ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​ បើក​សម្ពោធ​ហើយ

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ នៅក្នុង​គោលដៅ​ជំរុញ​ និង​លើកកម្ពស់​វិស័យ​អាជីវកម្ម​ ជាពិសេស​ លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រិន​ទាំងអស់​នៅ​កម្ពុជា​ ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​ បាន​ចាប់ផ្តើម​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវ​ការណ៍​ក្រោម​ការ​ទទួលស្គាល់​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពីសំណាក់​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​ លោក​ អោម​ សេង​បូរ៉ា​ បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​ពិធី​បើក​សម្ពោធ​ដំណើរ​ជា​ការ​ផ្លូវ​កាលពី​ល្ងាច​ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ថា​ ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​ បង្កើត​ឡើង​ដើម្បី​អាច​ទទួល​បាន​ និង​បែងចែក​ប្រយោជន៍​ជាច្រើន​ដល់​បណ្តា​សហគ្រិន​នានា​ដែល​កំពុងតែ​ធ្វើការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ ក៏ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​សហគ្រិន​ជាច្រើន​ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ ហើយ​ក្រុមហ៊ុន​នឹង​ធ្វើការ​ជា​សហគ្រិន​ទាំងអស់​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ជាក់ស្ដែង​ពេលនេះ​ សហគ្រិន​ជាច្រើន​ដែល​កំពុងតែ​មាន​សក្ដានុពល​ គឺ​កំពុងតែ​ទទួល​បាន​ចំណេញ​ ហើយ​មានឱកាស​ក្នុង​ការពង្រីក​ខ្លួន ប៉ុន្តែ​ទាស់​ត្រង់ថា​ មាន​បញ្ហា​មួយ​គឺ​ដើម​ទុន។ ដូច្នេះ​ តើ​ពួកគាត់​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ទទួល​បាន​ដើម​ទុន​មក​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់​។

តាមរយៈ​ CEO​ Master​ Club​ Investment​ PLC​ ពួក​គាត់​នឹង​អាច​ទទួ​លបាន​ទុន​បន្ថែម​ប្រកបដោយ​ភាពរឹងមាំ​”។ លោក​បាន​បន្ត​ទៀត​ថា​ “កាលពីមុន​ពួកគាត់​ចង់បាន​ទុន​ ពួកគាត់​អាច​ស្វែងរក​ដើម​ទន់​ពី​សាច់ញាតិ​ មិត្តភ័ក្ដិ​ ឫចង​ការ​ពី​ធនាគារ​ជាដើម​ ប៉ុន្តែ​ពេលនេះ​ ពួកគាត់​អាច​មាន​ជម្រើស​ល្អ​ជាង​ពេលមុន​ក្រោយពេល​ពួកគាត់​ដែល​ជា​សហគ្រិន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​ ”។

លោក​ អោម​ សេង​បូរ៉ា​ បាន​បន្ត​ទៀត​ថា​ “CEO​ Master​ Club​ Investment​ PLC​ ចង់​ឃើញ​កម្ពុជា​ គឺជា​ប្រទេស​មួយ​ដែល​មាន​ភាព​ជឿនលឿន​ និង​មាន​បា​នយ៉ាង​ឆាប់រហ័ស​”។ លោក​បន្ត​ថា​ “កាលពីមុន​បណ្តា​អ្នក​វិនិយោគ​ និង​អភិ​វឌ្ឍ​ន៍ធំៗ​នៅ​លើ​ពិភពលោក​និយាយ​ថា​ កម្ពុជា​អាច​ដើរ​យឺត​ជាង​ប្រទេស​ថៃ​រហូតដល់៥០ឆ្នាំ​។ ដើរ​យឺត​ជាង​ប្រទេស​វៀតណាម​ជាង​ ៣០ឆ្នាំ​ ។ យឺត​ជាង​សាំងហ្គាពួរ​រហូតដល់​ ១០០ឆ្នាំ​”។

គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ដែល​មាន​ភាពរឹងមាំ​ និង​ក្លាយជា​ប្រទេស​មហាអំណាច​ គឺ​សុទ្ធតែ​មាន​ភាព​ខ្លាំង​ខាង​ផ្នែក​សេដ្ឋកិច្ច​ និង​ការដឹកនាំ​ប្រក​ប​ដោយ​ស្ថិរភាព​ផ្នែក​នយោបាយ​ និង​សន្តិសុខ​ទាំងអស់​។ កម្ពុជា​បាន​ឆ្លងកាត់​នូវ​បញ្ហា​ជាច្រើន​រាប់មិនអស់​ ដូចជា​បញ្ហា​សង្គ្រាម​ជាដើម​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​មាន​ភាព​ខ្វះ​បទពិសោធន៍​ និង​ការជំរុញ​ផ្នែក​វិនិយោគ​អាជីវកម្ម​ ដែល​តម្រូវ​ឱ្យ​មានការ​ខិតខំ​សិក្សា​បន្ថែម​ពី​បណ្តា​ប្រទេស​នានា​ដែល​មាន​ភាព​ចាស់ទុំ​ផ្នែក​មុខ​ជំនួញ​ និង​សេដ្ឋកិច្ច​ជាចាំបាច់​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​ បាន​បញ្ជាក់​ថា​ “នៅ​កម្ពុជា​ ភាគច្រើន​មុខ​ជំនួញ​នានា​ជា​លក្ខណៈ​គ្រួសារ​នៅឡើយ​ ស្ទើរតែ​ប្រៀបបានទៅ​នឹង​ទាសករ​អាជីវកម្ម​ ដែល​វា​មិនទាន់​មាន​លក្ខ​ណៈ​ស្ដ​ង់​ដារ​នៅឡើយ​នោះ​ទេ​”។

លោក​បាន​បន្ត​ទៀត​ថា​ “តាមរយៈ​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​ ខ្ញុំ​នឹង​យក​បទពិសោធន៍​របស់ខ្ញុំ​ដែល​មានការ​ទទួលស្គាល់​យ៉ាង​ទូលាយ​ជាស​កល​ មក​ចែករំលែក​ និង​ជួយ​ជ្រោមជ្រែង​ ពង្រឹង​ និង​ពង្រីក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​របស់​សហគ្រិន​ជាស​មា​ជិ​ក ឱ្យ​មានការ​វិវត្តន៍​ទៅជា​លក្ខ​ណៈ​ស្ដ​ង់​ដារ​អន្តរជាតិ​យ៉ាង​ប្រាកដ​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “សហគ្រិនភាព​នៅ​កម្ពុជា​ បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​នៅក្នុង​សង្គម​ ដែល​ក្រៅពី​អាច​ទទួល​បាន​ចំណេញ​លើ​អាជីវកម្ម​ ថែមទាំង​អាច​ជួយ​ចូលរួម​ដល់​សង្គមជាតិ​ទាំងមូល​ ដូចជា​ការ​ផ្តល់​ឱកាស​ការងារ​ ការ​បណ្តុះ​ចំណេះដឹង​ និង​ជំនាញ​បន្ថែម​ដល់​បុគ្គលិក​ ជាពិសេស​ចូលរួម​ជួយ​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​ការ​បង់ពន្ធ​លើ​ប្រាក់ចំណូល​” ៕

ផ្លូវថ្នល់​ចំនួន​ ៤៦ខ្សែ​ នៅ​ខេត្ត​ចំនួន១១​ កំពុង​ជួប​ភាព​លិចលង់​ និង​ប្រឈម​ការខូចខាត

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ​ឥទ្ធិពល​នៃ​គ្រោះ​ជំនន់​ទឹកភ្លៀង​ និង​ទឹកទន្លេ​មេគង្គ​ បាន​ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ស្ទើរ​ទូទាំង​ប្រទេស​ ជួបនឹង​ភាព​ខូចខាត​ជាច្រើន​ ដែល​ក្នុង​នោះ​ ខេត្ត​ ក្រុង​ ចំនួន១១​ កំពុងតែ​ប្រឈម​ និង​ទាមទារ​ឱ្យ​មានការ​ស្ដារ​ និង​ជួសជុល​ឡើងវិញ​ជាចាំបាច់​។

គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ស្ថិតិ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញថា​ ខេត្ត​ / ក្រុង​ចំនួន​ ១១​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ កំពុងតែ​ជួប​ភាព​លិចលង់​ និង​ធ្វើ​ឱ្យ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​មានការ​ខូចខាត​ ដែល​តម្រូវ​ឱ្យ​មានការ​ជួសជុល​ និង​ស្ដារ​ឡើងវិញ​ជាចាំបាច់​បន្ទាប់​ចប់​រដូវ​កាល​ទឹក​តម្លើង​នេះ​។

ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ បាន​មានប្រសាសន៍​ថា​ គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ មាន​ ខេត្ត​ / ក្រុង​ ចំនួន១១ហើយ​ ដែល​កំពុងតែ​ជួប​បញ្ហា​លិខ​លង់​ និង​ខូចខាត​ផ្លូ​ថ្នល់​។

ខេត្ត​ /ក្រុង​ទាំង១១​ ដែល​កំពុង​មានការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ រួមមាន​ដូចជា​ផ្លូវថ្នល់​ និង​ស្ពាន​ ដោយសារតែ​ជំនន់​ទឹកភ្លៀង​ និង​ទឹកទន្លេ​ខាងលើ​នេះ​មាន​ដូចជា​ ខេត្តមណ្ឌលគីរី​ ខេត្ត​រតនៈ​គីរី​ ខេត្តក្រចេះ​ ខេត្ត​ស្ទឹងត្រែង​ ខេត្តព្រះវិហារ​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​ត្បូងឃ្មុំ​ ខេត្ត​កំពង់ស្ពឺ​ ខេត្តកំពត​ ខេត្ត​កែប​ និង​ខេត្តកោះកុង​។

លោក​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​ថា​ “ភាព​ប្រឈម​នៃ​ខេត្ត​ទាំង១១ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ មាន​បណ្តាញ​ផ្លូវ​សរុប​ចំនួន៤៦ខ្សែ​ ត្រូវ​បាន​លិច​ និង​ខូចខាត​ ដែល​មាន​ប្រវែង​សរុប​ប្រមាណ​ជាង៦០គីឡូម៉ែត្រ​”។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ ក្រុមការងារ​ជំនាញ​បាន​ចុះ​ធ្វើសកម្មភាព​អន្តរាគមន៍​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​រីករាយ​ដាល​កាន់តែ​ធ្ងន់ធ្ងរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ជា​ជំហាន​ និង​ការ​ចង្អុលបង្ហាញ​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ ពេលនេះ​ក្រុង​អ្នកជំនាញ​បាន​ធ្វើការ​ស្រោចស្រង់​ និង​ស្ដារ​ប្រព័ន្ធ​លូ​ ប្រឡាយ​ និង​សាងសង់​ប្រពន្ធ​រំដោះ​ទឹកភ្លៀង​ និង​កខ្វក់​ ក្នុង​ខេត្ត​ និង​ក្រុង​ព្រះសីហនុ​ ក្រោម​ការ​ផ្តល់​ថវិកា​ពី​រដ្ឋាភិបាល​ចំនួន​ ១០០លាន​ដុល្លារ​ រួម​ជាមួយ​ថវិកាបដិភាគ​របស់​វិស័យ​ឯកជន​ចំនួន៤០០លាន​ដុល្លារ​”។

នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​ និង​ស្តារ​ផ្លូវជាតិ​លេខ៣​ និង​ផ្លូវ៣៣​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ភ្ជាប់​ទៅ​នឹង​គ្រោះ​ទឹកជំនន់​ដែល​កំពុង​បង្ក​ឱ្យ​មានការ​ខូចខាត​ផ្លូវ​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅតាម​បណ្តា​ខេត្ត​ទាំង១១ខាងលើ​នេះ​ រដ្ឋាភិបាល​ បាន​ត្រៀម​ឧបករណ៍​ គ្រឿងចក្រ​ រួម​ជាមួយ​ថវិកាបម្រុង​រួល​រាល់​សម្រាប់​ស្ដារ​ និង​ជួល​ជុល​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​បន្ទាប់ពី​រដូវ​ទឹក​តម្លើង​នេះ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​។

លោក​ទេស​រដ្ឋមន្ត្រី​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ បើ​ទោះជា​រដ្ឋាភិបាល​បាន​ជំរុញ​ និង​ខិតខំ​កសាង​ និង​ស្ដារ​ផ្លូវថ្នល់​ឱ្យ​ល្អ​យ៉ាងណាក៏ដោយ​ ក៏​ចាំបាច់​ត្រូវតែ​មានការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ និង​អ្នកប្រើ​ប្រាស់​ផ្លូវថ្នល់​ទាំងអស់គ្នា​ក្នុង​ការ​ថែរក្សា​ជា​សម្បត្តិ​រួម​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា​ ផ្លូវថ្នល់​ដែល​អាច​ប្រើជា​ប្រយោជន៍​ក្នុងរយៈពេល​ពេល​យូរ​ និង​មានគុណ​ភាពល្អ​ ត្រូវ​ពឹងផ្អែក​ទៅលើ៤​ចំណុច​ ទី១​ ការសាងសង់​ត្រូវ​បាន​ប្រាកដ​ថា​ធ្វើឡើង​ស្របតាម​បច្ចេកទេស​ ទី២​ ចៀសវាង​ការ​ជញ្ជូន​លើស​ទម្ងន់​ ទី៣​ មានការ​ចូលរួម​ក្នុង​ការ​ថែរក្សា​ឱ្យ​បាន​ល្អ​ ហើយ​ទី៤​ ការពារ​កុំឱ្យ​មាន​ទឹកហូរ​កាត់​ ដោយ​ត្រូវ​បាន​មាន​ប្រឡាយ​នៅអម​ទាំង​សង់​ខាង​ជាដើម​ ៕

អាសន្ន​៖ អ្នកបើកយន្តហោះ​ឱ្យ​ British​ Airways​ ធ្វើកូដកម្ម​ដោយ​ផ្អាក​រាល់​ជើងហោះហើរ​រយៈពេល​ពីរ​ថ្ងៃ​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​ British​ Airways​ (BA​) បាន​ផ្អាក​ការហោះហើរ​ទាំងអស់​ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១០​ ខែ​ កញ្ញា​នេះ​ ខណៈ​សមាគម​អ្នកបើកយន្តហោះ​ឱ្យ​ក្រុមហ៊ុន​ BA​ បាន​ជ្រើសរើស​ធ្វើកូដកម្ម​ជុំវិញ​ជម្លោះ​ប្រាក់ឈ្នួល​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ BA​ បានឱ្យ​ថា​ “យើង​យល់​ពី​សកម្មភាព​ធ្វើកូដកម្ម​របស់​សមាគម​ BALPA​ ដែល​ធ្វើ​ឱ្យ​អ្នកមាន​ខកចិត្ត​ និង​រំខាន​។

បន្ទាប់ពី​ជាច្រើន​ខែ​នៃ​ការ​ព្យាយាម​ដោះស្រាយ​វិវាទ​ប្រាក់ខែ​ យើង​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​”។

សកម្មភាព​ធ្វើកូដកម្ម​ដែល​មិនធ្លាប់​មាន​ពីមុន​ដោយ​សមាគម​អ្នកបើកយន្តហោះ​អាកាសចរណ៍​អង់គ្លេស​ (BALPA​) បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​សូម្បីតែ​ក្រុមហ៊ុន​ BA​ នៅពេល​ដែល​ពួកគេ​បាន​ចេញ​ព័ត៌មាន​ថ្មី​ៗនៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដល់​អ្នកដំណើរ​ និង​បាន​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​ដល់​សមាគម​អ្នកបើកយន្តហោះ​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ BA​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ ច័ន្ទ​ បានឱ្យ​ដឹង​ថា​ “ជាអកុសល​ ដោយ​គ្មាន​ព័ត៌មាន​លម្អិត​ពី​សមាគម​ BALPA​ ដែល​អាកាសយានិក​នឹង​ធ្វើកូដកម្ម​ យើង​គ្មាន​វិធី​ដឹង​ថា​តើមាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​មក​ធ្វើការ​ ឬយន្តហោះ​ណាមួយ​ដែល​ពួកគេ​មាន​សមត្ថភាព​ហោះហើរ​ ដូច្នេះ​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​លុបចោល​ជើងហោះហើរ​របស់​យើង​ជិត​ ១០០ភាគរយ​នោះ​ទេ​”។

យោង​តាម​សេចក្តី​ប្រកាស​របស់​សមាគម​ BALPA​ អ្នកបើកយន្តហោះ​ក្រុមហ៊ុន​ BA​ បាន​បោះឆ្នោត​ដើម្បី​ធ្វើបាតុកម្ម​កាលពី​ខែ​ កក្កដា​ ជាមួយនឹង​ការរាប់​សន្លឹកឆ្នោត​ចំនួន​ ៩៣​ ភាគរយ​ក្នុង​ការ​គាំទ្រ​សកម្មភាព​នេះ​។

លោក​ Brian​ Strutton​ អគ្គលេខាធិការ​សមាគម​ខាងលើ​ មានប្រសាសន៍​ថា​ “យើង​មិន​ចង់​មាន​ភាព​រអាក់រអួល​ដល់​អតិថិជន​របស់​យើង​ដែល​ជា​មូលហេតុ​ដែល​យើង​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​ការ​ចរ​ចារ​ដែល​ចាប់ផ្តើម​ពី​ខែ​ វិច្ឆិកា​ ឆ្នាំមុន​ តែ​ក្រុមហ៊ុន​ BA​ ជា​អ្នក​អូស​បន្លាយ​មកដល់ពេលនេះ​”។

អ្នកបើកយន្តហោះ​ក្រុមហ៊ុន​ BA​ បាន​ចោទប្រកាន់​រដ្ឋបាល​ក្រុមហ៊ុន​ BA​ ពី​កលល្បិច​សម្លុត​ និង​ចរចា​ប្រាក់ឈ្នួល​អយុត្តិធម៌​។

ការ​ចេញផ្សាយ​ដោយ​សមាគម​កាលពី​ថ្ងៃអាទិត្យ​ បានឱ្យ​ដឹង​ថា​ “អ្នកបើកយន្តហោះ​ដែលកាត់​បន្ថយ​ការប្រាក់​ខែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ក្រុមហ៊ុន​ បាន​និយាយ​ថា​ អ្នកគ្រប់គ្រង​បាន​ខកខាន​ពេលវេលា​ម្តង​ ហើយ​ម្តង​ទៀត​ដើម្បី​ស្តាប់​បុគ្គលិក​របស់​ពួកគេ​ ហើយ​ហាក់ដូចជា​បាន​កំណត់​ឱ្យ​អ្នកបើកបរ​យន្តហោះ​ធ្វើកូដកម្ម​”។

សមាគម​នេះ​បាន​ស្តី​បន្ទោស​ទៅលើ​រដ្ឋបាល​ដែល​ពួកគេ​ជឿ​ថា​បាន​ផ្តល់​ប្រាក់ឈ្នួល​អយុត្តិធម៌​ ហើយ​មិន​ចរចា​ដោយ​ស្មោះត្រង់​។

លោក​ Strutton​ មានប្រសាសន៍​ថា​ “មេដឹកនាំ​ក្រុមហ៊ុន​ដែល​ខ្លួន​គេ​ទទួល​បាន​ប្រាក់ខែ​ច្រើន​ ហើយ​មាន​កញ្ចប់​អត្ថ​ប្រយោជន៍​ជាច្រើន​នឹង​មិនព្រម​ស្តាប់​ទេ​ ហើយ​កំពុង​បដិសេធ​ក្នុង​ការចរចា​ និង​ដាក់​ប្រាក់ចំណេញ​មុន​តម្រូវការ​អ្នកដំណើរ​ និង​បុគ្គលិក​”៕

អាសន្ន​៖ ផ្ទះ​ជិត​មួយ​លាន​ខ្នង​គ្មាន​ថាមពល​អគ្គិសនី​ប្រើ ដោយសារ​ព្យុះ​ទី​ហ្វុ​ងវាយប្រហារ​ប្រទេស​ជប៉ុន​

0

ដោយ​ Donald​ Lee​

តូក្យូ​៖ ព្យុះ​ឈ្មោះ​ Faxai​ បាន​បោកបក់​ចូល​ក្រុង​តូក្យូ​នៅ​ថ្ងៃច័ន្ទ​នេះ​ បណ្តាល​ឱ្យ​ដាច់​ចរន្ត​អគ្គិសនី​ និង​ប៉ះពាល់​ដល់​លំនៅ​ដ្ឋាន​ជិត​មួយ​លាន​ខ្នង​ បិទទ្វារ​កន្លែង​ដឹកជញ្ជូន​សាធារណៈ​ស្ទើរតែ​ទាំងអស់​ និង​ផ្អាក​ប្រតិបត្តិ​ការ​នៅ​តាម​រោង​ចក្រ​ធំៗ​ជុំវិញ​ទីក្រុង​។

ទូរទស្សន៍​ NHK​ ដែល​ជា​ទូរទស្សន៍​ជាតិ​របស់​ជប៉ុន​បាន​ប្រកាស​ថា​ ព្យុះ​ Faxai​ គឺជា​ព្យុះ​ខ្លាំង​បំផុត​ដែល​វាយប្រហារ​ទីក្រុង​នេះ​ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល​ ១០​ ឆ្នាំ​។ ព្យុះ​បាន​បោកបក់​ចូល​ទីក្រុង​តូក្យូ​នៅ​ព្រឹកព្រលឹម​ថ្ងៃច័ន្ទ​ ហើយ​បន្ទាប់មក​បាន​រសាត់​ទៅ​សមុទ្រ​វិញ​។

យោង​តាម​ NHK​ ផ្ទះ​ជិត​មួយ​លាន​ខ្នង​ត្រូវ​បាន​ទុកចោល​ដោយ​គ្មាន​ថាមពល​ ហើយ​ជើងហោះហើរ​ ១៦០​ ជើង​ត្រូវ​បាន​លុបចោល​។រោងចក្រ​ផលិតកម្ម​ក៏​ត្រូវ​បាន​បិទទ្វារ​ផង​ដែរ​នៅ​ថ្ងៃ​ ច័ន្ទ​នេះ​។

រោងចក្រ​ Nissan​ ចំនួន​ ២ និង​រោងចក្រ​ Sony​ PlayStation​ ត្រូវ​បាន​បង្ខំឲ្យ​ផ្អាក​ផលិតកម្ម​ដោយសារ​ការ​ដាច់​ចរន្ត​អគ្គិសនី​៕

រដ្ឋាភិបាល​គ្រោង​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ ចំនួន​ ២៤០០​ មេ​ហ្កា​វ៉ាត់

0

​ដោយ ​វុត្ថា​

ភ្នំពេញ​៖ គណៈរដ្ឋ​មន្ត្រី​ នឹង​ចាប់ផ្តើម​ប្រជុំ​ពិភាក្សា​លើ​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ ២៤០០​ មេ​ហ្កា​វ៉ាត់​ពី​ប្រទេស​ឡាវ​នៅ​ថ្ងៃទី១១​ ​ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នសក​ម្ពុ​ជា​។

លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៩ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្រៅពី​ពិភាក្សា​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ ២៤០០​ មេ​ហ្កា​វ៉ាត់​ពី​ប្រទេស​ឡាវ​ គណៈរដ្ឋ​មន្ត្រី​ ក៏​នឹង​ពិភាក្សា​ និង​ឆ្លង​លើ​របៀបវារៈ​ដូចជា​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្រ្តី​ ដើម្បី​សុំ​ការ​អនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖ កិច្ច​ព្រមព្រៀង​អាស៊ាន​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​និង​ កិច្ច​ព្រមព្រៀង​ស្តី​ពី​ការបង្កើត​ក្របខណ្ឌ​សម្ព័ន្ធភាព​ថាមពល​ព្រះអាទិត្យ​អន្តរជាតិ​ផង​ដែរ​ ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ប៉ាន​ សូរ​ស័ក្តិ​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ស្នើ​ប្រទេស​ឡាវ​ ជួយ​សម្របសម្រួល​ និង​ពន្លឿន​ការ​បញ្ជូន​អគ្គិសនី​មកកាន់​ប្រទេស​កម្ពុជា​ ដោយ​អនុលោម​តាម​កិច្ច​ព្រមព្រៀង​ទិញ​-លក់​អគ្គីស​នី​ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ កាលពី​កំឡុង​ខែមីនា​ ឆ្នាំ២០១៩​ ដើម្បី​ធានា​ស្ថិរភាព​ការប្រើ​ប្រាស់​វិស័យ​ថាមពល​ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​ ប្រទេស​ឡាវ​ បាន​ឯកភាព​ជួយ​បំពេញ​តម្រូវការ​ប្រើប្រាស់​ថាមពលអគ្គីសនី​នៅក្នុង​ប្រទេស​ ខណៈ​ដែល​កម្ពុជា​កំពុង​សម្រុក​សាងសង់​រោងចក្រអគ្គិសនី​ ដើរ​ដោយ​ធ្យូងថ្ម​ ៧០០មេ​ហ្កា​វ៉ាត់​ នៅ​ខេត្ត​ព្រះសីហនុ​ និង​រោងចក្រ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ២៤០មេ​ហ្កា​វ៉ាត់​ នៅ​ខេត្ត​កំពង់ស្ពឺ​ កំពង់ឆ្នាំង​ និង​ពោធិ៍សាត់​ ដើម្បី​ដាក់​ឱ្យ​ដំណើរការ​ជាបន្តបន្ទាប់​នៅក្នុង​ឆ្នាំនេះ​ និង​ឆ្នាំក្រោយ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា​ ក្រៅពី​គម្រោង​ខាងលើ​ កម្ពុជា​ក៏បាន​ទិញ​ម៉ាស៊ីន​ភ្លើង​ធំៗ​ចំនួន​ពីរ​ ពី​ប្រទេស​ហ្វាំងឡង់​ និង​អាល្លឺម៉ង់​ ដើម្បី​បង្ការ​មិន​ឱ្យ​មាន​បញ្ហា​កង្វះ​អគ្គិសនី​កើតឡើង​ឆ្នាំក្រោយ​ ហើយ​នៅ​ថ្ងៃ​អនាគត​ បើសិនជា​យើង​មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់​ លើស​ពី​តម្រូវការ​ យើង​នឹង​លក់​ថាមពល​អគ្គិសនី​ ដែល​សល់​ពី​ការប្រើ​ប្រាស់​ក្នុង​ស្រុក​ ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ​៕

សណ្ឋាគារ​ទំនើប​តម្លៃ​ ៥លាន​ដុល្លារ​បើ​កសម្ភោ​ធជាលើកដំបូង​នៅ​ខេត្តកំពង់ធំ​

0

ដោយ ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ សណ្ឋាគារ​ប្រណីត​មួយ​តម្លៃ៥លាន​ដុល្លារ​ បាន​បើ​កសម្ភោ​ធជាលើកដំបូង​ក្នុង​ទីក្រុង​ស្ទឹងសែន​ នៅ​ខេត្តកំពង់ធំ​ ដែល​មានការ​ចូលរួម​ជា​អធិបតី​ពី​លោក​បណ្ឌិត​ថោង​ ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​។

សណ្ឋា​គា​នេះ​បាន​ដំណើរការ​សាងសង់​រយៈពេល៥ឆ្នាំ​ រហូត​លេចចេញ​ជារូបរាង​នា​ថ្ងៃនេះ​ ដែល​នេះ​ជា​ផលិតផល​ទេសចរណ៍​ និង​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​វិស័យ​ទេសចរណ៍​សម្រាប់​ខេត្តកំពង់ធំ​ ហើយដែល​នឹង​ជួយ​លើកកម្ពស់​គុណភាព​ផលិតផល​ និង​សេវាកម្ម​ស្នាក់នៅ​ ម្ហូបអាហារ​ កីឡា​ និង​សុខភាព​នៅ​ខេត្តកំពង់ធំ​ និង​ជា​ការ​តភ្ជាប់​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ជាមួយ​ប្រាសាទសំបូរព្រៃគុក​ និង​តំបន់​គោលដៅ​ទេស​ចរ​ណ៍​ផ្សេង​ៗទៀត​របស់​ខត្ត​កំពង់ធំ​។

សណ្ឋាគារ​នេះ​មាន៨៧បន្ទប់​ មាន​បុគ្គលិក​បម្រើការ៧៩នាក់​ ជា​ជនជាតិ​ខ្មែរ​ទាំងអស់​ មាន​បន្ទប់​ប្រជុំ៣​ មាន​សេវាកម្ម​ម្ហូបអាហារ​បែប​ខ្មែរ​ ចិន​ អឺរ៉ុប​ ជប៉ុន​ មាន​ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ កន្លែង​ស្ទីម​ សោ​ណា​ ម៉ាស្សា​ មាន​ Sky​ Bar​ នៅ​ជាន់​ខាងលើ​ និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​។ ជាង​នេះ​ទៀត​ សណ្ឋាគារ​នេះ​បាន​និង​កំពុង​ស្នើសុំ​ចំណាត់ថ្នាក់​ផ្កាយ​បួន​ពី​ក្រសួងទេសចរណ៍​។

លោក​ថោង​ ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​សណ្ឋាគារ​កំពង់​ធំ​រ៉ូ​យ៉ា​ល់​ នា​ថ្ងៃទី៩​ ​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​អបអរសាទរ​សមិទ្ធផល​ថ្មី​ដ៏​អស្ចារ្យ​នេះ​ និង​បាន​ផ្តល់​អនុសាសន៍​ និង​សំណូមពរ៣ចំនុច​ ដូចជា​ទី១​ សូម​ស្នើ​អោយ​ម្ចាស់​ និង​អ្នកគ្រប់គ្រង​សណ្ឋាគារ​ យកចិត្ត​ទុកដាក់​ជា​សំខាន់​ចំពោះ​គុណភាព​សេវាកម្ម​ និង​គុណ​វុឌ្ឍ​របស់​បុគ្គលិក​។ រាល់​សេវាកម្ម​ដែល​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ ត្រូវតែ​ជា​សេវាកម្ម​ដែល​មានគុណ​ភាព​ស្របតាម​បទដ្ឋាន​ និង​ការណែនាំ​របស់ក្រ​សួង​ទេសចរណ៍​ និង​សូម​យកចិត្ត​ទុកដាក់​ចំពោះ​ការ​បណ្តុះបណ្តាល​ជំនាញ​ ដល់​បុគ្គលិក​គ្រប់​ថ្នាក់​ ទាំង​Hard​ Skill​ និង​ Soft​ Skill​។

ទន្ទឹម​នឹង​នេះ​ មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​ ត្រូវ​បង្ក​លក្ខណៈ​ឱ្យ​ដល់​គ្រប់​បុគ្គលិក​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍​ ចូលរួម​វគ្គ​បណ្តុះបណ្តាល​ឡើងវិញ​ (refreshment​) ឱ្យ​បាន​ទៀងទាត់​ និង​ជាប់​ជាប្រចាំ​។

ទី២ស្នើ​ដល់​រដ្ឋបាល​ខេត្តកំពង់ធំ​ពន្លឿន​ ការងារ​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ដែល​មាន​សក្តា​នុ​ពល​ ដូចជា​ ហេដ្ឋារចនាសម្ព័ន្ធ​ ពង្រឹង​យន្តការ​គ្រប់គ្រង​ សណ្តាប់​ធ្នាប់​។ និង​ស្នើ​ឱ្យ​មន្ទីរ​ទេសចរណ៍​ដែល​ជា​សេនាធិការ​ជំនាញ​ ផ្តល់​ការ​បណ្តុះបណ្តាល​ឱ្យ​បាន​ជាប្រចាំ​ដល់​មូលដ្ឋាន​ អាជីវកម្ម​ទេសចរណ៍​នៅក្នុង​គោលដៅ​ទាំងនោះ​។ នៅពេល​ដែល​យើង​មាន​គោលដៅ​ទេសចរណ៍​ច្រើន​ក្នុង​ខេត្ត​ ភ្ញៀវ​ទេសចរ​នឹង​ស្នាក់នៅ​កាន់តែ​យូរ​នៅក្នុង​ខេត្ត​ (រយៈពេល​នៃ​ ការ​ស្នាក់នៅ​នឹងអាច​កើន​ពី១យប់​ ទៅ២យប់​ឬ៣យប់​) ពេលនោះ​តម្រូវការ​បន្ទប់​ស្នាក់នៅ​ នឹង​កើនឡើង​ដល់១៣០០បន្ទប់​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​ទេសចរណ៍​។

ទី៣​ ស្នើ​ដល់​ម្ចាស់​ និង​អ្នកគ្រប់គ្រង​សណ្ឋាគារ​កំពង់​ធំ​រ៉ូ​យ៉ា​ល់​ ចូលរួម​គាំទ្រ​ដល់​ផលិតផល​ក្នុង​ស្រុក​ ពិសេស​ គឺ​ផលិតផល​សហគមន៍​ក្នុង​ខេត្ត​កំ​ពង​ធំ​តែម្តង​ ទាំង​ការប្រើ​ប្រាស់​សម្រាប់​គោលបំណង​តុបតែង​លម្អ​ ការ​ផ្គត់ផ្គង់​សម្ភារៈ​ក្នុង​បន្ទប់​ស្នាក់នៅ​ និង​ភោជនីយដ្ឋាន​៕

ពោធិ៍​សែន​ជ័យ​ជាប់​កំណត់ត្រា​ជា​ខណ្ឌ​ដែល​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ច្រើនជាង​គេ​នៅក្នុង​រាជធានី​ភ្នំពេញ​

0

ដោយ​៖​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុងចំណោម​ខណ្ឌ​ទាំង១៤​ ក្នុង​រាជធានី​ភ្នំពេញ​ ពោធិ៍​សែន​ជ័យ​ បាន​ជាប់​នៅក្នុង​កំណត់ត្រា​ជា​ខណ្ឌ​ ដែល​មានការ​ផ្គត់ផ្គង់​ចំនួន​លំនៅ​ដ្ឋាន​គ្រប់​ប្រភេទ​ច្រើនជាង​គេ​ និង​មាន​កំណើន​ជាប្រចាំ​ឆ្នាំ​ប្រមាណ៦ភាគរយ​ក្នុង​មួយឆ្នាំ​ ជាមួយនឹង​ការព្យាករណ៍​ថា​ រហូតដល់​ឆ្នាំ២០៣០ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​នៅ​ ក្នុង​ខណ្ឌ​មួយ​នេះ​នឹង​កើនឡើង​ប្រមាណ
៧៧​,០០០ខ្នង​។

យោង​តាម​របាយការណ៍​ ដែល​សិក្សា​ដោយក្រុម​ហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ V-Trust​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន១៤​ ប៉ុន្តែ​ចំពោះ​ខណ្ឌ​ ដែល​មាន​សកម្មភាព​យ៉ាងសកម្ម​ នៅក្នុង​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​មានត្រឹមតែ​ចំនួន៧ខណ្ឌ​តែប៉ុណ្ណោះ​ រួមមាន​ ខណ្ឌោ​ធិ៍​សែន​ជ័យ​ ខណ្ឌដង្កោ​ ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌឫស្សីកែវ​ ខណ្ឌ​សែនសុខ​ ខណ្ឌ​ច្បារអំពៅ​ និង​ខណ្ឌមានជ័យ​។

នៅក្នុង​របាយការណ៍​ដដែល​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ ខណ្ឌ​ទាំង៧នេះ​នៅតែ​បន្ត​កំណើន​កើនឡើង​នូវ​ចំនួន​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ រហូតដល់១០ឆ្នាំទៅ​មុខ​ទៀត​ ខណៈ​ដែល​តម្រូវការ​នៅ​មាន​ភាព​ទូលំទូលាយ​ច្រើន​។ នៅក្នុង​នោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌដង្កោ​ ខណ្ឌ​ជ្រោយ​ចង្វា​រ នឹង​មាន​កំណើន​ប្រមាណ៤ដង​នៅ​ឆ្នាំ២០៣០​ បើ​ធៀប​នឹង​ចំនួន​ពេល​បច្ចុប្បន្ន​ ហើយ​ខណ្ឌឫស្សីកែវ​ ខណ្ឌ​សែនសុខ​ ខណ្ឌ​ច្បារអំពៅ​ នឹង​មាន​កំណើន៣ដង​ ដោយឡែក​ចំពោះ​ខណ្ឌមានជ័យ​ នឹង​មាន​កំណើន​ត្រឹមតែ២ដង​តែប៉ុណ្ណោះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​ទទួលស្គាល់​ទៅ​នឹង​ការសិក្សា​ខាងលើ​ ដោយ​លោក​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ថា​ ការ​កើនឡើង​នូវ​ចំនួន​លំនៅ​ដ្ឋាន​គឺ​នៅក្នុងចំណោម​ខណ្ឌ​ ដែល​ស្ថិតនៅ​វា​អាស្រ័យ​ទៅ​នឹង​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​ ដោយឡែក​ចំពោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង​គឺ​នៅ​មានតម្លៃ​ធូ​ថ្លៃ​នៅឡើយ​ និង​មាន​ភាព​ទូលាយ​ច្រើន​ ដែល​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ភាគច្រើន​លំនៅ​ដ្ឋាន​ដែល​ត្រូវ​បាន​អភិវឌ្ឍ​នៅក្នុង​ខណ្ឌ​មួយ​នេះ​ជា​មិន​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ប៉ុន្តែ​ហាក់​មិនសូវ​អនុគ្រោះ​ដល់​វិស័យ​ពាណិជ្ជកម្ម​ខ្នាត​មធ្យម​ ដូចជា​ ខណ្ឌ​សែនសុខ​នោះ​ទេ​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ស្ទើ​តែ​គ្រប់​បណ្តា​ខណ្ឌ​ទាំងអស់​ដែល​ចំណុះ​ឱ្យ​រាជធានី​ភ្នំពេញ​ នឹង​មាន​ភាពល្អ​ប្រសើរ​ និង​រីកចម្រើន​ដូចគ្នា​ ដោយសារតែ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ពង្រីក​និង​ពង្រឹង​ការ​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ ដូចជា​ហេ​ដ្ឋា​រច​ នា​សម្ព័ន្ធ​ផ្លូវថ្នល់​ បណ្តាញ​អគ្គិសនី​ ប្រព័ន្ធ​ទឹក​ស្អាត​ រួម​ជាមួយនឹង​ការបង្កើត​តំបន់​កម្សា​ ន្ត​សាធារណៈ​ស្ទើរគ្រប់​កន្លែង​ទាំងអស់​”។

នៅក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា​ ចំនួន​លំនៅ​ដ្ឋាន​ដែល​បាន​សាងសង់​រួចរាល់​ត្រឹម​ឆ្នាំ២០១៨​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ចំនួន៤៥​,០០០ខ្នង​ ស្មើនឹង​កំណើន៦ភាគរយ​ក្នុង​មួយឆ្នាំ​ ខណ្ឌ​សែនសុខ​មាន​ចំនួន២៣០០០ខ្នង​ ស្មើ​នឹង​កំនើន​១០ភាគរយ​​ក្នុង​មួយឆ្នាំ​ ខណ្ឌដង្កោ​មាន​ចំនួន​ ២១០០០ខ្នង​ ស្មើ​នឹង​កំនើន១២ភាគរយ​ ខណ្ឌ​ច្បារអំពៅ​មាន​ចំនួន​ ១៤៥០០ខ្នង​ ស្មើ​នឹង​កំនើន១០ភាគរយ​ ខណ្ឌមានជ័យ​មាន​ចំនួន១២០០០ខ្នង​ស្មើ​នឹង​កំនើន៩ភាគរយ​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រមាន​ចំនួន​ ៦៥០០ខ្នង​ ស្មើ​នឹង​កំនើន១២ភាគរយ​ក្នុង​មួយឆ្នាំ​៕

វៀតណាម​នឹង​សង់​ផ្លូវ​ល្បឿន​លឿន​តម្លៃ​ ១,៣ ពាន់​លាន​ដុល្លារ​ភ្ជាប់​ជាមួយ​កម្ពុជា​ដើម្បី​តភ្ជាប់​បណ្តាញ​ភ័ស្តុភារ​កម្ម​

0

ដោយ​ Donald​ Lee​

វៀតណាមៈ​ រដ្ឋាភិបាល​ប្រទេស​វៀតណាម​ បាន​ប្រកាស​ផែនការ​សាងសង់​គម្រោង​ផ្លូវ​ល្បឿន​លឿន​តម្លៃ ១​,៣ពាន់​លាន​ដុល្លារ​ នៅ​តំបន់​ដីសណ្ដ​មេគង្គ​ដែល​នឹង​ភ្ជាប់​បណ្តាញ​ផ្លូ​វធំៗ​ជាមួយ​កម្ពុជា​ដូចជា​ផ្លូវជាតិ​លេខ២​។

គម្រោង​ដ៏​ធំ​នេះ​ នឹង​ត្រូវ​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​សាជីវកម្ម​ Cuu​ Long​ របស់​រដ្ឋាភិបាល​វៀតណាម​ សម្រាប់​ការ​អភិវឌ្ឍ​ការ​វិនិយោគ​ និង​ការគ្រប់គ្រង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។ វា​នឹង​ភ្ជាប់​តំបន់​ចូវ​ដុក​ទៅ​ទីក្រុង​ Soc​ Trang​ ព្រំដែន​វៀតណាម​-កម្ពុជា​ដែល​មាន​ផ្នែក​ខ្លះ​ស្រប​ទៅ​នឹង​ទន្លេបាសាក់​ និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៩១របស់​វៀតណាម​។

ដំណាក់កាល​ដំបូង​នៃ​គម្រោង​ប្រវែង១៥៥​ គីឡូម៉ែត្រ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០២៣​ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​ក្នុងរយៈពេល៣ឆ្នាំ​។ ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មាន​ល្បឿន​កំណត់១២០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

គម្រោង​ដ៏​ធំ​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ដឹក​ជញ្ចូន​ជាមួយ​កម្ពុជា​ និង​ភ្ជាប់​ទៅ​នឹង​ផ្លូ​វធំៗ​របស់​កម្ពុជា​ដូចជា​ផ្លូវជាតិ​លេខ២​។

គម្រោង​នេះ​ នឹង​រួមបញ្ចូល​ការសាងសង់​ស្ពាន​ចំនួន១៣០​ និង​ផ្លូវ​ប្រសព្វ​ចំនួន៥០​ ដែល​នឹង​តភ្ជាប់​ទៅ​ផ្លូ​វធំៗ​ នៅ​តំបន់​ដីសណ្ដ​មេគង្គ​៕

ក្រុម​អ្នក​តវ៉ា​ហុងកុង​ស្នើសុំ​អាមេរិក​ជួយ​ទប់ទល់​នឹង​ទីក្រុង​ប៉េកាំង​ ខណៈ​ចិន​ព្រមាន​ថា​នឹង​បំបែក​រាល់​ចលនា​អបគមន៍​

0

ដោយ​ Donald​ Lee​

ហុងកុង​៖ ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​ម្តង​ទៀត​ បន្ទាប់ពី​ការ​តវ៉ា​ដ៏​ហិង្សា​មួយ​កាលពី​ចុង​សប្តាហ៍​ ដែល​ធ្វើ​ឱ្យ​មើលទៅដូចជា​តំបន់​សង្គ្រាម​ ខណៈ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​គំរាម​បំបែក​សកម្ម​ណាមួយ​ ដែល​កំពុង​រំខាន​ដល់​ការ​បំបែក​ខ្លួន​ពី​ចិន​។

ហ្គា​សប​ង្ហូរ​ទឹកភ្នែក​ពី​ប៉ូលី​ស និង​ភ្លើង​ឆេះ​នៅ​តាម​ដងផ្លូវ​ដោយ​បាតុករ​បាន​ធ្វើបាតុកម្ម​ បាន​ផ្ទុះឡើង​នៅ​ចុង​សប្តាហ៍​ នៃ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ប៉ូលី​ស និង​ក្រុម​បាតុករ​ហុងកុង​។

ភាព​វឹកវរ​បាន​ផ្ទុះ​ឡើង​ភ្លាម​ៗ បន្ទាប់ពី​ក្រុម​អ្នក​តវ៉ា​បាន​ដង្ហែក្បួន​ទៅកាន់​ស្ថាន​កុងស៊ុល​អាមេរិក​ ដោយ​ស្រែក​ពាក្យស្លោក​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថា​ តស៊ូ​ដើម្បី​សេរីភាព​ ក្រោកឈរ​ជាមួយ​ហុងកុង​ និង​ទបទ​ល់​ជាមួយនឹង​ទីក្រុង​ប៉េកាំង​ ដោះលែង​ហុងកុង​។

រដ្ឋាភិបាល​ចិន​ បាន​ផ្តល់​ការ​ត្រួតពិនិត្យ​ការខូចខាត​យ៉ាង​ឆាប់រហ័ស​ តាមរយៈ​អង្គភាព​សារព័ត៌មាន​រដ្ឋ​របស់​ខ្លួន​គឺ​កាសែត​ចិន​ Chinese​ Daily​ ។

វិចារណកថា​មួយ​នៅ​ថ្ងៃ​ ច័ន្ទ​បានឱ្យ​ដឹង​ថា​ អំ​ពើ​ហឹង្សា​នៅ​ចុង​សប្តាហ៍​ ជា​លទ្ធផល​នៃ​កម្លាំង​ខាងក្រៅ​រៀបចំ​នយោបាយ​នៅក្នុង​ទឹកដី​ ហើយ​ថា​ ចលនា​ណាមួយ​ដើម្បី​លើកកម្ពស់​ការ​ធ្វើ​អបគមន៍​នឹង​ត្រូវ​កំទេច​។

វិចារណកថា​របស់​កាសែត​ចិន​បាន​សរសេរ​ថា​ “ហុងកុង​គឺជា​ផ្នែក​មួយ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ចិន​ទេ​ ហើយ​នោះ​គឺជា​បន្ទាត់​សំខាន់​ ដែល​គ្មាន​នរណា​ម្នាក់​គួរ​ប្រឈម​ មិនមែន​ក្រុម​បាតុករ​ មិនមែន​កង​កំលាំង​បរទេស​ដែល​លេងល្បែង​កខ្វក់​របស់​ពួកគេ​ឡើយ​”៕

តើ​ប្លុក​សេដ្ឋកិច្ច​ថ្មី​ដែល​មានតម្លៃ​ ១០​,៣ ទ្រី​លាន​ដុល្លារ​នឹង​ជួយ​លើក​កំពស់​សេដ្ឋកិច្ច​សាកល​យ៉ាងដូច​ម្តេច​?

0

ដោយ​ ម៉ា​ណេត​

បាង​កកៈ​ ងាក​ចេញពី​សហរដ្ឋអាមេរិក​ ប្រទេស​ចិន​បាន​និង​កំពុង​ចាប់ដៃ​ជាមួយ​អាស៊ាន​ និង​បណ្តា​ប្រទេស​ចំនួន៦ទៀត​ ដើម្បី​បង្កើត​ប្លុក​សេដ្ឋកិច្ច​ថ្មី​មួយ​នៅក្នុង​ពិភពលោក​ ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​តម្លៃ ១០​,៣ទ្រី​លាន​ដុល្លារ​ ជាគោល​នយោបាយ​កាត់បន្ថយ​ការពឹងផ្អែក​សហរដ្ឋអាមេរិក​។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ និង​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ទាំង​ ១០​ និង​ដៃគូ​ពាណិជ្ជកម្ម​ចំនួន៦​ បាន​អះអាង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ពន្លឿន​ការ​បញ្ចប់​ការចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) នៅ​ចុងឆ្នាំ​នេះ​។

លោក​ Jurin​ Laksanawisit​ ឧបនាយក​រដ្ឋមន្រ្តី​ និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ រដ្ឋមន្រ្តី​មក​ពី១៦​ ប្រទេស​បាន​ឯកភាព​លើ​កិច្ចពិភាក្សា​ដែល​គួរតែ​ត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗនេះ​ ហើយ​លទ្ធផល​នៃ​ការចរចា​ដែល​បាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​ វិច្ឆិកា​។

លោក ​Jurin​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃច័ន្ទ​ បន្ទាប់ពី​ការ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ RCEP​ លើក​ទី៧នៅ​ទីក្រុង​បាងកក​ថា​ ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ RCEP​ ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើឡើង​នៅ​ឆ្នាំ២០២០​។លោក​ Jurin​ ឱ្យ​ដឹង​ថា​ គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​ (RCEP​-TNC​) នឹង​តាមដាន​ការ​ជជែក​នៅ​ឯកិច្ចប្រជុំ​នៅ​ដា​ណាង​ ប្រទេស​វៀតណាម​នៅ​ថ្ងៃទី១៩​-២៧​ ខែកញ្ញា​។

លោក​បាន​មានប្រសាសន៍​ថា​ “បណ្តា​ប្រទេស​អាស៊ាន​ និង​ដៃគូ​សន្ទនា​របស់​ពួកគេ​បាន​ឯកភាព​គ្នា​ថា​ មាន​ភាព​បត់បែន​នៅក្នុង​វិ​ស័យ​ផ្សេង​ៗគ្នា​ រួមមាន​ការ​ចូល​ទៅកាន់​ទីផ្សារ​សេវាកម្ម​ និង​ការ​វិនិយោគ​ ដូច្នេះ​កិច្ចពិភាក្សា​អាច​ត្រូវ​បាន​បញ្ចប់​”។

លោក​បាន​បន្ថែម​ថា​ “ដោយ​មើលឃើញ​ពី​ស្ថានភាព​ពាណិជ្ជកម្ម​សកល​ និង​ភាព​មិន​ប្រាកដប្រជា​នៅពេល​បង្កើត​ឡើង​រួច​ កិច្ច​ព្រមព្រៀង​ RCEP​ នឹង​ជម្រុ​ញពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ សម្រាប់​ប្រទេស​ទាំង​ ១៦​”។

នៅពេល​ត្រូវ​បាន​សួរ​អំពី​ការពិភាក្សា​បន្ត​នៅ​ដា​ណាង​ លោក​ Jurin​ បាន​ឆ្លើយ​ថា​ អ្នកចរចា​ត្រូវ​បាន​ជូនដំណឹង​ថា​ រដ្ឋាភិបាល​ចង់​អោយ​ការចរចា​បញ្ចប់​។ លោក​បាន​និយាយ​ថា​ “ដូច្នេះ​ ពួកគេ​នឹង​ត្រូវ​បាន​ជម្រុ​ញឱ្យ​មាន​ភាព​បត់បែន​”។

កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ លោកនាយក​រដ្ឋមន្រ្តី​ Prayut​ Chan​-o-cha​ ក៏បាន​និយាយ​ផង​ដែរ​ថា​ អាស៊ាន​ និង​ដៃគូ​សន្ទនា​របស់​ខ្លួន​គួរតែ​បញ្ចប់​កិច្ចចរចា​ស្តី​ពី​ RCEP​ ដែល​រយៈពេល​យូរ​នៅ​ខែ​ វិច្ឆិកា​នេះ​។

គំនិត​ផ្តួចផ្តើម​ RCEP​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​ វិច្ឆិកា​ ឆ្នាំ២០១២​ ក្នុង​គោលបំណង​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ស៊ីជម្រៅ​ ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង១០​ និង​ដៃគូ​ចំនួន៦របស់​ខ្លួន​គឺ​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្ត្រាលី​ ឥណ្ឌា​ និង​ញូ​វហ្សេ​ឡែន​។

​;បច្ចុប្បន្ន​នេះ​អ្នកចរចា​មក​ពី​ប្រទេស​ ដែល​ចូលរួម​ទាំងអស់​បាន​បញ្ចប់​ការពិភាក្សា​លើ​មាត្រា​ចំនួន៧​ ពី​មាត្រា២០​ ដែល​រួមមាន​ការសម្រប​សម្រួល​គយ​ និង​ពាណិជ្ជកម្ម​ លទ្ធកម្ម​របស់​រដ្ឋ​ កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​បច្ចេកទេស​ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​។

មាត្រា១៣​ ដែល​នៅសល់​ទាក់ទង​នឹង​បញ្ហា​ជាច្រើន​ ពី​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និច​រហូតដល់​ការប្រកួត​ប្រជែង​ សិទ្ធិ​កម្មសិទ្ធិ​បញ្ញា​ ទូរគមនាគមន៍​ និង​ការពង្រីក​ទីផ្សារ​សម្រាប់​ទំនិញ​សេវាកម្ម​ និង​ការ​វិនិយោគ​។

ការចរចា​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត៧ឆ្នាំ​ តាមរយៈ​កិច្ចពិភាក្សា​ជាច្រើន​ជុំ​។ កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​រារាំង​ ដោយ​កង្វះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ដៃគូ​មួយចំនួន​ដូចជា​ចិន​-ជប៉ុន​ ឥណ្ឌា​-ចិន​ និង​ឥណ្ឌា​-អូស្ត្រាលី​-ញូ​រហ្សេល​ឡែន​។

នៅពេល​ដែល​ RCEP​ ត្រូវ​បាន​បញ្ចប់​ប្រទេស​ទាំង១៦​ នឹង​បង្កើត​ជា​ប្លុក​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដ៏​ធំ​មួយ​ ដែល​មាន​ប្រជាជន​ប្រមាណ៣.៥៦ពាន់​លាន​នាក់​ ហើយ​ស្មើនឹង​ប្រមាណ១​ ភាគ៣នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។

ទំហំ​ពាណិជ្ជកម្ម​រួមគ្នា​រវាង​ប្រទេស​ហត្ថលេខី​ នឹង​លើស​ពី១០​,៣ ទ្រី​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង២៩ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​។

ជាមួយគ្នា​នេះ​ដែរ​ លោកស្រី​ Oramon​ Sapthaweetham​ អគ្គនាយក​នៃ​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ​បាន​និយាយ​ថា​ កិច្ចប្រជុំ​លើក​ទី៥១​ នៃ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ (AEM​) បាន​ទទួលស្គាល់​បញ្ហា​ចំនួន៤ដែល​ត្រូវ​បាន​ជំរុញ​ទៅមុខ​ រួម​ទាំង​ការជំរុញ​សម្រាប់​ការពង្រីក​ពាណិជ្ជកម្ម​ នៅក្នុង​តំបន់​អាស៊ាន​ដល់ ១​,១៨​ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៥​ ក្រោម​បដិវត្ត​ឧស្សាហកម្ម​ទី៤​។

លោកស្រី​បាន​និយាយ​ថា​ កិច្ចប្រជុំ​នេះ​ក៏បាន​តាមដាន​លើ​បញ្ហា​សេដ្ឋកិច្ច​ចំនួន​ ១៣​ ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​ថៃ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ និង​គ្រប់គ្រង​ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​បញ្ហា​ចំនួន៧​។

លោកស្រី​បន្ត​ថា​ បញ្ហា​ដែល​នៅ​សេសសល់​ រួមមាន​ការពង្រីក​ប្រព័ន្ធ​ច្រកចេញ​ចូល​តែមួយ​អាស៊ាន​ ដើម្បី​បញ្ចូល​ប្រទេស​អាស៊ាន​ទាំង១០​ និង​ផែនការ​សកម្មភាព​ក្រោម​វេទិកា​ឌីជីថល​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​ មុន​ពេល​អាណត្តិ​របស់​ប្រទេស​ថៃ​ជា​ប្រធាន​អាស៊ាន​បញ្ចប់​។

ដោយឡែក​សម្រាប់​ប្រព័ន្ធ​ច្រកចេញ​ចូល​តែមួយ​អាស៊ាន​ ឥឡូវនេះ​ប្រទេស​ប្រ៊ុយណេ​ និង​កម្ពុជា​បាន​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​នេះ​ ដែល​ធ្វើ​ឱ្យ​ចំនួន​សមាជិក​អាស៊ាន​សរុប​ផ្លាស់​ប្តូរ​វិញ្ញា​បន​ប័ត្រ​ប្រភព​ដើម​ឌី​អេ​ឡិច​ត្រូ​និច​ដល់ទៅ៧ប្រទេស​។

ប្រទេស​មីយ៉ាន់ម៉ា​ ឡាវ​ និង​ហ្វីលីពីន​ត្រូវ​រំពឹង​ថា​នឹង​ចូលរួម​នៅ​ចុងឆ្នាំ​នេះ​៕