គណៈរដ្ឋ​មន្ត្រី​ចាប់ផ្តើម​ពិភាក្សា​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ដ៏​ច្រើន​ពី​ប្រទេស​ឡាវ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ គណៈរដ្ឋ​មន្ត្រី​បាន​ផ្តើម​ពិភាក្សា​គម្រោង​ទិញ​ប្រភព​អគ្គិសនី​ផ្ទាល់​ពី​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យុង​ថ្ម​ចំនួន​ ២ របស់​ប្រទេស​ឡាវ​ ដែល​មាន​អានុភាព​សរុប​ ២៤០០​ មេ​ហ្កា​វ៉ា​ត ឋិតនៅ​តំបន់​រ៉ែ​ធ្យុង​ថ្ម​នៃ​ខេត្ត​សេកុង​ ប្រទេស​ឡាវ​ ក្រោម​អធិ​តី​ភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

យោង​តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​ នៅ​ថ្ងៃទី​ ១១​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ការទិញ​អគ្គិសនី​បន្ថែម​នេះ​ គឺ​ដើម្បី​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ឲ្យបាន​គ្រប់គ្រាន់​នៅក្នុង​ប្រទេស​កម្ពុជា​។

ប្រភព​ដដែល​បន្ត​ថា​ ស្ថេរ​ភាព​នយោបាយ​ និង​សន្តិភាព​នៅ​កម្ពុជា​ បាន​នាំមក​នូវ​ការ​វិនិយោគ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ច្រើន​លើ​គ្រប់​វិស័យ​ជា​បន្ទាប់​ រួច​ស្ថានភាព​កាន់តែ​ល្អ​នៅ​ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ​ ២០១៨​ បាន​ធ្វើឲ្យស​កម្ម​ភាព​វិនិយោគ​នេះ​កើន​លើ​ពេល​មុន​ៗ ជះឥទ្ធិពល​ឲ្យ​សេចក្តី​ត្រូវការ​ប្រើ​បា្រស់​អគ្គិសនី​កើនឡើង​ច្រើនលើស​ពី​ការ​គ្រោងទុក​ ។

គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី​ទាំង​ ២ ដែល​មាន​អានុភាព​ ២៤០០​ មេ​ហ្កា​វ៉ាត់​ ក្នុងទឹក​ដី​ប្រទេស​ឡាវ​ គឺជា​គម្រោង​ប្រើ​បា្រស់​រ៉ែ​ធ្យូងថ្ម​នៅនឹង​កន្លែង​ ហើយ​ត្រូវ​ផ្គត់ផ្គង់​អគ្គិសនី​ផ្តាច់​មុខ​ទាំងអស់​មក​ប្រទេស​កម្ពុជា​ ដោយ​ភ្ជាប់​ផ្ទាល់​មក​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុជា​ ដូច​គម្រោង​ប្រភព​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​ មិន​ឆ្លងកាត់​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ឡាវ​ឡើយ​ ។

ទំហំ​វិនិយោគ​របស់​គម្រោង​ទាំង​ ២ សរុប​ចំនួន​ ៤៩៧០​ លាន​ដុល្លារ​អាមេរិក​ ដែល​គិត​ទាំង​ហេ​ដ្ឋា​រចនា​សម្ព័ន​អណ្តូង​រ៉ែ​ធ្យុង​ថ្ម​ រោងចក្រ​ផលិត​អគ្គិសនី​ អនុ​ស្ថានីយ​ និង​ខែ្ស​បណ្តាញ​បញ្ជូន​អគ្គិសនី​មកដល់​ព្រំដែន​កម្ពុជា​-ឡាវ​ ៕

ការសិក្សា​៖ អាមេរិក​មិន​អាច​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន​បានទេ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​មាន​កំ​ដៅ​យ៉ាង​ខ្លាំង​នៅ​ខែ​នេះ​ អ្នកវិភាគ​សេដ្ឋកិច្ច​ និង​ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ​នៅ​ជុំវិញ​ពិភពលោក​បាន​ថ្លែង​ថា​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ មិន​អាច​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​ចិន​បានទេ​។

ការសិក្សា​មួយ​ដោយសា​លា​ធុរកិច្ច​អន្តរជាតិ​អឺរ៉ុប​ ចិន​ [China​ Europe​ International​ Business​ School​ (CEIBS​)] ដែល​បាន​បង្កើត​ឡើង​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ចិន​ និង​សហគមន៍​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សប្តាហ៍​នេះ​ថា​ សេដ្ឋកិច្ច​អាមេរិក​ មិន​អាច​កាត់​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​បានទេ​ ខណៈ​លោក​ Trump​ បាន​ប្រកាស​កាលពី​ខែមុន​ តាមរយៈ​បណ្តាញ​សង្គម​ Twitter​ ថា​ “យើង​មិន​ត្រូវការ​ប្រទេស​ចិន​ទេ​ ហើយ​និយាយ​ដោយ​ត្រង់​ទៅ​នឹង​មាន​ភាព​ប្រសើរ​ជាង​ បើ​គ្មាន​ពួកគេ​(ចិន​)”។

សេដ្ឋវិទូ​នៅក្នុង​របាយការណ៍​នៃ​ការសិក្សា​ បាន​សរសេរ​ថា​ “មានតែ​ប្រទេស​ចិន​ទេ​ដែល​មាន​សមត្ថភាព​បំពេញ​សេចក្តី​ត្រូវការ​ និង​តម្រូវការ​ដ៏​ច្រើន​របស់​អាមេរិក​”។

របាយការណ៍​របស់​ CEIBS​ បាន​បន្ថែម​ថា​ “សូម្បីតែ​នៅក្នុង​សេ​ណា​រី​យ៉ូ​ដ៏​ប្រសើរ​មួយ​ក៏ដោយ​ ពិភពលោក​នៅតែ​មិន​មាន​សមត្ថភាព​ផលិត​ដូច​ចិន​ទេ​ ដូច្នេះ​នៅទីបំផុត​អាមេរិក​ នឹង​គ្មាន​ជំរើស​អ្វី​ក្រៅពី​ការ​បន្ត​ការទិញ​ពី​ប្រទេស​ចិន​”។

ការសិក្សា​នេះ​ បាន​បន្ត​រៀបរាប់​លម្អិត​អំពី​ភាព​ស៊ីជម្រៅ​ នៃ​ការពឹងផ្អែក​របស់​សេដ្ឋកិច្ច​អាមេរិក​ទៅលើ​ទំនិញ​ចិន​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នកប្រើ​ប្រាស់​ខ្លួន​។

ផលិតផល​នាំចូល​ធំជាង​គេ​ពី​ចិន​ទៅ​អាមេរិក​គឺ​ទូរស័ព្ទចល័ត​។ វិស័យ​នេះ​មាន​ទំហំ​ធំធេង​ណាស់​ដែល​មាន​ប្រហែល១៣ភាគរយ​ នៃ​ការនាំចូល​សរុបទៅ​អាមេរិក​ពី​ចិន​ ហើយ​រកចំណូល​ បាន​ប្រហែល៧០ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការសិក្សា​។

ប្រសិនបើ​អាមេរិក​ត្រូវ​កាត់​ផ្តាច់​ពាណិជ្ជកម្ម​ជាមួយ​ចិន​ តាម​ការ​ចង់បាន​របស់​លោក​ Trump​ តើ​ប្រទេស​ណាមួយ​នឹង​យក​កន្លែង​ចិន​ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​អាមេរិក​? នេះ​ជា​សំនូរ​ដែល​សេដ្ឋវិទូ​នៅក្នុង​ការសិក្សា​នេះ​បាន​លើកឡើង​។

សេដ្ឋវិទូ​បាន​បញ្ជាក់​ថា​ ទោះបី​ប្រទេស​វៀតណាម​ ដែល​ជា​ក្រុមហ៊ុននាំចេញ​ស្មា​តហ្វូ​នធំជាង​គេ​មួយ​ ហើយ​អាមេរិក​បាន​បញ្ចូល​គ្នា​នូវ​ផលិតផល​របស់​ខ្លួន​ ហើយ​លក់​ទៅ​ទីផ្សារ​អាមេរិក​ក៏ដោយ​ ក៏​វា​នៅតែ​មិន​អាច​ឆើ្ល​យត​បការ​ផលិត​ស្មា​តហ្វូ​នមក​ពី​ចិន​ ក្នុង​ការ​ផ្គត់ផ្គង់​ដល់​អាមេរិក​បាន​ដែរ​។

ការសិក្សា​នេះ​បាន​និយាយ​ថា​ “ប្រទេស​ដែល​មានការ​ចាប់អារម្មណ៍​ច្រើន​ ក្នុង​ការ​ជំនួស​ប្រទេស​ចិន​-វៀតណាម​បាន​នាំចេញ​ប្រហែល៣០ពាន់​លាន​ដុល្លារ​ ខណៈ​អាមេរិក​បាន​នាំចេញ​នូវ​ផលិតផល​ដូចគ្នា​ប្រមាណ៣២ពាន់​លាន​ដុល្លារ​”។

ការសិក្សា​បាន​បញ្ចប់​ថា​ “វា​បង្ហាញថា​ ទោះបី​វៀតណាម​បង្វែរ​ការនាំចេញ​ទូរស័ព្ទចល័ត​ទាំងអស់​របស់​ខ្លួន​ទៅ​អាមេរិក​ ហើយ​អាមេរិក​ដក​ការនាំចេញ​ទាំងអស់​របស់​ខ្លួន​ដើម្បី​បម្រើ​ទីផ្សារ​អាមេរិក​ក្នុង​ស្រុក​ក៏ដោយ​ ក៏​វា​នៅតែ​មិន​អាច​ជំនួស​សមត្ថភាព​ផលិត​របស់​ចិន​ទាំងស្រុង​បាន​ដែរ​”។

អ្នកជំនាញ​វិនិយោគ​ហិរញ្ញវត្ថុ​ ក៏បាន​ធ្វើការ​សន្និដ្ឋាន​ស្រដៀងគ្នា​នេះ​ដែរ​។

នៅពេល​ដែល​ប្រធាន​ក្រុមហ៊ុន ​Independent​ Strategy​ និង​ក្រុម​អ្នក​ពិគ្រោះ​យោបល់​អន្តរជាតិ​ត្រូវ​បាន​សម្ភាសន៍​ នៅ​ទូរទស្សន៍​អាមេរិក​កាលពី​ថ្ងៃ​ អង្គារ​ ហើយ​បាន​សួរ​ថា​ តើ​អ្នកណា​ដែល​គិតថា​ នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ ចម្លើយ​របស់​គាត់​គឺ​ខ្លី​ និង​ខ្លឹម​។

លោក ​David​ Roch​ ប្រធាន​ក្រុមហ៊ុន​ Independent​ Strategy​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​នៅ​លើ​ទូរទស្សន៍​អាមេរិក​ថា​ “ប្រទេស​ចិន​នឹង​ឈ្នះ​”។

លោក​បាន​បន្ថែម​ថា​ “ចិន​នឹង​មិន​ទុកចិត្ត​អាមេរិក​ម្តង​ទៀត​ទេ​ ហើយ​ប្រទេស​នេះ​នឹង​ទទួល​បាន​ឯករាជ្យ​បច្ចេកវិទ្យា​របស់​ខ្លួន​ក្នុងរយៈពេល៧ឆ្នាំ​”។

ជនជាតិ​ចិន​កំពុង​អភិវឌ្ឍ​យ៉ាង​លឿន​ នូវ​ឧស្សាហកម្ម​បន្ទះ​ឈី​បកុំព្យួទ័​ររបស់​ពួកគេ​ដើម្បី​ទទួល​បាន​សមាសធាតុ​ ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សំខាន់​ ដែល​ពឹងផ្អែក​លើ​អ្នកផ្គត់ផ្គង់​អាមេរិក​។

លើស​ពីនេះ​ទៀត​ ចិន​បាន​កំណត់​ផលិតកម្ម​នៅ​ឆ្នាំ២០២៥​ ដែល​បាន​កំណត់​គោលដៅ​ នៃ​ការ​ធ្វើ​ឱ្យ​អេឡិចត្រូនិក​ពាក់កណ្តាល​ សម្រេច​របស់​ខ្លួន​ឱ្យ​បាន៧០ភាគរយ​នៅ​ឆ្នាំ​ ២០២៥​។

ការសិក្សា​របស់​ CEIBS​ បានឱ្យ​ដឹង​ថា​ ចិន​អាច​ផ្លាស់​ប្តូរ​ទំនាក់ទំនង​ពាណិជ្ជកម្ម​តាម​បែប​ប្រពៃណី​អាមេរិក​ជាមួយ​សហភាព​អឺរ៉ុប​ និង​ណែនាំ​រដ្ឋាភិបាល​ចិន​ ឱ្យ​ពង្រឹង​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​រដ្ឋ​ជាស​មា​ជិ​កសហភាព​អឺរ៉ុប​។

វា​ចាំបាច់​សម្រាប់​ចិន​ ដើម្បី​កសាង​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ ជាមួយ​សហ​ភាព​អ៊ឺ​រ៉ុប​ ព្រោះថា​ប្រទេស​នេះ​ ជា​ជំរើស​តែមួយគត់​ ដែល​អាច​សម្រេច​បាន​ចំពោះ​តម្រូវការ​ពី​អាមេរិក​៕

ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​ទី៣​ នឹង​មាន​ស្ពាន​ធំៗ​ចំនួន​ពីរ​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​ជម្រើស​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ ស្ពាន​វែង​ចំនួន​ពីរ​ទៀត​ ដើម្បី​បំពេញ​ឲ្យបាន​ពេញលេញ​ នូវ​គំរោង​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​ទី៣ដែល​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​។

លោក​វ៉ា​ស៊ី​ម សូ​រិយា​អ្នកនាំពាក្យ​ក្រសួង​នេះ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៦​ កញ្ញា​នេះ​ថា​ ការសាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ កំពុង​ដំណើរការ​មួយ​កំណាត់​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​បាន​ និង​កំពុង​សិក្សា​ពី​ជម្រើស​ចំនួន​ពីរ​ទៀត​នៃ​ផ្លូវ​នេះ​ ទី១​ នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ ដោយ​នឹង​សាងសង់​ស្ពាន​ចំនួន១នៅ​ក្តៅ​តា​កុយ​ ទៅកាន់​តំបន់​អរិយក្សត្រ​ និង​ស្ពាន​មួយទៀត​សាងសង់​នៅ​តំបន់​ស្វាយ​ជ្រុំ​ ភ្ជាប់​មក​មកកាន់​តំបន់​ផ្លូវជាតិ​លេខ៦អា​។

ចំណែក​ជម្រើស​ទី២​ គឺ​សាងសង់​ស្ពាន​ចេញពី​តំបន់​គគី​ ក្នុង​ស្រុក​កៀនស្វាយ​ (តំបន់​កំពង់​ផែ​ស្វយ័ត្នភ្នំ​ពេញ​) ភ្ជាប់​មក​តំបន់​វិហារសួគ៌​ឬ7NG​ ហើយ​អូស​កាត់​តំបន់​លិចទឹក​នៅ​ល្វាឯម​ និង​សាងសង់​ស្ពាន​មួយទៀត​កាត់​នៅ​លើ​កោះដាច់​ ហើយ​ភ្ជាប់​មកកាន់​មហាវិថី​ឈ្នះ​ ឈ្នះ​(ផ្លូវ​ទំនប់​កប់​ស្រូវ​)។

លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​បញ្ជាក់​ថា​ “ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ជម្រើស​ទាំងពីរ​នេះ​ ប៉ុន្តែ​ការសិក្សា​លំអិត​យ៉ាងណា​ ខ្ញុំ​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​នៅឡើយ​ទេ​”។លោក​បន្ត​ថា​ “នេះ​ជា​ផែនការ​ឬគំនូសព្រាង​របស់ក្រ​សួង​សាធារណៈ​ការ​ ដែល​ផ្តល់​ជូន​ក្រុមហ៊ុន​ចិន​សិក្សា​ ចំណែក​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ ខ្ញុំ​មិនទាន់​មាន​របាយការណ៍​នៅឡើយ​ទេ​”។

គំរោង​សាងសង់​ស្ពាន​កាត់​តំបន់​កោះដាច់​ ធ្លាប់​ត្រូវ​បាន​បង្ហើប​ដោយ​លោកប៉ា​ សុ​ជាតិ​វង្ស​ អតីត​អភិបាល​រាជធានី​ភ្នំពេញ​។

​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ធ្លាប់​បាន​បង្ហើប​ផង​ដែរ​ពី​គំរោង​សាងសង់​ស្ពាន​ពី​ក្តី​តា​កុយ​ ភ្ជាប់​ទៅ​តំបន់​អរិយក្សត្រ​ និង​ស្ពាន​នៅ​តំបន់​ស្វាយ​ជ្រុំ​ ដោយ​សម្តេច​បញ្ជាក់​ថា​ ស្ពាន​ទាំងពីរ​នេះ​នឹង​ត្រូវ​សាងសង់​ ដើម្បី​ធ្វើឲ្យ​គំរោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣មាន​សភាព​ពេញលេញ​។

ជាមួយនឹង​ការសាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ស្ថិតនៅ​តំបន់​នេះ​ ដែល​មានតម្លៃ​ចន្លោះ​ពី២៥ទៅ៤៥ដុល្លារ​កាលពី​ឆ្នាំ២០១៦​ កើនឡើង​ដល់​ចន្លោះ​ពី១៣០​ ទៅ១៦០ដុល្លារ​(តម្លៃ​ទារ​របស់​ម្ចាស់ដី​)ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ដី​នៅ​តាម​តំបន់​ជាប់់​ក្រ​វ៉ាត់​ក្រុង​ទី៣បាន​ប្តូរ​ពី​ម្ចាស់​ដើម​ ទៅ​ជា​កម្ម​សិទ្ឋ​ឯកជន​របស់​អ្នកមាន​ និង​មន្រ្តី​មានអំណាច​មួយចំនួន​ ដែល​កំពុង​វិនិយោគ​លើ​វិស័យ​នេះ​៕

ចំណេះដឹង​! តើ​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​មាន​ប៉ុន្មាន​ដំណាក់កាល​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​ គណៈកម្មការ​សុរិយោដី​ នឹង​ធ្វើការ​ដោះស្រាយ​វិវាទ​ដីធ្លី​នី​មួយ​ៗដោយ​ចាប់ផ្តើម​ពី​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ ឡើង​ទៅ​ថ្នាក់​រាជធានី​ ខេត្ត​ និង​ចុងក្រោយ​ទៅ​គណៈកម្ម​ការ​រសុរិ​យោ​ដី​ថ្នាក់​ជាតិ​ តាម​ដំណាក់កាល​ទាំង​ដូច​ខាងក្រោម​។

ដំណាក់កាល​ទី១​ ការ​ទទួល​ពាក្យ​បណ្តឹង​ និង​ឆ្លើយតប​ពាក្យ​បណ្តឹង​បុគ្គល​គ្រប់រូប​ដែល​មាន​វិវាទ​ពាក់ព័ន្ធ​នឹង​ដីធ្លី​ មិនទាន់​ចុះបញ្ជី​សុរិយោដី​ មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្តឹង​ដោយ​ផ្ទាល់​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ ។ បន្ទាប់មក​គណៈកម្មការ​ និង​ជូនដំណឹង​អំ​ពី​បណ្តឹង​ទៅ​ភាគី​ចុង​បណ្តឹង​ ឬបុគ្គល​ដែល​មានផល​ប្រយោជន៍​ពាក់ព័ន្ធ​ នឹង​ដី​វិវាទ​ ដើម្បី​ឆ្លើយតប​ក្នុង​រយះ​ពេល៣០ថ្ងៃ​ បន្ទាប់ពី​ទទួល​បាន​សេចក្តី​ជូនដំណឹង​។

ដំណាក់កាល​ទី២​ ការស៊ើបអង្កេត​បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ស៊ើបអង្កេត​ ដើម្បី​ជួប​ជាមួយ​គូភាគី​វិវាទ​ សាក្សី​ អាជ្ញាធរ​មូលដ្ឋាន​ និង​ធ្វើការ​វាស់វែង​កំណត់​ទំហំដី​ និង​ព្រំប្រទល់​ដី​វិវាទ​ឲ្យបាន​ច្បាស់លាស់​។ បន្ទាប់ពី​បញ្ចប់​ការស៊ើបអង្កេត​គណៈកម្មការ​សុរិយោដី​ នឹង​ពិនិត្យមើល​ថា​ តើ​ករណី​វិវាទ​នោះ​ ស្ថិត​ក្នុង​សមត្ថកិច្ច​ដោះស្រាយ​របស់​ខ្លួន​ឬទេ​? ករណី​មិន​ស្ថិត​ ក្នុង​សមត្ថ​កិ​ច្ច​បណ្តឹ​ងនោះ​ត្រូវ​បាន​ច្រានចោល​ ហើយ​ត្រូវ​ជូនដំណឹង​ដល់​ភាគី​វិវាទ​ជា​លាយ​ល័ក្ខណ៍​អក្សរ​។

​ករណី​ភាគី​វិវាទ​ មិន​ពេញចិត្ត​ចំពោះ​ការ​ច្រានចោល​នោះ​ ភាគី​វិវាទ​នោះ​អាច​ប្តឹង​ទៅ​គណៈកម្មការ​សុរិយោដី​ ថ្នាក់លើ​បន្ទាប់​ក្នុងរយៈពេល៣០ថ្ងៃ​ បន្ទាប់ពី​ភាគី​ទទួល​បាន​សេចក្តី​ជូនដំណឹង​ ឬទម្រង់​បែបបទ​ច្រានចោល​ពាក្យ​បណ្តឹ​ងនោះ​។

ដំណាក់កាល​ទី៣​ កិច្ចប្រជុំ​រដ្ឋបាល​គូភាគី​វិវាទ​ ត្រូវ​ចូលរួម​ប្រជុំ​រដ្ឋបាល​តាម​ការ​អញ្ជើញ​របស់​គណៈកម្មការ​ ​សុរិយោដី​ ដើម្បី​បាន​យល់​អំពី​ដំណើរការ​ និង​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​។ ភាគី​ត្រូវ​ធ្វើការ​ជ្រើសរើស​អ្នកសម្រុះសម្រួល៣រូប​ និង​ទទួល​ព័ត៌មាន​អំពី​សិទ្ធិ​របស់​ ខ្លួន​ក្នុង​ការ​ជ្រើសរើស​បុគ្គល​ណា​ម្នាក់​ ដែល​ភាគី​ជឿ​ថា​អាច​ជួយ​ខ្លួន​បាន​ក្នុងនាម​ជា​ជំនួយការ​ភាគី​។ ទន្ទឹម​នោះ​គូភាគី​ត្រូវ​កំណត់ពេលវេលា​ ទីកន្លែង​ដោះស្រាយ​ ជាមួយនឹង​អ្នកសម្រុះសម្រួល​ ឬគូភាគី​អាច​ជូនដំណឹង​អំពី​ការ​សុំ​ជំទាស់​ពី​វិវាទ​ផលប្រយោជន៍​រវាង​ភាគី​ណាមួយ​ជាមួយ​គណៈកម្មការ​សុរិយោដី​។

ដំណាក់កាល​ទី៤​ ការសម្រុះសម្រួល​ និង​/ឬសម្រេចការ​ដោះស្រាយ​របស់​គណៈកម្មការ​សុរិយោដី​ធ្វើឡើង​ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​គ្មាន​ការ​គំរាមកំហែង​មានន័យថា​ជា​ការ​ដោះស្រាយ​មួយ​ដោយ​យក​ការសម្រុះសម្រួល​ជា​មូលដ្ឋាន​ ពោល​គឺ​យក​ឆន្ទៈ​របស់​គូភាគី​វិវាទ​ដែល​សុខចិត្ត​ចែករំលែក​ផលប្រយោជន៍​ ឲ្យ​គ្នា​ទៅវិញទៅមក​ក្រោម​ការ​ខិតខំ​ ប្រឹងប្រែង​រក​វិធី​ដោះស្រាយ​ពី​អ្នកសម្រុះសម្រួល​ ។ ភាគី​វិវាទ​ និង​អ្នកជំនួយ​ការ​ភាគី​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សម្រុះសម្រួល​នេះ​។ ដំណើរការ​ប្រជុំ​សម្រុះសម្រួល​ ត្រូវ​ស្ថិត​ក្រោម​វិធាន​នៃ​ការសម្រុះសម្រួល​មួយ​។

​ប្រសិនបើ​ការ​ដោះស្រាយ​ទទួល​បាន​ជោគជ័យ​ ភាគី​ទាំងពីរ​ត្រូវ​ផ្តិត​មេដៃ​លើ​ទម្រង់​ បែបបទ​បញ្ចប់​វិវាទ​តាម​ខ្លឹមសារ​ដែល​បាន​ព្រមព្រៀង​។ ប្រសិនបើ​ករណី​វិវាទ​មិន​អាច​ធ្វើការ​ដោះ​ ស្រាយ​ដោយ​ការសម្រុះសម្រួល​បានទេ​នោះ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ នឹង​ បញ្ជូន​ករណី​វិវាទ​នោះ​ ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត​។

​គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ នឹង​ព្យាយាម​ធ្វើការ​សម្រុះសម្រួល​បន្ត​ទៀត​តាម​នីតិវិធី​ ដែល​បាន​កំណត់​ប៉ុន្តែ​បើ​ការសម្រុះសម្រួល​ មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ​នោះ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ នឹង​មាន​នីតិវិធី​ដោយឡែក​ផ្សេងទៀត​ គឺ​ការ​ធ្វើ​សេចក្តី​សម្រេច​។

​ផ្ទុយទៅវិញ​ បើ​ភាគី​វិវាទ​ណា​ម្នាក់​មិនសុខចិត្ត​ ចំពោះ​ការសម្រេច​របស់​គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ ក្នុងរយៈពេល៣០ថ្ងៃ​ នៃ​ថ្ងៃធ្វើការ​បន្ទាប់ពី​ទទួល​បាន​សេចក្តី​សម្រេច​ឬទទួល​បាន​ព័ត៌មាន​អំពី​សេចក្តី​សម្រេច​ភាគី​ វិវាទ​នោះ​មាន​សិទ្ធិ​ប្តឹង​ស្នើសុំ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ឲ្យ​ធ្វើស​វនា​ការ​។ គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​នឹង​ព្យាយាម​ធ្វើការ​សម្រុះសម្រួល​បន្ត​។ តែបើ​ការសម្រុះសម្រួល​មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ​ គណៈកម្មការ​សុរិយោដី​ ថ្នាក់​ជាតិ​នឹង​បើកសវនាការ​សម្រេច​។ ទោះបីជា​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ បើក​សវនា​សម្រេច​លើ​វិវាទ​បែប​នោះ​ក៏ដោយ​ ក៏​នៅតែ​បើកផ្លូវ​ឲ្យ​គូភាគី​ប្តឹង​តវ៉ា​ នឹង​សេចក្តី​សម្រេច​នេះ​ទៅ​តុលាការ​ក្នុងរយៈពេល៣០ថ្ងៃ​ ក្រោយពី​បាន​ទទួល​សេចក្តី​សម្រេច​។

ដំណាក់កាល​ទី៥​ ការវាស់វែង​ត្រៀម​ចេញ​ប័ណ្ណ​ ​ក្រោយពេល​វិវាទ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ​ ទាំង​ការសម្រុះសម្រួល​ឬសម្រេច​ អ្នក​ដោះស្រាយ​នឹង​ចុះ​ធ្វើការ​វាស់វែង​កំណត់​ទំហំដី​ និង​ព្រំប្រទល់​តាម​ការព្រមព្រៀង​របស់​គូភាគី​ ឬតាម​សេចក្តី​សម្រេច​ចូល​ជាស្ថាពរ​។ បន្ទាប់មក​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ ក្រុង​ ស្រុក​ ខណ្ឌ​ នឹង​ចាប់ផ្តើម​នីតិវិធី​ចុះបញ្ជី​ក្បាលដី​ តាម​ការ​ស្នើសុំ​របស់​ភាគី​វិវាទ​៕

អំណាចនៃការទិញនៅក្នុងខេត្តព្រះសីហនុកាន់តែមានកំណើនខ្លាំង

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ជាមួយនឹងកំណើននៃអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើន និងកំនើនប្រជាសាស្រ្ត ដែលបានសម្រុកទៅកាន់ខេត្តព្រះសីហនុ បានជំរុញឱ្យសេដ្ឋកិច្ចខេត្តមួយនេះមានភាពរីកចម្រើន បានធ្វើឱ្យតម្រូវការនៃការបញ្ជារទិញកើនឡើងយ៉ាងខ្លាំង ខណៈដែលការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។

ចំនួននៃប្រជាជនរស់នៅក្នុងខេត្តព្រះសីហនុ នៅពេលបច្ចុប្បន្ននេះមានការកើនឡើង​រហូតដល់ជាង៣០ម៉ឺននាក់ ស្របពេលដែលសន្ទុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តទាំងមូលមានភាពល្អប្រសើរ ដែលជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់មានលទ្ធភាពក្នុងការរកបានចំណូលខ្ពស់ និងមានតម្រូវការកាន់តែច្រើន។

នាយកគ្រប់គ្រងផ្នែកទីតាំងជួលផ្សារទំនើប FURI Times Square លោក កង ដាវីត បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា ដោយសារតែមានកំណើននៃការវិនិយោគជាច្រើនគម្រោងលើគ្រប់វិស័យ បានធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើសការរំពឹងទុក។ លោកបានបន្តទៀតថា “កំណើននៃការវិនិយោគបានធ្វើឱ្យប្រជាជនចូលមករស់នៅ និងប្រកបការងារនៅក្នុងខេត្តមួយនេះកាន់តែច្រើន ជាពិសេសកំណើននៃចំនួនភ្ញៀវទេសចរ ដែលកាន់តែធ្វើឱ្យអំណាចនៃការទិញកាន់​តែមានទំហំធំ”។

លោកបានបន្តទៀតថា “តាមការពិនិត្យឃើញជាក់ស្ដែង បច្ចុប្បន្ននេះ នៅក្នុងខេត្តព្រះសីហនុ មានមណ្ឌលលក់ទំនិញបែបទំនើបមានចំនួនតិចនៅឡើយ ខណៈដែលតម្រូវការរបស់អតិថិជន ដែលមានជីវភាពកម្រិតមធ្យមមានចំនួនច្រើន”។ លោកបានបន្តទៀតថា “ដោយសារតែមើលឃើញសក្ដានុពលលើការផ្គត់ផ្គង់ខាងលើនេះ មានក្រុមហ៊ុនធំៗជាច្រើនដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ លំដាប់អន្តរជាតិបានបង្ហាញខ្លួនព្រោងព្រាត ជាមួយនឹងក្ដីរំពឹងថា អាចទទួលបានចំណែកទីផ្សារប្រកបដោយភាពជោគជ័យ”។

លោកបានបន្តទៀតថា “តាមរយៈផ្សារទំនើបដ៏ធំ ដែលទើបតែមានលើកដំបូងគេបង្អស់នៅក្នុងខេត្តព្រះសីហនុ FURI Times Square មានក្រុមហ៊ុនលំដាប់អន្តរជាតិស្ទើរគ្រប់វិស័យបានបង្ហាញវត្តមាននៅក្នុងខេត្តមួយនេះ រួមមានដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks, ក្រុមហ៊ុន Amazone Café , ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea, ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE , ក្រុមហ៊ុន Samsonite, ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock, ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត”។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា បើទោះជាមានកំណើននៃចំនួនក្រុមហ៊ុនចូលមកផ្គត់ផ្គង់ ដូចដែលបានរៀបរាប់ទាំងអស់ខាងលើនេះក្ដី ប៉ុន្តែហាក់នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការជាក់ស្ដែងនៅឡើយនោះទេ។

ផ្សារទំនើប FURI TIMES SQUARE ដែលជាផ្សារទំនើបដំបូងគេនៅក្រុងព្រះសីហនុ គ្រោងបើកដំណើរការនៅចុងខែតុលាខាងមុខនេះ។

អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់់បានមានប្រសាសន៍ថា ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងលឿន ស្ទើរមិនគួរឲ្យជឿ ដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ពិសេសការដាក់ចេញនូវការលើកទឹកចិត្តការវិនិយោគ តាមរយៈច្បាប់វិនិយោគដ៏ល្អ និងគោលនយោបាយអភិ​វឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល។

លោកបន្តថា “ការរីកចម្រើនដ៏លឿននខេត្តព្រះសីហនុ បានធ្វើឲ្យចរន្តនៃលំហូរប្រជាជនចូលទៅរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្តនេះបានកើនយ៉ាងគំហុក ដែលធ្វើឲ្យតម្រូវការផ្សារទំនើបកើនឡើង”។លោកបន្តថា “ការបើកដំណើរការនូវផ្សារទំនើប FURI TIMES SQUARE នាពេលឆាប់់ៗខាងមុខ ជាការឆ្លើយតបយ៉ាងត្រឹមត្រូវនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់អ្នកវិនិយោគ និងប្រជាជនមូលដ្ឋាន”។លោកបន្តថា “អំណាចនៃ​ការបញ្ជាទិញបានកើនឡើង ដោយសារសេដ្ឋកិច្ចរសរវើក និងប្រាក់ចំណូលរបស់ប្រជា ពលរដ្ឋរស់នៅក្នុងទីក្រុងនេះកើនឡើងខ្ពស់”៕

ក្រុងចំនួន៣ និងស្រុកមួយនៃប្រទេសកម្ពុជាកំពុងមានសក្តានុពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា  ក្រុងចំនួន៣ និងស្រុកមួយនៃប្រទេសកម្ពុជា រួមមាន ក្រុងបាត់ដំបង ក្រុងកំពត ក្រុងក្រចេះ និងស្រុកឆ្លូង គឺជាក្រុងដែលមាន សក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋាន បានថ្លែងនៅក្នុងសិក្ខាសាលាលើកដំបូងស្តីពី គម្រោងសិក្សាវាយតម្លៃពីភាពងាយរងគ្រោះ និងការបន្ស៊ាំទៅនឹងអាកាសធាតុ នៃគម្រោងអភិវឌ្ឍន៍ដោយចីរភាពនៃទីក្រុងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកញ្ញាឆ្នាំ ២០១៩ នេះថា ក្រុងចំនួនបី និងស្រុកមួយ ជាគម្រោងអាទិភាពសម្រាប់យើង ដើម្បីធានាបាននូវគុណ ភាពហេដ្ឋារចនាសម្ព័ន្ធ និងភាពទាក់ទាញសម្រាប់ការវិនិយោគទាំងផ្នែកវប្បធម៌ ឧស្សាហកម្ម និងទេសចរណ៍ និងជាការចូលរួមចំណែកនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

លោកបន្តថា “បច្ចុប្បន្ននេះការអភិវឌ្ឍទីក្រុងក្នុងទីរួមខេត្ត ហាក់មានសន្ទុះលឿន យើងដឹងហើយថា ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចតាមបណ្តាទីក្រុង និងការធ្វើឱ្យប្រ​សើរឡើងនូវសេវាមូលដ្ឋាន គឺជាបញ្ហាប្រឈមសម្រាប់រក្សាលំនឹងនៃការអភិវឌ្ឍទាំងថ្នាក់ជាតិ និងមូលដ្ឋាន”។

ក្រសួងសាងធារណៈការ និងដឹកជញ្ជូន បានរៀបសិក្ខាសាលាលើកដំបូងស្តីពីគម្រោងសិក្សាវាយតម្លៃពីភាពងាយរងគ្រោះ និងការបន្ស៊ាំទៅនឹងអាកាសធាតុ នៃគម្រោងអភិវឌ្ឍន៍ដោយចីរភាពនៃទីក្រុងប្រទេសកម្ពុជា ក្នុងគោលបំណងរាយការណ៍ជូនអំពីលទ្ធផលនៃរបាយការណ៍ដំបូងចំពខេត្តទាំងបី ដែលសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស NIRAS ដើម្បីពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងអនុសាសន៍ណែនាំបន្ថែមលើរបាយការ​ណ៍ដំបូងនេះ។

បន្ថែមពីនេះ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានកាលពីកន្លងទៅបានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈកាលពីកន្លងទៅនេះ ក៏បានរៀបចំឯកសារពាក់ព័ន្ឋ ដើម្បីស្នើទៅអង្គការយូណេស្កូ ដើម្បីសុំដាក់បញ្ចូលទីក្រុងចំនួនទាំង បីនេះ ចូលជាទីក្រុងបុរាណផងដែរ៕

ADB អះអាងថាអាស៊ានកំពុងពង្រឹងធ្វើឱ្យប្រសើរឡើងសេវាកម្មសាធារណៈដល់ប្រជាជនខ្លួន

0

ដោយ ៖ ម៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ កំពុងពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរឡើងដល់ប្រជាជនរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍រួមគ្នាចេញផ្សាយនៅថ្ងៃនេះ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ។

របាយការណ៍ដែលមានឈ្មោះថា The Government at a Glance: Southeast Asia 2019 ផ្តល់នូវទិន្នន័យប្រៀបធៀបអន្តរជាតិទាក់ទងនឹងធនធាន ដំណើរការ និងលទ្ធផលរបស់រដ្ឋាភិបាល លើអភិបាលកិច្ចសាធារណៈ នៅក្នុងប្រទេសជាសមាជិកនៃសមា​គមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ របាយការណ៍នេះរួមបញ្ចូលទាំងសូចនាករចំនួន ៣៤នៅក្នុងវិស័យ ដូចជាសេវាកម្មសាធារណៈ រួមទាំងការលើកកម្ពស់រដ្ឋាភិបាលឌីជីថល បង្កើតតម្លាភាពបន្ថែមទៀត និងផ្តល់ឱកាសការងារកាន់តែប្រសើរសម្រាប់ស្ត្រី។

សមាជិកអាស៊ានរួមមានប្រទេសប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី សាធារ​ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

លោក Bambang Susantono អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីផ្នែកគ្រប់គ្រងចំណេះដឹង និងការអភិវឌ្ឍប្រកបដោយចីរភាព បាននិយាយថា “ការពង្រឹងសមត្ថភាពស្ថាប័នសាធារណៈមានសារសំខាន់សម្រាប់ប្រតិបត្តិការទាំងអស់ ហើយធនាគារអភិវឌ្ឍន៍អាស៊ីនៅតែប្តេជ្ញាចិត្តគាំទ្រ ដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍របស់យើង ក្នុងការកែលម្អមុខងារគ្រប់គ្រងវិស័យសាធារណៈ និងស្ថេរភាពហិរញ្ញវត្ថុ ខណៈលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា គ្មានអំពើពុករលួយ និងការផ្តល់សេវាសាធារណៈ”។

របាយការណ៍ថ្មីៗរបស់អង្គការ OECD បង្ហាញពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពស្ថាប័នសាធារណៈនៅតំបន់អាស៊ាន ដើម្បីលើកកម្ពស់គុណភាពជីវិតពលរដ្ឋ និងជំរុញឱ្យមានសង្គមស្មើភាពគ្នា។ របាយការណ៍នេះមានគោលបំណងណែនាំ អំពីការកែទម្រង់វិស័យសាធារណៈ និងគាំទ្រដល់ការសំរេចបានរបស់រដ្ឋាភិបាល-ពលរដ្ឋ។

ប្រទេសចំនួន៧នៅអាស៊ីអាគ្នេយ៍បានណែនាំ នូវឧបករណ៍កំណត់អត្តសញ្ញាណឌីជីថល ហើយមានតែប្រទេសពីរប៉ុណ្ណោះ ដែលបានដាក់បញ្ចូលគេហទំព័ររបស់ពួកគេយ៉ាងពេញលេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ និងធ្វើឱ្យសេវាកម្មរបស់រដ្ឋាភិបាលកាន់តែងាយស្រួលដល់សាធារណជន។

តម្លាភាពថវិកាដែលជាធាតុផ្សំសំខាន់ សម្រាប់រដ្ឋាភិបាលបើកចំហ អនុញ្ញាតឱ្យពលរដ្ឋទទួលបានព័ត៌មាន អំពីរបៀបដែលថវិកាសាធារណៈ ត្រូវបានរកបាន បែងចែក និងប្រើប្រាស់។ ប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងអស់ផ្សព្វផ្សាយថវិកាដែលបានអនុម័ត។ ប្រទេសចំនួនប្រាំបី បានបោះពុម្ពផ្សាយមគ្គុទេសក៍របស់ពលរដ្ឋ ចំពោះថវិកាដែលពន្យល់ជាភាសាសាមញ្ញគោលបំណងនៃថវិកា និងផ្តល់ព័ត៌មានដើម្បីជួយពលរដ្ឋឱ្យយល់អំពីដំណើរការរៀបចំថវិកា និងវាយតម្លៃផលប៉ះពាល់លើជីវិតរបស់ពួកគេ។

ទោះយ៉ាងណាមានតែពាក់កណ្តាល នៃប្រទេសទាំងនេះ ផ្តល់ព័ត៌មានសេដ្ឋកិច្ចដូចជាវិធីសាស្ត្រ និងការសន្មតសេដ្ឋកិច្ចនៃការព្យាករសារពើពន្ធដែលគាំទ្រថវិកា។

ប្រទេសទាំងអស់កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយវិស័យឯកជន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី តាមរយៈភាពជាដៃគូឯកជនសាធារណៈ (PPPs) ប៉ុន្តែមានតែពាក់កណ្តាលប៉ុណ្ណោះ ដែលធ្វើការវាយតម្លៃដើម្បីវាយតម្លៃថាតើPPP មានប្រសិទ្ធភាពជាងប្រព័ន្ធលទ្ធកម្មហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណីដែរឬទេ។

របាយការណ៍បានស្នើឱ្យមានការវិភាគ និងការវាយតម្លៃបន្ថែមទៀតសម្រាប់ការសម្រេចចិត្តដែលមានព័ត៌មាន ដើម្បីកែលម្អការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ៕

រដ្ឋបាល​ក្រុងភ្នំពេញ​ដាក់​ឱ្យ​ដំណើរការ​ម៉ាស៊ីន​ខួង​ក្រោម​ដី​ដាក់​លូ​លើកដំបូង

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋបាល​ក្រុងភ្នំពេញ​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) បាន​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន​ខួង​ក្រោម​ដី​ដាក់​លូ​លើកដំបូង​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដោយ​មិន​ចាំបាច់​ជីក​កាត់​ថ្នល់​ សួនច្បារ​ និង​មិន​ប៉ះពាល់​ចរាចរ​លើ​ដងផ្លូវ​ឡើយ​។

លោក​ សុំា​ ពិសិដ្ឋ​ ប្រធានមន្ទីរ​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១០​ ខែកញ្ញា​ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោងការ​ពារ​ទឹកជំនន់​ និង​កែលំអ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំហាន​ទី៤​ ជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​ បាន​នាំ​បច្ចេកវិទ្យា​ថ្មី​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ខួង​ក្រោម​ដី​ស្វ័យប្រវត្តិ​ដាក់​លូ​ទំហំ​ ៨០០មម​ ប្រវែង​ ១៥៦០ម​ ខួង​ក្នុង​ជំរៅ​ ៨ម​ ចាប់ពី​អាង​ក្រោម​ដី​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រត់​ក្រោម​វិថី​ព្រះស៊ីសុវត្ថិ​ ផ្លូវ​លេខ​ ៤៧​ ឆ្លងកាត់​សួនច្បារ​កួច​កាណុង​ និង​ផ្លូវ​លេខ​ ៧០​ ក្នុង​ខណ្ឌដូនពេញ​ ។

លោក​បន្ត​ថា​ ការ​សម្ពោធ​ដាក់អោយ​ដំណើរ​កា​រប្រ​ពន្ធ័​បច្ចេកវិទ្យា​ថ្មី​ដែល​មិនធ្លាប់​មាន​ពីមុន​ នោះ​គឺ​ការប្រើ​ប្រាស់​គ្រឿងចក្រ​មុជ​ក្នុង​ដី​ក្នុង​ជម្រៅ៨ម៉ែត្រ​ ដា​ក់​ប្រពន្ធ័​លូ​ប្រភេទ​ថ្មី​ទំនើប​និង​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើ​មនុស្ស​ និង​មិន​រំខាន​ដល់​ការ​ធ្វើដំណើរ​ដល់​ប្រជាពលរដ្ឋ​ឡើយ​ ។

លោក​បន្ត​ថា​ “ចំពោះ​ការ​ខួង​ដី​ជែក​ ឃីង​ ដាក់​លូ​ ជា​ស្វ័យប្រវត្តិ​នេះ​ យើង​គ្រោង​នឹង​ខួង​ក្រោម​ដី​ចម្ងាយ​ប្រវែង១៥៦០ម៉ែត្រ​ ក្នុង​ជម្រៅ​ក្រោម​ដី​ ៨ម៉ែត្រ​ដោយ​ខួង​ចាប់​ចេញពី​មុខ​ស៊ីឌី​ស៊ី​រហូតដល់​ផ្លូវ​លេខ៧០​ (ទំនប់​ទួលគោក​) កាត់​ក្រោម​រង្វង់​មូល​គួច​កាណុង​ ។

គម្រោង​នេះ​ក្នុង​ដំណាក់កាល​ទី១​ មាន​ ប្រវែង៥០០ម៉ែត្រ​ ដោយ​ប្រើប្រាស់​រយៈពេល៥ខែ​”។ លោក​សាំ​ ពិសិដ្ឋ​បាន​បញ្ជាក់ឲ្យដឹង​ទៀត​ថា​ ការប្រើ​ប្រាស់​បច្ចេកវិជ្ជា​ថ្មី​មួយ​នេះ​វា​មិន​រំខាន​ទៅដល់​ការ​កកស្ទះ​ចរាចរណ៍​ និង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ព្រោះ​វា​ខួង​នៅ​ក្រោម​ដី​ជម្រៅ​រហូតដល់៨ម៉ែត្រ​ ហើយ​នេះ​ក៏​ជា​គម្រោងការ​ពារ​ទឹកជំនន់​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី៤ផង​ដែរ​ ។

លោក​បញ្ជាក់​ផង​ដែរ​ថា​ ម្ចាស់​គម្រោង​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ អ្នក​អនុវត្ត​គម្រោង​ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ទីប្រឹក្សា​បច្ចេកទេស​ ក្រុមហ៊ុន​ស៊ី​ធី​អាយ​វិស្វកម្ម​អន្តរជាតិ​ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ ក្រុមហ៊ុន​សំណង់​ ភូ​អា​ខបភើ​រេ​សិន​។

គម្រោងការ​ពារ​ទឹកជំនន់​ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំហាន​ទី៤​ នេះ​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៣០លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ JICA​ ។

គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ការដ្ឋាន​ ដូច​ខាងក្រោម​ ក្នុង​នោះ​រួមមាន​៖

១-ដាក់​បណ្តាញ​លូ​មេ​ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក​ ប្រវែង​ ៨.២គីឡូម៉ែត្រ​។

២-ដាក់​បណ្តាញ​លូ​មេ​ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ ប្រវែង​ ៤.៤គីឡូម៉ែត្រ​។

៣-សាងសង់​អាងស្តុកទឹក​ក្រោម​ដី​ និង​សាងសង់​ស្ថានីយ៍​បូមទឹក​ នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​។

៤-តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ​ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ​ ព្រះ​គន្លង់១​ ព្រះ​គន្លង់២​ និង​ផ្សារចាស់​។

៥-ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ ចំនួន​ ២គ្រឿង​៕

ដំណឹងល្អ​៖ គេហទំព័រ​ Propertyarea.asia​ បាន​ពង្រីក​ការ​ផ្សព្វផ្សាយ​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ចំនួន៦​ ផ្សេង​បន្ថែម​ទៀត​

0

ដោយ​៖ រ៉ា​ណេត​

ភ្នំពេញ​៖ បន្ទាប់ពី​បាន​ចាប់ផ្តើម​ដំណើរការ​ ផ្សព្វផ្សាយ​ជា​ផ្លូវការ​ក្រោម​ការ​ទទួលស្គាល់​ និង​ស្របច្បាប់​ ដែល​អនុញ្ញាត​ពី​ក្រសួងព័ត៌មាន​ អស់​រយៈពេល​ជិត​ ២ឆ្នាំ​កន្លងទៅ​នេះ​ បច្ចុប្បន្ន​គេហទំព័រ​ Propertyarea.asia​ បាន​រៀបចំ​គម្រោង​ពង្រីក​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​តាម​បណ្តាញ​ Social​ Media​ ចំនួន៦ បន្ថែម​ទៀត​ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រគាំទ្រ​របស់​មហាជន​ ពិសេស​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​នានា​នៅក្នុង​ និង​ក្រៅប្រទេស​។

បណ្តាញ​ផ្សព្វផ្សាយ​ដែល​ក្រុមការងារ​បច្ចេកទេស​របស់​យើង​ បាន​បង្កើន​ទាំង៦​ ដើម្បី​ចែករំលែក​ដំណឹង​ពិត​ ព័ត៌មាន​ថ្មី​ៗឱ្យ​កាន់តែ​ទូលាយ​នៅក្នុង​សង្គម​រួមមាន​៖ ដូចជា​ Line​ ដែល​លោកអ្នក​អាច​ចូល​អាន​តាមរយៈ​អាស័យ​ដ្ឋាន​ info​@propertyarea.asia​, Instagram​ តាមរយៈ​អាស័យ​ដ្ឋាន​ propertyareaasia​, Twitter​ តាមរយៈ​អាស័យ​ដ្ឋាន​ AreaAsia​, Linkedin​ តាមរយៈ​អាស័យ​ដ្ឋាន​ info​@propertyarea.asia​, Telegram​ តាមរយៈ​អាស័យ​ដ្ឋាន t.me​/propertyarea_asia​ និង​ Property​ TV​ Cambodia​ ដែល​ផ្តោត​លើ​ព័ត៌មាន​ថ្មី​ៗ ទាន់​ហេតុការណ៍​ ទាំង​ជាតិ​ និង​អន្តរជាតិ​ ពិសេស​ទាក់ទង​នឹង​ចំណេះដឹង​ថ្មី​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​។

ឈរ​លើ​ក្រមសីលធម៌​ និង​មូលដ្ឋាន​វិជ្ជាជីវៈ​ តាមរយៈ​ការ​ផ្តល់​ព័ត៌មាន​ពិត​ឥត​លំអៀង​ យើង​បាន​និង​កំពុង​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​លើក​កំពស់​កិត្យានុភាព​ជាតិ​ ទៅកាន់​ឆាក​អន្តរជាតិ​ និង​ឆ្លុះបញ្ចាំង​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​កម្ពុជា​ ពិសេស​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​។

ទឹកឃ្មុំ​មួយ​ដំណក់​អាច​ចាប់​រ៉ុយ​បាន​រាប់​រយ​ក្បាល​ (ព័ត៌មាន​វិជ្ជមាន​) ផ្ទុយទៅវិញ​ថ្នាំពុល​មួយ​ពាន់​លីត្រ​ មិន​អាច​ចាប់​រុយ​បាន​នោះ​ទេ​។ អ្វី​ដែល​ជា​ “គុណ​តម្លៃ​នៃ​ព័ត៌មាន​របស់​យើង​” គឺ​រាល់​ព័ត៌មាន​ដែល​ត្រូវ​បាន​ចេញផ្សាយ​ គឺ​ឈរ​លើ​មូលដ្ឋាន​នៃ​ការវិភាគ​ ពិចារណា​គ្រប់ជ្រុងជ្រោយ​ និង​ផ្សារភ្ជាប់​ជាមួយ​មូលដ្ឋាន​វិជ្ជាជីវៈ​ ដែល​ជា​តម្លៃ​ស្នូល​របស់​យើង​។

នេះ​ជា​អ្វី​ដែល​យើង​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ហើយ​ដឹកនាំ​ និង​ក្រុមការងារ​ទាំងអស់​នៃ​ក្រុមហ៊ុន​ Propertyarea.asia​ បាន​និង​កំពុង​ផ្តល់​ព័ត៌មាន​លើ​ភាព​វិជ្ជមាន​ ប៉ុន្តែ​តិ​ទៀន​ក្នុង​ន័យ​ស្ថាបនា​។ដោយសារ​បទពិសោធន៍​ គួបផ្សំ​ជាមួយ​វិជ្ជាជីវៈ​ និង​ការ​រក​ឃើញ​នូវ​គុណ​តម្លៃ​ស្នូល​ក្នុង​វិស័យ​សារព័ត៌មាន​នេះ​ហើយ​ ទើប​ Propertyarea.asia​ បាន​ធ្វើឲ្យ​មាន​ឥទ្ធិពល​ ក្នុង​វិស័យ​សារព័ត៌មាន​បែប​ឌីជីថល​នៅ​កម្ពុជា​។

ជាក់ស្តែង​ព័ត៌មាន​របស់​យើង​ត្រូវ​បាន​ស្ថាប័ន​រដ្ឋាភិបាល​ អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ ប្រជាពលរដ្ឋ​យក​ទៅ​ធ្វើជា​ឯកសារយោង​សំរាប់​ធ្វើជា​មូលដ្ឋាន​នៃ​គំរោង​វិនិយោគ​របស់​ពួកគេ​។ បច្ចុប្បន្ន​នេះ​ មាន​បណ្តាញ​សារ​ព័ត៌មាន​តាម​អន​ឡា​ញចន្លោះ​ពី៦០​ ទៅ៧០បាន​កូ​ពីព័ត៌មាន​របស់​យើងខ្ញុំ​ យក​ទៅចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ពួកគេ​។

ជាមួយនឹង​ការ​វិវត្ត​ជា​វិជ្ជមាន​នេះ​ ក្រុមការងារ​របស់​យើងខ្ញុំ​បាន​ និង​កំពុង​រៀបចំ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​យើងខ្ញុំ​ ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដទៃទៀត​ ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ព័ត៌មាន​របស់​យើង​ ទៅដល់​មនុស្សជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​ ជាមួយ​ព័ត៌មាន​លឿន​ជាង​មុន​ កាន់តែ​មាន​សុ​ក្រិត​ភាព​ជាង​មុន​ និង​អាច​ផ្តល់​នូវ​ចំណេះ​ដឹង​ថ្មី​ៗជាច្រើន​ទៀត​ដល់​ស្រទាប់​មហាជន​ ពិសេស​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ប្រើប្រាស់​ជា​ទុន​ចំណេះដឹង​ ដើម្បី​ធ្វើជា​មូលដ្ឋាន​ពិចារណា​ និង​វិភាគ​។យើងខ្ញុំ​ស្វាគមន៍​រាល់​ការ​ផ្តល់​យោបល់​ ប្រកបដោយ​គុណ​តម្លៃ​ ហើយ​យើង​រីករាយ​ក្នុង​ការ​ទទួលយក​ការរិះគន់​ ប្រកបដោយ​គតិបណ្ឌិត​របស់​លោក​ លោកស្រី​ គ្រប់ពេលវេលា​៕

សម្តេច​តេជោ​ជំរុញ​មីយ៉ាន់ម៉ា​ពិនិត្យមើល​លទ្ធភាព​ចុះ​កិច្ច​ព្រមព្រៀង​ដើម្បី​បង្កើន​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ជំរុញ​ឱ្យ​ប្រទស​មីយ៉ាន់ម៉ា​ ពិនិត្យមើល​នូវ​កិច្ច​ព្រមព្រៀង​នានា​រវាង​កម្ពុជា​-មីយ៉ាន់ម៉ា​ក្នុង​ការ​ផ្តល់​លទ្ធភាព​កចុះ​ហត្ថ​ទ្វេភាគី​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​មានកម្រិត​ទាប​នៅឡើយ​។

សម្តេច​តេជោ​ បាន​មានប្រសាសន៍​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Thit​ Linn​ Ohn​ ឯកអគ្គ​រដ្ឋទូត​មី​យ៉ា​ម៉ា​ថ្មី​ ប្រចាំ​នៅ​កម្ពុជា​នា​ថ្ងៃទី​ ១០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ប្រទេស​ទាំងពីរ​ (កម្ពុជា​-មីយ៉ាន់ម៉ា​) គឺ​មាន​ទំនាក់ ទំនង​ជាមួយគ្នា​ជា​យូរលង់​ណាស់​មក​ហើយ​ ហើយ​នៅ​ឆ្នាំក្រោយ​នេះ​ក៏​ជា​ខួប​លើក​ទី៦៥​ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ផង​ដែរ​។

សម្តេច​តេជោ​បន្ត​ថា​ “យើង​គួរ​ពិនិត្យមើល​ តើ​យើង​គួរ​ធ្វើសកម្មភាព​អ្វីខ្លះ​? ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៥​ ឆ្នាំ​នៃ​ទំនាក់ទំនង​នេះ​។ ជាមួយគ្នា​នោះ​យើង​គប្បី​ពិនិត្យមើល​ទៅលើ​កិច្ច​ព្រមព្រៀង​ខ្លះ​ ដែល​អាច​នឹង​ត្រូវ​ចុះហត្ថលេខា​ ដើម្បី​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​នៅ​គ្រប់​វិស័យ​ និង​ជំរុញ​កិច្ច​ព្រមព្រៀង​ដែល​មានស្រាប់​ផង​ដែរ​ ដើម្បី​បង្កើន​នូវ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការ​វិនិយោគ​ និង​ទេសចរណ៍​ជាដើម​”។

សម្ដេច​តេជោ​បន្ថែម​ថា​ “ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ​នៅ​មានកម្រិត​នៅឡើយ​ ដោយ​មិនទាន់​សក្តិ​សម​ទៅ​នឹង​សក្តា​នុ​ពល​ដែល​ប្រទេស​ទាំងពីរ​មាន​នោះ​ទេ​។ ដូច្នេះ​ សូមឲ្យ​មានការ​ជំរុញ​បន្ថែម​ទៀត​ក្នុង​ការ​បង្កើន​នៅ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​”។

សម្ដេច​តេជោ​ក៏បាន​ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ច្រើន​បន្ថែម​ទៀត​ក្នុង​តំបន់​អាស៊ាន​ ដើម្បី​បង្កើត​ទីផ្សារ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ទូលំទូលាយ​ ដោយ​ជំរុញ​ឲ្យ​មានការ​ពិនិត្យមើល​ លើស​កម្ម​ភាព​នានា​ ដើម្បី​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ទំហំ​ធំឡើង​នា​ពេល​ខាងមុខនេះ​។

សម្តេច​តេជោ​ថា​ “ហើយ​យើង​គួរតែ​ពិនិត្យមើល​ទៅលើ​កិច្ច​ព្រមព្រៀង​ថ្មី​បន្ថែម​ទៀត​ដូចជា​កិច្ច​ព្រមព្រៀង​ទៅលើ​ការ​មិន​យកពន្ធ​ត្រួតស៊ីគ្នា​ និង​កិច្ច​គាំពារ​វិនិយោគ​ជាដើម​ ដែល​ទាំងអស់​នេះ​ គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​មានការ​ចាប់ អារម្មណ៍​ខ្លាំង​ និង​មានទំនុក​ចិត្ត​ ព្រមទាំង​ធ្វើឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ប្រទេស​យើង​ទាំងពីរ​កាន់តែ​មាន​ភាព​ស្អិត​រមួត​ថែម​ឡើង​ទៀត​”។

លោក​ Thit​ Linn​ Ohn​ ជាឯក​អគ្គរដ្ឋទូត​មី​យ៉ា​ម៉ា​ថ្មី​ ប្រចាំ​នៅ​ប្រចាំ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ សម្រាប់​វត្តមាន​រូបលោក​នៅក្នុង​អាណត្តិ​នេះ​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​មីយ៉ាន់ម៉ា​។

លោក​ថា​ “ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​មក​បំពេញបេសកកម្ម​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយនឹង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ជាពិសេស​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​”៕