ជប៉ុន​គ្រោង​បង្កើត​ភូមិ​ខ្មែរ​ចំនួន៤ បន្ថែម​ទៀត​នៅក្នុង​ប្រទេស​របស់​ខ្លួន​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ប្រទេស​ជប៉ុន​មានបំណង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​ ឬហៅ​ថា​ភូមិ​ខ្មែរ​នៅក្នុង​ទឹកដី​របស់​ខ្លួន​ឱ្យ​បាន៤ទីតាំង​បន្ថែម​ទៀត​ នៅ​តាម​ទីក្រុង​ និង​ខេត្ត​ផ្សេងគ្នា​។

លោក​ Yamada​ Fumio​ ប្រធាន​អង្គការ​ JCIA​ ប្រចាំ​នៅ​ប្រទេស​ជប៉ុន​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ថ្ងៃទី​ ២ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​បាន​លើកឡើង​ ពី​ការ​បង្កើត​​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​ឬហៅ​ថា​ភូមិ​ខ្មែរ​ នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​ ដោយ​ភាគី​ជប៉ុន​ចង់​បង្កើត​មជ្ឈមណ្ឌល​នេះ​ឱ្យ​បាន៤ទីតាំង​ នៅ​តាម​ទីក្រុង​និង​ខេត្ត​ផ្សេងគ្នា​ ប៉ុន្តែ​មិនទាន់​ទទួល​បានច្បាប់​សាងសង់​ និង​ការ​គាំទ្រ​ពីសំណាក់​ក្រសួង​ ស្ថាប័ន​មួយចំនួន​របស់​កម្ពុជា​នៅឡើយ​។

លោក​បាន​បញ្ជាក់​ថា​ “លោក​បាន​ពិភាក្សា​លម្អិត​ជាមួយ​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​រួចមក​ហើយ​ ប៉ុន្តែ​នៅ​ឡើយ​​មិនទាន់​មានការ​ជួយ​គាំទ្រ​ផ្នែក​ស្មារតី​ និង​ហិរញ្ញវត្ថុ​”។

​លោក​យ៉ា​ម៉ា​ដា​ ក៏បាន​ស្នើសុំ​ការ​គាំទ្រ​ពីសំណាក់​លោក​អ៊ិ​ត សំ​ហេង​ ហើយនឹង​បន្ត​ស្នើសុំ​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា​បន្ត​ទៀត​។

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​ លោក​ អ៊ិ​ត សំ​ហេង​ បាន​ស្នើ​ទៅ​លោក​យ៉ា​ម៉ា​ដា​សុំ​ឱ្យ​មានការ​ស្នើសុំ​ច្បាប់​សាងសង់​ទីតាំង​ភូមិ​ខ្មែរ​ នៅ​ជប៉ុន​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​អនុវត្ត​នីតិវិធី​នៃ​ប្រទេស​ជប៉ុន​ឱ្យ​បាន​ហ្មត់ចត់​ ហើយ​លោក​ក៏ដូចជា​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ក៏​នៅតែ​ត្រៀម​ស្វាគមន៍​ និង​គាំទ្រ​ជានិច្ច​។

លោក​បន្ថែម​ថា​ អង្គការ ​JCIA ​របស់​ជប៉ុន​ដែល​ជា​ដៃគូ​សហការ​ និង​ជួយ​គាំទ្រ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ពោធិ៍​សែន​ជ័យ​ ស្ថិតនៅ​រាជធានី​ភ្នំពេញ​ និង​បាន​ជួយ​បញ្ជូន​គ្រូបង្គោល​ផ្នែក​ថែទាំ​មនុស្សចាស់​របស់​ខ្លួន​ មក​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​លើ​ជំនាញ​មួយចំនួន​ទៀត​ ដល់​សិក្ខាកាម​ដែល​សិក្សា​នៅក្នុង​មជ្ឈមណ្ឌល​មួយ​នេះ​ សំដៅ​បង្កើន​ចំនួន​កម្មសិក្សា​ការី​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បន្ថែម​៕

ក្រុមហ៊ុន​ធំ​មួយ​របស់​ហ្វាំងឡង់​វិនិយោគ​រោងចក្រ​ថាមពល​ ២០០មេ​ហ្គា​វ៉ាត់​នៅ​ក្នុង​ខេត្តកណ្តាល​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Wärtsil​ä ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ហី​លៀន​គី​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Finland​ នឹង​សាងសង់​រោងចក្រ​ថាមពល២០០មេ​ហ្គា​វ៉ាត់​នៅក្នុង​ខេត្តកណ្តាល​ ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការ​នៅ​ឆ្នាំក្រោយ​។

កិច្ចសន្យា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែមុន​ ដោយក្រុម​ហ៊ុន​ CGGC​-UN​ Power​ Co​ ដែល​គ្រប់គ្រង​ដោយ​ចិន​ ហើយនឹង​ត្រូវ​ដំណើរការ​ដោយ​អគ្គិសនី​កម្ពុជា​ (EDC​) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​កម្ពុជា​។

រោងចក្រអគ្គិសនី​នេះ​ នឹង​មាន​ម៉ាស៊ីន​ប្រើ​ប្រេង​ពីរ​មានប្រសិទ្ធភាព​ខ្ពស់​ចំនួន 50​គ្រឿង​ ដែល​នឹង​ដំណើរការ​ប្រេងឥន្ធនៈ​ធុន​ធ្ងន់​ ហើយនឹង​ប្តូរ​ទៅ​ប្រើ​ប្រេងឥន្ធនៈ​ឧស្ម័ន​ធម្មជាតិ​នៅពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​នៅ​កម្ពុជា​នេះ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ Wärtsil​ä។

លោក​ Liu​ Fei​ ប្រធាន​ CGGC​-UN​ Power​ បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា​ “នេះ​គឺជា​រោងចក្រ​ដំឡើង​ថាមពល​ដំបូង​គេ​បង្អស់​របស់​យើង​ នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ Wärtsil​ä ក្នុង​ការ​ផ្តល់​ឧបករណ៍​ផលិត​របស់​ពួកគេ​ជាមួយ​ពេលវេលា​ដ៏​ខ្លី​”។ លោក​បាន​បន្ថែម​ថា​ “វា​នឹង​ធ្វើឲ្យ​គម្រោង​នេះ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំក្រោយ​ ដូច្នេះ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដែល​ត្រូវការ​អាច​ដំណើរការ​តាម​ការ​គ្រោងទុក​”។

រដ្ឋាភិបាល​កម្ពុជា​បាន​ និង​កំពុង​ព្យាយាម​ ដើម្បី​ធានា​នូវ​បណ្តាញ​អគ្គីស​នី​របស់​ខ្លួន​ បន្ទាប់ពី​រដូវប្រាំង​ ដែល​មាន​រយៈពេល​ដ៏​វែង​បាន​ធ្វើឲ្យ​មាន​កង្វះ​អគ្គីស​នី​ នៅ​ទូទាំង​កម្ពុជា​ក្នុង​ឆ្នាំនេះ​។

កាលពី​ម្សិលមិញ​រដ្ឋសភា​បាន​អនុម័ត​គម្រោង​វិនិយោគ​ ក្នុង​ទំនប់​វារីអគ្គិសនី៨០​ មេ​ហ្កា​វ៉េ​ថ្មី​ដែល​មានតម្លៃ ២៣១លាន​ដុល្លារ​នៅ​ពោធិ​សាត់​ និង​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នៅ​ទូទាំង​ប្រទេស​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រ៉ែ​ និង​ថាមពល​បាន​ឲ្យដឹង​ថា​ កម្ពុជា​ផលិត​អគ្គិសនី​បាន​ ២,៦៥០មេ​ហ្គា​វ៉ាត់​កាលពី​ឆ្នាំមុន​៕

យុវជន៣រូប​ ប្រែក្លាយ​ពី​ភាព​ពលករ​មក​ជា​អ្នក​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​

0

ដោយ​ វណ្ណា​រ៉ា​

កំ​ពង់​ធំៈ​ ​ជា​ការ​ចាប់់​ផ្តើម​មួយ​យ៉ាង​ល្អ​ យុវជន​វ័យក្មេង​ចំនួន៣រូប​ ដែល​ធ្លាប់​ជា​អតីត​ពលករ​បម្រើការ​ងារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ពេលនេះ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ម្ចាស់​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ ដែល​ជា​ជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​កំពុងតែ​មាន​សក្ដានុពល​ និង​មាន​ប្រជាប្រិយ​ភាព​នៅក្នុង​ខេត្តកំពង់ធំ​។

យុវជន​ដែល​បាន​ប្រែក្លាយ​ជីវិត​ ជា​ពលករ​បម្រើការ​ងារ​នៅក្នុង​ប្រទេស​កូរ៉េ​ រកចំណូល​ដោយ​ការ​ប្ដូរ​កម្លាំងកាយ​ មក​ជា​ម្ចាស់​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ ឈ្មោះ​សុក​គា​ ស៊ី​ធី​។ យុវជន​ទាំង​ទាំង៣រូប​ រួមមាន​ ទី១​- លោក​ ស៊ឺន​ សុក​គា​ អាយុ២៦ឆ្នាំ​ បច្ចុប្បន្ន​ជា​ស្ថាបនិក​ និង​ជានា​យក​ក្រុមហ៊ុន​ ទី២លោក​ចាន់​ ឃីន​ អាយុ២៥ឆ្នាំ​ បច្ចុប្បន្ន​ជា​ស្ថាបនិក​ និង​ជានា​យក​ផ្នែក​ទីផ្សារ​ និង​ទី៣​ លោក​ ផុន​ សា​មាន​ អាយុ២៦ឆ្នាំ​ បច្ចុប្បន្ន​ជា​ស្ថាបនិក​ និង​ជានា​យក​ផ្នែក​ទីផ្សារ​ ដែល​អ្នក​ទាំង៣បាន​សហការ​គ្នា​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដោយ​ការ​បោះទុន​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ក៏ដូចជា​វិស័យ​ដីធ្លី​ផង​ដែរ​។

លោក​ ស៊ឺន​ សុក​គា​ ដែល​ជា​ស្ថាបនិក​ និង​មានមុខ​តំណែង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​បុរី​ សុក​គា​ស៊ី​ធី​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ លោក​ធ្លាប់ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​អស់​រយៈពេល២ឆ្នាំ៨ខែ​។ លោក​បន្ត​ថា​ ការដែល​ផ្តាច់​ខ្លួន​ពី​ការ​ធ្វើ​បាន​ប្រាក់ខែ​រាប់ពាន់​ដុល្លារ​ មក​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់វា​មិនមែន​ជា​ការ​ងាយ​ទេ​។

លោក​បន្ត​ទៀត​ថា​“យើង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ប៉ុន្តែ​យើង​ត្រូវតែ​ជំនះ​ឱ្យ​បាន​ ដូចជា​ កត្តា​គ្រួសារ​ កត្តា​សង្គម​ ភាព​ប្រឈម​ជាមួយ​មនុស្ស​ និង​អ្នកធ្វើ​ជំនួញ​ក្នុង​វិស័យ​តែមួយ​ដែល​កំពុង​ស្ថិតនៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​ជាពិសេស​នោះ​គឺ​ខ្លួនឯង​ផ្ទាល់​តែម្តង​”។

ស្រដៀងគ្នា​នេះ​ លោក​ ចាន់​ ឃីន​ ដែល​ជា​ស្ថាបនិក​ និង​មានមុខ​តំណែង​ជានា​យក​ផ្នែក​ទីផ្សារ​បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ លោក​ធ្លាប់​បម្រើការ​ងារ​ជា​ពលករ​នៅក្នុង​ប្រទេស​កូរ៉េ​អស់​រយៈពេល៣ឆ្នាំ៦ខែ​ ហើយ​លោក​បាន​ចាប់ផ្តើម​សហការ​វិនិយោគ​បុរី​នេះ​ឡើង​ គឺ​ក្នុង​ភាព​សុទិដ្ឋិនិយម​ ដោយ​សិក្សា​ពី​តម្រូវការ​ ទីផ្សារ​ និង​ប្រើប្រាស់​ចំណេះដឹង​និង​ជំនាញ​របស់​ខ្លួន​។

លោក​បន្ត​ថា​ “គ្រប់យ៉ាង​គឺ​ស្ថិតនៅ​ក្នុង​ដៃ​របស់​យើង​ បើ​មើលឃើញ​ថា​មានឱកាស​ដែល​ល្អ​ហើយ​ មិន​គួរណា​យើង​បោះបង់​នោះ​ទេ​ ប៉ុន្តែ​យើង​ត្រូវតែ​សិក្សា​ឱ្យ​បាន​លម្អិត​ និង​ច្បាស់លាស់​ដើម្បី​អាច​ទាញ​យក​ផល​ចំណេញ​ពី​វា​ឱ្យ​បាន​”។លោក​បន្ត​ទៀត​ថា​ “និយាយ​ឱ្យ​ចំ​ទៅ​ ដូចជា​ខ្ញុំ​ផ្ទាល់​ ដែល​ខ្ញុំ​តែងតែ​សម្លឹង​មើល​ពី​ឱកាស​នៅ​ជុំវិញ​ខ្លួនខ្ញុំ​ បើ​ឃើញថា​ល្អ​ហើយ​ មាន​សុវត្ថិភាព​ថែមទៀត​នោះ​ ខ្ញុំ​នឹង​ចាប់​យក​ឱកាស​នោះ​មកកាន់​ក្នុង​ដៃ​តែម្ដង​”។

ដោយឡែក​ លោក​ ផុន​ សា​មាន​ ដែល​ជា​ស្ថាបនិក​ និង​ជានា​យក​ផ្នែក​ទីផ្សារ​នៃ​បុរី​ សុក​គា​ ស៊ី​ធី​ មួយ​រូប​ដែរ​នោះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​ក៏​ជា​អតីត​ពលករ​បម្រើការ​ងារ​នៅក្នុង​ប្រទេស​កូរ៉េ​អស់​រយៈពេល២ឆ្នាំ១០ខែ​ ប៉ុន្តែ​ពេលនេះ​ លោក​បាន​ផ្លាស់ប្ដូរ​ជីវិត​ភាពជា​ពលករ​ មក​ជា​អ្នកជំនួញ​។

លោក​បាន​បញ្ជាក់​ថា​ “យើង​គួរតែ​ចេះ​ផ្តល់​តម្លៃ​នៃ​ពេលវេលា​ផ្ទាល់ខ្លួន​ និង​ការ​ចាត់​ចែង​ចំណូល​ចំណាយ​ឱ្យ​បាន​ល្អ​ បើ​មិន​ដូច្នេះ​ទេ​ រយៈពេល​ដែល​យើង​រស់នៅ​ប្រទេស​កូរ៉េ​អាច​នឹង​មិន​រីក​ចំរើន​ ឬក៏​ត្រលប់​មក​ស្រុកខ្មែរ​វិញ​ដោយ​មិន​សល់​អ្វី​ទាល់តែសោះ​”។ លោក​បាន​បញ្ជាក់​ថា​ “ហេតុនេះ​យើង​គួរតែ​ចាប់ផ្តើម​ក្នុង​ការកំណត់​គោលដៅ​ និង​ពេលវេលា​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​អាច​បង្កើន​លទ្ធភាព​ផ្ទាល់ខ្លួន​ រួម​ជាមួយ​សមិទ្ធផល​នានា​នៅពេល​យើង​ត្រលប់​មក​ប្រទេស​វិញ​”។

នៅ​ត្រឹម​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ នៃ​ការ​ជ្រៀត​ខ្លួន​ចូល​មក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ អតីត​ពលករ​ទាំង៣រូប​ បានសម្រេច​នូវ​សមិទ្ធផល​របស់​ខ្លួន​គួរ​ឱ្យ​ជា​ទី​មោទ​នៈ​។

ជាក់ស្ដែង​ ក្រៅពី​ការ​វិនិយោគ​ទៅលើ​គម្រោង​អភវ​ឌ្ឍ​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ សុក​គា​ ស៊ី​ធី​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ ស្រុក​សន្ទុក​ ខេត្តកំពង់ធំ​ នា​ពេលនេះ​ ពួកគេ​ក៏​ទទួល​បាន​ភាព​ជោគជ័យ​រួចជាស្រេច​ ទៅលើ​គម្រោង​ដី​ឡូ​តិ៍​ចំនួន៤​ ហើយក៏​កំពុង​បន្ត​បង្កើត​គម្រោ​ងថ្មី​ៗមួយចំនួន​ទៀតផង​ដែរ​៕

រដ្ឋាភិបាល​ជំរុញ​អាជីវករ​កាណូត​ទេសចរណ៍​អនុវត្ត​ការ​បង់ពន្ធ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​កិច្ចប្រជុំ​អន្តរក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ឋបាន​ជំរុញ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍​ ចូល​បង់ពន្ធ​នាំចូល​យានយន្ត​របស់​ពួកគេ​ ឱ្យ​ដូច​ទៅ​នឹង​អ្នក​ប្រកប​អាជីវកម្ម​ដទៃ​។

កិច្ចប្រជុំ​អន្តរក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ឋនានា​ បាន​ធ្វើ​ឡើ​នៅ​ថ្ងៃទី១ខែកក្កដា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ដែល​ដឹកនាំ​ដោយ​លោក​ ជា​ បូរ៉ា​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ ក្នុង​ការបង្កើត​គណៈ​ការ​អន្តរក្រសួង​មួយ​ឱ្យ​បាន​ឆាប់​នា​ពេល​ខាងមុខ​ ដើម្បី​ចុះ​ដោះស្រាយ​បញ្ហា​ពន្ធ​ និង​បញ្ហា​ប្រឈម​មួយចំនួន​។

អង្គប្រជុំ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ ពាក់ព័ន្ធ​នឹង​ការ​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍​ ពិសេស​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​ ដែល​តម្រូវ​ឱ្យ​អន្តរក្រសួង​-ស្ថាប័ន​រួមគ្នា​ដោះស្រាយ​ឱ្យ​បាន​ ក្នុង​នោះ​រួមមាន​ ទី១​ កាណូត​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម​គ្មាន​ពន្ធ​នាំចូល​ និង​លិខិតស្នាម​ត្រឹមត្រូវ​។ ទី២​ កាណូត​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម​គ្មាន​សៀវភៅ​ត្រួតពិនិត្យ​បច្ចេកទេស​ ដែល​ចេញ​ដោយ​ក្រសួង​ ឬមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​។

ទី៣​ កាណូត​មួយចំនួន​ផលិត​ និង​ដំឡើង​ក្នុង​ស្រុក​គ្មាន​ស្ដ​ង់​ដា​គុណភាព​។ ទី៤​ កាណូត​ទេសចរណ៍​មួយចំនួន​ មិន​គោរព​តាមច្បាប់​ចរាចរណ៍​ផ្លូវទឹក​ និង​ដឹក​លើសកម្រិត​ ព្រមទាំង​គ្មាន​អាជ្ញា​បណ្ណ​ និង​ទី៥​ កំពង់ផែ​ចំណត​គ្មាន​គ្រប់​តម្រូវការ​ សម្រាប់​កាណូត​ទេសចរណ៍​ និង​មិន​គ្រប់​បំពេញ​តាម​តម្រូវ​កា​រស្ដង់​ដា​សុវត្ថិភាព​ ជាហេតុ​ធ្វើ​ឱ្យ​កាណូត​ចត​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​ និង​ពិបាក​គ្រប់គ្រង​។

បច្ចុប្បន្ន​មាន​កាណូត​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ ១២៤គ្រឿង​ (រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​) ក្នុង​នោះ​គ្មាន​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម១៦គ្រឿង​ និង​មាន​អាជ្ញា​បណ្ណ​បណ្ដោះអាសន្ន​ចំនួន៣៥គ្រឿង​ ប៉ុន្តែ​កាណូត​ទេសចរណ៍​ទាំងនោះ​ សុទ្ធតែ​មិនទាន់​បាន​បង់ពន្ធ​នៅឡើយ​ទេ​។ អាជ្ញា​បណ្ណ​បណ្ដោះអាសន្ន​ គឺ​ផ្ដល់​ឱ្យ​អាជីវកម្ម​ដែល​មិនទាន់​មាន​ឯកសារ​ស្របច្បាប់​គ្រប់គ្រាន់​ ដោយ​ទុក​រយៈពេល​តែ៩០ថ្ងៃ​ទេ​ តែបើ​នៅតែ​មិនទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ទៀត​ ក្រសួង​មិន​បន្ត​សុពលភាព​ឱ្យ​ទៀត​ឡើយ​។

លោក​ជា​ បូរ៉ា​ បាន​មានប្រសាសន៍​ថា​ យើង​នឹង​មាន​កា​រឹត​បន្ដឹង​ធ្វើ​យ៉ាងណា​ឱ្យ​អាជីវករ​ទាំងនោះ​ ត្រូវតែ​មក​បង់ពន្ធ​នាំចូល​យានយន្ត​របស់​ខ្លួន​ ពីព្រោះ​កន្លងមក​មានការ​សម្របសម្រួល​ទន់ភ្លន់​ច្រើន​លើក​ហើយ​ តែ​អាជីវករ​នៅតែ​មិនព្រម​អនុវត្ត​តាមច្បាប់​។

ចំពោះ​អាជីវកម្ម​កាណូត​ទេសចរណ៍​ដែល​ចង់​បង្កើត​ថ្មី​ ឬអាជីវករ​ចាស់​ដែល​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ត្រូវតែ​មាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ​ពី​ស្ថាប័ន​គយ​ និង​ពន្ធដារ​ និង​ត្រូវ​មាន​លិខិត​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ ពី​ក្រសួងសាធារណការ​ ទើប​ក្រសួងទេសចរណ៍​ផ្ដល់​ជូន​អាជ្ញា​បណ្ណ​ទេសចរណ៍​ និង​លិខិត​វាយ​តម្លៃ​ស្ដ​ង់​ដា​សេវាកម្ម​ទេសចរណ៍​ ដែល​មានន័យថា​អនុញ្ញាត​ឱ្យ​អាជីវករ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​បាន​៕

សម្តេច​តេជោ​នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​ឆ្នាំ២០១៩​-២០២៣​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ​ ហ៊ុន​ សែន​ នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ “យុទ្ធ​សាស្រ្ត​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ ២០១៩​-២០២៣​ ហើយនឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី៤១​ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃទី២​ ខែកក្កដា​ នេះ​បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ទៅ​ចូលរួម​កិច្ចប្រជុំ​ស្តី​ពី​“ការ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​ លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ២០១៩​” ដែល​មាន​រយៈពេល២ថ្ងៃ​ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO​) នាទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ (Geneva​, Switzerland​)។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​មូលបទ​ «គាំទ្រ​ពិពិធ​កម្ម​ និង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» ដោយមាន​គោលបំណង​ពិនិត្យមើល​ពី​របៀប​ ដែល​ជំនួយ​ពាណិជ្ជកម្ម​អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ សម្តេច​តេជោ​ហ៊ុន​ សែន​នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធ​សាស្រ្ត​ សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ឆ្នាំ២០១៩​-២០២៣​ ព្រមទាំង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ នៅក្នុង​កម្មវិធី​សង្គម​ដែល​រៀបចំ​ដោយ​ WTO​ ផង​ដែរ​។

ក្រៅពី​កិច្ចប្រជុំ​ខាងលើ​សម្តេច​តេជោ​ ហ៊ុន​ សែន​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី៤១​ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ អង្គការសហប្រជាជាតិ​ ដែល​នឹង​ផ្តល់​សារៈ​ដ៏​សំខាន់​ និង​ច្បាស់លាស់​មួយ​ ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការគោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ជាមួយគ្នា​នោះ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន​ជន​សំ​ខាន់​ៗ វិនិយោគិន​ ព្រមទាំង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ស្វីស​ និង​អ៊ឺ​រ៉ុប​ផ្សេងទៀត​ផង​ដែរ​៕

ចំណេះដឹង​!​ ​តើ​អ្វីទៅ​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​?​

0

​ដោយ ​វុត្ថា

​ភ្នំ​ពេញៈ​ ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ជា​ក្រុម​នៃ​មនុស្ស​ ​ដែល​បាន​រួមគ្នា​នូវ​ចំណេះដឹង​ ​ដែល​ខ្លួន​មាន​យក​មក​បង្កើត​នូវ​អាជីវកម្ម​ ​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​។​ ​ហើយ​មាន​កិច្ច​ព្រមព្រៀង​ ​រវាង​សហកម្មសិទ្ធិ​ករ​ ​ទូទៅ​ជា​លាយលក្ខណ៍​អក្សរ​ ​ឬ​ជា​ផ្ទាល់មាត់​ ​ដោយមាន​ភាព​ជាក់លាក់​ ​ដូចជា​ ​នាម​ករណ៍​ ​អាសយដ្ឋាន​ ​ចំនួន​ទឹកប្រាក់​បណ្ដាក់ទុន​ ​និង​ការបែងចែក​នូវ​ប្រាក់ចំណេញ​។​ ​

​ក្រុមហ៊ុន​សហកម្មសិទ្ធិ​បែងចែក​ចេញ​ជា​ពីរ​ ​គឺ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ​ ​និង​ ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មានកម្រិត​។​
​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ​ ​តម្រូវឲ្យ​មាន​ម្ចាស់ភាគហ៊ុន​ចាប់ពី២នាក់​ឡើង​ទៅ​។​ ​តែបើ​មាន​ម្ចាស់​ហ៊ុន​តែម្នាក់​ ​នោះ​គឺជា​សហគ្រាស​ឯកបុគ្គល​។​ ​តាមធម្មតា​កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​សហ​កម្ម​សិ​ទិ្ធ​ទូទៅ​ ​អាច​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​ក៏បាន​ ​ឬក៏​ធ្វើ​ត្រឹមតែ​ផ្ទាល់មាត់​ក៏បាន​។​ ​ចំពោះ​ដើមទុន​ដែល​យក​មករ​ក​ស៊ី​ជាមួយគ្នា​ ​ក្នុង​ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ​នេះ​ ​គឺ​អាច​ជា​សាច់​លុយ​ក៏បាន​ ​ជា​ទ្រព្យសម្បត្តិ​ក៏បាន​ ​ឬក៏​ជា​ចំណេះដឹង​ ​ឬ​ជំនាញ​ក៏បាន​។​ ​

​រយៈពេល​នៃ​កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​នេះ​ ​អាច​ធ្វើឡើង​ដោយមាន​រយៈពេល​កំណត់​ក៏បាន​មិនកំណត់​ក៏បាន​។​ ​ចំពោះ​ការទទួលខុសត្រូវ​លើ​បំណុល​វិញ​ ​គឺជា​ការទទួលខុសត្រូវ​ដោយ​គ្មានកម្រិត​ ​មានន័យថា​នៅក្នុង​ករណី​ ​ដែល​ក្រុមហ៊ុន​ជំពាក់បំណុល​គេ​ ​ហើយ​ក្រុមហ៊ុន​មិន​មាន​លុយ​គ្រប់គ្រាន់​ ​ដើម្បី​សងបំណុល​នេះ​ទេ​ ​ម្ចាស់ភាគហ៊ុន​ត្រូវ​ចេញលុយ​ពី​ហោប៉ៅ​ខ្លួនឯង​ ​ដើម្បី​សងបំណុល​នេះ​។​ ​

​ម្ចាស់ភាគហ៊ុន​ម្នា​ក់ៗ​ ​ត្រូវ​រ៉ាប់រង​បំណុល​ ​ទៅតាម​សមាមាត្រ​នៃ​ចំណែក​ហ៊ុន​ ​ដែល​ខ្លួន​មាន​ ​នៅក្នុង​ក្រុមហ៊ុន​។​ ​ប៉ុន្តែ​មាន​ចំណុច​សំខាន់​មួយ​ ​ដែល​ត្រូវ​ចាប់អារម្មណ៍​ ​គឺ​នៅត្រង់​ថា​ ​ទោះបីជា​ម្ចាស់ភាគហ៊ុន​ម្នា​ក់ៗ​ ​ទទួលខុសត្រូវ​លើ​បំណុល​ ​ទៅតាម​ចំណែក​ហ៊ុន​របស់​ខ្លួន​ក៏ដោយ​ ​ក៏ប៉ុន្តែ​ក្នុងករណី​មាន​វិវាទ​រឿង​មិន​សងបំណុល​ ​ម្ចាស់បំណុល​អាច​ប្តឹង​ទាមទារ​បំណុល​ទាំងអស់​ពី​ម្ចាស់​ហ៊ុន​ណាមួយ​តែម្នាក់​ ​ដោយ​មិន​ចាំបាច់​ប្តឹង​ទាមទារ​ចំណែក​ពី​ម្ចាស់​ហ៊ុន​ម្នា​ក់ៗ​ដាច់​ពីគ្នា​ទេ​។​

​ក្នុងករណី​នេះ​ ​ម្ចាស់​ហ៊ុន​ណា​ ​ដែល​ត្រូវ​ម្ចាស់បំណុល​ប្តឹង​ ​គឺ​ត្រូវតែ​សងបំណុល​ទាំងអស់​តាម​បណ្តឹង​ ​គឺ​សង​ទាំង​ចំណែក​បំណុល​ខ្លួនឯង​ ​និង​ចំណែក​បំណុល​របស់​ម្ចាស់​ហ៊ុន​ផ្សេងទៀត​។​ ​រួចហើយ​គាត់​អាច​ទៅ​ទាមទារ​គិតគូរ​ ​ទូទាត់​ជាមួយ​ម្ចាស់​ហ៊ុន​ផ្សេងទៀត​ដោយខ្លួនឯង​។​

​ជាទូទៅ​ ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ​គេ​ច្រើន​បង្កើត​ឡើង​នៅក្នុង​អាជីវកម្ម​ជា​លក្ខណៈ​វិជ្ជាជីវៈ​ ​ដូចជា​ ​បង្កើត​គ្លីនិក​ពេទ្យ​ ​ការិយាល័យ​មេធាវី​ ​គណនេយ្យករ​ ​ស្ថាបត្យករ​ ​ឬក៏​កុងស៊ុល​តង់​ ​ជាដើម​។​ ​វា​មាន​លក្ខណៈ​ងាយស្រួល​នៅត្រង់​ថា​ ​ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​នេះ​ ​អាច​ចាប់ផ្តើម​ដំណើរការ​បាន​ដោយ​មិន​ទាមទារ​ដើមទុន​ច្រើន​។​ ​

​បើ​មាន​គ្នា​តែ​ពីរបី​នាក់​ ​មាន​កម្លាំង​ ​មាន​ពេលវេលា​ ​មាន​ជំនាញ​ ​មាន​ដើមទុន​ម្នា​ក់​បន្តិច​ៗ​ ​ល្មម​អាច​ចូលគ្នា​ ​ដើម្បី​ទិញ​ ​ឬ​ជួល​ទីតាំង​ ​និង​សម្ភារៈ​សំ​ខាន់​ៗ​ចាំបាច់​ ​គឺ​អាច​ចាប់ផ្តើម​ដំណើរការ​បង្កើត​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ​ដើម្បី​ប្រកប​អាជីវកម្ម​បាន​ ​ហើយក៏​មិន​តម្រូវឲ្យ​មាន​ឯកសារ​ច្បាប់​អ្វី​ស្មុគស្មាញ​ច្រើន​ដែរ​៕​

ក្រុមហ៊ុនដែកឥណ្ឌាបារម្ភអំពីការប្រកួតប្រជែងក្នុងតំបន់អាស៊ានបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់

0

ដោយ​ ដន

ភ្នំពេញៈ ស្របពេលមានការពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃតំបន់អាស៊ាន ដែលមានចូលរួមពីបណ្តាប្រទេសអាស៊ាន និងប្រទេសអាស៊ីប៉ាស៊ីហ្វិកសំខាន់ៗ ថ្នាក់ដឹកនាំនៅក្នុងវិស័យដែកថែបឥណ្ឌា បានបង្ហាញពីការព្រួយបារម្ភអំពីការប្រកួតប្រជែងនៃឧស្សាហកម្មរបស់ខ្លួន ខណៈប្រទេសចិនជំរុញឲ្យមានការបង្កើនផលិតកម្មដែក នៅតំបន់អាស៊ីអាគ្នេយ៍។


ថ្នាក់ដឹកនាំឧស្សាហកម្មដែកថែបឥណ្ឌាបាននិយាយថា ផលិតផលពីឧស្សាហកម្មនេះ គួរតែត្រូវបានគេដកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយសារតែសក្តានុពលរបស់ដៃគូប្រកួតប្រជែងមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន បានឈានឡើងទីផ្សារ និងធ្វើឲ្យឧស្សាហកម្មដែករបស់ប្រទេសនេះកាន់តែមានការប្រកួតប្រជែង។

ក្រុមហ៊ុនផលិតដែកថែបធំបំផុតរបស់ចិន Baowu Steel Group Corp ត្រូវបានគេរំពឹងថា នឹងក្លាយជាក្រុមហ៊ុនផលិតដែកថែបធំជាងគេនៅលើពិភពលោក ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ បន្ទាប់ពីមានការច្របាច់បញ្ចូលគ្នាជាមួយដៃគូប្រជែងចិនខ្លួន និងការពង្រីកខ្លួនចូលក្នុងប្រទេសកម្ពុជា។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនS&P Global បានព្យាករណ៍ថា ការប្របាច់បញ្ចូលគ្នានេះ រួមជាមួយផែនការពង្រីកនៅកម្ពុជា អាចនឹងធ្វើឱ្យក្រុមហ៊ុនក្លាយជាអ្នកផលិតដែកថែបធំបំផុតនៅលើពិភពលោក ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។

ឧស្សាហកម្មដែកថែបរបស់ឥណ្ឌា បានសម្តែងការព្រួយបារម្ភអំពីវត្តមានរបស់ចិននៅក្នុងការធ្វើឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចាប់ផ្តើមដោយចិនដែលហៅថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយប្រចាំតំបន់ (RCEP) ដែលនឹងធ្វើឲ្យឥណ្ឌាមានឱនភាពពាណិជ្ជកម្មដ៏ច្រើន ដោយរំពឹងទុកថានឹងមានចំនួន៥៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨-២០១៩។

ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយប្រចាំតំបន់ ដែលមានការចូលរួមពី១៦ប្រទេសត្រូវបានរៀបចំ ដែលប្រទេសទាំងនោះរួមមានបណ្តាប្រទេសអាស៊ានទាំងអស់ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrisonបានសន្យាថា នឹងជំរុញឲ្យពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែលនឹងដែលមិនរាប់បញ្ចូលអាមេរិក ខណៈកំណើនសេដ្ឋកិច្ចសកល ស្ថិតនៅក្រោមការគំរាមកំហែង ដោយសារតែផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន។

ជំនួយការសមាគមដែកថែបឥណ្ឌា (ISA) លោក Arnab Hazra បាននិយាយនៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍ថា “ដែកថែបឥណ្ឌាមិនបានទទួលផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ដែលមានស្រាប់ ហើយ RCEP នឹងបើកផ្លូវសម្រាប់ប្រទេសចិន”។

ក្រុមហ៊ុនផលិតដែកថែបចិន Baowu កំពុងវិភាគពីផែនការផ្លាស់ប្តូរទីតាំងឡដុតថ្មីមួយ និងឧបករណ៍បម្លែងពីរ ដើម្បីបង្វែរជាតិដែកទៅជាដែកថែបទៅប្រទេសកម្ពុជា។ ការផ្លាស់ប្តូរទីតាំងនឹងក្លាយជាភស្តុភារដ៏ធំមួយ។ គ្រឿងបរិក្ខារនឹងត្រូវបានដឹកជញ្ជូនចេញពីរោងចក្របិទទ្វារមួយនៅតំបន់Aksu នៅភាគពាយព្យនៃប្រទេសចិន ដែលមានចំងាយប្រហែល២,៤៨០ ម៉ាយពីរាជធានីភ្នំពេញ។

ផែនការច្របាច់បញ្ចូលគ្នា និងពង្រីកនេះត្រូវបានគេរំពឹងថា នឹងបង្កើនការផលិតដែកថែបរបស់ក្រុមហ៊ុនBaowu ដល់៩០លានតោនពោល គឺស្ថិតនៅក្រោមក្រុមហ៊ុន ArcelorMittal ដែលផលិតបាន៩២,៥ លានតោនកាលពីឆ្នាំមុន៕

វិស័យសំណង់នៅក្នុងខេត្តកែបចាប់ផ្តើមរីកដុះដាលបណ្តើរហើយ

0

ដោយវុត្ថា

ខេត្តកែបៈ មន្រ្តីជាន់ខ្ពស់សាលាខេត្តកែបបានអះអាងថា ជាមួយនឹងស្ថានការណ៍នយោ​បាយដ៏ល្អប្រសើរ ក្រោមការដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន ប្រទេសជាតិកាន់តែរីកចម្រើ​ន និងអភិវឌ្ឍថែមទៀត តម្លៃដីធ្លីកាន់តែមានតម្លៃខ្ពស់ ហើយវិស័យសំណង់នៅលើទឹកដីខេត្តកែប ក៏កាន់តែរីកដុះដាលជាបន្តបន្ទាប់។


លោកព្រុំ គន្ធិ អភិបាលរងខេត្តកែប នៅក្នុងសិក្ខាសាលាស្ដីពីការពង្រឹងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណ:លើវិស័យដីធ្លី និងសំណង់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩កន្លងមកបានឱ្យដឹងថា ជាក់ស្តែងក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ មានសំណង់លំនៅឋានប្រជាពរដ្ឋ កម្រិតក្រោម៣០០០ម៉ែត្រក្រឡា និងក្រោម៥០០ម៉ែត្រក្រឡា បានកើតឡើងរីកដុះដាលយ៉ាងច្រើន គួរឲ្យកត់សម្គាល់ និងក្រៅពីនេះក៏មានសំណង់អគារកម្ពស់ខ្ពស់ និងមធ្យមជាលើកដំបូងមានដាបន្តបន្ទាប់។

លោកបន្តថា ការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានបង្កើតរួចហើយនូវគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្ត ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជាសមាជិកអចិន្ត្រៃយ៍ និងលេខាធិការដ្ឋាន ព្រមទាំងបាន និងកំពុងធ្វើផែនការរៀបចំដែនដីខេត្ត និងបានធ្វើផែនទីកំណត់ព្រំប្រទល់ ផែនទីប្រើប្រាស់ដីបច្ចុប្បន្ន និងផែនទីហេដ្ឋារចនាសម្ព័ន សម្រាប់ក្រុង និងស្រុករួចរាល់ បានអនុម័តលើប្លង់ប្រើប្រាស់ដីនៅថ្នាក់ក្រុងកែប និងកំពុងកសាងប្លង់គោលប្រើប្រាស់ដី ស្រុកដំណាក់ចង្អើរទៀតផង។

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោកឱម សំអ៊ែលបានមានប្រសាសន៍ថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីកត់សម្គាល់ ក្នុងការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងសមត្ថភាពស្ថាប័ន ដែលត្រូវការចាំបាច់សម្រាប់អនុវត្តរបៀបវារៈកំណែទម្រង់ដីធ្លីរបស់ខ្លួន។

លោកបន្ថែមទៀតថា ទោះបីជាក្រសួងរៀបចំដែនដី បានបង្កើតយន្តការរឹងមាំលើវិស័យជាច្រើន មានដូចជា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ការចុះបញ្ជីដីជនជាតិដើម ដីសម្បទានសង្គមកិច្ច ក្របខ័ណ្ឌផ្សេងទៀត ដូចជាសម្រាប់ការគ្រប់គ្រងដីរដ្ឋ ត្រូវបានបង្កើតឡើង ក៏ការអនុវត្តនៅតែមិនបានពេញលេញនៅឡើយ ៕

ការ​អភិវឌ្ឍ​កាន់​តែ​ងាក​ទៅ​តំបន់​ជាយក្រុង​ដោយ​សារ​ការ​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​រដ្ឋាភិបាល​

0

ដោយ រ៉ាណេត

ភ្នំពេញល្បឿននៃការអភិវឌ្ឍ និងកំនើនប្រជាសាស្រ្តបានធ្វើឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននានា បានងាកចេញពីទីក្រុងដោយសារអស់ដីទំនេរ ហើយពួកគេបានឆ្ពោះទៅកាន់តំបន់់ជាយក្រុងកាន់តែច្រើន ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

តំបន់នៅជាយក្រុង ទីតាំងដែលមានសកម្មភាពអភិវឌ្ឍ និងមានតម្រូវប្រើប្រាស់ដីដើម្បីសាងសង់ជាអគារពាណិជ្ជ ឬសំណង់លំនៅដ្ឋាន ភាគច្រើនគឺស្ថិតនៅជាប់ ឬក្បែរផ្លូវជាតិទាំងអស់ ជាពិសេសច្រកទាំង៤ ដែលស្ថិតនៅក្នុងស្រុកចំនួន៤ផ្សេងគ្នា របស់ខេត្តកណ្តាល

ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ដែលស្ថិតនៅក្នុងខណ្ឌនានាចំណុះរាជធានីភ្នំពេញ បច្ចុប្បន្ននេះស្ទើរតែរកផ្ទៃដីទំនេរ សម្រាប់អភិវឌ្ឍគម្រោងធំបានទៀតហើយ ព្រោះតែក្រុមហ៊ុនអភវឌ្ឍលំនៅដ្ឋាន ក៏ដូចជាអភិវឌ្ឍវិស័យឧស្សាហកម្មនានាបានទិញសម្រាប់ដំណើរការគម្រោងរបស់ពួកគេ។ លោកបន្តទៀតថា នៅតាមតំបន់ជាយក្រុង ភាគច្រើន យើងឃើញមានការរីកដុះដាលទៅលើវិស័យសំណង់លំនៅដ្ឋាន និងគម្រោងឧស្សាហកម្មនានា ដូចជា រោងចក្រ សហគ្រាស និងឃ្លាំង ជាដើម។

លោកបានបន្តទៀតថា នៅពេលតំបន់ជាយក្រុងទាំងនេះមានតម្រូវការប្រើប្រាស់ដីកាន់តែច្រើន នោះវានឹងជំរុញឱ្យតំបន់ដែលស្ថិតនៅជាប់គ្នា ក៏មានសក្ដានុពលដែរ លោកបញ្ជាក់ថាដូចជានៅតំបន់ផ្លូវជាតិលេខ១ បច្ចុប្បន្នតម្រូវការនៃការប្រើប្រាស់ ដែលស្ថិតនៅក្នុងគម្រោងធំមួយចំនួន បានរុញច្រានទៅដល់តំបន់មួយចំនួននៃស្រុកកៀនស្វាយ ហើយតម្លៃក៏បន្តកើនឡើង

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal  លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋាន នៅតំបន់ជាយក្រុងក៏បានទទួលស្គាល់ទៅនឹងការលើកឡើងខាងលើនេះដែរ ដោយលោកបានមានប្រសាស៍ថា នៅពេលតំបន់កណ្តាកក្រុងកាន់តែមានការអភិវឌ្ឍ មនុស្សចូលមកធ្វើពាណិជ្ជកម្ម ឬជំនួញកាន់តែច្រើន វានឹងធ្វើឱ្យក្រុងកាន់តែពង្រីកវិសាលភាពរបស់ខ្លួន។ លោកបន្តទៀតថា នៅពេលក្រុងកាន់តែពង្រីកវិសាលភាពឱ្យកាន់តែទូលាយ នោះតំបន់ជាយក្រុងនឹងមានតម្រូវការអភិវឌ្ឈ។

លោកឧកញ៉ាបានបន្តទៀតថា ដោយសារការអភិវឌ្ឍមានសន្ទុះយ៉ាងលឿន បានជម្រុញតម្លៃដីនៅតំបន់ជាយក្រុងពិសេសតំបន់ស្ថិតតាមផ្លូវជាតិលេខ១មានការកើនឡើង

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ជាយក្រុងមិនមែនមានតែតំបន់ផ្លូវជាតិលេខ១នោះទេ ប៉ុន្តែនៅតាមបណ្តាផ្លូវដទៃទៀតក៏មានការអភិវឌ្ឍខ្លាំងដែរ។ នៅក្នុងចំណោមបណ្តាស្រុកនានា ដែលនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ ដូចជាតំបន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ជាពិសេសផ្លូវជាតិលេខ៦ ដែលកំពុងមានការអភិវឌ្ឍវិស័យលំនៅដ្ឋាន

លោកឧកញ៉ាបន្តទៀតថា នៅតាមបណ្តាស្រុក ដែលស្ថិតនៅជាប់ជាយរាជធានីភ្នំពេញ គឺសុទ្ធតែមានសក្ដានុពលទាំងអស់ ទាស់ត្រង់ថា វិស័យនៃតម្រូវការខុសគ្នា លោកបានបញ្ជាក់ថា សក្ដានុពលស្រុកទាំងអស់នេះមានភាពទាក់ទាញផ្សេងៗពីគ្នាទេ លោកបន្តថា តំបន់ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ និងតំបន់ផ្លូវជាតិលេខ៤ ក្នុងអង្គស្នួល និងតំបន់ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកពញាឮ មានភាពទាក់ទាញលើវិស័យចំនួនពីរ

ភាពទាក់ទាញ និងតម្រូវការនៃការប្រើប្រាស់ដើម្បីអភិវឌ្ឍគឺមានដូចជា នៅតាមផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល មានសក្ដានុពលលើវិស័យលំនៅដ្ឋាន (នៅជាយក្រុង) និងវិស័យឧស្សាហកម្ម ដោយសារតែមានភាពងាយស្រួលក្នុងការដឹកជញ្ជូន។

តំបន់តាមបណ្តោយផ្លូវជាតិលេខ៦A  គឺមានភាពអំណោយផលទៅលើវិស័យលំនៅដ្ឋានកម្រិតមធ្យម ខណៈដែលបច្ចុប្បន្ននេះ ឃើញមានក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានជាច្រើន បានសម្រុកទៅវិនិយោគនៅតំបន់នេះ ដែលក្នុងនោះក៏មានវត្តមានបុរីធំៗ និងល្បីឈ្មោះមួយចំនួនផងដែរ ដូចជា បុរីវិមានភ្នំពេញ ដែលស្ថិតនៅជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលី ហួរ ជាដើម ដោយឡែកតំបន់ផ្លូវជាតិលេខ ក៏កំពុងតែមានតម្រូវការលើវិស័យរោងចក្រ និងឃ្លាំងជាបណ្ដើរផងដែរ៕

កម្ពុជារំពឹងនឹងទាក់ទាញភ្ញៀវរាប់ពាន់នាក់មកចូលរួមពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី៣នៅពេលខាងមុខ

0

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមការងារឯកជនផ្នែកវិស័យនេះបានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវរាប់ពាន់នាក់មកចូលរួមពិព៌ណទេសចរណ៍ អន្តរជាតិលើកទី៣នាខែតុលាខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកសូ ម៉ារ៉ាសូបានមានប្រសាសន៍ឲ្យដឹងក្នុងពេលក្រសួង និងក្រុមហ៊ុនSlick Booth រៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ឆ្នាំ២០១៩ Cambodia Travel Mart (CTM 2019) ទៅដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិជាច្រើននាព្រឹកថ្ងៃទី១ កក្កដាកន្លងមកថា តាមការគ្រោងទុក ព្រឹត្តិការណ៍ CTM ២០១៩ នឹងមានការចូលរួមពីពីក្រុមហ៊ុន ឬទីភ្នាក់ងារទេសចរណ៍ ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។

លោកបន្តថា រីឯក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬហៅថាSeller នោះ គឺភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ាន។ ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីជំរុញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញទេសចរអន្តរជាតិឱ្យបាន៧លាននាក់ នៅឆ្នាំ២០២០ និង ១៥លាននាក់ នៅឆ្នាំ២០៣០។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១១-១៣ ខែតុលាខាងមុខ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Slick Booth

លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុន Slick Booth បានបញ្ជាក់ថា តាំងពីពេលបើកឱ្យមានការចុះឈ្មោះចូលរួមរហូតមកដល់ថ្ងៃនេះ មានក្រុមហ៊ុន Seller ចុះឈ្មោះទិញស្ដង់ប្រមាណ១០០ស្ដង់រួចហើយៗ នឹងបិទការទទួលចុះឈ្មោះនៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ រីឯក្រុមហ៊ុនជា Buyer ក៏នឹងបិទការទទួលចុះឈ្មោះនៅខែសីហា ខាងមុខនេះផងដែរ។

លោកក៏បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ មានចំណុចពិសេសៗជាច្រើនរួមមាន ទី១ ផ្ដល់ការបញ្ចុះតម្លៃពិសេសដល់ទៅ ២០% សម្រាប់ក្រុមហ៊ុន Seller ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃបើកទទួលការចុះឈ្មោះដំបូងរហូតដល់ថ្ងៃទី១៥ ខែកក្កដា។ ទី២ មានក្រុមហ៊ុន Buyer មកពីអន្តរជាតិ ក្នុងនោះ Buyer ថ្មីៗដល់ទៅប្រមាណ ៨០% នៃក្រុមហ៊ុន Buyer សរុប។

ទី៣ ទីតាំងពិព័រណ៍មានភាពអំណោយផល សម្រាប់ក្រុមហ៊ុនSeller ក្រុមហ៊ុន Buyer ភ្ញៀវជាតិ-អន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ និងទី៤ ក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ នឹងមានសកម្មភាពកម្មវិធីជាច្រើនសម្បូរបែប ដែលក្រុមហ៊ុន Seller ក្រុមហ៊ុន Buyer ភ្ញៀវជាតិ-អន្តរជាតិ អាចទទួលបានបទពិសោធន៍ថ្មីៗ។

សម្រាប់ឆ្នាំ២០១៩នេះ នឹងមានស្ដង់ពិព័រណ៍ចាប់ពី២០០-២៥០ស្ដង់ និងមានពន្លាមួយចំនួនទៀត សម្រាប់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ផងដែរ។ ក្រៅពីអ្នកលក់ និងអ្នកទិញ ព្រឹត្តិការណ៍CTM នេះក៏នឹងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង១៥០នាក់ ដែលមកពីអង្គភាពព័ត៌មានផ្សេងៗជុំវិញពិភពលោក។

ជាមួយគ្នានេះ លោកឱម ផារិន ក៏បានអំពាវនាវដល់ក្រុមហ៊ុនទេសចរណ៍ សមាគម ឬទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានា សូមចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ CTM 2019 នេះ ឱ្យបានច្រើនកុះករ ដើម្បីបង្កើនការលក់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬផលិតផលទេសចរណ៍របស់ខ្លួន៕