រយៈពេល៧ខែ​ដើមឆ្នាំ​ ២០១៩​ ទុន​វិនិយោគ​វិស័យ​សំណង់​មាន​ជាង​ ១ពាន់​លាន​ដុល្លារ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ គិត​ត្រឹម​ខែកក្កដា​ឆ្នាំ២០១៩​ វិស័យ​សំណង់​នៅ​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ជាង១​ ១៧៣លាន​ដុល្លារ​ ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់​តែ​ខ្លំា​ងក្លា​ ដើម្បី​ជួយ​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ​។

នៅក្នុង​របាយការណ៍​បាន​បង្ហាញថា​ នៅក្នុង​រយៈពេល៧ខែ​ឆ្នាំ២០១៩​ នេះ​ វិស័យ​សំណង់​នៅ​កម្ពុជា​មាន​គម្រោង​សរុប​ចំនួន​ ៥២៥​ គម្រោង​ដែល​គិតជា​ទឹកប្រាក់​មាន​ទុន​វិនិយោគ​ចំនួន​ ១ ១៧៣​ ៧០៣​ ៨៧៣​ ដុល្លារ​។

របាយការណ៍​បូកសរុប​ការងារ​ប្រចាំខែ​កក្កដា​ឆ្នាំ២០១៩​ និង​ទិសដៅ​បន្ត​របស់ក្រ​សួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​អះអាង​ថា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែកក្កដា​ឆ្នាំ២០១៨​ វិស័យ​មាន​គម្រោង​ត្រឹមតែ​ ៣៣០គម្រោង​ប៉ុណ្ណោះ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​ ៨៤៣លាន​ដុល្លារ​មានការ​កើនឡើង​ជាង​ ៣៩​ ភាគរយ​។

គម្រោង​សំណង់​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​ក្រសួង​ មាន​ចំនួន​សរុប​ចំនួន​ ៤៤​ គម្រោង​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ១០៤៤​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ២០១៨មាន​ចំនួន​តែ​ ៤១គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៨០៦​ លាន​ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង​ ២៩ភាគរយ​។

ចំណែក​គម្រោង​សំណង់​ស្ថិត​ក្រោម​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​ ខេត្ត​វិញ​ មាន​ចំនួន​សរុប​ចំនួន​ ៤៨១​ គម្រោង​ ដែល​មានតម្លៃ​ទុន​វិនិយោគ​ប្រមាណ​ជាង​ ១២៩​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ២០១៨​ មាន​ចំនួន​ ២៨៩គម្រោង​ មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៣៦ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង​ ២៥១​ ភាគរយ​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ សម្រាប់​វិស័យ​សំណង់​អាគារ​ សំណង់​លំនៅ​ដ្ឋាន​នៅ​ទូ​ទំាង​ប្រទេស​គិត​ត្រឹម​ខែកក្កដា​នេះ​មាន​ចំនួន​សរុប៤៣៨គម្រោង​ ដែល​មាន​ទុន​វិយោគ​ ជាង​ ៤៧៣​ ដុល្លារ​ ស្មើ​និង​ ៨០១ខ្នង​។

ដោយឡែក​ គម្រោង​អគា​ខ្ពស់​ៗចាប់ពី​កម្ពស់៥ជាន់ឡើង​នៅ​ទូទាំង​ប្រទេស​ក្នុង​ខែកក្កដា​ ឆ្នាំ២០១៩​ មា​នន​ចំនួន​ ៦៩​ អាគារ​ ក្នុង​នោះ​កម្ពស់​ចាប់ពី​ ៥ជាន់​ ទៅដល់​កម្ពស់៩ជាន់​មាន​ ៣៤អគារ​ ពី​កម្ពស់១០ជាន់​ទៅ​ កម្ពស់១៩ជាន់​មាន​ចំនួន២៤អគារ​ ពី​កម្ពស់​ ៣០ជាន់​ទៅ​ ៣៩ជាន់​មាន​ចំនួន​ ៧អគារ​ពី​កម្ពស់​ ៤០ជាន់ឡើង​ទៅ​ មាន​ចំនួន១អគារ​។

សម្រាប់​ខេត្ត​ព្រះសីហនុ​ មាន​គម្រោង​អគា​ខ្ពស់​ៗចាប់ពី​កម្ពស់៥ជាន់ឡើង​ទៅ​ក្នុង​ខែ​ កក្កដា​ឆ្នាំ២០១៩​ មាន​ចំនួន៤៣​ អគារ​៕

កម្ពុជា​ និង​ ADB​ គ្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​ក្រុង​បាវិត

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​អាជ្ញាធរ​ខេត្តស្វាយរៀង​ សហការ​ជាមួយនឹង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) សិក្សា​ និង​ដាក់​ផែនការ​លើ​ការងារ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​ក្រុង​បាវិត​។

យោង​តាម​កិច្ចប្រជុំ​នៃ​រវាង​អាជ្ញាធរ​កម្ពុជា​និង​ តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) កាលពី​កន្លង​មក​ថ្មី​ៗនេះ​ បាន​ពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​ការងារ​រៀបចំ​សិក្សា​អំពី​គំរោង​ និង​ប្លង់​គោល​ដើម្បី​អភិវឌ្ឍន៍​ជា​ជំ​ហាន​ៗ នៅក្នុង​ក្រុង​បាវិត​មាន​ដូចជា​ វិស័យ​គមនាគមន៍​ វិស័យ​ទឹក​ស្អាត​ ប្រព័ន្ធ​លូ​បង្ហូរទឹក​ អាង​ចម្រោះ​ទឹក​កខ្វក់ ​(អាង​ប្រព្រឹត្តិ​កម្ម​) ការ​កែ​ឆ្នៃ​សម្រាម​ កាកសំណល់​រឹង​រាវ​ជាដើម​។

លោក​ ហែម​ ពិសិដ្ឋ​ អភិបាលរង​ខខេត្តស្វាយរៀង​ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ប្រតិភូ​ នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB​) ដែល​បាន​យក​ក្រុង​បាវិត​ជាគោល​ដៅ​ក្នុង​ ការសិក្សា​គម្រោង​ទៅលើ​វិស័យ​មួយចំនួន​ ដើម្បី​ប្រែក្លាយ​ឱ្យ​ក្រុង​មួយ​នេះ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​បន្ថែម​ទៀត​ ជាមួយ​នេះ​រដ្ឋបាល​ខេត្តស្វាយរៀង​ អង្គភាព​ពាក់ព័ន្ធ​ និង​សហការ​ជានិច្ច​ដើម្បី​ឱ្យ​គម្រោង​មួយ​នេះ​ទទួល​បាន​ជោគជ័យ​។

គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​បាន​ និង​កំពុង​រៀបចំ​តភ្ជាប់​ទៅកាន់​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ជាទី​ក្រុង​ដែល​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ ក្នុង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នា​ពេល​អនាគត​។

បច្ចុប្បន្ន​នេះ​ក្រុង​បាវិត​បាន​ និង​កំពុង​ពង្រីក​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ ដោយសារ​ការពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ និង​កំនើ​នវិ​និ​យោគ​ផ្ទាល់​ពី​បរទេស​កំពុង​កើនឡើង​។

រាជរដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ក្រុង​បាវិត​ ជាមួយ​ទីក្រុង​ពីរ​ទៀត​គឺ​ក្រុង​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​ ជា​តំបន់​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​។

ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​វិនិយោគ​យ៉ាង​គំហុក​ ពីសំណាក់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ក្រុង​បាវិត​ បាន​កែប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ វិស័យ​សំណង់​ផង​ដែរ​ ដែល​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង​ និង​នៅ​តំបន់​ជាយក្រុង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ គឺជា​ផ្នែក​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​ របស់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ បន្ទាប់ពី​ខេត្ត​ជាប់​តំបន់​សមុទ្រ​ដូចជា​ក្រុង​ព្រះសីហនុ​ កំពត​ កែប​ និង​កោះកុង​ ព្រោះ​ខេត្ត​មួយ​នេះ​គឺជា​ច្រកព្រំដែន​អន្តរជាតិ​ ដែល​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​៕

ចិន​បដិសេធ​នឹង​ការ​អះអាង​របស់​ Trump​ ថា​ខ្លួន​អំពាវនាវ​ឱ្យ​មានការ​វិលត្រឡប់​ទៅ​រក​ការចរចា​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា​ ខ្លួន​មិនបាន​អំពាវនាវ​ដល់​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ ឬមន្រ្តី​រដ្ឋបាល​អាមេរិក​ណា​ម្នាក់​ ឱ្យ​មានការ​វិលត្រឡប់​ទៅ​រក​ការចរចា​ពាណិជ្ជកម្ម​ ដូចដែល​លោក​ Trump​ បាន​អះអាង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ G-7 ដែល​បាន​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​នោះ​ទេ​។

លោក​ Trump​ បាន​អះអាង​ថា​ អ្នកតំណាង​ពាណិជ្ជកម្ម​ចិន​ បាន​អំពាវនាវ​ដល់​មន្ត្រី​រដ្ឋបាល​អាមេរិក​ ឱ្យ​មានការ​ចាប់ផ្តើម​ការចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ឡើងវិញ​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald​ Trump​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ “ចិន​បាន​អំពាវនាវ​ដល់​អ្នក​ដឹក​កំពូល​ពាណិជ្ជកម្ម​របស់​យើង​ កាលពីយប់មិញ​ ហើយ​បាន​និយាយ​ថា​ សូម​វិលត្រឡប់​មក​តុចរចា​វិញ​។ ដូច្នេះ​យើង​នឹង​ត្រលប់​ទៅ​តុ​វិញ​ ហើយ​ខ្ញុំ​គិតថា​ ពួកគេ​ចង់​ធ្វើអ្វី​មួយ​”។

លោក​ Trump ​បាន​បន្ថែម​ថា​ “ពួកគេ​បាន​រង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ប៉ុន្តែ​ពួកគេ​យល់ថា​នេះ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ​ ហើយ​ខ្ញុំ​មានការ​គោរព​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ធ្វើបែប​នេះ​។ នេះ​គឺជា​ការ​វិវត្ត​វិជ្ជមាន​មួយ​សម្រាប់​ពិភពលោក​”។

ទោះ​យ៉ាងណា​ ក្រសួង​ការបរទេស​ចិន​ បាន​រុញច្រាន​ចោលការ​អះអាង​ទាំងនោះ​ ហើយ​បាន​និយាយ​ថា​ ពួកគេ​មិនបាន​ដឹង​អំពី​ការ​អំពាវនាវ​ណាមួយ​ ដែល​បាន​ធ្វើឡើង​ទៅកាន់​លោក​ប្រធានាធិបតី​អាមេរិក​ឡើយ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ Geng​ Shuang​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃបន្ទាប់​ថា​ “ខ្ញុំ​មិនបាន​ដឹង​អំពី​ស្ថានភាព​ទាក់ទង​នឹង​ការ​អំពាវនាវ​ពីរ​ ដែល​សហរដ្ឋអាមេរិក​បាន​លើកឡើង​នៅក្នុង​ចុង​សប្តាហ៍​នោះ​ទេ​”។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា​ “យើង​សង្ឃឹមថា​ អាមេរិក​អាច​រក្សា​ភាព​ស្ងប់ស្ងាត់​ វិលត្រឡប់​ទៅ​រក​ភាព​សម​ហេតុផល​ បញ្ឈប់​ការអនុវត្ត​ខុស​ និង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ភាគី​ទាំងពីរ​ ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​ ដោយ​ឈរ​លើ​ការគោរព​ការគោរព​សមភាព​ និង​ផលប្រយោជន៍​ទៅវិញទៅមក​”។

កាលពី​ថ្ងៃ​ សុក្រ​ ចិន​បាន​ប្រកាស​ថា​ នឹង​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ដែល​មានតម្លៃ៧៥ពាន់​លាន​ដុល្លារ​ ដោយ​ដំឡើង​ពន្ធ​ពី៥​ ទៅ១០​ ភាគរយ​។ លើស​ពីនេះ​ក្រសួងហិរញ្ញវត្ថុ​ចិន​ បាន​ឲ្យដឹង​ថា​ ខ្លួន​នឹង​អនុវត្ត​ពន្ធន៍២៥ភាគរយ​លើ​រថយន្ត​ និង​គ្រឿងបន្លាស់​រថយន្ត​របស់​អាមេរិក​។

នៅពេល​បាន​ទទួល​បាន​ព័ត៌មាន​នេះ​ លោក​ Trump​ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ដែល​មូលដ្ឋាន​នៅ​ចិន​ចាកចេញ​ចិន​ ហើយ​ត្រលប់​មក​អាមេរិក​វិញ​ ឬរក​ប្រទេស​ផ្សេង​ៗដើម្បី​ប្រើជា​មូលដ្ឋាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

លើស​ពីនេះ​ទៀត​ លោក ​Trump​ បាន​បញ្ជា​ឱ្យ​ដំឡើង​ពន្ធគយ​ពី២៥ភាគរយ​ ទៅ​ ៣០ភាគរយ​សម្រាប់​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ និង៥ភាគរយ​ទៀត​កើនឡើង​លើ​កញ្ចប់​ទំនិញ​ផ្សេងទៀត​ មានតម្លៃ​ចាប់ពី៣០០ពាន់​លាន​ដុល្លារ​ ជាមួយ​ការ​ជាប់ពន្ធ១៥ភាគរយ​។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​មាន​កំ​ដៅ​។

ការពិភាក្សា​អំពី​សុខភាព​ផ្លូវចិត្ត​របស់​លោក​ Trump​ គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​ ក្នុងរយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក​។

លោក​ Allen​ Frances​ អតីតប្រធាន​ផ្នែក​ចិត្តវិទ្យា​ នៃ​សាកល​វិទ្យាល័យ​ Duke​ University​ បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជា​មួយ​ទួ​រទស្សន៍​ CNN​ ថា​ “ការ​ហៅ​ Trump​ ឆ្កួត​បាន​លាក់បាំង​នឹង​ការពិត​ដែល​ថា​ យើង​ក៏​ឆ្កួត​ដែល​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ ហើយ​ថែមទាំង​ឆ្កួត​ នឹង​ការដែល​អនុញ្ញាត​ឱ្យ​គោលនយោបាយ​ឆ្កួត​របស់​លោក​ បន្ត​ទៅទៀត​”។

លោក​បាន​បន្ថែម​ថា​“ លោក​ត្រូវ​បាន​គ្រប់គ្រង​ ប៉ុន្តែ​លោក​ត្រូវ​គ្រប់គ្រង​ដោយ​វាយប្រហារ​គោលនយោបាយ​របស់​លោក​ ហើយ​មិនមែន​វាយប្រហារ​មនុស្សលោក​ទេ​”៕

គម្រោង​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​កំពុង​បន្ត​សម្រុកចូល​ក្រុង​ប៉ោយប៉ែត​

0

ដោយៈ​ រ៉ា​ណេត​

ប៉ោយ​ប៉ែ​តៈ​ ក្រៅពី​គម្រោង​សំណង់​អគារ​ធំៗ​ដូចជា​ ខុន​ដូ​ អា​ផា​តមិន​ ផ្សារ​ទំនើប​ និង​កាស៊ីណូ​ ពេលនេះ​នៅ​មាន​គម្រោង​សំណង់​លំនៅ​ដ្ឋាន​ទំនើប​ជាច្រើន​ទៀត​ ដែល​មាន​ទំហំ​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​ កំពុងតែ​បន្ត​សម្រុកចូល​ក្រុង​ប៉ោយប៉ែត​។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រា​បើ​ឱ្យ​ដឹងពី​សំណាក់​អ្នក​វិនិយោគ​ ដែល​កំពុង​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​ទឹកដី​ព្រំដែន​មួយ​នេះ​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Four​ Star​ Plus​ Four​ និង​ក្រុមហ៊ុន ​Sg​ Top​ Trust​ លោក​សួង​ សុ​ខហ៊ា​ង បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នាកាល​ពី​ល្ងាច​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩កន្លងមក​ថា​ បច្ចុប្បន្ន​នេះ​ វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត​ កំពុងតែ​មានសន្ទុះ​យ៉ាង​ខ្លាំង​ ដោយ​ស្ទើរតែ​ទូទាំង​ក្រុង​ មាន​កំណើន​នៃ​សំណង់​អាគារ​នានា​កំពុងតែ​មាន​សកម្មភាព​ និង​រីក​រាលដាល​យ៉ាង​ខ្លាំង​ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ជាក់ស្ដែង​។

ដោយសារតែ​មើលឃើញ​ពី​ភាពល្អ​ប្រសើរ​ នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ដែល​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ Four​ Star​ Plus​ Four​ បាន​បង្កើន​ការ​វិនិយោគ​ដ៏​ធំ​មួយ​បន្ថែម​ទៀត​ គឺ​គម្រោង​ Star​ Gold​ ទៅលើ​ផ្ទៃដី​ទំហំ១០ហិ​កតា​ ក្នុង​ការ​អភិវឌ្ឍ​ជា​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​ និង​ជា​មណ្ឌល​កម្សាន្ត​កាស៊ីណូ​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​។

លោក​ សួង​ សុ​ខហ៊ា​ង បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ គម្រោង​អភិវឌ្ឍន៍​ Star​ Gold​ គឺ​ក្រុមហ៊ុន​បាន​ធ្វើការ​បែងចែក​ជា២ដាច់ដោយឡែក​ពីគ្នា​។ ក្នុង​ទំហំដី១០ហិ​កតា​ ក្រុមហ៊ុន​នឹង​អភិវឌ្ឍ៥ហិ​កតា​ ជា​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​ចំនួន១៦៨ ល្វែង​ ជា​ប្រភេទ​ Link​ House​ និង​ Shop​ House​ ដែល​មានតម្លៃ​ចាប់ពី២២ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ហើយ​បន្ថែម​ពីនេះ​ នៅ​មាន​គម្រោង​អភិវឌ្ឍ​ជា​កាស៊ីណូ​ចំនួន១គម្រោង​។

សម្រាប់​ដី​ចំនួន៥ហិ​កតា​ ដែល​នៅសល់​ពី​ការ​អភិវឌ្ឍ​ ក្រុមហ៊ុន​បានសម្រេច​ពុះ​ឡូ​តិ៍​លក់​ ដែល​មាន​ទំ​ហំ​ផ្សេង​ៗពីគ្នា​ ដូចជា​ ១៥​ x ៦០ម៉ែត្រ​, ២៥​ x ២៥​, ២០​ x ៤០​, ២០​ x ៦០​, ៣០​ x៦០​ និង​ ៤០​ x ៤០​ ម៉ែត្រ​ ដែល​សមស្រប​ទៅ​នឹង​ការសាងសង់​អគារ​អា​ផា​តមិន​ ខុន​ដូ​ មណ្ឌល​កម្សាន្ត​ កាស៊ីណូ​ និង​សណ្ឋាគារ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ តាមផ្លូវ​ផ្កាយ៥​។

សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ អាច​ទាក់ទង​តាម​ទូរស័ព្ទ​ ០១២​ ៥៥​ ៧៧​ ២២​ / ០៧៧​ ៦៦​ ៨៨​ ៨៧​។

ជាមួយនឹង​ភាព​រីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​ក្រុង​ប៉ោយប៉ែត​ បច្ចុប្បន្ន​នេះ​ក្រៅពី​មា​នប​ណ្តុំ​សំណង់​លំនៅ​ដ្ឋាន​ច្រើនជាង១០០គម្រោង​ រួម​ជាមួយនឹង​សំណង់​អគារ​អា​ផា​តមិន​ស្អេកស្កះ​នោះ​ នៅ​មាន​សំណង់​ខុន​ដូ​បែប​ទំនើប​ ដែល​ជា​អាគា​ពាណិជ្ជកម្ម​ចំរុះ​ចំនួន៤ផ្សេងទៀត​ ដោយ​ក្នុង​ខុន​ដូ​ដែល​បាន​បញ្ចប់​ការសាងសង់​ទាំងស្រុង​ មាន​ចំនួន១គម្រោង​ ហើយ​ចំនួន៣គម្រោង​ទៀត​ កំពុងតែ​បន្តសកម្មភាព​សាងសង់​យ៉ាង​មមាញឹក​ ដើម្បី​បញ្ចប់​តាម​គម្រោង​ដែល​បាន​កំណត់​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ក្រុង​ប៉ោយប៉ែត​ គឺជា​គោលដៅ​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​របស់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ជាពិសេស​ជនជាតិ​ចិន​ ដែល​កំពុងតែ​កើនឡើង​ច្រើន​នៅ​ទីនេះ​។

​លោក​បាន​បន្ត​ថា​ “ប៉ោយប៉ែត​ពេលនេះ​ បាន​កែប្រែ​មុខមាត់​យ៉ាង​ល្អ​ប្រសើរ​ជាមួយនឹង​សកម្មភាព​ដ៏​រស់រវើក​ នៃ​វិស័យ​ពាណិជ្ជកម្ម​ និង​សំណង់​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​មនុស្ស​ដែល​ចូល​ទៅ​រស់នៅ​ និង​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗ”។

លោក​បន្ត​ថា​ ដោយសារតែ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​នេះ​កើនឡើង​ បាន​ជំរុញ​ឱ្យ​តម្រូវការ​នៃ​វិស័យ​អចលនទ្រព្យ​ នៅ​ទីក្រុង​នេះ​មាន​ភាព​ពុះ​កញ្ច្រោល​ខ្លាំង​ ហើយ​អ្នក​វិនិយោគ​បាន​ចំណាយ​ទុន​សាងសង់​ជា​ផ្ទះល្វែង​ ជា​បុរី​ ឬជា​សណ្ឋាគារ​ជាច្រើន​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ស្នាក់នៅ​របស់​អ្នកចំណូលថ្មី​ ដែល​ទៅ​បម្រើការ​ងារ​ ក៏ដូចជា​ចំនួន​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

លោក​បន្ត​ថា​ “សកម្មភាព​ទាំងនេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជាប់​ជាយក្រុង​ មានការ​កើនឡើង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​”៕

ប្រទេស​ចិន​នឹង​បើក​ដំណើរការ​តាក់ស៊ី​អាកាស​គា្មន​មនុស្ស​បើកបរ​នៅពេល​ខាង​មុ​ខឆាប់​ៗនេះ​

0
Mr. HU Huazhi, founder, chairman, CEO of EHang, flying with EHang 216

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ ប្រទេស​ចិន​នឹង​ចាប់ផ្តើម​កម្មវិធី​សេវាកម្ម​តាក់ស៊ី​ តាមយន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​នឹងអាច​ដឹក​អតិថិជន​តាម​បណ្តោយ​ផ្លូវ​កម្ពស់​ទាប​ នៅ​ទីក្រុង​ក្វាង​ចូវ​នៅ​ឆ្នាំក្រោយ​នេះ​។

ក្រុមហ៊ុន ​EHang​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ នឹង​ចាប់ផ្តើម​កម្មវិធី​សាកល្បង​មួយ​ជាមួយ​ទីក្រុង​ ក្វាង​ចូវ​ភាគ​ខាងត្បូង​របស់​ចិន​ ដើម្បី​ដឹក​អ្នកដំណើរ​នៅ​លើ​ផ្លូវ៣​ ឬ៤​ គន្លង​ ដោយ​ប្រើប្រាស់​យានយន្ត​ហោះហើរ​ស្វ័យប្រវត្តិ​នៅ​ទីនោះ​។

អ្នកដំណើរ​នឹងអាច​ជិះ​យន្ត​ដែល​គ្មាន​មនុស្ស​បើកបរ​ តាមរយៈ​ផ្លូវអាកាស​ ហើយ​នេះ​ជា​អ្វី​ដែល​ក្រុមហ៊ុន​លើកឡើង​ថា​ ជា​ជំហាន​បន្ទាប់​ក្នុង​ការ​ដឹកជញ្ជូន​តាម​ទីក្រុង​។

ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​ក្រុមហ៊ុន​ EHang​ បាន​ឲ្យដឹង​ថា​ “បេសកកម្ម​របស់​យើង​ គឺ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ធ្វើដំណើរ​តាមអាកាស​ប្រកបដោយ​សុវត្ថិភាព​ និង​ស្វ័យប្រវត្តិ​ដល់​អ្នក​គ្រប់​គា្ន​”។

ប្រសិនបើ​ការ​ដាក់ចេញ​បាន​ជោគជ័យ​ ចិន​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ ដែល​មាន​សេវាកម្ម​ជិះ​យានយន្ត​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ​។

ក្រុមហ៊ុន​ផលិត​យន្តហោះ​ Airbus​ និង​ក្រុមហ៊ុន​ Boeing​ ត្រូវ​បាន​បង្ហាញថា​ កំពុង​អភិវឌ្ឍន៍​យ៉ាងសកម្ម​នូវ​យានយន្ត​ដែល​មិន​មាន​មនុស្ស​បើកបរ​។

មុន​ពេល​ការ​ធ្វើតេស្ត​កើតឡើង​ ក្រុមហ៊ុន​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្រ្តី​ទីក្រុង​ក្វាង​ចូវ​ និង​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន​ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​សម្រាប់​សេវាកម្ម​នេះ​។

រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន​នា​ពេល​ថ្មី​ៗនេះ​ បាន​អនុម័ត​លើ​ការសាកល្បង​កម្មវិធី​សាកល្បង​នៅ​ក្វាង​ចូវ​ បន្ទាប់ពី​ការ​ត្រួតពិនិត្យ​វិញ្ញា​បន​ប័ត្រ​សុវត្ថិភាព​ ត្រូវ​បាន​បញ្ចប់​។

ក្រុមហ៊ុន​បាន​ប្រកាស​នៅក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ថា​ “ក្រុមហ៊ុន​ EHang​ បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​របស់​ពិភពលោក​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ប្រព័ន្ធ​សុវត្ថិភាព​យន្តហោះ​គ្មាន​មនុស្ស​បើក​ (UAS​) សម្រាប់​យន្តហោះ ​AAVs​ តាមរយៈ​ការ​ធ្វើតេស្ត​លើ​របង​UAS​។ វិញ្ញា​បន​ប័ត្រ​នេះ​ ត្រូវ​បាន​ចេញ​ដោយ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​អាកាសចរណ៍​ស៊ីវិល​ចិន​ (CAST​)”។

ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​សាកល្បង​រួចហើយ​ នូវ​យន្ដ​ហោះ​ស្វ័យប្រវត្តិ​ក្នុង​ការហោះហើរ​ចំនួន២​,០០០ជើង​រត់​ ក្នុង​លក្ខខណ្ឌ​អាកាស​ធា​តុ​ផ្សេង​ៗគ្នា​ ហើយ​មាន​សុវត្ថិភាព​ជាងយន្ត​ហោះ​ធម្មតា​។

នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​ លោក​ Derrick​ Xiong​ បាន​មានប្រសាសន៍​ថា​ “ដូច្នេះ​យើង​មានទំនុក​ចិត្ត​ក្នុង​ការ​និយាយ​ថា​ វា​មាន​សុវត្ថិភាព​ជាង​យន្ដ​ហោះ​ប្រពៃណី​”។

លោក​ Xiong​ បាន​និយាយ​ថា​ “ដោយសារតែ​យើង​មាន​ម៉ាស៊ីន​គ្រប់គ្រង​យន្ត​ចំនួន​ ១៦​ គ្រឿង​ ហើយ​យើង​មាន​ប្រព័ន្ធ​បញ្ចូន​ថាមពល​សុវត្ថិភាព​ ដ៏​មាន​ប្រសិទ្ធិ​ភាព​ និង​ទំនើប​”៕

ចំណេះដឹង​! តើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ​មាន​សិទ្ធិ​អ្វីខ្លះ​លើ​ដីធ្លី​របស់​ខ្លួន​?

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ យោង​តាម​សេចក្តី​សម្រេច​ លេខ៧០សសរ​ ចុះ​ថ្ងៃទី១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ២០០៤ស្តី​ពី​ ការកំណត់​បទដ្ឋាន​នៃ​ការប្រើ​ប្រាស់​ដីធ្លី​នៅ​តំបន់១​ និង​តំបន់២ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​សៀមរាប​អង្គរ​ថា​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​សិទ្ធិ៣យ៉ាង​ក្នុង​ការចាត់ចែង​គ្រប់គ្រង​ដីធ្លី​ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​តាំងពី​ដូនតា​មក​។

ទី១​. សិទ្ធិ​រស់នៅ​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​តាំងពី​ដូនតា​មក​ បងប្អូន​មាន​សិទ្ធិ​រស់នៅ​បន្ត​ទៅទៀត​បាន​។ គ្មាន​បុគ្គល​ណា​ម្នាក់​អាចម​កដ​កហូត​ដីធ្លី​ ឬបញ្ឈប់​បងប្អូន​ ឬក៏​បណ្តេញ​បងប្អូន​មិន​ឲ្យ​រស់នៅ​លើ​ដី​នោះ​តទៅទៀត​បាន​ឡើយ​។ ប្រជាពលរដ្ឋ​ចាស់​មាន​សិទ្ធិ​រស់នៅ​តកូនតចៅ​តផៅ​សន្តាន​បន្ត​ទៀត​បាន​។

ទី២​. បងប្អូន​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​រុះរើ​ផ្ទះ​ចាស់​ធ្វើ​ផ្ទះ​ថ្មី​ ជួសជុលផ្ទះ​ ពង្រីក​ផ្ទះ​ជាដើម​ដោយមាន​ការ​ដាក់ពាក្យ​ស្នើសុំ​ មក​អា​ជា្ញ​ធរ​ជាតិ​អប្សរា​ជាមុន​សិន​។ ចំណែក​សំ​ណង់​តូច​ៗមួយចំនួន​វិញ​ មាន​ដូចជា​ ការសាងសង់​បង្គន់​ ធ្វើ​រោងគោ​ រោង​មាន់​ រោង​ទា​ ទ្រុងជ្រូក​ជាដើម​ ប្រជាពលរដ្ឋ​មិន​ចាំបាច់​ដាក់ពាក្យ​ ស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ដែរ​ ។ អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​ចុះទៅ​មើល​ស្ថានភាព​ផ្ទាល់​ដល់​មូលដ្ឋាន​ជាក់ស្តែង​ ហើយ​អនុញ្ញាត​ឲ្យ​សាងសង់​តែម្តង​ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​មក​ពីក្រៅ​តំបន់​ មិន​អនុញ្ញាត​ឲ្យ​សាងសង់​ឡើយ​។

ទី៣​. សិទ្ធិ​គ្រប់គ្រង​ និង​សិទ្ធិ​ចាត់ចែង​ដីធ្លី​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​សិទ្ធិ​ចែក​ដីធ្លី​ ដល់​កូនចៅ​របស់​ពួកគាត់​បាន​ ប៉ុន្តែ​កូនចៅ​ពួកគាត់​មិន​អាច​សាងសង់​សំ​ណង់​ផ្សេង​ៗលើ​ដីធ្លី​ចែក​នោះ​បាន​ឡើយ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​មាន​ដី​មួយ​កន្លែង​ នៅ​ក្រៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ ស្ថិតនៅ​ភូមិ​ធម្មជាតិ​រុនតាឯក​ ឃុំ​រុនតាឯក​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ទុក​សម្រាប់​ចែក​ជូន​ពួកគាត់​សាងសង់​ផ្ទះ​និង​ធ្វើ​កសិកម្ម​។

ចំពោះ​សិទ្ធិ​លក់ដូរ​វិញ​ ពួកគាត់​អាច​លក់ដូរ​បាន​ ប៉ុន្តែ​អ្នក​ដែល​មាន​សិទ្ធិ​ទិញ​ដី​នោះ​បាន​គឺ​មានតែ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិផងរបងជាមួយ​គ្នា​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ក្រៅពី​ភូមិផងរបងជាមួយ​គ្នា​នេះ​ មិន​មាន​សិទ្ធិ​ទិញ​ដី​នោះ​បានទេ​ ។ ប៉ុន្តែ​ហាមឃាត់​លើស​កម្ម​ភាព​ទិញ​លក់​ដី​របស់​ឈ្មួញ​ ក្នុង​គោលដៅ​ធ្វើអាជីវកម្ម​យក​ប្រាក់ចំណេញ​ សម្រាប់​ក្រុមហ៊ុន​ ឬបុគ្គល​ ឬក៏​ការទិញ​លក់​ដី​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ​ ភោជនីយដ្ឋាន​ ខារ៉ាអូខេ​ជាដើម​។

តំបន់​រមណីយដ្ឋាន​អង្គរ​មានផ្ទៃ​ដី៤០១ម៉ែត្រក្រឡា​ មាន១១២ភូមិ​ ២១ឃុំ​សង្កាត់​ និង៥ស្រុក​ ក្រុង​។ តំបន់​នេះ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ដែល​មាន​តួនាទី​ភារកិច្ច​ថែរក្សា​ ការពារ​ អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ​ ដូច​មាន​ចែង​ក្នុង​ខ្លឹមសារ​ នៃ​ព្រះរាជ​ក្រឹត្យ​លេខ០០១នស​ ចុះ​ថ្ងៃទី​ ២៨​ ខែឧសភា​ ឆ្នាំ​ ១៩៩៤​ ស្តី​ពី​ការកំណត់​និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ​៕

ក្រុមហ៊ុន​ Grab​ គម្រោង​វិនិយោគ​ ៥០០លាន​ដុល្លារ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សេដ្ឋកិច្ច​ឌីជីថល

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ក្រុមហ៊ុន​ Grab​ Holdings​ Inc​ បាន​ឲ្យដឹង​ថា​ ខ្លួន​នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន​ ៥០០លាន​ដុល្លារ​អាមេរិក​នៅ​វៀតណាម​ ដើម្បី​អនុវត្ត​ការពង្រីក​វិស័យ​ដឹកជញ្ជូន​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ និង​ប្រព័ន្ធ​ចែកចាយ​អាហារ​នៅក្នុង​ប្រទេស​នេះ​។

ប្រធាន​ក្រុមហ៊ុន​ Grab​ ប្រចាំ​ប្រទេស​វៀតណាម​ លោក​ Jerry​ Lim​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ថា​ “ក្រុមហ៊ុន​ Grab​ គឺជា​វិនិយោគិន​បច្ចេកវិទ្យា​ធំជាង​គេ​មួយ​នៅ​វៀតណាម​”។

លោក​បាន​បន្ថែម​ថា​ “ការ​វិនិយោគ​ ៥០០លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​វៀតណាម​រាប់​លាន​នាក់​ និង​អ្នកប្រើ​ប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ទំនើប​របស់​យើង​” ។

ការ​វិនិយោគ​ ៥០០​ លាន​ដុល្លារ​នឹង​ត្រូវ​បាន​បែងចែក​ក្នុង​ផែនការ​ពង្រីក​រយៈពេល​ ៥ ឆ្នាំ​។ក្រុមហ៊ុន​ Grab​ បាន​ចូលក្នុង​ទីផ្សារ​វៀតណាម​ក្នុង​ឆ្នាំ​ ២០១៤​ ហើយ​បាន​បង្កើត​ខ្លួន​ជា​សេវាកម្ម​ជិះរថយន្ត​ដឹកទំនិញ​ និង​ចែកចាយ​ម្ហូបអាហារ​ដ៏​លេចធ្លោ​ជាងគេ​នៅក្នុង​ប្រទេស​នេះ​។

ក្រុមហ៊ុន​បាន​ទទួល​បាន​កំណើន​របស់​ខ្លួន​ដែល​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​។ នៅក្នុង​ឆមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៩​ វេទិកា​ចែកចាយ​អាហារ​របស់​ Grab​ បាន​បង្កើន​តម្លៃ​ទំនិញ​សរុប​របស់​ខ្លួន​ជាង​ ៤០០​ ភាគរយ​ជាមួយនឹង​ការ​បញ្ជាទិញ​ប្រចាំថ្ងៃ​ជាមធ្យម​ជាង​ ៣០​ ម៉ឺន​នាក់​។

ប្រធាន​ប្រតិ​បត្ដិ​ប្រចាំ​តំបន់​នៅ​ Grab​ មានប្រសាសន៍​ថា​ “ការ​វិនិយោគ​នេះ​គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​វៀតណាម​”។

លោក​បាន​បន្ថែម​ថា​ “សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​នេះ​ និង​ចំនួន​ប្រជាជន​វ័យក្មេង​ធ្វើ​ឱ្យ​ទីផ្សារ​នេះ​មាន​ភាព​រួចរាល់​ក្នុង​ការ​ទទួលយក​សេវាកម្ម​ឌីជីថល​”៕

តើវិស័យសំណង់បាននិងកំពុង​ផ្ដល់ការងារប៉ុន្មាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា

0

​ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ វិស័យ​សំណង់​នៅ​កម្ពុជា​ គឺជា​ចលករ​មួយ​យ៉ាង​សំខាន់​ក្នុង​ចូលរួម​ចំណែក​ជំរុញ​ និង​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​ ជាពិសេស​បាន​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​បាន​មួយ​ផ្នែក​តាមរយៈ​ការ​ផ្តល់​កន្លែង​ធ្វើការ​ជាច្រើន​នាក់​ក្នុង​មួយថ្ងៃ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Town​ City​ Real​ Estate​ លោក​ វ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩នេះ​ថា​ មិនថា​ពេលនេះ​ ឬបន្ត​ទៅ​ថ្ងៃខាងមុខ​នោះ​ទេ​ វិស័យ​សំណង់​នៅ​កម្ពុជា​ នៅតែ​បន្ត​រីកចម្រើន​ ខណៈ​ដែល​កម្ពុជា​កំពុងតែ​ធ្វើការ​អភិវឌ្ឍ​ស្ទើរគ្រប់​វិស័យ​ឱ្យ​តែ​ល្អ​ប្រសើរ​។

លោក​បាន​មានប្រសាសន៍​ថា​ “វិស័យ​សំណង់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ជួយ​ពង្រឹង​ និង​ពង្រីក​កំណើន​សេដ្ឋកិច្ច​កម្ពុជា​”។ ​

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​វិស័យ​សំណង់​មានការ​កើនឡើង​ តម្រូវការ​កម្លាំង​ពលកម្ម​ក៏​មាន​ខ្ពស់​ ជាពិសេស​កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក​តែម្ដង​ ខណៈ​ដែល​កម្លាំង​ជំនាញ​មក​ពី​បរទេស​មាន​ចំនួន​តិចតួច​បំផុត​”។

ជាមួយនឹង​ការ​លើកឡើង​បែបនេះ​ លោក​ វ៉ន​ ចាន់​ថន​ ក៏បាន​បង្ហាញ​ពី​ភាព​ជំនឿ​យ៉ាង​ជឿជាក់​ថា​ នៅ​ឆ្នាំ​បន្ទាប់​ក្នុងរយៈពេល៣​-៤ឆ្នាំខាងមុខ​ទៀត​ វិស័យ​សំណង់​នៅតែ​បន្ត​ភាពរឹងមាំ​ និង​រីកចម្រើន​ដោយ​មិន​មាន​ភាព​ព្រួយបារម្ភ​នោះ​ឡើយ​”។ ​

លោក​បណ្ឌិត​ តាន់​ មុនី​វណ្ណ​ អនុប្រធាន​សមាគម​អ្នកសាង​សង់​កម្ពុជា​ ក៏បាន​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​ថា​ “វិស័យ​សំណង់​នៅ​កម្ពុជា​ នៅតែ​បន្តសកម្មភាព​ ដែល​ក្រៅពី​គម្រោង​អភិវឌ្ឍ​សំ​ណង់​ធំៗ​ដែល​ជា​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​អន្តរជាតិ​ ក៏​មានការ​វិនិយោគ​ក្នុង​គម្រោង​តូច​ និង​មធ្យម​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាបន្តបន្ទាប់​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​ជាច្រើន​ក្នុង​វិស័យ​សំណង់​ សកម្មភាព​មួយ​ចំណែក​ធំ​គឺ​ស្ថិតនៅ​ក្នុង​គម្រោង​សំណង់​លំនៅ​ដ្ឋាន​ ដែល​ជា​ការ​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់បាន​លំនៅ​ដ្ឋាន​ស្នាក់នៅ​សមរម្យ​”។

នៅក្នុង​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ដែល​ចេញ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ វិស័យ​សំណង់​បាន​ បង្កើត​ការងារ​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ គិតជា​មធ្យម​ប្រមាណ​ពី​ ១៩​ ០០០​ នាក់​ ទៅ​ ២១​ ០០០​ នាក់​ ក្នុង​ថ្ងៃ​ ។

ដោយឡែក​នៅ​ រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​ពី​ ៦ ២៧០​ នាក់​ ទៅ​ ៦ ៣០០​ នាក់​ ក្នុង​មួយថ្ងៃ​ ។ បើ​ប្រៀបធៀប​ខែមិថុនា​ ឆ្នាំ​ ២០១៨​ ចំនួន​កម្មករ​គិតជា​មធ្យម​ប្រមាណ​ ពី​ ២៨​ ០០០​ នាក់​ ទៅ​ ២៨​ ៥០០​ នាក់​ ក្នុង​មួយថ្ងៃ​សម្រាប់​ទូទាំង​ប្រទេស​។ ដោយឡែក​ នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​កម្មករ​ប្រមាណ​ ពី​ ១២​ ០០០​ នាក់​ ទៅ​ ១២​ ៥០០​ នាក់​ ក្នុង​មួយថ្ងៃ​ គឺ​មានការ​ថយ​ចុះ​ចំនួន​ ២៦​, ៣១​ ភាគរយ​ ។ ​

តាមរយៈ​នៃ​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​ ១ ថ្ងៃ​ អាច​ទទួល​បាន​ ពី​ ៣០​ ០០០​ រៀល​ ដល់​ ៤០​ ០០០​ រៀល​ ។

កម្មករ​មាន​ជំនាញ​ និង​មេជាង​ក្នុង​ ១ ថ្ងៃ​ អាច​ទទួល​បាន​ពី​ ៤០​ ០០០​ រៀល​ ដល់​ ៦០​ ០០០​ រៀល​ ចំពោះ​វិស្វករ​ ស្ថាបត្យករ​ និង​អ្នកជំនាញ​ ផ្សេងទៀត​ ក្នុង​ ១ ខែ​ អាច​ទទួល​បាន​ប្រាក់បៀវត្ស​ ពី​ ៤០០​ ដុល្លារ​ ទៅ​ ២ ៥០០​ ដុល្លារ​៕

អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​រៀបចំ​ចិញ្ចើម​ផ្លូវ​ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលា​នយន្តហោះ​អន្តរជាតិ​សៀមរាប​ មក​ប្រាសាទអង្គរវត្ត​

0

ដោយ ​វុត្ថា​

សៀមរាប​៖ អាជ្ញា​ធរា​ជាតិ​អប្សរា​ គ្រោង​នឹង​រៀបចំ​ចិញ្ចើម​ផ្លូវ​ និង​ដាំ​កូនឈើ​លម្អ​ផ្លូវ​ ចាប់​ពី​ព្រលា​នយន្តហោះ​អន្ដរ​ជាតិ​ខេត្តសៀមរាប​រហូតដល់​មុខ​ប្រាសាទអង្គរវត្ត​ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណភាព​ ព្រមទាំង​បង្កើន​ភាព​ស្រស់​ស្អាត​ និង​ទេសភាព​បៃតង​ តាម​ដងផ្លូវ​សំ​ខាន់​ៗក្នុង​ក្រុង​សៀមរាប​ មកកាន់​រមណីយដ្ឋាន​អង្គរ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អជ្ញា​ធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​ ២៨​ ខែសីហា​ ឆ្នាំ​ ២០១៨នេះ​ថា​ គម្រោង​នេះ​មិន​ត្រឹមតែ​បង្កើន​ភាព​ទាក់ទាញ​បែប​លក្ខណៈ​ធម្មជាតិ​ដល់​រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះទេ​ តែ​ក៏បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​លើក​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ​ តាមរយៈ​ការ​រក្សា​បាន​នូវ​ភាព​ឆ្លុះបញ្ចាំង​គ្នា​ទៅវិញទៅមក​ រវាង​ប្រាសាទ​ធម្មជាតិ​ និង​សហគមន៍​មនុស្ស​។

ប្រភព​ដដែល​បន្ថែម​ថា​ កូនឈើ​ដែល​នឹង​ត្រូវ​ដាំ​លម្អ​តាម​ដងផ្លូវ​នេះ​មាន​ចំនួន​ជាង១ពាន់​ដើម​ ដែល​ជា​ប្រភេទ​កូនឈើ​ធ្នង់​ ជា​ប្រភេទ​ឈើប្រណិត​ ដែល​ប្រជាជន​ខ្មែរ​ទូទៅ​និយម​ចូលចិត្ត​ ហើយ​ការ​ដាំ​កូនឈើ​ឡើងវិញ​តាម​ដងផ្លូវ​នា​ពេលនេះ​ ក៏​ស្របគ្នា​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​ទើប​ធ្វើការ​ជួសជុល​និង​កែ​លម្អ​ផ្លូវ​នេះ​ជាថ្មី​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ខេត្តសៀមរាប​។

ជាមួយគ្នា​នេះ​ ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​ក្នុង​ទីធ្លា​មុខ​ប្រាសាទអង្គរវត្ត​ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹង​ធ្វើការ​ដាំ​ដើម​ក្រ​វ៉ាន់​ និង​ដើមឈើ​ប្រភេទ​ផ្សេង​មួយចំនួន​ទៀត​ នៅ​តាម​ដងផ្លូវ​មុខ​ប្រាសាទអង្គរវត្ត​ ដែល​ជា​ច្រកចូល​ចម្បង​ សម្រាប់​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ដែរ​។

អាជ្ញា​ធរា​ជាតិ​អប្សរា​ កា​លពីន្លង​មកនេះ​ បាន​ដាក់ចេញ​នូវ​គម្រោង​ជាច្រើន​ រួមមាន​គម្រោង​ស្ថាបនា​ផ្លូវ​កង់​ដាច់ដោយឡែក​ពី​ផ្លូវ​ម៉ូតូ​-ឡាន​ គម្រោង​រៀបចំ​សួន​នៅកន្លែង​ចំណតរថយន្ត​មុខ​ប្រាសាទអង្គរវត្ត​ និង​គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត​ ស្រប​បតាម​ផែនការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​៕

ការសិក្សា​៖ វិនិយោគ​របស់​អាស៊ី​នៅក្នុង​ទីក្រុង​ Melbourne​ កើនឡើង​ ៣០ភាគរយ​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ វិនិយោគ​របស់​អាស៊ី​លើ​វិស័យ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ Melbourne​ បាន​កើនឡើង​ ៣០ភាគរយ​នៅក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​កន្លងមក​ ដែល​វិនិយោគ​ដោយ​វិនិយោគិន​មក​ពី​ប្រទេស​ចិន​ ទីក្រុង​ហុងកុង​ និង​សិង្ហបុរី​។

យោង​តាម​ការស្រាវជ្រាវ​ថ្មី​របស់​ក្រុមហ៊ុន​ CBRE​ បានឱ្យ​ដឹង​កាលពី​ម្សិល​មិញ​នេ​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​បាន​កត់ត្រា​ការ​លក់​ដែល​មានតម្លៃ​ ១,១៤ពាន់​លាន​ដុល្លារ​ត្រូវ​បាន​លក់​ទៅ​អោយ​វិនិយោគិន​អាស៊ី​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​ ២០១៩​ គឺ​កើនឡើង​ពី​ ៨៨០លាន​ដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​ហិរញ្ញវត្ថុ​មុន​។

ការសិក្សា​ដែល​ដែល​បន្ត​ថា​ ក្នុងចំណោម​អចលនទ្រព្យ​ទាំង​ ៤២​ ដែល​ត្រូវ​បាន​លក់​ក្នុងរយៈពេល​ ១២​ ខែ​ មាន​ ៣៦ត្រូវ​បាន​ទិញ​ដោយ​វិនិយោគិន​អាស៊ី​ដោយ​ពាក់កណ្តាល​នៃ​ទ្រព្យ​ទាំងនោះ​មក​ពី​ប្រទេស​ចិន​ ​អចលនទ្រព្យ​ ១១​ មក​ពី​ប្រទេស​សិង្ហបុរី​ និង​អចលនទ្រព្យ​ ៧ ទៀត​មក​ពីទី​ក្រុង​ហុងកុង​។

ចាប់តាំងពី​ដើម​ ខែមិថុនា​ ការ​លក់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ CBRE​ បាន​កើនឡើង​ប្រមាណ​ ៨០​ ភាគរយ​ទៅ​ឱ្យ​វិនិយោគិន​ដែល​មាន​មូលដ្ឋាន​នៅ​អាស៊ី​ រួមមាន​ប្រភព​មក​ពី​ហុងកុង​ និង​សិង្ហបុរី​ ។

នាយក​ផ្នែក​សេវាកម្ម​អាស៊ី​របស់​ក្រុមហ៊ុន​ CBRE​ លោក​ Lewis​ Tong​ បាន​និយាយ​ថា​ការ​វិនិយោគ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ដោយ​ក្នុងរយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ​ក្រុម​របស់​យើង​បាន​លក់​អចលនទ្រព្យ​ចំនួន​ ១៦​ រួមមាន​កន្លែង​លក់រាយ​ ការិយាល័យ​ និង​កន្លែង​អភិវឌ្ឍន៍​ដែល​មាន​ ១៣​ កន្លែងត្រូវ​បាន​ទិញ​ដោយ​វិនិយោគិន​នៅ​អាស៊ី​ ។

តួលេខ​របស់​ក្រុមហ៊ុន​ CBRE​ ​បាន​បង្ហាញថា​ ចាប់តាំងពី​ខែមិថុនា​ រហូតមកដល់​ពេលនេះ​ ការ​លក់​អចលនទ្រព្យ​ពាណិជ្ជកម្ម​មាន​ទំហំ​ថវិកា​ចំនួន​ ៤០.៥​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕