អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ចាប់​យក​ទីផ្សារ​អ្នកទិញ​ក្នុង​ស្រុក​ស្រប​ពេល​ទីផ្សារ​ខុន​ដូ​កំពុង​រីក​ចំរើន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ក្នុង​ស្រុកលើ​គម្រោង​ ដែល​មានតម្លៃ​សមរម្យ​កំពុង​កំណត់​ការ​ចាប់​យក​ទីផ្សារ​អ្នកទិញ​ក្នុង​ស្រុក​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ CBRE​ Cambodia​។

នៅ​ពាក់កណ្តាល​ឆ្នាំ២០១៩​ គម្រោង​ខុន​ដូ​ចំនួន១៣ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ ដោយ​ក្នុង​នោះ​មាន៦៧ភាគរយ​ជា​ខុន​ដូ​ដែល​មាន​តំលៃ​សមរម្យ​។

ខុន​ដូ​ដែល​តម្លៃ​សមរម្យ​ជាមធ្យម​បាន​កើនឡើង២ភាគរយ​ ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ ដោយ​តម្លៃ​បច្ចុប្បន្ន​មាន​ប្រមាណ ១​,៥០១ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​ឆ្នាំនេះ​ ខណៈ​អ្នកទិញ​ក្នុង​ស្រុក​ កាន់តែ​ច្រើន​កំពុង​វិនិយោគ​លើ​ខុន​ដូ​នៅ​កណ្តាល​ទីក្រុង​។

កញ្ញា​ ឃិន​ លីដា​ តំណាង​ផ្នែក​លក់​គម្រោង​ HCN​ Mall​ and​ Residence​ ដែល​មាន​ ៧២០​ យូនី​តស្ថិតនៅ​ផ្លូវ​ ៣៤៧​ សង្កាត់​បឹងកក់១ខណ្ឌទួលគោក​បាន​ឲ្យដឹង​ថា​ ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ ការរស់នៅ​ខុន​ដូ​នឹង​កាន់តែ​មាន​ប្រជាប្រិយ​ភាព​ ពីព្រោះ​ដី​ទីក្រុង​ពិបាក​រក​ដី​ដើម្បី​អភិវឌ្ឍ​។ ប្រជាជន​នឹង​ផ្លាស់​ប្តូរ​ទៅ​រស់នៅ​ក្នុង​ខុន​ដូ​ ហើយ​វា​អាច​កាត់បន្ថយ​ពេលវេលា​សម្រាប់​ការ​ធ្វើដំណើរ​ទៅ​ធ្វើការ​”។

កញ្ញា​បាន​បន្ថែម​ថា​ “យើង​ទើបតែ​ចាប់ផ្តើម​លក់​នៅ​ខែមេសា​ ឆ្នាំ២០១៩​។ អ្នកទិញ​ភាគច្រើន​ជា​ប្រជាជន​កម្ពុជា​ ព្រោះ​យើង​កំពុង​កំណត់​គោលដៅ​អតិថិជន​ស្រុក​”។

ទីផ្សារ​ខុន​ដូ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើន​ដល់​ចំនួន ៣១​,១០០យូនី​ត នឹង​សាងសង់​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ បច្ចុប្បន្ន​ចំនួន​នៃ​ខុន​ដូ​យូនី​ត ដែល​បញ្ចប់​ការសាងសង់​មាន​ចំនួន​ ១៦​,៦៥៨យូនី​ត។

វិស័យ​ខុន​ដូ​មានការ​រីក​ចំរើន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ដែល​ការ​ផ្គត់ផ្គង់​ខុន​ដូ​មានការ​កើនឡើង​ចំនួន១០ដង​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។

ប៉ុន្តែ​ទីផ្សារ​អចលនទ្រព្យ​ អាច​ប្រឈម​នឹង​ភាព​ចលាចល​មួយចំនួន​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ អាមេរិក​ និង​ចិន​អាច​ពន្យឺតការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ចិនដីគោក​។

​ធនាគារជាតិនៃកម្ពុជា​បាន​ព្រមាន​ថា​ “វិស័យ​អចលនទ្រព្យ​ និង​វិស័យ​ហិរញ្ញវត្ថុ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ ប្រសិនបើ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ស្ងប់ស្ងាត់​ ដោយសារ​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​”។ ធនាគារ​នេះ​បាន​បន្ថែម​ថា​ “ល្បឿន​នៃ​ការពង្រីក​ និង​ការ​វិនិយោគ​របស់​ខ្លួន​ទីផ្សារ​អចលនវត្ថុ​មើលទៅ​រឹងមាំ​ និង​មាន​ស្ថានភាព​ល្អ​”។

ធនាគារជាតិនៃកម្ពុជា​បាន​ឲ្យដឹង​ ក្នុង​របាយការណ៍​សេដ្ឋកិច្ច​មួយ​ ដែល​ចេញផ្សាយ​នៅ​ឆ្នាំនេះ​ថា​ “នៅ​ចុងឆ្នាំ២០១៩​ ការ​ផ្គត់ផ្គង់​ខុន​ដូ​នៅ​គ្រប់​ផ្នែក​ទាំងអស់​ កន្លែង​លក់រាយ​ និង​ការិយាល័យ​ជួល​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​”៕

អ្នកជំនាញ​អះអាង​ថា​ ការ​ផ្អាក​សកម្មភាព​គំរោង​សាងសង់​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ​មិន​ប៉ះពាល់​ដល់​វិស័យ​នេះ​ទេ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ស្រដៀងគ្នា​ថា​ ការ​ផ្អាក​សកម្មភាព​សាងសង់​គំរោង​មួយចំនួន​ នៅ​ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​ មិន​ប៉ះពាល់​ដល់​កម្ម​ភាព​អភិវឌ្ឍន៍​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ក្នុង​ខេត្ត​ទេ​។

ក្នុងរយៈពេល​ដ៏​ខ្លី​នៃ​ការ​រឹ​តបណ្តឹង​អនុវត្ត​ច្បាប់​ សាងសង់​សំណង់​នៅ​កម្ពុជា​ ចំពោះ​វិស័យ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ បាន​និង​កំពុងតែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ ខណៈ​ដែល​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​រក​ឃើញថា​ សំណង់​មួយចំនួន​ត្រូវ​បាន​ធ្វើឡើង​ខុស​បច្ចេកទេស​ គ្មាន​គុណភាព​ និង​មិន​មានច្បាប់​ត្រឹម​ រហូត​ត្រូវ​បាន​អជ្ញា​ធរ​ហាមឃាត់​ ផ្អាក​សកម្មភាព​សាងសង់​ រង់ចាំ​មានច្បាប់​ត្រឹមត្រូវ​ទើប​អនុញ្ញាត​ឱ្យ​បន្តសកម្មភាព​អភិវឌ្ឍន៍​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ នៅ​រសៀល​ថ្ងៃទី១១​ កក្កដា​នេះ​ថា​ ការ​ផ្អាក​សកម្មភាព​សាងសង់​សំណង់​មួយចំនួន​ នៅក្នុង​ក្រុង​ព្រះសីហនុ​ គឺ​មិនបាន​ជះឥទ្ធិពល​អាក្រក់​ដល់ទី​ផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​មួយ​នេះនោះ​ទេ​ ។ លោក​បន្ត​ទៀត​ថា​ “ការ​ផ្អាក​សកម្មភាព​សាងសង់​សំណង់​មួយចំនួន​ នៅក្នុង​ក្រុង​ព្រះសីហនុ​មិនបាន​ប៉ះពាល់​ដល់​តម្លៃ​អចលនទ្រព្យ​នៅ​លើ​ទីផ្សារ​រួម​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​តម្លៃ​ដីធ្លី​នៅតែ​រក្សា​ភាពល្អ​ប្រសើរ​ ហើយ​វា​នឹង​បន្ត​ឡើង​បន្តិចទៀត​ ក្រោយពេល​សណ្ដាប់ធ្នាប់​ទូទៅ​នៅក្នុង​ខេត្ត​មួយ​នេះ​ត្រូវ​បាន​រៀបចំ​រួចរាល់​ ដែល​មាន​លំហូរ​ភ្ញៀវ​ទេសចរ​ចូល​មកកាន់​ខេត្ត​កាន់តែ​ច្រើន​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “ពេលនេះ​វា​នៅតែ​ជា​វេលា​ល្អ​ សម្រាប់​អ្នក​វិនិយោគ​ ដែល​មានបំណង​ចង់​ទិញទុក​លក់​ ឬអភិវឌ្ឍ​ ព្រោះ​បើ​រង់ចាំ​បន្តិចទៀត​តម្លៃនឹង​ឡើងថ្លៃ​ ដែល​អាច​ធ្វើ​ឱ្យ​បាត់​ឱកាស​”។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ ក៏បាន​មានប្រសាសន៍​ស្រដៀងគ្នា​ថា​ ភាព​អវិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​ នៅ​ខេត្ត​ព្រះសីហនុ​ ហា​កមិន​មាន​ភាគរយ​នោះ​ទេ​ ហើយ​នា​ពេល​បន្តិចទៀត​ខេត្ត​ព្រះសីហនុ​កាន់តែ​មាន​ពន្លឺ​ ស័ក្ដិសម​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​ជាទី​ក្រុង​គជ់​ ឬជាតា​រា​ទិសនិរតី​។

​លោកស្រី​បន្ត​ថា​ “នៅពេល​ទីក្រុង​ស្អាត​ មាន​សណ្ដាប់ធ្នាប់​ល្អ​ កំណើន​មនុស្ស​ទៅកាន់​ខេត្ត​នេះ​នឹង​កើនឡើង​ ដែល​វា​ជំរុញ​ឱ្យ​មាន​តម្រូវការ​កាន់តែ​ខ្ពស់​ លើ​ផ្នែក​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​ ដែល​វា​ជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​វិស័យ​អចលនទ្រព្យ​”។

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១១​ កក្កដា​នេះ​ថា​ ការ​ផ្អាក​សកម្មភាព​សាងសង់​ត្រូវ​បាន​ធ្វើឡើង​ចំពោះតែ​សំណង់​ដែល​ខុស​បច្ចេកទេស​ និង​គ្មាន​ច្បាប់​មួយ ចំនួន​តូច​តែប៉ុណ្ណោះ​ ប៉ុន្តែ​ចំពោះ​សំណង់​ដែល​មានច្បាប់​ត្រឹមត្រូវ​ និង​ធ្វើឡើង​ស្របតាម​បច្ចេកទេស​ដែល​ត្រូវ​បាន​កំណត់​ដោយបទ​ដ្ឋាន​ គតិយុត្តិ​របស់ក្រ​សួង​រៀបចំ​ដែ​នដីន​ គរូប​នី​យក​ម្ម​ និង​សំណង់​ គឺ​នៅតែ​បន្តសកម្មភាព​សាងសង់​ជា​ធម្មតា​។

លោក​បាន​បន្ត​ថា​ “ជាក់ស្ដែង​ពេលនេះ​ សកម្មភាព​សាងសង់​មួយចំនួន​ត្រូវ​បាន​ផ្អាក​សកម្មភាព​ ក្រោម​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ ប៉ុន្តែ​ការ​ផ្អាក​នេះ​ខ្ញុំ​ជឿ​ថា​ វា​មាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។ លោក​បន្ត​ថា​ “តាមពិត​វា​ជា​រឿង​ល្អ​វិញ​ទេ​ ព្រោះ​ក្រោយ ពេល​មានការ​យកចិត្ត​ទុកដាក់​ពីសំណាក់​មន្ត្រី​ជំនាញ​ និង​អជ្ញា​ធរ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​ គ្រប់​សំណង់​ទាំងអស់​ ត្រូវ​បាន​ប្រាកដ​ថា​មានគុណ​ភាព​ ស្របច្បាប់​ ដែល​វា​កាន់តែ​បង្កើន​ទំនុក​ដល់​អតិថិជន​”។

លោក​ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ នៅពេល​ដែល​គ្រប់​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ប្រាកដ​ថា​មានគុណ​ភាព​ សំណង់​ស្របច្បាប់​ ពេលនោះ​សណ្ដាប់ធ្នាប់​ទូទៅ​នៃ​វិស័យ​សំណង់​ក៏​ចាប់ផ្តើម​មាន​ល្អ​ប្រសើរ​ ដែល​វា​កាន់តែ​ជួយ​ជំរុញ​ និង​បង្កើន​ទំនុកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​បន្ត​ដែល​ជា​អតិថិជន​។ នៅពេល​ដែល​មានទំនុក​កាន់តែ​ខ្ពស់​ កម្លាំង​នៃ​កា​រប​ញ្ជារ​ទិញ​កាន់តែ​ច្រើន​ វា​នឹង​ជំរុញ​ឱ្យ​តម្លៃ​មានការ​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​៕

ទីតាំង​ចំនួន៤ នៅ​ភ្នំពេញ​មិន​ត្រូវ​បាន​អនុញ្ញាត​សាងសង់​អគារ​ខ្ពស់កប់ពពក​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាតិ​ឱ្យ​មានការ​សាងសង់​ នូវ​អគារ​ខ្ពស់កប់ពពក​នៅក្នុង​នៅក្នុង​ទីតាំង​ចំនួន៤​ នៅក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​គម្រោង​អគារ​ខ្ពស់​ៗកប់​ពពក​ជាច្រើន​ បាន​និង​កំពុង​រីក​លូតលាស់​នៅក្នុង​ទីក្រុង​មួយ​នេះ​។

លោកស្រី​អាន​ សុធី​តា​ នាយិកា​ក្រុមហ៊ុន​ CBRE ​ប្រចំា​នៅ​កម្ពុជា​បាន​ប្រាប់​គេហទំព័រ​ Propertyarea.asia​ កាលពី​កន្លងមក​នេះ​ថា​ នៅក្នុង​រាជធានី​ភ្នំពេញ​ មាន​ទីតាំង​ចំនួន៤​ មិន​ត្រូវ​បាន​អនុញ្ញាត​សាងសង់​អគារ​ខ្ពស់កប់ពពក​បាន​នោះ​ទេ​ ដែល​ត្រូវ​បាន​កំណត់​កំពស់​ ដែល​ទីតាំង​ទាំងនោះ​ រួមមាន​ ទីតាំង​ម្តុំ​វិមាន​ឯករាជ​ ម្តុំ​ព្រះបរមរាជវាំង​ ម្តុំ​វត្តភ្នំ​ និង​ព្រលា​ន យន្តហោះ​។

លោកស្រី​ពន្យល់​ថា​ “នៅ​តំបន់​ព្រលា​នយន្តហោះ​ គឺ​វា​អាច​ប៉ះពាល់​ដល់​ដល់​ការហោះហើរ​ ឬចុះចត​របស់​យន្តហោះ​ ។ សម្រាប់​ម្តុំ​ព្រះបរមរាជវាំង​ ជា​តំបន់​ប្រវត្តិ​សាស្រ្ត​ និង​កន្លែង​គង់​ប្រថាប់​របស់​ព្រះមហាក្សត្រ​ជាដើម​”។

លោកស្រី​បន្ថែម​ថា​ បើ​ចំងាយ ៣០០ម៉ែត្រ​ ពី​អក្ស​នៃ​តាំង​ទាំង៤នេះ​ គឺ​អនុញ្ញាត​សាងសង់​អគារ​បាន​ប្រមាណ​តែ ២៥ម៉ែត្រ​តែប៉ុណ្ណោះ​ ហើយ​បើ​និយាយ​ពី​ចំងាយ​ប្រមាណ ៥០០ម៉ែត្រ​ពីទី​តាំង​វិញ​ រដ្ឋាភិបាល​អាច​អនុញ្ញាត​ឱ្យ​សាងសង់​អគារ​ បាន​កំពស់​ប្រមាណ ៣៥ម៉ែត្រ​ តែបើ​និយាយ​ពី​ជាន់​វិញ​មាន​ប្រហែល៧​ ទៅ៨ជាន់​តែប៉ុណ្ណោះ​។

តែ​យ៉ាងណាក៏ដោយ​លោកស្រី​ថា​ ដោយសារ​តម្លៃ​ដី​មានការ​កើនឡើង​ជាលំដាប់​ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ មានការ​អនុញ្ញាត​ឱ្យ​សាងសង់​លើស​កំពស់​ពីនេះ​ខ្លះ​ តែ​មិន​ច្រើន​នោះ​ទេ​។

នៅក្នុង​រាជធានី​ភ្នំពេញ​ នា​ពេល​បច្ចុប្បន្ន​កំពុងតែ​មានការ​ប្រកួតប្រជែង​ ក្នុង​ការ​សង​សង់​នូវ​អគារ​ខ្ពស់កប់ពពក​ជាច្រើន​ទីកន្លែង​ ជា​ពិស​តំបន់​សង្កាត់​ទន្លេបាសាក់​ ទួលគោក​ និង​ដូនពេញ​ជាដើម​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ផ្គត់ផ្គង់​ដល់​ការ​កើនឡើង​ នូវ​ប្រជាសាស្ត្រ​ ​សេដ្ឋកិច្ច​ និង​ជនបរទេស​។

អាគារ​ខ្ពស់កប់ពពក​ជាច្រើន​ដែល​បាន​សាងសង់​រួចហើយ​ និង​កំពុង​សាងសង់​ព្រមទាំង​ មាន​គម្រោង​សាងសង់​នា​ពេល​ខាង​ខាងមុខនេះ​ ជា​ប្រភេទ​អគារ​ពាណិជ្ជកម្ម​ ខុន​ដូ​ អា​ផា​តមិន​ និង​ការិយាល័យ​ការិយាល័យ​ជាដើម​៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​នឹង​ទទួល​បាន​គំរោង​ពីរ​ផ្នែក​នៃ​ការដ្ឋាន​អាកាសយាន​ដ្ឋានថ្មី​ខេត្តសៀមរាប​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Shanxi​ Mechanization​ Construction​ Group​ បាន​ឈ្នះ​ការ​ដេញថ្លៃ​ក្នុង​ការសាងសង់​ពីរ​ផ្នែក​ នៃ​ព្រលា​នយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ ដែល​ទឹកប្រាក់​ចំនួន ២៩០លា​នយ័ន​ ស្មើនឹង៤២​,១៦លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ China​ Daily​ ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​។

ក្រុមហ៊ុន​ Shanxi​ Mechanization​ Construction​ Group​ នឹង​ទទួលខុសត្រូវ​ចំពោះ​ការសាងសង់​តំបន់​ហោះហើរ​ និង​កន្លែង​ជំនួយការ​នៃ​តំបន់​ហោះហើរ​ រួម​ទាំង​ ច្រកចេញ​ចូល​ គ្រឹះ​ ការងារ​ផ្នែក​រៀបចំ​ដី​ និង​ប្រព័ន្ធ​បង្ហូរទឹក​។

អាកាសយាន​ដ្ឋាន​ថ្មីនេះ​ ជា​គម្រោ​ងព្រលា​នយន្តហោះ​ក្រៅប្រទេស​ ដំបូង​គេ​របស់​ក្រុមហ៊ុន​ ហើយ​វា​ជាគោល​នយោបាយ​ថ្មី​ ក្នុង​ការអនុវត្ត​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​មួយ​ និង​ដើម្បី​ពង្រីក​ក្រុមហ៊ុន​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​។

អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ មានស្រាប់​នៅក្នុង​ខេត្តសៀមរាប​ ដែល​មាន​ចម្ងាយ៥គីឡូម៉ែត្រ​ពី​តំបន់​ប្រាសាទបុរាណ​ និង​តំបន់​បេ​តិ​កភ័​ណ្ឌ​ពិភពលោក​លោក​ អង្គរវត្ត​មានផ្លូវ​រត់​តែមួយ​ប៉ុណ្ណោះ​។

ក្រុម​មន្រ្តី​បាន​និយាយ​ថា​ រំ​ញ័រ​ដែល​បណ្តាល​មក​ពី​ការ​ហោះ​ឡើង​ និង​ការ​ចុះចត​យន្តហោះ​ អាច​នឹង​ធ្វើឲ្យខូច​ខាត​ដល់​គ្រឹះ​នៃ​អង្គរវត្ត​ ហើយ​ចរាចរណ៍​ផ្លូវអាកាស​បច្ចុប្បន្ន​មិន​អាច​ឆ្លើយតបទៅនឹង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

អាកាសយាន​ដ្ឋាន​អន្ដរ​ជាតិសៀម​រាប​អង្គរ​ថ្មី​ ដែល​នឹង​ក្លាយជា​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ធំជាង​គេ​នៅ​កម្ពុជា​នឹង​មាន​ចម្ងាយ៥១គីឡូម៉ែត្រ​ នៅ​ភាគ​អាគ្នេយ៍​ពី​ក្រុង​សៀមរាប​ និង៤០គីឡូម៉ែត្រ​ពី​អង្គរវត្ត​។ អាកាសយាន​ដ្ឋាន​អន្ដរ​ជាតិសៀម​រាប​អង្គរ​ថ្មីនេះ​នឹង​មាន​ទំហំផ្ទៃ​ដី​ប្រហែល៧០០ហិ​កតា​ និង​គ្រោង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ៩០០លាន​ដុល្លារ​សម្រាប់​ការសាងសង់​។

នៅពេល​ដំណាក់កាល​ទី១​ នៃ​អាកាសយាន​ដ្ឋាន​ថ្មី​ត្រូវ​បាន​បញ្ចប់​ អាកាសយាន​ដ្ឋាន​ថ្មីនេះ​នឹង​ទទួល​បាន​អ្នកដំណើរ៧លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​ ដែល​ជួយ​សម្រួល​ដល់​អាកាសចរណ៍​ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ដែល​វិស័យ​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​សសរទ្រូង​ទីពីរ​។

អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ កំពុង​វិនិយោគ​ដោយក្រុម​ហ៊ុន​ Yunan​ Investment​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។ ព្រលា​នយន្តហោះ​ថ្មីនេះ​បាន​និង​កំពុង​រៀបចំ​បច្ចេកទេស​ ដើម្បី​បើក​ដំណើរការ​សាង​សង់​ក្រោ​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នា​ពេល​ខាងមុខនេះ​។

អគ្គនាយក Propertyarea​ ប្រាប់​វិធី​សាស្ត្រចំនួន៤​ ដើម្បី​វិ​ភា​គព័ត៌មាន ​មុន​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

1

ដោយ​គង់ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​អចលនទ្រព្យ​ដើម្បី​ទទួល​បានផល​ចំណេញ​ ជា​ការប៉ងប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​ ប៉ុន្តែ​អ្នក​វិនិយោគ​មិន​សុទ្ធ​តែ​ទទួល​បានផល​ចំណេញ​នោះ​ទេ​ បើសិនជា​គ្មាន​ការ​វិ​ភា​គព័ត៌មាន​ និង​សិក្សា​ទិដ្ឋភាព​ផ្លូវច្បាប់​ ឲ្យបាន​គ្រប់ជ្រុង​ជ្រោយ​មុន​សម្រេចចិត្ត​វិនិយោគ​។

ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់ ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១១​ កក្កដា​នេះ​ថា​ មនុស្ស​មួយចំនួន​បាន​ភ្លេច​ឬមិន​ឲ្យ​តម្លៃ​លើ​សារ​ព័ត៌មាន​ ប៉ុន្តែ​អ្នក​ជោគជ័យ​លើ​មុខ​ជំនួញ​ និង​វិស័យ​អចលនទ្រព្យ​ពួកគេ​មិនដែល​ភ្លេច​អាន​ និង​តាម​ដា​នព័ត៌មាន​ប្រចាំថ្ងៃ​នោះ​ទេ​ ព្រោះ​ព័ត៌មាន​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​វិស័យ​ដទៃទៀត​។

ហេតុនេះ​អ្នក​ត្រៀមខ្លួន​ក្លាយជា​អ្នក​វិនិយោគ​ អ្នក​វិនិយោគ​ និង​ភ្នាក់ងារ​អចលនវត្ថុ​នានា​គួរ​សិក្សា​លើ​មូលដ្ឋាន​ទាំងបួន​នេះ​ ដើម្បី​ប្រើប្រាស់​ក្នុង​ការវិភាគ​ មុន​សម្រេចចិត្ត​វិនិយោគ​ ឬពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​។

ដំណឹង​

ដំណឹង​ជា​ប្រភេទព័ត៌មាន ដែល​មាន​លក្ខណៈ​មិន​គ្រប់ជ្រុងជ្រោយ​ និង​មិន​អាច​ យក​មក​ប្រើប្រាស់​ ធ្វើជា​មូលដ្ឋាន​ក្នុង​ការសម្រេច​ចិត្តបាន​នោះ​ទេ​ ព្រោះ​ដំណឹង​ជា​ការ​លេច​លឺ​តគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ​(ប៉ុន្តែ​វា​ក៏អាច​ពិត​)។

ឧទាហរណ៍​គំរោង​សាង​សង់​ព្រលា​នយន្តហោះ​ គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ និង​គំរោង​វិនិយោគ​ទីក្រុង​រណប​ជាដើម​ ដែល​វា​ជា​ដំណឹង​ ប៉ុន្តែ​នៅពេល​យើង​យក​វា​មក​ប្រើប្រាស់​ វា​អាច​ធ្វើឲ្យ​យើង​បា​ត់់​បង់​នូវ​មូលដ្ឋាន​វិភាគ​ជាច្រើន​។ ប្រសិនជា​វា​ជា​ដំណឹង​ពិត​ ហេតុ​អី​យើង​ត្រូវ​វិនិយោគ​នៅ​កៀក​ព្រលា​នយន្តហោះ​ តើ​ដី​នៅ​ជិត​ឬកៀក​ព្រលា​នយន្តហោះ​ មានតម្លៃ​ខ្ពស់​ និង​អាច​អភិវឌ្ឍន៍​អ្វី​បាន​ឬទេ​?។

ហេតុនេះ​ការពឹងផ្អែក​លើ​ដំណឹង​ ដោយ​គ្មាន​មូល​ដ្ឋាន​ព័ត៌មាន​វិភាគ​ដទៃទៀត​ វា​អាច​ធ្វើឲ្យ​ការ​វិនិយោគ​របស់​យើង​ប្រឈម​ហានិភ័យ​។

ព័ត៌មាន

ព័ត៌មាន​ វា​ជា​ប្រភេទ​ដំណឹង​ ដែល​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ជាង​ដំណឹង​ និង​មាន​មូលដ្ឋាន​វិទ្យាសាស្ត្រត​ត្រឹមត្រូវ​ជាង​ ដោយ​សា​រសារព័ត៌មាន​ឈរ​លើ​មូលដ្ឋាន​ 5W​&​H ដែល​សំដៅ​ទៅលើ​ What​, Where​, When​, Why​, Who​ and​ How​។

ហេតុនេះ​ការ​អា​នព័ត៌មាន​ឲ្យបាន​ច្រើន​ ដែល​ជាព័ត៌មាន​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ដូច​ការ​លើកឡើង​ខាងលើ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​នៅ​ទីតាំង​ណាមួយ​ តំបន់​ណាមួយ​ ឬរាជធានី​ ខេត្ត​ណាមួយ​។

ជា​ច្រក​ព័ត៌មាន​មុនគេ​

ការ​អា​នព័ត៌មានពី​កាសែត​ វេ​បសាយ​នានា​ ដូចជា​ Propertyarea.asia ​ជាដើម​ គឺ​ជា​ប្រភពព័ត៌មាន ដែល​ផ្តល់​ឲ្យ​សាធារណៈ​ជន​បានដឹង​មុនគេ​ ដើម្បី​ប្រើប្រាស់​ជា​ទុន​ចំណេះដឹង​ ជា​ទុន​សំរាប់​វិភាគ​ ពិចារណា​ ដើម្បី​ប្រើប្រាស់​ធ្វើជា​មួល​ដ្ឋាន​ក្នុង​ការសម្រេច​ចិត្ត​បោះទុន​វិនិយោគ​ ឬមិន​វិនិយោគ​។

អ្នក​វិនិយោគ​ឬអ្នកជំនួញ​ដែល​ជោគជ័យ​ តែងតែ​អា​នព័ត៌មាន​ជាប្រចាំ​ ដើម្បី​ទទួល​បាន​ចំណេះដឹង​ និង​ព័ត៌មានសំរាប់​វិភាគ​ ព្រោះ​ការ​ទទួល​បា​នព័ត៌មាន​មុនគេ​ ការ​ដឹង​ពីព័ត៌មាន​អភិវឌ្ឍន៍​នៅ​តំបន់​ណា​មុនគេ​ អ្នក​វិនិយោគ​នោះ​មាន​ឱកាស​ជោគជ័យ ៥០ភាគរយ​រួច​ទៅ​ហើយ​។

ឧទាហរណ៍​កាលពី​ពេល​ថ្មី​ៗនេះ​ រដ្ឋាភិបាល​បាន​ប្រកាស​ពី​គំរោង​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​ ដែល​គេហទំព័រ​ Propertyarea.asia​ ទទួល​បាន​ និង​ចុះ​ផ្សាយ​ព័ត៌មាន​មុនគេ​។ ព័ត៌មាននេះ​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​ឆ្លាតវៃ​ បាន​ចាកចេញ​ពី​ក្រុងភ្នំពេញ​ ជាល​ទ្ឋ​ផល​ពួកគេ​បាន​ទិញ​ដី​ ខណៈ​តម្លៃ​ដី​បាន​កើន​ឡើង​ភ្លាម​ៗបន្ទាប់​ពីព័ត៌មាននេះ​ចេញ​ផ្សាយ​។

លើស​ពីនេះ​ ប្រសិនជា​អ្នក​វិនិយោគ​មាន​ទំនាក់ទំនង​ជិ​តស្និ​ទ្ឋ​ ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ ពួកគេ​អាច​ទទួល​បា​នព័ត៌មានមុន​ និង​មាន​ឳកាស​ចំណេញ​បាន​ច្រើនជាង​គេ​ បើសិនជា​ពួកគេ​ទិញ​ដី​បាន​មុនគេ​ ប៉ុន្តែ​សួរ​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​មាន​ទំនាក់ទំនង​ ឬបា​នដឹងព័ត៌មាន​មុនគេ​។

ការ​វិនិយោគ​មិន​ផ្អែកលើ​ការផ្សងព្រេង​ តែ​ផ្អែក​លើ​ប្រភព​ព័ត៌មាន​ជា​ក់លាក់​

ការ​វិនិយោគ​អចលនទ្រព្យ​ ឬវិនិយោគ​លើ​វិស័យ​ដទៃ​ឡើយ​។ ការ​វិនិយោគ​បែប​ផ្សងព្រេង​ នឹង​មិន​ទទួល​បាន​ជោគជ័យ​ច្រើន​នោះ​ទេ​ ប៉ុន្តែ​ការ​វិនិយោគ​ដោយ​ប្រើប្រាស់​មូល​ដ្ឋាន​ព័ត៌មានជាក់លាក់​ ការពិចារណា​យ៉ាង​លំអិត​ និង​គ្រប់ជ្រុងជ្រោយ​ ឱកាស​ជោគជ័យ​មាន​ខ្ពស់​ ព្រោះ​អ្នក​វិនិយោគ​ដែល​ទទួល​បាន​ជោគជ័យ​ តែងតែ​ពឹងផ្អែក​លើ​មូល​ដ្ឋាន​ព័ត៌មាន​ មូលដ្ឋាន​ចំណេះដឹង​ និង​មូលដ្ឋាន​វិភាគ​បាន​ច្បាស់លាស់​ជាមុន​ មុន​ពួក​គេច​ម្រេច​ចិត្ត​ទម្លាក់​លុយ​ចូល​ទៅលើ​គំរោង​របស់​ពួកគេ​។

ហេតុនេះ​ការ​អា​នព័ត៌មាន​ប្រចាំថ្ងៃ​ពី​ការ​វិ​វត្ត​ថ្មី​ៗនៃ​សេដ្ឋកិច្ច​ សង្គម​ អចលនទ្រព្យ​ និង​ព្រឹត្តិ​ការណ៍​សង្គមជាតិ​ និង​ពិភពលោក​ ពិតជា​ធ្វើឲ្យ​អ្នក​ឆ្លាត​ជាង​មុន​ មាន​មូលដ្ឋាន​ពិចារណា​ច្រើនជាង​មុន​ មាន​មូលដ្ឋាន​វិភាគ​កាន់តែ​ស៊ីជម្រៅ​ ហើយ​ការ​វិនិយោគ​របស់​ពួកគេ​តែងតែ​ទទួលជោគជ័យ​ និង​ប្រាសចាក​ហានិភ័យ​ខ្ពស់​។

លោ​កយិន​ លាង​គង់​នឹង​ចែក​រំ​លែ​កព័ត៌មាន​ និង​ការវិភាគ​លំអិត​ជាង​នេះ​ នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ “វិធី​សាស្រ្ត​ត្រៀមខ្លួន​ក្លាយជា​អ្នកលក់​ដី​ឡូត៍​អាជីព​ជោគជ័យ​” នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​នា​ព្រឹក​ថ្ងៃទី៣១​ កក្កដា​ខាងមុខនេះ​។

កម្មវិធី​នេះ​រៀបចំ​សហការ​ដោយសា​លា​អចលនទ្រព្យ​កម្ពុជា​ (Real​ Estate School​ of​ ​Cambodia​) ក្លឹប​អ្នកលក់​ដី​ឡូត៍​កម្ពុជា​ និង​សហការ​ផ្សព្វផ្សាយ​ពី​បណ្តាញ​គេហទំព័រ​ Propertyarea.asia​៕

មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ទំនើប​មួយ​បាន​បើក​ដំណើរការ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​កម្សាន្ត​បែប​ទំនើប​ WB​ ARENA​ បាន​បើក​ដំណើរការ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២​ ដែល​ស្ថិតនៅ​ស្រប​នឹង​ដងទន្លេ​បាសាក់​បាន​ និង​កំពុងតែ​បង្កើន​នូវ​ភាព​ទាក់ទាញ​ពីសំណាក់​អតិថិជន​ បន្ទាប់ពី​ចាប់ផ្តើម​បើក​ដំណើរការ​សាកល្បង​កាលពី​ពេល​ថ្មី​ៗកន្លងទៅ​នេះ​។

មជ្ឈមណ្ឌល​កម្សាន្ត​ និង​ពាណិជ្ជកម្ម​ WB​ ARENA​ ស្ថិតនៅ​ក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម​ ខ័ណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ គំរោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ The​ World​ Bridge​ Group​ ក្រោម​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជាង១០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ មជ្ឈមណ្ឌល​ពាណិជ្ជ​បែប​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​ និង​ទាន់សម័យ​មួយ​នេះ​ ត្រូវ​បាន​គូរ​រៀបចំ​ប្លង់​គំរូ​ ដោយក្រុម​ហ៊ុន​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​ មក​ពី​ប្រទេស​សិង្ហបុរី​ មានឈ្មោះ​ថា​ ​Chin​ Kam​ and​ Associates​ (CK​&​A) ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន​ Worldbridge​ Group​ និង​ដៃគូ​វិនិយោគ​របស់​ខ្លួន​គឺ​ Oxley​ International​ Holdings​ ជួល​ឱ្យ​រចនា​ប្លង់​គម្រោង​ The​ Bridge​ និង​ The​ Peak​។

​WB​ Arena​ ត្រូវ​បាន​គេ​រចនា​ស្រដៀងគ្នា​នឹង ​Clarke​ Quay​ នៅក្នុង​ប្រទេស​សិង្ហបុរី​ ដែល​មាន​លក្ខណៈ​ពិសេស​ តម្រូវ​ទៅតាម​បរិយាកាស​បរិសុទ្ធ​ តាម​បរិបថ​ជា​កន្លែង​កម្សាន្ត​បែប​ខ្មែរ​នៅ​តាម​បណ្តោយ​មាត់ទន្លេ​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ World​ Bridge​ Group​ លោក​ឧកញ៉ា​ សៀ​ ឫទ្ធី​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៩​ ថា​ បច្ចុប្បន្ន​នេះ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​កម្សាន្ត​ WB​ ARENA​ ត្រូវ​បាន​បើក​ដំណើរ​ហើយ​ ស្ថិតនៅ​ក្នុង​ដំណាក់កាល​សាកល្បង​ និង​រង់ចាំ​ឱកាសល្អ​ដើម្បី​ប្រា​រព្វ​ពិធីសម្ពោធ​ជា​ផ្លូវការ​។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ផ្សារ​មួយ​ហ្នឹង​យើង​ចាប់​បើក​ដំណើរការ​បាន​មួយ​រយៈ​ហើយ​ ប៉ុន្តែ​នៅ​មិនទាន់​ធ្វើពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នោះ​ទេ​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ដំណើរការ​នៃ​ការ​ជួល​ស្ដ​ង់​ ក៏ដូចជា​ការទិញ​-លក់​នៅក្នុង​ផ្សារ​នេះ​ កំពុង​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​មិន​មាន​ឧបសគ្គ​នោះ​ទេ​”។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បែប​ទំនើប​មួយ​នេះ​ ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ ៦០០០ម៉ែត្រការ៉េ​ មាន​ប្រមាណ​ជាង៩០ស្ដ​ង់​សម្រាប់​ដាក់​លក់​ និង​ផ្តោត​សំខាន់​ទៅលើ​បណ្តា​ហាង​ល្បី​ៗចំរុះ​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ រាប់ទាំង​ប្រភេទ​ចំណីអាហារ​ ហាង​លក់​សំលៀកបំពាក់​ សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​ សម្ភារៈ​កីឡា​ និង​កន្លែង​ម៉ាស្សា​ផង​ដែរ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ថា​ ការ​កើនឡើង​នូវ​ចំនួន​ផ្សារ​ទំនើប​ ក៏ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បែប​កម្សាន្ត​ និង​ទាន់សម័យ​នៅ​កម្ពុជា​ បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​ការ​កើនឡើង​ នូវ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​មួយ​នេះ​។ លោក​បាន​បន្ត​ទៀត​ថា​ នៅពេល​ដែល​មានការ​បង្កើត​ឡើង​នូវ​ផ្សារ​ទំនើប​ ដើម្បី​ឆ្លើយតបទៅនឹង​អំណាច​នៃ​កា​រប​ញ្ជារ​ទិញ​ វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាពល្អ​”ប្រសើរ​នៃ​កម្រិតជីវភាព​របស់​ប្រជាជន​។

លោក​ថា​ “ចំនួន​ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បែប​ទំនើប​នា​ពេលនេះ​ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ដែល​វា​ទាមទារ​ឱ្យ​មាន​បន្ថែម​ទៀត​ ខណៈ​ដែល​បច្ចុប្បន្ន​ ការប្រើ​ប្រាស់​ផ្សារ​តាម​បែប​ប្រពៃណី​នៅតែ​មាន​ចំនួន​ច្រើន​នៅឡើយ​”៕

ក្រុមហ៊ុន​ Yuetai​ ផ្តល់​ទុន​ជាង​ ១០០លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដើម្បី​ដំឡើង​បច្ចេកវិទ្យា​ឆ្លាតវៃ​សម្រាប់​អចលនទ្រព្យ​របស់​ខ្លួន​នៅ​កម្ពុជា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ ARB​ Bhd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ ទទួល​បាន​កិច្ចសន្យា​តម្លៃ១២០លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​ សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

បច្ចេកវិទ្យា​អគារ​ឆ្លាត​នេះ​នឹង​ប្រើប្រាស់​ឧបករណ៍​ចាប់​សញ្ញា​ និង​បញ្ញា​សិប្បនិម្មិត​ (Artificial​ Intelligence​) ដើម្បី​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​ភ្លើង​ក្នុង​លំនៅ​ដ្ឋាន​ ម៉ាស៊ីន​ត្រជាក់​ និង​ការកំណត់​សុវត្ថិភាព​ដោយ​ប្រើប្រាស់​ Internet​។

ក្រុមហ៊ុន ARB ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ​Chean​ Chhoeng​ Thai​ Group​ (CCTG​) ដែល​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Guangzhou​ Yuetai​ Group​ Co​ Ltd​ ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​សៀងហៃ​ ដើម្បី​ដំឡើង​បច្ចេកវិទ្យា​បច្ចេកវិទ្យា​ឆ្លាតវៃ​តម្លៃ ១០០លាន​ដុល្លារ​ នៅក្នុង​គម្រោង​នៅ​ទីក្រុង​ភ្នំពេញ​រួមមាន​ អគារ​ការិយាល័យ​ ផ្សារ​ទំនើប​ ខុន​ដូ​ និង​សណ្ឋាគារ​ផ្កាយ​ប្រាំ​។

ក្រុមហ៊ុន​ ARB​ Bhd​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ឈើ​ ដំបូងបង្អស់​បាន​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ កាលពី​ឆ្នាំមុន​ ហើយក៏​បាន​ទទួល​កិច្ចសន្យា២០លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​កម្ពុជា ​East​ Insurance​ ដើម្បី​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​ធនធាន​ក្នុង​សហ​គា្រ​ស (ERP​)។

ក្រុមហ៊ុន​ ARB​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ នឹង​កត់សម្គាល់​ពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ ក្នុង​ទីផ្សារ​កម្ពុជា​តាម​ ​រយៈ​ការ​បង្កើន​ជំនាញ​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​គ្រប់គ្រង​ធនធាន​ក្នុង​សហ​គា្រ​ស (ERP​) ទៅ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​ East​ Insurance​ ហើយក៏​បម្រើ​ជា​វេទិកា​សម្រាប់​ក្រុមហ៊ុន​ ARBD​ ដើម្បី​វាយលុក​ និង​ពង្រីក​ទីផ្សារ​ នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​ស្រប​ជាមួយ​យុទ្ធ​សាស្រ្ត​ជំនួញ​របស់​ក្រុមហ៊ុន​៕

អភិបាលខេត្ត​ព្រះសីហនុ​ស្នើ​ទូត​ចិន​បើក​ស្ថាន​កុងស៊ុល​នៅក្នុង​ខេត្ត​ព្រះសីហនុ​

0

ដោយ ​វុត្ថា​

ព្រះ​សី​ហនុៈ​ អភិបាលខេត្ត​ព្រះសីហនុ​ លោក​ គួច​ ចំរើន​បាន​ស្នើ​ដល់​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ជួយ​គាំទ្រ​ ដល់​ការ​បើក​ទីតាំង​សមាគម​សារព័ត៌មាន​ចិន​ និង​បើក​ស្ថាន​កុងស៊ុល​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ និង​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ ដល់​ប្រជាជន​ចិន​ ដែល​នឹង​មក​វិនិយោគ​ និង​កំពុង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ។

លោក​គួច​ ចំរើន​ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ Wang​ Wentian​ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​យ៉ាង​ខ្លាំង​ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​ ដែល​ធ្វើអោយ​ខេត្ត​ ដែល​ធ្លាប់​ជា​តំបន់​ទេសចរណ៍​តែមួយមុខ​គត់​ ប្រែក្លាយ​ជា​តំបន់​ភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ និង​ការ​អភិវឌ្ឍ​កើនឡើង​លើ​គ្រប់​វិស័យ​។

លោក​បន្ត​ថា​ “ទន្ទឹម​នឹង​នោះ​ ក៏​មាន​បញ្ហា​ប្រឈម​កើតឡើង​ស្រប​ពេល​សំណង់​អគារ​ខ្ពស់​ៗជាច្រើន​ បាន​កើនឡើង​មិនធ្លាប់​មាននៅ​ក្នុង​ខេត្ត​ ផ្លូវថ្នល់​ជា​ច្រើ​នន​កន្លែង​បាន​ខូចខាត​ ប្រ​លាយ​ លូ​ ប្រព័ន្ធ​ទឹក​ស្អាត​បម្រើ​មិនបាន​គ្រប់គ្រាន់​ ទាន់​សភាពការណ៍​អភិវឌ្ឍន៍​យ៉ាង​គំ​ហុ​គនេះ​”។លោក​បន្ត​ថា​ “រដ្ឋបាល​ខេត្ត​ព្រះសីហនុ​មាន​យន្តការ​ អនុវត្ត​វិធានការ​អប់រំ​ ផ្សព្វផ្សាយ​ ចែករំលែក​ការអនុវត្ត​នីតិវិធី​ច្បាប់​ចំពោះ​វិនិយោគិន​ អោយ​យល់ដឹង​ពី​ វប្បធម៌​ ច្បាប់​ សង្គម​ និង​ការ​ផ្សព្វផ្សាយ​អប់រំ​នៅ​កម្ពុជា​”។

លោក​ Wang​ Wentian​ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ លោក​នឹង​គាំទ្រ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ កើតមាន​នៅ​ខេត្ត​ព្រះសីហនុ​តប​តាម​ការ​ស្នើ​របស់​អភិបាលខេត្ត​រូប​នេះ​។ លោក​បន្ត​ថា​ ស្ថានទូត​ចិន​នឹង​មាន​ជា​គំរោង​ “កម្មវិធី​ខេត្ត​ព្រះសីហនុ​ មាន​សុវត្ថិភាព​”ដោយ​មា​នប​ញ្ជូល​ទាំង​ការ​ បណ្តុះបណ្តាល​ ការប្រើ​ប្រាស់​សំភារៈ​ បច្ចេកទេស​ និង​សណ្តាប់​ធ្នាប់​ជាដើម​។

ខេត្ត​ព្រះសីហនុ​មាន​លំហូ​ជជនជាតិ​ចិន​យ៉ាង​យ៉ាងច្រើន​ ចាប់តាំងពី​ឆ្នាំ២០១៧​ បន្ទាប់ពី​ទំនាក់ទំនង​កម្ពុជា​-ចិន​កាន់តែ​មាន​មាន​ភាព​ស្អិតល្មួត​។ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយឥតសំណង​ និង​កម្ចី​មក​កម្ពុជា​ជាបន្តបន្ទាប់​ ហើយ​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ចិន​ ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​អន្ដរ​ជាតិ​ និង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​៕

លំហូរ​ FDI​ ចូល​ទៅកាន់​ប្រទេស​ហ្វីលីពីន​កើន​ដល់​ ៩៦១លាន​ដុល្លារ​ក្នុង​ខែមេសា​

0

ដោយ​ វុត្ថា​

ម៉ា​នី​ឡា​៖ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) បាន​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​ហ្វីលីពីន​កើនឡើង​ដល់៩៦១លាន​ដុល្លារ​ នៅក្នុង​ខែមេសា​ឆ្នាំ២០១៩នេះ​ កន្លង​កម​នេះ​ដោយសារ​គ្រប់​សមាសភាគ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI​) ត្រូវ​បាន​កត់ត្រា​ថា​មាន​សមតុល្យ​វិជ្ជមាន​។

យោង​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​ស៊ិនហួរ​ នៅ​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ នៅក្នុង​ខែមេសា​លំហូរ​មូលធន​សុទ្ធ​ឆ្នាំនេះ​ បាន​កើនឡើង​ពី២៧២លាន​ដុល្លារ​អាមេរិក​ បើ​ធៀប​នឹង​ខែមេសា​ឆ្នាំ២០១៨​។ លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ចូល​ប្រទេស​ហ្វីលីពីន​ភាគច្រើន​មក​ពី​ប្រទេស​ថៃ​ សហរដ្ឋអាមេរិក​ និង​សិង្ហបុរី​។

លំហូរ​ទុន​ទាំងនេះ​ត្រូវ​បាន​ចា​ក់បញ្ជូល​ទៅ​ក្នុង​ហិរញ្ញវត្ថុ​ និង​ធានារ៉ាប់រង​ អចលនទ្រព្យ​ ផលិតកម្ម​ អគ្គិសនី​ ឧស្ម័ន​ ការ​ផ្គត់ផ្គង់​ម៉ាស៊ីន​ត្រជាក់​,និង​ឧស្សាហកម្ម​សំណង់​។

ទន្ទឹម​នឹង​នេះ​ដែរ​ធនាគារ​ BSP​ បាន​និយាយ​ថា​ ការ​វិនិយោគ​មិនមែន​ ជា​លំនៅឋាន​ ក្នុង​ឧបករណ៍​បំណុល​ ដែល​ភាគច្រើន​ជា​ប្រាក់កម្ចី​ ដែល​បាន​ពង្រីក​ដោយក្រុម​ហ៊ុន​មេ​នៅ​បរទេស​ ទៅ​ឱ្យ​សាខា​ក្នុង​ស្រុក​បាន​កើនឡើង១២​,៦ភាគរយ​ ស្មើនឹង៨៣០លាន​ដុល្លារ​ធៀប​នឹង៧៣៧លាន​ដុល្លារ​ដែល​បាន​ប្រកាស​កាលពី​ឆ្នាំមុន​។

នៅក្នុង​រយៈពេល​មួយឆ្នាំ​នេះ​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ធនាគារ ​BSP​ បាន​និយាយ​ថា​ FDI​ បាន​ផ្តល់​ចំណូល​សុទ្ធ២​,៩ពាន់​លាន​ដុល្លារ​អាមេរិក​ ចាប់ពី​ខែមករា​ដល់​ខែមេសា​ឆ្នាំ​ ២០១៩​ ពោល​គឺ​ថយ​ចុះ១៤ភាគរយ​ ពី​លំហូរ​ចូល​នៃ​ទឹកប្រាក់ ៣​,៤​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​បាន​កត់ត្រា​កាលពី​ឆ្នាំមុន​។

ទោះជាយ៉ាងណា​លំហូរ​ទុន​វិនិយោគ​ ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ភាគច្រើន​មក​ពី​ប្រទេស​ជប៉ុន​ សហរដ្ឋអាមេរិក​ ចិន​ សិង្ហបុរី​ និង​កូរ៉េ​ខាងត្បូង​។ ទាំងនេះ​ត្រូវ​បាន​វិនិយោគ​ជាចម្បង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​ធានារ៉ាប់រង​ អចលនទ្រព្យ​ ការ​ដឹកជញ្ជូន​ និង​ភស្តុភារ​ និង​ឧស្សាហកម្ម​សេវាកម្ម​រដ្ឋបាល​៕

កម្ពុជា​ទទួល​បាន​អាកាសចរណ៍​ឡើងចុះ​ជាង​ ២ម៉ឺន​លើក​ក្នុងរយៈពេល​ ៦ខែ​ដើមឆ្នាំ​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បន្ទាប់ពី​មានការ​ដាក់ចេញ​នូវ​គោលនយោបាយ​បើកចំហ​ជើងមេឃ​ ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ជា​លទ្ធផល​ក្នុងរយៈពេល ៦ខែ​ដើមឆ្នាំ២០១៩នេះ​ កម្ពុជា​ទទួល​បាន​ជើងហោះហើរ​សរុប​រហូតដល់ ២០​,៤៣៣លើក​ កើនឡើង​ប្រមាណ ១៥ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នៅតែ​អាច​រក្សា​បាន​ភាពល្អ​ប្រសើរ​ក្នុងរង្វង់​ប្រមាណ​ជាង៧ភាគរយ​ជាប្រចាំ​ឆ្នាំ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​គោលដៅ​មួយ​នៅក្នុង​ក្រសែភ្នែក​របស់​បណ្តា​ភ្ញៀវ​ទេសចរ​ និង​បណ្តា​អ្នក​វិនិយោគ​អន្តរជាតិ​នានា​។ បន្ថែម​ពីនេះ​បន្ទាប់ពី​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ ពី​បណ្តា​ប្រទេស​នានា​មកកាន់​កម្ពុជា​ បាន​ជំរុញ​ឱ្យ​វិស័យ​អាកាសចរណ៍​មាន​ភាពល្អ​ប្រសើរ​គួរ​ជា​ទី​មោទ​នៈ​។

អ្នកនាំពាក្យ​ និង​ជារ​ដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ ស៊ិន​ ចាន់​សិរី​វុត្ថា ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី១០​ កក្កដា​កន្លងមក​ថា​ នៅក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៩កន្លងទៅ​នេះ​ វិស័យ​ដឹកជញ្ជូន​តាមផ្លូវអាកាស​របស់​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ ដោយ​ចំនួន​ជើងហោះហើរ​បាន​កើនឡើង១៥ភាគរយ​ ហើយ​ចំនួន​អ្នកធ្វើ​ដំណើរ​ក៏​មានការ​កើនឡើង២៥ភាគរយ​។

លោក​បន្ត​ថា​ ក្នុងរយៈពេល៦ខែ​ដើមឆ្នាំ​នេះ​ ព្រលា​នយន្តហោះ​អន្តរជាតិ​-ភ្នំពេញ​ មានការ​ហោះ​សរុប​ចំនួន​ ៤៥៨៩ជើង​ ដោយ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន១៦៤៨​ លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន២៩៤១លើក​ ។ ព្រលា​នយន្តហោះ​ខេត្តសៀមរាប​ មានការ​ហោះហើរ​អន្តរជាតិ​ចំនួន៨១៨៩លើក​ និង​ជើងហោះហើរ​ក្នុង​ស្រុក២៧៧៦លើក​ ។ ដោយឡែក​ ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ មានការ​ហោះហើរ​សរុប​ចំនួន៤១៥១​ លើក​ ក្នុង​នោះ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន២៦៣៨លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន​ ១៥១៣លើក​ និង​ជើងហោះហើរ​ជា​លក្ខណៈ​ជួល​ (charter​ fly​ )មាន​ចំនួន៧២៨លើក​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​មាន​ប្រសា​សតា​មទូ​រស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ ដោយ​បង្ហាញ​ពី​ភាព​សាទរ​ជាមួយនឹង​សិទ្ធ​ផល​ ដែល​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ ទទួល​បាន​នៅពេល​នេះ​។

លោកស្រី​បាន​បញ្ជាក់​ថា​ “ពេលនេះ​ កម្ពុជា​កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ហោះហើរ​កាន់តែ​ច្រើន​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ ក៏​កំពុងតែ​ពិចារណា​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​”។ លោកស្រី​បន្ត​ទៀត​ថា​ “ នៅពេល​ដែល​វិស័យ​ហោះហើរ​កាន់តែ​មាន​ភាព​ទូលាយ​ វា​នឹង​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​កាន់តែ​មានឱកាស​អូសទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​អ្នកជំនាញ​អន្តរជាតិ​នានា​ ចូល​មក​ស្វែងយល់​ពី​កម្ពុជា​ ដើម្បី​រក​ឱកាស​វិនិយោគ​ទទួលយក​ផលប្រយោជន៍​”។

លោកស្រី​ឆាយ​ ស៊ីវ​លី​នបា​នប​ន្ត​ទៀត​ថា​ មិនថា​ចំពោះតែ​ភ្ញៀវ​ទេសចរ​ ឬវត្តមាន​របស់​អ្នកជំនួញ​អន្តរជាតិ​នោះ​ទេ​ គឺ​សុទ្ធតែ​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ទាំងអស់​ តាមរយៈ​ការ​ចាក់​បញ្ចូល​នូវ​ប្រាក់ចំណូល​ចូល​ដល់​រដ្ឋាភិបាល​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ផង​ដែរ​។

មួយ​រយៈ​ចុងក្រោយ​នេះ​ វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ បាន​ទទួលការ​ហោះហើរ​ត្រង់​មក​ពី​បណ្តា​ប្រទេស​នានា​ ជាពិសេស​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ាន​តែម្ដង​ ដូចជា​ ប្រទេស​ចិន​ សាំងហ្គាពួរ​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ ឡាវ​ ជាដើម​ ដែល​កាន់តែ​ជួយ​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​៕