មន្ត្រី​ពាណិជ្ជកម្ម​ចិន​ និង​អាមេរិក​ជួប​ប្រជុំ​គ្នា​នៅ​វ៉ាស៊ីនតោន​ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​ថ្ងៃនេះ​

0

ដោយ​ Donald​ Lee​

វ៉ាស៊ីនតោន​៖ មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ និង​ចិន​នឹង​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ ដើម្បី​ចាប់ផ្តើម​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ឡើងវិញ​ ដែល​បាន​ធ្វើ​ឱ្យ​ខកខាន​ ​រយៈពេល​ពីរ​ខែ​កន្លងមក​ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​កំពុង​កើនឡើង​។

សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល១៤ខែ​មកនេះ​ បាន​បង្ក​ឱ្យ​ខាតបង់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​នៅ​ជុំវិញ​ពិភពលោក​ និង​ជា​កត្តា​ចំបង​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​។

ភាគី​ទាំងសងខាង​បាន​រង​ផល​ប៉ះពាល់​ពី​សង្រ្គាម​ពាណិជ្ជកម្ម​នេះ​ ខណៈ​ប្រធានាធិបតី​អាមេរិក ​Donald​ Trump​ ស្វែងរក​សំលេង​ក្នុង​ការបោះឆ្នោត​ឡើងវិញ​នៅ​ឆ្នាំ២០២០​ និង​ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​នពីង​ តស៊ូ​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​ដើរទៅ​មុខ​ ស្រប​ពេល​វិស័យ​ផលិតកម្ម​នៅតែ​បន្ត​ធ្លាក់ចុះ​។

លើស​ពីនេះ​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ កំពុង​បញ្ចុះ​អត្រា​ការប្រាក់​ដើម្បី​បញ្ចូន​រូបិយប័ណ្ណ​បន្ថែម​ទៀត​ ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​ពួកគេ​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​។

ធនាគារ​កណ្តាល​អាមេរិក​បាន​ទម្លាក់​អត្រា​ការប្រាក់​ ជា​លើក​ទីពីរ​នៅ​ឆ្នាំនេះ​ បន្ទាប់ពី​ទិន្នន័យ​សេដ្ឋកិច្ច​ពិភពលោក​ បាន​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ នៃ​កំណើន​នៅ​ជុំវិញ​ពិភពលោក​ ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច​ បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

ធនាគារ​កណ្តាល​អាមេរិក​ បាន​ទម្លាក់​អត្រា​ការប្រាក់​ចន្លោះ​ពី១​,៧៥​ ទៅ​ ២ ភាគរយ​នៅ​សប្តាហ៍​នេះ​។

លោក​Donald​ ​;Trump​ បាន​រិះគន់​ប្រធាន​ធនាគារ​កណ្តាល​អាមេរិក​ លោក​ Jay​ Powell​ សម្រាប់​ការ​មិន​បន្ទាប​អត្រា​ការប្រាក់​បន្ថែម​ទៀត​ដល់​សូន្យ​ភាគរយ​ ដើម្បី​ផ្តល់​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ ងាយ​ទទួល​បាន​មូលនិធិ​ក្នុង​ការ​វិនិយោគ​ នៅក្នុង​អាជីវកម្ម​របស់​ពួកគេ​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ “លោក​ Jay​ Powell​ និង​ធនាគារ​បាន​បរាជ័យ​ជាថ្មី​ម្តង​ទៀត​។ គ្មាន​” ភាព​វង្វេងស្មារតី​ គ្មាន​ចក្ខុវិស័យ​! អ្នក​ទំនាក់ទំនង​មិនល្អ​!”៕

ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​នឹង​ជំរុញ​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ក្នុង​ពេល​ខាងមុខនេះ​

0

ដោយ​​ រ៉ា​ណេត​

ភ្នំ​ពេញ៖​ ប្រទេស​រុស្ស៊ី​គ្រោង​ជំរុញ​ឲ្យ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ តភ្ជាប់​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ និង​សហការ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​ក្នុង​ប្រទេស​របស់​ខ្លួន​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​រុស្ស៊ី​ និង​ទេសចរ​មក​ពី​ប្រទេស​ទី៣​ ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​។

បច្ចុប្បន្ន​ កម្ពុជា​មិនទាន់​មានការ​ហោះហើរ​ត្រង់​ពីរ​ដ្ឋ​ធានី​មូស្គូ​ ឬទីក្រុង​ណាមួយ​នៅ​ចុងបូព៌ា​របស់​រុស្ស៊ី​មកកាន់​កម្ពុជា​នៅឡើយ​ទេ​។ ជាមួយគ្នា​នេះ​ ដោយ​ការ​មើលឃើញ​ពី​តម្រូវការ​ជាក់ស្ដែង​របស់​កម្ពុជា​ ដើម្បី​បង្កើន​កិច្ច​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ លោក​ ឌី​មី​ទ្រី​ ស្វឺ​តខូវ​ (Dmitry​ Tsvetkov​) ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ បាន​សន្យា​ថា​ នឹង​ជួយ​ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​រុស្ស៊ី​មកកាន់​កម្ពុជា​។

នៅក្នុង​ជំនួប​កិច្ចពិភាក្សា​ការងារ​នៅ​ទី​ស្ដី​ ការក្រ​សួង​ទេសចរណ៍​កាលពី​ព្រឹក​ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ស្នើ​ទៅកាន់​លោក​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពីទី​ក្រុង​ វ្ល៉ា​ឌី​វ៉ូ​ស្តុក​ (Vladivostok​) ឬពីទី​ក្រុង​ណាមួយ​របស់​រុស្សី​មកកាន់​កម្ពុជា​ ដែល​មាន​រយៈ​ចម្ងាយ​ខ្លី​ជាង​មក​ពី​មូស្គូ​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​រុស្ស៊ី​ឱ្យមក​កម្ពុជា​កាន់តែ​ច្រើន​។ ក្រៅពី​នេះ​ លោក​ក៏បាន​ស្នើសុំ​ឱ្យ​ភាគី​ខាង​ប្រទេស​រុស្ស៊ី​ ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ ទៅកាន់​ទីផ្សារ​ទេសចរណ៍​រុស្ស៊ី​ ព្រមទាំង​ស្នើ​ឱ្យ​ជួយ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រុស្ស៊ី​ផង​ដែរ​។

ក្នុង​ពេល​ជាមួយគ្នា​នោះ​ លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ក៏បាន​ស្នើ​ភាគី​រុស្ស៊ី​រៀបចំ​ឱ្យ​មានដំណើរ​ទស្សន​កិ​ច្ច​កសិ​ទេសចរណ៍​ (Farm​ Trip​) នៅ​ប្រទេស​កម្ពុជា​ សម្រាប់​ប្រតិភូ​ និង​អ្នកសារព័ត៌មាន​មក​ពី​រុស្ស៊ី​ឱ្យ​បាន២ដង​ក្នុង​មួយឆ្នាំ​ ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ និង​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​ទេសចរណ៍​រុស្ស៊ី​ឱ្យ​បាន​ច្រើនឡើង​។

ក្នុង​ក្របខណ្ឌ​សិក្សាធិការ​ លោក​ថោង​ ខុន​ បាន​ស្នើ​ឱ្យ​រុស្ស៊ី​ជួយ​កម្ពុជា​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​បន្ថែម​ ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​និយាយ​ភាសា​រុស្ស៊ី​ ដោយ​ភាគី​ខាង​រុស្ស៊ី​បាន​ឆ្លើយតប​មកវិញ​ថា​ នឹង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ក្នុង​ពេល​ឆាប់​ៗខាងមុខ​។

កាលពី​ឆ្នាំ២០១៨​ កម្ពុជា​ទទួល​បាន​ទេសចរណ៍​រុស្ស៊ី​ប្រមាណ​ជិត​ ៦៥​,០០០នាក់​ ហើយ​នៅ​រយៈពេល៧ខែ​ ដើមឆ្នាំ២០១៩នេះ​ ទេសចរ​រុស្ស៊ី​បាន​មក​ទស្សនា​កម្ពុជា​មាន​ប្រមាណ​ជាង៣៤​,០០០នាក់​។

ក្នុងចំណោម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន​ ប្រទេស​ថៃ​ វៀតណាម​ ឥណ្ឌូ​នេ​ស៊ី​ (ពិសេស​កោះ​បាលី​) ជា​ប្រទេស​ទទួល​បាន​ទេសចរ​រុស្ស៊ី​ច្រើនជាង​គេ​ ហើយ​កម្ពុជា​សង្ឃឹមថានឹង​ទទួល​បាន​ទេសចរ​រុស្ស៊ី​បន្ថែម​ទៀត​ តាមរយៈ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​មក​ខេត្តសៀមរាប​ និង​តំបន់ឆ្នេរ​ ក៏ដូចជា​រាជធានី​ភ្នំពេញ​៕

សឹង្ហ​បូរី​ក្លាយជា​ទីក្រុង​មួយ​ដែល​មានការ​បំពុល​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អគ្គិភ័យ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នៅតែ​បន្ត​គ្រប​ដណ្តប់​តំបន់​នេះ​ ក្នុង​អ័ព្ទ​ដែល​មាន​ជាតិពុល​ ហើយ​បាន​ធ្វើ​ឱ្យ​ប្រទេស​សឹង្ហ​បូរី​ ក្លាយជា​ទីក្រុង​មួយ​ដែល​មាន​ភាព​កខ្វក់​បំផុត​នៅក្នុង​ពិភពលោក​។

សន្ទស្សន៍​បំពុល​ (PSI​) ដែល​ជា​វិធី​វាស់​គុណភាព​ខ្យល់​ មានកម្រិត​ខ្ពស់​រហូតដល់​ ១២៨​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​សឹង្ហ​បូរី​។ សន្ទស្សន៍​បំពុល​ចន្លោះ​ពី១០១​ ដល់២០០​ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ការ​បំពុល​ខ្លាំង​ណាស់​។

ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​របស់​ប្រទេស​សឹង្ហ​បូរី​ (NEA​) បាន​និយាយ​ថា​ “តាមរយៈ​ការព្យាករណ៍​គុណភាព​ខ្យល់​សម្រាប់​ ២៤ម៉ោង​ បន្ទាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​អាច​ប៉ះពាល់​ដល់​សុខភាព​”។

ភ្នាក់ងារ​បរិស្ថាន​ជាតិ​របស់​ប្រទេស​សឹង្ហ​បូរី​បាន​បន្ថែម​ទៀត​ថា​ “មនុស្សចាស់​ ស្ត្រី​មានផ្ទៃពោះ​ និង​កុមារ​គួរតែ​កាត់បន្ថយ​ការ​ចេញ​មក​ក្រៅ​ ខណៈ​អ្នក​ដែល​មាន​ជំងឺសួត​ ឬជំងឺបេះដូង​រ៉ាំរ៉ៃ​ គួរតែ​ចៀសវាង​ការ​ចេញ​មក​ខាងក្រៅ​ដូចគ្នា​”។

សឹង្ហ​បូរី​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង១០​ នៅក្នុង​បញ្ជី​ទីក្រុង​ដែល​មានការ​បំពុល​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​សប្តាហ៍​នេះ​ ដែល​នៅក្នុងចំណោម​ទីក្រុង​ Dehli​ ប្រទេស​ឥណ្ឌា​ និង​ទីក្រុង​គុយវ៉ែត​ ប្រទេស​កូ​វ៉ែត​។

ភ្លើង​ឆេះ​ព្រៃ​របស់​ឥណ្ឌូណេស៊ី​តាម​រដូវ​ បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ប្រទេស​ម៉ាឡេស៊ី​ដែល​នៅ​ជិតខាង​ផង​ដែរ​។

ក្រសួង​អប់រំ​ម៉ាឡេស៊ី​បាន​ប្រកាស​ថា​ ខ្លួន​ត្រូវ​បាន​បង្ខំឲ្យ​បិទទ្វារ​សាលារៀន​ចំនួន​ ២,៥០០កន្លែងនៅ​ក្នុង​ប្រទេស​ ដោយសារ​ការ​បំពុល​បរិយាកាស​ពុល​ ពី​ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕

សម្តេច​តេជោ​នឹង​បំពេញ​ទស្សនកិច្ច​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេ​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ នឹង​បំពេញ​ទស្សនិ​ច្ច​នៅក្នុង​ប្រទេស​កូរ៉េ​ នៅ​ខែធ្នូ​ ចុងឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ចំនួន​ ២ផ្សេងគ្នា​។

សម្តេច​តេជោ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត​ Won​ Meok​ Lee​ សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ កន់​ យ៉ាង​ នៅ​ថ្ងៃទី​ ១៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ នៅពេល​ខាងមុខនេះ​ ពោល​គឺ​នៅក្នុង​អំឡុង​ខែវិច្ឆិកា​ សម្ដេច​តេជោ​នឹង​អញ្ជើញ​ទៅ​សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ២​ ដែល​ទី១គឺ​កិច្ចប្រជុំ​អាស៊ាន​-កូរ៉េ​ និង​ទី២​ កិច្ចប្រជុំ​កំពូល​មេគង្គ​-កូរ៉េ​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ទី​ក្រុង​ប៊ូ​សាន​នា​ពេល​ខាងមុខនេះ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​អរគុណ​ដល់​ប្រទេស​កូរ៉េ​ ដែល​កន្លងមក​ធ្លាប់​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​វិ​ស័យ​ផ្សេង​ៗ ជាពិសេស​ដល់​ផ្នែក​វិស័យ​សុខាភិបាល​ ក៏ដូចជា​វិស័យ​អប់រំ​។ មិន​តែប៉ុណ្ណោះ​ភាគី​កូរ៉េ​ បាន​ជួយ​ក្នុង​ការ​ផ្ដល់​នូវ​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដល់​ប្រជាជន​កម្ពុជា​ ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​មាន​បញ្ហា​ជំងឺ​ភ្នែក​នេះ​ ហើយ​ពួកគាត់​ពិតជា​ត្រូវការ​ចាំបាច់​នូវ​សេវា​ព្យាបាល​បញ្ហា​នៃ​ជំងឺ​ភ្នែក​ រួម​ទាំង​ជំងឺ​គថ្លង់​ផង​ដែរ​។

សម្តេច​តេជោ​បាន​មានប្រសាសន៍​ទៀត​ថា​ កន្លងមក​នេះ​ រាជរដ្ឋាភិបាល​យើង​ក៏​ទទួល​បាន​ភាព​ជោគជ័យ​ផង​ដែរ​ ទាក់ទង​ទៅ​នឹង​ការ​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​មួយចំនួន​ដូចជា​ ជំងឺ​គ្រុន​ស្វិតដៃជើង​ ជំងឺ​កញ្ជ្រិល​ និង​ជំងឺ​តេតាណូស​ជាដើម​។ ហើយ​បច្ចុប្បន្ន​នេះ​កម្ពុជា​ កំពុងតែ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺរបេង​ ជំងឺ​ជំងឺលើសឈាម​ និង​ជំងឺគ្រុនចាញ់​ជាដើម​។

សម្ដេច​តេជោ​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ធ្វើការ​វិនិយោគ​យ៉ាងច្រើន​ ទៅលើ​វិស័យ​សង្គមកិច្ច​ ជាពិសេស​ក្នុង​ការ​ផ្ដល់​នូវ​ថវិកាជាតិ​ទៅលើ​វិស័យ​អប់រំ​ វិស័យ​សុខាភិបាល​ ដើម្បី​ផ្ដល់​នូវ​ប្រយោជន៍​ ក៏ដូចជា​បម្រើ​នូវ​សេវា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

លោក​បណ្ឌិត​ Won​ Meok​ Lee​ បាន​ជម្រាប​ជូន​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​ថា​ លោក​បាន​ធ្លាប់​មកកាន់​ប្រទេស​កម្ពុជា​ ម្ដង​រួចមក​ហើយ​កាលពី១០ឆ្នាំមុន​ ហើយក៏​បាន​ជួប​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​កាល​ពេលនោះ​។ លោក​បណ្ឌិត​បាន​អរគុណ​ចំពោះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដែល​បាន​អនុញ្ញាត​ឲ្យ​រូបលោក​ និង​គណៈប្រតិភូ​ចូល​ជួប​សំដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​នា​ពេលនេះ​។

លោក​បណ្ឌិត​ក៏បាន​ជម្រាប​ជូន​សម្តេច​តេជោ​ថា​ កន្លងមក​លោក​បាន​ជួយ​ដល់​ការងារ​ផ្នែក​សុខាភិបាល​ច្រើន​ ជាពិសេស​ការ​យកចិត្ត​ទុកដាក់​ និង​ការ​ព្យាបាល​ជំងឺ​ភ្នែក​តាមរយៈ​មជ្ឈមណ្ឌល​ដែល​នៅ​មន្ទី​ពេទ្យ​ព្រះអង្គ​ឌួង​នោះ​ ហើយ​លោក​ប្ដេជ្ញា​ថា​ នឹង​ខិតខំ​ជួយ​ដល់​កម្ពុជា​ជាបន្តបន្ទាប់​ទៀតផង​ដែរ​។

តប​តាម​ការ​អញ្ជើញ​របស់​លោក​បណ្ឌិត​ សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ កន់​យ៉ាង​ សម្ដេច​តេជោ​បាន​ឲ្យ​រក​ពេលវេលា​ណា​សមស្រប​ ដើម្បី​សម្ដេច​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សាកល​វិទ្យាល័យ​ កន់​យ៉ាង​នៃ​ប្រទេស​កូរ៉េ​ផង​ដែរ​៕

កម្ពុជា​បញ្ជាក់​ថា​ បញ្ហា​ហុងកុង​-ស៊ីង​ជំាង​ស្ថិត​ក្រោម​យុត្តាធិការ​ផ្ទៃក្នុង​រយៈ​ចិន​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​បាន​ ចេញ​សេចក្ដីថ្លែង​ការណ៍​បញ្ជាក់​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ អង្គការសហប្រជាជាតិ​ថា​ បញ្ហា​ហុងកុង​ និង​ស៊ីង​ជាំ​ង គឺ​ស្ថិតនៅ​ក្រោម​ យុត្តាធិការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។

យោង​តាម​សេចក្ដីថ្លែង​ការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ស្ដីពី​ កិច្ចពិភាក្សា​ទូទៅ​ស្តី​ពី​សិទ្ធិមនុស្ស​ ដែល​ទទួលការ​ចាប់អារម្មណ៍​ពិសេស​ ពី​ក្រុមប្រឹក្សា​របៀបវារៈ​ទី៤​ នៃ​កិច្ចប្រជុំ​លើក​ទី៤២​ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នៅ​ហ្សឺណែវ​ ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩បានឱ្យ​ដឹង​ថា​ សិទ្ធិមនុស្ស​គួរ​ត្រូវ​បាន​វាយតម្លៃ​ជា​រួម​ ជាជាង​ការពិនិត្យ​តែ​លើ​ករណី​ដោយឡែក​ណាមួយ​។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា​ សិទ្ធិ​ទាំងអស់​គួរ​ទទួល​បានការ​យកចិត្ត​ទុកដាក់​ និង​សារ​សំ​ខាន់​ដូច​ៗគ្នា​។ ការ​លើកកម្ពស់​ និង​ការ​ការពារ​សិទ្ធិមនុស្ស​ គួរ​ត្រូវ​បាន​អនុវត្ត​ ដោយ​អនុលោម​តាម​គោលការណ៍​មិន​លម្អៀង​ អព្យា​ក្រឹត្យ​ភាព​ មិន​ច្បិច​យក​បញ្ហា​តែមួយ​ជ្រុង​ ព្រមទាំង​ប្រកាន់​ខ្ជាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ នូវ​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ជាពិសេស​មាត្រា២ ​(៧)។ សិទ្ធិមនុស្ស​មិន​គួរ​ត្រូវ​បាន​ គេ​យក​មក​ប្រើជា​ឧបករណ៍​នយោបាយ​ ដើម្បី​ជ្រៀតជ្រែក​ ចូល​យុត្តាធិការ​ផ្ទៃក្នុង​ របស់​រដ្ឋ​ដទៃផ្សេង​ទៀត​ឡើយ​។

សេចក្ដីថ្លែង​ការណ៍​ដដែល​នេះ​បន្ត​ថា​ អាស្រ័យហេតុ​នេះ​ហើយ​ នៅពេល​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ លើកយក​បញ្ហា​ហុងកុង​ និង​ស៊ីង​ជាំ​ងមក​ធ្វើការ​ពិភាក្សា​ កម្ពុជា​យល់ឃើញ​ថា​ បញ្ហា​ទាំងនេះ​ស្ថិតនៅ​ក្រោម​យុត្តាធិការ​ផ្ទៃក្នុង​ របស់​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​ ដែល​ត្រូវតែ​គោរព​ ហើយ​ការ​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​នេះ​ ត្រូវ​ហាមឃាត់​ជាដាច់ខាត​។ វិធានការ​ដែល​ដាក់ចេញ​ដោយ​ប្រទេស​ចិន​ និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ ដើម្បី​ថែរក្សា​សន្តិភាព​និង​សន្តិសុខជាតិ​ អនុលោម​តាមច្បាប់​ក្រុង​ និង​ច្បាប់អន្តរជាតិ​ ដែល​មានស្រាប់​គួរ​ទទួល​បានការ​ស្វាគមន៍​។

សេចក្ដីថ្លែង​ការណ៍​ដែល​ដឹង​បន្ថែម​ថា​ ចំពោះ​បញ្ហា​នៅ​ខេត្ត​ស៊ីង​ជាង​ យើងខ្ញុំ​សូម​អបអរសាទរ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​សមិទ្ធផល​នានា​ ដែល​សម្រេច​បាន​របស់​ប្រទេស​ចិន​ ក្នុង​ការអនុវត្ត​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ រាប់បញ្ចូល​ទាំង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សម្រាប់​ឱ្យ​សិក្ខាកាម​ រៀន​ជំនាញ​ចិញ្ចឹមជីវិត​ និង​រំដោះខ្លួន​ ឱ្យ​រួចផុត​ពី​ភាព​ជ្រុលនិយម​ខាង​សាសនា​។ ជា​លទ្ធផល​ក្នុងរយៈពេល​បី​ឆ្នាំ​ មិន​មាន​សេចក្តី​រាយការណ៍​ អំពី​ការ​កើតមានឡើង​ នូវ​ការវាយប្រហារ​ភេរវកម្ម​ណាមួយ​ទេ​ ហើយ​សុវត្ថិភាព​និង​សន្តិសុខ​នៅ​ខេត្ត​ស៊ីង​ជាំ​ង ក៏​ត្រូវ​បាន​ស្ដារ​ត្រឡប់មកវិញ​៕

ច្បាប់​ស្ដីពី​សំណង់​នឹង​ត្រូវ​ពិភាក្សា​នៅ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​នេះ​ហើយ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​បាន​ប្រកាស​ថា​ នឹង​រៀបចំ​សាលា​ស្ដីពី​ការ​ស្វែងយល់​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​ នៅ​ថ្ងៃទី២០ស្អែកនេះ​ បន្ទាប់ពី​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​អនុម័ត​រួចរាល់​ មុននឹង​ឈាន​ការ​បើក​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​អនុម័ត​ជា​ផ្លូវការ​។

យោង​តាម​ខ្លឹមសារ​នៃ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​ ដែល​ត្រូវ​បាន​តាក់តែង​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ២០១៧​ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​មានការ​ចូលរួម​ផ្ដល់​មតិយោបល់​ និង​ធាតុ​ចូល​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​។

សេចក្ដីព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​បញ្ជូន​មក​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩​ និង​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​បច្ចេកទេស​ ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់​ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​វប្បធម៌​ នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី២៣​ ទី២៤​ និង​ទី២៥​ ខែកក្កដា​ ឆ្នាំ២០១៩​ និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ថ្ងៃទី៦​ និង​ទី៧​ ខែសីហា​ ឆ្នាំ២០១៩​។

ក្រសួង​យុត្តិធម៌​បាន​ជួយ​ពិនិត្យ​កែសម្រួល​ លើ​បណ្ដា​មាត្រា​មួយចំនួន​ ក្នុង​ជំពូក​ពាក់ព័ន្ធ​នឹង​នីតិវិធី​ និង​ទោ​សប្ប​ញ្ញ​ត្តិ​ ដើម្បី​ធានា​ឱ្យ​មាន​សង្គតិភាព​ជាមួយ​ច្បាប់​ជាធរមាន​ដទៃទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សេចក្ដីព្រាង​ច្បាប់​នេះ​ ក៏​ត្រូវ​បាន​ដាក់​ឆ្លង​ការពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​កាលពី​ថ្ងៃទី១៣ខែសីហា​ ឆ្នាំ២០១៩​ ផង​ដែរ​។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​ មាន​គោលបំណង​ និង​សារប្រយោជន៍​ដូចជា​ ទី១ពង្រឹង​ការគ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ការប្រតិបត្តិ​ការងារ​ទាំងឡាយ​ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​ និង​សាធារណជន​។ ទី២ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខមាលភាព​សាធារណៈ​។

ទី៣​ បង្កើន​គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​។ និង​ទី៤​ បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់​ ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម​៕

សម្ដេច​តេជោ​៖ ប្រទេស​ជាច្រើន​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់១​ និង​ផ្លូវ១​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ ផ្លូវ​សូត្រស​តវត្សរ៍​ទី២១​ បាន​ផ្ដល់​ឱ្យ​ប្រទេស​ជាច្រើន​ដែល​មានការ​យកចិត្ត​ទុកដាក់​ ជាមួយនឹង​គម្រោង​សហប្រតិបត្តិ​ការ​ និង​គម្រោង​នេះ​ទទួល​បាន​នូវ​ផលប្រយោជន៍​ដូចជា​កម្ពុជា​ និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​។

​ខ្សែក្រវាត់១​ និង​ផ្លូវ១​

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​លើកឡើង​ដូច្នេះ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយនឹង​សារព័ត៌​មាន​ល្បី​ៗចំនួន​បី​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ ​ចិន​ រួមមាន​ ទូរទស្សន៍​ CCTV​ ទីភ្នាក់ងារ​សារព័ត៌មាន​ Xinhua​ និង​វិទ្យុផ្សាយសំឡេង​អន្តរជាតិ​កម្ពុជា​-ចិន​ដើម្បី​អបអរសាទរ​ខួប​ទី៧០ឆ្នាំ​ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កាលពី​ពេល​ថ្មី​ៗកន្លងមក​នេះ​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​លើកឡើង​ថា​ គំនិត​ផ្ដួចផ្ដើម​របស់​ឯក​ឧត្ដម​ប្រធានា​ធិ​តី​ហ្សី​ ជិន​ពីង​ លើ​បញ្ហា​ពាក់ព័ន្ធ​ជាមួយនឹង​ខ្សែក្រវាត់​ និង​ផ្លូវ​ (BRI​) ក៏ដូចជា​ផ្លូវ​សូត្រស​តវត្សរ៍​ទី២១​ បាន​ផ្ដល់​ឱ្យ​ប្រទេស​ជាច្រើន​ ដែល​មានការ​យកចិត្ត​ទុកដាក់​ជាមួយនឹង​គម្រោង​សហប្រតិបត្តិ​ការ​ និង​គម្រោង​នេះ​ ទទួល​បាន​នូវ​ផលប្រយោជន៍​ ដូចជា​កម្ពុជា​ និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​ ហើយ​គម្រោង​នេះ​ សម្ដេច​បាន​ចូលរួម​ប្រជុំ​ពីរ​ដង​ កាលពី​ឆ្នាំ២០១៧​ និង​ក្នុង​ខែមេសា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​។

សម្ដេច​តេជោ​មានប្រសាសន៍​ថា​ “ខ្ញុំ​ឃើញថា​មាន​ប្រទេស​កាន់តែ​ច្រើន​បាន​ចូលរួម​ ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម​ទាក់ទិន​នឹង​ ខ្សែក្រវាត់១​ និង​ផ្លូ១​ ហើយ​កម្ពុជា​ក៏​ជា​អ្នកទទួល​ផល​នៃ​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ចិន​”។

សម្ដេច​តេជោ​បាន​បន្ថែម​ទៀត​ថា​ “សរុប​មក​អាច​និយាយ​បាន​ថា​ ចិន​បាន​ឆ្លងផុត​ដំណាក់កាល​ពី​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ មកកាន់​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​ខ្ពស់​រួចស្រេច​ទៅ​ហើយ​”។ សម្តេច​បន្ត​ថា​ “នេះ​គឺជា​ការដែល​កម្ពុជា​ និង​ខ្លួនខ្ញុំ​ក្នុងឋានៈជា​មិត្តភក្ដិ​មួយ​របស់​ចិន​ ក៏​សូមជូនពរ​ដល់​ប្រជាជន​ចិន​ បក្ស​កុម្មុយនីស្ត​ ក៏ដូចជា​រដ្ឋាភិបាល​ និង​ប្រជាជន​ចិន​ ទទួល​បាន​នូវ​សមិទ្ធផល​កាន់តែ​ធំធេង​ថែមទៀត​សម្រាប់​ជា​ឆ្នាំ​បន្ត​ ដើម្បី​ជួយ​ដល់​ប្រជាជន​ចិន​រីក​លូតលាស់​ខ្លួនឯង​ផង​ និង​ជួយ​ទៅដល់​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​ និង​ពិភពលោក​ផង​ដែរ​”។

បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ រួមមាន​ ព្រុយ​ណេ​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សឹង្ហ​បូរី​ ថៃ​ និង​វៀតណាម​។

គំនិត​ផ្តួចផ្តើម​ស្តី​ពី​ ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១​ ត្រូវ​បាន​ប្រទេស​ចិន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ឆ្នាំ២០១៣​ ហើយ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​គោលជំហរ​ គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ភ្លាម​។ ចាប់តាំងពី​ពេលនោះ​មក​ ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MOU​) ស្តី​ពី​ការរៀបចំ​ចំណុច​គោល​ នៃ​ផែនការ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ដើម្បី​រួមគ្នា​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ផ្លូវ​សូត្រស​មុទ្រ​សតវត្ស​ទី២១​ នៅក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ នៅ​កម្ពុជា​របស់​លោក​ XI​ Jinping​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ឈាន​ចុះហត្ថលេខា​លើ​ផែនការ​ ដោយ​ផ្តោត​លើ​គម្រោង​នៃ​វិស័យ​អាទិភាព​ចំនួន៧​ គឺ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​ ដោយ​រួមបញ្ចូល​ទាំង​វិស័យ​ដឹកជញ្ជូន​ ទូរគមនាគមន៍​ បណ្តាញ​និង​បច្ចេកវិទ្យា​អវកាស​ និង​ថាមពល​ វិស័យ​កសិកម្ម​ ការ​កសាង​សមត្ថភាព​ ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ វប្បធម៌​និង​ទេ​សរ​ចណ៍​ ហិរញ្ញវត្ថុ​ និង​ការពារ​អេកូ​បរិស្ថាន​។

​ខ្សែក្រវាត់១​ និង​ផ្លូវ១​

គម្រោង​ទាំងនេះ​ អាច​ស្នើ​ឡើង​ភាគី​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​ផង​ និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​។

ក្រោយពេល​ផ្តល់​ការ​អនុម័ត​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​រួច​ គម្រោង​អាទិភាព​ទាំងនេះ​ នឹង​ទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​ ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងឡាយ​ របស់​រដ្ឋាភិបាល​ចិន​ រួម​ទាំង​វិស័យ​ឯកជន​របស់​ចិន​ផង​ដែរ​។ គិត​មក​ត្រឹម​ពេលនេះ​ គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ធំៗ​ចំនួន២​ គឺ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ និង​គម្រោង​សាង​សង់​ព្រលា​ន្ត​យន្តហោះ​សៀមរាប​ថ្មី​បាន​ចាប់ផ្តើម​ដំណើរការ​៕

ក្រសួងទេសចរណ៍​ជំរុញ​ឲ្យ​មន្ទីរ​ទាំងអស់​រៀបចំ​វត្ត​ទេសចរណ៍​គំរូ​ និង​វិថី​ម្ហូបអាហារ​នា​ឱកាស​បុណ្យភ្ជុំបិណ្ឌ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងទេសចរណ៍​បាន​បង្គាប់​ឱ្យ​មន្ត្រី​ថ្នាក់​ខេត្ត​ទូទាំង​ប្រទេស​ រៀបចំ​ឱ្យ​នៅ​តាម​វត្តអារាម​នានា​ឱ្យ​មាន​សោភ័ណភាព​ ពង្រឹងគុណភាព​សេវាកម្ម​ អនាម័យ​ បរិស្ថាន​ បដិសណ្ឋារ​កិច្ច​ ដើម្បី​បង្ហាញ​ និង​ទាក់ទាញ​ចំ​ណា​បើ់​អារម្មណ៍​ពី​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ទេសចរណ៍​រយៈពេល៩ខែ​ ដើមឆ្នាំ២០១៩​ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី៤​ ឆ្នាំ២០១៩​ នៅ​ទី​ស្តី​ការក្រ​សួង​ទេសចរណ៍​ ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ ថោង​ ខុន​ បាន​ណែនាំ​ឱ្យ​ប្រធានមន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-ខេត្ត​ ត្រូវ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ហ្មត់ចត់​ នៅ​តាម​គោលដៅ​ទេសចរណ៍​នី​មួយ​ៗក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ផង​ដែរ​។

ក្រៅពី​ការណែនាំ​ និង​បង្គាប់​សម្រាប់​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងលើ​នេះ​ លោក​ ថោង​ ខុន​ ក៏បាន​ដាក់ចេញ​ការងារ​សំ​ខាន់​ៗមួយចំនួន​ ដែល​ក្រសួងទេសចរណ៍​ និង​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-ខេត្ត​ ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​ឲ្យ​មានប្រសិទ្ធភាព​ ក្នុង​នោះ​រួមមាន​ ទី១​ ការរៀបចំ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ នៅ​ខេត្តសៀមរាប​ ខេត្តមណ្ឌលគិរី​ទៅជា​តំបន់​ទេសចរណ៍​ សមា​ហរ​ណពិសេស​ និង​ខេត្ត​កែប​ ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ​។ ទី២​ ការរៀបចំ​កែសម្រួល​សេចក្តី​សម្រេច​ស្តី​ពី​ ការបង្កើត​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ទៅជា​អនុក្រឹត្យ​ស្តី​ពី​ ការបង្កើត​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍​។

ទី៣​ ការរៀបចំ​លក្ខន្តិកៈ​ និង​បទបញ្ជា​ផ្ទៃ​ក្ន​ងរ​បស់​ក្រុមប្រឹក្សា​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។ ទី៣​ វិធានការ​ទប់ស្កាត់​រាល់​សកម្មភាព​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​ទាប​ (Low​ Cost​) ថ្លៃ​សូន្យ​ (Zero​ Package​ Tour​) ឬក្រោម​សូន​ (Minus​ Tour​) និង​ការទប់ស្កាត់​ និង​លុបបំបាត់​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​។ ទី៤​ ការ​ដាក់ចេញ​នូវ​ផែនការ​បញ្ជ្រាប​ការយល់​ដឹង​ជា​សាធារណៈ​អំពី​ទេសចរណ៍​ ឆ្នាំ២០២០​-២០២៣​។

ទី៥​ ការ​អភិវឌ្ឍ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ ដូចជា​ រមណីយដ្ឋាន​ទេសចរណ៍​ សហគមន៍​ទេសចរណ៍​ វត្ត​ទេសចរណ៍​ជាដើម​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ (បុគ្គលិក​ម្នាក់​ ជំនាញ​មួយ​) ការ​ពង្រឹងគុណភាព​ផលិតផល​ និង​សេវាកម្ម​ទេសចរណ៍​ (សេវា​មួយ​ ស្តង់​ដា​មួយ​)។ ទី៦ការអនុវត្ត​ស្តង់ដារ​សេវាកម្ម​វិថី​លក់​ម្ហូបអាហារ​ (Food​ Street​) និង​ប្រព័ន្ធ​ចំណាត់ថ្នាក់​សេវាកម្ម​តូប​លក់​ម្ហូបអាហារ​ (Street​ Food​)ជាដើម​។

​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ប្រធានមន្ទីរ​ទេសចរណ៍​រាជធានី​-ខេត្ត​ ត្រូវ​ខិតខំ​អនុវត្ត​ឲ្យ​មានប្រសិទ្ធភាព​នូវ​សារាចរណែនាំ​ស្តី​ពី​ ការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ ចាប់ពី​ថ្ងៃទី២៧​-២៨​-២៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ ពិសេស​ត្រូវ​ខិតខំ​សហការ​ជាមួយ​ក្រសួងធម្មការ​ និងសាសនា​ អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​រៀបចំ​វត្ត​ទេសចរណ៍​គំរូ​ និង​វិថី​ម្ហូបអាហារ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ លោក​កែន​ សត្ថា​បាន​មានប្រសាសន៍​ថា​ វិស័យ​ទេសចរណ៍​ គឺជា​វិស័យ​ស្នូល​របស់​ខេត្ត​កែប​ ហេតុនេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​ ទាមទារ​ឱ្យ​មានការ​កែ​លម្អ​បន្ថែម​ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​បំរើ​សេវា​ទេ​ចរណ៍​ ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ភ្ញៀវ​។ លោក​បាន​បន្ត​ទៀត​ថា​ ការ​កែ​លម្អ​សោភ័ណ្ឌភាព​អនាម័យ​បរិស្ថាន​ ធ្វើ​ឱ្យ​ខេត្ត​កែប​ទាំងមូល​មាន​ភាព​បៃតង​ ខ្យល់អាកាស​បរិសុទ្ធ​ និង​គ្មាន​ការ​បំពុលបរិស្ថាន​ គឺជា​អាទិភាព​ដែល​ត្រូវតែ​ធ្វើ​។

លោក​បន្ត​ថា​ “ក្នុងរយៈពេល​បី​ថ្ងៃ​ នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​មន្ទីរ​អង្គភាព​ទាំងអស់​ត្រូវ​ធ្វើ​វេន​យាម​ប្រចាំការ​ទទួលខុសត្រូវ​ ចាំ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ជាយថាហេតុ​ ក្រៅពី​នេះ​មន្ទីរ​ មន្ទីរ​សុខាភិបាល​ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ ត្រូវ​អប់រំ​ណែនាំ​ ដល់​គ្រប់​ផ្ទះសំណាក់​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ អាហារដ្ឋាន​ និង​ប្រតិបត្តិ​ករ​ទេ​ចរណ៍​ទាំងអស់​ លើ​ផ្នែក​អនាម័យ​ ម្ហូបអាហារ​ កុំ​តម្លើង​តម្លៃ​ហួសហេតុ​ និង​ការ​គ្រប់​មាត្រ​សាស្ត្រ​ជាដើម​ឱ្យ​បាន​ត្រឹមត្រូវ​”៕

ការសិក្សា​! អគារ​ធ្វើការ​រួម​នឹង​កើនឡើង​ ៥០ភាគរយ​នៅក្នុង​ទីក្រុង​បាងកក​

0

ដោយ ​វុត្ថា​

បាង​កកៈ​ ក្រុមហ៊ុន​ទីប្រឹក្សា​ផ្នែក​អចលនៈ​ទ្រព្យ​ Colliers​ International​ Thailand​ បាន​ព្យាករណ៍​ថា​ អគារ​ធ្វើការ​រួមគ្នា​នៅក្នុង​ទីក្រុង​បាងកក​ នឹង​កើនឡើង៥០ភាគរយ​ក្នុង​ ​រយៈពេល២ឆ្នាំខាងមុខ​ ខណៈ​ក្រុមហ៊ុន​បរទេស​ជាច្រើន​ ចាប់ផ្តើម​ផ្លាស់ទៅ​ប្រទេស​ថៃ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ ចិន​កំពុងតែ​កើនឡើង​។

លោក​ Phattarachai​ Taweewong​ នាយករង​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​ Colliers​ International​ Thailand​ បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ផ្គត់ផ្គង់​នូវ​អគារ​ធ្វើការ​រួមគ្នា​ នៅក្នុង​ទីក្រុង​បាងកក​នេះ​ដោយសារ​ មានការ​កើនឡើង​នៃ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​អន្តរជាតិ​។

លោក​ថា​ “ទោះបីជា​មាន​វិបត្តិសេដ្ឋកិច្ច​ក៏ដោយ​ ក៏​អ្នក​អភិវឌ្ឍន៍​អគារ​ធ្វើការ​រួម​នៅតែ​បន្ត​ពង្រីក​គម្រោង​វិនិយោគ​របស់​ពួកគេ​នៅ​ទីក្រុង​បាងកក​ ព្រោះ​ប្រទេស​ថៃ​គឺជា​មូលដ្ឋាន​ផលិតកម្ម​ថ្មី​ សម្រាប់​អាជីវកម្ម​ដែល​ផ្លាស់​ប្តូរ​ទីតាំង​ ក្នុង​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​”។

យោង​តាម​របាយការណ៍​របស់ទ្រព្យ​ Colliers​ International​ Thailand​ បាន​បង្ហាញ​ដែរ​ថា​ ក្រុមហ៊ុន​បរទេស​ជាច្រើន​ មាន​គម្រោង​ផ្លាស់​ប្តូរ​ទៅ​ប្រទេស​ថៃ​ និង​បា​នឹង​កំពុង​ស្វែងរក​អគារ​ការិយាល័យ​ ដើម្បី​ជួល​ក្នុង​ការ​ដំណើរការ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​របស់​ពួកគេ​។

ក្រុមហ៊ុន​ទាំងនេះ​ ទំនងជា​នឹង​ជ្រើសរើស​យក​កន្លែង​ធ្វើការ​រួមគ្នា​ជំនួស​វិញ​ ព្រោះថា​ការិយាល័យ​ការិយាល័យ​នៅ​ទីក្រុង​បាងកក​ ​មានការ​ផ្គត់ផ្គង់​មានកំណត់​ជាពិសេស​កន្លែង​រលំ​ដាប់​ A នៅក្នុង​ទីតាំង​ដែល​មាន​អាជីវកម្ម​កណ្តាល​ (CBD​) នៅក្នុង​ប្រទេស​ថៃ​។

លោក ​Phattarachai​ បន្ថែម​ថា​អត្រា​ការិយាល័យ​ ដែល​នៅទំនេរ​នៅក្នុង​ទីក្រុង​បាងកក​គឺ​ទាប​ជាង១០ភាគរយ​ ក្នុងរយៈពេល៦ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​ជា​កម្រិតទាប​បំផុត​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

យោង​តាម​ការស្រាវជ្រាវ​ទីផ្សារ​របស់​ក្រុមហ៊ុន​ Colliers​ បាន​ព្យាករណ៍​ថា​ នឹង​មានការ​ផ្គត់ផ្គង់​អគារ​ធ្វើការ​រួម​ថ្មី​យ៉ាងតិច៥ម៉ឺន​ម៉ែត្រការ៉េ​ នៅក្នុង​ទីផ្សារ​ការិយាល័យ​នៅក្នុង​ទីក្រុង​បាងកក​នៅ​ឆ្នាំ​ ២០២១​ ខាងមុខនេះ​។

ក្នុងចំណោម​ការ​ផ្គត់ផ្គង់​ថ្មី៧៨ភាគរយ​ នឹង​បាន​មក​ពី​ក្រុម​ហ៊ុន​ធំៗ​រួមមាន​ក្រុមហ៊ុន​ WeWork​ មក​ពី​សហរដ្ឋអាមេរិក​ដែល​មាន​ទំហំ២០​,០០០​ ម៉ែ​តការ៉េ​នៅ​ទីតាំង​ចំនួន៥​ រួមមាន​ អគារ​ Spring​ Tower​ និង​អគារ​ Siripinyo​ នៅ​តំបន់​ Ratchathewi​ អគារ​ Suthi​ នៅ​លើ​ផ្លូវ​ Petchaburi​ ​អគារ​ The​ Parq​ នៅ​តាម​បណ្តោយ​ Rama​ IV​ និង​អគារ​Vanissa​ នៅ​លើ​ផ្លូវ​ Chidlom​ ៕

អគារ​ពន្ធដារ​ថ្មី​តម្លៃ​ ៦០លាន​ដុល្លារ​ ចាប់ផ្តើម​បុក​គ្រឹះ​សាងសង់​នៅ​ថ្ងៃនេះ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អគារ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ថ្មី​តតម្លៃ​ប្រមាណ​ ៦០លាន​ដុល្លារ​អាមេរិក​ មាន​កម្ពស់​រហូតដល់​ ៣៦ជាន់​ បាន​ចាប់ផ្តើម​បុក​គ្រឹះ​សាងសង់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ OCIC​ ជ្រោយ​ចង្វា​រ ។

អគារ​នេះ​គឺ​ការ​វិនិយោគ​ដោយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ផ្ទាល់​ដែល​ក្នុង​នោះ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ទិញ​ដី​ក្នុង​តំបន់​នេះ​រួចមក​ហើយ​សម្រាប់​គម្រោង​មួយ​នេះ​ ដែល​សាងសង់​ដោយក្រុម​ហ៊ុន​ Shanghai​ Construction​ Group​ ដែល​ជា​ក្រុមហ៊ុន​ចិន​ ។

បច្ចុប្បន្ន​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​មាន​អាសយដ្ឋាន​ស្ថិតនៅ​លើ​ដី​ឡូ​តិ៍​លេខ៥២២​-៥២៤​ កែង​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហាវិថី​ម៉ៅសេទុង​ សង្កាត់​ទឹកល្អក់១​ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​ គឺ​គៀក​នឹង​ស្ពាន​អា​កា​សស្ដុ​បតិ​ចណូ​ ក្រោយ​ស្ពាន​អាកាស​នេះ​ត្រូវ​បាន​សាងសង់​ និង​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ចុងឆ្នាំ២០១៥កន្លងទៅ​៕