វៀតណាម​គ្រោងវិនិយោគ​ បង្កើត​រោងចក្រ​កែច្នៃ​ដើមកៅ​ស៊ូ​ជា​គ្រឿង​សង្ហារិម​ ផលិត​ជី​សរីរាង្គ​និង​ដំណាំ​កាហ្វេ​

ដោយៈ ចំណាន

   ភ្នំពេញៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបង្ហើបពីគម្រោ​ងវិនិយោគរបស់វិស័យឯកជន លើការបង្កើតរោងចក្រកែច្នៃដើមកៅស៊ូជាគ្រឿងសង្ហាររឹម ផលិតជីសរីរាង្គ និងដំណាំកាហ្វេនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយសហគ្រាសវៀតណាមនៅកម្ពុជាដឹកនាំដោយលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្រោមការសម្របសម្រួលរៀបចំដោយឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជានិងសហការី, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសហការី។

ក្នុងជំនួបនេះ លោកអគ្គលេខាធិការបានសម្តែង នូវសេចក្តីសោ​មនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូ ដែលរួមមានតំណាងសហគ្រាសមួយចំនួនផងដែរ។ ក្នុងកិច្ចពិភាក្សា លោក អគ្គលេខាធិការបានសង្កត់ធ្ងន់ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការលើកកម្ពស់វិស័យឯកជន ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ដើម្បីរួមគ្នារកដំណោះស្រាយសមស្របសំដៅបង្កើនប្រសិទ្ធភាពការងារ និងបន្តលើកកម្ពស់ទំនុកចិត្តពីសំណាក់វិនិយោគិន។

លោកអគ្គលេខាធិការក៏បានរំលឹកផងដែរ ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ជាពិសេស ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ពាន់លានដុល្លារដុល្លារអាម៉េរិក។

ទន្ទឹមនឹងការលើកឡើងពីបរិយាកាសវិនិយោគជារួម និងគោលនយោបាយគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ លោក អគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូបន្ថែមថា កម្ពុជាមានសក្តានុពលធំធេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលវិនិយោគិនវៀតណាមគប្បីពិចារណា បណ្តាក់ទុនវិនិយោគក្នុងរូបភាពកែច្នៃជាផលិតផលសម្រេច ជាជាងនាំចេញក្នុងរូបភាពជាវត្ថុធាតុដើម ដូចជាការកែច្នៃស្វាយចន្ទី ដំឡូងមី ស្រូវអង្ករ កៅស៊ូ និងវិស័យឈើដាំ។

មានមតិក្នុងកិច្ចពិភាក្សា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមធុរកិច្ចវៀតណាម -កម្ពុជា ដែលបានសហការរៀបចំកិច្ចពិភាក្សា ដ៏មានសារៈសំខាន់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈម របស់វិនិយោគិនវៀតណាមនាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព។

បន្ថែមលើការស្តាប់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជនវៀតណាម កិច្ចពិភាក្សានាពេលនេះ ក៏អាចផ្តល់ឱកាសឱ្យវិនិយោគិនវៀតណាម ស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគរបស់កម្ពុជាបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ តំណាងវិស័យឯកជនវៀតណាម បានជម្រាបជូនអំពីគម្រោងវិនិយោគ បង្កើតរោងចក្រកែច្នៃដើមកៅស៊ូ ជាគ្រឿងសង្ហារិម គម្រោងផលិតជីសរីរាង្គ និងគម្រោងវិនិយោគដាំកាហ្វេ ហើយបង្កើតរោងចក្រកែច្នៃ។

លោកជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគខាងលើ ព្រមទាំងបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនរៀបចំបែបបទដាក់ពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបានឆាប់។ ឮ

លោកអគ្គលេខាធិការ ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការពង្រឹងយន្តការច្រកចេញ-ចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យបានពេញលេញ សំដៅផ្តល់សេវាឱ្យកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាព។

លោកជា វុទ្ធី បានស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ៕

តើតម្លៃមាសនឹងមានភាពប្រែប្រួលយ៉ាងណានៅសប្តាហ៍ថ្មីនេះ?

ដោយៈ និស្ស័យ

   ភ្នំពេញៈ ភស្តុតាងបានបង្ហាញថា ថ្លៃមាសនឹងកើនឡើងនៅសប្តាហ៍ក្រោយ គឺនៅចន្លោះថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ ២០២៦) ប៉ុន្តែយ៉ាងណា វាមានលក្ខណៈចម្រុះគ្នា ពោលគឺមិនមានការឯកភាពគ្នាជាធំដុំនោះទេ។

១.ទស្សនៈវិជ្ជមាន

ធនាគារGoldman Sachs នៅតែរក្សាជំហរវិជ្ជមានចំពោះតម្លៃមាស ដោយលើកឡើងពីភាពមិនច្បាស់លាស់ ជុំវិញអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងហានិភ័យភូមិសាស្ត្រនយោបាយ។

២.ទស្សនៈវិជ្ជមានរយៈពេលវែង

ធនាគារJ.P. Morgan Research រំពឹងថាថ្លៃមាសនឹងកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងឆ្នាំ ២០២៦-២០២៧ ដោយអាចឡើងដល់កម្រិត ៦,០០០ ដុល្លារក្នុងមួយអោន (oz)។

៣.ទស្សនៈផ្អែកលើការវិភាគបច្ចេកទេសរយៈពេខ្លី

FXEmpire យល់ឃើញថា ការធ្លាក់ចុះថ្មីៗនេះគ្រាន់តែជាការថយចុះបណ្តោះអាសន្ន (pullback) នៅក្នុងនិន្នាការកើនឡើងធំជាងនេះប៉ុណ្ណោះ ដែលបង្ហាញពីលទ្ធភាពនៃការងើបឡើងវិញ។

ប៉ុន្តែមានការព្រមានសំខាន់មួយ ដោយទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ នៅថ្ងៃទី១១ ខែកញ្ញាថា ទោះបីជាតម្លៃមាសបានងើបឡើងវិញជាង១% នៅថ្ងៃសុក្រក៏ដោយ ប៉ុន្តែវានៅតែធ្លាក់ចុះប្រហែល១,៥% សម្រាប់សប្តាហ៍ដដែលនោះ។

ទីផ្សារកំពុងកំណត់តម្លៃដោយផ្អែក លើលទ្ធភាពខ្ពស់នៃការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Fed) ដែលជាធម្មតាដាក់សម្ពាធលើតម្លៃមាស។

៤. StoneX មានការប្រុងប្រយ័ត្ន

ការវិភាគចុងក្រោយរបស់ខ្លួនបានលើកឡើងថា អត្រាផលចំណេញនៃមូលបត្របំណុលរដ្ឋាភិបាល (Treasury yields) ដែលកើនឡើង និងការរំពឹងទុកអំពីជំហរតឹងរ៉ឹងរបស់Fed កំពុងដាក់សម្ពាធលើតម្លៃមាសនៅពេលនេះ។

ក្នុងស្ថានភាពនេះ អ្នកជំនាញចាត់ទុកស្ថានភាពនេះថាជា “ភាពប្រែប្រួលខ្លាំង ជាមួយនឹងលទ្ធភាពនៃការងើបឡើងវិញ” ជាជាងការមានទំនុកចិត្តថាវានឹងកើនឡើង។

ការសម្រេចចិត្តរបស់Fed គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត។ ប្រសិនបើFed បង្ហាញជំហរមិនសូវតឹងរ៉ឹង (less hawkish) ជាងការរំពឹងទុក នោះតម្លៃមាសអាចនឹងកើនឡើងយ៉ាងខ្លាំង ប៉ុន្តែប្រសិនបើអត្រាផលចំណេញនៃមូលបត្របំណុល និងប្រាក់ដុល្លារបន្តកើនឡើង នោះតម្លៃមាសអាចនឹងធ្លាក់ចុះម្តងទៀត៕

តើ​បុគ្គល​រូបណា​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​អចលនទ្រព្យ​កំពូល​ទាំង​៥​នៅ​ប្រទេស​ជប៉ុន​?​

ដោយៈ ចំណាន

   ជប៉ុនៈ ជាមហាយក្សសេដ្ឋកិច្ចលំដាប់កំពូលមួយ នៅលើពិភពលោក ជប៉ុនមានមហាសេដ្ឋីជាច្រើន ដែលមា​នអាជីវកម្ម និងមុខរបរពាក់ព័ន្ធជាច្រើន។

១.លោកAkira Mori &Mori Trust

មហាសេដ្ឋី និងក្រុមគ្រួសារមានទ្រព្យសម្បត្តិ ប្រហែល៤ពាន់លានដុល្លារអាមេរិក។

២. លោកស្រីYoshiko Mori និងគ្រួសារ Mori Trust

គ្រួសាររបស់ពួកគេ មានទ្រព្យសម្បត្តិសរុបប្រហែល២ពាន់លានដុល្លារអាមេរិក។ មហាឋសេដ្ឋីលំដាប់ទី២នេះ មានទំនាក់ទំនង និងជាសាច់ញាតិរបស់មហាសេដ្ឋីលំដាប់ទី១ផងដែរ។

៣. លោកKatsumi Tada Daito Trust Construction

គ្រួសារមួយនេះ ក៏មានទ្រព្យសម្បត្តិប្រហាក់ប្រហែល២ពាន់លានដុល្លារអាមេរិក។

៤. លោកគ្រួសារToshio Motoya

ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលំដាប់យក្សនេះ បានមកពីការ សណ្ឋា​គារ និងអចលនទ្រព្យ ដែលមានតម្លៃប្រហែល១,៧ ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនលំដាប់កំពូលមួយនេះ មានឈ្មោះថា APA Group។

៥. លោកស្រីMiwako Date

ផលប្រយោជន៍នៃក្រុមគ្រួសាររបស់ពួកគេ មានជាប់ទាក់ទងនឹង Mori Mori Trust ដែលរួមមានសណ្ឋាគារ និងអចលនទ្រព្យ
ទ្រព្យសម្បត្តិគ្រួសារមានចំនួនច្រើន ប៉ុន្តែការប៉ាន់ស្មានរបស់ Forbes សម្រាប់បុគ្គលម្នាក់ៗមានភាពខុសគ្នា។

យោងតាមបញ្ជីរបស់ Forbes សម្រាប់ឆ្នាំ ២០២៦ លោក Akira Mori និងក្រុមគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិប្រមាណ ៣,៩៥ពាន់លានដុល្លារ ដែលប្រភពនៃទ្រព្យសម្បត្តិទាំងនោះគឺបានមកពីវិស័យអចលនទ្រព្យ៕

គុណភាព​នៃ​ការ​ស្ថាបនា​ផ្លូវជាតិ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​

ដោយៈ ចំណាន

   បន្ទាយមានជ័យៈ រដ្ឋមន្រ្តីសាធារណការបានចុះ ពិនិត្យការងារ និងវឌ្ឍនភាពនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ លើគុណភាពនៃការសាងសង់ផ្លូវ ភាពយូរអង្វែងនៃហេដ្ឋារចនាសម្ព័ន្ធ និងសុខសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវពីសំណាក់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសា​ធា​រណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យជំនាញចុះពិនិត្យ និងបានផ្តល់នូវការណែនាំយ៉ាងម៉ឺងម៉ាត់ លើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥។

គោលការណ៍ណែនាំនេះផ្តោតជាសំខាន់ លើការពង្រឹងគុណភាពនៃការសាងសង់ផ្លូវ និងការរៀបចំស្ថានីយជញ្ជីងថ្លឹងយានយន្ត ដើម្បីធានាបាននូវភាពរឹងមាំ និងអាយុកាលនៃការប្រើប្រាស់ ព្រមទាំងការបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍គ្រប់ជ្រុងជ្រោយ ដើម្បីធានាសុខសុវត្ថិភាពខ្ពស់ដល់ការបើកបរ និងអ្នកធ្វើដំណើរទូទៅ។

ស្ថិតក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោករដ្ឋមន្ត្រី ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធ ចុះត្រួតពិនិត្យរួមគ្នានៅតាមទីតាំងការដ្ឋានជាក់ស្តែង ដោយផ្តោតសំខាន់លើការងារសាងសង់ស្ថានីយថ្លឹងយានយន្ត ការដំឡើងបរិក្ខារសុវត្ថិភាពចរាចរណ៍ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ព្រមទាំងការរៀបចំកិច្ចប្រជុំប្រចាំខែដើម្បីពិនិត្យវឌ្ឍនភាពគម្រោង។

ជាលទ្ធផល សកម្មភាពសាងសង់នៅតាមការដ្ឋាន កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម តាមរយៈការបំពាក់បន្ថែមនូវបណ្តុំបរិក្ខារសុវត្ថិភាពសំខាន់ៗរួមមាន៖ ការដំឡើងផ្ទាំងការពារពន្លឺចាំង និងឧបករណ៍ចំណាំងផ្លាត។

ក្នុងឱកាសនៃការត្រួតពិនិត្យ លោករដ្ឋមន្ត្រី បានផ្ញើសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរទាំងអស់ ឱ្យចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការគោរពច្បាប់ចរាចរណ៍ យកចិត្តទុកដាក់លើផ្លាកសញ្ញាតាមការដ្ឋាន៕


ក្រុមហ៊ុន​អន្តរជាតិ​វាយ​តម្លៃ​លើ​ទីផ្សារលំនៅដ្ឋាន​មួយ​ចំនួន​បន្ត​មាន​ភាព​យឺតយ៉ាវ ​និង​ជម្រុញ​មើល​ផលិត​ផល​ផ្សេង​

ដោយៈ ចំណាន

   ភ្នំពេញៈ របាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Knight Frank Cambodia បានលើកឡើងយ៉ាងច្បាស់ថា អចលនទ្រព្យសម្រាប់ឧស្សាហកម្ម និងភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការរបស់អ្នកប្រើប្រាស់ដែលកំពុងផ្លាស់ប្តូរ គឺជាផ្នែកសំខាន់ៗដែលមានឱកាសល្អ។

ចំពោះវិស័យលំនៅដ្ឋានវិញ គឺមានភាពស្មុគស្មាញជាង ដោយការសិក្សាទីផ្សារបច្ចុប្បន្នបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅកម្ពុជានៅតែមានសភាពស្ងប់ស្ងាត់ ដោយសារតម្រូវការមានកម្រិត និងលក្ខខណ្ឌនៃការផ្តល់ហិរញ្ញប្បទានមិនសូវអំណោយផល។

ក្រុមហ៊ុន Knight Frank ក៏បានរាយការណ៍ផងដែរថា អ្នកអភិវឌ្ឍន៍កំពុងពន្យារពេល កាត់បន្ថយទំហំ ឬកែសម្រួលគម្រោងមួយចំនួន ដែលបង្ហាញថាការផ្គត់ផ្គង់ចាំបាច់ ត្រូវមានតុល្យភាពឱ្យកាន់តែប្រសើរឡើងជាមួយតម្រូវការជាក់ស្តែង។

សម្រាប់យុទ្ធសាស្ត្រឆ្នាំ ២០២៧ របស់អ្នក ប្រសិនបើអ្នកមានដើមទុនក្នុងកម្រិតមធ្យម ឬតូច អ្នកជំនាញមិនណែនាំឱ្យចាប់ផ្តើមជាមួយគម្រោងអភិវឌ្ឍន៍ខុនដូខ្នាតធំនោះទេ។

ពួកគេជម្រុញ និងចង្អុលបង្ហាញឲ្យអ្នកវិនិយោគផ្តោតលើ ដីធ្លីនៅជិតតំបន់ ដែលមានសក្តានុពលការងារ ឬហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត សម្រាប់ការកាន់កាប់រយៈពេល៥ ទៅ១០ឆ្នាំ។

អ្នកជំនាញជ​ម្រុញឲ្យមានការសាងសង់ផ្ទះតូចៗ ឬផ្ទះល្វែង (townhouses) ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនក្នុងស្រុក។

សាងសង់ឃ្លាំងតូចៗ ឬអចលនទ្រព្យសម្រាប់ភស្តុភារកម្ម នៅជិតផ្លូវធំៗ និងតំបន់ឧស្សាហកម្ម។ សេវាកម្មអន្តរការី (brokerage)ឬការផ្តល់ប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងអចលនទ្រព្យទាំងនេះ ជាជាងការដាក់ដើមទុនទាំងអស់ ទៅលើការទិញអចលនទ្រព្យទុកលក់ (inventory) សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ (Greater Phnom Penh) អ្នកជំនាញបានជម្រុញឲ្យមានការសិក្សា ជាពិសេសលើតំបន់តាមបណ្តោយផ្លូវ តាខ្មៅ-កណ្តាលស្ទឹង-ស្អាង និងតំបន់ពង្រីកទីក្រុងនៅភាគខាងលិច និងភាគខាងត្បូង ប៉ុន្តែត្រូវទិញតែនៅតំបន់ណា ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំនួនប្រជាជន និងឱកាសការងារទៅព្រមៗគ្នា៕

ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ជម្រុញ​កំនើន​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​រយៈ​ពេលវែង​

ដោយៈ ចំណាន

   ភ្នំពេញៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា អាចជាកត្តាជំរុញដ៏សំខាន់មួយ សម្រាប់កំណើនសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យក្នុងរយៈពេលវែង ជាពិសេសចាប់ពីឆ្នាំ២០២៧ ដល់២០៣៥។

ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធតែមួយមុខ មិនអាចបង្កើតឱ្យមានការរីកចម្រើនខ្លាំងនៃវិស័យអចលនទ្រព្យ ដោយស្វ័យប្រវត្តិបានឡើយ។

មូលហេតុដែលអ្នកជំនាញបង្ហាញសុទិដ្ឋិនិយម ចំពោះរយៈពេលវែង ដោយសារកត្តាមួយចំនួនដូចជា ផ្លូវថ្នល់ និងប្រព័ន្ធដឹកជញ្ជូនកាន់តែប្រសើរ៖ កម្មវិធីតភ្ជាប់ក្នុងតំបន់ថ្មីរបស់ធនាគារពិភពលោក (World Bank) ត្រូវបានរៀបចំឡើងដើម្បីកែលម្អការតភ្ជាប់ផ្នែកដឹកជញ្ជូន កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងជំរុញការវិនិយោគពីវិស័យឯកជន។

១. នគរូបនីយកម្ម

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រំពឹងថាចំនួនប្រជាជន រស់នៅតំបន់ទីក្រុងរបស់កម្ពុជានឹងកើនឡើង ដោយកំណើននេះនឹងរីករាលដាលហួសពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងបន្ទាប់បន្សំផ្សេងទៀតដូចជា បាវិត បាត់ដំបង កំពត សៀមរាប និងព្រះសីហនុ។

ហេដ្ឋារចនាសម្ព័ន្ធគឺជាអាទិភាពជាតិ៖ ធនាគារពិភពលោកចាត់ទុកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធថា ជាអាទិភាពខ្ពស់បំផុតមួយរបស់កម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានការងារ ដែលមានគុណភាព និងបង្កើនភាពប្រកួតប្រជែងក្នុងរយៈពេលវែង។

២. ការងើបឡើងវិញនៃសេដ្ឋកិច្ច

បច្ចុប្បន្នធនាគារពិភពលោកព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងមានប្រហែល៣,៩% នៅឆ្នាំ២០២៦ និង ៤,៩% នៅឆ្នាំ២០២៧ ទោះបីជាមានការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងបញ្ហាប្រឈមផ្សេងៗទៀតក៏ដោយ។ ប៉ុន្តែផលប៉ះពាល់លើវិស័យអចលនទ្រព្យ នឹងមិនមានលក្ខណៈដូចគ្នាទាំងអស់នោះទេ។

ហេដ្ឋារចនាសម្ព័ន្ធថ្មី ជម្រុញការតភ្ជាប់កាន់តែប្រសើរ ធ្វើឲ្យអាជីវកម្ម/ការងារ ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជន និងជម្រុញតម្រូវការកើនឡើងសម្រាប់លំនៅដ្ឋាន ហាងលក់ទំនិញ ឃ្លាំង និងដីធ្លី។

ដូច្នេះ ឱកាសដ៏ធំបំផុតមិនមែនចាំបាច់ជាដី ដែលមានតម្លៃថ្លៃនៅកណ្តាលទីក្រុងនោះទេ។ ជារឿយៗ វាគឺជាតំបន់ដីដែលមានកត្តាជំរុញសំខាន់ៗជាច្រើនមានភាពប្រទាក់ក្រឡាគ្នា លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ឱកាសការងារ កំណើនប្រជាជន  កំណើនសេវាកម្ម និងតម្លៃដីសមរម្យ។

កម្ពុជានៅតែជួបប្រទះនឹងការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ ហើយការងើបឡើងវិញនៃវិស័យសំណង់ នៅតែមានភាពយឺតយ៉ យោងតាមទស្សនៈរយៈពេលវែង របស់អ្នកជំនាញបានបង្ហាញថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាចធ្វើឱ្យរយៈពេលពីឆ្នាំ២០២៧ ដល់ ២០៣០ ក្លាយជាដំណាក់កាលនៃការត្រៀមរៀបចំ និងកំណត់ទីតាំងយុទ្ធសាស្ត្រ ដោយឱកាសដ៏ល្អប្រសើរ ទំនងជានឹងកើតមានឡើងនៅតំបន់ដែលមានអាជីវកម្មជាក់ស្តែង ការបង្កើតការងារ និងកំណើនប្រជាជនកើតឡើង តាមក្រោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះ មិនមែនគ្រាន់តែជាតំបន់ ដែលមានការប្រកាសអំពីគម្រោង ឬការសាងសង់ផ្លូវថ្នល់ប៉ុណ្ណោះទេ៕

ថ្នាក់ដឹក​នាំ​ក្រុម​ហ៊ុន​BYD​បង្ហាញ​ឆន្ទៈ​រពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​

ដោយៈ ចំណាន

   ភ្នំពេញៈ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនBYD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភីងសាន ក្រុងស៊ិនជិន ខេត្តក្វាងទុង។

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយកាយវិការស្វាគមន៍យ៉ាងរាក់ទាក់ និងស្និទ្ធស្នាលបំផុតពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនដឹកនាំដោយ លោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD Co., Ltd.។

ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពី ភាពរីកចម្រើននៃបច្ចេកវិទ្យាយានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដ៏ទំនើបរបស់ក្រុមហ៊ុនBYD ជាពិសេសបច្ចេកវិទ្យា នៃស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ BYD (Flash Charging Flagship Station) ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយរយៈពេលបញ្ចូលថាមពល និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង ដែលល្បឿននៃការបញ្ចូលថាមពល ប្រើប្រាស់រយៈពេលត្រឹមតែប្រមាណ១០នាទីប៉ុណ្ណោះ។

ជាមោទនភាព កម្ពុជាគឺជាប្រទេសទីមួយ នៅក្រៅប្រទេសចិន ដែលទទួលបានសិទ្ធិនាំយកនូវបច្ចេកវិទ្យា ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះ មកអនុវត្តន៍ និងដំឡើងជាផ្លូវការ។ បច្ចុប្បន្ននេះ ដំណើរការរៀបចំនិងដំឡើងស្ថានីយ Flash Charging ទាំងនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម នៅក្នុងប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗចំនួន៣របស់កម្ពុជា រួមមាន (១)រាជធានីភ្នំពេញ, (២)ខេត្តព្រះសីហនុ, និង (៣)ខេត្តសៀមរាប ហើយរំពឹងថាត្រឹមបំណាច់ឆ្នាំ២០២៦ ស្ថានីយចំនួន១៨ទីតាំង នឹងបើកឱ្យដំណើរការផ្តល់នូវសេវាកម្មបញ្ចូល ថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះ។

គណៈប្រតិភូកម្ពុជា បានបន្តទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលតាំងបង្ហាញ ដើម្បីស្វែងយល់បន្ថែមអំពីសាវតា និងសមិទ្ធផលបច្ចេកវិទ្យាសំខាន់ៗនានា ដែលក្រុមហ៊ុនសម្រេចបាន តាមរយៈការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ជាបន្តបន្ទាប់។

ក្នុងនោះដែរ គណៈប្រតិភូបានទស្សនាការធ្វើតេស្តសាកល្បងដោយផ្ទាល់នូវ ការបញ្ចូលថាមពលអគ្គិសនី ក្នុងលក្ខខណ្ឌត្រជាក់ខ្លាំង (Extreme Cold Charging) ដែលជាបច្ចេកវិទ្យាដ៏សំខាន់ និងជាចំណុចខ្លាំងមួយរបស់ក្រុមហ៊ុនBYD ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតនៃយានយន្តអគ្គិសនី ក្នុងរដូវរងាខ្លាំង ឬតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងកម្រិតបង្កក និងការធ្វើតេស្តសុវត្ថិភាពអាគុយដោយការចាក់ទម្លុះដោយដែកគោល (Nail Penetration Test) ជាវិធីសាស្ត្រធ្វើតេស្តសុវត្ថិភាព អាគុយយានយន្តអគ្គិសនីកម្រិតខ្ពស់ និងម៉ត់ចត់បំផុត នៅក្នុងឧស្សាហកម្មយានយន្ត ដើម្បីវាស់ស្ទង់ភាពធន់ និងហានិភ័យនៃការឆាបឆេះ ឬផ្ទុះ នៅពេលអាគុយរងការខូចខាតធ្ងន់ធ្ងរ។

បន្ទាប់ពីទស្សនាការបង្ហាញរថយន្តម៉ូឌែលថ្មី និងបច្ចេកវិទ្យាទំនើបទាន់សម័យចុងក្រោយ នៅក្នុងមជ្ឈមណ្ឌលតាំងបង្ហាញរួចមក លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD Co., Ltd.។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ជឿនលឿនរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនឹងកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនី និងរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ និងអភិវឌ្ឍន៍ថាមពលស្អាតកកើតឡើងវិញ ព្រមទាំងការការពារបរិស្ថានសកលលោកប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្លាស់ប្តូរទស្សនទានយ៉ាងស៊ីជម្រៅ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនBYD ព្រមទាំងបានអញ្ជើញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាស្រាវជ្រាវអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ដើម្បីឈានទៅដល់ ការបង្កើនសមត្ថភាពផលិតកម្មរបស់ រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញ ការវិនិយោគលើការបង្កើតបណ្តាញ ស្ថានីយបញ្ចូលថាមពលអគ្គិសនីល្បឿនលឿន និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងស្រុក។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BYD បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរីកចម្រើន និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបង្ហាញឆន្ទៈ ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះផងដែរ។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនលំដាប់ពិភពលោក និងការជំរុញការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់ថាមពលបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យា រវាងកម្ពុជានិងក្រុមហ៊ុនBYDផងដែរ។

លទ្ធផលផ្លែផ្កានៃជំនួបនេះ នឹងក្លាយជាបុរេលក្ខខណ្ឌដ៏រឹងមាំក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា សំដៅរួមចំ​ណែកដល់ការលូតលាស់សេដ្ឋកិច្ចជាតិ និងការការពារបរិស្ថានប្រកប​ដោយចីរភាព៕

ការលក់ផ្ទះ​ដែល​មាន​ស្រាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាបបំផុត​

ដោយ: សហសេវិក
អន្តរជាតិ: ការលក់ផ្ទះដែលមានស្រាប់នៅក្នុងសហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៤ ខែ កាលពីខែសីហា ដោយសារការកើនឡើងនៃអត្រាការប្រាក់កម្ចីទិញផ្ទះបានបន្តរារាំងតម្រូវការ។

សមាគមភ្នាក់ងារអចលនទ្រព្យជាតិ (National Association of Realtors) បានឱ្យដឹងថា ការលក់ផ្ទះបានធ្លាក់ចុះ ២,០% កាលពីខែមុន មកនៅត្រឹមអត្រាប្រចាំឆ្នាំចំនួន ៣,៩៨ លានខ្នង ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៥ មក។

ក្រុមសេដ្ឋវិទូដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានព្យាករថា ការលក់ផ្ទះដែលមានស្រាប់នឹងថយចុះមកនៅត្រឹមអត្រា ៣,៩៨ លានខ្នង។

អត្រាការប្រាក់លើកម្ចីទិញផ្ទះនៅតែបន្តកើនឡើងក្នុងរយៈពេល២ខែកន្លងមកនេះ ដោយអត្រាការប្រាក់ថេររយៈពេល ៣០ ឆ្នាំ មានកម្រិតជាមធ្យម ៦,៦៦% នៅចុងខែកក្កដា។

ស្តុកផ្ទះដែលមានស្រាប់បានកើនឡើង ៣,២% ដល់ចំនួន ១,៦២ លានខ្នង ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មក។ ការផ្គត់ផ្គង់បានកើនឡើង ៥,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផ្អែកលើល្បឿននៃការលក់ក្នុងខែសីហា គេប៉ាន់ស្មានថាត្រូវចំណាយពេល ៤,៩ ខែដើម្បីលក់អស់ស្តុកផ្ទះដែលមានស្រាប់ទាំងនេះ ដែលកើនឡើងពីកម្រិត ៤,៦ ខែនៅក្នុងខែកក្កដា និងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

Ministry of Tourism and Hiroshima University of Economics, Japan, Collaborate to Transform

By MoT

       Phnom Penh. “University’s Annual Study Tour” into a New & Value-Added Tourism Product to Promote People-to-People and Student Exchanges Between Cambodia and Japan, Boost Local Tourism Destination Promotion, and Directly Develop Tourism and Economy Within Communities.

 

H.E. HUOT Hak, Minister of Tourism, granted a courtesy call to Dr. Hirokazu Kashitani, Project Leader and representative of Hiroshima University of Economics, Japan, along with his delegation, at the Ministry of Tourism. The meeting was held to report on past support activities in Cambodia’s tourism and education sectors and to discuss strengthening and expanding cooperation in tourism.

 

During this fruitful meeting, the Minister praised, highly valued, and expressed deep gratitude to Dr. Hirokazu Kashitani and the delegation from Hiroshima University of Economics for their continued support and for strengthening cooperation with Cambodia through the Cambodia International Exchange Program and various community development initiatives in provinces such as Baray District in Kampong Thom, Siem Reap, Battambang, and Prey Veng. These efforts have significantly contributed to enhancing people-to-people exchanges, fostering mutual understanding between the youth and students of both nations, supporting human resource development in Cambodia, and raising awareness of health and sanitation.

 

Concurrently, the Minister highlighted Cambodia’s current political, economic, and social landscape, as well as its tourism sector development. He reaffirmed that Cambodia remains a safe and warm, welcoming destination. Currently, Cambodia is implementing the “Visit Cambodia in the Green Season” campaign in collaboration with airlines, travel agencies, content creators, and international media to promote Cambodia’s tourism potential and attract more international tourists, including from the Japanese market.

 

In response, Dr. Hirokazu Kashitani and his delegation expressed their gratitude for the Ministry of Tourism’s ongoing support and committed to further strengthening cooperation with Cambodia. This will be achieved through student exchanges, the development of educational programs, and the sharing of Japan’s experiences particularly the post-WWII reconstruction of Hiroshima City to foster the spirit of peace, resilience, and youth participation in social development.

 

In return, the Minister requested that Hiroshima University of Economics prepare a Memorandum of Understanding (MoU) with the Ministry of Tourism to broaden and deepen cooperation. He also suggested exploring the possibility of organizing study exchange programs, short courses, and study tours for Ministry officials and Cambodian students to promote the exchange of knowledge, experience, and capacity building in human resources for the tourism sector. Furthermore, the Minister requested that the university continue to help promote the true situation, safety, security, hospitality, and tourism potential of Cambodia through its official website and media channels to attract more Japanese tourists and youth to visit Cambodia.

 

It is worth noting that the university has continuously conducted international exchange programs in Cambodia since 2009, leading students on over 17 study visits to Cambodia to participate in education, health, sanitation, and community tourism activities across various provinces. Through these programs in Cambodia, the university has published educational books on peace and nation-building for Cambodian children, and is currently preparing additional educational books on peace and resilience to contribute to the development of Cambodian youth and society.

 

 

លំនៅឋាន​កាន់​តែ​ច្រើន​នៅ​ទីក្រុងសេអ៊ូល​អាច​នឹង​ត្រូវ​ជាប់​ពន្ធ​លើ​អចលនទ្រព្យ​នៅ​ត្រឹម​ឆ្នាំ​ ២០៣០

ដោយ: សហសេវិក
អន្តរជាតិ: បច្ចុប្បន្ន ក្នុងចំណោមគម្រោងអាផាតមុិនលំដាប់ខ្ពស់ចំនួន ១២៥ ដែលត្រូវបានសិក្សានៅទីក្រុងសេអ៊ូល មានគម្រោងចំនួន ៧៨ ស្ថិតក្រោមការអនុវត្តពន្ធលើការកាន់កាប់អចលនទ្រព្យ ដោយគ្របដណ្តប់លើខណ្ឌចំនួន ១៩ ក្នុងចំណោមខណ្ឌទាំង ២៥ របស់ទីក្រុងសេអ៊ូល។

នៅត្រឹមឆ្នាំ ២០៣០ ប្រសិនបើតម្លៃអាផាតមិននៅតែបន្តកើនឡើងក្នុងអត្រា ១១% ក្នុងមួយឆ្នាំដូចពេលថ្មីៗនេះ ចំនួនអាផាតមុិនអាចនឹងកើនឡើងដល់ ១០១ គម្រោងនៅទូទាំង ២២ ខណ្ឌ។

គេសង្កេតឃើញមានតែខណ្ឌ Gangbuk សង្កាត់ Geumcheon និងសង្កាត់ Dobong ប៉ុណ្ណោះ ដែលនឹងមិនមានគម្រោងជាប់កាតព្វកិច្ចបង់ពន្ធ។

ចំពោះម្ចាស់អចលនទ្រព្យដែលមិនមែនជាអ្នករស់នៅក្នុងស្រុក (non-resident owners) ពន្ធសរុបសម្រាប់គម្រោងទាំង ១២៥ អាចនឹងកើនឡើងពី ៥៨,៩ ពាន់លានវ៉ុន (៤៣,៧ លានដុល្លារ) នៅពេលបច្ចុប្បន្នដល់៥២៦,២ ពាន់លានវ៉ុន (៣៩០,៧ លានដុល្លារ) នៅឆ្នាំ ២០៣០ កើនឡើងជិត ៩ ដង។

ពន្ធជាមធ្យមក្នុងមួយខ្នងផ្ទះសម្រាប់ម្ចាស់ដែលមិនមែនជាអ្នករស់នៅទីនោះ អាចនឹងកើនឡើងពីប្រហែល ៩៥១,០០០ វ៉ុន (៧០៦ ដុល្លារ) ដល់ចំនួន ៨,៤៣ លានវ៉ុន (៦,២៥៩ ដុល្លារ)។

ប្រសិនបើតម្លៃកើនឡើងត្រឹមតែ ៥,៥% ក្នុងមួយឆ្នាំ គម្រោងលំនៅឋានចំនួន ៨២ អាចនឹងត្រូវជាប់ពន្ធនៅត្រឹមឆ្នាំ ២០៣០ ដោយទឹកប្រាក់ពន្ធសរុបនឹងកើនឡើងដល់ ២៩២,៦ ពាន់លានវ៉ុន ដែលស្មើនឹងប្រហែល ៥ ដងនៃកម្រិតបច្ចុប្បន្ន៕