតំបន់ណាទៅតំបន់ណា?

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ២៣(NR23) ប្រវែង១៩,៨គីឡូ​ម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)។

បើគិតរហូតមកទល់ពេលនេះ ការងារជួសជុល ថែរទាំ និងលើកកំពស់កម្រិតផ្លូវនេះ សម្រេចការស្ថាបនាបានរួចរាល់១០០% ហើយកាលពីដើមខែតុលា ឆ្នាំ២០២៥នេះ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ឲ្យដឹង។

ក្រសួងបានឲ្យដឹងបន្តថា ខ្សែផ្លូវជាតិដ៏សំខាន់នេះ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ  និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានស្ថាបនាឡើង ដែលជាផ្នែកមួយចម្បង និងជាផ្លូវយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាព ក្នុងការជួយសម្រួលដល់ការធ្វើចរាចណ៍របស់បងប្អូនពលរដ្ឋ។

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ ២៣ រួមមាន៖ ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ ការងារសាងសង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូAC ការរចនាចិញ្ចើមផ្លូវការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ ការរៀបចំជើងទេរ ដែលមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល៣ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕

ឥណ្ឌូនេស៊ីប្រកាសលើកទឹកចិត្តការទិញផ្ទះរហូតដល់ដំណាច់ឆ្នាំ២០២៧ ដើម្បីជំរុញវិស័យអចលនទ្រព្យ

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសបន្តការលើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) សម្រាប់ការទិញផ្ទះរហូតដល់ដំណាច់ឆ្នាំ២០២៧ ក្នុងគោលបំណងផ្តល់ភាពប្រាកដប្រជារយៈពេលវែងសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសឥណ្ឌូនេសុី។

វិធានការលើកទឹកចិត្តនេះត្រូវបានគេរំពឹងថា នឹងធានាបាននូវស្ថិរភាពសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកទិញផ្ទះ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Jakarta Globe។

នៅក្រោមវិធានការនេះ អ្នកទិញផ្ទះ ឬអាផាតមុិន ដែលមានតម្លៃអតិបរមាត្រឹម៥ពាន់លានរូពៀ (ប្រមាណ៣០០.០០០ដុល្លារអាមេរិក) មានសិទ្ធិទទួលបានការលើកលែងពន្ធអាករលើតម្លៃបន្ថែម១០០ភាគរយលើទំហំទឹកប្រាក់ចំនួន២ពាន់លានរូពៀនៃតម្លៃផ្ទះសរុប។

ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេសុីនឹងទទួលបន្ទុកទាំងស្រុងចំពោះអាករលើតម្លៃបន្ថែមសម្រាប់ការទិញផ្ទះដែលមានតម្លៃត្រឹម២ពាន់លានរូពៀ។

គោលនយោបាយនេះត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ការទិញផ្ទះប្រហែល៤០.០០០យូនីតក្នុងមួយឆ្នាំ។ ការណ៍នេះនឹងជំរុញវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។

ដើមឡើយ ការលើកលែងអាករលើតម្លៃបន្ថែម១០០ភាគរយបានអនុវត្តន៍ចំពោះការទិញផ្ទះចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥ និងការលើកលែង VAT ចំនួន៥០ភាគរយចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០២៥។

ក្រោយមកទៀត រដ្ឋាភិបាលឥណ្ឌូនេសុីបានសម្រេចចិត្តបន្តការលើកលែង VAT ចំនួន១០០ភាគរយ រហូតដល់ចុងឆ្នាំ២០២៥ មុនពេលប្រកាសអនុវត្តន៍វិធានការនេះរហូតដល់ដំណាច់ឆ្នាំ២០២៧៕ប្រភព: Jakarta Globe៕

គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះPeninsula Bayតម្លៃជាង១៥០០លានដុល្លារនៅក្រុងព្រះសីហនុកំពុងវិវត្តន៍ជាវិជ្ជមាន

ដោយៈ ម៉ាណា

    ព្រះសីហនុៈ ដំណើរការសាងសង់គម្រោង Peninsula Bay ដែលបានចាប់ផ្តើមពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៥ បាននិងកំពុងវិវត្តន៍ជាវិជ្ជមាន ដោយនៅពេលបញ្ចប់រួចរាល់ទាំងស្រុង គំរោងនេះនឹងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ប្រមាណ៥ពាន់នាក់ នៅពេលដំណើរការ។

គម្រោងប៉ាន់តាវផេនីសូលឡា តម្លៃ១,៥៧៤លានដុល្លារ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd ដំណាក់កាលទីមួយប្លុកតំបន់A និងប្លក់តំបន់B មានដូចជា៖ អគារខុនដូរ អគារពាណិជ្ជកម្ម ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀត ដំណាក់កាលទីមួយ នឹងបញ្ចប់ការសាងសង់រួចរាល់ នៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

ដោយឡែនដំណាក់កាលទីពីរ គម្រោងនិងធ្វើការបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ ពេលបញ្ចប់រួចរាល់ទាំងស្រុងគម្រោងនេះ នឹងលើកកម្ពស់សោភ័ណភាពក្រុងព្រះសីហនុ នៅចំណុចទីលានតេជោសន្តិភាព(ពយតាមូង) ឱ្យកាន់តែមានភាពទាក់ទាញស្រស់ស្អាតបន្ថែម​មួយកម្រិតទៀត។

គម្រោងប៉ាន់តាវផេនីសូលឡា បច្ចុប្បន្នក្រុមហ៊ុនPeninsula Bay Investment Co., Ltd បានវិនិយោគលើផ្ទៃដីសាងសង់ប្រមាណ ១៥.៨ហិកតា ដែលមានផ្ទៃអគាររហូតដល់៩០ម៉ឺនការ៉េ ដែលអាចផ្តល់ការងារជូនពលរដ្ឋប្រមាណ៥ពាន់នាក់ នៅពេលដំណើរការខាងមុខនេះ៕

ការលក់អចលនទ្រព្យនៅទីក្រុងឌូបៃហក់ឡើងយ៉ាងគំហុកដល់ទំហំទឹកប្រាក់ជាង៤៦ពាន់លានដុល្លារក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) សម្រេចបានការលក់លំនៅដ្ឋានប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។នេះបើយោងតាមការចុះផ្សាយដោយកាសែត Reuters ។

នៅត្រីមាសទី៣ ការលក់អចលនទ្រព្យនៅទូទាំងទីក្រុងឌូបៃបានហក់ឡើង១៧,២ភាគរយដល់ចំនួន៥៩.២២៨យូនីត ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៤៦,៥ពាន់លានដុល្លារ ហក់ឡើង១៩,៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៥ ទីក្រុងឌូបៃបានកត់ត្រាប្រតិបត្តិការលក់អចលនទ្រព្យចំនួន១៥៨.២០០យូនីត ហក់ឡើង២០,៥ភាគរយ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ១៣៦ពាន់លានដុល្លារ ហក់ឡើង៣២,៣ភាគរយ។

ក្នុងនោះ ការលក់អាផាតមុិនបាននាំមុខគេនៅត្រីមាសទី៣ ដោយសម្រេចបានចំនួន៤៩.៣៧៩យូនីតក្នុងទំហំទឹកប្រាក់ចំនួន២៥,៧ពាន់លានដុល្លារ ហក់ឡើង២៥,៩ភាគរយ។

ការលក់អចលនទ្រព្យពាណិជ្ជកម្មសម្រេចបានទំហំទឹកប្រាក់ចំនួន១,១ពាន់លានដុល្លារ។ ការលក់ដីបានហក់ឡើង២៥,៧ភាគរយដល់ចំនួន១.២១៤កិច្ចព្រមព្រៀង ដែលមានទំហំទឹកប្រាក់សរុបចំនួន៩,៨ពាន់លានដុល្លារអាមេរិក។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការដាក់ចេញនូវកម្មវិធីទិដ្ឋាការមាស ដែលមានជម្រើសស្នាក់នៅរយៈពេល១០ឆ្នាំ ការសម្រួលការចុះបញ្ជីអចលនទ្រព្យ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាការពង្រីកផ្លូវរថភ្លើងក្រោមដី៕ប្រភព: Reuters៕

ប្រទេសចំនួន៩ចូលរួមតាំងពិព៌ណសេវាកម្មបដិសណ្ឋារកិច្ចនៅរាជធានីភ្នំពេញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនជាតិ អន្តរជាតិមកពីប្រទេសចំនួន៩ បានចូលរួមក្នុងព្រឹត្តិការណ៍ CAMFood & CAMHotel 2025 នៅរាជធានីភ្នំពេញ ជាមួយនឹងការដាក់តាំងបង្ហាញផលិតផលចម្រុះ។

ពិការណ៍តាំងពិព៍រណ៍អន្តរជាតិនេះ នឹងប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានស្តង់ពិព័រណ៍ចូលរួមប្រមាណ៣០០ស្តង់ មកប្រទេសចំនួន៩ រួមមាន៖ កម្ពុជា វៀតណាម ម៉ាឡេស៊ី អាម៉េរិក ចិន សាធារណរដ្ឋ កូរ៉េ អ៊ីតាលី ហ្វាំងឡង់ និងសិង្ហបុរី ដោយរំពឹងទុកថានឹងមានអ្នកទស្សនាប្រមាណ១២.០០០នាក់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញជាអធិតបតីក្នុងពិធីបើកសម្ពោធ ការតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៥ (CAMFood & CAMHotel 2025)។

ក្នុងពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណា​ក់លោកង្វៀន មិញ វូ ( Nguyen Minh Vu) ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជា លោក Gerard Leeuwenburgh អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Informa Market ប្រចាំប្រទេសកម្ពុជា និងម៉ាឡេស៊ីជាដើម។

ថ្លែងក្នុងឱកាសនៃព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថាការរៀបចំ “ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ២០២៥” នេះបានបង្ហាញពីការយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាពិសេសឧស្សាហកម្មម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition)ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មទាំងក្នុងនិងក្រៅប្រទេស ការនាំអ្នកវិនិយោគ ម្ចាស់អាជីវកម្មអន្តរជាតិ មកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍ និងបរិយាកាសអំណោយផល នៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ ចំពោះសេចក្តីទុកចិត្តលើរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវកត្តានូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះគាំទ្រដ៏សំខាន់ ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងធានាដល់ភាពធន់នៃវិស័យទេសចរណ៍ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក៕

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានគាំទ្រឱ្យរៀបចំកម្មវិធី និងព្រឹត្តិការណ៍បែបនេះបន្ត និងកាន់តែធំជាងនេះទៀត ព្រោះព្រឹត្តិការណ៍នេះ ស្តែងឱ្យឃើញពីកិច្ចហការប្រកបដោយផ្លែផ្កាវិជ្ជមាន រវាងរដ្ឋ និងការប្រមូលផ្តុំ ជាសហថាមពលពីវិស័យឯកជន ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលឆ្លើយតបទៅនឹងការអនុវត្តអភិក្រមជវភាព នៃប្រព័ន្ធតួអង្គតែមួយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របទៅនឹងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ផងដែរ៕

ខុនដូមួយកណ្ដាលភ្នំពេញទិញភ្លាម មានសម្ភារៈពេញបន្ទប់ចូលរស់នៅភ្លាមបង់តែ 1 ខែជាង 200 ដុលារ

ខុនដូ ដឹស្ដា ប៉ូឡារីស 23 របស់បុរី ប៉េង ហួត មាន Unit ដែលបានសាងសង់រួចរាល់ 100% អាចឱ្យលោកអ្នកចូលរស់នៅបានភ្លាមៗ ត្រឹមតែ 1 សប្ដាហ៍ ហើយអាចបង់រំលស់ត្រឹមតែជាង 200 ដុល្លារក្នុងមួយខែ និងមានសម្ភារៈពេញបន្ទប់អាចចូលរស់នៅបានតែម្ដង។

ខុនដូចនេះមានទីតាំងនៅក្នុងគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម នៅតាមបណ្ដោយផ្លូវជាតិលេខ 1 ខណ្ឌច្បារអំពៅ (បឹងស្នោ) ដែលជាទីប្រជុំជន មានប្រជាជនរស់នៅកុះករ និងមានអាជីវកម្មគ្រប់ប្រភេទ ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ ដោយចេញតែពីខុនដូ ចង់ទិញរបស់អ្វីក៏មាន។

បន្ថែមពីភាពងាយស្រួលរស់នៅជាមួយទីតាំងដ៏ល្អនេះ ក្នុងខុនដូរផ្ទាល់ក៏មានកន្លែងហាត់ប្រាណ សួនច្បារនៅជាន់ទី 7 ដ៏ធំ មន្ទីរពេទ្យនៅជាន់ផ្ទាល់ដី និង កន្លែងអង្គុយលេងលំហែនៅលើដំបូលអាគារ។ ចំណែកឯបន្ទប់គេងវិញមានរហូតដល់ទំហំ 60 ម៉ែត្រការ៉េ។

ខុនដូមួយកណ្ដាលភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ 1 ខណ្ឌច្បារអំពៅ (បឹងស្នោ)
ខុនដូមួយកណ្ដាលភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ 1 ខណ្ឌច្បារអំពៅ (បឹងស្នោ)

ពេលនេះជាឱកាសល្អសម្រាប់លោកអ្នកដែលកំពុងចាប់អារម្មណ៍ អាចចូលរួមក្នុងកម្មវិធី Halloween Exclusive ដោយសេរី ដើម្បីទទួលបានប្រូម៉ូសិនជាច្រើនដូចជា៖

  • ការដេគ័រ និងរៀបចំសម្ភារៈពេញមួយបន្ទប់
  • ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗ ត្រឹមតែ 1 សប្ដាហ៍
  • ប័ណ្ណទឹកប្រាក់ សម្រាប់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ $2,000
  • ការបំពាក់ទ្វារ Slide កន្លែងងូតទឹក 1 ឈុត ។

កម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី25-26 ខែតុលា ឆ្នា ២០២៥ នៅកន្លែងទទួលភ្ញៀវជាន់ផ្ទាល់ដី ក្នុងខុនដូ ដឹស្ដា ប៉ូឡារីស 23 ចាប់ពីម៉ោង 9 ព្រឹក ដល់ 6 ល្ងាច។ ស្វែងរកទីតាំងតាមតំណនេះ https://maps.app.goo.gl/FDJ2XSpchrdLhEBn8

សូមកុំឱ្យកាសដ៏ល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែមតាមលេខទូរសព្ទ 016/017 59 6789។

ខុនដូមួយកណ្ដាលភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ 1 ខណ្ឌច្បារអំពៅ (បឹងស្នោ)
ខុនដូមួយកណ្ដាលភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ 1 ខណ្ឌច្បារអំពៅ (បឹងស្នោ)
ខុនដូមួយកណ្ដាលភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ 1 ខណ្ឌច្បារអំពៅ (បឹងស្នោ)
ខុនដូមួយកណ្ដាលភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ 1 ខណ្ឌច្បារអំពៅ (បឹងស្នោ)

ក្រុមវិនិយោគិនអឺរ៉ុបបង្ហាញសុទិដ្ឋិនិយមពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ តំណាងវិនិយោគិនអ៊ឺរ៉ុប បានបង្ហាញនូវចំណាប់អារម្ម​ណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា។

ការបង្ហាញនេះ ធ្វើឡើង ក្នុងពេលលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូត គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប ដោយមានការចូលរួមពី លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham) លោក Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC) វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូបកាលពីថ្ងៃម្សិលម៉ិញ។

តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។

ជាមួយគ្នានេះ ពួកគេក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេ​សជាមួយនឹងបទពិសោធន៍ ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើង នៅកិច្ចប្រជុំទាំង២លើកកន្លងមក។

កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈ ដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទ ជាអាទិភាពមកពិភាក្សាយ៉ាងផុសផុល ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា របស់វិនិយោគិនអឺរ៉ុប សំដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរលើកកន្លងមក។

លោកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ទៅកាន់ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូ សហភាពអឺរ៉ុបប្រចាំកម្ពុជា លោកប្រធាន EuroCham ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័ន តំណាងវិស័យឯកជនអឺរ៉ុប ដែលបានអញ្ជើញ ចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណទៅកាន់វិនិយោគិន មកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់៕

តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគសម្រុកលក់មាសចេញដើម្បីទទួលបានប្រាក់ចំណេញ បន្ទាប់ពីតម្លៃមាសបានហក់ឡើង៥៧ភាគរយនៅឆ្នាំនេះ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៧ភាគរយមកនៅត្រឹម៤០៨២,៦៦ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០៩៣,៧៧ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៧ភាគរយដល់៤០៩៣,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥២នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០៦៥,៤០ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ៕

ដំណឹងល្អ! រដ្ឋាភិបាលចាប់ផ្តើមរៀបចំផែនទីបណ្ដាញផ្លូវនៅទូទាំងប្រទេសហើយ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំផែនទី បណ្ដាញផ្លូវក្នុងវិស័យសាធារ​ណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២២ តុលាដឹកនាំដោយសហប្រធាននៃកិច្ចប្រជុំរួមមាន លោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកកិច្ចការបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកសួន សូផា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកិច្ចការពាក់ព័ន្ធនឹងការរៀបចំផែនទី បណ្ដាញផ្លូវក្នុងវិស័យសាធារ​ណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

ក្នុងជំនួបពិភាក្សានេះ បានផ្លាស់ប្តូរយោបល់ និងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ជុំវិញការប្រើប្រាស់ប្រព័ន្ធទិន្នន័យ ភូមិសាស្ត្រគោល នៃព្រះរាជាណាចក្រកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងប្រើប្រាស់ ដើម្បីអភិវឌ្ឍផែនទីជាតិមួយ ដែលមានទិន្នន័យគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។

កិច្ចពិភាក្សាបានបង្ហាញពីការយល់ព្រមរួមគ្នា ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពង្រឹងការផ្ទៀងផ្ទាត់ទិន្នន័យ និងអភិវឌ្ឍប្រព័ន្ធផែនទីជាតិ សម្រាប់ប្រើប្រាស់រួមរវាងក្រសួ​ង-ស្ថាប័នពាក់ព័ន្ធ៕