គោលដៅសំខាន់ៗចំនួន ៩ ចេញ-ចូលរាជធានីភ្នំពេញ ត្រូវបានបិទ

ដោយវុត្ថា

ភ្នំពេញ៖ គោលដៅសំខាន់ៗចំនួន ៩ តាមផ្លូវជាតិ ច្រក ចេញ ចូល រាជធានីភ្នំពេញ ត្រូវបានបិទ ស្របតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺវីរុសកូវីដ ១៩ ។

១. គោលដៅព្រះនរាយ ជាប់ព្រំប្រទល់តាខ្មៅខេត្តកណ្តាល
២. គោលដៅផ្លូវ ៦០ម
៣. គោលដៅស្ពាន ៧មករា ផ្លូវជាតិលេខ៣
៤. ផ្លូវជាតិលេខ៤ ម្តុំបែកចាន
៥. ផ្លូវជាតិលេខ៥ ម្តុំវត្តគ្រួស
៦. ផ្លូវជាតិលេខ៦A ម្តុំស្ពានលីយ៉ុងផាត់
៧. ផ្លូវជាតិលេខ ២ រង្វង់មូលគួរស្រូវ
៨. ផ្លូវជាតិលេខ១ ព្រំប្រទល់ខេត្តកណ្តាល
៩. គោលដៅក្រោមស្ពានសំរោង

សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ និងស្តាប់ការណែនាំរបស់រដ្ឋាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕

រដ្ឋាភិបាលសម្រេចកែសម្រួលលុបចោលការកំហិតចរាចរណ៍ឆ្លងពីស្រុកមួយទៅស្រុកមួយ ក្នុងខេត្តរួមគ្នា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាការសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការប្រកបការងារ និងអាជីវកម្មរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីកែសម្រួលថ្មីជាបន្ទាន់ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងស្រុកប្រទេស។

 

នៅក្នុងសេចក្ដីសម្រេចថ្មីស្ដីពីការកែសម្រួលបន្ទាន់បានបញ្ជាក់ថា យោងលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្ដែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃដោយខកខានមិនបានរបស់មន្ត្រីរាជការ និយោជក់ កម្មករ-និយោជិត និងប្រជាពលរដ្ឋទូទៅ រាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលវិសាលភាពនៃការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសសារជាថ្មី។

ក្នុងសេចក្ដីសម្រេចកែសម្រួលថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលបានកំណត់ថា ៖
ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

ទី២៖ សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត។

GMAC៖៖ វិស័យកាត់ដេរ និងផលិតស្បែកជើង កំពុងប្រឈមនិងការព្យួរការងារបណ្តោះអាសន្នក្នុងខែមេសា និងឧសភានេះ

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា បានឱ្យដឹងថា វិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ បានកំពុងប្រឈមនិងការព្យួរការងារបណ្តោះអាសន្នក្នុងខែមេសា និងឧសភានេះ ដែលតម្រូវអោយរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗក្នុងពេលថ្មីៗនេះ។

សមាគមរោងចក្រកាត់ដេរកម្ពុជា នៅក្នុងសារមួយផ្ញើរជូនកម្មករ-កម្មការិនីដែលប្រតិកម្មទាំងវិជ្ជមាន និងអវិជ្ជមានអំពីការផ្អាកពិធីចូលឆ្នាំថ្មី២០២០កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹង លើសពីនេះ វិស័យកាត់ដេរ និងដេស្បែកជើងក៏ប្រឈមនឹងអនាគតមួយដែលគ្មានភាពច្បាស់លាស់ក្រោយខែឧសភា។

សមាគមបញ្ជាក់ថា ការបញ្ជាទិញសម្រាប់រដូវក្តៅខាងមុខ (មិថុនា កក្កដា សីហា) ត្រូវបានអ្នកបញ្ជាទិញបង្កក ឫលុបចោលមួយចំនួន ដោយសារតែគ្មានភាពច្បាស់អំពីក្របខណ្ឌពេលវេលាចំពោះស្ថានភាពការរីករាលដាលនៅក្នុងប្រទេសដែលជាទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា។

សមាគមបន្តថា យ៉ាងណាម៉ិញ បើទោះបីស្ថានភាពនៅក្នុងប្រទេសទាំងនោះមានភាពល្អប្រសើរក្នុងប៉ុន្មានខែខាងមុខ ក៏តម្រូវការនៃការទិញផលិតផល (Demand of Goods) នឹងមានការធ្លាក់ចុះជាច្រើនដែរដោយសារតែការបាត់ចំនូលក្នុងរយៈពេលបិទប្រទេសនិងការផ្អាកសកម្មភាពសេដ្ឋកិច្ចជាច្រើន។ យើងមិនអាចសង្ឃឹមការបញ្ជាទិញច្រើនដូចពីមុនពេលមានវិបត្តិទេ។

សមាគមបន្ថែមទៀត ប្រទេសផលិតជាច្រើននឹងប្រកួតប្រជែងគ្នាដើម្បីដណ្តើមការបញ្ជាទិញ ដោយផ្អែកជាចំបងលើមូលដ្ឋានតំលៃ។ តំលៃត្រូវតែមានភាពប្រកួតប្រជែងខ្លាំងណាស់។ ភាពអត់ការងារធ្វើមួយចំនួនក៏នឹងអាចកើតឡើងដែលសុទ្ធសឹងជាបន្ទុកដែលរដ្ឋាភិបាលត្រូវដោះស្រាយ។

សមាគមបញ្ជាក់ថា ខាងលើនេះជាបញ្ហាចំបងធំៗគ្រប់គ្រាន់ល្មមអោយយើងអាចយល់និងនិយាយស្តាប់គ្នាបាន ចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការចាំបាច់នានាដែលរដ្ឋាភិបាលបានដាក់ចេញ និងបន្តកិច្ចសហការលើវិធានការ និងគោលនយោបាយផ្សេងៗទៀតនៅពេលដ៏ខ្លីខាងមុខនេះ ឈរលើមូលដ្ឋានត្រីភាគី ឫត្រីភាគីនិយម (Tri-partism)៕

សម្ដេចតេជោ បញ្ជាឱ្យអាជ្ញាធរខេត្តចំនួន២ជាប់រាជធានីភ្នំពេញ សម្រួលការធ្វើដំណើរឆ្លងស្រុក/ខេត្ត ដើម្បីបំពេញការងារ និងបន្តអាជីវកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងការដាក់បទបញ្ជាបន្ទាន់ និងការដាក់កំហិតបិទការធ្វើដំណើរឆ្លងកាត់ស្រុក/ខេត្តនៅទូទាំងប្រទេសកាល សម្ដេចតេជោ បានបញ្ជាឱ្យអាជ្ញាធរខេត្តចំនួនដែលនៅជាប់រាជធានីភ្នំពេញ ជួយសម្រួលដល់ប្រជាពលរដ្ឋដែលបម្រើការងារ និងមានអាជីវកម្មនៅតំបន់ពាក់ព័ន្ធមួយចំនួនស្ថិតនៅព្រំប្រទល់ជាប់គ្នា រវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ។

តាមរយៈសារជាសំលេងបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរខេត្ត/ក្រុង ចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ជួយសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋដែលមានកាព្វកិច្ចបំពេញការងារ ក៏ដូចជាការប្រកបអាជីវកម្មនានាស្ថិតនៅក្នុងតំបន់ដែលពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យភាពរលូន និងប្រសិទ្ធភាពខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ស្រេង (អភិបាលក្រុងភ្នំពេញ) ភ័ណ្ឌ (អភិបាលខេត្តកណ្តាល) ហើយនឹង វ៉ី សំណាង (អភិបាលខេត្តកំពង់ស្ពឺ) ត្រូវយកចិត្តទុកដាក់ទៅលើការអនុវត្ត ជាពិសេសរាជធានីភ្នំពេញ និងខេត្តណ្តាល ដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នៅត្រង់ថា មន្ត្រី បុគ្គិលិក ទាំងរដ្ឋ ទាំងឯកជន គឺនៅខេត្តកណ្តាកច្រើន ដែលត្រូវចេញចូលរាជធានីភ្នំពេញ….ចឹងទេ..បញ្ហាគោលដៅរបស់យើងគឺទប់ស្កាត់កម្មករដែលហូរទៅក្រៅ ប៉ុន្តែវាក៏មានប៉ះពាល់ដល់កម្មករដែលនៅខេត្តកណ្តាកចូលធ្វើការនៅភ្នំពេញ អ្នកនៅភ្នំពេញចេញទៅធ្វើការនៅខេត្តកណ្តាល ដែលនៅក្នុងនោះមានអ្នកខ្លះជាមន្ត្រីរាជការ អ្នកខ្លះធ្វើការក្រុមហ៊ុន ហើយអ្នកខ្លះជាអ្នកសារព័ត៌មាន ជាមួយនឹងអ្នកលក់ដូរខ្លះទៀត។ ករណីបែបនេះត្រូវជួយសម្រួល ដើម្បីកុំឱ្យទៅជាស្ទះ ព្រោះអ្នកទាំងនេះត្រូវអនុញ្ញាតឱ្យចេញចូលធម្មតា ទៅប្រកបមុខរបរ និងការងាររបស់គេ”។

សម្ដេចបានមានប្រសាសន៍បន្តទៀតថា “ដោយឡែករវាងខេត្តកណ្តាល និងកំពង់ស្ពឺ ដែលមានការឆ្លងទៅបម្រើការងារទៅវិញទៅមក ក៏ត្រូវមានការជួយសម្រួលដោះស្រាយបញ្ហាឱ្យបានល្អបំផុត។ អ្នកខ្លះជិះម៉ូតូ អ្នកលក់ដូរមួយចំនួនប្រើប្រាស់ម៉ូតូជាមធ្យោបាយដឹកជញ្ជូនទំនិញសម្រាប់អាជីវកម្ម ដូច្នេះត្រូវដោះស្រាយ និងមើលឱ្យបានច្បាស់ពីបញ្ហានេះ”។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ក្រោមការអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា អាជ្ញាធរខេត្តបានរៀបចំ និងបែកចែកកម្លាំងនៅតាមគោលដៅទាំង៣៦ទីតាំង ដើម្បីជួយសម្របសម្រួលដល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក វ៉ី សំណាង បានមានប្រសាសន៍ថា “មកដល់ពេលនេះ មិនមានអ្វីចិទជាបញ្ហារាំងស្ទះនោះទេ ដោយរាល់ការធ្វើដំណើរចរាចរណ៍ចេញចូលស្រុក ខេត្ត គឺត្រូវបានត្រួតពិនិត្យដោយកម្លាំងមានសមត្ថកិច្ចជំនាញ ពិនិត្យទៅលើអត្តសញ្ញាណបណ្ណ ប័ណ្ណបម្រើការងារ រួមជាមួយនឹងការត្រួតពិនិត្យផ្សេងៗចំពោះអ្នកប្រកបអាជីវកម្មផងដែរ ដើម្បីប្រាកដថា មិនឱ្យមានភាពរាំងស្ទះដល់ការបំពេញការងារ និងមុខរបររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាកម្មកររោងចក្រ សូមជួយយោគយល់នៅក្នុងគោលបំណងល្អរបស់រដ្ឋាភិបាល ដែលបារម្ភពីសុខសុវត្ថិភាព និងទប់ស្កាត់ការរីករាល់ដាល់នៃជំងឺ Covid-19 នៅក្នុងសហគមន៍ ទូទាំងប្រទេសកម្ពុជា ៕

ភ្នាក់ងារ MIGA សមាជិកធនាគារពិភពលោកគាំទ្រដល់ការអភិវឌ្ឍវិស័យបញ្ជូនថាមពលនៅភ្នំពេញ និងជុំវិញទីក្រុង

ដោយ ប៊ី
ភ្នំពេញ៖ ភ្នាក់ងារ MIGA សមាជិកនៃក្រុមធនាគារពិភពលោក បានចេញការធានាថានឹងគាំទ្រដល់ការធ្វើហិរញ្ញប្បទានឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពលដែលមានស្រាប់នៅក្នុងរាជធានីភ្នំពេញ និងជុំវិញទីក្រុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ភ្នាក់ងារ MIGA ចុះផ្សាយនៅថ្ងៃនេះ។

ការគាំទ្រដល់ការធ្វើហិរញ្ញប្បទានឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពលនេះបានត្រួសត្រាយផ្លូវសម្រាប់ការផ្តល់មូលនិធិពាណិជ្ជកម្មដើម្បីជំនួសហិរញ្ញប្បទានដែលផ្តល់ដោយធនាគារ Berhad (Malaysia EXIM)។
គម្រោងដែលអនុវត្តនិងដំណើរការដោយក្រុមហ៊ុន Cambodian Transmission Limited (CTL) មានបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុលដែលតភ្ជាប់តំបន់ភ្នំពេញជាមួយម៉ាស៊ីនភ្លើងនៅភាគខាងកើត និងឥ្ឍសាននៃប្រទេស។

បណ្តាញនេះក៏ផ្តល់នូវទំនាក់ទំនងទៅនឹងព្រំដែនកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា-ថៃនៅភាគខាងត្បូងនិងពាយព្យនៃប្រទេសរៀងៗខ្លួន។
ដោយត្រូវបានលើកទឹកចិត្តដោយការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ច និងការពន្លឿនកំណើន គម្រោងបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ហើយជាផ្នែកមួយនៃយុទ្ធសាស្ត្រទាំងមូលដើម្បីនាំថាមពលពីប្រភពបន្ថែមមកតំបន់ភ្នំពេញកាន់តែធំដើម្បីឆ្លើយតបនឹងតម្រូវការថាមពលសំខាន់ៗរបស់រដ្ឋធានី និងតំបន់ជុំវិញ។

ចេញជូនធនាគារ Mizuho នៃប្រទេសជប៉ុន និងធនាគារ ING នៃប្រទេសហូឡង់តាមរយៈសាខារបស់ខ្លួននៅប្រទេសសឹង្ហបូរី ការធានាមានចំនួន ៧៦ លានដុល្លារ និងគ្របដណ្ដប់លើប្រាក់កម្ចីរបស់អ្នកផ្តល់ប្រាក់កម្ចីរហូតដល់ ១០ ឆ្នាំ។ ការធានានឹងផ្តល់ការការពារប្រឆាំងនឹងការផ្លាស់ប្តូររូបិយប័ណ្ណ និងការរឹតត្បិតការផ្ទេរប្រាក់ការពង្រីកការរំលោភកិច្ចសន្យា និងសង្គ្រាម និងការរំខានស៊ីវិល។
ការអភិវឌ្ឍវិស័យបញ្ជូនថាមពលរបស់ប្រទេសកម្ពុជាគឺជាអាទិភាពជាតិ។

នៅដំណាក់កាលដំបូងនៃហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ ការផ្តល់ហិរញ្ញប្បទានឡើងវិញត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគឯកជនដែលត្រូវការពីអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ។ ផែនការពង្រីកបណ្តាញនេះផ្តោតលើការពង្រឹងការតភ្ជាប់គ្នារវាងភាគកណ្តាលខាងលិច និងភាគកណ្តាលខាងត្បូងរបស់ប្រទេសដើម្បីទទួលការបញ្ជូនពីរោងចក្រថាមពលកំដៅ និងវារីអគ្គិសនីថ្មីទៅកាន់តំបន់ភ្នំពេញដែលតម្រូវការអគ្គិសនីភាគច្រើនបច្ចុប្បន្ននេះ។
គម្រោងហិរញ្ញប្បទានពាណិជ្ជកម្មនេះគឺជាប្រតិបត្តិការលើកដំបូងរបស់ភ្នាក់ងារ MIGA នៅក្នុងប្រទេសកម្ពុជា។

កម្ពុជា-ចិនចាប់ផ្តើមចរចារព្រមព្រៀងពាណិជ្ជកម្មសេរីដំណាក់កាលទី២

BEIJING, CHINA - NOVEMBER 7: Cambodia's Prime Minister Hun Sen (L) stretches to shake hands with China's President Xi Jinping before a meeting at the Great Hall of the People on November 7, 2014 in Beijing, China. (Photo by Jason Lee - Pool/Getty Images)

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជា-ចិន បានចាប់ផ្តើមបើកកិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មសេរីក្នុង ដំណាក់កាលទី២ ក្រោមទម្រង់វីឌីអូចម្ងាយ ដើម្បីពន្លឿនការចុះហត្ថលេខាជាផ្លូវការនាពេលខាងមុខនេះ។

ភាគីទាំងពីរនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសេដ្ឋកិច្ច ពាណិជ្ជកម្មអេឡិចត្រូនិច និងបញ្ហាច្បាប់មួយចំនួន ដោយផ្អែកលើខ្លឹមសារកុងសុងស៊ីដែលបានសម្រេចយ៉ាងទូលំទូលាយ។

ហើយក៏ទទួលបានវិវឌ្ឍនចម្បងលើវិស័យជំនួញទំនិញ បទបញ្ញត្តិទីកន្លែងផលិត, ភាពសម្របសម្រួលងាយស្រួលសម្រាប់នីតិវិធីគយនិងពាណិជ្ជកម្ម, ឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម វិធានការសុខាភិបាលនិងរុក្ខអនាម័យ សេវាកម្មពាណិជ្ជកម្ម តម្លាភាព និងវិស័យផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងច្បាប់។

ភាគីទាំងពីរក៏បានណាត់ពេលវេលា នឹងជំរុញកិច្ចចរចារនេះឲ្យបានឆាប់រហ័សក្រោមទម្រង់រូបភាពទាំងឡាយ ក្នុងនោះក៏បញ្ចូលទាំងទម្រង់ប្រជុំវីឌីអូផងដែរ ដើម្បីរួមគ្នាចាត់វិធានការជាក់ស្តែងក្នុងការជំរុញពាណិជ្ជកម្មសេរី, លំនឹងនៃសេដ្ឋកិច្ចតំបន់, ការការពារសង្វាក់ផលិតកម្មលើសកលលោក និងព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19។

ការពិភាក្សាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ជាគំនិតផ្តួចផ្តើមជាក់ស្ដែងដ៏ចម្បងនៃកុងសុងស៊ីរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស វាមានសារសំខាន់ណាស់ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មទាំងពីរប្រទេសឲ្យកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជួយជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា៕

អ្នកជំនាញបង្ហើបពីវិធីសាស្ត្ររៀនវិនិយោគក្នុងកាលៈទេសៈដែលប្រទេសជាតិប្រឈមនឹងវិបត្តិ

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងកាលទេសៈដែលប្រទេសមួយ កើតមានវិបត្តិសេដ្ឋកិច្ច បានជះឥទ្ធិពលអវិជ្ជមានស្ទើរគ្រប់វិស័យ ជាពិសេសផ្នែកវិនិយោគ និងពាណិជ្ជកម្ម។ ប៉ុន្តែបើទោះជាស្ថិតនៅក្នុងស្ថានភាពអាក្រក់បែបនេះ សម្រាប់អ្នកជំនួញដែលឆ្លាតវៃ អាចច្នៃឱកាសនេះរកផលប្រយោជន៍បានយ៉ាងប្រសើរ។


ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) លោក ង៉ែត ជូ បានបង្ហើបពីវិធីសាស្ត្រមួយចំនួន ដែលបង្ហាញពីការរៀនវិនិយោគ នៅក្នុងកាលទេសៈដែលប្រទេសជាតិកើតមានវិបត្តិ ដោយលើយកបទពិសោធន៍របស់អ្នកជំនួញដែលធ្លាប់ជោគជ័យមកបញ្ជាក់ផងដែរ។

នៅលើគណនីផ្លូវការផ្ទាល់ខ្លួន លោក ង៉ែត ជូ បានសរសេរបញ្ជាក់ថា នៅពេលអានអំពីប្រវត្តិឪពុករបស់មហាសេដ្ឋីមិកស៊ីកូ(លោក កាឡូស ស្លីម) បានធ្វើឱ្យខ្ញុំចាប់ផ្តើមមើលឃើញថា វិបត្តិលើកនេះអាចជាឱកាសសាជាថ្មី ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដូចវិបត្តិកាលពីឆ្នាំ២០០៩កន្លងទៅ។ ឪពុករបស់លោកកាឡូស ស្លីម ជាពាណិជ្ជករលក់គ្រឿងទេស ហើយលោកបានយកផលចំណេញ ពីការលក់គ្រឿងទេសទៅវិនិយោគលើអចលនទ្រព្យ តាមតំបន់ពាណិជ្ជកម្មនៃទីក្រុងមិកស៊ីកូក្នុងតម្លៃទាប។

លោកបញ្ជាក់ទៀតថា ត្បិតការវិនិយោគធ្វើឡើង ក្នុងគ្រាប្រទេសមានបដិវត្តន៍ដែលជាវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ក្នុងចន្លោះឆ្នាំ១៩១០១៩១៧។ ឪពុករបស់លោកមានភាពជោគជ័យដ៏ធំ នៅក្នុងការវិនិយោគហើយមានទ្រព្យសម្បត្តិដ៏ច្រើន ដោយហេតុថា ទី១

មានចំណេះច្បាស់លាស់ ក្នុងការវិនិយោគលើអចលនទ្រព្យក្នុងគ្រា ដែលប្រទេសជួបវិបត្ត (ដូចអ្វីដែលមហាសេដ្ឋីហុងកុង លោក លីកាស៊ីង បានធ្វើក្នុងពេលមានកុបកម្មនៅធានអាមិន)


ទី២ វិនិយោគលើអចលនទ្រព្យ ក្នុងតំបន់ពាណិជ្ជកម្ម ដើម្បីប្រើប្រាស់ជាហាងពង្រីកមុខរបរលក់គ្រឿងទេស ដែលបង្កើតជាលំហូរសាច់ប្រាក់ជាប់ជាប្រចាំ។ ពោលគឺចំណេញ ទាំងទីកន្លែងសំរាប់ធ្វើអាជីវកម្ម និងចំណេញទាំងអចលនទ្រព្យឡើងថ្លៃក្នុងកាលៈទេសៈស្រុកទេសឆ្លងផុតគ្រាមានវិបត្តិ។

ប្រសិនបើវិបត្តិនៃការរីករាលដាលវីរុស Covid-19 នៅតែបន្តអូសបន្លាយក្នុងចន្លោះ ៦ខែខាងមុខ វាជាឱកាសល្អសំរាប់អ្នកមានចំណេះដឹង និងលទ្ធភាពក្នុងការវិនិយោគអចលនទ្រព្យរយៈពេលវែង ហើយអចលនទ្រព្យដ៏ល្អបំផុតនោះ (មិនមែនជាខុនដូរ ឬផ្ទះល្វែងនោះទេ) គឺដីនៅតំបន់ជាយក្រុង ស្ថិតលើផ្លូវធំៗសំរាប់ធ្វើអាជីវកម្ម ក្នុងរយៈពេល៥១០ឆ្នាំខាងមុខ ព្រោះនៅមានតម្លៃទាប ហើយនឹងក្លាយជាតំបន់ពាណិជ្ជកម្ម នាពេលអនាគត៕

ADB៖ ទីផ្សារការងារ ៦៨លានកន្លែង នឹងបាត់បង់ក្នុងទ្វីបអាស៊ី បើសិនជា Covid-19 បន្តរាតត្បាត

ដោយ ហ្សូលី

ភ្នំពេញៈ ធនាគារអភិវឌ្ឍអាស៊ី(ADB)បានព្រមានថា ការងារ៦៨លានកន្លែងអាចប្រឈមនឹងការបាត់បង់ ដោយសារមេរោគ Corona Covid-19 ប្រទេសក្នុងតំបន់អាស៊ីដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមានដូចជា ចិន ជប៉ុន ឥណ្ឌា ហើយក្នុងនោះក៏មានកម្ពុជាផងដែរ។

យោងតាមគំរូវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច ដោយCovid-19 របស់ធនាគារអភិវឌ្ឍអាស៊ី ដែលបានដាក់ចេញកាលពីសប្តាហ៍មុនបានឱ្យដឹងថា ប្រទេសចិនជាប់ជាលំដាប់កំពូល ដែលមានកម្មករទទួលរងផលប៉ះពាល់គ្មានការងារធ្វើ ដោយមានប្រមាណជិត ៥៣លាននាក់។ នេះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងនោះកម្មករធ្វើតាមសណ្ឋាគារ និងភោជនីយដ្ឋាន ប្រឈមខ្លាំងជាងគេ ព្រោះវិស័យទេសចរណ៍បានធ្លាក់ចុះមិននឹកស្មានដល់ និងមានការរឹតបន្តឹងការធ្វើដំណើរចេញចូលប្រទេស។

ក្រៅពីនោះ បុគ្គលិកដែលបម្រើការងារវិស័យផលិតកម្ម នៅតាមបណ្តារប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដែលមានដូចជា កម្ពុជា វៀតណាម បង់ក្លាដេស ស្រីលង្ការកំពុងស្ថិតក្នុងស្ថានភាពលំបាកលំបិនផងដែរ។ ក្រុមហ៊ុនផលិតកម្ម ដូចជា រោងចក្រផលិតគ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិច កំពុងខ្វះខាតនៅសង្វាក់ផ្គត់ផ្គង់ និងប្រឈមនឹងការគ្មានការបញ្ជាទិញ។

ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជា កម្ពុជា ថៃ និងម៉ាល់ឌីវ គឺពិតជារងសម្ពាធ ព្រោះថាអ្នកបម្រើការងារលើវិស័យនេះមានចំនួនច្រើន។ មកទល់ពេលនេះ ពួកគេត្រូវបាត់បង់ការងារ ឬព្យួរការងារ ដោយមិនដឹងថា ពេលណាទើបស្ថានការណ៍អាចវិលត្រឡប់មករកសភាពដើមវិញឡើយ។ បុគ្គលិកប្រមាណ៤០០,០០០នាក់ បានបាត់បង់ការងារនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានអះអាងថា កម្ពុជាអាចដកប្រើកញ្ចប់ថវិកាឆ្លើយតបជំងឺCOVID-19 ពីក្នុងចំណោមទឹកប្រាក់៦,៥ពាន់លានដុល្លារ ដែលADBបានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលCOVID-19

ចរន្តនៃការពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃនៅតែមានកំណើនល្អប្រសើរ

ដោយ ប៊ី

ភ្នំពេញៈ ទោះបីជាប្រទេសថៃ បានប្រកាសបិទការធ្វើចរាចរណ៍ ក្នុងប្រទេសនេះចាប់តាំងពីសប្ដាហ៍មុនក៏ដោយ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃនៅតែមានកំណើនល្អ។


ប៉ុន្តែមន្ដ្រីអះអាងថា ការរីករាលដាលជំងឺកូវីដ១៩ នឹងប៉ះពាល់ដល់គោលដៅរបស់មេដឹកនាំប្រទេសទាំង២ ដែលចង់ឲ្យទំហំពាណិជ្ជកម្មទ្វេរភាគី ឈានដល់ទំហំទឹកប្រាក់១៥ពាន់លានដុល្លារក្នុងឆ្នាំនេះ។

ពាណិជ្ជកម្មឆ្លងព្រំដែនថៃ ជាមួយកម្ពុជាមានចំនួន៣៣,៩០៤ ពាន់លានបាត ( ០៣៤, លានដុល្លារ) កើនឡើង១៥,៦៦ ភាគរយនៅរយៈពេល២ខែដំបូងឆ្នាំនេះ ខណៈប្រទេសជិតខាងផ្សេងទៀត មានចំនួនសរុប៧១,៣១៤ ពាន់លានបាត ( ២៣០ លានដុល្លារ) ធ្លាក់ចុះ៦,៤៦ ភាគរយ។ នេះបើយោងតាមកាសែតរបស់ថៃ The Nation ដែលបានចុះផ្សាយនាពេលថ្មីៗនេះ និងបានស្រង់សម្តីរបស់លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT)

លោក Keerati បានថ្លែងថា ប្រទេសកម្ពុជាបានមើលឃើញកំណើនខ្ពស់បំផុតនៅក្នុងការនាំចេញរបស់ប្រទេសថៃ ក្នុងកំនើន១៤,៨៦ភាគរយ ដែលបានជំរុញដោយការនាំចេញភេសជ្ជៈ មិនមែនគ្រឿងស្រវឹង រថយន្ត ឧបករណ៍អគ្គិសនី គ្រឿងផ្គុំ និងផលិតផលបសុសត្វ។

លោកថ្លែងថា នៅពីក្រោយប្រទេសកម្ពុជា ជាទិសដៅនាំចេញរបស់ប្រទេសថៃ គឺប្រទេសឡាវ និងមីយ៉ាន់ម៉ា សម្រាប់ភេសជ្ជៈមិនមានជាតិស្រវឹង កុំព្យូទ័រ ក្រណាត់ ប្រេងម៉ាស៊ូត និងអំបោះ និងប្រទេសម៉ាឡេស៊ី សម្រាប់ផលិតផលកៅស៊ូ កុំព្យូទ័រឧបករណ៍អគ្គិសនី និងគ្រឿងផ្គុំ


លោក Keerati បានឲ្យដឹងថា ការរីករាលដាលCovid-19បានបណ្ដាលឲ្យ DFT ត្រូវផ្អាកពិព័រណ៍ពាណិជ្ជកម្ម តាមព្រំដែននៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលជាប់ព្រំដែនជាមួយកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា នៅឆ្នាំនេះ។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃប្រហែល៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៩ កើនឡើង៧,១៤ ភាគរយធៀបនឹង៨,៤ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨។ នេះបើយោងតាមទិន្នន័យពីស្ថានទូតថៃប្រចាំនៅកម្ពុជា។

ប្រទេសថៃ បានស្ថិតនៅក្នុងចំណោមបណ្ដាប្រទេស ឈានមុខគេទាំង៩ដែលបានបង្កើនការវិនិយោគរបស់ពួកគេ នៅប្រទេសកម្ពុជាចន្លោះពីឆ្នាំ១៩៩៤ ដល់ចុងត្រីមាសទី ឆ្នាំ២០១៧ ជាមួយនឹងតម្លៃវិនិយោគចំនួន៩៦៧,៨៩ លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

អ្នកជំនាញជំរុញឱ្យវិនិយោគអចលនទ្រព្យនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានជំរុញឱ្យមានការវិនិយោគ លើវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងនានា ខណៈគម្រោងរោងចក្រ សហគ្រាស បុរី បណ្តុំលំនៅឋានបែបលក្ខណៈបុរី និងផ្សារទំនើបជាដើមបាន និងកំពុងបាញ់ឆ្ពោះទៅតាមក្រវ៉ាត់ក្រុង និង ជាយក្រុងភ្នំពេញ។


លោកស្រី តាំង ហ៊ួរ នាយិការក្រុមហ៊ុន Amatak property service ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កន្លងមកនេះ នថា វិស័យអចលនទ្រព្យនៅតាមបណ្តោផ្លូវក្រវ៉ាត់ក្រុងនានារបស់ទីក្រុងភ្នំពេញ បាននិងកំពុងមានការរីកចំរើន តែកន្លែងខ្លះមានការរីកចំរើនលឿនដែលធ្វើឱ្យអ្នកវិនិយោគមានផលចំណេញច្រើន។

លោកស្រីបន្តថា មិនតែប៉ុណ្ណោះនៅតាមបណ្តោយក្រវ៉ាត់ក្រុង នៅក្នុងតំបន់ខ្លះមានគម្រោងវិនិយោគជាច្រើន ទាំងរោងចក្រ សហគ្រាស និងផ្សារំនើបដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះ កាន់តែមានភាពល្អប្រសើរចាប់ពីឆ្នាំ២០២០នេះតទៅ។លោកស្រីបន្តថា បើចង់វិនិយោគលើវិស័យអចលនទ្រព្យ ឆាប់បានចំណេញខ្ពស់ គួរវិនិយោគនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ដែលនៅគៀកនឹងរាជភ្នំពេញ ដូចជា ផ្លូវទំនប់កប់ស្រូវ ជាដើមដែលនៅក្បែររាជធានីភ្នំពេញ នឹងកំពុងមានសន្ទុះនៃការរីកចំរើនខ្លាំង បើទៅទិញវិយោគនៅតាមនៅកន្លែងឆ្ងាយៗ នឹងត្រូវប្រើពេលយូរ   បើទិញត្រូវទិញកន្លែងដែលមានការអភិវឌ្ឍន៍ខ្លាំង

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា បើនិយាយផ្លូវក្រវ៉ាត់ក្រុង មានលក្ខណៈធំទូលាយណាស់ មានទី១ទី ទី និងទី៤ជាដើម តែសម្រាប់តំបន់ខ្លះនៅតាមផ្លូវក្រវ៉ាត់ក្រុង មានការរីកចម្រើនយ៉ាងខ្លាំង ដោយសារមានគម្រោងវិនិយោគធំ និងតំបន់ខ្លះទៀត បាននឹងកំពុងមានសន្ទុះប   ណ្តើរៗ។

លោកបន្តថា ផ្លូវក្រវ៉ាត់ក្រុង ចាប់ពីផ្លូវជាតិលេ៤ ទៅកាន់ផ្លូវជាតិលេខ៣ មិនទាន់ពុះកញ្ជ្រោលនោះនោះទេ ព្រោះការអភិវឌ្ឍន៍នៅមានកម្រិតនឡើយ តែនៅតាមផ្លូវក្រវ៉ាត់ចាប់ពីផ្លូវជាតិលេខ៦ មានសន្ទុះរីកចំរើនខ្លាំង ព្រោះមានគម្រោងជាច្រើនបានរីកដុះដាលច្រើន លោកបន្ថែមថា សម្រាប់អ្នកដែលមានដើមទុនអាចទិញដី សម្រាប់ធ្វើការវិនិយោគ ក្នុងម៉ែត្រការ៉េតម្លៃចន្លោះពី២០០ ទៅ៣០០ដុល្លារឬច្រើនជាងនេះ គួរតែវិនិយោគនៅតាមជាយក្រុងដែលមានការអភិវឌ្ឍន៍


លោក ហ៊ឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal បានឱ្យដឹងថា មានគម្រោងលំនៅឋានជាច្រើនបាន និងកំពុងរីកចំរើននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ដែលមានទាំងបុរី  និងសំណង់បែបលំនៅឋានបែបបុរី  ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យ។

លោកបន្តថា នេះជាសញ្ញាល្អ ជំរុញឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់ក្រវ៉ាត់ក្រុង និង ធ្វើឱ្យអោយមានការរីកចំរើនលើវិស័យអចលនទ្រព្យ លោកបន្ថែមថា ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការលំនៅឋានប្រមាណ ជិតម៉ឺនខ្នង

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងកនេះ ក៏បានចេញសេចក្តីជូនដំណឹងស្តីពី ផែនការរៀបចំផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុល រថយន្តធំៗ ពីតំបន់ទីប្រជុំជនទៅតំបន់ជាយក្រុង ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន និងកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះៗ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោសាងសង់រួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ៕