ទីផ្សារ​សាកល​បន្ត​ធ្លាក់ចុះ ខណៈ​ចិន​ហ៊ាន​ឲ្យ​អាមេរិក​អនុវត្ត​ពន្ធគយ

0
ទីផ្សារ​សាកល​បន្ត​ធ្លាក់ចុះ ខណៈ​ចិន​ហ៊ាន​ឲ្យ​អាមេរិក​អនុវត្ត​ពន្ធគយ
ទីផ្សារ​សាកល​បន្ត​ធ្លាក់ចុះ ខណៈ​ចិន​ហ៊ាន​ឲ្យ​អាមេរិក​អនុវត្ត​ពន្ធគយ

ដោយ Donald Lee

ភ្នំពេញៈ ទីផ្សារ​ពិភពលោក​បាន​បន្ត​ធ្លាក់ចុះ​យ៉ាងគំហុក ខណៈ​ចិន​បាន​សន្យា​សងសឹក​អាមេរិក ប្រសិនបើ ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នឹង​ចូល​ជា​ធរមាន​នៅក្នុង​ខែកញ្ញា។

ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ​ថា ខ្លួន​នឹង​ចាត់វិធានការ​ចាំបាច់​ប្រឆាំង​អាមេរិក ប្រសិនបើ​ពន្ធ​ចូល​ជាធរ​មាននៅ​ថ្ងៃទី១ ខែកញ្ញា។

សេចក្តីថ្លែងការណ៍​ខ្លី​ពី​ក្រសួង​ហិរញ្ញវត្ថុ​ចិន បានធ្វើឱ្យ​ក្រុមហ៊ុន​Nikkei របស់​ជប៉ុន​ធ្លាក់ចុះ១,២ភាគរយ និង​ក្រុមហ៊ុន​អូស្ត្រាលី S&P/ASX 200 ជិត ៣ ភាគរយ។ ទីផ្សារ​នៅ​ហុងកុង និង​សៀង​ហៃ​បាន​ធ្លាក់ចុះ ប៉ុន្តែ​ទទួលបាន​ការចាប់អារម្មណ៍​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​ជួញដូរ។

ការលក់​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​កើតឡើង បន្ទាប់ពី​ទីផ្សារ​អាមេរិក​ធ្លាក់​ដល់​ថ្ងៃ​អាក្រក់​បំផុត​សម្រាប់​ទីផ្សារ​គិត​មកដល់​ឆ្នាំ ២០១៩ ។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) បាន​ពន្យារពេល​ពន្ធ​លើ​ទំនិញ​មួយចំនួន​នៅក្នុង​បញ្ជី​ទំនិញ​ចិន ដែល​ត្រូវ​រង​ការប៉ះពាល់​ពន្ធគយ កាលពី​ថ្ងៃ​អង្គារ។ការិយាល័យ USTR បាន​ឲ្យ​ដឹងថា ពន្ធគយ​នឹងត្រូវ​ពន្យារពេល​រហូតដល់​ខែ ធ្នូ។

ការិយាល័យ USTR បាន​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ​នេះ​ផ្តើមចេញពី​ស្ថានភាព និង​សន្តិសុខ។

ទោះយ៉ាងណា​អ្នកវិភាគ​ជឿជាក់ថា ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក Trump គឺ​ផ្តើមចេញពី​ប្រតិកម្ម​សាធារណៈ​លោក​អាច​នឹង​ប្រឈម ប្រសិនបើ​អ្នកប្រើប្រាស់​ទិញ​ទំនិញ​ក្នុងតម្លៃ​ខ្ពស់ នៅតាម​ហាង​លក់រាយ​ក្នុង​រដូវ​ដើរ​ទិញ​ឥ​វ៉ាន់ ក្នុងឱកាស​វិស្សមកាល កាលពី​ខែ ធ្នូ ដែលជា​ខែល​ក់រាយ​សំខាន់បំផុត​ប្រចាំឆ្នាំ សម្រាប់​អ្នកលក់​រាយ​អាមេរិក៕

អជ្ញាធរ​ខេត្ត​ព្រះសីហនុ​កំពុង​រៀបចំ​ប្លង់​តូប​លក់ដូរ​ថ្មី​នៅ​ឆ្នេរ​អូរ​ឈើទាល

0

ដោយ ​វុត្ថា

ខេត្ត​ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ កំពុង​រៀប​ប្លង់​ចំ​តូប​លក់ដូរ​ថ្មី​នៅ​ឆ្នេរ​អូរ​ឈើទាល​ជូន​អា​ជីករ​សម្រាប់​កសាង ដើម្បី​លើកកម្ពស់​សោភណភាព និង​សណ្តាប់ធ្នាប់​ឱ្យមាន​របៀបរៀបរយ នៅ​តំបន់​ទេសចរណ៍​តារា​រៈ​ទិស​នារ​តី ដែលជា​ឆ្នេរ​ស្រស់ស្អាត​លំដាប់​ពិភពលោក។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​កិច្ចប្រជុំ​បង្ហាញ​ប្លង់​តូប​គំរូ​ថ្មី​ដល់​អាជីវករ លក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល​ចំនួន៤៤តូប ស្ថិតក្នុង​សង្កាត់​លេខ៤ ក្រុងព្រះសីហនុ​កាល​លពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ​នេះ​ថា តាម​ការឯកភាព​រប​ស់​គណកម្មការ​ឆ្នេរ បានរៀបចំ​គំរូ​ប្លង់​តូប ដើម្បីឱ្យ​បងប្អូន​យកទៅ​សាងសង់​តាម​គំរូ​ថ្មី មាន​រចនាបទ សោភ័ណភាព​ក្នុងការ​ទាក់ទាញ​ភ្ញៀវ។

លោក​អភិបាល​បន្តថា “ដូច្នេះ​ពេល​បញ្ចប់​កិច្ចប្រជុំ​នេះ បងប្អូន​អាចរ​កជាង​សាងសង់​ដោយ​ខ្លួនឯងបាន ហើយ​មន្ត្រី​ជំនាញ​របស់​យើង​នៅ​រង់ចាំ​ជួយ​សម្របសម្រួល ដើម្បីឱ្យ​ការសាងសង់​ប្រព្រឹត្ត​ទៅដោយ​រលូន។

លោក​បន្ថែមថា ការសាងសង់​នៅពេលនេះ​មាន​លក្ខណ​សមស្រប ព្រោះ​ជា​រដូវភ្លៀង​មិនសូវមាន​ភ្ញៀវទេសចរ ហើយ​នូវ​រដូវប្រាំង​ខាងមុខ​ភ្ញៀវទេសចរ​នឹង​មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ច្រើន។ ដូច្នេះ​បងប្អូន​ត្រូវ​ជម្រុញ​ការសាងសង់​ឱ្យបាន​លឿន ដើម្បី​ត្រៀម​រៀបចំ​ទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​រដ្ឋបាលខេត្ត និង​យក​តំបន់ឆ្នេរ​អូរ​ឈើទាល​នេះ ជា​កន្លែង​បុណ្យ​ឆ្លង​ឆ្នាំ​សកល ទន្ទឹម​និង​ដំណើរការ​សាងសង់​តូប​ត្រូវ​ចូលរួម​ផលប៉ះពាល់​អនាម័យ បរិស្ថាន។

លោក​ថា “ថ្វី​ត្បិត​យើង​បាន​តូប​គំរូ​ល្អ យើង​ក៏ត្រូវ​រៀបចំ​ប្រព័ន្ធ​ទឹក​កខ្វក់​បន្តទៀត ដើម្បីឱ្យ​តំបន់ឆ្នេរ​អូរ​ឈើទាល ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាងគេ ក្នុងចំណោម​តំបន់ឆ្នេរផ្សេងៗទៀត​ក្នុង​ក្រុងព្រះសីហនុ។

តាម​ការបង្ហាញ​របស់​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា តាម​ប្លង់​សាងសង់​តូប​គំរូ​ថ្មី​នៅ​ឆ្នេរ​អូរ​ឈើទាល​មាន២ប្រភេទ គឺ​តូប​ទោល និង​តូប​ភ្លោះ ដែល​គណកម្មការ​បាន​ចុះ​វាស់​កំណត់​និយាម​កា បោះតម្រុយ​ព្រំ​ដោយមាន​ទំហំ​តូប​គំរូ​ឯកភាពគ្នា តាម​បទដ្ឋាន​បច្ចេកទេស​គតិ​យុ​ត្តិ៕

អានបន្ត៖ ក្រុង​ព្រះសីហនុ​កាន់តែ​បង្កើន​សោភ័ណភាព​យ៉ាង​ស្រស់​ស្អាត​

ផ្លូវជាតិ​លេខ១ នឹងមាន​ផ្លូវ​ក្រោម​ដី​ជា​លើកដំបូង​ក្រោយ​មាន​ការ​ឯកភាព​ពី អភិបាលក្រុង​ភ្នំពេញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តប​ទៅនឹង​ការដាក់សំណើ​ស្នើសុំ​សាងសង់​ផ្លូវ​ក្រោម​ដី ពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន បុរី ប៉េង ហួត ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ១ ជាពិសេស​មុខ​បុរី​ប៉េង​ហួត ឆ្ពោះ​មកកាន់​តំបន់​ច្បារអំពៅ ដែល​តែង​កើតមាន​នៅពេល​បច្ចុប្បន្ន​នេះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ឯកភាព និង​គាំទ្រ​លើ​គម្រោង​មួយ​នេះ។

ដោយ​មើលឃើញ​ពី​ភាពជាក់ស្ដែង នៃ​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ផ្លូវជាតិ​លេខ១ ជាពិសេស​ចាប់ពី​ចំណុច បុរី ប៉េង ហួត បឹង​ស្នោរ ដើម្បី​ចេញចូល​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​បុរី ប៉េង ហួត បានស្នើ​សុំ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុងភ្នំពេញ ដើម្បី​សាងសង់​ផ្លូវ​ក្រោម​ដី ដើម្បី​កាត់បន្ថយ​បញ្ហា​ដែល​កំពុងតែ​ប្រឈម​ប្រចាំថ្ងៃ​នៅ​តំបន់​នេះ។

ជាការ​ឆ្លើយតប និង​ប្រកាស​ជា​សាធារណៈ អភិបាល​នៃ​គណៈ​អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ជូនដំណឹង​តាមរយៈ​ការសរសេរ​នៅលើ​គណនី​ផ្ទាល់ខ្លួន​បង្ហោះ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ទំនាក់ទំនង​សង្គម ដោយ​បង្ហាញ​ពី​ការគាំទ្រ​ទៅលើ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​នេះ។

លោក​ឃួ​ង ស្រេង បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​បាន​ផ្ដួចផ្ដើម​គំនិត​សំណូមពរ​ដល់​ក្រុមហ៊ុន​បុរី ប៉េង​ហួត នូវ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ដែល​ឆ្លងកាត់​ពី​បុរី​ប៉េង​ហួត(បឹង​ស្នោរ)មក​ផ្លូវជាតិ​លេខ១ ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ១ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​នេះ​ផ្ទាល់ ដែល​ធ្វើដំណើរ​ចេញចូល​រាជធានី​ភ្នំពេញ។

លោក​បាន​បន្តទៀតថា “រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន បុរី ប៉េង​ហួត បាន​ឯកភាពគ្នា​លើ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ដែល​ត​ភ្ជាប់​ពី​ផ្សារ PH ECO MALL ទៅ​ផ្លូវជាតិ​លេខ១ ស្ថិតនៅក្នុង​សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

តាមរយៈ​កិច្ចប្រជុំ លោក​ឃួ​ង ស្រេង បាន​ណែនាំ​មាន​ឱ្យ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស ដែលមាន​សមាស​ភាពជា​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​សិក្សា​ជា​កញ្ចប់​ឱ្យបាន​ម៉ត់ចត់ មុននឹង​ធ្វើការ​សាងសង់​ផ្លូវ​ក្រោម​ដី កាត់​ផ្លូវជាតិ​លេខ១ ដោយ​ត្រូវ​គិតពី​ផលប៉ះពាល់​សណ្តាប់ធ្នាប់ និង​ការកកស្ទះ​ចរាចរ​ជាដើម។

ការស្នើសុំ​សាងសង់​គម្រោង​ផ្លូវ​ក​ក្រោម​ដី​មួយ​ខ្សែ​នេះ ត្រូវបាន​លើកឡើង​តាំងពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ។ គម្រោង​នេះ​ត្រូវបាន​ស្នើសុំ​ពី​លោក​ឧកញ៉ា​ថៃ ជា​ហ៊ួ​ត ដោយ​នៅក្នុង​គម្រោង​ត្រូវ​ស្ថាបនា​ផ្លូវ​ក្រោម​ដី ដោយ​ភ្ជាប់​ពី​ទីតាំង​ផ្សារ​ទំនើប PH ECO MALL ទៅ​ផ្លូវជាតិ​លេខ១ ផ្នែក​ក្រោម​ដី​ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ផ្លូវ​នេះ​មាន​ប្រវែង១៩៥ ម៉ែត្រ និង​ទទឹង៧ម៉ែត្រ ហើយ​ការសិក្សា​ត្រូវ​ធ្វើជា​កញ្ចប់​សម្រាប់​តំបន់​បឹង​ឈូក​ទាំង​មួល​តែម្តង ទៅលើ​ផលប៉ះពាល់ ជាពិសេស​ប្រព័ន្ធ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ១តែម្ដង៕

អានបន្ត៖ ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​ស្នើសុំ​អាជ្ញាធរ​ក្រុងភ្នំពេញ​ធ្វើ​ផ្លូវ​ក្រោម​ដី​នៅ​ផ្លូវជាតិ​លេខ១​

ចំណេះដឹង! សំនួរ-ចម្លើយ​សំខាន់បំផុត​ដែល​អ្នក​ត្រូវ​ដឹង​ពី​ការសុំ​លិខិតអនុញ្ញាត​សាងសង់

0

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នក​អភិវឌ្ឍន៍​មួយចំនួន​មិនទាន់បាន​យល់​ពី​និតិ​វិធី​ទាក់ទង នឹង​ការស្នើសុំ​លិខិត​សាងសង់​នៅឡើយ​ទេ ហេតុនេះ​ការស្វែងយល់​ពី​ទិដ្ឋភាព​ច្បាប់ បទដ្ឋាន​គិ​តិ​យុ​ត្តិ​នានា​មាន​សារៈសំខាន់​ណាស់។

អ្នក​អភិវឌ្ឍន៍​ដែលមាន​បំណង​សាងសង់ ត្រូវ​មក​យក​ទម្រង់​បែបបទ និង​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ ដែល​អនុលោម​ទៅតាម​ច្បាប់​សំណង់​របស់​កម្ពុជា ដែល​បានកំណត់។ សម្រាប់​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ អាច​ទៅសុំ​ច្បាប់ និង​ដាក់ពាក្យ​សាងសង់​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ព្រម​ជាមួយនឹង​ក្រសួង​រៀបចំ​ដែនដី នរគ​រូបនីយកម្ម និង សំណង់។

Propertyarea.asia មាន​សំណួរ និង​ចម្លើយ​ចំនួប៤ ដែល​អាច​ប្រើប្រាស់​បាន​និង​អាច​ស្វែងយល់​បន្ថែម។

សំណួរ ទី១. តើ​អ្នកណា​អាចមាន​សិទ្ធិ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បាន?

ចម្លើយ.១. រាល់​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់ លិខិតអនុញ្ញាត​សាងសង់​ពង្រីក​បន្ថែម លិខិតអនុញ្ញាត​ជួសជុល លិខិតអនុញ្ញាត​បើក​ការដ្ឋាន  និង​លិខិត​បិទ​ការដ្ឋាន តម្រូវឱ្យ​ដាក់ពាក្យ​ស្នើសុំ​ដោយ​ម្ចាស់​គម្រោង។ អ្នកតំណាង​ស្របច្បាប់​អាច​ជំនួស​ម្ចាស់​គម្រោង ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត​ទាំងនោះ​បាន។

សំណួរ ទី២. តើ​ការសាងសង់​ប្រភេទ​ណាខ្លះ ដែល​មិនចាំបាច់​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយ ទី២. រាល់​ការអភិវឌ្ឍ​អចលនវត្ថុ (ការសាងសង់) គ្រប់​ប្រភេទ​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​ជាមុន លើកលែងតែ​ការសាងសង់​ថ្មី ឬ​ការជួសជុល​លំនៅឋាន​តូចតាច​និង​ពុំមាន​លក្ខណៈ​ជាការ​ធ្វើ​ពាណិជ្ជកម្ម ដែល​ស្ថិតនៅ​ទីជនបទ​ឬ​តំបន់​ឆ្ងាយ​ពី​ផ្លូវជាតិ ផ្លូវដែក និង​ឆ្ងាយ​ពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេ​តិក​ភ័​ណ្ឌ​ជាតិ តំបន់​រក្សាទុក​ការពារ។

សំណួរ ទី៣. តើ​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ​ដែល​ប្រក់​ដំបូល​នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ​ចាំបាច់​ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន​ដែរឬទេ?

ចម្លើយ ទី៣. រាល់​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ ដែល​ប្រក់​ដំបូល​នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ​ដែលមាន​លិខិតអនុញ្ញាត​សាងសង់​រួចហើយ មិន​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ទេ។ លើកលែងតែ​ការសាងសង់​នោះ ធ្វើឱ្យប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​សុវត្ថិភាព​គ្រឿង​ផ្គុំ​សំណង់       សណ្តាប់ធ្នាប់​សាធារណៈ ឬ​ខុសពី​ការកំណត់​នៃ​គម្លាត​អប្បបរមា កំណត់ដោយ​បទ​ប្ប​ញ្ញ​តិ្ត​ជា​ធរមាន ដែល​ចាំបាច់​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បន្ថែម។

សំណួរ ទី៤. តើ​ស្ថាប័ន​ណាខ្លះ​មាន​សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយ​ទី៤. សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត មាន​បី​ថ្នាក់ ៖ ក.  ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា កម្រាល​សំណង់​សរុប​តូច​ជាង​ឬ​ស្មើ៥០០ម៉ែត្រក្រឡា។ ខ.  ថ្នាក់​រាជធានី ខេត្ត ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ធំ​ជាង៥០០ម៉ែត្រក្រឡា ដល់៣.០០០ ម៉ែត្រក្រឡា។

គ.  ថ្នាក់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ធំ​ជាង៣.០០០ម៉ែត្រក្រឡា និង​គ្រប់​សំណង់​ស្ថានីយប្រេងឥន្ធនៈ៕

អានបន្ត៖ វិធានការណ៍​ក្តៅ​៖ អភិបាលក្រុង​ភ្នំពេញ​ជំរុញ​ខណ្ឌ​ទាំង១៤ចុះ​ទប់ស្កាត់​សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់​

តើ​សេដ្ឋកិច្ចពិភពលោក​កំពុង​ចាប់ផ្តើម​ធ្លាក់ចុះ​ជាថ្មី​ឬ?

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន Bloomberg បង្ហាញថា សេដ្ឋកិច្ចពិភពលោក​កំពុង​បង្ហាញ​សញ្ញា​ឱនភាព(ធ្លាក់ចុះ)យ៉ាងគំហុក តាមរយៈ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​អាល្លឺម៉ង់ និង​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ចិន ដល់​កំរិត​ទាប​បំផុត​ក្នុង​រយៈពេល​ជិត២០ឆ្នាំ​ចុង​ក្រោយនេះ។

ការធ្លាក់ចុះ​នៃ​ទីផ្សារ​មូល​ប​ត្រ​បំណុល (bond) របស់​អាមេរិក និង​អង់គ្លេស។ ការធ្លាក់ចុះ​នៃ​ផ្សារ​ហ៊ុន​នៅ​បណ្តា​ប្រទេស​នៃ​សហគម​អឺរ៉ុប។

នៅក្នុង​សារព័ត៌មាន​ដដែល​បាន​បង្ហាញថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​បាន​បង្ករ​ជា​កង្វល់ និង​ផល​អវិជ្ជមាន ដូចជា ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ប្រមាណ ៣០០ក្រុមហ៊ុន​បានប្រកាស​ក្ស័យ​ទុន កសិករ​ដាំពោត​របស់​អាមេរិក​ខាត់​បង់ប្រាក់​ប្រមាណ៣៥០០លាន​ដុល្លា​អាមេរិក។

ស្របពេល​ជាមួយគ្នានេះ អ្នកជំនាញ​ផ្នែក​វិនិយោគ​របស់​អាមេរិក បានផ្តល់​ជា​អនុសាសន៍ ដល់​បណ្តា​អ្នកវិនិយោគ​វ័យក្មេង ដែល​បាន​វិនិយោគ​លើ​ផ្សារ​ហ៊ុន​ថា សុំ​កុំអោយ​មាន​ភាព​ស្លន់ស្លោ ហើយ​ប្រ​ញ៉ាប់​លក់​ភាគហ៊ុន​ដែល​ខ្លួន​មាន។ តើ​អ្នក​គួរ​ត្រៀមខ្លួន​បែបណា​ដើម្បី​ទប់ទល់​នឹង​រលក​យក្ស១នេះ?។

អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​និយាយ​វិធី​ទប់ទល់

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា និង​ជា​អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ លោក ង៉ែត ជូ បាន​លើកឡើងថា ជាការ​ទប់ស្កាត់​នូវ​ការខាតបង់ ក៏ដូចជា​ការ​ទប់ទល់​នឹង​ស្ថានភាព​អាក្រក់​នៅក្នុង​វិស័យនេះ ប្រសិន​លោកអ្នក​បាន​ជួបនឹង​ស្ថានការណ៍ បែប​អវិជ្ជមាន​ក្នុង​វិស័យនេះ​គ​ម្បី​ដោះស្រាយ​ដោយ​វិធីសាស្ត្រ​ចំនួន​បី​រួមមាន​ដូចជា ទី១ កុំ​បង្ខំ​លក់​ចេញ : ភាព​ភ័យ​ស្លន់ស្លោ ហើយ​បង្ខំ​លក់​អចលនទ្រព្យ ឬ​ហ៊ុន​ដែល​អ្នកកាន់កាប់​ធ្វើឱ្យ​អ្នកខាតបង់​ខ្លាំង។ ដូច្នេះ​ត្រូវមាន​ចិត្ត​អំណត់ និង​រស់នៅ​ដោយ​សាមញ្ញ (ចំណាយ​តិច) បំផុត​តាម​ដែល​អាច​ធ្វើបាន។

ទី២ កុំ​តាមដាន​ព័ត៌មាន​ទីផ្សារ​ស្អិត​ពេក : ការទទួលបាន​ព័ត៌មាន​អវិជ្ជមាន​ជាប់​ជាប្រចាំ​ក្នុងកំឡុងពេល​ទីផ្សារ​មាន​វិបត្តិ អាចធ្វើឱ្យ​អ្នក​បាក់​ទឹកចិត្ត និង​ហាម​ចិត្ត​មិនបាន​ឈានដល់​ដំណាក់កាល​លក់ឡៃ​ឡុង។

ទី៣ កុំ​គិត​ខ្លី : មនុស្ស​ដែល​គិត​វែងឆ្ងាយ​រមែង​ត្រៀមខ្លួន​ជានិច្ច សំរាប់​តប​នឹង​កាលៈទេសៈ​ដែលមាន​វិបត្តិ។

លោក​បាន​បញ្ជាក់ថា “គេ​ជឿថា​វិបត្តិ​គ្រាន់តែ​ជា​ព្រឹត្តិការណ៍ បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​វិបត្តិ​រមែង​នាំមក​នូវ​ឱកាសល្អ” ។លោក​បន្តថា “ជាក់ស្ដែង រូបខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់បាន​អនុវត្ត​ដូច្នេះ នៅ​ចន្លោះ​ឆ្នាំ២០០៨-២០១៣ ក្នុងកំឡុងពេល​មាន​វិបត្តិ​អចលនទ្រព្យ​នៅ​កម្ពុជា ហើយក៏​បានឃើញ​ពី​លទ្ធផល​ដែល​បាន​ពី​ការអត់ធ្មត់​ផងដែរ៕

អានបន្ត៖ មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក៖ សេដ្ឋកិច្ចពិភពលោក​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មួយ​ថ្មី​ទៀត

វិភាគ៖ សេដ្ឋកិច្ច​សិង្ហ​បុរី​កំពុង​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច-តើ​មាន​អ្វី​កើតឡើង?

0

ដោយ Donald Lee

សឹង្ហ​បូរីៈ ការធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​មិនមែនជា​រឿង​ចៃដន្យ​ឡើយ ប្រទេស​ដែល​ពឹង​ផ្អែកលើ​កំពង់ផែ ទេសចរណ៍ និង​សេវា​កម្មនេះ បាននិងកំពុង​ជួប​ឳ​ន​ភាព ខណៈ​បិតា​ស្ថាបនិក​របស់​សឹង្ហ​បូរី​លោក​លី ក្វាន់​យូ​បាន​ចាកចេញ​ដោយ​គ្មាន​ពេល​ត្រលប់ ហើយ​កូនប្រុស​របស់លោក​មិនបាន​គ្រប់គ្រង​សេដ្ឋកិច្ច​បាន​ត្រឹមត្រូវ។

រដ្ឋាភិបាល​សឹង្ហ​បូរី បាន​កាត់បន្ថយ​ការព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​របស់ខ្លួន​សម្រាប់​ឆ្នាំ២០១៩ជាថ្មី​ម្តងទៀត ដែលមាន​កំណើន​ជិត​សូន្យ​ភាគរយ ដោយសារ​ទីក្រុង​តូច​មួយ​នេះ​កំពុង​ឈានទៅរក​ការធ្លាក់ចុះ​សេដ្ឋកិច្ច។

យោងតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សឹង្ហ​បូរី​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី១៣ សីហា​កន្លងមកនេះ​បានឱ្យដឹងថា សេដ្ឋកិច្ច​សឹង្ហ​បូរី​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ពី០.០ ភាគរយ​ទៅ១ភាគរយ​នៅ​ឆ្នាំនេះ។

សឹង្ហ​បូរី​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ នៅ​តំបន់​អាស៊ីអាគ្នេយ៍​កំពុងតែ​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច ដែល​ត្រូវបាន​កំណត់ថា ជាការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ពីរ​ត្រីមាស​ជាប់​គ្នា។

សេដ្ឋវិទូ​ជឿជាក់ថា បុព្វហេតុ​ចម្បង​នៃ​ទស្សនវិស័យ​សេដ្ឋកិច្ច​ធ្លាក់ចុះ របស់​ប្រទេស​នេះ ផ្តើមចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន និង​ការរំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក។

ប៉ុន្តែ​អ្នក​រិះគន់​ជាច្រើន​នៅ​ខាងក្នុង​ប្រទេស​សឹង្ហ​បូរី កំពុង​ចង្អុលដៃ​ទៅ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ដែលជា​កូនប្រុស​របស់លោក​លី​ក្វាន់​យូ លោក​លី សៀន​ឡុង និង​កង្វះ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច​របស់លោក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បង្កើត​ចេញ​ជា​ស្ថានភាព​បែបនេះ។

ការរិះគន់​លោកនាយក​រដ្ឋមន្ត្រី បាន​គាំទ្រ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​កុំអោយ​ងាយ​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក ដូចជា វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៩ និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចពិភពលោក ដែល​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន។

ឧទាហរណ៍ ទ្រព្យសម្បត្តិ​ស្ទើរតែ​ទាំងអស់​នៅក្នុង​ប្រទេស​នេះ ត្រូវបាន​កាន់កាប់​ដោយ​ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង​រដ្ឋ ដូចជា ក្រុមហ៊ុន Temasek Holdings ។ ក្រុមហ៊ុន Temasek គ្រប់គ្រង​ក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន​អាកាសចរណ៍​សឹង្ហ​បូរី ទូរគមនាគមន៍​សិង្ហបូរី វិស្វកម្ម​បច្ចេកវិទ្យា​សឹង្ហ​បូរី និង​មេ​ឌា​ខ​ប។

ការផ្តោត​អារម្មណ៍​រប​ស់​ក្រុមហ៊ុន​នៅ​ជួរមុខ នៃ​ខ្សែសង្វាក់​ចំណីអាហារ​សេដ្ឋកិច្ច​របស់​ប្រទេស​សឹង្ហ​បូរី បានធ្វើឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចូលក្នុង​សេដ្ឋកិច្ច ក្នុង​ឆ្នាំ២០០៨ ដល់​ឆ្នាំ ២០០៩ ។ ស្រដៀង​គ្នា​នេះដែ រ​ការធ្លាក់ចុះ​នៃ​តម្រូវការ​គីមី ឥន្ធនៈ និង​អេឡិចត្រូនិក​ដែល​ផលិត​នៅ​ប្រទេស​សឹង្ហ​បូរី បានធ្វើឱ្យ​សេដ្ឋកិច្ច​មាន​កំណើន GDP តិចជាង​មួយ​ភាគរយ​ក្នុង​ឆ្នាំ ២០០៩ ។

តើ​មាន​ភាពស្រដៀងគ្នា?

ក្រុម​អ្នក​រិះគន់​អះអាងថា ផ្ទុយ​ពី​ទស្សនៈ​របស់​ឪពុក​គាត់ (លោក​លី សៀន​ឡុង)ចំពោះ​រដ្ឋ​ទីក្រុង ដែលមាន​លក្ខណៈ​ស្មើភាព​គ្នា កង្វះ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ទៅជា​សេដ្ឋកិច្ច​មាន​ភាព​ចម្រុះ បាន​ពង្រីក​ភាពអវិជ្ជមាន​រវាង​អ្នកមាន និង​អ្នកក្រ នៅ​សឹង្ហ​បូរី បើទោះបីជា​ទង្វើរ​គាត់ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ដែលមាន​បរិ​យា​ប័ន​ក៏ដោយ។

លោក​លី បាន​និយាយ​កាលពី​ឆ្នាំ២០១១ ខណៈ​ប្រទេស​នេះ​បាន​ចាក​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​ថា “យើង​ត្រូវការ​សង្គម​បញ្ចូល​គ្នា ដែល​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ។ យើង​ត្រូវការ​សេដ្ឋកិច្ច​រស់​រវើក ដែល​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​របស់​យើងទាំងអស់គ្នា ហើយ​យើង​ត្រូវការ​នយោបាយ បែប​ស្ថាបនា​ដែល​យក​សឹង្ហ​បូរី​ជា​អទិភាព។

តាម​វិធី​ជាច្រើន នាយករដ្ឋមន្ត្រី​មិនអាច​គេចផុត ពី​ស្រមោល​ដ៏​ធំ​ទូលាយ​របស់​ឪពុក​របស់គាត់​ទេ។

តាមរយៈ​ការប្តេជ្ញាចិត្ត លោក​លី ក្វាន់​យូ បាន​អូស​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ភាពក្រីក្រ​ទៅជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ១៩៥៩ ។ គោលនយោបាយ​របស់លោក ក្នុង​កំឡុង​រជ្ជកាល​ជាង៣ទសវត្សរ៍ បាន​ជំរុញ​ប្រទេស​តូច​មួយ​នេះ​ឱ្យទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ដឹកនាំ​សាស្ត្រ​នេះ​ដ៏​សំខាន់ សម្រាប់​តំបន់​ទាំងមូល និង​បានចាប់ផ្តើម​អាជីព​របស់​អ្នកនយោបាយ​អាស៊ីអាគ្នេយ៍​ជាច្រើន ដែល​ព្យាយាម​យក​គំរូ​តាម​លោក។

កំណើន​ផលិតផល​សរុប​ក្នុងស្រុក​សឹង្ហ​បូរី នឹងរង​ផល​ប៉ះ​ល់​ធ្ងន់ធ្ងរ​បំផុត​ជាង​បណ្តា​ប្រ​ទទេ​ស​អាស៊ាន​ដទៃទៀត ដែល​អត្រា​ព្យាករណ៍​ជា​មធ្យម​គឺ៥ភាគរយ សម្រាប់​តំបន់​ទាំងមូល។

វិទ្យាស្ថាន​ ICAEW ដែលមាន​មូលដ្ឋាន​នៅ​អង់គ្លេស បាន​ថ្លែង​ក្នុង​របាយការណ៍​មួយ​ថា “ជាមួយនឹង​ការភ្ជាប់​ទៅនឹង​ចិន និង​ការពឹង​ផ្អែកលើ​ការនាំចេញ យើង​រំពឹងថា​សឹង្ហ​បូរី​នឹង​ជួប​នូវ​ការធ្លាក់ចុះ​យ៉ាងខ្លាំង នៃ​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​នៅ​ទូទាំង​តំបន់ ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ នឹង​ធ្លាក់ចុះ​នៅក្នុង​ឆ្នាំ ២០២០ ប្រសិនបើ​កត្តា​ខាងក្រៅ​កាន់តែ​យ៉ាប់យ៉ឺន”៕

អាបន្ត៖ សេដ្ឋកិច្ច សឹង្ហ​បូរី​ដាំ​ក្បាល​ចុះក្រោម​សូន្យ និង​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​មិន​ធ្លាប់មាន

វិស័យ​វាយនភ័ណ្ឌ កាត់ដេរ និង​ស្បែកជើង​កម្ពុជា​បាន​រក្សា​កំណើន​រឹងមាំទោះ​មានការ​គំរាម​ដក EBA

0

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ ទិន្នន័យ​វិភាគ​នៃ​តម្លៃ​នាំចេញ​បាន​បង្ហាញថា វិស័យ​ស្បែកជើង​ទទួលបាន​នូវ​កំណើន​យ៉ាងខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល៥ខែ​ចុង​ក្រោយនេះ ខណៈ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​ក្ពុ​ជា (GMAC)  បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​រក្សា​កម្មវិធី​អនុគ្រោះ​ពន្ធ លើ​គ្រប់​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ដល់​កម្ពុជា។

នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ របស់​អង្គការ​កា​ងារ​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៨ ចំណែក​ទីផ្សារ​នៃ​វិស័យ​ស្បែកជើង ក្នុងការ​នាំចេញ​ផលិតផល​កាត់ដេរ វាយ​ន​ភណ្ឌ និង​ស្បែកជើង សរុប​នៅ​កម្ពុជា​បាន​កើនឡើង ៤,៤ភាគរយ ខណៈ​ទីផ្សារ​នៃ​វិស័យ​កាត់ដេរ​បាន​ថយចុះ​ជិត១០ភាគរយ។

របាយការណ៍​នេះ​បាន​លើកឡើងថា “ការអភិវឌ្ឍ​នេះ​បាន​ចោទ​ជា​សំណួរ​ថា តើ​វិស័យ​ស្បែកជើង ផ្តល់ឱកាស​ថ្មី​ដល់​ការវិនិយោគ និង​ផលិតកម្ម​នៅ​កម្ពុជា។

វិស័យ​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា​បាន​រក្សា​កំនើន​ទ្វេដង ជា​កំនើន​ដ៏​រឹងមាំ​ក្នុងអំឡុង​ឆ្នាំ២០១៨ ។ ចំណែក​ទីផ្សារ​របស់ខ្លួន​ក្នុងការ​នាំចេញ​ទំនិញ​របស់​កម្ពុ​ជាមាន​ចំនួន ៧៤ភាគរយ។

របាយការណ៍​បាន​បន្តថា “សហគមន៍​អ៊ឺរ៉ុប និង​អាមេរិក​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​របស់​ប្រទេស​កម្ពុជា ក្នុង​វិស័យនេះ​ដែលមាន​ចំនួន៦៩ភាគរយ នៃ​ការនាំចេញ​ក្នុង​វិស័យនេះ។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា “ទាំង​កម្រិត​ការងារ និង​ប្រាក់​ឈ្នួល​ជា​មធ្យម​បានបញ្ចប់​ខ្ពស់ជាង​ចុងឆ្នាំ២០១។ ការកើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចាប់តាំងពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៧ ក្នុង​ការងារ​ឈរលើ​លក្ខខណ្ឌ​របស់​កម្មករ​ក្នុង​វិស័យនេះ ដែល​ពឹងផ្អែក​យ៉ាងខ្លាំង ទៅលើ​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា បន្ត​តាមដាន​ពី​ផលប៉ះពាល់​នៃ ប្រាក់​ឈ្នួល​អប្បបរមា​នៅតែ​ជា​បញ្ហា​អាទិភាព។

ស្រប​ពេលនេះ​ផងដែរ សមាគម​រោងចក្រ​កាត់ដេរ​នៅ​ក្ពុ​ជា (GMAC) បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​រក្សា​កម្មវិធី​អនុគ្រោះ​ពន្ធ លើ​គ្រប់​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA)ដល់​កម្ពុជា ដើម្បី​ផ្តល់​ការងារ​ដល់ក​ម្មករ និយោជិត​ចំនួន ៧៥០០០០ នាក់ និង​សុខមាលភាព​ប្រជាពលរដ្ឋ​ប្រមាណ៣លាន​នាក់​ស្ថិតនៅក្នុង​ហា​នី​ភ័យ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​ម្ពុ​ជា (GMAC)ចេញផ្សាយ​កាលពី​ថ្ងៃទី១៣ ខែសីហា​កន្លងមកនេះ​បានឱ្យដឹងថា ប្រទេស​កម្ពុជា​បានទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី EBA តាំងពី​ឆ្នាំ២០០១ ។ អ្នក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ចម្បង​គឺ​កម្មករ កម្មការិនី ដែល​កំពុងធ្វើការ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង  និង​ផលិតផល​ធ្វើដំណើរ (Travel Goods) ក្នុងប្រទេស​កម្ពុជា។

ឧស្សាហកម្ម​ទាំងនេះ តំណាង​ឲ្យ​ប្រមាណ៧៥ភាគរយ នៃ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា និង៩០ភាគរយ នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប។ ពាណិជ្ជកម្ម​ចំនួន៤,៧៧ ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ២០១៨ កើនឡើង​ចំនួន១០ដង ចាប់ពី​កម្មវិធី EBA ត្រូវបាន​ផ្តល់ឱ្យ​កម្ពុជា​ដំបូង។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​ម្ពុ​ជា ដែលជា​តំណាង​រោងចក្រ​ចំនួន៥៨០ នៅ​កម្ពុជា​បាន​អះអាង​បន្តថា ដោយសារតែ​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប តាមរយៈ​កម្មវិធី EBA ប្រជាពលរដ្ឋ​កម្ពុជា រាប់លាន​នាក់​បានចេញ​ផុតពី​ភាពក្រីក្រ និង​បានរួម​ចំណែក​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស។

កម្មករ​ចំនួន ៧៥០,០០០នាក់​នៅក្នុង​ឧស្សាហ​កម្មនេះ តំណាង​ជាង​ពាក់កណ្តាល​នៃ​កម្លាំង​ការងារ​សរុប​ក្នុង​ប្រព័ន្ធ​របស់​ប្រទេស​កម្ពុជា ហើយ​ឧស្សាហ​កម្មនេះ​ផ្តល់​ការគាំទ្រ​ចំណូល​ផ្ទាល់​ដល់​គ្រួសារ​ជាង២០ភាគរយ នៃ​គ្រួសារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា។ ជាង៨០ភាគរយ​នៃ​កម្មករ​របស់​យើង​ជា​ស្ត្រី ហើយ​ពួកគេ​ភាគច្រើនបំផុត​មាន​អាយុ​ក្រោម ៣៥ឆ្នាំ។

សរុបទៅ​កម្មវិធី EBA មាន​ផល​វិជ្ជមាន​ដល់​ជីវិត ប្រជាពលរដ្ឋ​ប្រមាណ៣លាន​នាក់​ក្នុងប្រទេស​កម្ពុជា។

ជាថ្មី​ម្តងទៀត​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អះអាងថា ការព្យួរ​អត្ថប្រយោជន៍​ EBA ពី​សហភាព​អឺរ៉ុប និង​បណ្តាលឱ្យមាន​ការបាត់បង់​ការងារ​ច្រើន​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ ហើយ​នឹងមិន​បម្រើ​គោលបំណង​លុបបំបាត់​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​កម្មវិធី EBA ទេ។

“វា​នឹង​ជា​លទ្ធផល​ក្រៀមក្រំ​និង​គួរឱ្យ​សោកស្តាយ សម្រាប់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​កម្លាំង​ការងារ​ដែល​បានធ្វើ​ការងារ​យ៉ាងច្រើន ក្នុងការ​សហការ​ជាមួយ​អង្គការ​ ILO ហើយ​ជាការ​ពិត​នៅក្នុង​ការលើកកម្ពស់​តួនាទី​របស់ខ្លួន ក្នុងការ​តាមដាន​សិទ្ធិ​កម្មករ នៅក្នុង​ប្រទេស​កម្ពុជា​ព្រមទាំង​នៅក្នុង​ប្រទេសដទៃៗទៀត។

នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ សហភាព​អឺរ៉ុប បានចាប់ផ្តើម​ស៊ើបអង្កេត​ទៅលើ​ការចោទប្រកាន់ថា មានការ​រំលោភ បំពាន​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ដោយ​រដ្ឋាភិបាល​កម្ពុជា។ ការស៊ើបអង្កេត​នេះ អាច​នឹង​នាំឱ្យមាន​ការដក​កម្មវិធី អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA)ពី​កម្ពុជា។

កម្មវិធី​នេះ អនុញ្ញាតឱ្យ​រដ្ឋ​សមាជិក​អឺរ៉ុប​នាំចូល​ផលិតផល (លើកលែងតែ​គ្រឿង​សព្វាវុធ) ដោយ​រួច​ពន្ធ និង​គ្មាន​កូតា។ សេចក្តីសម្រេច​លើ​បញ្ហា​នេះ ត្រូវបាន​រំពឹងថា​នឹងត្រូវ​ប្រកាស​នៅ​ខែកុម្ភៈ ឆ្នាំ២០២០ ៕

អានបន្ត៖ GMAC ជំរុញ​សហភាព​អឺរ៉ុប​រក្សា​កម្មវិធី​អនុគ្រោះ​ពន្ធ EBA ដើម្បី​ផ្តល់​ជីវភាព​កម្មករ និយោជិត ១លាន​នាក់

ព្រមាន! អ្នកទិញ​ខុន​ដូ​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ប្រព័ន្ធ​សុវត្ថិភាព និង​គុណភាព​សំណង់

1

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្របពេល​ទីផ្សារ​ខុន​ដូ​កំពុងមាន​ការរីកចម្រើន វិស័យនេះ​ក៏មាន​បញ្ហា​ផងដែរ ខណៈ​គុណភាព​សំណង់ ប្រ​ព័​ន្ឋ​សុវត្ថិភាព​សំរាប់​អាគារ​និមួយៗហាក់​មិនសូវមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​អ្នក​អភិវឌ្ឍន៍​នៅឡើយ​ទេ ហើយ​មន្ត្រីជាន់ខ្ពស់​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​បាននិងកំពុង​បារម្ភ​ទៅលើ​បញ្ហា​នេះ។

កាលពីពេល​កន្លងទៅថ្មីៗនេះ ក៏ដូចជា​ពេល​បច្ចុប្បន្ននេះ មាន​សំណង់​អគារ​ជាច្រើន​ត្រូវបាន​អជ្ញាធរ និង​ក្រសួង​ជំនាញ​ចុះ​ធ្វើ​ការផ្អាក​សកម្មភាព​សាងសង់ បន្ទាប់ពី​មើលឃើញថា មានការ​អនុវត្ត​ខុសពី​ច្បាប់​កំណត់ និង​មិនមាន​គុណភាព។ ជាមួយនឹង​ការបង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ ទៅលើ​គុណភាព​សំណង់​ទាំងនេះ កាលពី​ចុង​ដើម​សប្ដាហ៍​កន្លង​ទៅនេះ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បានធ្វើការ​ព្រមានចំៗ ចំពោះ​បណ្តា​អគារ​ទាំងឡាយណា​ដែលមាន​កម្ពស់​ចាប់ពី ៤ជាន់​ឡើងទៅ។

អគារ​ដែល​គួរតែមាន​ការយក​ចិ​ត្ទុ​ក​ដាក់​ខ្ពស់បំផុត និង​បង្កើន​ការប្រុងប្រយ័ត្ន​បំផុត​នោះ រួមមាន អគារ​អា​ផាត​មិន និង​ខុន​ដូរ ដែល​ត្រូវតែ​អនុវត្ត​តាមច្បាប់ ហើយក៏​ក្រើនរំលឹក​ដល់​អ្នកទិញ​ទាំងអស់ គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន ទៅលើ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​នៅលើ​អគារ​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​កើតមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាយថាហេតុ។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ បាន​មានប្រសាសន៍ថា “មកទល់​ម៉ោង​នេះ​អគារ​ខ្លះ មិនទាន់​បានធ្វើ​ច្រក​សង្គ្រោះ​ទេ អា​សញ្ញា​សង្គ្រោះ​ក៏​មិន​បំពាក់ សម្លេង​សា​រ៉ែ​ន​ក៏​អត់​បានដាក់ ចឹ​ង​ដល់ពេល​ឆេះ អ្នក​នៅក្នុង​អគារ​អត់​បាន​ដឹង។ លោក​បន្ដថា “បន្ទាប់ពី​ការស្រាវជ្រាវ និង​សិក្សា​ដោយ​មន្ដ្រី​ជំនាញ​ផ្នែក​បង្ការ និង​ពន្លត់អគ្គីភ័យ​កាលពីពេលថ្មីៗនេះ បាន​រកឃើញថា អគារខ្ពស់ៗមួយចំនួន ដែល​កំពុង​សាងសង់ និង​ដំណើរការ​នៅ​កម្ពុជា មិនមាន​ច្រក​សុវត្ថិភាព​សម្រាប់​គេចខ្លួន នៅពេល​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ឡើយ។

លោក​បានបញ្ជាក់​ឱ្យដឹងថា នៅ​កម្ពុជា​សព្វថ្ងៃនេះ មាន​អគារ​ធ្វើ​រហូតដល់៦០ជាន់ ប៉ុន្ដែ​ឡានទឹក​បាញ់​បានត្រឹមតែ៣ ទៅ៤​ជាន់​ដូច្នេះ​នេះ​ជា​បញ្ហា។ ម្ចាស់​អ្នកផ្ទះ និង​អ្នករស់នៅ​ប្រើប្រាស់​អគារខ្ពស់ៗ មួយចំនួន​ពួកគាត់​មិនទាន់​យល់ដឹង​ថា តើ​អ្វី​ទៅ​ដែល​បណ្ដាលឱ្យមាន​អគ្គីភ័យ? ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា ដែល​បណ្តាលឱ្យមាន​គ្រោះ​អគ្គីភ័យ​កើតឡើង។

ក្រសួងមហាផ្ទៃ​បាន​ជំ​រុញឱ្យ​អ្នកជំនាញ ឯកទេស​ស្ថាបត្យករ​សំណង់​ទាំងអស់ ជាពិសេស​ម្ចាស់​អភិវឌ្ឍ​គម្រោង​តែម្ដង ត្រូវ​យកចិត្តទុកដាក់​លើ​ការបង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ នៅ​ពេលចេញ​គម្រោង​ប្លង់​របស់ខ្លួន។

ជាមួយគ្នានេះ​កាលពីពេលថ្មីៗនេះ សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ក៏បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​អាគារ​សហកម្ម​សិ​ទ្ឋ(ខុន​ដូ) ដែល​បានចែង​មិន​ច្បាស់លាស់​ទាក់ទង​នឹង​ចំណត​យានយន្ត ដែល​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​អ្នករស់នៅ​តាម​ខុន​ដូ​នាពេល​អនាគត ដោយសារ​ចំណត​យានយន្ត​មិនត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់ ទាក់ទង​នឹង​ចំនួន​យូ​នី​ត​ខុន​ដូ និង​ចំនួន​ចំណត​យានយន្ត​ដែលមាន​តុល្យភាព​នឹង​គ្នា។

បញ្ហា​នេះ​នឹង​បង្កជម្លោះ​នៅក្នុង​សហគមន៍​រួម ប្រសិនជា​ចំណត​យានយន្ត​មិនត្រូវ​បាន​បំពេញ​បង្គ្រប់។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group លោក​ឧកញ៉ា តេង រិទ្ធី បាន​មានប្រសាសន៍​ទទួលស្គាល់​ថា សំណង់​អគារខ្ពស់ៗមួយចំនួន​នៅ​កម្ពុជា ពិតជា​មិនទាន់បាន​អនុវត្តន៍ ស្របទៅតាម​ការកំណត់​ដោយ​ច្បាប់ ពី​កិច្ចការពារ​សុវត្ថិភាព​ប្រាកដ​មែន ប៉ុន្តែ​មិនមែន​គ្រប់​អគារ​ទាំងអស់​នោះទេ។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “ ភាគច្រើន​អ្នកទិញ​ជា​ជនជាតិ​កម្ពុជា ពួកគាត់​មិនសូវ​ជា​យកចិត្តទុកដាក់​ទៅលើ​ការ​ប្រឈម​ទៅនឹង​ហានិភ័យ និង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅក្នុង​អគារ​នោះទេ ដោយសារតែ​ពួកគាត់​ជឿ និង​ទុកចិត្ត។ លោក​ឧកញ៉ា​បាន​បន្តថា “ការគិត​បែបនេះ គឺជា​រឿង​គ្រោះថ្នាក់​បំផុត ឧទាហរណ៍ បើ​សំណង់​អគារ ឬ​ខុន​ដូ​ដែល​គាត់​បាន​ទិញ និង​កំពុងស្នាក់នៅ ដែល​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​ត្រឹមត្រូវ បានន័យថា គាត់​កំពុងតែ​ស្នាក់នៅ​ទាំង​ភាព​ប្រថុយប្រថាន​ខ្ពស់។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “អាគារ​ដែល​គ្មាន​គុណភាព​សំណង់​ស្ដង់ដា និង​គ្មាន​ប្រពន្ធ​សុវត្ថិភាព គឺពាក់ព័ន្ធ​ទៅនឹង​ភាគ​ចំនួន២សំខាន់ គឺ​ខាង​ក្រសួង​មាន​សមត្ថកិច្ច និង​ខាង​ម្ចាស់​គម្រោង។ លោក​បន្តថា “ដោយសារតែ​ការបំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ត្រូវ​ចំណាយ​ច្រើន​អាច​ស្មើនឹង៥ ទៅ១០ភាគរយ​នៃ​ទុនវិនិយោគ ដូច្នេះ​ម្ចាស់​គម្រោង​អាច​គឹ​ប​គេង​ដើម្បី​បន្ថយ​ចំណាយ។ ដោយឡែក​មន្ត្រី​ជំនាញ អាចមាន​ភាព​ចន្លោះប្រហោង​ក្នុងការ​ត្រួតពិនិត្យ ឬ​អាច​ក្នុង​ប្រយោជន៍​ណាមួយ ក៏ត្រូវ​បិទ​ភ្នែក​ដើរចេញ​ក៏មាន ដែល​ទាំងអស់នេះ​សុទ្ធតែជា​បញ្ហា​ប្រឈម។

ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង ពី​ភាព​ប្រឈម​នៃ​សំណង់​អគារខ្ពស់ៗខាងលើនេះ អគ្គនាយក​ក្រុមហ៊ុន​អន្តរជាតិ ERA Cambodia លោក ខន គង្គា បាន​មានប្រសាសន៍ថា គ្រប់​សំណង់​អគារធំៗដែល​កំពុង​សាងសង់ ក៏ដូចជា​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង និង​ដាក់​បម្រើ​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន សុទ្ធតែ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​អ្នកជំនាញ​គ្រប់គ្រង។

លោក​បាន​បន្តទៀតថា “ប្រសិនបើ​សំណង់​មិនមាន​គុណភាព ក្រសួង​មិន​អនុ​ញ្ញា​ត្ត​ឱ្យ​សាងសង់​នោះទេ ហើយ​អ្នក​អភិវឌ្ឍ​ក៏​គេ​មិន​យក​ដើមទុន រាប់សិប​លាន​ដុល្លារ​មក​ចោល​នៅ​កណ្តាល​ទីនោះ​ដែរ។

លោក​ខន គង្គា បាន​មានប្រសាសន៍​បន្តទៀតថា “មុន​ពេលដែល​ក្រុមហ៊ុន​សម្រេច​ដាក់លក់​គម្រោង​នៅលើ​ទៅ​ផ្សារ គឺ​សុទ្ធតែ​ត្រូវបាន​ធានាថា​មានគុណ​ភាព មាន​សុ​វត្ថ​ភាព និង​សោភ័ណភាព​ត្រឹមត្រូវ​ទាំងអស់ ព្រោះ​វា​ជា​ជំនួញ​មួយ​ដ៏​ធំ និង​មាន​រយៈពេល​យូរ ហើយ​គេ​ក៏​មិន​យកកេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន ដែលមាន​ភាពល្បីល្បាញ​មក​បញ្ចប់​ត្រឹម​គម្រោងតូចៗដែល​គ្មាន​គុណភាព​នោះទេ។

ទោះជា​យ៉ាងណា​ការអនុវត្ត​ច្បាប់​ទាក់ទង​នឹង​វិស័យនេះ​នៅមានកម្រិត ហើយខ​ច្បាប់​គ្រប់គ្រង​វិស័យ​សំណង់​នៅ​កម្ពុជា​ក៏​មិនទាន់បាន​អនុម័ត​នៅឡើយ​ដែរ ដែល​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន ជាក់ស្តែង​កាលពីពេលថ្មីៗនេះ​សំណង់​អាគារ​កំពស់៧ជាន់​នៅ​ក្រុងព្រះសីហនុ​បាន​ដួលរលំ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ និង​របួស៕

អានបន្ត៖ ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ​បាន​ងាក​មកកាន់​អតិថិជន​ក្នុងស្រុក​កាន់តែច្រើន

ក្រុមហ៊ុនមេ Century21 កំពុង​ស្វែងរក​ដៃគូ​សហការ​លើ​ខេត្ត​ក្រុង​ចំនួន ១៥បន្ថែមទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញៈ ក្នុង​គោលដៅ​ពង្រីក​សក្តានុពល និង​កាត់បន្ថយ​ហានិភ័យ​លើ​វិស័យ​អចលនទ្រព្យ​នៅតាម​បណ្តា​ខេត្ត​នានា ក្រុមហ៊ុន Century21 Cambodia បាននិងកំពុង​ស្វែងរក​ដៃគូ​សហការ​លើ​ខេត្ត ដែលមាន​សក្តានុពល​ចំនួន១៥ទៀត​នៅ​កម្ពុជា។

ខេត្ត​ដែល​ក្រុមហ៊ុន​ស្វែងរក​ដៃគូ​សហការ​ទាំង​នោះ រួមមាន ខេត្តកំពត ព្រះសីហនុ កែប កោះកុង ព្រះវិហារ ពោធិសាត់ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ប៉ៃលិន កំពង់ធំ និង​កំពង់ឆ្នាំង។

លោកស្រី​ Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី១៥ សីហា​នេះ​ថា ខេត្ត​និមួយៗសុ​ទ្ឋ​តែមាន​សក្តានុពល​ក្នុង​វិស័យ​អចលនទ្រព្យ ដោយសារ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា នេះ​ជា​មូលហេតុ​ដែល​យើង​ស្វែងរក​ដៃគូ​សហការ ដើម្បី​ពង្រីក​ទីផ្សារ និង​មូលដ្ឋាន​នៃ​ការរីកចម្រើន​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា។

លោកស្រី​បន្តថា “យើង​ត្រូវ​ការរក​ដៃគូ​ដែលមាន​ការប្តេជ្ញាចិត្ត មាន​ឆន្ទៈ​ស្រលាញ់​វិស័យនេះ និង​មាន​ភាពស្មោះត្រង់ ដើម្បី​ពង្រីក​ការរីកចម្រើន​ទាំងអស់គ្នា ដោយ​យើង​ឈរលើ​គោលការណ៍​ឈ្នះ ឈ្នះ​ជាមួយគ្នា។

បច្ចុប្បន្ននេះ​ក្រុមហ៊ុន Century21 មាន​ការិយាល័យ​ចំនួន២២នៅ​ទីក្រុង​ភ្នំពេញ ដែលជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ និង​ត្រូវបាន​នាំចូល​ Master Franchise មកពី​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​កំពុង​ពង្រីក​ភ្នាក់ងារ​ទិញ លក់ ជួល ឲ្យ​កើន​ដល់ ៥០០នាក់​នាពេល​អនាគតឆាប់ៗនេះ។

សំរាប់​អ្នកមាន​បំណង​ចាប់​ឌៃ​គូ​សហការ​ជាមួយ Century21 សូម​ទាក់់ទង​ជាមួយ​លោក ​Chy Meath តាមរយៈ​លេខ​ទូរស័ព្ទ ០១៥ ៣៧៧ ៦៦៦ ៕

អានបន្ត៖ អបអរ​សា​ទរៈ​ សមាជិក​ Century21​ Family​ បាន​ទទួល​ប័ណ្ណសរសើរ​ និង​ពានរង្វាន់៨​ ពី​ក្រុមហ៊ុន​លំដាប់​ពិភពលោក​

អតីត​ចំណតរថយន្ត​បណ្ដោះអាសន្ន​មុខ​ប្រាសាទអង្គរវត្ត​នឹង​កែ​ប្រែជា​កន្លែង​ដាំ​ស្មៅ និង​កូនឈើ​ឡើងវិញ

0

ដោយ ​វុត្ថា

សៀមរាបៈ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​លើកកម្ពស់​របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាព​បៃតង​ក្នុង​រមណីយដ្ឋាន​អង្គរ ឱ្យ​ស័ក្ដិ​សមជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​កាន់តែច្រើន។

អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​នៅ​ថ្ងៃទី១៥ ខែសីហា​នេះ​ថា អាជ្ញាធរ​បាន​នឹង​កំពុង​កែប្រែ​ទីតាំង​អតីត​ចំណត​បណ្ដោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ឱ្យ​ក្លាយជា​វាលស្មៅ​បៃតង និង​ដាំ​កូនឈើ​ឡើងវិញ​ជុំវិញ​បរិវេណ​នេះ ខណៈ​បច្ចុប្បន្ន ការងារ​នេះ​បាន​ដំណើរការ​ជា​បន្តបន្ទាប់ ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងធ្វើការ​កាយ​ប្រភេទ​ដី​រឹង មាន​ក្រួស​ចេញពី​ទីតាំង​ខាងលើ ដោយ​ជំនួស​មកវិញ​នូវ​ប្រភេទ​ដីជី​ជាតិ​អាច​ដាំ​ដុះ​បាន។

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​បន្ថែមថា ការរៀបចំ​នេះ​ជា​ផ្នែក​មួយ នៃ​ផែន​ការរួម​ក្នុង​ការរៀបចំ​របៀបរៀបរយ សណ្ដាប់ធ្នាប់​នៅមុន​ប្រាសាទអង្គរវត្ត ដោយ​ក្នុងនោះ​មានការ​ដាំ​ស្មៅ ដាំ​ដើមឈើ​ឡើងវិញ និង​រៀបចំ​ជា​ចំណត​ឱ្យបាន​ត្រឹមត្រូវ​ស្របទៅតាម​លំហូរ​នៃ​យានយន្ត​និង​ការ​ចរាចរណ៍​របស់​ភ្ញៀវទេសចរ​នៅ​ប្រាសាទអង្គរវត្ត៕

អានបន្ត៖ អាជ្ញាធរ​អប្សរា​បញ្ឈប់​លែងឱ្យ​មានការ​ក្រាលកន្ទេល​ និង​ចង​អង្រឹង​លើ​បរិវេណ​អង្គរ​