ប្រធាន​រដ្ឋសភា​៖ សេចក្តី​ព្រាងច្បាប់​សំណង់​នឹង​ចូលរួម​ជំរុញ​វិស័យ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ បាន​លើកឡើង​ថា​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​ ដែល​រដ្ឋសភា​កំពុង​ពិនិត្យ​សិក្សា​ នឹង​ក្លាយជា​ច្បាប់​ដ៏​មាន​សារៈសំខាន់​ ជា​បទដ្ឋាន​គតិ​យុត្ត​ថ្មី​ បន្ថែម​លើ​អ្វី​ដែល​មានស្រាប់​ ក្នុង​ការជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា​ ឲ្យ​កាន់តែ​រីកចម្រើន​ គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ សុវត្ថិភាព​ សោភ័ណភាព​ និង​បរិស្ថាន​។

សម្តេច​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ការឈ្វេងយល់​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​នៅ​ថ្ងៃទី​ ២០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​ តាក់តែង​ឡើង​ក្នុង​បរិបទ​វិស័យ​សំណង់​ មានការ​រីក​ដុះដាល​កាន់តែ​ច្រើន​ មាន​លក្ខណៈ​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​។

ជាពិសេស​ក្នុង​ពេល​ដែល​វិស័យ​សំណង់​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លំា​ង ក្នុង​ការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​រឹងមាំ​ និង​មាន​និរន្តរភាព​ ក្នុងចំណោម​វិស័យ​ផ្សេងទៀត​ ដែល​មាន​ដូចជា​ ទេសចរណ៍​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ និង​ កសិកម្ម​ ជាដើម​។

សម្តេច​បន្ត​ថា​ បើ​និយាយ​អំពី​វិស័យ​សំណង់​ គឺ​គេ​នឹកឃើញ​ដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ​ ដែល​បាន​កសាង​ ប្រាសាទអង្គរវត្ត​ និង​ប្រាសាទបាយ័ន​ និង​ប្រាសាទ​រាប់​រយ​ទៀត​នៅ​ពាសពេញ​ប្រទេស​។ ស្នាដៃ​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​ បាន​ល្បីល្បាញ​ពាសពេញ​សកលលោក​។

លោកស្រី​ និន​ សា​ផុន​ ប្រធាន​ គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​បានឱ្យ​ដឹង​ដែរ​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​ បាន​ឆ្លើយតប​នឹង​គោលនយោបាយ​ជាតិ​ ស្តី​ពី​ការរៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០១១​ ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ២០១៩​-២០២៣​ និង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៥០​។

លោកស្រី​ថា​ ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ទុន​វិនិយោគ​វិស័យ​សំណង់​មាន​កំណើនទៀងទាត់​ និង​នៅ​បន្ត​រីកចម្រើន​ជាលំដាប់​ ជាពិសេស​កា​រសាង់​សង់​សំ​ណង់​ធំៗ​ខ្ពស់​ៗ ដូចជា​អគារ​ស្នាក់នៅ​រួម​ អគារ​លក់ទំនិញ​ ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ការិយាល័យ​ សណ្ឋាគារ​ អគារ​ពហុមុខ​ងារ​ សំណង់​ទីក្រុង​រណប​ បុរី​លំនៅឋាន​ ។ល។

លោកស្រី​សង្កត់ធ្ងន់​ថា​ សំណង់​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​ និង​កាន់តែ​ស្មុគស្មាញ​ កាន់តែ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ តាម​បទដ្ឋាន​គតិ​យុត្ត​ បច្ចេកវិទ្យា​ ស្តង់ដារ​ និង​បទប្បញ្ញត្តិ​បច្ចេកទេស​ ដើម្បី​ធានា​ភាពរឹងមាំ​ គុណភាព​ សោ​ភណ្ឌ​ភាព​ និង​ចីរភាព​ សំណង់​។

លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​លើកឡើង​ថា​ សេចក្តី​ព្រាងច្បាប់​សំណង់​ ដែល​មាន២២ជំពូក​ និង១១១មាត្រា​ ត្រូវ​បាន​តាក់តែង​ឡើង​តំាង​ពីឆ្នាំ២០១៧មក​ម្ល៉េះ​ ដោយមាន​ ការចូលរួម​ផ្តល់​យោបល់​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​ នៃ​ប្រទេស​ជប៉ុន​។

លោក​បន្ត​ថា​ សេចក្តី​ព្រាងច្បាប់​ នេះ​ មាន​គោលបំណង​ ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង​ភាគី​ពាក់ព័ន្ធ​ និង​ការប្រតិបត្តិ​ការ​ងារ​ទំាង​ឡាយ​ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​ និង​សាធារណជន​។

ចូលរួម​ពង្រឹង​ការ​ គ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​មាន​សោភ័ណ្ឌភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខុមាលភាព​សាធារណៈ​ ជាដើម​៕

Facebook​ ចាយ​ជិត​ ១០លាន​ដុល្លារ​ ដើម្បី​ជួល​សន្តិសុខ​ការងារ​លោក​ Mark​ Zuckerberg

0

​ដោយ​ វល័​ក្ខ​

ភ្នំពេញ​៖ បុគ្គល​ល្បីឈ្មោះ​ ឬមហា​សេដ្ឋី​ជាច្រើន​នៅក្នុង​ពិភពលោក​ បាន​ចំណាយ​លុយ​យ៉ាងច្រើន​សន្ធឹក​លើ​ផ្នែក​សុវត្ថិភាព​ សន្ដិ​សុខ​ផ្ទាល់ខ្លួន​ (ជួល​សន្តិសុខ​ការងារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​) មាន​ខ្លះ​ចាយ​រហូតដល់​ខ្ទង់លាន​ដុល្លារ​។

មិន​ខុសពី​គេ​ប៉ុន្មាន​ឡើយ​ ក្នុងនាម​ជាកំពូល​មហាសេដ្ឋី​វ័យក្មេង​ និង​ជាម​ហា​សេដ្ឋី​លំដាប់​ពិភពលោក​ ព្រមទាំង​ជា​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ Facebook​ លោក​ Mark​ Zuckerberg​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ បាន​ចំណាយ​លុយ​ជិត​ ១០លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួល​សន្ដិ​សុខ​ការពារ​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ រួម​នឹង​គ្រួសារ​។

មហាសេដ្ឋី​រូប​នេះ​ បាន​កំណត់​យក​ប្រាក់បៀវត្សរ៍​ត្រឹមតែ​ ១ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ​ ប៉ុន្តែ​បច្ចុប្បន្ន​លោក​មានទ្រព្យ​សរុប​ដែល​គិតជា​ទឹកប្រាក់​ ៧០,៥ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ Facebook​ បាន​ចំណាយ​ប្រាក់​ខ្ទង់​ជិត​ ១០លាន​ដុល្លារ​អាម​រិក​សម្រាប់​ថ្លៃ​សន្តិសុខ​ សុ​វត្តិភាព​ផ្ទាល់ខ្លួន​របស់​ Mark​ Zuckerberg​ ដែល​ការ​ចំណាយ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​កើនឡើង​ ៥០០ភាគរយ​ ចាប់តាំងពី​ឆ្នាំ​ ២០១២​ រហូតដល់​ ២០១៧​។

ទស្សនាវដ្ដី​ Forbes​ បាន​ចេញផ្សាយ​ថា​ មហាសេដ្ឋី​លេខ១​ លោក​ Jeff​ Bezos​ ដែល​ជា​អ្នកបង្កើត​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡា​ញយ​ក្ស​អាមេរិក​ Amazon​ បាន​ចំណាយ​ត្រឹមតែ​ ១,៦លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​សុវត្ថិភាព​ សន្តិសុខ​ផ្ទាល់ខ្លួន​ ខណៈ​ដែល​លោក​ Larry​ Ellison​ ម្ចាស់​ក្រុមហ៊ុន​ Oracle​ បាន​ចំណាយ​ ១,៥លាន​ដុល្លារ​អាមេរិក​ ទៅលើ​សេវាកម្ម​ដូចគ្នា​នេះ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​ Business​ Insider​ និង​ Forbes​ បានឱ្យ​ដឹង​ថា​ មាន​កម្លាំង​សន្តិសុខ​ដែល​មាន​សមត្ថភាព​អស្ចារ្យ​ប្រមាណ​ ៦០០០នាក់​ ត្រូវ​បាន​ Facebook​ ជួល​សម្រាប់​ការងារ​សន្តិសុខ​មេដឹកនាំ​ និង​បុគ្គលិក​សំ​ខាន់​ៗ ទាំង​នៅក្នុង​កន្លែង​ធ្វើការ​ និង​នៅ​ក្រៅ​កន្លែង​ធ្វើការ​ ជាពិសេស​គឺ​ត្រូវ​បាន​ដាក់​យាម​នៅ​តាម​ផ្ទះ​ទៀតផង​។

វា​ពិតជា​អស្ចារ្យ​ណាស់​មែនទេ​? វា​ជា​រឿង​ដែល​ត្រឹមត្រូវ​បំផុត​ ព្រោះថា​បុគ្គល​ទាំងនោះ​សុទ្ធសឹងតែ​ជា​មនុស្ស​សំ​ខាន់​ៗរបស់​ក្រុមហ៊ុន​ ប្រសិនបើ​ពួកគេ​ជួបប្រទះ​រឿងហេតុ​ណាមួយ​ នោះ​វា​នឹង​ធ្វើ​ឱ្យ​ខាត់​បង់​ដល់​ក្រុមហ៊ុន​ ទាំង​ពេលវេលា​ និង​ថវិកា​។

យោង​តាម​ប្រភព​ព័ត៌មាន​មួយចំនួន​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ធ្លាប់​មាន​មនុស្ស​មក​កៀក​ជិតនឹង​លោក​ Mark​ Zuckerberg​ គ្រោង​នឹង​បង្ក​គ្រោះថ្នាក់​ជាច្រើន​ដង​ រួមមាន​ទាំង​អាវុធ​ និង​កាំភ្លើង​ ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​ទម្លាយ​ចេញ​ជា​សាធារណៈ​ឡើយ​ ផ្ទុយទៅវិញ​ Facebook​ បាន​រឹង​បណ្ដឹង​ផ្នែក​សន្តិសុខ​ផ្ទាល់ខ្លួន​ឱ្យ​ខ្លាំង​ជាង​មុន​៕

អង្គការ​ OECD​៖ ចក្ខុវិស័យ​សេដ្ឋកិច្ច​សកល​មាន​ភាព​អាប់អួរ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​គាំពារ​និយម​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​ចេញផ្សាយ​របាយការណ៍​មួយ​ដោយ​បញ្ជាក់​ថា​ សេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​ទទួលរង​នូវ​កំណើន​ទាប​ក្នុងរយៈពេល​វែង​ ប្រសិនបើ​ប្រទេស​នានា​បន្ត​គោលនយោបាយ​គាំពារ​និយម​ និង​អូស​បន្លាយ​សង្គ្រាម​ពាណិជ្ជកម្ម​។

អង្គការ​ OECD​ បាន​និយាយ​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ទទួលរង​នូវ​អត្រាកំណើន​ទាប​បំផុត​របស់​ខ្លួន​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៩​ ដែល​បាន​ធ្វើ​ឱ្យ​រញ្ជួយ​ពិភពលោក​។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​នេះ​បាន​បន្ទាប​កំណើន​ GDP​ ពិភពលោក​ ០,៣​ ភាគរយ​ដែល​ស្មើនឹង​កំណើន​ ២,៩​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​។ នៅ​ឆ្នាំ​ GDP​ នៅ​ឆ្នាំ​ ២០២០​ ក៏​ថយ​ចុះ​ ០,៤​ ភាគរយ​ដែល​ស្មើនឹង​កំណើន​ ៣ ភាគរយ​ផង​ដែរ​។រ

បាយការណ៍​អង្គការ​ OECD​ បាន​បញ្ជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ បាន​និង​កំពុង​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​ធ្លាក់ចុះ​ ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​។

លោកស្រី​ Laurence​ Boone​ ប្រធាន​សេដ្ឋវិទូ​នៃ​អង្គការ​ OECD​ បាន​ប្រាប់​សារព័ត៌​មា​នរ៉យទ័​រថា​ “អ្វី​ដែល​មើលទៅដូចជា​ភាព​តានតឹង​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​កំពុង​ប្រែក្លាយ​ជា​ស្ថានភាព​ពាណិជ្ជកម្ម​ដែល​មាន​ភាព​វឹកវរ​យូរអង្វែង​”។

លោកស្រី​បាន​បន្ថែម​ថា​ “បទបញ្ជា​ពិភពលោក​ដែល​ធ្វើ​ពាណិជ្ជកម្ម​ស្របច្បាប់​បាន​បាត់​បង​ផុត​ទៅ​ហើយ​ ហើយ​យើង​កំពុង​ស្ថិត​ក្នុង​យុគសម័យ​ថ្មី​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​មិនសូវ​ប្រាកដប្រជា​”៕

រដ្ឋាភិបាល​កំពុង​ដាក់ចេញ​នូវ​យន្តការ​ពិសេស​ទាក់ទាញ​ការ​វិនិយោគ​នៅ​តាម​ព្រំដែន

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់ចេញ​យន្តការ​ពិសេស​សម្រាប់​ការ​ទាក​ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ​ និង​ព្រំដែន​កម្ពុជា​-វៀតណាម​ ស្របតាម​ស្មារតី​ និង​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ លើក​ទី១៨​ ។

យោង​តាម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ និង​ក្រុង​បាវិត​ ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ ១៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៩ម្សិលមិញ​នេះ​ របស់​មន្ត្រី​រដ្ឋាភិបាល​ បានឱ្យ​ដឹង​ថា​ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ គឺ​ដើម្បី​បូកសរុប​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​ទាំងពីរ​លើក​ ព្រមទាំង​ការ​ដាក់ចេញ​នូវ​កិច្ចការ​បន្ត​ចំពោះមុខ​ សម្រាប់​ជា​មូលដ្ឋាន​ឈាន​ទៅដល់​ការរៀបចំ​ដាក់ចេញ​នូវ​យន្តការ​ពិសេស​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ឱ្យ​កាន់តែ​ច្រើន​។

យន្តការ​ពិសេស​របស់​រដ្ឋាភិបាល​ដែល​នឹង​ដាក់ចេញ​រួមមាន​ជាអាទិ៍​ ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​ជាយដែន​ ការ​តភ្ជាប់​បណ្តាញ​ និង​ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​ ការកំណត់​នូវ​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ទាក់ទាញ​ និង​ការរៀបចំ​ឡើងវិញ​នូវ​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ទាំងនោះ​ និង​ ការរៀបចំ​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ និង​សម្រួល​ផ្នែក​ឡូ​ជី​ស្ទីក​នៅ​តាម​ជាយដែន​ ឬតំបន់​សេដ្ឋកិច្ច​ពិសេស​។

កិច្ចប្រជុំ​នេះ​ផង​ដែរ​ ត្រូវ​បាន​រៀបចំឡើង​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដឹកនាំ​ដោយ​ លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បន្ទាប់ពី​ការ​ចុះ​ធ្វើទស្សនកិច្ច​សិក្សា​បឋម​ និង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង​ចំនួន​ពីរ​លើក​ គឺ​លើក​ទី១​ នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ កាលពី​ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៩​ និង​លើក​ទី២​ នៅ​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ កន្លងទៅ​។

បេសកកម្ម​នេះ​ត្រូវ​បាន​ធ្វើឡើង​ ដោយ​យោង​តាម​ស្មារតី​ និង​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ លើក​ទី១៨​ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៩​ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

គណៈប្រតិភូ​ចិន​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្រិតខ្ពស់​នៅ​កម្ពុជា

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ​គណៈប្រតិភូ​ចិន​មួយ​ក្រុម​មក​ពី​ខេត្ត​ហាយ​ណាន​ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ បាន​បង្ហាញ​ពី​គោលបំណង​សំខាន់​របស់​ខ្លួន​ក្នុង​ស្វែងយល់​ និង​ចាប់​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម​កម្រិតខ្ពស់​ ជាមួយនឹង​ការចែក​រំលែក​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វិ​ស័យ​កម្ម​សិ​កម្ម​នៅ​កម្ពុជា​ផង​ដែរ​។

នៅក្នុង​ឱកាស​ចូល​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ កាលពី​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោក​ Liu​ Ping​ Zhi​ ​អភិបាលរងខេត្ត​ហា​ណណាន​ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចិន​មក​ស្វែងយល់​ពី​កម្ពុជា​ បាន​លើកឡើង​ថា​ គោលបំណង​នៃ​ការ​មកកាន់​កម្ពុជា​ គឺ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ ចែករំលែក​បទពិសោធន៍​ និង​សហការ​លើ​វិស័យ​កសិកម្ម​ និង​ពិភាក្សា​លើ​ការងារ​សំ​ខាន់​ៗទាក់ទង​នឹង​ការរៀបចំ​បង្កើត​បណ្ឌិតសភា​វិទ្យាសាស្រ្ត​កសិកម្ម​កម្ពុជា​ (Cambodian​ Academy​ of​ Agricultural​ Science​, CAAS​)។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​ការ​រីកចម្រើន​ដែល​រាជរដ្ឋាភិបាល​ ក៏​ដូច​ប្រជាជន​កម្ពុជា​សម្រេច​បាន​ ជាពិសេស​ ដោយ​មើលឃើញ​ពី​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​យ៉ាង​លឿន​គួរ​ឱ្យ​កត់សម្គាល់​របស់​កម្ពុជា​ ប្រតិភូ​ខេត្ត​ហៃ​ណា​នក៏​មក​ធ្វើទស្សនកិច្ច​ដើម្បី​សិក្សា​ឈ្វេងយល់​បន្ថែម​អំពី​ស្ថានភាព​ និង​សក្តា​នុ​ពល​វិនិយោគ​លើ​អនុ​វិស័យ​វារីវប្បកម្ម​ ការបង្កើត​សួន​គំរូ​ដំណាំ​ឈើ​ហូប​ផ្លែ​ និង​បន្លែ​ដែល​គ្មាន​សារធាតុគីមី​ ការបង្កើត​មជ្ឈ​ មណ្ឌល​បង្កាត់ពូជ​ដំណាំ​ត្រូពិច​ និង​សិក្សា​ពី​ជំងឺឆ្លង​ដំណាំ​នៅ​កម្ពុជា​ និង​ពិនិត្យ​លទ្ធភាព​ ​ផ្តល់​កិច្ចសហការ​ ជួយ​រៀបចំ​បង្កើត​បណ្ឌិតសភា​វិទ្យាសាស្រ្ត​កសិកម្ម​កម្ពុជា​។

ជា​កិច្ច​ឆ្លើយតប​ លោក​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ វេង​ សុ​ខុន​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​ចិន​ក្នុង​ទស្សនកិច្ច​នេះ​ ដែល​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ច​សហ​ប្រតិ​ បត្តិ​ការ​ជាមួយ​ក្រសួង​ ក៏ដូចជា​ស្វែងរក​ឱកាស​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ផង​ដែរ​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន​ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ តាម​រយ:ការអនុវត្ត​គោលនយោបាយ​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​ របស់​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​ និង​គោលនយោបាយ​ “ខ្សែក្រវាត់​ និង​ផ្លូវ​”។

លោក​បាន​បញ្ជាក់​ថា​ ថ្មី​ៗនេះ​កម្ពុជា​ទទួល​បានការ​អភិវឌ្ឍ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ តាម​រយ:ការជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ហើយ​រាជរដ្ឋាភិបាល​ ក៏ដូចជា​ប្រជាជន​កម្ពុជា​កំពុង​មាន​មោទនភាព​លើស​មិទ្ធ​ផល​ដែល​សម្រេច​បាន​ ដែល​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ចំណង​សាមគ្គីភាព​ មិត្តភាព​ជា​បងប្អូន​ កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​ និង​ជោគវាសនា​តែមួយ​របស់​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង២​ ៕

ប្រទេស​ចិន​រំកិល​ខ្លួន​កាន់តែ​ជិត​រុស្ស៊ី​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​កំពុង​អូស​បន្លាយ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រទេស​ចិន​បាន​បង្កើត​ភាព​ជិ​តស្និ​ទ្ឋ​ជាមួយ​ប្រទេស​រុស្ស៊ី​ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​អូស​បន្លាយ​ដោយ​គ្មាន​កំណត់​។

នាយក​រដ្ឋមន្រ្តី​ចិន​ លោក ​Li​ Keqiang​ និង​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​លោក​ Dmitry​ Medvedev​ បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃពុធ​ និង​បាន​សន្យា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​។

ទំហំ​ពាណិជ្ជកម្ម​នឹង​កើនឡើង​ពី​ជាង១០០ពាន់​លាន​ដុល្លារ​ ទៅ២០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៤​។

លោក​ Medvedev​ បាន​និយាយ​ថា​ ប្រទេស​ទាំងពីរ​នឹង​ធ្វើជា​ដៃគូ​ ក្នុង​វិស័យ​ថាមពល​ បច្ចេកវិទ្យា​ និង​កសិកម្ម​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​។

លោក​ Medvedev​ បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​នៅ​ប្រទេស​រុស្ស៊ី​ថា​ “ផែនការ​នេះ​ គឺ​ដើម្បី​សម្រេច​បាន​នូវ​គម្រោង​ទាំងនោះ​ តាមរយៈ​គម្រោង​រួម​ក្នុង​វិស័យ​ថាមពល​ ឧស្សាហកម្ម​ បច្ចេកវិទ្យា​ និង​កសិកម្ម​”។

លោក​ Medvedev​ ឱ្យ​ដឹង​ថា​ “យើង​កំពុងធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​ដក​របាំង​ដែល​រារាំង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ កសិកម្ម​។ វា​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​សណ្តែកសៀង​ ស្រូវសាលី​ និង​ដំណាំ​មួយចំនួន​ទៀត​ទៅ​ប្រទេស​ចិន​”។

ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ របស់​រុស្ស៊ី​ក្នុងរយៈពេល៩ឆ្នាំ​កន្លងមក​នេះ​។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ បាន​កើនឡើង​ជិត៣០ភាគរយ​កាលពី​ឆ្នាំមុន​។

កិច្ចប្រជុំ​របស់​លោក​ Li​ នៅ​ប្រទេស​រុស្ស៊ី​ គឺ​ដើម្បីរំលឹក​ខួប៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ចិន​-រុស្ស៊ី​។ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នឹង​ប្រារព្ធ​ខួប​លើក​ទី៧០របស់​ខ្លួន​ នៅ​ថ្ងៃទី​ ១ ខែ​ តុលា​។

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ចុះ​ខ្សោយ​ក្នុងរយៈពេល១៥ខែ​កន្លងមក​នេះ​។ ការចរចា​ពាណិជ្ជកម្ម​ នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ប៉ុន្តែ​អ្នកវិភាគ​មិនបាន​មើលឃើញ​ដំណោះស្រាយ​ រវាង​ប្រទេស​ទាំងពីរ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ទេ​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បន្ទាប​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិញ​នេះ​ ដោយសារតែ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​កំពុង​បន្ត​កើតមាន​រវាង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​នេះ​ បាន​បន្ទាប​កំណើន​GDP​ពិភពលោក​មក​នៅ​ត្រឹម​កំនើន២​,៩ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​។ វា​ក៏បាន​ថយ​ចុះ​កំណើន​ GDP​ នៅ​ឆ្នាំ២០២០​ ថយ​ចុះ០​,៤ ភាគរយ​នៅសល់​ត្រឹម៣ភាគរយ​ផង​ដែរ​។

របាយការណ៍​របស់​ OECD​ បាន​បញ្ជាក់​ថា​ “ការ​កើនឡើង​នូវ​ភាព​តានតឹង​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​ កំពុងតែ​ធ្វើ​ឱ្យ​មានការ​បាត់បង់​នូវ​ទំនុកចិត្ត​ និង​ការ​វិនិយោគ​បន្ថែម​ជាមួយ​ភាព​មិន​ប្រាកដប្រជា​ នៃ​គោលនយោបាយ​ការ​ហានិភ័យ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ និង​ការ​រំពឹង​ទុក​នៃ​កំណើន​នា​ពេល​អនាគត​ដែល​ងាយ​ធ្លាក់ចុះ​៕

ចំណេះដឹង​! ដូចម្តេច​ដែល​ហៅថា​គោលនយោបាយ​សារពើពន្ធ​?

0

ដោយ​ វុត្ថា​

ភ្នំពេញ៖​ គោលនយោបាយ​សារពើពន្ធ​ សំដៅលើ​ការ​យកពន្ធ​និង​វិធី​រក​ចំ​ណូល​ផ្សេង​ៗទៀត​ និង​ការ​ចំណាយ​របស់​រដ្ឋ​ ដោយ​បែងចែក​ធនធានសេដ្ឋកិច្ច​ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​សមធម៌​។

ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​គោលនយោបាយ​សារពើពន្ធ​ រដ្ឋ​ត្រូវ​អនុវត្ត​សកម្មភាព​សំ​ខាន់​ៗដូចជា​៖ ១ ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ និង​គៀង​គរ​ចំណូល​ ២. ការ​ធ្វើ​វិចារណៈ​កម្ម​ចំណាយ​ គឺ​បែងចែក​ចំណាយ​ថវិការដ្ឋ​រវាង​ការប្រើ​ប្រាស់​ និង​ការ​វិនិយោគ​សាធារណៈ​ឲ្យបាន​សមស្រប​។

គោលនយោបាយ​សារពើពន្ធ​របស់​ប្រទេស​នី​មួយ​ៗ គួរតែ​មាន​គោលដៅ​ជាគោល​ការណ៍​ចំនួន​បួន​គឺ​៖ (១) ការបែងចែក​ធនធាន​ (២) ស្ថេរ​ភាព​វូប​នី​យក​ម្ម​ (៣)កំណើន​ (៤) ការបែងចែក​នៃ​ប្រាក់ចំណូល​នៃ​ទ្រព្យសម្បត្តិ​ឲ្យ​ស្មើគ្នា​។

​;តាមរយៈ​ពន្ធ​ និង​ចំណាយ​សាធារណៈ​រដ្ឋាភិបាល​ដើ​តួនាទី​សំខាន់​ ក្នុង​ការបែងចែក​បណ្តា​ធនធាន​នៅក្នុង​សេដ្ឋកិច្ច​ និង​ជំរុញ​ខ្សែ​សង្វាក់​ផលិតកម្ម​ឲ្យ​កើន​ឬមិន​កើនឡើង​៕

រដ្ឋាភិបាល​ចិន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន៩​ មាន​ទឹកប្រាក់​ ៩,៧ពាន់​លាន​ដុល្លារ​

0

ដោយ ​វុត្ថា​

ប៉េ​កាំងៈ​ រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​បាន​អនុម័ត​ គម្រោង​វិនិយោគ​មានទ្រព្យ​សកម្ម​ចំនួន៩​ ជាមួយនឹង​ទឹកប្រាក់​វិនិយោគ​ចំនួន ៦៨​,៩ពាន់​លាន​យន់​ ស្មើនឹង​ប្រហែល ៩​,៧ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ខែសីហា​។

លោក​ Meng​ Wei​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ និង​កំណែទម្រង់​ជាតិ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​នេះ​ថា​ គំរោង​ទាំងនេះ​ ភាគច្រើន​ផ្តោត​លើ​វិស័យ​អភិរក្ស​ទឹក​ និង​ឧស្សាហកម្ម​ថាមពល​។ លោក​បន្ត​ថា​ ទិន្នន័យ​ពី​ដំបូង​បាន​បង្ហាញថា​ កំណើន​វិនិយោគទុន​មាន​ស្ថេរ​ភាព​នៅតែ​មាន​ស្ថេរ​ភាព​ ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដោយ​កើនឡើង​ ៥,៥ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដោយសារ​ការ​មានការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ក្នុង​កម្រិតខ្ពស់​។

លោក​បន្ត​ទៀត​ថា​ ការ​វិនិយោគ​លើ​ផលិតកម្ម​បច្ចេកវិទ្យា​ បាន​កើនឡើង១២ភាគរយ​ ខណៈ​ការ​វិនិយោគ​លើ​សេវាកម្ម​បច្ចេកវិទ្យា​កើនឡើង ១៤​,៩ ភាគរយ​ និង​កំនើ​នវិ​និ​យោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​កើន​ចំនួន ៧​,៦ភាគរយ​។ ចំណែក​ការ​វិនិយោគ​លើ​អចលនទ្រព្យ​រួមមាន​ការ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រព្យ​ គ្រឿងម៉ាស៊ីន​ និង​ទ្រព្យសម្បត្តិ​រូបវន្ត​ផ្សេងទៀត​។

ក្នុងរយៈពេល៨ខែ​ដំបូង​ ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ចិន​ បាន​កើនឡើង ៤​,២ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដោយធ្វើ​ឱ្យ​មាន​កំណើន ០​,៤ភាគរយ​ពី​កំនើ​នដែ​លបាន​មើលឃើញ​ក្នុង​អំឡុង​ចន្លោះ​ខែមករា​ – ដល់​ខែកក្កដា​៕

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ក្រើនរំលឹក​ក្រុមហ៊ុន​អភិវឌ្ឍ​សំណង់​អំពី​គុណភាព​ និង​ល័ក្ខខ័ណ្ឌ​បច្ចេកទេស​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅលើ​បញ្ហា​គុណភាព​ សុវត្ថិភាព​ និង​បច្ចេកទេស​ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ ត្រូវ​ធ្វើឡើង​តាម​ល័ក្ខខ័ណ្ឌ​ត្រឹមត្រូវ​ ដែល​កំណត់ដោយច្បាប់​។

លោក​លាង​ មុ​នី​រិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ពិព័រណ៍​ CAMBUILD​ 2019​ ផ្ដោត​លើ​គំនិត​ច្នៃប្រឌិត​ថ្មី​ និង​សុវត្ថិភាព​សំណង់​អាគារ​ នៅ​កោះ​ពេជ្រ​កាលពី​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩កន្លងមក​ថា​ ​“គ្រប់​វត្តមាន​នៃ​សំណង់​អគារ​ទាំងអស់​ ចាំបាច់​ត្រូវតែ​ផ្តោត​សំខាន់​ទៅលើ​គុណភាព​សំណង់​ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ដូចជា​ ច្រកចេញ​ចូល​សុវត្ថិភាព​ និង​ការ​បំពាក់​ប្រព័ន្ធ​ទឹក​ពន្លត់​អគ្គិភ័យ​ជាដើម​ ដើម្បី​ធានា​សុវត្ថិភាព​សាធារណជន​ បុគ្គលិក​ និង​អតិថិជន​របស់​ខ្លួន​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ដើម្បី​ធានា​ពី​គុណភាព​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក៏បាន​បង្កើត​ក្រុមការងារ​ជំនាញ​ថ្នាក់​ខេត្ត​ និង​រាជធានី​ ចុះទៅ​ត្រួតពិនិត្យ​ និង​កែតម្រូវ​បច្ចេកទេស​ការសាងសង់​នៃ​អគារ​នី​មួយ​ៗដើម្បី​ឱ្យ​ប្រាកដ​ថា​ មានគុណ​ភាពរឹងមាំ​យ៉ាង​ត្រឹមត្រូវ​ស្របតាម​បទដ្ឋាន​ដែល​ច្បាប់​បាន​កំណត់​”។

គិត​មកដល់​ត្រឹម​ ខែសីហា​ឆ្នាំ២០១៩នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុញ្ញាត​លើ​សំ​ណើរ​សុំ​សាងសង់​ សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ​ ៣១៧៥គម្រោង​ ដោយមាន​ទំហំ​វិនិយោគ​សរុប៥៩៨៦លាន​ដុល្លារ​អាមេរិក​ នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង១២​,២ លាន​ម៉ែត្រការ៉េ​។

គំរោង​វិនិយោគ​ទាំងនេះ​ ត្រូវ​បាន​បែងចែក​តាម​ការ​ស្នើសុំ​សាងសង់​ តាម​ប្រភេទ​នី​មួយ​ៗរួមមាន​ សំណង់​សាធារណៈ​មាន​ប្រមាណ​ ៥៦គម្រោង​ ការប្រើ​ប្រាស់​ថវិកា​រដ្ឋាភិបាល​មាន​ ១៨​ គម្រោង​ ថវិកា​វិស័យ​ឯកជន​ ៣៦​ គម្រោង​ ការសាងសង់​លំនៅឋាន​ និង​ភូមិគ្រឹះ​ជាង​ ២០០០​ គម្រោង​ សំណង់​ឧស្សាហកម្ម១៣៨គម្រោង​ សំណង់​ពាណិជ្ជកម្ម​ ១៧៦​ គម្រោង​ សំណង់​ទេសចរណ៍​ ៨២​ គម្រោង​ និង​សំ​ណង់​ផ្សេង​ៗទៀត​មាន​ចំនួន​ ១៨​ គម្រោង​ផង​ដែរ​។ ចំណែក​ពាក់ព័ន្ធ​ផ្ទៃក្រឡា​ ដែល​ផ្តល់​ការ​អនុម័ត​ដោយ​មន្ទីរ​មាន​ចំនួន​ជាង ១​,៧០០​,០០០​ ម៉ែត្រការ៉េ​ និង​ការ​ផ្តល់​ដោយ​ក្រសួង​មាន​ចំនួន​ជាង១០លាន​ម៉ែត្រការ៉េ​៕

ក្រុម​អ្នកជំនាញ​បញ្ជាក់​ជាថ្មី​ថា​ស្ថានភាព​អចលនទ្រព្យ​កម្ពុជា​នៅតែ​មាន​ស្ថេរ​ភាព​ទាំង​បច្ចុប្បន្ន​ និង​អនាគត​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​គូសបញ្ជាក់​សាជាថ្មី​ថា​ ស្ថានភាព​អចលនវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ​ និង​នា​ពេល​អនាគត​នៅតែ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ បើ​ទោះបី​ពិភពលោក​មាន​បញ្ហា​សេដ្ឋកិច្ច​ខ្លះ​ និង​ការ​ចាកចេញ​របស់​ជនជាតិ​ចេញពី​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​កន្លងមក​នេះ​ក៏ដោយ​ក្តី​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​នៅក្នុង​វេទិកា​ជាមួយ​អ្នកសារព័ត៌មាន​ ស្តី​ពី​ «ស្ថានភាព​អចលនវត្ថុ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​ » នៅ​ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ពាក់ព័ន្ធ​នឹង​ការទិញ​ដី​ឡូ​តិ៍​ ទិញ​បុរី​ និង​ទិញ​អចលន​ទ្រព្យ​ផ្សេង​ៗ នៅតែ​មាន​សក្តា​នុ​ពល​ខ្ពស់​ដោយសារ​មាន​តម្រូវការ​កើនឡើង​ ទាំង​នៅក្នុង​ទីក្រុង​ និង​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បើ​ទោះបី​មាន​ជនជាតិ​ចិន​មួយចំនួន​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​។

លោក​បា​នព​ន្យល​ថា​ “ការ​ចេញ​របស់​ជនជាតិ​ចិន​ ពី​ប្រទេស​កម្ពុជា​កន្លងមក​នេះ​ មិន​មានផល​ប៉ះ​ពាល​ល់​ខ្លាំង​ ដល់​វិស័យ​អចលនទ្រព្យ​នោះ​ទេ​ ​គឺ​ប៉ះពាល់​បន្តិចបន្តួច​ តែ​ក្នុងរយៈពេល​ខ្លី​តែប៉ុណ្ណោះ​”។លោក​បន្ត​ថា​ “តម្លៃ​អចលនទ្រព្យ​ជា​រួម​មកដល់ពេលនេះ​ មិនទាន់​មានការ​ធ្លាក់​តម្លៃ​នោះ​ទេ​ ​ពោល​គឺ​មាន​ស្ថានភាព​នៅតែ​ដដែល​ និង​បន្ត​មានការ​រីក​ចំរើន​មុខ​ថែមទៀត​” ។

​លោក​សុ​ខនី​មបាន​ពន្យល់​ទៀត​ថា​ “ការ​រក្សា​បាន​ស្ថេរ​ភាព​នេះ​ ដោយសារ​កត្តា​ស្ថេរ​ភាព​នយោបាយ​នៅក្នុង​ប្រទេស​មាន​ស្ថានភាព​ល្អ​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅតែ​រក្សា​បាន​ល្អ​ ព្រមទាំង​មានការ​គាំពារ​ពី​ធនាគារ​ ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី​ដល់​ពលរដ្ឋ​”។

លោក​ ហ៊ឹម​ សីហា​ នាយក​នៃ​ផ្នែក​ស្រាវជ្រាវ​ ក្រុមហ៊ុន​ VTrust​ បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​វិស័យ​នៃ​ការ​ផ្គត់ផ្គង់​អចលនទ្រព្យ​ ជាពិសេស​លំនៅឋាន​នៅតែ​មាន​កំណើន​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដោយ​ក្នុងរយៈពេល៥​ ឬ៦ឆ្នាំ​ចុងក្រោយ​នេះ​ គឺ​មាន​កំណើន​លំនៅឋាន​ច្រើន​រហូតដល់​ជាង​មួយ​ម៉ឺន​ខ្នង​ក្នុង​មួយ​ឆ្នាំ​ៗ ជាពិសេស២ឆ្នាំ​ចុងក្រោយ​នេះ​ (២០១៨​-២០១៩​) មាន​កំណើន​ខ្ពស់​រហូតដល់​រាប់​ម៉ឺន​ខ្នង​។

លោក​បន្ត​ថា​ ដោយសារ​តម្រូវការ​ក្នុង​ស្រុក​មានការ​កើនឡើង​ ហើយក៏​មាន​តម្រូវការ​ពីក្រៅ​ស្រុក​ខ្លះ​ដែរ​ បាន​ធ្វើឲ្យ​តម្រូវការ​លំនៅឋាន​ខ្ពស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ព្រោះ​មាន​តម្រូវការ​ពី​អ្នក​រៀបការ​ថ្មីថ្មោង​ និង​ប្រជាជន​មក​ពី​តាម​បណ្តា​ខេត្ត​នានា​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ស្ថានភាព​បែន​នេះ​ នឹង​នៅតែ​បន្ត​កើន​កើនឡើង​រហូតដល់​ឆ្នាំ​ ២០៣០​ ទៅមុខ​ទៀត​។

លោ​កពុយ​ គា​ អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​បានឱ្យ​ដឹង​ថា​ ក្លឹប​អ្នកកាសែត​កម្ពុជា​ ( ក.អ.ក​ ) សហការ​ជាមួយ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (ស.វ.អ.ក​) នៅ​ព្រឹក​ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​បាន​រៀបចំ​វេទិកា​ជាមួយ​អ្នកសារព័ត៌មាន​ ស្តី​ពី​ « ស្ថានភាព​អចលនវត្ថុ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ » នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់២​ ជិត​ស្ពាន​អាកាស​ក្បាលថ្នល់​ ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​ជាច្រើន​រូប​មក​ពី​វិស័យ​អចលនទ្រព្យ​។

លោក​បន្ត​ថា​ “ការរៀបចំ​វេទិកា​ខាងលើ​នេះ​ ដើម្បី​ផ្តល់​ឱកាស​សម្រាប់​អ្នកសារព័ត៌មាន​បាន​ស្វែងយល់​បន្ថែម​ទៀត​ អំពី​ស្ថានភាព​អចលនវត្ថុ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​ រួម​ទាំង​សញ្ញា​វិជ្ជមាន​និង​អវិជ្ជមាន​ នៃ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​”៕