ក្រុមហ៊ុនផ្សារទំនើបធំៗចំនួន២ទៀត ត្រៀមឈានជើងចូលទីក្រុងប៉ោយប៉ែត

0

ដោយ ៖ រ៉ាណេត

ប៉ោយប៉ែត ៖ ទើបតែមានការប្រកាសបើកដំណើរការជាផ្លូវការណ៍ផ្សារទំនើបដ៏ធំ និងលើកដំបូងគេបង្អស់នៅលើទឹកដីក្រុងប៉ោយប៉ែតនាដំណាច់ឆ្នាំ២០១៩ ពេលនេះមានក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបធំៗចំនួន២បន្ថែមទៀត ដែលមានប្រភពដើមនៅប្រទេសថៃ គ្រោងនឹងបោះទុនវិនិយោគរាប់សិបលានដុល្លារ បង្កើតសាខារបស់ខ្លួនព្រមគ្នាក្នុងពេលតែមួយ។

តាមការឱ្យដឹងពីសំណាក់មន្ត្រីដែលបម្រើការងារនៅក្រុងប៉ោយប៉ែតបានបង្ហើបប្រាប់តាមទូរស័ព្ទក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះថា មិនយូរទៀតនោះទេ ក្រោយពេលដែលផ្សារទំនើបដំបូងគេនៅក្នុងក្រុងប៉ោយប៉ែត ដែលមានឈ្មោះថា Big C ប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ នឹងមានវត្តមានក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបធំៗចំនួន២ ទៀតមកពីប្រទេសថៃ គ្រោងបោះទុនវិនិយោគនៅក្នុងក្រុងប៉ោយប៉ែតបន្ថែមទៀត។

មន្ត្រីខាងលើនេះបានបន្តឱ្យដឹងទៀតថា បើតាមគម្រោង ផ្សារទំនើបធំៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសថៃទាំង២នេះ មានឈ្មោះ Star Plaza និងផ្សារ Macro ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជិត ១០០ លានដុល្លារ និងចង់ដាក់ទីតាំងរបស់ខ្លួននៅជិតផ្សារទំនើប Big C ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះតែម្ដង។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Four stars plus Four លោក សួង សុខហ៊ាង ដែលបានធ្វើការជិតស្និទ្ធជាមួយអ្នកវិនិយោគថៃ ទៅលើគម្រោងអភិវឌ្ឍផ្សារទំនើបBig C បានប្រាប់តាមទូរស័ព្ទថា ចំពោះដំណឹងនៃការចូលខ្លួនវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបមកពីប្រទេសថៃ លោកពិតជាធ្លាប់ឮគេនិយាយដូចជាការលើកឡើងខាងលើមែន ប៉ុន្តែមិនច្បាស់ត្រង់ឈ្មោះក្រុមហ៊ុន និងប្រភេទផ្សារនោះទេ។

លោក សួង សុខហ៊ាង បានប្រាប់បន្តទៀតថា “វាមិនមែនជាព័ត៌មានចម្លែកនោះទេ ដែលក្រុមហ៊ុនអន្តរជាតិមានគម្រោងវិនិយោគធំៗចូលមកកាន់ក្រុងប៉ោយប៉ែត”។ លោកបានបន្តថា “ស្រដៀងគ្នានឹងការលើកឡើងរបស់ប្រភពខាងលើនេះ កាលពីពេលថ្មីៗនេះធ្លាប់មានអ្នកជំនាញខាងអភិវឌ្ឍផ្សារទំនើបដ៏ល្បីឈ្មោះប្រចាំនៅប្រទេសថៃឈ្មោះ Star Plaza ចុះមកសិក្សាពីលទ្ធភាពក្នុងការវិនិយោគម្ដងជាពីរដងរួចមកហើយ ប៉ុន្តែនៅមិនទាន់ច្បាស់ការណ៍ថា នឹងចូលមកវិនិយោគពេលណាប្រាកដនោះទេ គ្រាន់តែដឹងថា ទំហំ និងទីតាំងដែលត្រូវធ្វើគឺធំជាងផ្សារទំនើប Big C ប្រមាណជិត៣ដង”។

ជាមួយគ្នានេះ ក្នុងនាមជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ និងផ្សារទំនើប លោក សួង សុខហ៊ាង បានបង្ហាញពីកិច្ចស្វាគមន៍ចំពោះវត្តមានថ្មីនៃការចូលមកវិនិយោគពីសំណាក់ក្រុមហ៊ុនអន្តរជាតិធំៗនៅក្នុងក្រុងប៉ោយប៉ែត ដែលវាជាកត្តាមួយជួយជំរុញឱ្យក្រុងមួយនេះកាន់តែមានសក្ដានុពល និងមានកំណើនសេដ្ឋកិច្ចកាន់តែល្អ ដែលស័ក្ដិសមទៅនឹងតំបន់ប៉ូលសេដ្ឋកិច្ចពិសេសរបស់កម្ពុជា ៕

អានបន្ត៖ សារ​ទំនើប​ Big C តម្លៃ​ជាង ១០លាន​ដុល្លារ ​នឹង​បើក​ដំណើរការ​នៅ​ក្រុង​ប៉ោយប៉ែត នា​ខែវិច្ឆិកា​ខាងមុខនេះ

ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​វៀតណាម​នឹង​ឈរ​នៅ​លេខ​រៀង​ទី៣ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ ២០២៥

0

ដោយ ​វុត្ថា

ហាន់​ណូយ៖ ប្រទេស​វៀតណាម​នឹងមាន​ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (E-Commerce) ធំ​ឈរ​លំដាប់​លេខ​រៀង​ទី៣ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ ២០២៥ ខាងមុខនេះ បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ។

យោងតាម​របាយការណ៍​ស​ន្ទ​ស្សន៍​អេ​ឡិច​ត្រូ​និ​ច​អេឡិចត្រូនិក​ឆ្នាំ ២០១៩ ដែល​រៀបចំ​ដោយ​សមាគម​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​វៀតណាម បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ទំហំ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​របស់​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ២០១៨ មាន​ចំនួន ៩ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

របាយការណ៍​នេះ​ក៏បាន​ព្យាករណ៍​ផងដែរ​ថា អត្រាកំណើន​ជា​មធ្យម​ក្នុង​ឆ្នាំ ២០១៥-២០១៨ មាន ២៥ភាគរយ ហើយ​ទីផ្សារ​នេះ​នឹង​ឈានដល់ ៣៣ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ ដែល​នៅ​ពីក្រោយ​ប្រទេស​ឥណ្ឌូណេស៊ី មាន​ចំនួន ១០០ ពាន់​លាន​ដុល្លារ និង​ថៃ ៤៣ពាន់​លាន​ដុល្លារ។

របាយការណ៍​នេះ​បង្ហាញ​ទៀតថា សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ភាគច្រើន​កើតឡើង​នៅ​ទីក្រុងធំៗ ពីរ​គឺ​ទីក្រុង​ហាន់​ណូយ និង​ទីក្រុង​ហូជីមិញ និង​ខេត្តជិតៗនោះ​ដូចជា​ខេត្ត Bắc Ninh ខេត្ត Vĩnh Phúc ខេត្ត Đồng Nai និង​ខេត្ត Bình Dương ជាដើម។

លោក Nguy Thann Thanh Hưng ប្រធាន​សមាគម​ពាណិជ្ជកម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត​វៀតណាម បានឱ្យដឹងថា សកម្មភាព​អាជីវកម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅតាម​បណ្តា​ខេត្ត​ភាគច្រើន គឺ​នៅ​ខ្សោយ​ហើយ​មាន​ហានិភ័យ​នៃ​ការធ្លាក់ចុះ បើ​ប្រៀបធៀប​នឹង​ទីក្រុង​នាំមុខ​ទាំងពីរ​នេះ។

ទីក្រុង​ហៃ​នី និង​ទីក្រុង​ហូជីមិញ មាន​ចំនួន ៧០ភាគរយ​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។ របាយការណ៍​បាន​បន្តថា ទំហំ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នៅតាម​តំបន់ផ្សេងៗជាពិសេស​នៅតាម​តំបន់​ជនបទ និង​តំបន់​ដាច់ស្រយាល​មាន​ចំនួន​តិចតួច។

លោក​បន្តថា ក្រៅពី​ជួយ​អ្នកប្រើប្រាស់​ក្នុងស្រុក​ទទួលបាន​អត្ថប្រយោជន៍​ពី​ការទិញ​ទំនិញ​តាម​អ៊ី​ន​ធឺ​ណេ​ត​កត្តា​សំខាន់​គឺ​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម និង​គ្រួសារ​នៅ​តំបន់​ជនបទ​ឱ្យ​លក់ទំនិញ និង​ផ្តល់​សេវាកម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត៕

អត្ថបទ៖ ច្បាប់ E-Commerce នឹង​ជំរុញ​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​មាន​តម្លាភាព

ក្រុមហ៊ុន JB Financial Group ប្រកាស​ប្រាក់ចំណេញ​សុទ្ធ ១,០០០ លាន​វ៉ុ​ន​នៅ​កម្ពុជា

0
ក្រុមហ៊ុន JB Financial Group ប្រកាស​ប្រាក់ចំណេញ
ក្រុមហ៊ុន JB Financial Group ប្រកាស​ប្រាក់ចំណេញ

ដោយ ម៉ា​ណេ​ត

ភ្នំពេញ៖ ក្រុមហ៊ុន JB Financial Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា ធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPCBank) ដែលជា​ធនាគារ​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​នៅ​កម្ពុជា​បានប្រកាស​ប្រាក់ចំណេញ​សុទ្ធ ១០ ពាន់​លាន​វ៉ុ​ន (៨,១៧ លាន​ដុល្លារ) នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩ ។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ធនាគារ​កូរ៉េ​មួយ​ប្រកាស​ប្រាក់ចំណេញ​សុទ្ធ​ជាង ១០ ពាន់​លាន​វ៉ុ​ន​នៅក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន JB Financial Group ប្រកាស​ប្រាក់ចំណេញ
ក្រុមហ៊ុន JB Financial Group ប្រកាស​ប្រាក់ចំណេញ

ធនាគារ Jeonbuk Bank ដែលជា​អង្គភាព​ធនាគារ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​កូរ៉េ​បាន​កាន់កាប់​ភាគហ៊ុន ៥០ ភាគរយ​នៅក្នុង​ធនាគារ PPCBank កាលពី ៣ ឆ្នាំមុន​ដោយ​លើកឡើង​ពី​សក្តានុពល​កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ។

ធនាគារ PPCBank បានប្រកាស​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ៣ ពាន់​លាន​វ៉ុ​ន​នៅក្នុង​ឆមាស​ទី ២ នៃ​ឆ្នាំ ២០១៦ ហើយ​ចាប់តាំងពី​ពេល​នោះមក​បានបង្ហាញ​នូវ​កំណើន​ប្រាក់ចំណូល​ថេរ​ជា​បន្តបន្ទាប់។

ទន្ទឹមនឹង​ប្រាក់ចំណូល​ដែល​បាន​កើនឡើង​របស់ខ្លួន ទ្រព្យសកម្ម​របស់​ធនា​គារ PPCBank ក៏បាន​រីកចម្រើន​យ៉ាង​លឿន​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ។ ទ្រព្យសកម្ម​របស់​ធនា​គារ​មាន​ចំនួន​សរុប ៩៤៤,៨ពាន់​លាន​វ៉ុ​ន​គិត​ត្រឹម​ដំណាច់ខែ មិថុនា កើនឡើង ២០,៤ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន។

ធនាគារ​បាន​ផ្តល់ប្រាក់​កម្ចី​សរុប​ចំនួន ៦៨៦,៧ពាន់​លាន​វ៉ុ​ន​គិត​ត្រឹម​ដំណាច់ខែ មិថុនា គឺ​កើនឡើង ៣២,៥ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែលមាន​ចំនួន ៥១៨,៣ពាន់​លាន​វ៉ុ​ន។

មន្ត្រី JB Financial Group បាន​និយាយថា “ធនាគារ​បានបង្ហាញ​នូវ​ការរីកចម្រើន​យ៉ាងខ្លាំង​របស់ខ្លួន​ជា​បន្តបន្ទាប់ ទោះបីជា​មានការ​ប្រកួត​ប្រជែង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ។

មន្ត្រី​រូបនេះ​បាន​បន្តថា “ធនាគារ PPCBank បាន​ពង្រឹង​បណ្តាញ​អតិថិជន និង​សេវាកម្ម​ឌីជីថល​របស់ខ្លួន​ដើម្បី​ពង្រីក​វត្តមាន​របស់ខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា។ យើង​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​ពង្រីក​ប្រាក់ចំណូល​របស់ខ្លួន​នាពេល​អនាគត។

គិត​ត្រឹម​ដំណាច់ខែ កក្កដា​នេះ​ធនាគារ PPCBank កំពុង​ប្រតិបត្តិការ​សាខា​ចំនួន ១៩ នៅ​ទូទាំងប្រទេស​ដែលមាន​បុគ្គលិក​ចំនួន ៣០០ នាក់ ។

កាលពី​ខែ មិថុនា ធនាគារ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU) ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corp. ) ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ក្រោម​ក្រុម​ធនាគារពិភពលោក​ដើម្បី​រួមគ្នា​ផ្តល់ប្រាក់​កម្ចី​មាន​ទឹកប្រាក់​ចំនួន ៣០០ លាន​ដុល្លារ​អាមេរិក​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​កម្ពុជា​សម្រាប់​រយៈពេល ៥ ឆ្នាំ​ខាងមុខ៕

អត្ថបទ៖ ធនាគារ​កូរ៉េ​ និង​ធនាគារពិភពលោក​សហការ​ក្នុង​ការ​ផ្តល់​ប្រាក់​ ៣០លាន​ដុល្លារ​ដល់​អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា

ខេត្ត​ចំនួន ៥ភាគខាងត្បូង​កម្ពុជា នឹង​ក្លាយជា​គោលដៅ​ជំរុញ​ផលិតភាព​វិស័យ​ទេសចរណ៍

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ៖ តប​ទៅតាម​គោលដៅ​នៃ​ផែនការ​យុទ្ធសាស្ត្រ​លើកកម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា រដ្ឋាភិបាល​បានកំណត់​ខេត្ត​ចំនួន៥ចាត់បញ្ចូល​ទៅក្នុង​គម្រោង​គោលដៅ​ទេសចរណ៍​ភាគខាងត្បូង ដោយ​រួមមាន​ការចូលរួម​ពី​សមាសភាព​ប្រទេស ជិតខាង​ចំនួន៤ ផ្សេងទៀត​ក្នុងការ​រៀបចំ​ផែនការ​អភិវឌ្ឍ​លើ​វិស័យ​មួយ​នេះ​រួមគ្នា។

នៅក្នុង​ចំណោម​ខេត្ត​ចំនួន៥ដែល​ស្ថិតនៅ​ភាគខាងត្បូង​របស់​ប្រទេស​កម្ពុជា រួមមាន​ដូចជា ខេត្តកោះកុង កំពត កែប ព្រះសីហនុ និង​ខេត្តតាកែវ ត្រូវបាន​ទីភ្នាក់ងា​រវិ​ស័​យ​ទេសចរណ៍​ឯកជន​នៃ​ប្រទេស​ទាំង៤រួមមាន កម្ពុជា វៀតណាម មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ លើក​យកមក​ពិភាក្សា​លម្អិត នៅក្នុង​វិ​ទិ​កា​លើក​ទី៦ នៃ​កិច្ចប្រជុំ​ស្ដីពី «កិច្ច​សហប្រតិបត្តិ​ករ​ទេសចរណ៍​ភាគខាងត្បូង​នៃ​ប្រទេស» ដែលជា​សមាជិក កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅ​ទីក្រុង​កាន់​ធើ ប្រទេស​វៀតណាម។

អគ្គនាយក​នៃ​ក្រសួងទេសចរណ៍ លោក ថោង រដ្ឋ​សក្តិ បាន​លើកឡើងថា ស្របតាម​កាលានុវត្តភាពថ្មីៗនៃ​តំបន់ និង​អន្តរជាតិ ដែលមាន​សក្ដានុពល​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ និង​ឧត្តមភាព កម្ពុជា រួមជាមួយ​បណ្តា​ប្រទេសជិតខាង បាន​សហការ​រៀបចំ​ប្រែក្លាយ​តំបន់​សក្តានុពល​ទេសចរណ៍​ភាគខាងត្បូង កម្ពុជា-មី​យ៉ាន់​ម៉ា-ថៃ-វៀតណាម ដើម្បី​ជំរុញ​កិច្ច​អភិវឌ្ឍ​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច-សង្គម តាមរយៈ​វិស័យ​ទេសចរណ៍។

លោក​បាន​បន្តថា “ នៅក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ខាងលើនេះ រួមមាន​បង្កើតឡើង​នូវ​ផលិតផល​ទេសចរណ៍​ថ្មី ហើយ​ផ្តល់ឱកាស​ឱ្យ​ទេសចរ និង​អ្នកវិនិយោគ​មាន​សិទ្ធិ​ចូល-ចេញ​ច្រើនដង ការ​ទស្សនា ការ​ស្នាក់នៅ និង​ការចូលរួម​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

កិច្ចប្រជុំ​នេះ​រៀបចំឡើង ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​សេវា​ទេសចរណ៍​នៅតាម​ច្រករបៀង​ទេសចរណ៍ និង​ពិនិត្យ​ការ​ជម្រុញ​ឱ្យ​ផ្នែក​ឯកជន​រៀបចំ​កញ្ចប់​ទស្សនកិច្ច​នៃ​ប្រទេស​ទាំង៤ ក្នុងការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ឱ្យ​កាន់​តែមាន​សុក្រឹត្យភាព និង​ប្រសិទ្ធភាព​ខ្ពស់ រួមចំណែក​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចិ​រ​ភាព ជាពិសេស​ជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ។

បន្ថែម​ពីនេះ នៅមាន​ការដាក់ចេញ​នូវ​គម្រោង​ផែនការ ថែរក្សា ការពារ និង​ការអភិរក្ស​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ បង្កើត​ឱកាស​ការងារ​ប្រាក់ចំណូល ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ លើកស្ទួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ការពង្រឹង និង​ពង្រីក​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ក្នុង​តំបន់។

អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ចំនុច​មួយចំនួន​ដូចខាងក្រោម៖

១. ការអភិវឌ្ឍ​ផលិតផល និង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍

២. ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា

៣. ការអភិវឌ្ឍន៍​ធនធានមនុស្ស

៤. ការសម្រួល​ការធ្វើដំណើ​រ​ដល់​ភ្ញៀវទេសចរ

៥. ការតភ្ជាប់​នាវា​ទេសចរណ៍​តំបន់​សមុទ្រ និង​ទន្លេមេគង្គ

៦. ការ​ជម្រុញ​ឲ្យ​ប្រទេស​មី​យ៉ាន់​ម៉ា ត​ភ្ជាប់​នាវា​ទេសចរណ៍​សមុទ្រ​ក្នុង​តំបន់​ភាគខាងត្បូង

៧. កា​រត​ភា្ជ​ប់ទេស​ចរណ៍​បេតិកភណ្ឌ​ភាគខាងត្បូង

៨. ការ​ជម្រុញ​រៀបចំ​ខ្សែ​ទស្សនកិច្ច​បែប Caravan Tour និង​ទេសចរ​បើកបរ​ដោយ​ខ្លួនឯង Self-Driving Tour

៩. ការតភ្ជាប់​ការហោះហើរ​ត្រង់​នៅ​តំបន់​ភាគខាងត្បូង។

ការអភិវឌ្ឍ​ទេសចរណ៍​ភាគខាងត្បូង កម្ពុជា-មី​យ៉ាន់​ម៉ា-ថៃ-វៀតណាម​នេះ នឹង​ក្លាយជា “ចលករ​ដ៏​មាន​ឥទ្ធិពល​ជំរុញ កំណើនសេដ្ឋកិច្ច” ការអភិវឌ្ឍ​សង្គម ការលើកកម្ពស់​ផលិតភាព និង​គុណភាព​ទេសចរណ៍ ស្របតាម​និន្នាការ​ថ្មី​នៃ​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក។ ការបើក​ទីផ្សារ​ទេសចរណ៍​ថ្មី ការទាក់ទាញ​ការវិនិយោគ​ទេសចរណ៍​ភាគខាងត្បូង​កម្ពុជា នឹង​កាន់តែ​រីកចម្រើន​ប្រកបដោយ​គុណភាព មាន​ផល​សេដ្ឋកិច្ច​ខ្ពស់ និង​ទទួលបាន​ផលប្រយោជន៍​ពី​កាលានុវត្តភាព​នៃ​សកលភាវូបនីយកម្ម និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​ទៅក្នុង​តំបន់ និង​អន្តរជាតិ៕

អត្ថបទ៖ រាជធានី ខេត្ត​ចំនួន៤ នឹងត្រូវ​បំពាក់ Free Wifi បន្ថែម​មុន​ឆ្នាំ២០២៣

មន្ត្រី​ជាន់​ខ្ពស់​ថៃ៖ រយ:ពេល ២ ឬ៣ឆ្នាំ​ទៀត កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ស៊ីវីល័យ

0
មន្ត្រី​ជាន់​ខ្ពស់​ថៃ

ដោយ វុត្ថា

ព្រះសីហនុ៖ អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ភិ​និ​ត ថា​រុស​ម្ប​ត្តិ បានឱ្យដឹងថា នៅក្នុង​រយ:ពេល ២ ឬ៣ឆ្នាំ​ខាងមុខ​ទៀត កម្ពុជា​នឹង​បោះ​ជំ​ហ៊ាន​រីកចម្រើន​បន្ថែមទៀត នឹង​ក្លាយជា​មហានគរ មាន​ភាព​ស៊ីវីល័យ​នៅតាម​កន្លែង​កម្សាន្ត​នានា។

មន្ត្រី​ជាន់​ខ្ពស់​ថៃ

លោក ភិ​និ​ត ថា​រុស​ម្ប​ត្តិ បានឱ្យដឹង​នៅក្នុង​ជំនួប​ជាមួយ​លោក គួច ចំរើន អភិបាល​នៃ​គណ:អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ​នេះ​ថា នេះ​ដោយសារ គោលនយោបាយ​កម្ពុជា​រឹងមាំ​ធ្វើឱ្យ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​ប្រកបដោយ​ជោគជ័យ ជាពិសេស​ខេត្ត​ព្រះសីហនុ​មាន​ឆ្នេរ​ស្អាត និង​ក្លាយជា​រមនីយដ្ឋាន​ស្អាត ។

លោក​អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បន្តថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ មាន​សំណង់​អគារខ្ពស់ៗរីកចម្រើន​នឹកស្មាន​មិន​ដល់ នៅពេល​ខាង មុខ​មាន​ទេសចរ​ឆ្លងកាត់​ស្នាក់នៅ ប្រទេស​ទាំងបី​ក្នុង​តំបន់​មាន​ថៃ-កម្ពុជា- វៀតណាម កាន់តែច្រើន​បន្ថែមទៀត។

លោក​គួច ចំរើន អភិបាល នៃ​គណ:អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹង​ដែរ​ថា ខេត្ត​ព្រះសីហនុ​មាន​កោះ៣២ ផ្លូវជាតិ​សំខាន់២ គឺ​ផ្លូវជាតិ​លេខ៤ និង​លេខ៣ ខេត្ត​មាន​ព្រលានយន្តហោះ​អន្តរជាតិ ហើយថ្មីៗនេះ​កំពុង​ជម្រុញ​ពង្រីក​បន្ថែម មាន​ផ្លូវដែក​ត​ភ្ជាប់​ពី​ខេត្ត​ព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ។

លោក​បន្តថា សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ពិភាក្សា​ត​ភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា-ថៃ និង​ភ្ជាប់​មក​ខេត្ត​ព្រះសីហនុ។ ខេត្ត​ព្រះសីហនុ​មានមុខ​ងារ​ជា​ខេត្ត​ទេសចរណ៍ ក្នុង​រយ:ពេល ២ឆ្នាំ​ចុងក្រោយ មាន​អ្នកវិនិយោគ​ចិន​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ច្រើនជាងគេ បានប្រែក្លាយ​ខេត្ត​ជា​តំបន់​សេដ្ឋកិច្ច​ពហុមុខ​ងារ ។

អភិបាលខេត្ត​រូបនេះ​បន្តថា បច្ចុប្បន្ន​សំណង់​មានការ​កើនឡើង​បំរើឱ្យ​ការអភិវឌ្ឍ ធ្វើឱ្យមាន​លំហូរ​ចូល​មនុស្ស​ក្នុងស្រុក និង​មកពី​បរទេស ខេត្ត​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ទន្ទឹម​និង​ការអភិវឌ្ឍ​រីកចម្រើន ក៏មាន​ភាពស្មុគស្មាញ​ធ្វើឱ្យមាន​ការខូចខាត​ផ្លូវ ដោយសារ​កំណើន​យាន យន្ត​ដឹកជញ្ជូន​ធ្ងន់ បណ្តាល​ខូចខាត​ផ្លូវថ្នល់ រួមផ្សំ​កាលពី​ថ្ងៃទី៨ សីហា​កន្លងមក​ភ្លៀង​ធ្លាក់​ជាប់​គ្នា បណ្តាល​ធ្វើឱ្យ​ក្រុង​រងគ្រោះ​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ។

មន្ត្រី​ជាន់​ខ្ពស់​ថៃ

លោក​បន្ថែមថា បច្ចុប្បន្ន​ប្រទេស​ទាំងពីរ កម្ពុជា- ថៃ មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ក្នុង​កិច្ចសហប្រតិបត្តិការ​ល្អ ហើយថ្មីៗនេះ រដ្ឋបាលខេត្ត​បាន​បញ្ជូន​គណ:ប្រតិភូ ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ថៃ ដើម្បី​ទាក់ទាញ​ត​ភ្ជាប់​ទេសចរ​ឆ្លងកាត់ ស្នាក់នៅ​រវាង​កម្ពុជា-ថៃ និង​វៀតណាម ។ ប្រទេស​ថៃ-កម្ពុ​ជាមាន​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហការ​យូ​អង្វែង ម្យ៉ាងទៀត​ប្រជាជន​នៅតាម​ព្រំដែន នៃ​ប្រទេស​ទាំងពីរ មានការ​ដោះដូរ​ពាណិជ្ជ​កម្ម​ពីគ្នា​ទៅវិញទៅមក៕

អត្ថបទ៖ ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា-ថៃ​ឈានដល់​ប្រមាណ ២៦០០​លាន​ដុល្លារ

ការសិក្សា៖ ចិន​បាន​បណ្តាក់​ទុនវិនិយោគ​គម្រោង​ខ្សែក្រវ៉ាត់១ ផ្លូវ១ ភាគច្រើន​នៅ​កម្ពុជា ឥណ្ឌូនេស៊ី និង​វៀតណាម

0

ដោយ Donald Lee

ភ្នំពេញៈ គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ ផ្លូវ១ របស់​ចិន (BRI) បាន​បញ្ចូល​ទឹកប្រាក់​ជាង១១ពាន់​លាន​ដុល្លារ ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុងឆ្នាំនេះ ដែល​ចំនួន​នេះ​ស្ទើរតែ​កើនឡើង​ទ្វេដង នៃ​ការវិនិយោគ​នៅ​ឆមាស​ទី១ឆ្នាំមុន។ បើ​យោងតាម​របាយការណ៍​វិនិយោគ​ថ្មី​របស់​ចិន ដែល​ធ្វើឡើង​ដោយ​ធនាគារ​ Maybank។

ភាគច្រើន​នៃ​កិច្ចសន្យា BRI ថ្មី​ក្នុង​រយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំនេះ ត្រូវបាន​ផ្តោតលើ​កម្ពុជា ឥណ្ឌូនេស៊ី និង​វៀតណាម។

កិច្ចសន្យា​វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​មក​កម្ពុជា សម្រាប់​ឆមាស​ទី១ ឆ្នាំ២០១៩ ស្មើនឹង២,៥៣ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម Maybank ។

ឥណ្ឌូណេស៊ី ទទួលបាន​ការវិនិយោគ​ចិន​ច្រើន​បំផុត​នៅ​ឆ្នាំនេះ ដោយមាន​កិច្ចសន្យា​ដែលមាន​តម្លៃ​ជាង៣ពាន់​លាន​ដុល្លារ។ ប្រទេស​វៀតណាម​ក៏​ស្ថិតនៅ​លំដាប់​កំពូល​នៃ​បញ្ជី ជាមួយ​ការវិនិយោគ​ជាង ១,៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ កើនឡើង២០០ភាគរយ។

យោងតាម​អ្នកវិភាគ​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​តាមដាន វិនិយោគ​សកល​ចិន​ដែល​ធ្វើឡើង​ដោយ​ធនាគារ ​Maybankបានឱ្យដឹងថា ការកើនឡើង​នៃ​ការវិនិយោគ​ចិន​នៅ​អាស៊ីអាគ្នេយ៍​ភាគច្រើន កើតចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​ដែល​ក្រុមហ៊ុន​កំពុង​ស្វែងរក​ការផ្លាស់ប្តូរ​ទីតាំង នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​ទៅក្នុង​តំបន់​អាស៊ាន ដើម្បី​ជៀសវាង​ពន្ធ​របស់​សហរដ្ឋអាមេរិក។

អាមេរិក​គឺជា​ទីផ្សារ​ធំ​បំផុត​ទី២របស់​កម្ពុជា និង​កម្ពុជា​ទទួលបាន​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែលមាន​លក្ខណៈ​ទូទៅ (GSP)។

ពាណិជ្ជកម្ម​រវាង​អាមេរិក និង​កម្ពុជា បាន​កើន​ឡើងដល់​ជាង ១ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំនេះ។

កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ ១,១២ពាន់​លាន​ដុល្លារ ទៅកាន់​អាមេរិក​ចាប់ពី​ខែ មករា ដល់​ខែមីនា ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ការនាំ​ចេញទៅ​អាមេរិក​មានទឹក​ប្រាក់​តែ ៩០៣,៦លាន​ដុល្លារ។

ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​សហរដ្ឋអាមេរិក មាន​ចំនួន ៣៨០០លាន​ដុល្លារ​កាលពី​ឆ្នាំមុន៕

ចំណេះដឹង! តើ​ការចុះកិច្ចសន្យា​ជួល​រយៈ​ពេល​វែង​មាន​ផលប្រយោជន៍​អ្វីខ្លះ?

0
តើការចុះកិច្ចសន្យាជួលរយៈពេលវែងមានផលប្រយោជន៍អ្វីខ្លះ?
តើការចុះកិច្ចសន្យាជួលរយៈពេលវែងមានផលប្រយោជន៍អ្វីខ្លះ?

ដោយ ​វុត្ថា

ភ្នំពេញៈ ការ​ការចុះ​កិច្ចសន្យាជួល​អចលនទ្រព្យ​ក្នុង​រយៈពេល​វែង នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​អ្នក​ជួល​ផ្ទាល់​តែម្តង។ការចុះកិច្ចសន្យា​ជួលរ​យៈ​ពេល​វែង​នេះ នឹង​ជួយ​សន្សំ​បន្ថែម​លើ​តម្លៃ ដែល​នឹង​អាច​កើនឡើង​នៅពេល​ដែល​កិច្ចសន្យាជួល​ត្រូវបាន​បញ្ចប់ ហើយ​ពេលនោះ​អ្នក​មិនអាច​រកបាន​លំនៅឋាន​ណាមួយ ដែលមាន​ស្ថានភាព​ដូចគ្នា​នឹង​តម្លៃ​ដូចគ្នា​នោះឡើយ។

ការចំណាយ​លើ​ការ​ថ្លៃ​ជួល​នឹង​នៅ​ថេរ ព្រោះ​តម្លៃ​ជួល​កើនឡើង​ពី១០ទៅ១៥ ភាគរយ​ប្រចាំឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ទីក្រុង និង​តំបន់​ទេសចរណ៍​ហើយខ​ណៈ​ដែល​សំណង់​អគារថ្មីៗ ដែលមាន​បំពាក់​គ្រឿង​បរិក្ខារទំនើបៗ​បន្ត​មាន​វត្តមាន​លើ​ទីផ្សារ​ជួល​អចលនទ្រព្យ​នោះ តម្លៃ​ជួល​ក៏​បន្ត​កើនឡើង​តាម​នោះដែរ។

ការចុះកិច្ចសន្យា​រយៈពេល​វែង ក៏​អាចជួយ​អ្នក​ឲ្យ​មាន​សិ​ទិ្ធ ក្នុង​ការចរចា​ព្រមព្រៀងគ្នា។ គួរ​ចងចាំ​ថា​ម្ចាស់​លំនៅឋាន​ភាគច្រើន ក៏​ចង់​បង្កើត​នឹង​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ជួល​ដែរ។ កិច្ចសន្យាជួល​រយៈពេល​វែង អាចបង្កើត​ភាព​ទុកចិត្ត​លើ​គ្នា​ទៅវិញទៅមក​បាន​ច្រើនជាង។

ប្រសិនបើ​លោក-អ្នករក្សា​កិច្ចសន្យាជួល​វែង​ជាង​រយៈពេល ដែល​អ្នកស្នាក់នៅ​ប្រទេស​កម្ពុជា មាន​ជនបរទេស​មក​ធ្វើការ​ក្នុងប្រទេស​នេះ ឬ​អ្នករស់នៅ​ក្នុងស្រុក​ជាច្រើន​ក៏​កំពុង​រក​កិច្ចសន្យា ជួល​បណ្តោះអាសន្ន​ដែលមាន​រយៈពេល​ខ្លី​ដែរ។ វា​អាច​ផ្តល់ឱកាស​ឲ្យ​អ្នក​បញ្ចប់​ការបង់ប្រាក់ តាម​កិច្ចសន្យាជួល​ដោយ​ធ្វើឡើង តាមរយៈ​ការចុះកិច្ចសន្យា​បណ្តោះអាសន្ន​សម្រាប់​អ្នក​ជួល​រយៈពេល​ខ្លី​ក្រោយ​ទៀត។

វា​មាន​សារៈសំខាន់ ក្នុងការ​សាកសួរ​ម្ចាស់​លំនៅឋាន​ថា តើ​លក្ខខណ្ឌ​នេះ​អាច​ប្រើប្រាស់​បាន​ឬក៏​អត់​មុនពេល​អ្នកធ្វើ​កិច្ចសន្យាជួល​នោះ។

ជា​ជម្រើស​ម្ចាស់​ដីធ្លី អាច​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទេរ​កិច្ចសន្យា​នោះ ទៅកាន់​អ្នក​ជួល​ថ្មី​ដែល​អ្នក​អាច​រកបាន​ក្នុងករណី ដែល​អ្នក​មិនអាច​បញ្ចប់​កុងត្រា​នោះបានទេ។ អ្នក​គួរតែ​សាក​សួរថា តើ​ម្ចាស់​លំនៅឋាន​នោះ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទេរ​កុងត្រា​នេះ ដល់​អ្នក​ជួល​ក្រោយ​ដែល​ចុះ​កិច្ចសន្យាជួល​បណ្តោះអាសន្ន​ដែរឬទេ? ប្រសិនបើ​ពួកគេ​យល់ព្រម​លើ​លក្ខខណ្ឌ​ទាំងនេះ អ្នក​ត្រូវ​ផ្តល់​ដំណឹង​ថា ពួកគេ​អាច​ពិនិត្យមើល​ស្ថានភាព​អ្នក​ជួល​ថ្មី ក្នុង​កិច្ចសន្យា​បណ្តោះអាសន្ន នោះបាន​មុនពេល​ធ្វើការ​សម្រេច​ទទួល​យក​អ្នក​ជួល​ទាំងនោះ៕

អានបន្ត៖ តើ​អ្វី​ជា​កិច្ចសន្យា​ជួលផ្ទះ​មាន​សារៈសំខាន់​ដូចម្តេច​?

អ្នកវិនិយោគ​អះអាងថា គម្រោង​សាងសង់​ផ្សារ​បណ្តែត​ទឹក​នៅ​ខេត្តសៀមរាបពុំមាន​ការប្រែប្រួល​នោះទេ

0

ដោយ ​វុត្ថា

ភ្នំពេញៈ គម្រោង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ស្ថិតនៅក្នុង​គម្រោង​វិនិយោគ​បុរី​អង្គរ​លែ​ន​ដ៏​ម៉ាក នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ដោយ​ពុំមាន​អ្វី​ប​ប្រែប្រួល​នោះទេ។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​សហ​ភាគ​ហ៊ុ​និក​នៃ​បុរី​អង្គរ​លែ​ន​ដ៏​ម៉ាក ដែល​បាន​នាំ​ក្រុមហ៊ុន​ថៃធំៗចំនួន៣ មក​វិនិយោគ​នៅ​កម្ពុជា​បាន​សរសេរ នៅក្នុង​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​កាលពី​កន្លងទៅថ្មីៗនេះ ថា  គម្រោង​នេះ​នៅតែ​ដំណើរ​តាម​ធម្មតា​ដោយ​ពុំមាន​ការប្រែប្រួល​នោះទេ ដោយសារតែ​ម្ចាស់​គម្រោង​ជាប់ចិត្ត នឹង​ទឹកដី​ខេត្តសៀមរាប​ដែលជា​ទឹកដី​បារមី និង​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​កម្ពុជា។

លោក​ថា “ម្ចាស់​គម្រោង​ផ្សារ​ទឹក​របស់​ថៃ ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ​ថា គាត់​ស្រឡាញ់​ទឹកដី​បារមី​របស់​អាទិទេព ខេត្តសៀមរាប ជា​ភូមិកំណើត​របស់គាត់​នៅឯ​ប្រទេស​ថៃ​ទៅទៀត។  លោក​បន្តថា “គាត់​ចង់ឃើញ​គម្រោង​ផ្សារ​ទឹក នឹង​គម្រោង​រី​សត​លំដាប់​ផ្កាយ៥របស់គាត់ ដែល​នឹង​គ្រោង​សាងសង់​នៅក្នុង​ទីតាំង​បុរី​អង្គរ​លែ​ន​ម៉ាក្ស លេច​រូបរាង​ឡើង និង​មិនមាន​ការប្រែប្រួល។

គម្រោង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅ​កម្ពុជា​នេះ ស្ថិតនៅលើ​ផ្ទៃដី៥០ហិកតា​ដោយ​គ្រោង​បោះទុន​វិនិយោគ២០០លាន​ដុល្លារ​អាមេរិក ដែលជា​គំរោង​ស​ម្ប​និម្មិត នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ស្នាក់នៅ និង​កំសាន្ត​ក្នុង​ខេត្តសៀមរាប​កាន់តែ​យូរ​បន្ថែមទៀត។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា លោក​ធួន ស៊ីណាន​បាន​មានប្រសាសន៍ថា ការពិត​ខេត្តសៀមរាប​ពិត​ជាមាន​សក្តានុពល​វិនិយោគ ប៉ុន្តែ​កន្លងមក​អ្វីដែល​យើង​បានបង្ហាញ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​របស់​យើង មាន​ត្រឹម​សំណង់​ប្រាសាទ​ប៉ុណ្ណោះ ហេតុនេះ​ប្រសិនជា​មានការ​វិនិយោគ លើ​រមណីយដ្ឋាន​កែច្នៃ​បែបនេះ និង​ធ្វើ​ឲ្យ​បាន​កាន់តែច្រើន វា​ពិត​ជាមាន​ប្រយោជន៍​ណាស់ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ឲ្យ​ស្នាក់នៅ​បានយូរ​នៅ​ខេត្តសៀមរាប ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា។

លោក​បន្តថា “ការវិនិយោគ​លើ​រមណីយដ្ឋាន​កែច្នៃ​កាន់តែច្រើន​កាន់តែ​ល្អ តែ​ត្រូវធ្វើ​ឲ្យ​មាន​ស្តង់ដា និង​ទាក់ទាញ ព្រោះ​បើ​យើង​ធ្វើ​បានល្អ វា​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ស្នាក់នៅ​កាន់តែ​យូរ និង​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា”៕

ចុចអានអត្ថបទ៖ គម្រោង​អភិវឌ្ឍ​ផ្សារ​បណ្ដែត​ទឹក​លើកដំបូង​នៅ​ខេត្តសៀមរាប​រង់ចាំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​

អ្នកជំនាញ៖ ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន

0
ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មានការ​លើកឡើងថា នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ អ្នកវិនិយោគ​ភាគច្រើន​សុទ្ធតែ​បានបង្ហាញ ពី​ចំណាប់អារម្មណ៍​ទៅលើ​ការធ្វើ​ជំនួញ​លើ​វិស័យ​ដីធ្លី​ច្រើនជាង​វិស័យ​សំណង់ ដោយសារតែ​ការវិនិយោគ​ដី អាច​ធ្វើបាន​ចាប់ពី​ទំហំ​តូច​ឡើងទៅ​រហូតដល់​ទ្រង់ទ្រាយ​ធំ និង​ងាយ​ទទួលបាន​ចំណេញ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century 21 Land Station លោក កាង សុធី បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​លើ​វិស័យ​ដីធ្លី​ត្រូវបាន​បែងចែក​ជាច្រើន​រូបភាព និង​ច្រើន​សណ្ឋាន សម្រាប់​អ្នក​ដែល​ចង់​ចូលប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ សុទ្ធតែ​មានឱកាស​ទាំង​អស់ ហើយក៏​អាច​រីកលូតលាស់​ក្នុងពេល​ដ៏​ខ្លី​ផងដែរ។

លោក​បាន​បន្តទៀតថា “សម្រាប់​អ្នក​ដែល​ដាក់ចិត្ត​រកស៊ី​នៅក្នុង​វិស័យនេះ ទាមទារ​ឱ្យមាន​ការចេះ​សង្កេត​បរិយាកាស​ជុំ​ខ្លួន និង​មាន​ភាព​ឆ្លាត​វៃ​ក្នុងការ​ស​ម្រេ​ចិត្ត។

អ្នកជំនាញ​ដែល​កំពុងតែ​ឡូ​ក​យ៉ាងជ្រៅ នៅក្នុង​វិស័យ​ដីធ្លី​រូបនេះ​បាន​បន្តទៀតថា “ការទិញ​ដី​ទុក​លក់​យកចំណេញ ត្រូវតែ​ធ្វើឡើង​ដោយ​ភាព​រីករាយ និង​មាន​សេរីភាព​ក្នុងការ​សម្រេចចិត្ត។ លោក​បាន​ថា “មាន​មនុស្ស​មួយចំនួន​បាន​បាត់បង់​ឱកាស ដោយសារតែ​មហិច្ឆតា​ខ្ពស់ ចង់បាន​ចំណេញ​ច្រើន​ហួសប្រមាណ។

លោក​កាង សុធី​បាន​លើ​ជា​ឧទាហរណ៍​ថា “ អ្នកខ្លះ ដី​ទើបតែនឹង​ទិញ​បាន​ប្រហែលជា២ខែ ហើយ​មាន​គេ​សាកសួរ​ដោយ​ផ្តល់​ប្រាក់ចំណេញ ប្រមាណ ៣០ភាគរយ​នៃ​តម្លៃ​ដើម ប៉ុន្តែ​ពួកគេ​មិន​លក់​នោះទេ ដោយសារតែ​គិតថា ភាព​លោក​លន់​ចង់​ចំណេញ​ច្រើន ក៏​បង្អង់​ចិត្ត​ទុក​លក់​ពេល​ក្រោយ។ ការសម្រេចចិត្ត​បែបនេះ នឹង​ធ្វើឱ្យ​អតិថិជន​ងាក​ទៅ​សម្លឹងមើល​តំបន់​ដែល​នៅ​ជិតគ្នា​ជំនួស​វិញ។

លោក​បាន​បន្តថា “ដី​ដែលមាន​ទីផ្សារ​ខ្ពស់ មាន​ហាងឆេង​ល្អ មិន​ពិបាក​លក់ គួរតែ​ជា​ប្រភេទ​ដី​ដែលមាន​តម្លៃ​ក្រោម ៣០ម៉ឺន​ដុល្លារ”។

លោក​កាង សុធី បាន​មានប្រសាសន៍​ទៀតថា បង្កើន​ការលក់​ក្នុង​រយៈពេល​ដ៏​ខ្លី ទោះ​ចំណេញ​តិច​ក៏ដោយ ឱ្យតែ​មានឱកាស​ច្រើនដង គួរ​កុំ​អូសបន្លាយ​ពេល ត្រូវតែ​លក់​ចេញ ហើយ​រក​ទិញ​ជំនួស​បន្ថែម​វិញ។ លោក​បន្តថា យើង​គួរប្រកាន់​គោលការណ៍​ថា ស៊ូ​ចំណេញ​តិច​តែ​លក់​ឱ្យបាន​ច្រើនដង នោះ​ចំណូល​នៃ​ប្រាក់ចំណេញ​ក៏​នឹង​កើនឡើង ដែល ប្រសើរ​ជាង​ការទន្ទឹងរង់ចាំ​ទ្រព្យ​ចំណេញ​ច្រើន​ក្នុង​ក្ដី​ស្រមៃ៕

តើ​វិបត្តិ​នៅ​ទីក្រុង​ហុងកុង​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាស៊ី​ផុយស្រួយ​យ៉ាងដូចម្តេច?

0

ដោយ Donald Lee

ហុងកុងៈ ប៉ូលីស​ហុងកុង​បាន​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ ដែល​កាន់កាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង រយៈពេល​ពីរ​ថ្ងៃជាប់ៗគ្នា ខណៈដែល​ជម្លោះ​ដែលមាន​អាយុកាល​ជាង ១០សប្តាហ៍​មាន​ភាពច្របូកច្របល់។

ការតវ៉ា​បានចាប់ផ្តើម​នៅពេល​រដ្ឋបាល​ហុងកុង ដែល​គាំទ្រ​ដោយ​ចិន​បានស្នើ​ច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​ប្រជាជន​ហុងកុង ទៅកាន់​តុលាការ​ចិន​នៅលើ​ដីគោក។ ដើម្បី​ធ្វើឱ្យ​ពួក​បាតុករ​ស្ងាប់​ស្ងាត់ រដ្ឋបាល​ហុងកុង​ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ Carrie Lam បាន​ព្យួរ​ច្បាប់​នេះ​ចោល។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន បាន​ពណ៌​នាពី​កន្លែងកើតហេតុ​នៅក្នុង​ទីក្រុង​ហុងកុង​ថា​ជា “តំបន់​សង្គ្រាម” ហើយ​បាន​និយាយ​សំដៅទៅ​ក្រុមអ្នកតវ៉ា​ថា​ជា “ភេរ​វករ” ដែល​ធ្វើឱ្យ​អ្នកវិភាគ​មួយចំនួន​ជឿជាក់ថា ចិន​កំពុង​ត្រៀម​បញ្ជូន​កងទ័ព​ដែល​ប្រមូលផ្តុំ​នៅតាម​ព្រំដែន​ហុងកុង។

ក្រុម​អ្នកជំនាញ​ជឿជាក់ថា ការតវ៉ា​ក៏​ជាប់ទាក់ទង​នឹង​វិសមភាព​សេដ្ឋកិច្ច នៅក្នុង​ទីក្រុង​ថ្លៃ​បំផុត​នៅលើ​ពិភពលោក​ផងដែរ។

ប្រជាជន​ជិត៧,៥លាន​នាក់​រស់នៅក្នុង​ទីក្រុង​នេះ ជាមួយនឹង​តម្លៃ​អចលនទ្រព្យ​ខ្ពស់ជាង​ញូវយ៉ក តូ​ក្យូ សេ​អ៊ូ​ល និង​ឡុង​ដុង ប៉ុន្តែ​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹមតែ ៤,៥០ដុល្លារ​ក្នុង​មួយ​ម៉ោង។ ប្រជាជន​ហុងកុង មិន​ត្រឹមតែ​ធ្វើការ​រយៈពេល​យូរ​បំផុត​មួយ​នៅលើ​ពិភពលោក​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​បង់ថ្លៃ​ឈ្នួល​ខ្ពស់បំផុត​ផងដែរ។

យោងតាម​អាជ្ញាធរ​ហុងកុង​បាន​ឲ្យ​ដឹងថា ប្រជាជន​ជាង២៥០.០០០នាក់​បានដាក់​ពាក្យសុំ ហើយ​កំពុង​រង់ចាំ​ការគាំទ្រ​ពី​រដ្ឋាភិបាល សម្រាប់​ការទទួលបាន​ផ្ទះ​សាធារណៈ។ លក្ខណៈវិនិច្ឆ័យ​សម្រាប់​ការដាក់​ពាក្យសុំ គឺ​សម្រាប់​អ្នក​ដែលមាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ ១២,០០០ដុល្លារ​ឬ​ទាប​ជាង​នេះ។

មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ភ័ស្តុភារ​អាស៊ី

ទីក្រុង​ហុងកុង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​អាស៊ី​អស់​ជាច្រើន​ជំនាន់។ ផ្សារភាគហ៊ុន​ហុងកុង​គឺ​ធំជាងគេ​ទី៤នៅលើ​ពិភពលោក ធំ​ជាង​ផ្សារភាគហ៊ុន​ទីក្រុង​ឡុង​ដែលមាន​មូលធននីយកម្ម​ទីផ្សារ​ជិត៤ទ្រី​លាន​ដុល្លារ។

ការតវ៉ា​អស់​រយៈពេល​ជាង១០សប្តាហ៍ បានធ្វើឱ្យ​តម្លៃ​ភាគហ៊ុន​នៅ​ហុងកុង​ធ្លាក់ចុះ​ដល់៥០០ពាន់​លាន​ដុល្លារ។

លោក Daniel Ten Kate និពន្ធ​នាយក​នៃ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg Asia នៅក្នុង​កម្ម​ពិធី​វិទ្យុ​អាមេរិក​មួយ បាន​និយាយថា “ក្រុមហ៊ុន​ចិន​ជាច្រើន និង​ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ជាច្រើន កំពុង​សម្លឹងមើល​ទីផ្សារ​ហុងកុង​ដើម្បី​បង្កើន​ប្រាក់។

លោក​បាន​បន្ថែមថា “ចិន​មានការ​គ្រប់គ្រង​មូលធន​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យមាន​ការលំបាក​ក្នុង​ការផ្លាស់​ប្តូរប្រាក់​ចូល និង​ចេញ ហើយ​ហុងកុង​គឺជា​កន្លែង ដែល​ក្រុមហ៊ុន​ជាច្រើន​អាចបង្កើត​ហាង​បាន​យ៉ាង​ងាយស្រួល និង​អាច​ចូលទៅ​កាន់​ទីផ្សារ​វិនិយោគ​ជាច្រើន​នៅលើ​ពិភពលោក។

លើសពីនេះ​ទៀត ទីក្រុង​ហុងកុង​ដើរតួនាទី​យ៉ាងសំខាន់ ជា​មជ្ឈមណ្ឌល​ដឹក​ជ​ញ្ចូ​ន​ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ដែល​បានរួម​ចំណែក៥ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ទីក្រុង​នេះ។

ការបិទ​ព្រលានយន្តហោះ​ដោយ​ក្រុមអ្នកតវ៉ា ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ហុងកុង​ដែល​កំពុង​ធ្លាក់ចុះ។

លោក Kate បាន​ថ្លែងថា “បើ​និយាយ​ក្នុងន័យ​ផ្ទុយ​នៅក្នុង​រឿង​នោះ គឺ​ប្រហែលជា​ការតវ៉ា និង​ការពិត​ដែលថា​មាន​ភាព​គ្មាន​ច្បាប់​បែបនេះ នៅក្នុង​ទីក្រុង​ហុងកុង​នៅពេលនេះ ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ហុងកុង ចំពោះ​នីតិរដ្ឋ និង​កំពុង​ធ្វើឱ្យ​ក្រុមហ៊ុន​បរទេស និង​វិនិយោគិន​បរទេស​ទូទៅ​គិត​ពីរដង​អំពី​ក្នុងការ​រស់នៅ​ទីនេះ។

តួនាទី​សំខាន់​របស់​ហុងកុង ក្នុង​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន។

ទីក្រុង​ហុងកុង​ក៏មាន​តួនាទី​សំខាន់ នៅក្នុង​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ (BRI) របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង។

ជិត៦០ភាគរយ​នៃ​ការវិនិយោគ​នៅក្រៅ​ប្រទេស​របស់​ចិន រួមទាំង មូលនិធិ​ពី BRI នៅក្នុង​ប្រទេស​ដទៃទៀត​ត្រូវបាន​ឆ្លងកាត់​តាម​ហុងកុង៕