ការ​ថមថយ​សេដ្ឋកិច្ច​ប្រទេស​ចិន​មិន​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​នោះ​ទេ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​ និង​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​បាន​អះអាង​ថា​ ការ​ថមថយ​ល្បឿន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ដែ​កំពុង​មាន​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ មិន​ប៉ះពាល់​ដល់​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កម្ពុជា​ទេ​។

ចាប់តាំងពី​ដើមឆ្នាំ២០១៩​ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ សម្រាប់​កំណើន​នៃ​វិស័យ​សំណង់​ និង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ហាក់​មាន​សភាព​ទ្រឹង​បន្តិច​ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​កាលពី​ឆ្នាំ​កន្លងទៅ​នោះ​ ដែល​ស្ថាន​ការ​បែបនេះ​ក៏​ព្រោះតែ​រង​ឥទ្ធិពល​ពី​វិបត្តិសេដ្ឋកិច្ច​ប្រទេស​ចិន​ ខណៈ​ដែល​គម្រោង​វិ​និ​យោ​គធំៗ​នៅ​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​ចិន​។ តែ​ទោះជាយ៉ាងណា​ អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​នៅតែ​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ថា​ មិនថា​ឆ្នាំនេះ​ឬឆ្នាំ​បន្ទាប់​នោះ​ទេ​ អចលនទ្រព្យ​កម្ពុជា​នៅតែ​មាន​លំនឹង​ និង​មិន​ធ្លាក់ចុះ​ដូច​ការ​លើកឡើង​ខាងលើ​នោះ​ឡើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី២១​ ខែសីហា​ នេះ​ថា​ ជា​រួម​ពេលណា​យើង​និយាយ​ពី​សេដ្ឋកិច្ច​ពិភពលោក​ វា​មិនមែន​ពឹងផ្អែក​ទៅលើ​តែ​ប្រទេស​ចិន​មួយ​នោះ​ទេ​ ព្រោះ​នៅ​លើ​ពិភពលោក​ មាន​ប្រទេស​មហា​អំ​ណាច​ធំៗ​ចំនួន៧ដែល​ជា​អ្នក​ទ្រទ្រង់​សេដ្ឋកិច្ច​ (G 7) ដូច្នេះ​ ទាល់តែ​ប្រទេស​ទាំងអស់​នេះ​ជួប​បញ្ហា​ ទើប​សេដ្ឋកិច្ច​ពិភពលោក​ប្រែប្រួល​។

លោក​បាន​បញ្ជាក់​ថា​ “យើង​ទទួលស្គាល់​ថា​បច្ចុប្បន្ន​នេះ​ នៅ​ប្រទេស​កម្ពុជា​ការ​វិនិយោគ​លើ​គម្រោង​សំ​ណង់​ធំៗ​ភាគច្រើន​ គឺ​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​មិនមែន​មានន័យថា​ក្រុមហ៊ុន​ទាំងអស់​នេះ​សុទ្ធតែ​ក្ស័យ​ធុន​នោះ​ទេ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​ ក្រៅពី​ក្រុមហ៊ុន​ចិន​ក៏​មាន​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​នានា​ជាច្រើន​ទៀត​ ដូចជា​ប្រទេស​កូរ៉េ​ជាដើម​ ដែល​កំពុងតែ​បង្ហាញ​ពី​ចេតនា​ចូល​មក​បណ្តាក់​ទុន​បន្ថែម​ពីលើ​ក្រុមហ៊ុន​ដែល​មានស្រាប់​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​បន្ត​ថា​ “មាន​កក្តា​ជាច្រើន​ដែល​ពាក់ព័ន្ធ​ និង​ជួយ​ជ្រោមជ្រែង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ ឱ្យ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ដោយ​វា​មិន​មាន​ភាព​ប្រថុយប្រថាន​ ទៅតាម​ទំនោរ​នៃ​វិបត្តិសេដ្ឋកិច្ច​ប្រទេស​ចិន​នោះ​ឡើយ​”។

លោក​សុ​ខនី​មបាន​បន្ថែម​ថា​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​មួយ​នេះ​បាន​ជួយ​ធ្វើ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ទាំង​វិស័យ​រដ្ឋាភិបាល​ ទាំង​វិស័យ​ឯកជន​ រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​ ហើយ​បច្ចុប្បន្ន​នេះ​យើង​បាន​ព្យាយាម​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ​ ពី​ភាពល្អ​ប្រសើរ​នៃ​វិស័យ​នេះ​ ដើម្បី​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​នៅ​លើ​សាកលលោក​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។

លោក​ថា​ “ជាទូទៅ​គ្រប់​វិស័យ​ទាំងអស់​តែង​មាន​វដ្ដ​របស់​វា​ ដែល​នៅពេល​ណាមួយ​វា​នឹង​មានការ​ប្រែប្រួល​ មិន​ស្ថិតស្ថេរ​ជា​រៀ​ងរ​ហួត​នោះ​ទេ​ ដោយឡែក​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ មិនថា​ឆ្នាំនេះ​ ឬឆ្នាំ​បន្ទាប់​រហូតដល់៣ទៅ៤ឆ្នាំ​ទៀត​ ក៏​នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​ដដែល​”។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ លោក​ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​ ចំពោះ​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​គេ​ពិបាក​នឹង​ធ្វើវិភាគ​បន្តិច​ ដែល​វា​អាច​ជា​ឱកាសល្អ​របស់​កម្ពុជា​ ហើយក៏​អាច​ប៉ះពាល់​ដល់ទី​ផ្សារ​កម្ពុជា​ដោយប្រយោល​។ លោក​បាន​បន្ត​ទៀត​ថា​ ប្រទេស​ចិន​ធំធេង​ណាស់​ ហើយក៏​មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​កំពុងតែ​ដំណើរការ​ បើ​ទោះជា​កាលពី​ពេល​ថ្មី​ៗនេះ​មាន​ក្រុមហ៊ុន​សរុប​ប្រមាណ៣០០ក្រុមហ៊ុន​បាន​ប្រកាស​ក្ស័យធន​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅ​ត្រឹម​ដំណាក់កាល​នេះ​អាច​មាន​ក្រុមហ៊ុន​ដែល​ជួប​វិបត្តិ​នៅ​ប្រទេស​ចិន​ ឬនៅ​តាម​បណ្តា​ប្រទេស​នានា​ ងាក​មក​ចាប់អារម្មណ៍​នៅ​កម្ពុជា​ក៏​ថា​បាន​ដែរ​”។ លោក​បាន​បន្ត​ថា​ “នៅ​ក្នុង​តំណា​ក់​កាល​នេះ​ វា​មិនទាន់​ជះឥទ្ធិពល​ខ្លាំងក្លា​នោះ​ទេ​ ប៉ុន្តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​នៅតែ​បន្ត​ភាព​រាំ​រៃ​ក្នុងរយៈពេល៣​-៤ឆ្នាំទៅ​មុខ​ទៀត​ ច្បាស់​ណាស់​ថា​ពិតជា​បង្ក​ភាព​លំបាក​ទូទាំង​សាកល​”៕

លោក​ Donald​ Trump​ លុបចោល​ដំណើរ​ទស្សនកិច្ច​ បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក​បាន​ចំអក​ឱ្យ​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Donald​ Trump​ បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោងទុក​ទៅកាន់​ប្រទេស​ដាណឺម៉ាក​ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​លោកស្រី​ Mette​ Frederiksen​ បាន​សើចចំអក​លោក​ នៅពេល​លឺ​ថា​អាមេរិក​ចង់​ទិញ​តំបន់​ Greenland​ ។

តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក​កាលពី​សប្តាហ៍​មុន​ លោក​ Trump​ បាន​លើកឡើង​ម្តង​ហើយ​ម្តង​ទៀត​នូវ​គំនិត​នៃ​ការទិញ​តំបន់​ Greenland​ ដែល​ជា​កោះធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នៅក្នុង​ការប្រជុំ​ផ្លូវការ​ និង​អាហារ​ពេលល្ងាច​។

ដាណឺម៉ាក​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ Greenland​ មាន​ស្វ័យភាព​ និង​ការគ្រប់គ្រង​ដោយខ្លួនឯង​។ នាយក​រដ្ឋមន្រ្តី​ Frederiksen​ បាន​និយាយ​ថា​ “តំបន់​ Greenland​ មិនមែន​សម្រាប់​លក់​ទេ​”។

លោកស្រី​ Frederiksen​ បាន​បន្ថែម​ថា​ “តំបន់​ Greenland​ មិនមែន​ជា​ប្រទេស​ដាណឺម៉ាក​ទេ​។ តំបន់​ Greenland​ ជា​កម្មសិទ្ធិ​របស់​តំបន់​ Greenland​”។

ក្រុម​អ្នកជំនាញ​ជឿជាក់​ថា​ លោក​ Trump​ មាន​អារម្មណ៍​មិន​ពេញចិត្ត​នឹង​មតិយោបល់​របស់​សម​ភាគី​របស់​គាត់​ ហើយ​បាន​យក​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ដើម្បី​បដិសេធ​ការប្រជុំ​ដែល​បាន​គ្រោងទុក​នៅ​ថ្ងៃទី​ ២ ខែ​ កញ្ញា​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “ដាណឺម៉ាក​ជា​ប្រទេស​ពិសេស​មួយ​ដែល​មាន​ប្រជាជន​មិន​គួរ​ឱ្យ​ជឿ​ ប៉ុន្តែ​ផ្អែកលើ​ការ​អត្ថា​ធិប្បាយ​របស់​ នាយក​រដ្ឋមន្រ្តី​លោកស្រី​ Mette​ Frederiksen​ ថា​លោកស្រី​នឹង​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការពិភាក្សា​អំពី​ការទិញ​តំបន់​ Greenland​ ទេ​។

ខ្ញុំ​នឹង​ពន្យា​ពេល​កិច្ចប្រជុំ​របស់​យើង​ដែល​គ្រោង​ធ្វើ​ក្នុងរយៈពេល​ ២ សប្តាហ៍​ម្តង​ទៀត​”។ លោក​ Trump​ បាន​បន្ថែម​ទៀត​ថា​ “លោកស្រី​នាយក​រដ្ឋមន្រ្តី​អាច​សន្សំ​ការ​ចំណាយ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​សម្រាប់​អាមេរិក​ និង​ដាណឺម៉ាក​ដោយ​ផ្ទាល់​ ដូច្នេះ​ខ្ញុំ​សូម​អរគុណ​លោកស្រី​ចំពោះរឿងនេះ​ ហើយ​ខ្ញុំ​រង់ចាំ​មើល​ការ​ណាត់​ពេលវេលា​ម្តង​ទៀត​នៅពេល​អនាគត​!”។

តំបន់​ Greenland​ មាន​ធនធាន​ធម្មជាតិ​ដ៏​ធំ​នៅ​លើ​ផ្ទៃដី​ ១,៣០៥,១៧៨​ គីឡូម៉ែត្រ​ក្រឡា​ដែល​រួមមាន​ត្បូងពេជ្រ​ មាស​ អ៊ុយ​រ៉ា​ញ៉ូម​ និង​ប្រេង​។ តំបន់​ Greenland​ ក៏​ជាទី​តាំងរបស់​មូលដ្ឋានទ័ព​អាកាស​ Thule​ Air​ Base​ កងទ័ព​អាមេរិក​ផង​ដែរ​។

មូលដ្ឋាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៥១​ និង​មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ ១,២០៧​ គីឡូម៉ែត្រ​ពី​រង្វង់​អាក់​ទិ​ក។ វា​ជា​មូលដ្ឋាន​យោធា​នៅ​ភាគ​ខាងជើង​របស់​អាមេរិក​ ហើយ​មាន​ប្រព័ន្ធ​ការពារ​មី​ពី​ប្រទេស​រុស្ស៊ី​៕

រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី៤​ ថ្មី​មួយ​បន្ថែម​ទៀត​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​និង​កំពុង​សិក្សា​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ បាន​នឹង​កំពុង​ដំណើរការ​សាងសង់​យ៉ាង​រលូន​ទៅមុខ​។

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​ ផ្លូវ​ខេត្ត​ព្រះសីហនុ​ចំនួន​ពីរ​ខ្សែ​កាល​ថ្ងៃទី​ ២០​ ខែសីហា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤ បាន​នឹង​កំពុង​សិក្សា​សាងសង់​ឆាប់​ខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ កាត់បន្ថយ​ការ​កកស្ទះ​ និង​ការ​ធ្វើ​ចរាចរណ៍​ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចំរើន​។

ទោះជាយ៉ាងណា​លោក​មិនបាន​បញ្ជាក់​លំអិត​ ពី​គំរោង​ផ្លូវ​នេះ​មាន​ប្រវែង​ប៉ុន្មាន​គីឡូម៉ែត្រ​ ចេញពី​តំបន់​ណា​ទៅកាន់​តំបន់​ណា​ និង​ត្រូវ​ចំ​ណយ​ទឹកប្រាក់​ប៉ុន្មាន​លាន​ដុល្លារ​នៅឡើយ​ទេ​។

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ លោក​មិន​ច្បាស់​ថា​ ផ្លូវ​ក្រវាត់ក្រុង​ទី៤​ ដែល​ក្រសួង​កំពុង​សិក្សា​នេះ​ស្ថិតនៅ​ត្រង់ណា​នោះ​ទេ​ ដោយ​លោក​នឹង​សួរ​អ្នកជំនាញ​បន្ថែម​ទៀត​ ប៉ុន្តែ​លោក​អាច​ប៉ាន់ស្មាន​ថា​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី៤នេះ​ នឹង​ធ្វើ​តពី​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នៅ​ត្រើយ​ខាងកើត​ ​ឬក៏​ធ្វើ​ផ្លូវ​ថ្មី​ចេញពី​ផ្លូវ៥១​ មកដល់​ផ្លូវជាតិ​លេខ៣​ ឡើង​ដល់​ភ្នំពេញ​។

លោក​ថា​ “ខ្ញុំ​មិន​អាច​ឆ្លើយ​លម្អិត​បានទេ​ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤នេះ​ អាច​នឹង​សាងសង់​បន្ត​ពី​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ចាប់ពី​ត្រើយ​ខាងកើត​ឆ្ពោះទៅ​ដី​លីយ៉ុង​ផាត់​ បើមិនដូច្នោះទេ​ អាច​នឹង​សាងសង់​ថ្មី​ចេញពី​ផ្លូវជាតិ៥១​ តែ​ខ្ញុំ​មិន​ច្បាស់​ថា​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​ លើកឡើង​សំដៅ​ផ្លូវ​ណាមួយ​នោះ​ទេ​”។

លោក​បញ្ជាក់​ថា​ “ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤នេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​ក្រសួង​បាន​ចាប់ផ្តើម​សិក្សា​យូ​ណាស់​មក​ហើយ​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ បាន​នឹង​កំពុងតែ​ដំណើ​ការ​សង​សង់​ជា​ធម្មតា​ ពុំ​មាន​អ្វី​រំាង​ស្ទះ​នោះ​ទេ​”។

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ត្រូវ​បាន​រដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១៤​ ខែ​ មករា​ ឆ្នាំ២០១៩កន្លងមក​នេះ​ ដែល​មាន​ប្រវែង​ជាង៥០គីឡូម៉ែត្រ​ ក្រោម​ការ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ និង​ចូលរួម​ថវិកាបដិភាគ​ពី​រដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ការ​បោស​សម្អាត​មីន​និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ពន្ធ​ និង​សួយសារអាករ​៕

ចំណេះដឹង! តើ​អ្វី​ទៅជា​សម្បទាន​ដី​សេដ្ឋកិច្ច?

0

ដោយ វុត្ថា

ភ្នំពេញ៖ សម្បទាន​ដី​សេដ្ឋកិច្ច សំដៅ​ដល់​យន្តការ​សម្រាប់​ផ្តល់​ដីឯកជន​របស់​រដ្ឋ តាមរយៈ​កិច្ចសន្យា​សម្បទាន​មួយ​ជាក់លាក់ ទៅ​ឲ្យ​សម្បទា​និក ដើម្បី​ប្រើប្រាស់​សម្រាប់ធ្វើ​អាជីវកម្ម​កសិកម្ម និង​ក​សិ-ឧស្សាហកម្ម។ (មាត្រា២នៃ​អនុក្រឹត្យ)។

សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងអស់ តម្រូវ​ឲ្យ​មាន​កិច្ចសន្យា​រវាង​ម្ចាស់​សម្បទាន និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដោយ​មានចែង​ច្បាស់​អំពី​គោលបំណង​នៃ​សម្បទាន​មាន​រយៈពេល ទីកន្លែង និង​គោលបំណង​របស់​វា។

សម្បទាន​ដី​សេដ្ឋកិច្ច​មិនអាច​លើសពី១០,០០០ហិកតា​បានឡើយ (មាត្រា៥៩នៃ​ច្បាប់​ភូមិបាល) ហើយ​មាន​រយៈពេល​ជា​អតិបរិមា៩៩ឆ្នាំ (មាត្រា៦១នៃ​ច្បាប់​ភូមិបាល) ហើយ​ម្ចាស់​សម្បទាន ត្រូវ​ចាប់ផ្តើម​អនុវត្ត​ក្នុងអំឡុងពេល​មួយឆ្នាំ​បន្ទាប់ពី សម្បទាន​នោះ​ត្រូវបាន​ផ្តល់​ហើយ (មាត្រា៦២នៃ​ច្បាប់​ភូមិបាល)។ ប្រសិនបើ​ម្ចាស់​សម្បទាន​មិន​អនុវត្តតាម​ល័ក្ខខ័ណ្ឌ​ច្បាប់​ទេ​សម្បទាន​នោះ​អាច​ត្រូវបាន​លុបចោល​វិញ។

សម្បទាន​ដី​សេដ្ឋកិច្ច អាច​ត្រូវ​បានផ្តល់​ក្នុង​គោលបំណង​ដូចខាងក្រោម៖

  • អភិវឌ្ឍ​សកម្មភាព​កសិកម្ម ប្រពលវប្បកម្ម និង​ក​សិ-ឧស្សាហកម្ម ដែល​តម្រូវ​ឲ្យ​មានកា​រវិន​យោគ ដើមទុន​ដំបូង​ក្នុង​អត្រា​ខ្ពស់ និង​កម្រិត​សមស្រប។
  • សម្រេចបាន​នូវ​ការព្រមព្រៀង​មួយចំនួន ជាក់លាក់​ពី​អ្ន​កវិន​យោគ សម្រាប់​ការអភិវឌ្ឍ​ដី​ក្នុង​លក្ខណ​សមស្រប និង​ប្រកបដោយ​ចិ​រ​ភាព និង​ផ្អែកលើ​ផែនការ​ប្រើប្រាស់​ដី​នៃ​តំបន់​នោះ។
  • បង្កើត​ភាព​មានការ​ងារ​ធ្វើ​នៅ​ជនបទ ក្នុង​ក្របខណ្ឌ​នៃ​ការធ្វើ​ប្រពលវប្បកម្ម និង​ការធ្វើ​ឲ្យ​មាន​កាលានុវត្តភាព នៃ​ការរកស៊ី​ចិញ្ចឹមជីវិត​មាន​លក្ខណៈ​សម្បូរ​ណ៍​បែប និង​ក្របខណ្ឌ​នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ​តាម​ប្រព័ន្ធ​អេកូឡូស៊ី​សមស្រប។
  • លើកទឹកចិត្ត​រាល់​កា​រវិន​យោគ​ក្នុង​គម្រោង​សម្បាន​ដី​សេដ្ឋកិច្ច
  • បង្កើត​ចំណូល​រដ្ឋ ឬ​ចំណូល​ខេត្ត​រាជធានី ឃុំ​សង្កាត់ តាមរយៈ​ការប្រមូល​ថ្លៃ​ប្រើប្រាស់​ដី ពន្ធ និង​កម្រៃ​លើ​សេវា​ពាក់ព័ន្ធ។ (មាត្រា៣នៃ​អនុក្រឹត្យ)៕

អភិបាលខេត្ត​កំពត​ ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​ ពន្លឿន​ការសាងសង់​ផ្លូវជាតិ​លេខ៣​

0

ដោយ​ ៖ រ៉ា​ណេត​

កំពត​ ៖ ជា​ការជំរុញ​នូវ​ល្បឿន​សាងសង់​ផ្លូវជាតិ​លេខ៣ឱ្យ​ស្រប​ទៅតាម​ផែនការ​ និង​គម្រោង​ដែល​បាន​គ្រោងទុក​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​នៅពេល​ឆាប់​ខាងមុខនេះ​ អភិបាលខេត្ត​កំពត​ បាន​កោះ​អញ្ជើញ​បណ្តា​ក្រុមហ៊ុន​ដែល​ទទួល​វិនិយោគ​លើ​គម្រោង​ផ្លូវជាតិ​លេខ​ ៣ មក​ពិភាក្សា​ការងារ​ ដើម្បី​ពន្លឿន​ឱ្យ​បាន​តាម​ការកំណត់​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ បាន​ធ្វើការ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ កាលពី​ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ដោយ​ការ​អញ្ជើញ​ក្រុមហ៊ុន​ដែល​ជា​អ្នក​វិនិយោគិន​ចិន​ ទទួលការ​សាងសង់​ផ្លូវជាតិ​លេខ៣​ ដើម្បី​ពន្លឿន​ការស្ថាបនា​សាងសង់​ផ្លូវ​ ចាប់ពី​ក្រុង​កំពត​ ទៅដល់​ចំណុច​រូបសំណាក​លោកយាយ​ម៉ៅ​។

នៅក្នុង​កិច្ចប្រជុំ​ អ្នក​វិនិយោគិន​ចិន​ បាន​ឯកភាព​សន្យា​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ ៤០km​/h ទទួលខុសត្រូវ​លើ​ការ​កៀរ​ផ្លូវ​ឱ្យ​ស្មើ​ និង​ស្រោចទឹក​ ហើយ​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ដាក់គ្រឿង​ចក្រ​ទាំងអស់​មក​ធ្វើ​នៅ​ត្រឹម​ថ្ងៃទី១៥​ ខែកញ្ញា​ខាងមុខនេះ​។

ជាមួយគ្នា​នេះ​ ភាគី​ខាង​ក្រុមហ៊ុន​ចិន​ក៏បាន​សន្យា​ថា​ នៅចន្លោះ​ដើមខែ​តុលា​ បើ​មិន​មាន​ភ្លៀង​ទេ​ ក្រុមហ៊ុន​នឹង​ក្រាល​ថ្ម​មិច​ កម្រាស់​ ៣ តឹក​ និង​ក្រាល​កៅស៊ូ​កុំឱ្យ​ហុយ​ ។ ដោយឡែក​នៅដើម​ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ​ ក្រុមហ៊ុន​នឹង​អ៊ុត​កៅស៊ូ​ ១ជាន់​ កម្រាស់៤ហ៊ុន​ ជា​ជំហាន​ទី១​ ហើយ​បន្តសកម្មភាព​ធ្វើ​យ៉ាងណា​ឱ្យ​កំណាត់ផ្លូវ​ ចាប់ពី​ក្រុង​កំពត​ ទៅដល់​ចំណុច​រូបសំណាក​លោកយាយ​ម៉ៅ​ បាន​ប្រសើរ​មុនគេ​ នៅក្នុង​ពេល​ដ៏​ខ្លី​ ។

ខេត្តកំពត​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជាទី​តាំង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ ក្រោម​អធិបតីភាព​សម្ដេច​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន​។ ពិធីបុណ្យ​សមុទ្រ​លើក​ទី៨នេះ​ នឹង​រៀបចំឡើង​ក្នុង​រយ​: ៣ថ្ងៃ​ ពោល​គឺ​ចាប់ពី​ថ្ងៃទី២០​ ២១​ និង២២​ ខែធ្នូ​ ឆ្នាំ២០១៩​។

កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ សម្រាប់​បុណ្យ​សមុទ្រ​ឆ្នាំនេះ​ នៅក្នុង​ខេត្តកំពត​ និង​យក​ធ្វើជា​ខេត្ត​គំរូ​ក្នុង​ការរៀបចំ​ឱ្យ​មាន​វិថី​ម្ហូបអាហារ​ ឬហៅ​ថា​ Street​ Food​ ឱ្យ​បាន​លេចធ្លោ​ជាង​បណ្តា​ខេត្ត​នានា​ដែល​ធ្លាប់​ប្រា​រព្វ​កាលពី​ពេល​មុន​ៗផង​ដែរ​៕

តើ​ទីតាំង​រាជធានី​ ឬខេត្ត​ និង​ដី​មាន​ស្ថានភាព​បែប​ណា​ ដែល​គួរ​វិនិយោគ​ដើម្បី​បាន​ចំណេញ​ច្រើន​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ វិស័យ​អចលនទ្រព្យ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ជាក់ស្តែង​វត្តមាន​អា​គារ​ខ្ពស់​ៗជាច្រើន​ បាន​រីក​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ​ ពិសេស​តំលៃ​ដីធ្លី​ក៏បាន​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​ ដែល​តំបន់​ខ្លះ​កើនឡើង​ទ្វេរ​ដង​ និង​តំបន់​ខ្លះទៀត​កើនឡើង​មួយ​គុណ​នឹង​បី​ឬបួន​ដង​ក៏​មាន​។

តើ​អ្នកមាន​បំណង​វិនិយោគ​លើ​ដីធ្លី​ដែរ​ឬទេ​? មាន​ប្រាក់​ច្រើន​កម្រិត​ណា​? នៅពេល​នេះ​គេហទំព័រ​ www.propertyarea.asia​ បាន​នាំ​យកចំណេះ​ដឹងពី​អ្នកជំនាញ​ ដើម្បី​ធ្វើជា​មូលដ្ឋាន​យក​មក​គិតពិចារណា​ និង​វិភាគ​ថា​គួរ​វិនិយោគ​ដីធ្លី​នៅ​ទីណា​ កន្លែងណា​ដែល​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​និង​ឆាប់រហ័ស​។

ទិញ​ដី​ក្នុង​គោលបំណង​អ្វី​?

តើ​អ្នកមាន​បំណង​ទិញ​ដី​ ដើម្បី​ទុក​លក់​យក​ប្រាក់ចំណេញ​ ឬទុក​សាងសង់​សំណង់​នានា​? លោ​កគីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Real​ Estate​ និង​ KW​ Cambodia​ ប្រសិនជា​លោក​ អ្នក​ចង់​ទិញ​ដី​ដើម្បី​សាងសង់​ខុន​ដូ​ សាងសង់​អាគារ​ការិយាល័យ​ ឬសម្រាប់​សាងសង់​សណ្ឋាគារ​ សូម​ទិញ​ដី​នៅក្នុង​ខ័ណ្ឌ​ចំការ​មន​។

ការទិញ​ដីធ្លី​ជា​ការ​វិនិយោគ​ត្រឹមត្រូវ​ និង​មិន​ត្រឹមត្រូវ​

លោ​កគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ការ​វិនិយោគ​ដីធ្លី​ ជា​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​ ប្រសិនជា​លោក​ អ្នក​សល់​លុយ​ដោយខ្លួនឯង​ មិនដឹង​យក​ទៅ​វិនិយោគ​អ្វី​ ប៉ុន្តែ​ប្រសិនជា​យក​លុយ​បង្វិល​ ឬយក​លុយ​ពី​ធនាគារ​ដើម្បី​ទិញ​ដី​វិនិយោគ​ អ្នកជំនាញ​រូប​នេះ​បាន​និយាយ​ថា​ “កុំអី​” ព្រោះ​អ្នកខ្លះ​គិតថា​ ការប្រាក់​ធនាគារ១ឆ្នាំ៨ភាគរយ​ ហើយ​ដី​ឡើងថ្លៃ២០ភាគរយ​ក្នុង​មួយឆ្នាំ​ គឺ​អាច​ខ្ចី​ឥណទាន​ពី​ធនាគារ​យក​មក​ទិញ​បាន​ ប៉ុន្តែ​វា​ជា​ការយល់​ច្រឡំ​ ព្រោះ​ដី​មិន​ងាយ​លក់​ភ្លាម​ៗនោះ​ទេ​ និង​អាច​មាន​ភាព​ជាប់​គាំង​រយៈពេល​ពីរ​ឬបី​ឆ្នាំ​ ពោល​គឺ​ត្រូវការ​ពេលវេលា​។

តំបន់​ណា​ចំណេញ​លឿន​ជាងគេ​

ការទិញ​ដី​ដែល​ទទួល​បានផល​ចំណេញ​លឿន​ជាងគេ​ គឺ​ទិញ​នៅក្នុង​ខ័ណ្ឌ​សែនសុខ​ ដង្កោ​ និង​ខ័ណ្ឌ​ពោធិ​សែន​ជ័យ​ ពិសេស​តំបន់​ទួលគោក​ និង​ភ្នំពេញថ្មី​ ដោយសារ​តំបន់​នេះ​ដី​នឹង​ឡើងថ្លៃ​ទ្វេរ​ដង​នៅ​រយៈពេល​ពីរ​ ឬបី​ឆ្នាំខាងមុខ​នេះ​។

គួរ​ទិញ​នៅ​តាម​បណ្តា​ខេត្ត​ឬទេ​?

ក្រៅពី​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះសីហនុ​ អ្នកជំនាញ​រូប​នេះ​បាន​ប្រាក់​ថា​ “កុំ​ទិញ​អី​ កំពត​ កែប​ជាដើម​ ព្រោះ​ខេត្ត​ទាំងនេះ​ មិន​មាន​ខេត្ត​ណា​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​ផ្នែក​នេះ​ទេ​ ហើយ​ក្នុងចំណោម​ខេត្ត​ទាំងពីរ​ខាងលើ​ គឺ​ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ខ្ពស់​ជាង​ខេត្តសៀមរាប​។

ការ​វិនិយោគ​ដីធ្លី​មិន​សុទ្ឋ​ជា​ជម្រើស​ល្អ​

ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​មិន​សុទ្ឋ​តែ​ជា​ជម្រើស​ល្អ​នោះ​ទេ​ ព្រោះ​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​មាន​វិ​ស័យ​ផ្សេង​ៗទៀត​ ដែល​អាច​ប្រមូលប្រាក់​បាន​លឿន​ជាង​វិស័យ​ដីធ្លី​។

លោ​កគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ប្រសិនជា​អ្នកមាន​អាយុ៥០ឆ្នាំ​ ជា​ពេល​ដល់អាយុ​ជិត​ចូលនិវត្តន៍​ មិន​គួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នោះ​ទេ​ គឺ​គួរ​ទិញ​ខុន​ដូ​ ទិញ​ដី​សាងសង់​ផ្ទះ​ជួល​ ឬទិញ​ផ្ទះល្វែង​សម្រាប់​ជួល​ ដែល​អាច​បាន​ប្រា​ក់​ភ្លាម​ៗត្រលប់​មកវិញ​។ ផ្ទុយទៅវិញ​ប្រសិនជា​លោក​ អ្នកមាន​អាយុ​ចន្លោះ​ពី៣០ទៅ៤០ឆ្នាំ​ គួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី​ ព្រោះ​ទិញ​ដី​មានផល​ចំណេញ​ខ្ពស់​ និង​ជា​វ័យ​ដែល​លោក​ អ្នក​កំពុង​រកលុយ​បាន​ច្រើន​។

តើមាន​លុយ​អ្នក​ប៉ុន្មាន​?

តើ​លោក​ អ្នកមាន​ប្រាក់​ប៉ុន្មាន​ មាន​ស្ថានភាព​ជីវិត​យ៉ាងដូច​ម្តេច​? ព្រោះ​ការសម្រេច​ចិត្ត​ក្នុង​លក្ខខ័ណ្ឌ​នេះ​មាន​សារៈសំខាន់​ មុន​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​នេះ​។

លោក​បណ្ឌិ​តគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ការ​វិនិយោគ​លើ​វិស័យ​អ្វីមួយ​ ក៏​គួរ​មាន​លក្ខខ័ណ្ឌ​ជាក់លាក់​ទាក់ទង​នឹង​ ចំនួន​ទុន​វិនិយោគ​ លក្ខខ័ណ្ឌ​ការងារ​ លក្ខខ័ណ្ឌ​ជីវិត​ ជាដើម​ ដោយ​លោក​បាន​ថ្លែង​ថា​ ប្រសិនជា​អ្នក​ទើប​រៀបការ​ ហើយ​សល់​លុយ១០ម៉ឺន​ដុល្លារ​ គួរ​ទិញ​ផ្ទះ​សម្រាប់​ស្នាក់នៅ​សិន​ ប្រសិនជា​មានផ្ទះ​ ហើយ​សល់​លុយ​គួរ​ទិញ​ដី​ទុក​ ហើយ​ប្រសិនជា​មានផ្ទះ​ស្នាក់នៅ​ និង​មាន​ដី​រួចហើយ​ គួរ​ទិញ​ខុន​ដូ​ ព្រោះ​ខុន​ដូ​ជា​វិស័យ​ថ្មី​មួយ​ដែល​កំពុង​មានការ​ពេញនិយម​ និង​បង្ហាញ​ពី​ភាព​ស៊ីវិល័យ​៕

កម្ចី​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ជិត​ ៣,៥០០លាន​ដុល្លារ​មកដល់​ត្រីមាស​ទី២ឆ្នាំនេះ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​ភាព​វិជ្ជមាន​ ដោយ​ទំហំ​កម្ចី​ទិញ​អចលនទ្រព្យ ​(Mortgage​) គិត​មកដល់​ត្រីមាស​ទី២ឆ្នាំ២០១៩នេះ​ មាន​ទំហំ​ទឹកប្រាក់​ជិត​ ៣,៥ ពាន់​លាន​ដុល្លារ​ កើនឡើង​ប្រមាណ៣០ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​។

របាយការណ៍​ដដែល​បាន​ឲ្យដឹង​ថា​ កម្ចី​អចលនទ្រព្យ​ក្នុង​ត្រីមាស២ឆ្នាំនេះ​ មាន​ ៤៧​,៧៩ភាគរយ​ នៃ​សមតុល្យ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​សរុប​ ដែល​មាន​ទំហំ​ទឹកប្រាក់៧.១៦ប៊ី​លា​នដុ​លា្ល​រអា​មេ​រិច​ដោយ​កើនឡើង៦​,៨០ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ២០១៩នេះ​។

ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ទទួល​បាន​ឥណទាន​ក្នុង​លក្ខណៈ​ជា​ ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ប័ណ្ណឥណទាន​ និង​កម្ចី​អចលនទ្រព្យ​។

លោក​ អឿ​ សុធា​រ័ត្ន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ មានប្រសាសន៍​ថា​ “នៅក្នុង​ត្រីមាស​នេះ​ មិន​ខុសពី​ឆ្នាំ​មុន​ៗនោះ​ទេ​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី២​។ ទោះបី​យ៉ាងណា​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ២០១៨​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​បាន​កើនឡើង ៩​,០៣​ភាគរយ​ ខណៈ​ដែល​ទំហំ​ទឹកប្រាក់​នៃ​ការ​ស្នើសុំ​ឥណទាន​ កើនឡើង​ជិត​ទ្វេដង​”។

លោក​បន្ត​ថា​ ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​ បាន​កើនឡើង​ជាលំដាប់​ ចាប់តាំងពី​ឆ្នាំ២០១៨​ ក្នុង​ចន្លោះ​ពី៥ភាគរយ​ ទៅ៧ភាគរយ​ក្នុង​ត្រីមាស​នី​មួយ​ៗ។ ខណៈ​ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​កើនឡើង​ ចន្លោះ​ពី៦ភាគរយ​ ទៅ៨​ ភាគរយ​។ ជា​រួម​អនុបាត​នៃ​ឥណទាន​ មិន​ដំណើរការ​លើស​ពី៣០ថ្ងៃ​ របស់​ផលិតផល​ឥណទាន​ទាំង​បី​ នៅតែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ស្ថិតនៅ​ក្នុង​កម្រិតទាប ១.១៩​ ភាគរយ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ថា​ ទោះជា​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន​បន្តិចបន្តួច​ក្តី​ ប៉ុន្តែ​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ ព្រោះ​មាន​អ្នក​វិនិយោគ​ជាច្រើន​បាន​ចូល​មក​ដូចជា​អ្នក​វិនិយោគ​កូរ៉េ​ អ្នក​វិនិយោគ​ជប៉ុន​កំពុង​ចូល​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ “សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បា​នកំនើន​ល្អ​ប្រសើរ​ ហើយ​នយោបាយ​នៅតែ​មាន​ស្ថេរ​ភាព​ ហេតុនេះ​ការ​វិនិយោគ​នៅតែ​បន្ត​កើនឡើង​ ជាក់ស្តែង​យើង​ឃើញ​កម្រិត​ឥណ​ទា​នក​ល្នុង​វិស័យ​នេះ​នៅតែ​បន្ត​កើនឡើង​”៕

ក្រសួងទេសចរណ៍​រំពឹង​ថា​កម្ពុជា​ទទួល​បាន​ចំណូល​ ៥ពាន់​លាន​ដុល្លារ​ពី​វិស័យ​នេះ​នៅ​ឆ្នាំ២០២០​

0

ដោយៈ​ រ៉ា​ណេត​

ខេត្តក្រចេះ៖​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​លើកឡើង​ថា​ ថ្វីត្បិត​លទ្ធផល​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅក្នុង​ឆ្នាំ២០១៩​នេះ​មានការ​ធ្លាក់ចុះ​បន្តិច​ក្ដី​ ប៉ុន្តែ​ផ្អែក​តាម​ការ​ដាក់ចេញ​ឱ្យ​អនុវត្ត​នូវ​គោលនយោបាយ​ និង​យុទ្ធ​សា​ស្ត្រថ្មីៗ​របស់ក្រ​សួង​កាលពី​ពេល​កន្លងទៅ​នេះ​ សម្រាប់​ឆ្នាំ២០២០ខាងមុខនេះ​ យើង​រំពឹង​ថា​កម្ពុជា​អាច​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ប្រមាណ ៧លាន​នាក់​ និង​អាច​ទាញ​បាន​ចំណូល​ប្រមាណ៥ពាន់​លាន​ដុល្លារ​។

អនុរដ្ឋ​លេខាធិការ​ ក្រសួងទេសចរណ៍​ លោក​ហោ​ សា​រុន​ បាន​មានប្រសាសន៍​នៅក្នុង​អង្គ​សិក្ខាសាលា​ស្ដីពី​ «ការ​ពង្រឹង​សន្តិសុខ​ និង​សុវត្ថិភាព​ទេសចរ​» កាលពី​ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ នៅ​ដំណាច់ឆ្នាំ២០២០​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង៧លាន​នាក់​ និង​អាច​ស្រូប​ចំណូល​បាន​ប្រមាណ៥ពាន់​លាន​ដុល្លារ​ បង្កើត​ឱកាស​ការងារ​បាន​ជិត១លាន​នាក់​ ​ហើយ​រហូតដល់​ឆ្នាំ២០៣០​ អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ១៥លាន​នាក់​ នាំមក​នូវ​ចំណូល​ប្រមាណ១០ពាន់​លាន​ដុល្លារ​ បង្កើត​ឱកាស​ការងារ​ប្រមាណ២លាន​នាក់​។

លោក​បន្ត​ទៀត​ថា​ “វិស័យ​ទេសចរណ៍​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​មាស​បៃតង​ ក៏បាន​បោះជំហាន​រីកចម្រើន​ ទៅមុខ​ជាលំដាប់​ ដោយ​រក្សា​បាន​កំណើន​វិជ្ជមាន​ជា​រៀងរាល់​ឆ្នាំ​ និង​បាន​រួមចំណែក​ប្រមាណ១២.៧ភាគរយ​នៃ​ផលទុន​សរុប​ក្នុង​ស្រុក​”។ លោក​បាន​បន្ត​ទៀត​ថា​ “កាលពី​ឆ្នាំ២០១៨កន្លងទៅ​ យើង​សម្រេច​បាន​កំណើន​ក្នុង​អត្រា​ប្រមាណ១១ភាគរយ​ ជាមួយនឹង​ការ​មកដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង ៦.២លាន​នាក់​ និង​នាំ​ប្រាក់ចំណូល​ប្រមាណ ៤៣៥៦​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​”។

លោក​ ហោ​ សា​រុន​ បាន​បញ្ជាក់​ថា​ ដើម្បី​ត្រៀម​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ជា​យុទ្ធសាស្ត្រ​ គឺ​ត្រូវ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ ទាក់ទាញ​ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​ តាមរយៈ​ការបង្កើត​ឱ្យ​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ប្រកបដោយ​ភាព​វ័យ​ឆ្លាត​ ស្អាត​ បៃតង​ និង​រក្សាសុខ​សុវត្ថិភាព​ទេសចរ​ឱ្យ​បាន​ល្អ​ប្រសើរ​។

ផលប្រយោជន៍​ដែល​បាន​មក​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​លើកស្ទួយ​កម្រិតជីវភាព​រស់នៅ​ កាត់បន្ថយ​ភាព​ក្រីក្រ​ បង្កើត​ការងារ​ដល់​កម្លាំង​ពលកម្ម​កម្ពុជា​។ លើស​ពីនេះ​ទៀត​ ក៏​ចូលរួម​ថែរក្សា​អភិរក្ស​បរិស្ថាន​ធម្មជាតិ​ វប្បធម៌​ប្រពៃណី​ជាតិ​ និង​លើកតម្កើង​កិត្តិនាម​កម្ពុជា​ នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​។ ការ​រួមចំណែក​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ ពិតជា​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ដល់​ការ​រីកចម្រើន​វិស័យ​ទេសចរណ៍​ ជំរុញ​កំណើន​ទេសចរណ៍​ ស្របតាម​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ តាមរយៈ​ការ​លើកកម្ពស់​ និង​ពង្រឹង​បញ្ហា​សន្តិសុខ​ និង​សុវត្ថិភាព​ទេសចរ​ នៅ​ទូទាំង​ប្រទេស​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​ ហូ​ វណ្ឌី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២១​ ខែសីហា​ នេះ​ថា​ ការ​រំពឹង​កើនឡើង​ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ គ្រាន់តែ​ការ​ទស្សន៍ទាយ​តែប៉ុណ្ណោះ​ ប៉ុន្តែ​លទ្ធផលជាក់​ស្ដែង​គឺ​អាស្រ័យ​លើក​កិច្ចសហការ​រវាង​វិស័យ​ឯកជន​ និង​ក្រសួងទេសចរណ៍​។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​ធ្លាក់ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​កាលពី​ពេល​កន្លង​ទីនេះ​ បញ្ហា​មួយចំនួន​ ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន​ ដូចជា​ការប្រកួត​ប្រជែង​ផ្តល់​សេវាកម្ម​មិន​មាន​តម្លាភាព​ ជាពិសេស​ការ​លក់​ជា​កញ្ចប់​ទៅ​ឱ្យ​ភ្ញៀវ​ទេសចរ​ក្រោម​រូបភាព​មិន​ស្មោះត្រង់​”។ លោក​ថា​ “កន្លងមក​យើង​ឃើញ​មាន​ករណី​មួយចំនួន​ ដែល​ផ្តើម​ចេញពី​វិស័យ​ឯកជន​មួយចំនួន​ ដូចជា​ការ​លក់​ទិញ​មួយ​ដោយ​យក​តម្លៃ​ទាប​ជាង​ទីផ្សារ​ ហើយ​បូកបន្ថែម​លើ​មុខទំនិញ​ផ្សេង​មានតម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ជាក់ស្ដែង​ ដែល​រូបភាព​វា​ជា​ការ​ជះ​ឥទ្ធិ​ពើ​អាក្រក់​បំផុត​”។

លោ​កហូ​ វណ្ឌី​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ នៅពេល​ដែល​មានការ​ចូលរួម​អនុវត្ត​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​របស់ក្រ​សួង​ ពីសំណាក់​វិស័យ​ឯកជន​ ដោយ​ប្រកាន់យក​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ការ​ពង្រឹងគុណភាព​សេវាកម្ម​ គួបផ្សំ​ជាមួយនឹង​កិច្ចប្រឹងប្រែង​ពីសំណាក់​រាជរដ្ឋាភិបាល​ ជាពិសេស​ការបង្កើត​មហា​ព្រឹត្តិ​កា​រណ៍​ធំៗ​លំដាប់​ពិភពលោក​ដែល​កំពុងតែ​រៀបចំ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​ លោក​ជឿ​ថា​កំណើន​ភ្ញៀវ​ទេសចរ​ពិតជា​អាច​ធ្វើស​ម្រេច​ទៅ​បាន​យ៉ាង​ប្រាកដ​៕

សម្តេច​តេជោ​ជំរុញ​កូរ៉េ​បង្កើន​ការ​វិនិយោគ​ និង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា​-កូរ៉េ​ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​មានការ​រីកចម្រើន​ ប៉ុន្តែ​សម្តេច​តេជោ​ចង់​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ថែមទៀត​។

សម្ដេច​តេជោ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ អូ​ ណា​ក់​យ៉ុង​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ដែល​ចប់​អាណត្តិ​នៅ​ថ្ងៃទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ធ្វើ​យ៉ាងណា​ពង្រីក​ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​កាន់តែ​កើនឡើង​ថែមទៀត​ ដោយ​បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េ​បន្ត​ការនាំចូល​នូវ​ផលិតផល​កសិផល​របស់​កម្ពុជា​ ចូល​ទៅកាន់​ទីផ្សារ​កូរ៉េ​ គ្រាដែល​កម្ពុជា​មាន​សក្តា​នុ​ពល​ជាច្រើន​ទៅលើ​ផលិតផល​កសិកម្ម​ដូចជា​ស្វាយ​ជាដើម​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​ចង់​ឃើញ​សាធារណរដ្ឋ​កូរ៉េ​ បង្កើន​ការ​វិនិយោគ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ថែមទៀត​។

នៅក្នុង​កិច្ចពិភាក្សា​នេះ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​នូវ​ចំនុច​មួយចំនួន​ដែល​ភាគី​កម្ពុជា​ និង​កូរ៉េ​ត្រូវតែ​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ថែមទៀត​ ដូចជា​កម្រិត​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ ដោយធ្វើ​យ៉ាងណា​ឱ្យ​មានការ​បន្ត​ពង្រីក​ និង​ពង្រឹង​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​រឹងមាំ​ថែមទៀត​។

បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ៨ពាន់​នាក់​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ​ ហើយ​មាន​ប្រមាណ​ ៤០០នាក់​មាន​ភរិយា​ជា​ជនជាតិ​កូរ៉េ​ ដូច្នេះ​មានន័យថា​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​មានការ​កើនឡើង​។ សម្ដេច​ចង់​ឃើញ​ទំនាក់ទំនង​ទ្វេភាគី​នេះ​មិនមែន​ត្រឹមតែ​ការ​វិនិយោគ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ទេសចរណ៍​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ចង់​ឃើញ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​ និង​ប្រជាជន​មានការ​កើនឡើង​ថែមទៀត​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​អំពី​ កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​អនុ​តំបន់​មេគង្គ​កូរ៉េ​ ដែល​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​រីករាយ​ដែល​កូរ៉េ​សម្រេច​ទទួលយក​អនុសាសន៍​របស់​សម្ដេច​តេជោ​ ក្នុង​ការដំឡើង​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​និង​យន្តការ​នេះ​។

សម្តេច​តេជោ​បាន​កត់សម្គាល់​ថា​ កម្ពុជា​បាន​ទាញ​ផលប្រយោជន៍​ជាច្រើន​ទាំង​កម្រិត​ទ្វេភាគី​ផង​ និង​កម្រិត​អនុ​តំបន់​ផង​ដែរ​ ដោយសារតែ​កម្រិត​អនុ​តំបន់​មាន​គម្រោង​ជាច្រើន​ក្នុង​កិច្ច​ដំណើរការ​ជំរុញ​ការ​អភិវឌ្ឍ​នៅក្នុងចំណោម​ប្រទេស​មេគង្គ​រួម​ទាំង​កម្ពុជា​ផង​ដែរ​។

អំពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​កម្រិត​តំបន់​រវាង​អាស៊ាន​កូរ៉េ​វិញ​ ជា​យន្តការ​ដ៏​សំខាន់​គ្រាដែល​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល​ ដោយ​សម្ដេច​តេជោ​ចង់​ឃើញ​ការ​រឹតចំណង​មិត្តភាព​បន្ថែម​ទៀត​នៃ​ការ​វិនិយោគ​ពាណិជ្ជកម្ម​ដើម្បីឲ្យ​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​ និង​សង្គម​សេដ្ឋកិច្ច​អាស៊ាន​កូរ៉េ​ថែមទៀត​។

បច្ចុប្បន្ន​នេះ​ នៅក្នុង​កម្រិត​ទ្វេភាគី​យើង​ឃើញថា​ពលករ​របស់​កម្ពុជា​យើង​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មានការ​កើនឡើង​ ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​ពលករ​នៅ​កូរ៉េ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​បាន​នាំ​ចំណូល​ជាច្រើន​គ្រួសារ​របស់​គាត់​នៅ​កម្ពុជា​និង​ជួយ​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ពិសេស​ថែមទៀត​នោះ​ពលករ​របស់​កម្ពុជា​បាន​រៀនសូត្រ​ និង​ទទួល​បទពិសោធន៍​ពី​ប្រទេស​កូរ៉េ​ដែល​បាន​បង្កើន​សមត្ថភាព​ពលករ​ខ្មែរ​។ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ចង់​ឃើញ​នៅពេល​ខាងមុខ​ នេះ​គឺ​ការពង្រីក​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ កំណើន​នៃ​ការ​វិនិយោគ​របស់​កូរ៉េ​ និង​ទេសចរណ៍​កូរ៉េ​ផង​ដែរ​។

សម្ដេច​ក៏បាន​មានប្រសាសន៍​បញ្ជាក់​ថា​ សម្ដេច​គ្រោង​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅពេល​ខាងមុខ​ ប៉ុន្តែ​មិនទាន់​បាន​កំណត់ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​។

លោក​ អូ​ ណា​ក់​យ៉ុង​ ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ បាន​បញ្ជាក់​ថា​ ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ និង​មានការ​ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​មក​កម្ពុជា​នៅក្នុង​ពេល​ ឯកឧត្តម​ធ្វើជា​អគ្គរដ្ឋទូត​នៅ​កម្ពុជា​ គឺ​បាន​ជំរុញ​ការងារ​ទ្វេភាគី​ពិសេស​លើ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ ទេសចរណ៍​ជាដើម​។

លោក​ បាន​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ខែវិច្ឆិកា​នា​ពេល​ខាងមុខ​ អាស៊ាន​ និង​កូរ៉េ​នឹង​ប្រារព្ធ​ខួប​នៃ​ទំនាក់ទំនង​នឹងគ្នា​នៅ​សាធារណរដ្ឋ​កូរ៉េ​ គ្រាដែល​បច្ចុប្បន្ន​នេះ​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល​កិច្ច​សន្ទនា​អាស៊ាន​-កូរ៉េ​។ ដូច្នេះហើយ​កម្ពុជា​មាន​តួនាទី​សំខាន់​នៅក្នុង​កិច្ចការ​ងារ​រវាង​អាស៊ាន​ និង​កូរ៉េ​ផង​ដែរ​។

ពាក់ព័ន្ធ​ជាមួយនឹង​ក្របខ័ណ្ឌ​អនុ​តំបន់​ គឺ​មេគង្គ​-កូរ៉េ​ កន្លងមក​នេះ​គឺ​យើង​មាន​យន្តការ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ​កូរ៉េ​ ដែល​ជា​ការ​ផ្ដួចផ្ដើម​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​ស្នើ​ឲ្យ​យន្តការ​នេះ​កើនឡើង​មួយ​កំរិត​ទៀ​តអោយ​យដល់​ថ្នាក់​កំពូល​ ហើយ​សាធារណរដ្ឋ​កូរ៉េ​ ទទួលយក​នូវ​សំណើ​របស់​សម្ដេច​តេជោ​ផង​ដែរ​៕

កម្ពុជា​ចាប់ផ្តើម​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​​ ក្នុង​ការ​ធ្វើស​មា​ហរ​ណកម្ម​ពាណិជ្ជកម្ម

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅក្នុង​ផែនការ​នៃ​ការកំណត់​គោលដៅ​អភិវឌ្ឍ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​ដើរចេញ​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ជំរុញ​ឱ្យ​មានការ​អនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​ដើម្បីឱ្យមានភាពរីកចម្រើន។

ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ដើម្បី​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDC​) និង​ការ​ទាញ​យក​ផលប្រយោជន៍​​ពី​​ប្រភព​កំណើន​ថ្មី​ ជាពិសេស​សេវាកម្ម​ និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​ (Industrial​ Revolution​ 4.0​) គឺជា​ប្រធានបទ​ដ៏​សំខាន់​ នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) ឆ្នាំ​ ២០១៩​ – ២០២៣​ ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់​ជាតិ​ ស្តី​ពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ ឆ្នាំ​ ២០១៩​ – ២០២៣​ នៅ​សណ្ឋាគារ​ HIMAWARI​ កាលពី​ព្រឹក​ថ្ងៃពុធ​ ទី២១​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ថា​ លក្ខណៈ​ពិសេស​នៃ​ CTIS​ គឺ​ការ​តភ្ជាប់​វិស័យ​ពាណិជ្ជកម្ម​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​រួមមាន​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ឆ្នាំ២០១៩​-២០២៣​ និង​ចក្ខុវិស័យ​កម្ពុជា​ ឆ្នាំ២០៣០​។

លោក​បាន​បន្ថែម​ទៀត​ថា​ “យុទ្ធសាស្ត្រ​ CTIS​ ឆ្នាំ២០១៩​ មិនមែន​ជាឯក​សារ​ផ្ដាច់មុខ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ទេ​ ប៉ុន្តែ​គឺ​សម្រាប់​អន្តរក្រសួង​ ដោយសារតែ​ពាណិជ្ជកម្ម​ គឺជា​បញ្ហា​អន្តរ​វិស័យ​ ដែល​ទាមទារ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​ចូលរួម​សហការ​អនុវត្តន៍​ទាំងអស់គ្នា​ ទើប​អាច​សម្រេច​នូវ​គោលដៅ​នៃ​យុទ្ធសាស្ត្រ​នេះ​បាន​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ យុទ្ធសាស្ត្រ​នេះ​នឹង​ផ្ដល់​ជូន​សកម្មភាព​ជាគោល​នយោបាយ​ច្បាស់លាស់​ សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​អនុវត្ត​”។ ជាមួយ​គ្នាន​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ ក៏​សូម​អំពាវនាវ​ឱ្យ​អន្តរក្រសួង​ទាំងអស់​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ធានា​ការ​ធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ច​ និង​ការ​បង្កើន​ឧត្តមភាព​ជូន​ប្រជាពលរដ្ឋ​ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ និង​គោលដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា​ប្រកបដោយ​ចីរភាព​”។

សូមជម្រាប​ដែរ​ថា​ យុទ្ធសាស្ត្រ​ CTIS​ ឆ្នាំ២០១៩​ គឺជា​ឯកសារ​ជំនាន់​ទី៤​ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ហើយ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នៃ​កម្ពុជា​ នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ (Aid​-for​-Trade​) នៅក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ កាលពី​ថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងទៅ​។

យុទ្ធសាស្ត្រ​ថ្មីនេះ​ ត្រូវ​បាន​រៀបចំ​ និង​ចែកចេញជា១២​ ជំពូក​ ដែល​សុទ្ធសឹងតែ​ជា​ចំណុច​សំ​ខាន់​ៗ និង​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ជាក់ស្ដែង​សម្រាប់​កម្ពុជា​ នៅក្នុង​បរិបទ​បច្ចុប្បន្ន​ មាន​ដូចជា​៖

១. គោលនយោបាយ​ពាណិជ្ជកម្ម​ និង​កិច្ចចរចា​ក្នុង​តំបន់
​២. ពាណិជ្ជកម្ម​ ការ​ចាកចេញ​ពី​ប្រទេស​ LDC​ និង​គុណភាព​នៃ​កំណើន
​៣. ជំនាញ​ ការអប់រំ​ និង​ការ​បណ្តុះបណ្តាល​សម្រាប់​កំណើន
​៤. កិច្ច​សម្រួល​ពាណិជ្ជកម្ម​៥. ភ័ស្តុភារ​ពាណិជ្ជកម្ម​
៦. ការប្រកួត​ប្រជែង​ បរិយាកាស​ធុរកិច្ច​ ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ និង​កម្ម​សិ​ទិ្ធ​បញ្
ញា​៧. ស្តង់ដារ​ និង​រចនាសម្ព័ន្ធ​គុណភាព​
៨. ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​នៃ​កសិ​ឧស្សាហកម្ម​ សម្រាប់​នាំចេញ
​៩. ឧស្សាហកម្ម​ធុន​ស្រាល​ សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម​នាំចេញ​១
០​. ពាណិជ្ជកម្ម​សេវាកម្ម​
១១​. ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​
១២​. សេដ្ឋកិច្ច​ឌីជីថល​ និង​ឧស្សាហកម្ម​ ៤.០​ ៕