ប្រតិភូ CEO Master Clubជួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ដើម្បីស្វែងរកឳកាសពាណិជ្ជកម្ម

ដោយរស្មី

សេអ៊ូលៈ គណៈប្រតិភូ CEO Master Club ដែលដឹកនាំដោយលោកអោម សេងបូរ៉ា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០កន្លងមកនេះ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង អំពីស្ថានភាពនិងឱកាសពាណិជ្ជកម្ម រវាងកម្ពុជានិងកូរ៉េខាងត្បូង សម្រាប់ជួយសហគ្រិនកម្ពុជា។


ការចូលរួមជួបសម្តែងការគួរសមនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចសិក្សាទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងកសាងភាពជាអ្នកដឹកនាំរបស់សមាជិក CEO Master Club នៅប្រទេសកូរ៉េខាងត្បូង ដែលផ្តើមពីថ្ងៃទី២៤ ដល់៣០ ខែមករា ឆ្នាំ២០២០។

ក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ពានស្ថាបនិកឆ្នើមលោកគ្រូ អោម សេងបូរ៉ា ក៏បានអញ្ជើញចូលរួមធ្វើជាវាគ្មិនពិសេស ក្នុងបេសសកម្មជួយប្រជាពលករកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង ឱ្យត្រៀមលក្ខណៈបម្លែងខ្លួនពីពលករ ទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគតផងដែរ។

សិក្ខាសាលាដ៏ធំនៅទីក្រូស៊ូវ៉ុន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មានការចូលរួមពីបងប្អូនពលករនិងអ្នកចូលរួមប្រមាណជា៦០០នាក់ ហើយបានបញ្ចប់ទៅដោយភាពជោគជ័យនិងសេចក្តីរីករាយក្រៃលែង៕


តើ “ទីផ្សារហិរញ្ញវត្ថុ” មានន័យដូចម្តេច?

ដោយ Propertyarea.asia

ភ្នំពេញៈ ផ្សារហិរញ្ញវត្ថុ គឺជាស្ថាប័ន ដែលតាមរយៈនេះ មនុស្សម្នាក់ដែលមានបំណងសន្សំ អាចផ្គត់ផ្គង់មូលនិធិដោយផ្ទាល់ទៅមនុស្សម្នាកទៀតដែលត្រូវការខ្ចី។

ទីផ្សារហិរញ្ញវត្ថុសំខាន់បំផុត នៅក្នុងសេដ្ឋកិច្ចមានមចំនួន ទីផ្សារសញ្ញាប័ណ្ណ (Bond Market) និងទីផ្សារហ៊ុន (Stock Market)

ឧទាហរណ៍៖ នៅពេលក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនយក្សផលិតឈីបកុំព្យូទ័រ ចង់ខ្ចីលុយ ដើម្បីធ្វើហិរញ្ញប្បទានដល់ការសាងសង់រោងចក្រថ្មីខ្លួន អាចខ្ចីដោយផ្ទាល់ពីសាធារណៈ។

ក្រុមហ៊ុនអាចធ្វើដូច្នេះបាន តាមរយៈការលក់សញ្ញាប័ណ្ណ។ សញ្ញាប័ណ្ណ (Bond) ជាប័ណ្ណនៃ ភាពជំពាកបំណុល ដែលបញ្ជាក់អំពីកាតព្វកិច្ចរបស់អ្នកខ្ចី ចំពោះអ្នកកាន់សញ្ញាប័ណ្ណ។ និយាយឲ្យសាមញ្ញ សញ្ញាប័ណ្ណគឺ IOU ដែលមកពីពាក្យពេញថា “I owe you និងមានន័យជា ខេមរភាសាថា ខ្ញុំជំពាក់អ្នក

វាបង្ហាញអំពីពេលវេលា ដែលប្រាក់កម្ចីនឹងត្រូវបានសង ដែលហៅថា កាលវសាន្ត (Day of maturity) និងអត្រាការប្រាក់ ដែលនឹងត្រូវបានសងជាទៀងទាត់រហូតដល់ថ្ងៃកំណត់សងប្រាក់កម្ចីទាំងអស់។

អ្នកទិញសញ្ញាប័ណ្ណផ្តល់លុយរបស់ខ្លួនទៅឲ្យ Intel ជាថ្នូរទៅនឹងការសន្យារបស់ក្រុមហ៊ុន ដែលថានឹងផ្តល់ការប្រាក់ និងសងផ្តាច់ព្រាត់ (Eventual repayment)នូវចំនួនទឹកប្រាក់ដែលបានខ្ចី ឬប្រាក់ដើម (Principal) អ្នកទិញអាចកាន់កាប់សញ្ញាប័ណ្ណរហូតដល់ថ្ងៃកំណត់សង ឬអាចលក់វាមុនកាលកំណត់ទៅឲ្យនណាម្នាក់ផ្សេងទៀតក៏បាន៕

ទីក្រុងរីយ៉ាដរបស់ស៊ូសាឌីអារ៉ាប៊ីត្រៀមខ្លួនក្លាយមាតុធានីដ៏ធំបំផុតនៅវាលខ្សាច់ មជ្ឈឹមបូព៌ា

ដោយ Donald Lee

ភ្នំពេញៈ រដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត គ្រោងនឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងការរៀបចំ ដើម្បីប្រែក្លាយរដ្ឋធានីរីយ៉ាដឱ្យទៅជា មាតុធានីដ៏ធំបំផុត នៅមជ្ឈឹមបូព៌ា។

បច្ចុប្បន្នទីក្រុងនេះ មានប្រជាជនមានចំនួន៧លាននាក់ និងរាប់រយរាប់ពាន់នាក់នៃប្រជាជនថ្មីមកតាំងទីលំនៅក្នុងទីក្រុងជារៀងរាល់ឆ្នាំ។

លោក Fahd Al-Rasheed ប្រធានគណៈកម្មការរាជសម្រាប់ទីក្រុងរីយ៉ាដ បានថ្លែងប្រាប់សារព័ត៌មានអារ៉ាប់ នៅទីក្រុងដាវ៉ូសកាលពីសប្តាហ៍មុនថា យើងកំពុងបន្ថែមប្រជាជនចំនួន៣០ម៉ឺននាក់ ក្នុងមួយឆ្នាំរួចទៅហើយ

លោកបានបន្ថែមថា វាជាគម្រោងដ៏គួរឱ្យរំភើបមួយពីព្រោះវាតំណាងឱ្យអនាគតនៃព្រះរាជាណាចក្រនេះ

អាជ្ញាធរផែនការរបស់អារ៉ាប់ប៊ីសាអូឌីត បានបញ្ជាក់ថា គម្រោងធំៗចំនួន៤២៤ គម្រោងកំពុងដំណើរការនៅក្នុងរដ្ឋធានីនេះ ដែលមានតម្លៃសរុប៥៥ពាន់លានដុល្លារ។

ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំ បានកើតឡើងនៅពេល ដែលព្រះរាជាណាចក្រនេះ ខិតខំប្រឹងប្រែងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនពីការពឹងផ្អែកលើប្រេង។

ចំនួនប្រជាជននៅទីក្រុងរីយ៉ាត ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣២ បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយសារសេដ្ឋកិច្ចបានកើនឡើង ហើយតម្លៃប្រេងនៅតែបន្តកើនឡើង។

ក្រុមហ៊ុនអារ៉ាប់ប៊ីសាអូឌីតAramco ដែលជាក្រុមហ៊ុនផលិតប្រេងឆៅធំជាងគេបំផុត និងជាអ្នករកប្រាក់ចំណេញធំបំផុតរបស់ពិភពលោក បានបង្ហាញការផ្តល់ការបោះហ៊ុន ជូនជាសាធារណៈលើកដំបូង នៅលើផ្សារភាគហ៊ុនTadawul ដែលមានមូលដ្ឋាននៅទីក្រុងរីយ៉ាដ។

យោងតាមក្រុមហ៊ុន Goldman Sachs Groupបានឱ្យដឹងថា តម្លៃភាគហ៊ុនចុងក្រោយរបស់ក្រុមហ៊ុន Aramco មានចំនួន២៩,៤ ពាន់លានដុល្លារជាមួយនឹងតម្លៃទីផ្សារ ១,៩ ទ្រីលានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស។

បច្ចុប្បន្នក្រុមហ៊ុននេះ ំជាងក្រុមហ៊ុនអេបផល និងហ្វេសប៊ុកបើទោះបូករួមបញ្ចូលគ្នាក៏ដោយ៕

ខេត្តព្រះសីហនុចាប់ផ្តើមផ្តល់ក្តីសង្ឃឹមថ្មី ខណៈលំហូរទេសចរនិងវិនិយោគិន អន្តរជាតិកើនឡើង

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ខេត្តព្រះសីហនុនាដើមឆ្នាំ២០២០នេះ បាននិងកំពុងតែបង្ហាញពីភាពល្អប្រសើរជាបណ្តើរៗវិញហើយ បន្ទាប់ពីជួបភាពអាប់អួរកាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅ ជាពិសេសក្រោយពេលរដ្ឋាភិបាល បានខិតខំស្ដារនូវហេដ្ឋារចនាសម្ព័ន្ពនានានៅទូទាំងខេត្ត រួមជាមួយនឹងយុទ្ធសាស្ត្រ ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិមកបន្ថែមទៀត។

តាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ នៅទូទាំងខេត្តព្រះសីហនុ កំពុងតែត្រូវបានរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្ដារ និងអភិវឌ្ឍន៍ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស នៅក្នុងតំបន់កណ្តាលក្រុងដែលជាទីបណ្តុំនៃសំណង់មណ្ឌលពាណិជ្ជកម្មបែបទំនើបយ៉ាងស្អេកស្កះ។

ស្ថិតនៅក្នុងតំណាក់កាលនៃការស្ដារឡើងវិញ នូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់ទីកន្លែងបន្ថែមពីលើសកម្មភាព ដែលកំពុងសាងសង់បញ្ចប់គម្រោង ដែលទើបតែសម្រេចបានប្រមាណ៣៤ភាគរយ ក្រោយពេលកម្លាំងពលកម្មជនជាតិចិនចាកចេញ បច្ចុប្បន្ននេះ ក្រុងព្រះសីហនុបានចាប់ផ្តើមមានភាពទាក់ទាញសារជាថ្មី ដោយមានកំនើនទេសចរជាច្រើនបានចាប់អារម្មណ៍ទៅកម្សាន្តសារជាថ្មី។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីលីន បានបង្ហាញពីក្ដីសាទរជាមួយកំណើនភ្ញៀវទេសចរ ជាពិសេសក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនកាលពីពេលកន្លងទៅនេះ បានកើនឡើងរហូតដល់ជាង៩ម៉ឺននាក់។

លោកស្រីបានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថា កំណើនខាងលើនេះ បើទោះជាវាមានកម្រិតតិចតួច ប៉ុន្តែវាជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ភាពល្អប្រសើរបានវិលត្រឡប់មកវិញជាបណ្តើរៗហើយនឹងកាន់តែល្អជាងនេះទៀត ក្រោយការរៀបចំតំបន់កម្សាន្តសាធារណៈនានា ដូចជាតំបន់ឆ្នេរ សួនច្បារ ការកំណត់គុណភាពសេវាកម្ម និងតម្លៃ ដែលក្រសួងបានដាក់ចេញ

ជាមួយនឹងក្ដីសាទរខាងលើនេះ លោកស្រី ឆាយ ស៊ីវលីន ក៏បានពីជំនឿជឿជាក់ថា សម្រាប់ពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ជាពិសេសក្រោយពេលយុទ្ធនាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តត្រូវបានបញ្ចប់ ហើយគម្រោងសាងសង់សំណង់ធំៗបានសាងសង់រួចរាល់ជាស្ថាពរ នោះនឹងមានកំណើនទេសចរណ៍អន្តរជាតិចូលមកស្នាក់នៅ និងកម្សាន្តក្នុងរយៈពេលវែងយ៉ាងប្រាកដ។

ភ្ជាប់ជាមួយនឹងភាពល្អប្រសើរ នៃការកើនឡើងនូវចំនួនទេសចរនៅពេលនេះ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុនបានមានប្រសាសន៍ថា បើទីតាំងស្អាត ប៉ុន្តែមានភាពលំបាកក្នុងការធ្វើដំណើរ ក៏ពិបាកក្នុងការទាក់ទាញផងដែរ។

លោកស្រីបានបន្តទៀតថា នៅពេលមានផ្លូវល្អងាយស្រួលធ្វើដំណើរ និងមានសុវត្ថិភាពខ្ពស់ ភាពទាក់ទាញនឹងកើតមាន លោកស្រីបន្តថា នៅពេលទេសចរមានការកើនឡើង តម្រូវការនៃការប្រើប្រាស់ទីកន្លែងស្នាក់នៅរយៈពេលខ្លី ឬរយៈពេលវែង កន្លែងទទួលទានអាហារ ក៏ដូចជាទីកន្លែងសម្រាប់លំហែរកាយបែបកែច្នៃផ្សេងៗ ក៏នឹងកើតមាន ដែលទាំងអស់នេះសុទ្ធតែជាចំណែកមួយ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ដីសម្រាប់សាងសង់ទាំងអស់ ដែលអាចជួយជំរុញឱ្យភាពល្អប្រសើរ ដល់ទីផ្សារអចលនទ្រព្យក្នុងតំបន់

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co,.Ltd លោក ម៉ម សិរីបញ្ញា បានទទួលស្គាល់ពីភាពល្អប្រសើរជាបណ្តើរៗរបស់ក្រុងព្រះសីហនុ ប៉ុន្តែពាក់ព័ន្ធទៅនឹងស្ថានភាព និងតម្លៃអចលនទ្រព្យនៅទូទាំងខេត្តព្រះសីហនុមានសភាពយ៉ាងណានោះ លោកថាត្រូវចំណាយពេលសិក្សា និងទន្ទឹងរង់ចាំមើលពីល្បឿននៃការអភិវឌ្ឍបន្តិចទៀត។

លោកបញ្ជាក់ថា តម្រូវការនៃការប្រើប្រាស់ដីធ្លី ក៏ដូចជាសំណង់អគារស្នាក់នៅ ពេលនេះ ហាក់មិនទាន់មានភាពល្អប្រសើរនោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដដែល ប៉ុន្តែសភាពបែបនេះអាចនឹងមានការប្រែប្រួលនៅពេលដ៏ខ្លីខាងមុខនេះ លោកបានបន្តទៀតថា ស្ថានភាពជាក់ស្ដែងនៅក្នុងក្រុងព្រះសីហនុនាពេលនេះ ក្រៅពីសកម្មភាពនៃការសាងសង់គម្រោង ដែលបន្សល់ពីឆ្នាំចាស់នោះ ហាក់នៅមិនទាន់ឃើញមានសំណង់ថ្មីដែលជាគម្រោងថ្មីណាមួយ ដែលមានទ្រង់ទ្រាយធំនៅឡើយនោះទេ

ជាមួយនឹងសុទិដ្ឋិនិយមខាងលើនេះ អគ្គនាយកក្រុមហ៊ុន R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ នឹងមានភាពល្អប្រសើរឡើងវិញ ជាពិសេសក្រោយការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តរបស់រដ្ឋាភិបាលត្រូវបានបញ្ចប់។

លោកឧកញ៉ាបានបន្តថា យើងទទួលស្គាល់ថា ការចាកចេញរបស់កម្លាំងពលកម្មជនជាតិចិនកាលពីពាក់កណ្តាលឆ្នាំ២០១៩ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យពិតមែន ប៉ុន្តែវាអាចត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះលោកបន្តទៀតថា តាមពិតវាគឺជារឿងល្អទៅវិញទេ ចំពោះការចាកចេញរបស់កម្លាំងពលកម្ម ជនជាតិជិនទាំងនោះ ដោយជំនួសមកវិញនូវវត្តមានវិនិយោគិន ដែលជាអ្នកជំនួញយ៉ាងពិតប្រាកដ ខណៈដែលរដ្ឋាភិបាលបានខិតខំព្យាយាមទាក់ទាញ អ្នកវិនិយោគមកពីបរទេសជាច្រើនមកកាន់កម្ពុជា

លោកឧកញ៉ាតេង រិទ្ឋីបានបញ្ជាក់ថា នៅពេលហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍន៍ ភាពទាក់ទាញលើការវិនិយោគនឹងកើតមាន ដែលទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជំរុញឱ្យវិស័យអចលនទ្រព្យមានភាពល្អប្រសើរ៕

ចំណេះដឹង! តើប័ណ្ណស្លាបមាន់មានសុពលភាពដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ  វិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ ឬប័ណ្ណសម្គាល់អចលនវត្ថុមានសារៈសំខាន់ណាស់ ដើម្បីយកមកប្រើប្រាស់ជាមូលដ្ឋានច្បាប់ និងប្រើប្រាស់ជាឯកសារទិញលក់អចលនទ្រព្យនានា ថ្ងៃនេះគេហទំព័រPropertyarea.asia សូមលើកយកនូវប័ណ្ណមួយប្រភេទ គឺប័ណ្ណស្លាបមាន់ ដែលនៅមានការប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។

ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាសដីធ្លី ឬគេនិយមហៅថា ប័ណ្ណស្លាបមាន់ ឬចុងសន្លឹក។ ប័ណ្ណប្រភេទនេះ ជាប័ណ្ណដីធ្លីដែលចេញមុនគេបង្អស់ ក្រោយរបបខ្មែរក្រហមបានដួលរលំ។

ប័ណ្ណប្រភេទនេះ ត្រូវបានចេញនូវចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៥ ដែលចេញដោយអតីតការិយាល័យសុរិយោដីខេត្ត-ក្រុង ហើយការិយាល័យសុរិយោដី កាលនោះ ស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

ប័ណ្ណប្រភេទនេះ គេឃើញអាជ្ញាធរសុរិយោដី ចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទដីកសិកម្ម ដីភូមិ ឬដីលំនៅដ្ឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់រហូតដល់បច្ចុប្បន្ន។

ប្រសិនបើដីនៅតំបន់នោះមិនទាន់ស្នើ សុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺប័ណ្ណឬប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ពីភោគៈស្របច្បាប់ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាពត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ៕

ហេតុអ្វីវិស័យអចលនទ្រព្យកម្ពុជានៅតែមានភាពល្អច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន

ដោយវុត្ថា

ភ្នំពេញៈ វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានភាពល្អប្រសើរច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន និងកំពុងដើរតួយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ាន ក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស និងពង្រីកទីផ្សារឱ្យកាន់តែមានសក្តានុពល។

លោកង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានប្រាប់គេហទំព័រ propetyarea.asia ៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០កន្លងមកថា បើធៀបជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា គឺមានតម្លៃទាបជាងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ដែលជាកត្តាជំរុឱ្យមានការរីកចំរើនខ្លាំង។

លោកបន្តថា មិនតែប៉ុណ្ណោះប្រទេសកម្ពុជា មានគោលនយោបាយបើកចំហរខ្លាំងជូនដល់វិនិយោគិនបរទេស ដែលប្រការនេះបានធ្វើឱ្យវិស័យអចនទ្រព្យនៅក្នុងប្រទេសកម្ពុជានេះ មានសក្តានុពលខ្ពស់ បើទោះបីការកសាងនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ផ្សេងៗ មិនមានការរីកចំររើខ្លំាងយ៉ាងណាក្តី

លោកង៉ែត ជូបានបន្តថា កំណើននៃការវិនិយោគលើវិស័យអចលនទ្រព្យ សំណង់ និងអគារពាណិជ្ជកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការរីកចំរើនខ្លាំងគួរឱ្យកត់សម្គាល់ បើទោះបីទីផ្សារកម្ពុជានៅក្មេងខ្ចី បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ និន្នការនៃការរីកចំរើននេះ នៅតែបន្តមានការរីកចំរើនបន្ថែមទៀត។

លើកឡើងស្រដៀងគ្នានេះ លោកស្រីតាំង ហួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានឱ្យដឹងដែរថា បើធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺមានការរីកចំរើនខ្លំាងក្នុងរយៈចុងក្រោយនេះ ។

លោកស្រីបន្តថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាននេះ គឺមានការរីកចំរើនមុនយើង តែបើបច្ចុប្បន្ននេះ ទីផ្សារអលនទ្រព្យរបស់កម្ពុជាមានការរីកចំរើនខ្លាំង។ សម្រាប់តម្លៃដីធ្លីវិញ ក៏នៅតែមានតម្លៃធូថ្លៃជាងបណ្តាប្រទេសមួយចំនួននៅក្នងតំបន់អាស៊ាននេះដែរ មិនត្រឹមតែប៉ុណ្ណោះ វិស័យដីធ្លីនេះទៀតសោតនៅតែបន្តកើនឡើងបន្ថែមទៀត ដោយសារតែប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ក្រោយគេ ដែលវាជាឪកាសក្នុងការវិនិយោគ។

បើតាមអ្នកជំនាញអចលនទ្រព្យកម្ពុជា ក្រៅពីវិស័យអចលនទ្រព្យ កម្ពុជានៅភាពល្អប្រសើរជាច្រើន ក្នុងការចូលរួមចំណែកផ្សារភ្ជាប់លើកិច្ចទំនាក់ការទូតផ្សេងៗ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច រវាងបណ្តាប្រទេសដែលស្ថិត នៅក្នុងតំបន់អាស៊ាន ទៅកាន់បណ្តាប្រទេសជឿនលឿន ដែលជាមហាអំណាចសេដ្ឋកិច្ចដូចជាប្រទេសចិនជាដើម។

រដ្ឋាភិបាលកម្ពុជាបានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំ២០២០នេះទំហំទុនវិនិយោគផ្ទាល់ពីបរទេសនឹងមានកំណើនខ្ពស់ រហូតដល់ក្នុងរង្វង់៤០០០លានដុល្លារ សហរដ្ឋអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ បានសម្រេចជាង៣៦០០លានដុល្លារសហរដ្ឋអាមេរិករួចទៅហើយនោះ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានឱ្យដឹងដែរថា ផ្អែកតាមភាពជាក់ស្ដែងនៃស្ថិរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅពេលបច្ចុប្បន្ននេះ សម្រាប់ទំហំទុនវិនិយោគផ្ទាល់ពីបរទេសខាងលើនេះ ហាក់មិនពិបាកក្នុងការទទួលបាននោះទេ។

លោកបានបន្តថា ជាក់ស្ដែងដូចជាវិស័យអចលនទ្រព្យនិងដីធ្លីនៅកម្ពុជា គឺបានឱកាសដល់ការវិនិយោគយ៉ាងប្រសើរដូចជាតម្លៃដីនៅទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដែលសូម្បីតែតម្លៃដីនៅក្នុងប្រទេសវៀតណាម និងថៃ ក៏មានកម្រិតខ្ពស់ជាងកម្ពុជា ដូច្នេះការវិនិយោគវិស័យនេះនៅកម្ពុជា បានផ្តល់ឱកាសច្រើនដល់ពួកគេ

អាជ្ញាធរខេត្តបាត់ដំបងកំពុងលម្អនូវហេដ្ឋានរចនាសម្ព័ន្ធសំដៅប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ច និងទេសចរណ៍

ដោយវុត្ថា

បាត់ដំបងៈ ខេត្តបាត់ដំបងកំពុងកសាង កែលម្អជាបន្តនូវហេដ្ឋានរចនាសម្ព័ន្ធ សំដៅប្រែក្លាយទឹកដីខេត្តបាត់ដំបង ឱ្យទៅជាខេត្តដែលមានបរិស្ថានបៃតងស្រស់បំព្រង និងផាសុខភាព សក្តិសមជាខេត្តទទួលជ័យលាភីផ្ការំដួលបីទង។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត នៅក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីបុណ្យទន្លេលើក៦ នៅខេត្តបាត់ដំបង នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០នេះឱ្យដឹងថា ការកែលម្អនូវហេដ្ឋានរចនាសម្ព័ន្ធនៅទូទាំងខេត្តនេះ គឺដើម្បីប្រែខេត្តបាត់ដំបងជាមជ្ឈមណ្ឌលប្រមូលផ្តុំ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងទាក់ទាញអ្នកទេសចរណ៍ឱ្យចង់មករស់នៅ ចង់មកកំសាន្តប្រកបមុខរបរ នោងធ្វើវិនិយោគផងដែរ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឱ្យដឹងដែរថា ខេត្តបាត់ដំបង ជាខេត្តមួយ ដែលមានដងស្ទឹងសង្កែ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយប្រជាពលរដ្ឋចំនួនស្គាល់ខេត្តបាត់ដំបងតាមរយៈបទចម្រៀង ដែលពាក់ព័ន្ធនឹងដងស្ទឹងសង្កែ ដ៏ស្រស់ស្អាតមួយនេះ។
លោកបន្តទៀតថា យោងតាមអនុសាសន៍សម្តេច អគ្គមហាសេនាតេជោបានមានប្រសាសន៍ថា ខេត្តណា ដែលប្រភពទឹកហូរចាក់ទៅទន្លេ ត្រូវធ្វើការរៀបចំពិធីបុណ្យ ដូច​ដែលយើងធ្លាប់កន្លងមក។ ការរៀបចំប្រព្រឹត្តិការណ៍ពិធីបុណ្យទន្លេ លើកទី៦ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងបានរៀបចំកម្មវិធីនីមួយៗ ក្នុងអបអរសាទរពិធីបុណ្យទន្លេ រួមមាន ការសម្តែងសិល្បៈ កម្មវិធីកីឡា ការរៀបចំតាំងពិព័ណ៌ផលិតផលក្នុងខេត្ត ការរៀបចំវិថីមុខម្ហូបខ្មែរផងដែរ។

ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខ ដោយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះផងដែរ៕

ពលករខ្មែរជាង៦០០នាក់សម្រុកចូលរួមសិក្ខាសាលារៃអង្គាស់ថវិកាជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា

ដោយរស្មី

ទីក្រុងSuwon៖ ពលករខ្មែរបម្រើការនៅប្រទេសកូរ៉េខាងត្បូង ប្រមាណ៦០០នាក់សម្រុកចូលរួមសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ២០២០ស្ដីអំពី “បម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគត” ដែលមានវាគ្មិនល្បីនិងឆ្នើមចំនួន៣រូប រួមមាន៖ លោកគ្រូ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ ឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងស្ថាបនិកវិទ្យាស្ថាន LSI ឃីម សុខហេង។

សិក្ខាសាលានេះរៀបចំឡើង ដើម្បីកៀរគរប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធាបុប្ផា ក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជារាប់លាននាក់ ដែលរងគ្រោះនិងមានជីវភាពខ្វះខាតក្នុងការព្យាបាល និងជួយដល់ពលករខ្មែរទាំងអស់ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំណេះដឹងសមត្ថភាពបម្លែងខ្លួន ពីពលករក្រៅប្រទេសទៅជាសហគ្រិន ជោគជ័យនាថ្ងៃអនាគត។

សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារ Novotel Ambassador Suwon (수원역 ច្រកចេញលេខ4) ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាកម្ពុជា និងមជ្ឈ​មណ្ឌ​លបម្រើសេវាកម្ពុជា ហើយថវិកាសល់ពីការរៀបចំ នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

វិភាគៈតើបញ្ហាEBA និងស្ថានភាពនយោបាយនឹងជះឥទ្ឋិពលដូចម្តេចលើវិស័យ អចលនទ្រព្យនៅកម្ពុជា

ដោយយិន លាងគង់ៈស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ កំដៅនយោបាយនៅកម្ពុជា កំពុងមានសភាពជ្រៀលជ្រេ ដូចកំដៅព្រះអាទិត្យនាម៉ោង៤ល្ងាចហើយ ហើយស្ថានភាពនៃការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ និងស​ក​ម្មភាពទិញលក់មួយចំនួន ក៏ហាក់មានសភាពយឺតយ៉ាវផងដែរ ដោយសារបញ្ហាប្រ​ឈ​មមួយចំនួន។

ភាពមិនច្បាស់លាស់នៃបញ្ហាចំពោះមុខ លើការត្រលប់មកវិញ​របស់់អ្នកវិនិយោគចិន និងបញ្ហាប្រព័ន្ឋអនុគ្រោះពន្ឋលើមុខទំនិញគ្រប់យ៉ាង លើកលែងតែអាវុធ(EBA) កំពុ​ងស្ថិតក្នុងមន្ទិលរបស់អ្នកវិនិយោគ ដែលកំពុងរង់ចាំអ៊ុតមើលលទ្ឋផលនៅថ្ងៃទី១២ កុម្ភៈខាងមុខ ជាពេលដែលសហគមន៍អឺរ៉ុបនឹងសម្រេចថា តើកម្ពុជានឹងទទួលបានប្រព័ន្ឋអនុ​គ្រោះពន្ឋបន្តឬយ៉ាងណា?។

បញ្ហាសង្រ្គាមពាណិជ្ជកម្មចិន អាមេរិក

ការបង្កើតឲ្យមានសង្រ្គាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចធំពីរនៅលើពិភពលោក គឺសហរដ្ឋអាមេរិក និងចិនបាននិងកំពុងក្លាយជារឿងអតីតកាលហើយ ប៉ុន្តែវាជារលកនៃការព្រួយបារម្ភមួយ ដែលមិនទាន់រសាយអស់ពីក្នុងចិត្តប្រជាពលរដ្ឋនៅឡើ​យ ខណៈសង្រ្គាមនេះមិនទាន់បញ្ចប់ទាំងស្រុងនោះទេ ប៉ុន្តែសេដ្ឋវិទូនិងអ្នកវិភាគនានាបានបង្ហាញរួចហើយថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញនៅឆ្នាំ២០២០នេះ។

ទោះជាយ៉ាងណាទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្មនិងការអភិវឌ្ឍ(UNCTAD)បានអះអាងថា កម្ពុជាជាអ្នកឈ្នះមួយ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អំឡុងពេលសង្រ្គមពាណិជ្ជកម្មរវាងអាមេរិក និងចិន។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេសឆ្នាំ២០១៨ មានចំនួនស្មើនឹង២៣% នៃផលិតផលសរុបក្នុងស្រុករបស់ហុងកុង និងជាង ២២% នៃប្រទេសសឹង្ហបូរី – ភាគរយទាំងពីរខ្ពស់ជាងកន្លែងផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍ ដែលខ្ពស់ជាងគេ បន្ទាប់អ្នកទទួលបានភាគរយច្រើនជាងគេ គឺប្រទេសកម្ពុជាដែលទទួលបានលំហូរទុនវិនិយោគផ្ទាល់១២,៦%។

ផ្អែកតាមទិន្នន័យខាងលើនេះ កម្ពុជានៅឆ្នាំ២០១៩អាចជាអ្នកឈ្នះមួយ កំឡុងពិភ​ពលោកកំពុងវិលវល់ ដោយសារសង្រ្គាមពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក។

បញ្ហាផ្ទៃក្នុងកម្ពុជា

កម្ពុជាបាននិងកំពុងក្លាយជាប្រទេសមួយ ដែលពិភពលោកទទួលស្គាល់ពីការរីកចម្រើនដ៏លឿន តាមរយៈកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់់ខ្លួន។​ ប្រទេសនេះបានក្លាយជាឯកគ្គករកំនើន១ក្នុងចំណោមប្រទេសចំនួន១០ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក ហើយឆ្នាំ២០១៥កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ឋនាមកម្ពុជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” ដោយសារប្រទេសនេះ មានសេដ្ឋកិច្ចកើនឡើងជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ជាប់ៗគ្នា។

ឆ្នាំ២០១៥ ធនាគារពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ជាចំណាត់ថ្នាក់ថ្មីដែលមានន័យថា ប្រទេសនេះបានរួចផុតពីឋានៈប្រទេសក្រីក្រ ដែលមានការអភិវឌ្ឍតិចតួច។

កំឡុងពេលកម្ពុជាកំពុងឆ្ពោះទៅរកវិលុបភាពរបស់ខ្លួន រលកស្សូណាមិ នយោបា​យបានកើតឡើងនៅកម្ពុជា ដោយសារការប៉ុនប៉ងបំផ្លាញសន្តិភាព និងនាំមកនូវការផ្លាស់ប្តូរមួយ ដែលមានភាពមិនច្បាស់លាស់ ដែលធ្វើឲ្យអនាគតប្រជាជាតិនេះ អាចប្រឈមសោកនាដកម្មជាថ្មី ខណៈគំនរឆ្អឹង ថ្លុកឈាម នៅស្រស់ៗនៅឡើយ ដោយសារកំហុសអ្នកនយោបាយ ដែលមិនទទួលស្គាល់ភាពមានកម្រិតរបស់ខ្លួន ហើយចូលចិត្តបន្ទោសអ្នកដទៃ។

ផ្តើមចេញពីភូមិសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិនេះហើយ បានធ្វើឲ្យរដ្ឋាភិបាលចាត់វិធានការណ៍តាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់រលកនយោបាយនៃអ្វីដែលគេហៅថា “បដិវត្តន៍ព៌ណ”។

ជាលទ្ឋផលនៃការចាត់វិធានការណ៍នេះ បានធ្វើឲ្យកម្ពុជាស្ថិតក្នុងរូបភាពស្រអាប់នៃក្រសែភ្នែកអន្តរជាតិ ដែលតែងតែយកសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យមកធ្វើជាសំអាង ដើម្បីលុបលាងឬបិទបាំង រឿងអសីលធ៌មរបស់ខ្លួន។

ប្រជាជនកម្ពុជា ដែលធ្លាប់បាក់ស្បាត ដោយសារសង្រ្គាមរាប់់ទសវត្សរ៍ និងជំងឺផ្លូវចិត្តមិនទាន់បានព្យាបាលជាសះនៅឡើយ បានប្រឈមនឹងការភ័យខ្លាចជាថ្មី ហើយខ្មោច​ចាស់បានលងម្តងទៀត ក្នុងអារម្មណ៍របស់ពួកគាត់។

លទ្ឋផលនៃរលកនយោបាយ សង្រ្គាមពាណិជ្ជកម្ម និងឥទ្ឋពលនៃនយោបាយក្នុងស្រុកផង បាននិងកំពុងធ្វើឲ្យអ្នកវិនិយោគក្នុងស្រុក និងអ្នកមានធនធានច្រើន និងតិចតួចបាននិងកំពុងរង់ចាំអ្វីមួយ ជាជាងហ៊ានទម្លាក់ទុនរបស់ពួកគេ ដើម្បីវិនិយោគលើគំរោងឬការទិញដីធ្លី ផ្ទះសម្បែង។

វាមិនមែនជាកំហុសទេ ប៉ុន្តែវាអាចជាការភ័យខ្លាចមួយ ហើយវាមិនមែនជារឿងជ្រុលនិយមទេ ប៉ុន្តែអតីតកាលបានបង្រៀនពួកគាត់ច្រើនពេក។

បញ្ហាEBA

វាជារឿងរសើបមួយ ដែលអ្នកវិនិយោគជាតិ អន្តរជាតិកំពុងព្រួយបារម្ភ ពិសេសប្រជាជនកម្ពុជា ដែលទន្ទឹងលទ្ឋផលទាំងអន្ទះសារ លើការសម្រេចរបស់សហគមន៍អឺរ៉ុបថា​តើត្រូវបន្ត ឬដកប្រព័ន្ឋអនុគ្រោះពន្ឋពីកម្ពុជា។

បញ្ហាEBA មិនមែនជាបញ្ហាសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាការអនុវត្តស្តង់ដាពីរលើកម្ពុជា ហើយបើសិនជាសហគមន៍អឺរ៉ុបដកEBAពីកម្ពុជា វាមិនមែនជារឿងគោរពសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យនោះទេ ប៉ុន្តែវាជាការបង្ហាញពីការ “មិនគោរពសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យនោះទេ” ព្រោះបើសិនជាពួកគេគោរពសិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យ ពួកគេនឹងមិនដកប្រព័ន្ឋអនុគ្រោះពន្ឋពីកម្ពុជានោះទេ ព្រោះការដកប្រព័ន្ឋអនុគ្រោះពន្ឋ ទោះតិចឬច្រើន “វានឹងប៉ះពាល់ដល់ជីវភាពកម្មករប្រមាណ៨០ម៉ឺននាក់ និងអ្នកទទួលផលប្រយោជន៍ ដោយប្រយោលប្រមាណ២លាននាក់។

សំណួរនៅទីនេះគឺថា “តើសហគមន៍អឺរ៉ុប ពិតជាគោរពសិទ្ឋមនុស្ស ឬគ្រាន់តែនិយា​យតែពីសិទ្ឋមនុស្ស ហើយខ្លួនឯងដើរតួជាឃាតករលាក់មុខទៅវិញ”។

តើរដ្ឋាភិបាលពិតជាព្រងើយកន្តើយនឹងបញ្ហានេះឬ? រាជរដ្ឋាភិបាលក្រោមការដឹក​នាំរបស់សម្តេចតេជោ បានធ្វើការយ៉ោងសកម្មលើការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ពិសេសផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានបញ្ជូនមន្រ្តី អ្នកជំនាញជាច្រើន ដើម្បីពន្យល់ពីបញ្ហានយោ​បាយកម្ពុជា និងគោលជំហររបស់ខ្លួនរួចហើយដល់សហគមន៍អន្តរជាតិ និងសហគមន៍អឺរ៉ុបទាក់ទងនឹងសិទ្ឋមនុស្ស និងការលើកស្ទួយលទ្ឋិប្រជាធិបតេយ្យ ដែលបាននិងកំពុងមានភាពចាស់ទុំនៅកម្ពុជា។

កម្ពុជានឹងមិនស្លាប់ទេ ហើយសេដ្ឋកិច្ចកម្ពុជា ក៏នឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះដែរ ដោយសាររដ្ឋាភិបាលបាន និងកំពុងពង្រីកសម្ព័ន្ឋមិត្ត ជាមួយប្រទេសជាដៃគូដទៃទៀត តាមរយៈការចចារពាណិជ្ជកម្មសេរីជាមួយមហាយក្សចិន កូរ៉េ ជប៉ុន និងការពង្រីកការនាំ​ចេញក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានជាដើម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារក្សាបានកំនើនល្អប្រសើរបន្តទៀត។

សារដ៏ច្បាស់លាស់
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់សារដ៏ច្បាស់លាស់ម្តងហើយម្តងទៀតថា “កម្ពុជានឹងមិនអោនក្បាល ដើម្បីដោះដូរនឹងអធិបតេយ្យភាពរបស់ខ្លួននោះទេ”។

សារដ៏ច្បាស់លាស់នេះ មានន័យរួចទៅហើយថា ប្រមុខរដ្ឋាភិបាលដែលបានដឹក​នាំប្រទេសចេញពីបាតដៃទទេរូបនេះ បាននិងកំពុងគិតគូរ និងរៀបចំរួចហើយ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅពេលកម្ពុជាបាត់បង់ប្រព័ន្ឋអនុគ្រោះពន្ឋ ហើយប្រមុខរដ្ឋាភិបាលនឹងមិនទុកឲ្យកម្ពុជារងសោកនាដកម្មជាថ្មី ហើយម្លប់សន្តិភាពនឹងមិនត្រូវបំផ្លា​ញ ដោយអ្នកនយោបាយដ៏ឆើតឆាយមួយក្រុមនោះឡើយ។

រដ្ឋាភិបាលបានកែទម្រង់ លើប្រព័ន្ឋការិយាធិបតេយ្យមួយចំនួនរួចហើយ ដូចជាលុបចោលនូវស្ថាប័នកាំសាប ស្ថាប័នកាំកុងត្រូល ប្រព័ន្ឋស៊ីអូ និងការងារមិនចាំបាច់មួយចំនួនទៀត ដើម្បីលើកទឹកចិត្តអ្នកវិនិយោគេះជាតិ អន្តរជាតិ។

ហេតុនេះប្រសិនជាបញ្ហាEBA នឹងត្រូវដកចេញពីកម្ពុជា កម្ពុជានឹងមិនស្លាប់នោះទេ ដោយសារបណ្តាប្រទេសជាមិត្តនៅតែគាំទ្រកម្ពុជា ហើយច្បាស់លាស់ណាស់ ប្រមុខ​ រដ្ឋាភិបាលនឹងលុបចោល ឬលើកទឹកចិត្តអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនទៀត ដើម្បីជំរុញបរិយាកាសវិនិយោគកាន់តែប្រសើរឡើង និងមិនចាកចេញពីកម្ពុជា ហើយជំនួសវិញពួកគេនឹងទទួលបានកាដូថ្មីណាមួយ ពីប្រមុខរដ្ឋាភិបាលរបស់ប្រទេសនេះ។

តើវិស័យសំណង់និងអចលនទ្រព្យនឹងនៅតែរីកចម្រើន?

សារដ៏ច្បាស់លាស់មួយ ដែលមានភាពប្រាកដប្រជាជាងការនិយាយនោះគឺថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើន ដោយសារលំហូរទុនវិនិយោគក្នុងវិស័យសំណង់កាលពីឆ្នាំ២០១៩ បានកើនទឹកប្រាក់ជាង១១ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ៧៨ភាគរយ ធៀបនឹងឆ្នាំ២០១៨។

ទំហំទឹកប្រាក់ដ៏ច្រើននេះ បាននិងកំពុងចាក់ចូលចរន្តសេដ្ឋកិច្ចស្ទើរគ្រប់ផ្នែក ដែលជំរុញឲ្យសេដ្ឋកិច្ចនៅតែមានភាពរសរវើក និងធ្វើឲ្យវិស័យនេះបន្តមានលទ្ឋភាពធំធាត់បនម្តទៀត ដោយសារទំហំទុននិងគំរោងវិនិយោគនិមួយៗ មិនបញ្ចប់ត្រឹមរយៈពេល១ឆ្នាំឬ២ឆ្នាំនោះទេ។

ទោះបីជារលកនយោបាយ ដែលជាកត្តាខាងក្នុង និងបញ្ហាEBAជាកត្តាខាងក្រៅកំពុងក្លាយជាបញ្ហាប្រឈមថ្មីសំរាប់ឆ្នាំ២០២០ក្តី ប៉ុន្តែកម្ពុជានៅតែជាភូមិសាស្រ្តមានភាពអំណោយផលក្នុងតំបន់អាស៊ាន ពិសេសកម្ពុជាមានបរិយាកាសយ៉ាងប្រសើរ ដែលលើកទឹកចិត្តអ្នកវិនិយោគជាតិ អន្តរជាតិ ដោយសារសេដ្ឋកិច្ចនឹងបន្តរីកចម្រើន(ទោះជាអាចថយកំនើន) ច្បាប់វិនិយោគនៅតែបើកចំហ និងទាក់ទាញការវិនិយោគ ច្បាប់ព​ន្ឋមិន​មានភាពស្មុគ្រស្មាញ និងលក្ខខ័ណ្ឌអំណោយផលជាច្រើនទៀត។

ហេតុនេះ លំហូរនៃការវិនិយោគផ្ទាល់ពីការវិនិយោគក្នុងស្រុក និងមកពីបរទេសទោះបីមានសភាពថមថយបន្តិចក្តី ប៉ុន្តែនេះជានិន្នាការធម្មតា ដែលតែងតែកើតមាននៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក។

សំណួរចុងក្រោយគឺថា តើស្ថិតក្នុងកាលៈទេសៈបែបនេះ អ្នកវិ​និយោគគួរបន្តវិនិយោគបន្ថែមទៀតឬរង់ចាំមើលសិន? ចម្លើយដែលអ្នកវិនិយោគឆ្លាតវៃ តែងតែនិយាយគឺ “អ្នកវិនិយោគឆ្លាតវៃ មើលឃើញឳកាសក្នុងពេលមានបញ្ហា ហើយតែងតែចាប់យកឳកា​ស​នៅពេលដែលអ្នកដទៃមិនហ៊ានចាប់យក”។

តើអ្នកវិនិយោគគួររង់ចាំមើលឳកាស ឬចាប់យកឳកាស ដែលអ្នកដទៃមិនហ៊ានចាប់ផ្តើម? ចម្លើយ គឺឳកាសមានគ្រប់កាលៈទេសៈ សំរាប់អ្នកវិនិយោគដែលវាងវៃ និងជោគជ័យ។

តើអ្នកនៅឈរមើល នៅពេលដែលគេកំពុងដើរទៅមុខ ឬដើរទៅមុខ ដើម្បីចាប់យកឳកាស ដែលមនុស្សមួយចំនួនកំពុងមើលរំលង???៕

អាស៊ានត្រូវការពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួនដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

ដោយ ប៊ី

ភ្នំពេញៈ សេដ្ឋវិទូបានឱ្យដឹងថា ដោយមានភាពមិនប្រាកដប្រជា និងការប្រជែងគ្នាកាន់តែខ្លាំងឡើង ក្នុងចំណោមប្រទេសមហាអំណាចនានា នៅលើពិភពលោកបណ្តាប្រ​ទេសអាស៊ាន ចាំបាច់ត្រូវពឹងផ្អែកលើឧបករណ៍របស់ខ្លួន ដើម្បីជំរុញកំណើននៅឆ្នាំនេះ។

ពួកគេបាននិយាយថា ជាមួយនឹងកំណើនសេដ្ឋកិច្ចពិភពលោក ទាបជាងការរំពឹងទុកនៅឆ្នាំនេះ ទស្សនវិស័យរបស់អាស៊ាន នឹងពឹងផ្អែកលើសមត្ថភាពរបស់ខ្លួន ក្នុងការជំរុញតម្រូវការក្នុងស្រុក។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនHSBC នាពេលថ្មីៗនេះបានបង្ហាញថា តំបន់នេះមានសំណាងណាស់ ដែលចាប់ផ្តើមវដ្តវិនិយោគថ្មី ដែលដឹកនាំដោយការកើនឡើងនៃការចំ​ណា​យលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

កំណើនគួរតែប្រសើរឡើងនៅឆ្នាំ ២០២០ ប៉ុន្តែការធ្វើកំណែទម្រង់សំខាន់ៗនៅឆ្នាំនេះ គឺចាំបាច់សម្រាប់ទ្រទ្រង់កំណើននេះក្នុងរយៈពេលមួយទសវត្សរ៍នេះ។

កាលពីឆ្នាំមុនបានបញ្ចប់ការកត់សំគាល់សុទិដ្ឋិនិយម ចំពេលទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិនមានការធ្លាក់ចុះ ហើយធ្វើឱ្យប្រសើរឡើងនូវទិន្នន័យសេដ្ឋកិច្ចសកល ប៉ុន្តែសុទិដ្ឋិនិយមនេះអាចរលាយបាត់។

កំណើនសេដ្ឋកិច្ចសកលអាចនឹងថយចុះ ដែលបណ្តាលមកពីសកម្មភាពខ្សោយនៅក្នុងប្រទេសចិន និងតំបន់ចាយប្រាក់អឺរ៉ូ ដោយមិននិយាយពីហានិភ័យភូមិសាស្ត្រនយោ​បាយទេ។

អាស៊ាន ដែលមានទីតាំងស្ថិតនៅកណ្តាលតំបន់ដ៏ធំ ដែលតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក មានទាំងឱកាស និងបញ្ហាប្រឈម។

ដោយមានប្រជាជនជាង៦៤២លាននាក់ និងមានផ្ទៃដីជាង១,៧លានគីឡូម៉ែត្រការ៉េ អាស៊ានតំណាងឱ្យទីផ្សារមួយដែលមានសក្តានុពលដ៏ធំធេង សេដ្ឋកិច្ចរស់រវើក និងជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចពិភពលោក។

សមាជិកអាស៊ាន ក៏បានខិតខំផងដែរសម្រាប់លើកកំពស់ថ្មី ដោយទទួលបានអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មជំនាន់៤ ដោយទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជាបច្ចេកវិទ្យា AI និងមនុស្សយន្តដែលមានបច្ចេកវិទ្យាចុងក្រោយ។

ទោះយ៉ាងណា ការកើនឡើងនៃការគាំពារនិយម និងការប៉ះពាល់លើពាណិជ្ជកម្មក្នុងចំណោមមហាអំណាចកំពុងបង្កបញ្ហាប្រឈម និងរារាំងពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចពិភពលោក។

អ្នកជំនាញបាននិយាយថា ទន្ទឹមនឹងនេះភាពខុសគ្នា នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិក និងការទាមទារឱ្យមានសមាហរណកម្មស៊ីជម្រៅ នៅក្នុងដំណាក់កាលថ្មី នៃការអភិវឌ្ឍន៍តម្រូវឱ្យមានគោលនយោបាយសេដ្ឋកិច្ចសមស្រប។

អាស៊ានត្រូវពង្រីកឱកាសរបស់ខ្លួនឱ្យបានច្រើនបំផុត និងដោះស្រាយបញ្ហាប្រឈ​មនានាដើម្បីរក្សាកំណើនប្រកបដោយចីរភាព។

ដើម្បីតស៊ូ និងឆ្លើយតបទៅនឹងភាពវឹកវរនៅក្នុងតំបន់ និងពិភពលោក អាស៊ានចាំបាច់ត្រូវរក្សាសាមគ្គីភាព និងឯកភាពជំរុញភាពធន់នៃសេដ្ឋកិច្ច ដើម្បីជំរុញការឆ្លើយតបរបស់ខ្លួនចំពោះបញ្ហាប្រឈម ដែលកំពុងកើតឡើង ជំរុញការបង្កើតថ្មី និងធ្វើឱ្យមានភាពជឿនលឿនទៅមុខ។

លោកTim Evans នាយកប្រតិបត្តិក្រុមហ៊ុន HSBC Viet Nam បានមានប្រសាសន៍ថា តំបន់នេះទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច មិនគួរឱ្យជឿក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។

លោកបានបន្ថែមថា “ទោះជាយ៉ាងនេះក្តី តំបន់នេះប្រឈមនឹងហានិភ័យនៃកំនើនសេដ្ឋកិច្ចយឺត ហើយគន្លឹះសំខាន់គឺថា តើអ្នកធ្វើគោលនយោបាយបន្តកសាងការតភ្ជាប់កាន់តែច្រើនឡើងថែមទៀតនៅក្នុងប្លុកពាណិជ្ជកម្ម”។

ការស្រាវជ្រាវរបស់ក្រុមហ៊ុន HSBC បង្ហាញថា ការរួមចំណែករបស់អាស៊ីអាគ្នេយ៍ចំពោះផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក អាចនឹងកើនឡើងដល់៨ភាគរយ ប្រ​សិនបើមានការធ្វើកំណែទម្រង់។

យោងតាមរបាយការណ៍ វាមានសារៈសំខាន់ ក្នុងការជំរុញតំបន់ដែលមានទំនាក់ទំនងគ្នាកាន់តែច្រើន តាមរយៈការកាត់ផ្តាច់របាំងពាណិជ្ជកម្ម ការលើកលែងពន្ធ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ខណៈពន្ធគយភាគច្រើន ត្រូវបានលុបចោលនៅទូទាំងអាស៊ីអាគ្នេយ៍ ឧបសគ្គ ពន្ធពាណិជ្ជកម្មចំនួនជាង៦០០០ ត្រូវបានលេចឡើងនៅក្នុងតំបន់នេះ។

លោក Evan បានឱ្យដឹងថា “តំបន់នេះទទួលបានជោគជ័យក្នុងការដកពន្ធគយផ្លូវការទាំងអស់។ ទោះយ៉ាងណា យើងកំពុងមើលឃើញការលេចចេញនូវរបាំងពាណិជ្ជកម្ម “ក្រោមបន្ទាត់” ជំនួសវិញ។

លោកបានបន្តថា “ទាំងនេះអាចប៉ះពាល់ដល់សមត្ថភាព ក្នុងតំបន់ក្នុងការទាក់ទា​ញការវិនិយោគអន្តរជាតិបន្ថែមទៀត ជាពិសេសនៅក្នុងតំប ន់ដែលជាប់ទាក់ទងនឹងការកើនឡើងនៃខ្សែសង្វាក់ផ្គត់ផ្គង់ ប្រសិនបើមិនមានការយកចិត្តទុកដាក់”។

ការថយចុះនៃឧបសគ្គទាំងនេះ គឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ដែលដឹកនាំដោយអាស៊ាន ដែលរួមមាន៣០ភាគរយ នៃចំនួនប្រជាជនពិភពលោកនិង២៩ភាគរយ នៃផលិតផលសរុបក្នុងស្រុករបស់ពិភពលោក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានរំពឹងថានឹងត្រូវចុះហត្ថលេខានៅដើមឆ្នាំនេះ៕ VNS