មហាសេដ្ឋីប្រចាំប្រទេសថៃបោះទុនវិនិយោគជាង៩០០លានដុល្លារសាងសង់អាគារខ្ពស់ជាងគេនៅកណ្តាលទីក្រុងបាងកក

ដោយ ហ្សូលី

ថៃ៖ មហាសេដ្ឋី Charoen Sirivadhanabhakdi ដែលគេស្គាល់ថា ជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេប្រចាំប្រទេសថៃ ចំណាយទុនវិនិយោគប្រមាណ ៩៤៨លានដុល្លារ សាងសង់អគារខ្ពស់ជាងគេមួយនៅក្នុងទីក្រុងបាងកក។

តាមរយៈអង្គភាពអចលនទ្រព្យដែលបានចុះបញ្ជីថ្មីៗនេះរបស់លោកដែលមានឈ្មោះថា Asset World Corp មានចក្ខុវិស័យគ្រោងនឹងកសាងអាគារខ្ពស់ជាងគេបំផុតក្នុងប្រទេសថៃ ដែលស្ថិតតាមបណ្តោយទន្លេចៅប្រាយ៉ា ទីក្រុងបាងកក។ ទីតាំងនេះគឺជានិមិត្តរូបនៃទ្រព្យ យុទ្ធសាស្រ្តកំណើនពិភពលោកមួយផងដែរ។

Asset World កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill ដែលជាក្រុមហ៊ុននៅពីក្រោយអគារខ្ពស់ជាងគេនៅលើពិភពលោកគឺ Burj Khalifa ។

បើទោះបីជាអគារខ្ពស់កប់ពពកមួយនេះមិនទាន់មានការកំណត់ពីកម្ពស់ក៏ពិតមែន តែក្រុមហ៊ុនរំពឹងថានឹងវ៉ាដាច់កំណត់ត្រាបច្ចុប្បន្នរបស់ប្រទេសថៃ គឺអគារ Magnolias Waterfront Residences នៅ Iconsiam ដែលមានកម្ពស់ប្រមាណ ៣១៨ម៉ែត្រ និងបានសាងសង់រួចរាល់កាលពីឆ្នាំ ២០១៨ ។ គម្រោងអគារនេះនឹងត្រូវបានសាងសង់នៅជាប់នឹងផ្សារមាត់ទន្លេដ៏ល្បីល្បាញរបស់ក្រុមហ៊ុន មានសណ្ឋាគារហាងលក់ទំនិញ និងការិយាល័យ។

គោលបំណងគឺដើម្បីសាងសង់សណ្ឋាគារសន្និបាតធំបំផុតរបស់ប្រទេសថៃ និងក្លាយជាសណ្ឋាគារធំជាងគេរបស់ប្រទេសនៅឆ្នាំ ២០២៥ ដែលមានបន្ទប់ដល់ទៅ ៤.០០០ បន្ទប់។

លោកស្រី Wallapa Traisorat ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Asset World និងជាកូនស្រីរបស់មហាសេដ្ឋី Charoen បានមានប្រសាសន៍ថា“ អគារខ្ពស់កប់ពពកនេះនឹងក្លាយជា“ ប្រវត្តិសាស្ត្រថ្មី” និងទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសថៃកាន់តែច្រើន។”

គម្រោងនៃការស្ថាបនាសំណង់អគារមូុយនេះ បានគ្រោងឡើងនៅចំពេលដ៏លំបាកសម្រាប់ទីផ្សារអចលនទ្រព្យនិងទេសចរណ៍របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ វិស័យទេសចរណ៍ក្នុងប្រទេសថៃ ដែលមានប្រហែល ២០ ភាគរយនៃផលិតផលក្នុងស្រុកសរុប ក៏កំពុងទទួលរងផលប៉ះពាល់ផងដែរ។

បើយោងតាមចំណាត់ថ្នាក់ក្រុមហ៊ុនម៉ាស្ទ័រ (Master Inc)ឆ្នាំ ២០១៩ ទីក្រុងបាងកកត្រូវបានជាប់ឈ្មោះជាទីក្រុងដែលមានភ្ញៀវទេសចរច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៨ រយៈពេល ៤ ឆ្នាំជាប់ៗគ្នា នាំមុខទីក្រុងប៉ារីស ទីក្រុងឡុងដ៍ ឌូបៃ និងសិង្ហបុរី ។

ម្យ៉ាងវិញទៀត ទីក្រុងបាងកកកំពុងប្រឈមនឹងការគាំងក្នុងការលក់ខុនដូសល់ដល់ទៅ ១០០,០០០ យូនីត និងរំពឹងទុកថាសល់ច្រើនជាងនេះទៀត។ ចំណែកវិនិយោគិនចិនដែលបានបង្កើនវិស័យអចលនទ្រព្យអស់រយៈពេលជាច្រើនឆ្នាំ ត្រូវស្នាក់នៅឆ្ងាយដោយសារតែការទប់ស្កាត់ការធ្វើដំណើរនិងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចដែលបណ្តាលមកពីវីរុសកូរ៉ូណា។

យ៉ាងណាមិញ លោកស្រីអគ្គនាយក Wallapa មិនមានការព្រួយបារម្ភទេនិងព្យាយាមទប់ស្កាត់ផលប៉ះពាល់ដែលមានរយៈពេលខ្លីនេះ៕
(BloomBerg)

រដ្ឋាភិបាលកូរ៉េផ្តល់ហិរញ្ញប្បទានចំនួន ៧០១ លានដុល្លារដល់កម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ កាន់តែប្រសើឡើង និងកាន់តែទូលំទូលាយ។ ជាក់ស្តែង គិតត្រឹមឆ្នាំ ២០១៩ សាធារណរដ្ឋកូរ៉េបានផ្តល់បើកផ្តល់ហិរញ្ញប្បទានប្រមាណ ៧០១ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានទំហំប្រមាណ ៣១២ លានដុល្លារអាមេរិក ។

នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នំា ២០២០ នេះ បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ – KOICA ប្រចាំកម្ពុជាកាលពីពេលថ្មីៗកន្លងមក។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលជានិច្ចកាលបានគាំទ្រកម្ពុជា និងជាដៃគូដ៏ល្អក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។

សេក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ភាគីកម្ពុជា-កូរ៉េ បានពិភាក្សា និងផ្តាល់ប្តូរយោបល់អំពី ១) កម្មវិធីទស្សនកិច្ចផ្លូវការរបស់ប្រធានទីភ្នាក់ងារ KOICA មកកាន់កម្ពុជានាពេលខាងមុខ ២) វឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារ KOICA ក្នុងឆ្នាំ ២០២០ និង ៣) ពិនិត្យសំណើរគម្រោងអនុវត្តក្នុងឆ្នាំ ២០២១ និង ឆ្នាំ ២០២២៕

២ខែ ដើមឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តលើគម្រោងចំនួន៣៧ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ៩៤១លានដុល្លារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ និងគាំទ្រទាំងស្រុងទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៣៧ ដែលក្នុងនោះមានគម្រោងបង្កើតរោងចក្រកាត់ដេរចំនួន២២ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅក្នុងកិច្ចបើសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅបន្តការងាររបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បើទោះជាបច្ចុប្បន្ន វិស័យរោងចក្រកាត់ដេរនៅកម្ពុជាកំពុងតែជួបភាពប្រឈមជាមួយភាពខ្វះវត្ថុធាតុដើមសម្រាប់សង្វាក់ផលិតកម្មក៏ដោយ ក៏នៅតែមានក្រុមហ៊ុនវិនិយោគជាច្រើននៅតែចាប់អារម្មណ៍ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមជាបន្តបន្ទាប់។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចគាំទ្រ និងចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនថ្មីៗចំនួន៣៧ មានទំហំទឹកប្រាក់សរុបប្រមាណ៩៤១,៦លានដុល្លារ និងផ្តល់ឱកាសការងារបានចំនួន២៥៧៩១កន្លែង ដោយក្នុងនោះមានគម្រោងបង្កើតរោងចក្រថ្មីៗបន្ថែមចំនួន២២គម្រោង”។

លោកបានបន្តទៀតថា “ជាមួយនឹងការទទួលបានការស្នើសុំពីណាក់បណ្តាក្រុមហ៊ុនទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរសប់បណ្តាអ្នកវិនិយោគ ដែលជឿទុកចិត្ត និងមើលឃើញពីភាពល្អប្រសើរនៃស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាតិកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងតែដាក់ចេញនូវវិធានការបន្ទាន់ដើម្បីពង្រឹងការវិនិយោគនានានៅកម្ពុជាឱ្យនៅតែរក្សាបាននូវភាពល្អប្រសើរ”។

បង់ក្លាដេសសម្ពោធដាក់ឱ្យដំណើរការមហាវិថីមួយ ដោយដាក់ឈ្មោះសម្ដេចសីហនុ

ដោយវុត្ថា

ភ្នំពេញ៖ វិថីមួយដែលមានឈ្មោះថា Park Road នៅក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស ប្រសិទ្ធនាមជា “ King Norodom Sihanouk Road “ ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dhakaribunes។

លោក Md Tajul Islam រដ្ឋមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន អភិវឌ្ឍន៍ជនបទ និងសហប្រតិបត្តិការ បានចូលរួមសម្ពោធវិថី King Norodom Road ដែលរៀបចំដោយអង្គការ Dhaka North Corporation ។ លោកថ្លែងថាប្រទេសបង់ក្លាដេស និងកម្ពុជាគឺជាមិត្តល្អ ហើយការសម្រេចប្តូរឈ្មោះមហាវិថី Dhaka បន្ទាប់ពីមានការសន្យារបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ខណៈ វិថី Bangabandhu Sheikh Mujibur Rahman នឹងត្រូវបើកសម្ពោធនៅទីក្រុងភ្នំពេញនាខែមេសាខាងមុខនេះ។

កិច្ចព្រមព្រៀងប្រសិទ្ធនាមឈ្មោះផ្លូវ King Norodom Sihanouk Road និង Bangabandhu Sheikh Mujibur Rahman Road ត្រូវបានធ្វើនៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស Sheikh Hasina នៅកម្ពុជា កាលពីឆ្នាំ២០០១។

ហ្វេសបុកផ្លូវការ Royal Du Cambodge ឱ្យដឹងដែរថា ព្រះបរមនាមដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រសិទ្ធនាមលើដងវិថីដ៏សំខាន់មួយ ក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស ដែលត្រូវបានប្រារព្ធពិធីប្រសិទ្ធនាមជា “ King Norodom Sihanouk Road “ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមថ្វាយមហាព្រះរាជកុសល ។

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានធ្វើជានាយករដ្ឋមន្រ្តី និងជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាចំនួនពីរលើក នៅក្នុងឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៥៥ និងឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៤។ ព្រះអង្គបានទទួលមរណភាពនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១២ ៕

កម្ពុជារកចំណូលបាន ៤,៩២ ពាន់លានដុល្លារអាមេរិកពីវិស័យទេសចរណ៍

ដោយ ប៊ី

ភ្នំពេញ៖ វិស័យទេសចរណ៍នៅកម្ពុជារកចំណូលបាន ៤,៩២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ១៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ចេញផ្សាយកាលពីថ្ងៃពុធនេះ។

របាយការណ៍បានឱ្យដឹងថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៦១ លាននាក់កាលពីឆ្នាំមុន កើនឡើង ៦,៦ ភាគរយពីមួយឆ្នាំមុន។

ប្រទេសចិនគឺជាប្រភពទេសចរណ៍ធំជាងគេ បន្ទាប់មក វៀតណាម និងប្រទេសថៃ។ ជនជាតិចិនប្រមាណ ២,៣៦ លាននាក់បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំមុន កើនឡើង ១៦,៧ ភាគរយ ធៀបនឹងឆ្នាំ២០១៨។
របាយការណ៍បានឱ្យដឹងថា “វិស័យទេសចរណ៍បានចូលរួមចំណែក ១២,១ ភាគរយដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាកាលពីឆ្នាំមុន។

របាយការណ៍ បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងទទួលបានទេសចរអន្តរជាតិចំនួន ៦,៤៥ លាននាក់នៅឆ្នាំនេះដែលជាការរំពឹងទុកធ្លាក់ចុះ ២,៤ ភាគរយ ដោយសារផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺ COVID-19។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការបង់ពន្ធចំពោះគ្រប់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅទូទាំងខេត្តសៀមរាបក្នុងរយៈពេល៤ខែ ដើម្បីជាការចូលរួមទ្រទ្រង់ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមានដំណើរការបន្តទៀត ខណៈដែលកំណើនភ្ញៀវទេសចរមានការធ្លាក់ចុះជាង៦០ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្ដិភាព ថា ក្រោមហេតុផលនៃភាពភ័យខ្លាចឥទ្ធិលជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាគួរឱ្យកត់សម្គាល់ ដែលក្នុងនោះកំណើនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះជាង៦០ភាគរយ ដែលក្នុងនោះទេសចរជនជាតិចិនមានការធ្លាក់ចុះប្រមាណ៩០ភាគរយ ជាពិសេសខេត្តសៀមរាប។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា “សម្រាប់តែខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមគាំទ្រដល់ម្ចាស់អាជីវកម្មផ្ទះសំណាក់ និងសណ្ឋាគារគ្រប់ប្រទេសនៅទូទាំងខេត្ត ដោយការលើកលែងការបង់ពន្ធក្នុងរយៈពេល៤ខែ (រដ្ឋាភិបាលជាអ្នកបង់ពន្ធជំនួស) ហើយក៏មិនត្រូវបានធ្វើសវនកម្មលើអាជីវកម្មផងដែរ ប៉ុន្តែសម្រាប់ការប្រកាសពីដំណើរប្រតិបត្តិការអាជីវកម្ម នៅតែបន្តប្រកាសជូនដដែល”។

ជាមួយគ្នានេះ ដើម្បីជួយគាំទ្រដល់ និងជំរុញកំណើនទេសចរក្នុងខេត្តសៀមរាប សម្ដេចបានជំរុញឱ្យមន្ត្រីក្រសួងស្ថាប័នរដ្ឋ ត្រូវកាត់បន្ថយការធ្វើដំណើរទៅចូលរួមប្រជុំក្រៅប្រទេស ហើយបង្កើនសកម្មភាពនៅក្នុងស្រុក ពិសេសរៀបចំកិច្ចប្រជុំ នៅតាមខេត្ត ពិសេសនៅខេត្តសៀមរាប។

ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការសកម្មភាព ទាក់ទាញភ្ញៀវទេសចរ នៅខេត្តសៀមរាប។ ត្រង់ចំណុចនេះ សម្តេចតេជោ ប្រកាសថា អង្គរសង្ក្រាន្តឆ្នាំ២០២០ នេះ ថ្នាក់ជាតិ មិនអាចធ្វើបានទេ ប៉ុន្តែសម្រាប់ខេត្តសៀមរាបគួរមានការរៀបចំដោយខ្លួនឯង ហើយត្រូវរក្សាថ្លៃសំបុត្រ ចូលទស្សនាអង្គរ ឱ្យនៅដដែល តែបន្ថែមថ្ងៃ។

សម្រាប់ ១ ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ។ សំបុត្រ ចូលមើល ២ ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ ហើយសំបុត្រ ចូលមើល ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ។ ក្រសួងទេសចរណ៍ ត្រូវរៀបចំបណ្តុះបណ្តាលបុគ្គលិកផ្នែកទេសចរណ៍នូវមុខវិជ្ជាថ្មី ឬបង្កើនចំណេះដឹងបន្ថែម។

អ្វីដែលសំខាន់ គ្រប់បណ្តាផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់គួរតែមានការពិចារណាទៅលើការបញ្ចុះតម្លៃឱ្យបានទាបតាមដែលអាចធ្វើបាន ជៀសវាងរក្សាតម្លៃថ្លៃ ប៉ុន្តែទុកបន្ទប់ចោលគ្មានចូលស្នាក់នៅ៕

រដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា នៅខេត្តរតនគីរី

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេច ចេញអនុក្រឹត្យស្ដីពីការបង្កើតតំបន់ការពារទេសភាព បឹងយ៉ាកអោម យ៉ាកការ៉ា ដែលមានផ្ទៃដីទំហំ ១៣២,០៥ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ ថា ការបង្កើតតំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ាធ្វើឡើងក្នុងគោលបំណងដើម្បី៖

* ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌

* ថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ

* ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព

* លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងកាអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់

* ថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន

* បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ ដល់សង្គមជាតិគ្រប់ជំនាន់៕

ក្រសួងពាណិជ្ជកម្ម៖ គម្រោងវិនិយោគជប៉ុននៅកម្ពុជាកើនដល់ ១៣៧គម្រោង ក្នុងទុនប្រមាណ ២,៥ ពាន់លានដុល្លារ

ដោយវុត្ថា

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអះអាងថា គម្រោងវិនិយោគរបស់ជប៉ុន នៅក្នុងឆ្នាំ២០១៩ មានចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ដែលមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈទំនាក់ទំនាក់នៃប្រទេសទាំងពីរមានភាពល្អប្រសើរ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “Cambodia-Japan IT/Software Outsourcing Trade Promotion and business meeting” កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ម្សិលមិញនេះ ឱ្យដឹងថា គម្រោងវិនិយោគរបស់ជប៉ុនទាំងនោះនៅកម្ពុជាផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

លោកបន្តថា ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន នៅឆ្នាំ២០១៩ មានទំហំទឹកប្រាក់ប្រមាណជាង ២,២៩២ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានចំនួនទឹកប្រាក់ជាង ១,៧២៩ លានដុល្លារ និងកម្ពុជានាំចូលពីជប៉ុនមានទំហំទឹកប្រាក់ជាង ៥៦២ លានដុល្លារ។

លោកបន្ថែមទៀតថា ជាមួយគ្នានេះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ (ឧស្សាហកម្ម ៤.០) ដែលសំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួនដូចជា ការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ ការគណនាធំៗ និងស្មុកស្មាញ ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗ អំពីការគ្រប់គ្រងផលិតកម្ម។

ឧស្សាហកម្ម ៤.០ ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច ដោយមានការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០៕

តើគួរវិនិយោគលើអចលនទ្រព្យបែបណាក្នុងស្ថានភាពបច្ចុប្បន្ន

ដោយ រ៉ាណេត

ភ្នំពេញៈ នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានទាញយកការវិនិយោគនៅក្នុវិស័យអចលនទ្រព្យ ភ្ជាប់ទៅនឹងព្រឹត្តិការណ៍អវិជ្ជមានសង្គម ជាពិសេ​ស ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចប្រទេសចិន ដែលជាទីផ្សារអចលនទ្រព្យមួយចំណែកធំនៅកម្ពុជា។

មិនថាទោះជាស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យអចលនទ្រព្យ រួមជាមួយនឹងតម្រូវការនៃវិស័យលំនៅដ្ឋានកំពុងតែមានតម្រូវខ្ពស់ បណ្តាអ្នកជំនាញបានអះអាងបញ្ជាក់ថា មិនថាឆ្នាំនេះឬបន្តទៅឆ្នាំខាងមុខនោះទេ ការវិនិយោគនៅក្នុងវិស័យអចនទ្រព្យ នៅតែមានសកម្មភាព សំខាន់គឺអាស្រ័​យទៅលើភាពចាំបាច់ និងធនធានតែប៉ុណ្ណោះ។

អគ្គនាយកក្រុមហ៊ុន Cam Top Property Group លោកខាត់ សុវណ្ណ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកថា ការសម្រេចចិត្តវិនិយោគ ឬមិនគួរមិនគួរគឺអាស្រ័យទៅលើភាពចាំបាច់ នៃតម្រូវការជាក់ស្ដែងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដែលមានធនធានច្បាស់លាស់គឺពួកគេនៅតែបន្តសកម្មភាពដដែល។

លោកបានបញ្ជាក់ថា “ភាគច្រើនពេលនេះគេតែងនិយាយថា ទីផ្សារដីធ្លីមិនសូវល្អដែលបណ្តាលមកពីកត្តាសេដ្ឋកិច្ចសង្គម ដែលកំពុងកើតមាន ហើយគាប់ជូនអ្នកខ្លះគាត់មានធុរៈ មានតម្រូវការថវិកា ដូច្នេះ បើទោះជាតម្លៃដីទាបជាងទីផ្សារជាក់ស្ដែង ២០-៣០ភាគរយ ក៏គាត់នៅតែលក់”។ លោកបន្តថា “ការលក់នេះមិនមែនមានន័យថា ទីផ្សារដីធ្លីធ្លាក់នោះទេ ប៉ុន្តែក្នុងលក្ខខណ្ឌនេះ សម្រាប់អ្នកដែលមានលុយទិញដី ដែលមានតម្លៃទាបជាងទីផ្សារ គឺពួកគេមានឱកាសទទួលបានចំណេញខ្ពស់នៅថ្ងៃខាងមុខ”។

បច្ចុប្បន្ននេះសម្រាប់ដីដែលស្ថិតនៅតំបន់ជាយក្រុង ក៏ដូចជាការអភិវឌ្ឍលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺនៅតែជាឱកាសល្អសម្រាប់ការវិនិយោគ”។

អគ្គនាយកក្រុមហ៊ុន Daily Realty Group លោក ហៃ រ៉ាវី ក៏បានបង្ហាញពីទស្សនៈស្រដៀងគ្នា ទៅនឹងការលើកឡើងខាងលើនេះផងដែរ ដោយលោកបានបញ្ជាក់ថា “បើស្ថិតនៅក្នុងស្ថានភាពប្រ ឈមដែលធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ វាមានហេតុការណ៍២កើតឡើង គឺហេតុការណ៍អាក្រក់ និងហេតុការណ៍ល្អ។

លោកបន្តថា “ត្រង់ន័យខ្ញុំចង់បញ្ជាក់ថា ហេតុការណ៍អាក្រក់ គឺកើតមាននៅពេលដែលមានទ្រព្យ ឬដីធ្លី ហើយមានតម្រូវការចាំបាច់ក្នុងការលក់បានតម្លៃទាប ដែលវាធ្វើឱ្យបាត់បង់ផលប្រយោជន៍ ឬខាតបង់ទ្រព្យ”។លោកបន្តថា “ប៉ុន្តែហេតុការណ៍ល្អ គឺសម្រាប់អ្នកមានលុយទិញដីទុកលក់ចំណេញ”។

លោកបន្ថែមថា ដូច្នេះមុនពេលសម្រេចចិត្តលក់ ក៏គួរតែសិក្សា និងពិចារណាពីតម្លៃទីផ្សារជាមុនសិន ឬបើអាចមានដំណោះស្រាយគួរកុំលក់ក្នុងពេលមិនអំណោយផល។

អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូ ធ្លាប់បានលើកឡើងថា ការចូលខ្លួនមកធ្វើជំនួញ នៅក្នុងវិស័យអចលនទ្រព្យ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែមុនពេ​លចូលមករកចំណូលនៅលើទីផ្សារមួយនេះ ចាំបាច់ត្រូវតែស្វែងយល់ឱ្យបានលម្អិតពីព័ត៌មា​នផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ។

លោកបានបន្តទៀតថា មុនពេលសម្រេចចិត្តទិញ ឬវិនិយោគទៅលើអចលនទ្រព្យណាមួយ អ្នកគួរតែសិក្សាស្វែងយល់ឱ្យបានលម្អិត និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ចៀសវាងការទិញទាំងភាពប្រថុយប្រថាន ឬជឿតាមពាក្យគេនិយាយដោយគ្មានមូលដ្ឋានច្បាស់លាស់”។ លោកបានបញ្ជាក់ថា “ភាពជោគជ័យទៅលើការវិនិយោគ មិនមែនកើតឡើងដោយសារតែព្រេងសំណាងនោះទេ ប៉ុន្តែវាកើតចេញពីភាពវ័យឆ្លាត ចេះក្ដាប់ឱកាស និងវិនិយោគត្រូវតាមកាលៈទេសៈ៕

ទីផ្សារខុនដូកាន់តែពេញនិយម តើអ្នកចង់រស់នៅតាមខុនដូអ្នកត្រូវដឹងពីរឿងអ្វីខ្លះ?

ដោយគង់ សូរិយា

ភ្នំពេញ៖ លំនៅដ្ឋានបែបសហកម្មសិទ្ឋ(ខុនដូ)ជាប្រភេទលំនៅដ្ឋានថ្មីមួយ ដែលប្រជាពលរដ្ឋខ្មែរមួយចំនួន មិនទាន់បានយល់ដឹងលំអិតនៅឡើយ ហេតុនេះដើម្បីទិញលំនៅដ្ឋានក្នុងខុនដូ មិនមានហានិភ័យទៅថ្ងៃអនាគត អ្នកមានបំណងចង់ទិញខុនដូត្រូវ​ស្វែងយល់ពីបញ្ហាពាក់ព័ន្ឋមួយចំនួន។

ថ្ងៃនេះគេហទំព័រPropertyarea.asia សូមលើកយកនូវសម្រង់ចំណេះដឹងខ្លះៗ ដើម្បីផ្តល់ជូនអ្នកអាន និងអ្នកចង់ទិញខុនដូជ្រាបពីបញ្ហានេះមុនសម្រេចចិត្តទិញខុនដូ។

ជាប្រភេទលំនៅដ្ឋានថ្មីមួយ

ខុនដូជាផ្នែកថ្មីមួយក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែ​លបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពី សហ​កម្មសិទ្ឋឆ្នាំ២០១០ ដែលអនុញ្ញាត្តឲ្យជនបរទេសអាចមានសិទ្ឋ ទិញអាគារបែបនេះចាប់ពី​ជាន់ទី១ឡើងទៅ។ អ្នក​រស់នៅតាមខុនដូ មិនអាចចិញ្ចឹមសត្វ និងជួសជុលលំនៅដ្ឋានរបស់ខ្លួន ឬបង្កសម្លេងរំខា​នណាមួយដល់អ្នកជិតខាងនោះទេ ដោយសារវាជាការរស់នៅបែបសហគមន៍លើអាគារ  ​រួម។

ការបង់ប្រាក់

អ្នករស់នៅខុនដូត្រូវបង់ប្រាក់ជាប្រចាំ ដល់ក្រុមហ៊ុនគ្រប់គ្រងអាគារ ដែលការបង់​ប្រាក់នេះមានតម្លៃចន្លោះពី០,៥០ ទៅ១ដុល្លារអាមេរិក(អាស្រ័យលើគំរោង)និមួយៗ។ ការ​បង់ប្រាក់នេះ សម្រាប់ឲ្យក្រុមហ៊ុនចំណាយទៅលើសេវាកម្មគ្រប់គ្រងអាគារទាំងមូល​និងសេវាកម្មអនាម័យ សន្តិសុខជាដើម។

ការទិញធានារ៉ាប់រង

តាមធម្មតាអ្នកអភិវឌ្ឍន៍ តែងទិញសេវាកម្មធានារ៉ាប់រងអាគារខុនដូរបស់ខ្លួន ប៉ុន្តែអ្នក​អភិវឌ្ឍន៍មួយចំនួនមិនបានទិញនោះទេ ហេតុនេះអ្នកមានបំណងចង់រស់នៅខុនដូ ត្រូវសិក្សាពី​អ្នកអភិវឌ្ឍន៍គំរោងនោះថា បានទិញធានារ៉ាប់រងឬទេ? ព្រោះតាមធម្មតាអ្នកអភិវឌ្ឍន៍តែងតែទិញសេវាធានារ៉ាប់រង ប៉ុន្តែអ្នកអភិវឌ្ឍន៍មួយចំនួនមិនបានទិញនោះទេ។

ការមានសេវាកម្មធានារ៉ាប់រងមានសារៈសំខាន់ណាស់ ដើម្បីការពារ​ពេលមានហានិភ័យកើតឡើង ឧទាហរណ៍មានករណីអគ្គិភ័យឆេះអាគារ អ្នកវិនិយោគនឹង​ទទួលបានសំណងវិញ ហើយអ្នកទិញខុនដូក៏ទទួលបានសំណងផងដែរ”។លោកបន្តថា “ករណីអាគារខុនដូឆេះអស់ ការសាងសង់ឡើងវិញនឹងធ្វើឡើងវិញអាស្រ័យលើការចចា និងការឯកភាពរួមរបស់ម្ចាស់ចំណែកកម្មសិទ្ឋនិមួយៗ”។

ជាមួយគ្នានេះអ្នកទិញខុនដូ ក៏គួរសិក្សាពីប្រព័ន្ឋសុវត្ថិភាព ការសិក្សាពីចំណតយា​ន​​យន្ត​ សិក្សាពីជណ្តើរយន្ត និងជណ្តើរសង្រ្គោះករណីមានអគ្គិភ័យ ឬហេតុការណ៍ណា​មួយកើតឡើងផងដែរ៕

លំនៅដ្ឋានអាជីវកម្មដ៏ស្រស់ស្អាត និងទាន់សម័យ តម្លៃសមរម្យមាននៅនៅបុរីខេស៊ី

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅលើទីតាំងដ៏ល្អដែលមានសក្ដានុពល ងាយស្រួលក្នុងការរស់នៅ និងផ្ដល់ភាពល្អប្រសើរ ដល់ការធ្វើអាជីវកម្មលក្ខណៈគ្រួសារ បុរី ខេស៊ី បាន និងកំពុងតែបង្ហាញពីភាពទាក់ទាញ និងចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើន ជាមួយនឹងការផ្ដល់ជូននូវលក្ខខណ្ឌដ៏ល្អក្នុងការបង់រំលោះថែមទៀតផង។

បុរី ខេ ស៊ី ត្រូវបានហ៊ុព័ទ្ធទៅដោយបណ្តុំលំនៅដ្ឋាន ដែលជាមានការអភិវឌ្ឍស្រាប់នាតំបន់ជាយក្រុង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានសំណង់លំនៅដ្ឋានដ៏ទំនើបៗ និងទាន់សម័យដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ជាមួយនឹងតម្លៃទាប គុណភាពសំណង់ខ្ពស់ និងងាយស្រួលក្នុងការប្រកបអាជីវកម្មបានយ៉ាងប្រសើរ។

ជាមួយនឹងទីតាំងដ៏ល្អ ស្ថិតនៅកណ្តាលទីប្រជុំជនដ៏មានសក្ដានុពល បុរីលំនៅដ្ឋានទាន់សម័យខេស៊ី ដែលកំពុងតែសម្រុកសាងសង់ ដើម្បីបញ្ចប់ទៅតាមគម្រោង និងបំពេ​ញតម្រូវការរបស់អតិថិជន បានបង្កើតកម្មវិធីដ៏ពិសេស ដោយការផ្ដល់ជូននូវលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល និងច្រើនជម្រើស ដែលស្របទៅតាមលទ្ធភាពរបស់អតិថិជន។

អ្វីដែលជាលក្ខណៈពិសេសរបស់បុរី លំនៅដ្ឋាន ខេស៊ី ក្រៅពីមានម៉ូដរចនាដ៏ស្រស់ស្អាត និងទាន់សម័យគួរជាទីទាក់ទាញ គុណភាពសំណង់ខ្ពស់ ដែលផ្តល់ផាសុកភាពដល់ការរស់នៅ ថែមទាំងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅអមសងខាង ដូចជានៅខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន នៅជាប់ផ្លូវ៣០ម៉ែត្រ តភ្ជាប់ពីមហាវិថីឈ្នះ ឈ្នះ នៃទីក្រុងមរតកតេជោ ឆ្ពោះទៅផ្លូវជាតិលេខ៥។

បន្ថែមពីនេះ នៅមានគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូនៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាល រាជធានីភ្នំពេញផងដែរ។

គម្រោងសំណង់លំនៅដ្ឋាន ដែលកំពុងតែមានភាពទាក់ទាញមួយនេះ បច្ចុប្បន្ន បាន និងកំពុងតែសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់ទៅតាមគម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១។ ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួន ជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ ហើយបង់បណ្តាក់ក្នុងរូបភាពជារំលស់ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ។

ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានដ៏ទាន់សម័យមួយនេះ បានយកចិត្តទុកដាក់ និង  ផ្តោតសំខាន់ទៅលើសំណង់់បែបបៃតង ដែលជាការជួយសន្សំសំចៃថាមពលអគ្គិសនី ដោយធ្វើឱ្យលំនៅដ្ឋានក្នុងគំរោងនេះទទួលពន្លឺ និងលំហូរខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ រួមជាមួយនឹងការដាំដើមឈើបៃតងលម្អនៅពីមុខផ្ទះ ដែលកាន់តែជួយបន្ថែមភាពត្រជាក់ដល់លំនៅដ្ឋាន។

ដោយឡែកនៅក្នុងគម្រោងបុរីខេស៊ី ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំណង់ ដូចជា ផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រមានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រា​ប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។

លោកអ្នកអាចធ្វើការសម្រេចចិត្តប្រភេទលំនៅដ្ឋាននៅក្នុង ខេស៊ី បានតាមសេចក្ដីប្រាថ្នា ទៅលើកលំនៅដ្ឋាន៣ប្រភេទខុសគ្នា រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបាន តាមរយៈទូរស័ព្ទលេខ ៖ ០៧៨ ៩៥ ៩៥ ៦៧ / ០៨៧ ៣៦៩ ៥៣៦ / ០៨៩ ៧៨ ៧៧ ២១ ៕