ជីវិតរស់នៅតាមខុនដូមានភាពស៊ីវិល័យដូចម្តេច?

ដោយ ប៊ី

ភ្នំពេញៈ ការរស់នៅតាមខុនដូនៃអាគារសហកម្មសិទ្ឋ ជាបែបបទជីវិតសម្រាប់មនុស្សសម័យថ្មី ដែលពួកគេរស់នៅលើអាគាររួម បីដូចជាក្នុងសហគមន៍រួមមួយ ដែលមានសេវាកម្មសន្តិសុខ២៤ម៉ោង ក្លឹបហាត់ប្រាណ អាងហែលទឹក ភោជនីយដ្ឋាន សេវាប្រចាំថ្ងៃលើការបោសសំអាត និងអនាម័យ និងសេវាកម្មជាច្រើនទៀត។

តើអ្នកត្រៀមខ្លួនសម្រាប់ជីវិតបែបថ្មី រស់នៅតាមអាគារកប់ពពកបែបនេះឬនៅ? ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមលើកយកចំណេះដឹងមួយចំនួនទាក់ទងនឹងជីវិតរស់នៅលើអាគារខុនដូ តើមានលក្ខខ័ណ្ឌត្រូវបំពេញអ្វីខ្លះ និងមានភាពងាយស្រួលយ៉ាងដូចម្តេច?

ការរស់នៅតាមវីឡា ជាការរស់នៅលើលំនៅដ្ឋាន ដែលមានលក្ខណៈដាច់ៗពីគ្នា ផ្ទុយទៅវិញការរស់នៅលើអាគារខុនដូ ជាការរស់នៅបែបជាសហគមន៍ដែលមានម្ចាស់ច្រើន ឬគ្រួសារច្រើននិងមានក្រុមមនុស្សចម្រុះ ដែលត្រូវរស់នៅអាគារជាមួយគ្នា ដូចនេះទើបអ្នកគ្រប់គ្រងអាគារ ត្រូវបានការបែងចែកនូវបទបញ្ជាផ្ទៃក្នុងសម្រាប់អាគារនិមួយៗ។

 ការជួសជុលឬលាបព៌ណអាគារ

អ្នករស់នៅតាមខុនដូ ពេលត្រូវការជួសជុលអ្វីមួយ ត្រូវសុំទៅអ្នកគ្រប់គ្រងអាគារជាមុន ដើម្បីឲ្យអ្នកគ្រប់គ្រងអាគារបានដឹង និងអាចអនុញ្ញាត្តឲ្យធ្វើពេលណាមួយ ដែលមិនបង្កឲ្យមានសម្លេងរំខានច្រើនដល់អ្នកស្នាក់នៅអាគាររួម។ ចំណែកការលាបព៌ណអាគារសម្រាប់ផ្ទៃខាងក្រៅ មិនត្រូវគេអនុញ្ញាត្តនោះទេ ប៉ុន្តែម្ចាស់លំនៅដ្ឋានណាមួយ អាចលាបព៌ណ ឬឌីសាញលើផ្នែកខាងក្នុងលំនៅដ្ឋានរបស់ខ្លួន បានតាមចំណង់ចំណូលចិត្ត។

ការកំណត់ពេលវេលា

ដោយសារអាគារនិមួយៗមានម្ចាស់ស្នាក់នៅច្រើន និងចម្រុះគ្នាបែបនេះហើយ ទើបអ្នកគ្រប់គ្រងអាគារតម្រូវឲ្យអ្នកស្នាក់នៅ មិនត្រូវបង្កសម្លេងរំខានដល់ អ្នកដទៃលើសពីម៉ោង១០យប់នោះទេ ករណីពួកគេជប់លៀងឬចាក់បាស់រាំរែកណាមួយ ប៉ុន្តែការកំណ​ត់ម៉ោងបែបនេះ មិនដូចគ្នានោះទេ វាអាស្រ័យលើអ្នកគ្រប់គ្រងអាគារនិមួយៗ។

មិនអនុញ្ញាត្តឲ្យចិញ្ចឹមសត្វ

ដោយសារឆ្កែ និងឆ្មារជាសត្វមួយ ដែលពូកែព្រុស និងជុះនោម និងជុះអាចម៍គ្មានសណ្តាប់ធ្នាប់ អ្នកគ្រប់គ្រងអាគារ មិនតម្រូវឲ្យអ្នកស្នាក់នៅលើខុនដូចិញ្ចឹមឆ្កែ ឬសុនកនោះទេ លើកលែងតែករណីពិសេស ដែលមានអ្នកមើលថែរសុនកច្បាស់លាស់។

 ចំណតយានយន្តត្រូវបង់ប្រាក់ប្រចាំខែ

ខុនដូភាគច្រើនតែងមានចំណតយានយន្តផ្ទាល់ខ្លួន ប៉ុន្តែខុនដូខ្លះក៏មានចំណតមិនគ្រប់ ឬសមាមាត្រនឹងចំនួនផ្ទះនៅលើអាគាររួមផងដែរ ដូច្នេះអ្នកស្នាក់នៅខុនដូត្រូវតម្រូវឲ្យបង់ប្រាក់ចន្លោះពី៣០ ទៅ៤០ដុល្លារក្នុងមួយខែៗ អាស្រ័យលើការកំណត់របស់ក្រុមហ៊ុនគ្រប់គ្រងអាគារ។

ការបង់ប្រាក់លើសេវាគ្រប់គ្រងអាគារ

ដោយសារខុនដូជាអាគាររួម និងមានអ្វីៗសម្រាប់ប្រើប្រាស់រួម ដូចជា ជណ្តើរយន្ត អាងហែលទឹក ឬកន្លែងហាត់ប្រាណជា និងថ្លៃសេវាសន្តិសុខជាដើម ទើបក្រុមហ៊ុនគ្រប់​គ្រង តម្រូវឲ្យអ្នកស្នាក់នៅបង់ប្រាក់ចន្លោះ០.៥០ ទៅ១ដុល្លារសម្រាប់ទំហំផ្ទះក្នុងមួយម៉ែត្រការ៉េ។ ប្រាក់ទាំងអស់នេះ នឹងប្រើប្រាស់សម្រាប់ការថែរទាំ និងជួសជុលសម្ភារៈ បរិក្ខារួម ដែលអ្នកស្នាក់នៅអាចប្រើប្រាស់បាន។

ប៉ុន្តែអាគារខុនដូខ្លះ ក៏តម្រូវឲ្យអ្នកស្នាក់នៅបង់ប្រាក់ សម្រាប់សេវាហាត់ប្រាណ អាងហែលទឹក ឬសេវាអនាម័យជាកញ្ចប់ចន្លោះពី២០ ទៅ៣០ដុល្លារក្នុងមួយខែ អាស្រ័យលើគំរោងនិមួយៗ ឬក្រុមហ៊ុនគ្រប់គ្រងអាគារនិមួយៗជាអ្នកកំណត់។

 សេវាសំអាត និងបោកអ៊ុត

ដោយសារវាជាបណ្តុះក្រុមមនុស្សចម្រុះ អ្នកគ្រប់គ្រងអាគារខុនដូនិមួយៗ តែងផ្តល់សេវាអូតសំអាត និងអនាម័យចំនួនបីដងក្នុងមួយសប្តាហ៍ និងផ្តល់សេវាបោកអ៊ុតសម្លៀកបំពាក់ផងដែរ ប្រសិនជាម្ចាស់លំនៅដ្ឋាននិមួយៗ ត្រូវការសេវាបោកគក់សម្លៀកបំពាក់ ដោយសារមិនមានពេលបោកគក់ខ្លួនឯង ព្រោះជាប់រវល់នឹងការបំពេញការងារជាដើម។

សន្តិសុខ

ការរស់នៅតាមខុនដូ មិនមានអ្វីត្រូវព្រួយបារម្ភ ទាក់ទងនឹងសន្តិសុខនោះទេ ដោយសារអាគារខុនដូនិមួយៗ សុទ្ឋតែមានបុគ្គលិក២៤ម៉ោងយាមប្រចាំការ។ ដូចនេះ ម្ចាស់លំនៅដ្ឋានក្នុងអាគារខុនដូ មិនចាំបាច់ជាការបារម្ភពីការទុកផ្ទះចោលនោះទេ ខុសពីផ្ទះល្វែងឬផ្ទះវីឡាពេលម្ចាស់មិននៅ ត្រូវបារម្ភពីពួកជនខិលខូច ឬលោកចោរចូលលួចទ្រព្យសម្បត្តិ។

 សេវាកុំម៉ង់អាហារ

វាអាស្រ័យលើក្រុមហ៊ុនគ្រប់គ្រង ឬអ្នកអភិវឌ្ឍន៍និមួយៗ ដែលបំពាក់សេវាកម្ម សម្រាប់អ្នកស្នាក់នៅ លើអាគារសហកម្មសិទ្ឋរបស់ខ្លួន ប៉ុន្តែសម្រាប់អាគារខុនដូថែលSilver Townគឺមានសេវាកុំម៉ង់អាហារ កុំម៉ង់ភេសជ្ជៈ កុំម៉ង់សេវាបោកអ៊ុតបាន២៤ម៉ោង លើ២៤ម៉ោង ដោយគ្រាន់តែអ្នកស្នាក់នៅទូរស័ព្ទ ទៅកាន់បុគ្គលិកទទួលភ្ញៀវនៅក្នុងអាគារប៉ុណ្ណោះ។

 សេវាអគ្គិភ័យឬការសង្រ្គោះ

នៅកម្ពុជា មិនទាន់មានអាគារខុនដូកប់ពពកណាមួយ មានករណីអគ្គិភ័យនៅលើអាកាសនៅឡើយទេ ហើយករណីនេះ គឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានគិត និងបារម្ភ ប៉ុន្តែវាមិនមែនជារឿងធ្ងន់ធ្ងរនោះទេ ព្រោះអ្នកវិនិយោគអាគារខុនដូដែលចំណា​យប្រាក់រាប់លានដុល្លារ ពួកគេសុទ្ឋតែបានគិតគូរួចហើយ ពីការបំពាក់ឧបករណ៍ការពារអគ្គិភ័យ ប្រព័ន្ឋទឹកសម្រាប់បាញ់ និងជណ្តើរជើង ឬជណ្តើរសុវត្ថិភាពដែលអាចជម្លៀសមនុស្សចេញបាន ក្នុងករណីមានអគ្គិភ័យកើតឡើងជាយថាហេតុណាមួយផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មិនព្រងើយកន្តើយនឹងបញ្ហាបង្ការជាមុននោះដែរ ជាក់ស្តែងខាងនគរបាលពន្លត់អគ្គិភ័យ ក៏ទទួលបានការបណ្តុះបណ្តាល ដើម្បីជម្លៀសមនុស្សចេញពីអាគារ ព្រមទាំងមានរថយន្តបាញ់ទឹក ដើម្បីត្រៀមបង្ការ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ៕

កត្តាសំខាន់ៗដែលជំរុញឲ្យខ័ណ្ឌទួលគោកផ្លាស់ប្តូរជាប្លុកពាណិជ្ជកម្មឆាប់រហ័ស

ដោយស៊ីវ ម៉េង

        ភ្នំពេញ ការរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅទីក្រុងភ្នំពេញ មិនថមថយល្បឿននោះទេ ជាក់ស្តែងខ័ណ្ឌទួលគោកបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយផ្លាស់ប្តូរពីតំបន់លំនៅដ្ឋាន ទៅជាតំបន់ពាណិជ្ជកម្មយ៉ាងរសរវើក។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaកាលពីចុងឆ្នាំមុនបានរកឃើញថា ដោយ​សារកំនើននៃការវិនិយោគនៅតំបន់នេះ ពិសេសការកសាងខុនដូ អាផាតម៉ិន និងអាគារ​ពាណិជ្ជកម្មនានាបានធ្វើឲ្យតម្លដីធ្លី នៅក្នុងខ័ណ្ឌទួលគោកកើនឡើងរហូតដល់៥៦ភាគរយ កាលពីឆ្នាំមុន ធៀបនឹងឆ្នាំ២០១៧កន្លងមក។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ទួលគោកបានផ្លាសប្តូរយ៉ាងលឿន ដោយសារការកើនឡើ​ង នូវការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម(CBD) នៅក្នុងមូលដ្ឋាននេះកើនឡើងច្រើន ពិ​សេ​សកំនើននៃការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងជនបរទេ​ស ដែលបានប្រែក្លាយតំបន់នានាក្នុងខ័ណ្ឌទួលគោក ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរសរវើក។

អ្នកនាងបន្តថា “ការរីកចម្រើននេះ បានធ្វើឲ្យអ្នកវិនិយោគកាន់តែផ្តោតលើតំបន់នេះ ហើយនាពេលអនាគតតម្លៃលំនៅដ្ឋាន និងដីធ្លីនឹងមានកំនើនខ្ពស់ថែមទៀត”។អ្នកនាង​បានបន្តថា “បច្ចុប្បន្នគំរោងខុនដូ អាផាតម៉ិនជាច្រើនបានបញ្ចប់ការសាងសង់ និងកំពុងសាងសង់នៅតំបន់នេះ ដែលវាជាតំបន់ទី២បន្ទាប់ពីខ័ណ្ឌចំការមន ខ័ណ្ឌ៧មករានិ​ង​ខ័ណ្ឌដូនពេញ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការរីកចម្រើនខ័ណ្ឌទួលគោក មួយផ្នែកដោយសារឥទ្ឋិពលចេញពី​ខ័ណ្ឌចំការមន ដូនពេញ និងខ័ណ្ឌ៧មករា ពិសេសតម្លៃនៅទីនោះមានភាពសមស្របងា​យស្រួលវិនិយោគកាលពីកំឡុង៣ទៅ៥ឆ្នាំមុន ប៉ុន្តែតម្លៃដីក្នុងតំបន់ពាណិជ្ជកម្មរសរវើកនៅ​ក្នុងខ័ណ្ឌនេះនាពេលបច្ចុប្បន្ន មានតម្លៃចន្លោះ៣៥០០ទៅ៤៥០០ដុល្លារ ដីនៅតំបន់លំនៅដ្ឋានមានចន្លោះ២០០០ ទៅ៣៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងដីនៅតាមផ្លូវតូចៗអាចមានតម្លៃទាបជាងនេះ។

លោកបន្តថា “ទោះជាយ៉ាងណាបើគិតពីតំលៃជួលអាផាតម៉ិន នៅតំបន់ទួលគោក ធៀបនឹងខ័ណ្ឌចំការមន តំបន់ទួលគោកមានតម្លៃទាបជាងប្រមាណ១៥ភាគរយ តែបើធៀបតែតំបន់បឹងកេងកង១ តម្លៃខុសគ្នារហូតដល់ប្រមាណ៣០ភាគរយ”។

លោកច្រឹក សុខនីមបានបន្តថា តំបន់ទួលគោកនឹងបន្តរីកចម្រើនថែមទៀត ដោ​យ​សារកំនើននៃការវិនិយោគរបស់ជនបរទេស កត្តាហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងភាពទាក់ទាញដែលមានស្រាប់នៅតំបន់នេះ ពិសេសតង់ស៊ីតេប្រជាជនមានកំនើនខ្ពស់នៅក្នុង​ខ័ណ្ឌមួយនេះ ដែលវាជាខ័ណ្ឌមានភាពរីកចម្រើនបន្ទាប់ពីខ័ណ្ឌបីទៀត គឺចំការមន ដូនពេញ និងខ័ណ្ឌ៧មករា៕

មជ្ឈមណ្ឌលកម្សាន្តដ៏ធំជាងគេនៅកម្ពុជា ជិតបើកដំណើរការហើយ

ដោយវុត្ថា

ភ្នំពេញ៖ មជ្ឈមណ្ឌលកម្សាន្តដ៏ធំជាងគេ និងដំបូងបង្អស់ក្នុងប្រទេសកម្ពុជា Garden City Water Park ដែលវិនិយោគដោយអ្នកឧកញ៉ា លី យ៉ុង ផាត់ជិតបើដំណើរការជាផ្លូវ ហើយនាពេលខាងមុខនេះ។ នេះ បើយោងតាមការផ្សព្វផ្សាយគេហទំព័រហ្វេសបុក Garden City Water Park កាលពីពេលថ្មីៗកន្លងមក។

ទំព័រហ្វេសបុកនេះ សរសេរថា សួនទឹកលំដាប់ពិភពលោក នឹងបើកឱ្យដំណើរនាពេលខាងមុខឆាប់ៗនេះនៅក្នុងទីក្រុងភ្នំពេញ ។ វានឹងក្លាយជាសួនទឹកដ៏ធំជាងគេ និងដំបូងបង្អស់ក្នុងប្រទេសកម្ពុជាជាមួយនឹងគុណភាពអន្តរជាតិ និងស្តង់ដារអន្តរជាតិខ្ពស់ ។ A world-class Water Park will be opening soon in Phnom Penh. It will be Cambodia’s first Water Park with International quality and safety standards.
ទំព័រហ្វេសបុកដដែលនេះ បន្តថា “កាន់តែកៀកមែនទែនហើយ!សម្រាប់បងៗដែលទន្ទឹងរង់ចាំ ដើម្បីមកកម្សាន្តនៅសួនទឹក ហ្គាឌិន ស៊ីធី វ៉តធើផាក។ ជួបគ្នាក្នុងពេលដ៏ខ្លីខាងមុខនេះ។ រីករាយទាំងគ្រួសារជាមួយសួនទឹកដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា” ។

សួនទឹកដ៏ធំនេះ សាងសង់នៅក្បែរនឹងសួនសត្វ The Safari ។ មជ្ឈមណ្ឌលកំសាន្ត សួនទឹកហ្គាឌិន ស៊ីធី មានកន្លែកម្សាន្តជាច្រើនដូចជា៖ ឋានសួគ៌រលក ឋានសួគ៌កុមារ ស្គីរលក ទរអិលដែលមានស្តង់ដាអន្តរជាតិ និងភោជនីយដ្ឋាន។

សួនទឹកហ្គាឌិន ស៊ីធី សាងសង់លើផ្ទៃដី ៦ហិកតាដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញជាប់នឹងសួនសត្វ Phnom Pen Safari ។ តែយ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ពេលវេលាជាក់លាក់នៅឡើយទេ ក្នុងការបើកឱ្យដំណើរការនេះ។

សួនទឹកអង្គរ – Angkor Water Park បានផ្លាសប្ដូរឈ្មោះមក សួនទឹក ហ្គាដេនស៊ីធី Garden City Water Park កំពុងដំណើរការសាងសង់ គ្រោងបញ្ចប់នៅដើមឆ្នាំ ២០២០ នេះ ដែលវិនិយោគដោយ ក្រុមហ៊ុន LYP Group មានទឹកប្រាក់វិនិយោគ ប្រមាណជាង ៥៥ លានដុល្លារអាមេរិក។

សួនទឹក Garden City Water Park សាងសង់ដោយ white water group របស់ក្រុមហ៊ុនអង់គ្លេស មានឧបករណ៍កំសាន្តច្រើនជាងសួនទឹក Cartoon Newtwork របស់ថៃ ៥0% មានរលកសម្បនិមិត្តកម្ពស់ ៣.៥ ម៉ែត្រ និងទំហំ ៦.៣ ហិចតា ហើយវានឹងក្លាយជាសួនទឹកធំលំដាប់ទី៣ ប្រចាំតំបន់អាស៊ាន បន្ទាប់ពីសួនទឹក Sunway lagoon ដែលមានទំហំ ៣២ ហិចតា របស់ម៉ាឡេស៊ី និង សួនទឹក Ramaynak ទំហំ ១៨ ហិចតារបស់ថៃ ទើបតែបើកថ្មីៗនេះ Garden City Water Park ដែលត្រៀមទម្លាក់តំណែងសួនទឹក Cartoon Network Pattaya របស់ថៃ លើទំហំដី ៥.៧ ហិចតា ទៅលំដាប់ទី៤ ផងដែរ ។

លោក សេង ង៉ុក អគ្គនាយកក្រុមហ៊ុន LYP Group ធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍន៍ សួន Garden City Water Park នេះនឹងផ្តល់ឱ្យទីក្រុងភ្នំពេញនូវសួនទឹក និងកន្លែងកម្សាន្តដែលមានលក្ខណៈស្តង់ដារអន្តរជាតិ។ សួនទឹកកម្សាន្តនេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ី ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ ៥០ភាគរយឯណោះ។

លក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន និងកន្លែងសំខាន់ៗផ្សេងទៀត។ សួនទឹកកម្សាន្ត Garden City Water Parkនេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិក៕

ផ្សារហ៊ុនទូទាំងសកលលោកដាំក្បាលចុះក្នុងរយៈពេល៥ថ្ងៃជាប់គ្នា

ដោយ ហ្សូលី

ភ្នំពេញៈ ផ្សារហ៊ុននៅទូទាំងសកលលោក បានធ្លាក់ចុះជាខ្លាំងដល់ទៅរយៈពេល៥ថ្ងៃជាប់ៗគ្នា នេះបើតាមការផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០២០នេះ។

ភាគហ៊ុនអាមេរិកបានកើនឡើងខ្ពស់ នៅពាក់កណ្តាលថ្ងៃពុធដោយS&P 500 កើនឡើង ០,៤% និង Dow កើនឡើងជិត ៧០ ពិន្ទុឬ ០,៣% ។ ប៉ុន្តែទីផ្សារអ៊ឺរ៉ុបបានបញ្ចប់ការលាយបញ្ចូលគ្នា ព្រោះការព្រមានពីប្រាក់ចំណេញរបស់ក្រុមហ៊ុន បានបន្ថែមការភ័យខ្លាច អំពីផលប៉ះពាល់សេដ្ឋកិច្ចនៃការផ្ទុះឡើងនៃវីរុស។

DAX របស់អាឡឺម៉ង់បានធ្លាក់ចុះ ០,១% បន្ទាប់ពីធ្លាក់ចុះ ២,៥% រីឯ CAC 40 (CAC40) បានកើនឡើង 0.1% នៅទីក្រុងប៉ារីសនិង FTSE 100 (UKX) បានកើនឡើង 0.4% នៅទីក្រុងឡុង។

នៅប្រទេសប្រេស៊ីល ដែលបានបញ្ជាក់ពីករណីឆ្លងវីរុសដំបូងគេ ដែលធ្វើឱ្យសន្ទ ស្សន៍គោលរបស់ប្រទេសបានធ្លាក់ចុះជាង ៥%។

ការខាតបង់បានកើតឡើងនៅអាស៊ីផងដែរ ដែលសន្ទស្សន៍Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ០,៨% ។ សន្ទស្សន៍ (HSI) របស់ហុងកុងបានធ្លាក់ចុះ០,៧% ហើយសៀងហៃបានធ្លាក់ចុះ ០,៨% ។

សន្ទស្សន៍ MSCI World ដែលជាសន្ទស្សន៍ ដែលរាប់បញ្ចូលទាំងភាគហ៊ុនចំនួន ១,៦៤៤ មកពីជុំវិញពិភពលោក កំពុងស្ថិតនៅលើផ្លូវធ្លាក់ចុះជាលើកទី៥ជាប់ៗគ្នា។

ភាគហ៊ុនអាមេរិក បានធ្លាក់ចុះនៅក្នុងវគ្គជួញដូរនាពេលថ្មីៗនេះ លើការភ័យខ្លាចនៃមេរោគឆ្លង។ មុនថ្ងៃពុធDow បានបាត់បង់ច្រើនជាង២.០០០ពិន្ទុ នៅក្នុងវគ្គជួញដូរទាំងបួនលើកមុន។

វិនិយោគិនមានការព្រួយបារម្ភ អំពីតម្រូវការរបស់អតិថិជន ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងសេដ្ឋកិច្ចធំៗនៅជុំវិញពិភពលោក។

ការរីករាលដាលនៃវីរុសនេះបានធ្វើឱ្យចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២ លើពិភពលោកខាតបង់ប្រាក់ រាប់ពាន់លានដុល្លារក្នុងមួយត្រីមាសនេះ។ ការផ្ទុះឡើងធំៗ នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងអ៉ីតាលីបង្ហាញពីហានិភ័យ ដែលបង្កឡើងដល់បណ្តាប្រទេសមានខឿនសេដ្ឋកិច្ចធំៗដទៃទៀត៕ (CNN)

អ្នកជំនាញពីររូបបង្ហើបពីវិធីសាស្រ្តមុនសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យ

ដោយស៊ីវ ម៉េង

        ភ្នំពេញ មុនវិនិយោគលើវិស័យអចលនទ្រព្យ ការពិនិត្យទៅលើមូលដ្ឋាននិងព៌តមានសំខាន់ៗមួយចំនួន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យការវិនិយោគរបស់អ្នកទទួលបានជោគជ័យ។

អគ្គនាយកក្រុមហ៊ុនCentury21 Dream Propertyលោកគាម សៀកឡុងបានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលស្តីពី” តើធ្វើដូចម្តេចដើម្បីវិនិយោគអចលនទ្រព្យឲ្យ​ទទួលបានផលចំណេញកាលពីពេលថ្មីៗនេះថា ការវិនិយោគលើវិស័យអចល​នទ្រព្យ ដើម្បីទទួលបានផលចំណេញ ពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែដើម្បីទទួ​ល​បានផលចំណេញ អ្នកវិនិយោគត្រូវពិនិត្យទៅលើមូលដ្ឋានមួយចំនួនដូចជា កត្តាផ្លូវច្បាប់ ការលក់ក្តីស្រម័យ និងមូលដ្ឋានព៌តមានជាក់លាក់នានា ដើម្បីធ្វើឲ្យប្រាកដថាការវិនិយោគរបស់លោកអ្នកទទួលបានជោគជ័យ។

លោកបន្តថា “លំហូរសាច់ប្រាក់ក៏ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ប៉ុន្តែអ្នក​វិនិយោគត្រូវប្រាកដថា ការប្រើប្រាស់សាច់ប្រាក់របស់អ្នកធ្វើឡើងយ៉ាងដូចម្តេច ហើយបើ​វាមានបញ្ហា តើលោក អ្នកមានវិធីសាស្រ្តឬមូលដ្ឋានសាច់ប្រាក់បែបណា ដើម្បីប្រាសចាក​ហានិភ័យ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរ ពីដំណើរវិវត្តន៍ក្នុងវិស័យអចលនវត្ថុកម្ពុជា ដែលវិស័យ​នេះនៅតែមានភាពរ៉ឹងមាំ ដោយផ្អែកលើមូលដ្ឋានជាច្រើនដូចជា កត្តាសុខសន្តិភាព ស្ថេរ​ភាពនយោបាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា។លោកបន្តថា ជាមួយនឹងកាលា​នុវត្តន៍ភាពនេះ ការវិនិយោគលើវិស័យអចលនទ្រព្យ អ្នកវិនិយោគគួរប្រឹក្សាជាមួយអ្នកជំ​នាញ ដើម្បីពួកគេអាចប្រមូលព៌តមាននានា និងទទួលបានដំបូន្មានពីអ្នកជំនាញ ក្នុងការ​ចង្អុលបង្ហាញមូលដ្ឋាននៃអចលនទ្រព្យ ឳកាសចំណេញ និងមូលហេតុដែលគួរឬមិនគួរ​វិនិយោគក្នុងវិស័យអចលនទ្រព្យ។

លោកបន្តថា “លំហូរសាច់ប្រាក់ និងការប្រើប្រាស់សាច់ប្រាក់ឲ្យបានត្រឹមត្រូវ មាន​សារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យប្រាកដថាការវិនិយោគរបស់យើងមានសុវត្ថិភាព”។លោក​បន្តថា “ជាមួយគ្នានេះ ការប្រើប្រាស់ប្រាក់ធនាគារ ក៏មិនមានបញ្ហានោះដែរ ប្រសិនជា​យើងមានលំហូរសាច់ប្រាក់ អាចទប់ទល់នឹងភាពជាប់គាំងនៅពេលណាមួយបាន”។

ជាមួយនេះ លោកច្រឹក សុខនីមក៏បានលើកឡើងពីទិដ្ឋភាពផ្លូវច្បាប់ ដែលអ្នកវិនិយោគគួរសិក្សាស្វែងយល់ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានបញ្ហាទាក់ទងនឹងប័ណ្ណកម្មសិទ្ឋ មានជម្លោះទាក់ទងនឹងបញ្ហាអចលនទ្រព្យ ដែលយើងបានវិនិយោគផងដែរ ព្រោះការមាន​បញ្ហា ជារឿងឈឺក្បាលនិងធ្វើឲ្យយើងជាប់រវល់ជាមួយនឹងស្ថាប័នតុលាការ ដែលនាំ​ឲ្យខាតទាំងពេលវេលា និងប្រាក់កាសផងដែរ៕

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំតម្លៃ៥០លានដុល្លារសាងសង់សម្រេច បាន៤៥%ហើយ

ដោយវុត្ថា

ត្បូងឃ្មុំៈ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃប្រមាណ៥០លានដុល្លារ ត្រូវបានសាងសង់សម្រេចបាន៤៥%ហើយ នឹងបញ្ចប់ការសាងសង់ ជាស្ថានពរនាចុងខែតុលា ឆ្នាំ២០២១ខាងមុខ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះទៅត្រួតពិនិត្យវឌ្ឍនៈភាព ដំណើរការសាងសង់មន្ទីរពេទ្យនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្រប់ដណ្តប់ប្រជាជនក្នុងខេត្តត្បូងឃ្មុំ និងមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី

លោកបន្តថា “មកទល់នឹងពេលនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ សាងសង់បាន៤៥%ហើយ”។ លោកបន្តថា “ក្រសួងសុខាភិបាល នឹងខិតខំប្រឹងប្រែងពង្រឹងចំណេះជំនាញ និងបច្ចេកទេសដល់ក្រុមគ្រូពេទ្យ ដើម្បីត្រៀមផ្ដល់សេវាសុខភាពជូនពលរដ្ឋនៅខេត្ដត្បូងឃ្មុំនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់”។

លោកបន្ថែមថា ចំពោះការវិវឌ្ឍការសាងសង់បាន៤៥%នេះ ក្នុងនោះរួមមាន៖ សាងសង់អគារអ្នកជម្ងឺ ត្រូវបានចាក់ប្លង់សេជាន់ទី៥រួចរាល់ ការងាររៀបឥដ្ឋជញ្ជាំងខណ្ឌសម្រេចបាន៥០%  រចនាសម្ពន្ធ័ និងការងារគ្រោងរបស់អគារត្រូវបានបញ្ចប់ ការងាររៀបឥដ្ឋជញ្ជាំងខណ្ឌបានសម្រេច៩០% ប្រពន័្ធទឹកកខ្វក់សម្រេចបាន៧៨% ប្រពន័្ធទឹកភ្លៀងសម្រេចបាន៦៨% ប្រព័ន្ធរូងអគ្គិសនីក្រោមដីសម្រេចបាន៩០% ផ្លូវនៅខាងក្រៅការដ្ឋានធ្វើរួចជាស្ថាពរ រីឯផ្លូវនៅខាងការដ្ឋានវិញសម្រេចបាន៥០% ការងារកាយដីក្នុងដំណើរការសាងសង់រនាំងទប់ដីជម្រាលសម្រេចបាន៩០% និងសសរនៃរបងពទ្ធ័ជុំវិញមន្ទីរពេទ្យត្រូវបានសាងសង់រួចរាល់។

មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំនេះ បានសាងសង់ឡើង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដោយសម្ពោធបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់សម្រេចជាស្ថាពរ ទៅវិញនៅចុងខែតុលា ឆ្នាំ២០២១ ដែលសាងសង់លើផ្ទៃដីទំហំ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយ:ពេល៤០ខែ។ មន្ទីរពេទ្យធំថ្មីនេះ មានតំរូវការបុគ្គលិកជំនាញប្រមាណ៤៥៦នាក់បន្ថែមទៀត។

ដោយឡែក មន្ទីរពេទ្យនេះ នឹងបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាលជំងឺដូចជា ផ្នែកជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែកជំងឺឆ្លង ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកប្រពោធនកម្ម (ICU) ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែករោគស្ត្រី និងសម្រាលកូន ផ្នែករូបភាពវេជ្ជសាស្ត្រ និងEndoscopy ផ្នែកមន្ទីរពិសោធន៍ ឱសថស្ថាន បន្ទប់រំងាប់មេរោគ ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាលនិងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព៕

រដ្ឋាភិបាលប្រកាសឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បង្កើតវិធីអាហារឱ្យបានមួយយ៉ាងតិច

ដោយៈ រ៉ាណេត

ភ្នំពេញៈ តាមរយៈក្រសួងទេសចរណ៍ បានប្រកាសតម្រូវឱ្យរដ្ឋបាលក្រុង ស្រុក និងខណ្ឌ ដែលជាថ្នាក់ក្រោមជាតិត្រូវបង្កើតវិថីម្ហូបអាហារ នៅក្នុងតំបន់របស់ខ្លួនឱ្យបានចំនួន១យ៉ាងតិច សម្រាប់ផ្តល់ជូននូវសេវាដល់បណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាការចូលរួមចំណែកលើកកម្ពស់ វិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងទិវាទីក្រុងស្អាតលើកទី៨ ដែលរៀបចំនៅសណ្ឋាគារសុខា កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ជាយុទ្ធនាការគាំទ្រ និងចូលរួមពង្រឹងវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ប្រ​មុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតប្រកាសដាក់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលថ្នាក់ក្រុងស្រុកខ័ណ្ឌ ត្រូវអនុវត្តន៍ស្តង់ដារ វិថីលក់ម្ហូបអាហារកម្ពុជា ឬហៅថាFood Street  ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។

លោករដ្ឋមន្ត្រីបានអានសារលិខិតរបស់សម្ដេចតេជោ ដោយបង្ហាញពីការអំពាវនាវឱ្យក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងការអនុវត្តលើកកម្ពស់នូវវប្បធម៌ ប្រពៃណី និងបេតិកភ័ណ្ឌម្ហូបអាហារ ដែលសំដៅចូលរួមជំរុញឱ្យមានភាពសម្បូរបែបនូវវិថីម្ហូបអាហារនៅតាមស្រុក ក្រុង ខណ្ឌ យ៉ាងតិចឱ្យបានចំនួន១។

នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្ត និងនិន្នាការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នា ការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានានិរន្តរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាយុទ្ធសាស្ត្រដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ជាមាសបៃតង និងនាំក្ពុជាឆ្ពោះទៅរកភាពស្អាតបៃតង និងប្រកដោយសុវត្ថិភាពខ្ពស់។

លោកថោង ខុន បានមានប្រសាសន៍បន្តថា ការបង្កើតវិថីម្ហូបអាហារនៅតាមបណ្តាស្រុក ក្រុង និងខណ្ឌ គឺជាចំណុចដ៏ប្រសើរបំផុត ព្រោះម្ហូបអាហារគឺជាទូតនាំសារវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ទៅកាន់ភ្ញៀវទេសចរជាតិអន្តរជាតិ និងបានបង្កើតភាពចងចាំដល់ភ្ញៀវទេសចរ អំពីគោលដៅទេសចរណ៍ដែលគេបានទៅទស្សនា ហើយបញ្ហានេះ គឺយើងចាំបាច់ត្រូវធ្វើការកែច្នៃ ចងក្រងខ្លឹមសារបកស្រាយ បង្ហាញ និងលើកគុណតម្លៃអំពីម្ហូបអាហារ ដែលសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ គឺវាបម្រើអោយសេវាទេស​ចរណ៍ផង និងចូលរួមលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

ប្រទេសន័រវេសបានប្រកាសថា ខ្លួននឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធ(GSP)ចេញពីកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈប្រទេសន័រវេសបានប្រកាសថា ខ្លួននឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធ(GSP) ចេញពីកម្ពុជាឡើយ។ នេះយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងការបទេសប្រទេសន័រវេស។

ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោកស្រី ម៉ារីយ៉ាន ហាហ្គិន (Marianne Hagen) រដ្ឋលេខាធិការក្រសួងការបរទេស នៃព្រះរាជាណាចក្រន័រវេស ក្នុងជំនួបទ្វេភា​គី​ជាមួយ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥  ខែកុម្ភ: ឆ្នាំ២០២០នេះ។

ជំនួបទ្វេភាគីនេះ មានគោលបំណងផ្លាស់ប្តូរយោបល់ត្រង់ទៅ ត្រង់មក លើបញ្ហានានា ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ។

លោកអ៊ុច បូររិទ្ធបានថ្លែងថា “ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា និងបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ដែលមានជាយូរលង់រវាងកម្ពុជា និងន័រវេស លើវិស័យជាច្រើន”។

ជាការឆ្លើយតប លោកជំទាវ Marianne Hagen បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ន័រវែស ក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ក្នុងវិស័យដោះមីន និងសាលាក្តីខ្មែរក្រហម ហើយបានគូសបញ្ជាក់ថា ប្រទេសន័រវែសបានផ្តល់ថវិកាជាជំនួយទ្វេភាគីប្រមា​ណ៥០លានក្រូនន័រវែស ជារៀងរាល់ឆ្នាំដល់កម្ពុជា ដោយផ្តោតលើអភិបាលកិច្ចល្អ សិទ្ធិមនុស្ស ការអប់រំ សេវាសុខាភិបាល និងសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងទឹកប្រាក់៣លានក្រូនន័រវែស សម្រាប់សាលាក្តីខ្មែរក្រហមផងដែរ។

ជាងនេះទៅទៀត មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសន័រវេស ក៏បានសង្កត់ធ្ងន់ថា បើទោះបីប្រទេសន័រវែស មិនមែនជាសមាជិកសហភាពអឺរ៉ុបទេ ប៉ុន្តែប្រទេសន័រវែស គ្មាន ផែនការដកប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់ខ្លួនចេញពីកម្ពុជានោះដែរ។

លោកជំទាវ Marianne Hagen ក៏បានបញ្ជាក់ជាថ្មីផងដែរថា ប្រទេសន័រវេសបានផ្តល់ប្រាក់ចំនួន៧២០លានក្រូនន័រវែស (ប្រមាណ៨០លានដុល្លារអាមេរិក) ដល់វិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ នវានុវត្តន៍ ដើម្បីជួយឱ្យសហគ្រាសធុនតូចនិងមធ្យម អាចបង្កើតអាជីវកម្មរបស់ខ្លួនបាននៅកម្ពុជា។

ភាគីទាំងពីរបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើ​តកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃព្រះរាជាណាចក្រន័រវេស ដែលនឹងក្លាយជាយន្តការរឹងមាំមួយ សម្រាប់ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។

ប្រទេសន័រវេសមានផ្ទៃដី៣៨៥,២០៧គីឡូម៉ែត្រការ៉េ និងមានចំនួនប្រជាជនប្រមា​ណ៥,៣លាននាក់គិតត្រឹមឆ្នាំ២០១៨។ ចំណូលរបស់ប្រជាជនម្នាក់ៗក្នុងមួយឆ្នាំមាន​ចំនួន៧៥,៤៥២ដុល្លារ ហើយរាជធានីរបស់ប្រទេសន័រវេសមានឈ្មោះ អូស្លូ (Oslo)៕

ក្រសួងព្រះបរមរាជវាំងចាប់ផ្តើមកែលម្អសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប

ដោយវុត្ថា

សៀមរាបៈ ក្រសួងព្រះបរមរាជវាំង កំពុងចាប់ដំណើរការសាងសង់គម្រោងកែលម្អសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

យោងតាមការផ្សាព្វផ្សាយរបស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ក្រសួងព្រះបរមរាជវាំង បានរៀបចំពិធីក្រុងពាលីដើម្បីចាប់ដំណើរការជួសជុលកែលម្អ សួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ទាំងនៅដើម ឆ្នាំ២០២១។

ប្រភពដដែលបញ្ជាក់ថា គម្រោងកែលម្អនេះ នឹងមានរៀបចំនៅរបង ក្លោងទ្វារ សួនច្បារ ការសាងសង់ផ្លូវថ្មី ដើម្បីសម្រួលចរាចរ ដែលគម្រោងនេះ នឹងបញ្ចប់ជាដំណាក់កាលៗ តាមផ្នែកនីមួយៗផងដែរ។

បើតាមមន្ត្រីសាលាខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាងសង់ សំណង់ខ្លោងទ្វារនេះ នឹងក្លាយទៅជាសមិទ្ធផល និងរមណីយដ្ឋានមួយថ្មីបន្ថែមទៀត សម្រាប់លើកមុខមាត់របស់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ធំបំផុតរបស់កម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ។

បន្ថែមពីនេះវានឹងធ្វើឲ្យសោភ័ណភាពរបស់ក្រុងសៀមរាប កាន់មានភាពស្រស់ស្អាត កាន់តែមានភាពទាក់ទាញបន្ថែមទៀត ចំពោះអ្នកទេសចរណ៍ ទាំងអ្នកទេសចរជាតិ និង អន្តរជាតិ ខណៈបច្ចុប្បន្នតំបន់នេះ ជាតំបន់ដែលមានការទាក់ទាញរួចជាស្រចទៅហើយសម្រាប់ភ្ញៀវទេសចរ ពិសេសគឺជាកន្លែងសម្រាប់កម្សាន្តលំហែកាយ និងកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងក្រុងសៀមរាប ៕

មន្ត្រីជាន់ខ្ពស់ក្រសួងការងារអះអាងថា រោងចក្រជាង២០០ ប្រឈមបិទទ្វារនៅខែក្រោយនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ យ៉ាងហោចមានរោងចក្រកាត់ដេរប្រមាណជាង២០០នឹងត្រូវប្រឈមបិទទ្វារនៅត្រឹមដើមខែមីនា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ក្រោមហេតុផលមិនមានវត្ថុធាតុដើមសម្រាប់ដំណើរការសង្វាក់ផលិតកម្ម ខណៈមានរោងចក្រចក្រចំនួន១០បានបិទទ្វារនៅត្រឹមព្រឹកថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងបញ្ជាក់នៅក្នុងសន្និសីទស្ដីពីវឌ្ឍនភាព និងលើកទិសដៅការងារ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ក្រោមហេតុផលមានកង្វះខាតវត្ថុធាតុដើមសម្រាប់ដំណើរការសង្វាក់ផលិតកម្មដែលបណ្តាលមកពីបញ្ហានៃការរីករាលដាលនៃមេរោគ Covid-19 នៅប្រទេសចិននោះ រោងចក្រដែលកំពុងមានវត្តមាននៅកម្ពុជាប្រជាង២០០កន្លែង ប្រឈមបិទទ្វារ និងអាចប៉ះពាល់ដល់កម្មករ-កម្មការិនីសរុបប្រមាណ១៦ម៉ឺននាក់។

លោកបានមានប្រសាសន៍ថា ភាពខ្វះខាតវត្ថុធាតុដើមបានក្លាយវិបត្តិដ៏ធំជាសាកល ដោយសារតែភាគច្រើននៃដំណើរការផលិតកម្មនៅតាមបណ្តារោងចក្រនៅតាមប្រទេសជាច្រើនលើសាកលលោកសុទ្ធតែពឹងផ្អែកទៅលើការផ្គត់ផ្គង់របស់ប្រទេសចិនទាំងអស់។

លោកបានបញ្ជាក់ថា “ការបិទទ្វារបណ្តារោងចក្រទាំងអស់នេះ អាចប្រឈមក្នុងរយៈពេលបណ្តោះអាសន្ន ដោយសារយើងដឹងថា ខាងរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិននឹងចាប់ផ្តើុមដំណើរឡើងវិញនៅត្រឹមអំឡុងខែក្រោយ ហើយកម្ពុជា គឺជាប្រទេសអាទិភាពក្នុងការទទួលបានវត្ថុធាតុដើម ដើម្បីបន្តដំណើរការឡើងវិញ”។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាដែលកំពុងប្រឈមរបស់បណ្តារោងចក្រកាត់ដេរនៅទូទាំងប្រទេសកម្ពុជា ដែលអាចជះឥទ្ធិពលអាក្រក់មកលើកម្មករ-កម្មាការិនីជាច្រើនដែលអាស្រ័យចំណូលពីការងារនៃវិស័យរោងចក្រ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានការបន្ទាន់ដែលអាចជួយសម្រួលនូវផលលំបាករបស់កម្មករ-កម្មការិនី ដោយការផ្តល់នូវប្រាក់បៀវត្សរ៍ចំនួន៦០ភាគរយនៃប្រាក់ខែគោល ដោយក្នុងនោះក្រុមហ៊ុនចំណាយ៤០ភាគរយ៕