ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​បាន​ធ្វើឲ្យ​ផ្សា​រតូចៗ​ប្រឈម​នឹង​បញ្ហា​បាត់បង់​អតិថិជន​

0

ដោយៈ​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ប្រសិនជា​មិន​ការប្រែប្រួល​នោះ​ទេ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០ខាងមុខនេះ​ ផ្សារ​ទំនើប​ធំៗ​ចំនួន៩ទៀត​ នឹង​ត្រៀមខ្លួន​ចូល​មក​ដំណើរការ​នៅ​លើ​ទីផ្សារ​ ដែល​ធ្វើឲ្យ​ទីក្រុង​ភ្នំពេញ​ប្រឈមមុខនឹង​បញ្ហា​នៃ​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ឡើង​។

ការ​មកដល់​នៃ​ផ្សារ​ទំនើប​ AEON​ MALL1​, AEON​ MALL2​ និង​ការ​ដាក់​ឲ្យ​ដំនើ​រកា​រផ្សារ​ទំនើប​ធំៗ​មួយចំនួន​ទៀត​ ដូចជា​ផ្សារ​ MAKRO ​ជាដើម​ បាន​និង​កំពុង​ធ្វើឲ្យ​ផ្សារ​ទំនើប​តូច​ៗកំពុង​បាត់បង់​អតិថិជន​។

អ្នកដើរ​ផ្សារ​ទំនើប​តូច​ៗបាន​និយាយ​ថា​ ផ្សារ​ទំនើប​ដូច​ផា​រ៉ា​ហ្គ​នដ៏​ល្បី​មក​ពី​ប្រទេស​ថៃ​ ផ្សារ​បាយ័ន​ ផ្សារ​ទំនើប​សុវណ្ណា​ ស៊ី​ធី​ម៉​លជាដើម​ បាន​បាត់បង់​អតិថិជន​ ហើយ​តូប​មួយចំនួន​បាន​បិទទ្វារ​ ដោយសារ​អ្នកលក់​រាយ​បាន​បាត់បង់​អតិថិជន​ ធ្វើឲ្យ​ពួកគេ​មិន​អាច​រក​ផល​ចំណេញ​បាន​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី២​ កក្កដា​កន្លងមក​ថា​ ជាមួយ​នឹង​កំនើន​សេដ្ឋកិច្ច​ និង​ការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាជន​ បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​ចាប់​យក​ឳកាស​នេះ​ដើម្បី​ស្វែងរក​ផល​ចំណេញ​ ដោយសារ​ពួកគេ​រំពឹង​ថា​ការ​វិនិយោគ​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ​ ប៉ុន្តែ​ការពិត​ទីផ្សារ​នេះ​នៅ​តូច​នៅឡើយ​ ហើយ​អំណាច​នៃ​ការ​បញ្ជាទិញ​នៅ​មានកម្រិត​។

លោក​បន្ត​ថា​ “អ្នកមាន​លំដាប់​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ​ ពួកគេ​នៅតែ​និយម​ទិញទំនិញ​នៅ​បរទេស​ ហើយ​ពួកគេ​មិនទាន់​គាំទ្រ​ផលិតផល​នាំចូល​នៅឡើយ​ទេ​ ទោះជា​ផលិតផល​នោះ​មាន​ម៉ាក​សញ្ញា​និង​គុណភាព​ល្អ​ដូច​នៅ​ក្រៅប្រទេស​ក្តី​”។

លោក​ឧកញ៉ា​សៀ​ រិទ្ឋី​អគ្គនាយក​ក្រុមហ៊ុន ​World​ Bridge​ Land​ ដែល​បាន​វិនិយោគ​ផ្សារ​ទំនើប​ដោយខ្លួនឯង​ក្នុង​គំរោង​The​ Bridge​, និង​ក្នុង​គំរោង​ The​ PeAk​ នា​ពេល​អនាគត​ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មី​ៗនេះ​ផង​ដែរ​ថា​ វត្តមាន​ផលិត​ផលល្បីៗ​ ឬ Brand​ មក​ពី​បរទេស​មិនទាន់​ដល់ពេល​វេលា​នៅឡើយ​ ប៉ុន្តែ​ពួកគេ​នៅតែ​ចូល​មក​ ទោះបី​ពួកគេ​ដឹង​ថា​ទីផ្សារ​មិនទាន់​ល្អ​ក្តី​ ប៉ុន្តែ​គោលដៅ​របស់​ពួកគេ​ គឺ​ពង្រីក​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគេ​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​វា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ សម្រាប់​ផលិតផល​ Brand​ នៅ​កម្ពុជា​”។

​ទោះជា​ប្រឈម​នឹង​បញ្ហា​ ដែល​អំណាច​នៃ​ការ​បញ្ជាទិញ​មិនទាន់​កើនឡើង​ខ្លាំង​ក្តី​ ប៉ុន្តែ​ផ្សារ​ទំនើប​ចំនួន៩បាន​បើក​និង​ត្រៀម​បើកទ្វារ​ស្វាគមន៍​អតិថិជន​ ដែល​ផ្សារ​ទាំងនោះ​រួមមាន​ដូចជា​៖ ផ្សារ​ទំនើប​ Phnom​ Penh​ Mega​ Mall​, The​ Olympia​ Mall​, Chip​ Mong​ Baktouk​ CC​, WB​ Arena​, The​ Park​, The​ Point​, Noro​ Mall​, The​ Bridge​, និង​ Midtown​-mall​។

អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន ​CBRE​ Cambodia ​កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​មានប្រសាសន៍​ឲ្យ​ដឹងា​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នៅ​ឆ្នាំ២០១៩នេះ​ ទំហំ​នៃ​ផ្ទៃក្រឡា​សម្រាប់​ដាក់​លក់រាយ​ នៅក្នុង​បណ្តា​ផ្សារ​ទំនើប​នៅ​កម្ពុជា​ មាន​កំណើន​រហូតដល់​ចំនួន៣៤៨​,០០០​ ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ២០១៨​ ផ្ទៃក្រឡា​សម្រាប់​ទីតាំង​ លក់រាយ​មាន​ចំនួន​ត្រឹមតែ២៨២​,០០០​ ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

​កញ្ញា​បន្ត​ថា​ “ការ​កើនឡើង​ផ្សារ​ទំនើប​យ៉ាងច្រើន​នៅ​ឆ្នាំ២០១៩នេះ​ មួយភាគធំ​គឺជា​ផ្នែក​ដែល​បន្សល់​ ពី​គម្រោង​ចាស់​ដែល​មិនទាន់​បញ្ចប់​រួចរាល់​កាលពី​ឆ្នាំ២០១៨​”។

យោង​តាម​របាយការណ៍​របស់​ CBRE ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ នៅ​ឆ្នាំ២០១៨កន្លងមក​នេះ​ កំណើន​នៃ​ចំនួន​ម៉ាក​ផលិតផល​ថ្មី​បាន​កើនឡើង​ តាមរយៈ​ទីផ្សារ​ទំនើប​រហូតដល់៦៥ម៉ាក​ ខណៈ​ឆ្នាំ២០១៧​ ដែល​មាន​ត្រឹម២៩ម៉ាក​។ ផលិត​ផលល្បីៗ​ដែល​នាំចូល​ ភាគច្រើន​ជា​ប្រភេទ​ចំណីអាហារ​ និង​ភេសជ្ជៈ​ និង​ត្រូវ​បាន​នាំចូល​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​មួយ​ចំណែក​តូច​ត្រូវ​បាន​នាំចូល​មក​ពី​ប៉ែក​អឺរ៉ុប​ ដូចជា​សម្ភារៈ​ប្រើប្រាស់​ និង​សម្លៀកបំពាក់​ជាដើម​។

ទោះជាយ៉ាងណា​អ្នកនាង​អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ នៅតែ​មាន​សុទិដ្ឋិនិយម​ ដោយ​អ្នកនាង​បាន​មានប្រសាសន៍​ថា​ ការ​កើនឡើង​នៃ​ផ្សារ​ទំនើប​កាលពី​ឆ្នាំមុន​ មិនទាន់​បាន​ធ្វើឲ្យ​ទីផ្សារ​នេះ​លើស​តម្រូវការ​នៅឡើយ​ទេ​ ប៉ុន្តែ​អ្នកនាង​បាន​ព្រមាន​ថា​ ប្រសិនជា​ឆ្នាំ​បន្តបន្ទាប់​វត្តមាន​ផ្សារ​ទំនើប​កើនឡើង​ច្រើន​ដូច​ឆ្នាំ២០១៨​ ចំនួន​នៃ​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​ ធៀប​នឹង​តម្រូវការ​អាច​មាន​បញ្ហា​”។

អ្នកនាង​បន្ត​ថា​ “ការ​វិនិយោគ​លើ​ផ្សារ​ទំនើប​ បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​អាច​ទាញ​ផល​ចំណេញ​ពី​ផ្នែក​នេះ​ត្រលប់​មកវិញ​បាន​ខ្ពស់​ ប៉ុន្តែ​អ្នក​វិនិយោគ​ត្រូវការ​ធ្វើការ​កែ​លំ​អរ​ឲ្យ​ផ្សារ​របស់​ខ្លួន​មាន​ភាព​ទាក់ទាញ​រៀងរាល់៥ឆ្នាំ​ម្តង​”។

ការ​កើនឡើង​នៃ​វត្តមាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ ប៉ុន្តែ​ទីផ្សារ​នេះ​មិនទាន់​មានការ​ធ្វើ​ពិពិធ​កម្ម​នៅឡើយ​។

អតីត​អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​ លោក​ស៊ឹង​ ប៊ុណ្ណា​ធ្លាប់​បាន​ថ្លែង​ថា​ វត្តមាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ អាច​ធ្វើឲ្យ​ទីផ្សារ​នេះ​លើស​តម្រូវការ​ ប៉ុន្តែ​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​នេះ​ អ្នក​វិនិយោគ​គួរ​ធ្វើឲ្យ​ទីផ្សារ​របស់​ខ្លួន​មាន​ភាព​ទាក់ទាញ​ ដោយធ្វើ​យ៉ាងណា​ឲ្យ​មាន​ផ្សារ​លក់​ផលិតផល​តែមួយ​ផ្តាច់​មុខ​ ឧទាហរណ៍​ផ្សារ​មួយ​លក់​តែ​សម្លៀកបំពាក់​ ផ្សារ​មួយ​លក់​តែ​គ្រឿង​អេ​ឡិក​ត្រូ​និក​ ដើម្បីឲ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ និង​ដឹងពី​ទីតាំង​ពិតប្រាកដ​ ដែល​ពួកគេ​អាច​ទៅ​រក​ទិញ​ផលិតផល​ណាមួយ​បាន​ ដោយ​មិន​ចាំបាច់​ទៅកាន់​កន្លែង​ដទៃទៀត​៕

ខ័ណ្ឌ​ដូនពេញ​បន្ត​ទាក់ទាញ​ការចាប់អារម្មណ៍​ជាមួយ​តម្លៃ​ដីធ្លី​ខ្ពស់​ជាងគេ​

0

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ បាន​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​លឿន​ ដូចជា​សំណង់​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​ បាន​ជម្រុ​ញឱ្យ​តម្លៃ​ដី​មាន​កំណើន​ខ្ពស់​ ជាពិសេស​នៅក្នុង​ខណ្ឌដូនពេញ​ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ មានកម្រិត​ខ្ពស់​ជាងគេ​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ខណ្ឌ​មួយចំនួន​ដែល​ស្ថិត​ជាប់គ្នា​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌដូនពេញ​ គឺ​មានកម្រិត​ខ្ពស់​ ប៉ុន្តែ​មិនមែន​ស្មើគ្នា​គ្រប់តំបន់​នោះ​ទេ​ ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ទីតាំង​ពាណិជ្ជកម្ម​ពិសេស​ ទំហំ​ និង​ស្ថានភាព​ផ្លូវ​ផង​ដែរ​ថា​។លោក​ថា​ ចំពោះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូវ​ និង​មហាវិថី​សំ​ខាន់​ៗក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​តម្លៃ​ខុស​ៗពីគ្នា​ ហើយក៏​មិនសូវ​មានការ​ទិញ​លក់​យ៉ាង​គគ្រឹកគគ្រេង​ ដូច​ដី​នៅ​តំបន់​ផ្សេងទៀត​នោះ​ដែរ​ រហូត​ត្រូវ​បាន​អ្នកជំនួញ​លើ​វិស័យ​មួយ​នេះ​ចាត់ទុកថា​ ជា​តំបន់​ដី​កម្រ​។

ជាក់ស្ដែង​ដូចជា​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ ដោយ​រាប់​គិត​ត្រឹមតែ​ពី​ម្ដុំ​ផ្សារថ្មី​មកដល់​តំបន់​ពេទ្យ​ចិន​ អាច​មានតម្លៃ​ចន្លោះ​ពី៥​,០០០​ ទៅ៦​,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ប្រសិនបើ​នៅ​កាន់​កៀ​គនឹង​តំបន់​ផ្សារ​ធំ​ថ្មី​ ឬជុំវិញ​ផ្សារថ្មី​កាន់តែ​មានតម្លៃ​ថ្លៃជាង​នេះ​។

ដោយឡែក​សម្រាប់​ដី​នៅក្នុង​ខណ្ឌដូនពេញ​រួមគ្នា​ ប៉ុន្តែ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​វិញ​ ត្រូវ​បាន​លោក​ ស៊ា​ ឆៃ​លីន​ នាយក​ក្រុម​ហ៊ុន​ឆៃ​លីន​ ស៊ា​ រៀល​ធី​ ខូ​អីល​ធី​ឌី​ប្រាប់​ឱ្យ​ដឹង​ថា​ ខ័ណ្ឌ​ដូនពេញ​តម្លៃ​ដី​ហាក់​មាន​ភាព​ខ្ពស់​ជាង​ នៅ​តាម​បណ្តា​ផ្លូវ​ធំ​មួយចំនួន​ទៀត​។ លោក​បាន​បញ្ជាក់​ថា​ ដី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ចាប់ពី​វិមានឯករាជ្យ​ ឆ្ពោះ​មកកាន់​តំបន់​វត្តភ្នំ​ពេញ​ គឺ​មិន​មាន​ដី​ទំនេរ​នោះ​ទេ​ ដែល​សូម្បី​ដី​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ជា​អគារ​ពាណិជ្ជកម្ម​ត្រឹម​ទំហំ១ហិ​កតា​ ក៏​ស្ទើរតែ​រក​មិនបាន​ផង​។

លោ​កបន្ថា​ តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​នេះ​ មានកម្រិត​ខ្ពស់​ជាក់ស្ដែង​ត្រឹម​ដី​ទំហំ២​,០០០​ ម៉ែត្រការ៉េ​ចុះក្រោម​ អាច​មានតម្លៃ​រហូតដល់៨០០០ដុល្លារ​ ឬអាច​ឈាន​ដល់១០​,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ តម្លៃ​ដីធ្លី​ខ្ពស់​ឬទាប​ វា​អាស្រ័យ​ទៅលើ​ទីតាំង​ ដែល​អាច​មាន​ភាព​អំណោយផល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​៕

ចំណេះដឹង​! តើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​លក្ខណៈ​ដូចម្តេច​?

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ គឺជា​ការ​ប្រមូល​ផ្តុំ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ ទីផ្សារ​ហិរញ្ញវត្ថុ​ ច្បាប់​ គតិ​យុត្ត​ និង​យុទ្ធ​វី​ធី​ផ្សេង​ៗ ដែល​សញ្ញាប័ណ្ណ​ ប័ណ្ណ​ភាគហ៊ុន​ និង​មូលបត្រ​ដទៃទៀត​ត្រូវ​បាន​គេ​ធ្វើ​ពាណិជ្ជកម្ម​។ អត្រា​ការប្រាក់​ត្រូវ​បាន​គេ​កំណត់​ សេវា​ហិរញ្ញវត្ថុ​ត្រូវ​បាន​គេ​បង្កើត​ និង​ចែកចាយ​យ៉ាង​ទូលំទូលាយ​។

នៅក្នុង​សង្គម​ទំនើប​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ណាស់​។ ភារកិច្ច​សំខាន់​របស់​វា​គឺ​ផ្ទេរ​មូលនិធិ​កម្ចី​ពី​អ្នក​សន្សំ​ទៅ​ឲ្យ​អ្នកខ្ចី​ ដើម្បី​ទិញទំនិញ​និង​សេវា​កម្ម​ផ្សេង​ៗ ហើយ​ និង​វិនិយោគ​លើ​សម្ភារៈ​បរិ​ក្ខា​ថ្មី​ៗដូចជា​ រោងចក្រ​ សហគ្រាស​ ដែល​ធ្វើឲ្យ​សេដ្ឋ​ កិច្ច​លូតលាស់​ និង​បង្កើន​ស្តង់ដារ​នៃ​ការរស់នៅ​របស់​ពលរដ្ឋ​នៅក្នុង​សង្គម​។

បើ​គ្មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ការ​ផ្គត់ផ្គង់​មូលនិធិ​កម្ចី​ទេ​នោះ​ កម្រិតជីវភាព​របស់​ពលរដ្ឋ​ សេដ្ឋកិច្ច​ជាតិ​ និង​ពិភពលោក​ក៏​មានការ​លូតលាស់​តិចតួច​ផង​ដែរ​។

ប្រព័ន្ធ​ហិរញ្ញវត្ថុ​កំណត់​ទាំងពីរ​ គឺ​ការ​ចំណាយ​ និង​បរិមាណ​របស់​មូលនិធិ​ ដែល​អាច​មាននៅ​ក្នុង​សេដ្ឋកិច្ច​ ដើម្បី​ទូទាត់​ទំនិញ​និង​សេវាកម្ម​រាប់ពាន់​មុខ​ ដែល​យើង​បាន​ទិញ​ជា​រៀងរាល់​ថ្ងែ​។ សមតុល្យ​មាន​សារសំខាន់​ណាស់​នៅក្នុង​សេដ្ឋកិច្ច​ អ្វី​ដែល​កើតឡើង​នៅក្នុង​ប្រព័ន្ធ​នេះ​ វា​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​សេដ្ឋកិច្ច​ទាំងមូល​ ដូចជា​ នៅពេល​ដែល​មូលនិធិ​មាន​កាន់តែ​តិចតួច​ និង​មានការ​ចំណាយ​កាន់តែ​ខ្ពស់​ឡើង​ៗ នោះ​ការ​ចំណាយ​សម្រាប់​ទំនិញ​និង​សេវាកម្ម​ធ្លាក់ចុះ​។

ជា​លទ្ធផល​ និកម្មភាព​កើនឡើង​ បណ្តាល​ឲ្យ​សេដ្ឋកិច្ច​មានការ​កើនឡើង​យ៉ា​ងយឺ​តៗ​ នៅពេល​ដែល​ធុរកិច្ច​ទាំងឡាយ​កាត់បន្ថយ​ផលិតកម្ម​ និង​កម្មករ​។ ផ្ទុយទៅវិញ​ នៅពេល​ដែល​ការ​ចំណាយ​លើ​មូលនិធិ​ធ្លាក់ចុះ​ និង​មូលនិធិ​កម្ចី​មាន​យ៉ាងច្រើន​ នោះ​ការ​ចំណាយ​នៅក្នុង​សេដ្ឋកិច្ច​កើនឡើង​ និង​សេដ្ឋកិច្ច​កើនឡើង​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។ ជា​ការពិត​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ធ្វើស​មា​ហរ​ណកម្ម​ របស់​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល​៕

សេដ្ឋកិច្ច​របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ផ្តើម​ហក់​ឡើងវិញ​ក្នុង​ដើមឆ្នាំ​នេះ​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​ នៅក្នុង​តំបន់​អាស៊ាន​ គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ (GDP​) បាន​កើនឡើង៥​,១ភាគរយ​ ក្នុង​ទី​ត្រីមាស​ទី១បើ​ធៀប​ទៅ​ត្រីមាស​មុន​មា​នកំនើន​តែ​ប្រមាណ៤​,៩ ភាគរយ​ ។

យោង​តាម​របាយការណ៍​របស់​ ធនាគារពិភពលោក​ (World​ Bank​)ស្តី​ពី​ សេ​កិច្ច​របស់​ឥណ្ឌូ​នេ​ស៊ី​ ចេញផ្សាយ​កាលពីដើម​សប្តាហ៍​នេះ​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅតែ​មាន​ភាព​រឹង​ ដែល​អាច​ជួយ​កាត់បន្ថយ​ភាព​ក្រី​ក្រី​ឱ្យ​នៅ​កម្រិត
៩​,៧ភាគរយ​ បើ​ទោះ​មាន​បញ្ហា​សេដ្ឋកិច្ច​ខ្លះ​នៅក្នុង​ឆ្នាំ២០១៨ក៏ដោយ​។

លោក​ Rodrigo​ A. Chaves​ នាយក​ធនាគារពិភពលោក​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បានឱ្យ​ដឹង​ថា​ ដើម្បី​រក្សា​នៅ​កំណើន​នេះ​ឱ្យ​បាន​យូ​អង្វែង​ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ត្រូវតែ​ពង្រឹង​ និង​កំណែទម្រង់​បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ពង្រឹង​លើ​គោលនយោបាយ​ហិរញ្ញវត្ថុ​ និង​សារពើពន្ធ​ឱ្យ​បាន​រឹង​មុំា​។

សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​កើនឡើង​ប្រមាណ៥.១ភាគរយ​នៅ​ឆ្នាំ២០១៩នេះ​ និង​កើនឡើង​ប្រមាណ៥.២ភាគរយ​ នៅក្នុង​ឆ្នាំ២០២០​ ដោយសារ​កត្តា​ការ​គំា​ទ្រ​ ការ​ពី​ការ​ចំណាយ​របស់​វិស័យ​ឯកជន​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​កើនឡើង​ ខណៈ​អតិផរណា​នៅ​មានកម្រិត​ទាប​ហើយ​ទីផ្សារ​ពលកម្ម​រឹងមាំ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ World​ Bank​ បានឱ្យ​ដឹង​ថា​ ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នា​ពេលនេះ​ ស្រប​ពេល​ដែល​មានការ​កើនឡើង​នូវ​ភាព​តានតឹង​ថ្មី​នៅ​លើ​ពិភពលោក​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ពិភពលោក​។

លោកស្រី​ Ann​ Jeannette​ Glauber​ អ្នកគ្រប់គ្រង​ផ្នែក​អនុវត្តន៍​ធនាគារពិភពលោក​សម្រាប់​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​បានឱ្យ​ដឹង​ដែរ​ថា​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​រីកចម្រើន​នៅក្នុង​តំបន់​ និង​ពិភពលោក​៕

វិធានការ​ក្ដៅ​៖ អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​ ផ្អាក​ការដ្ឋាន​សំណង់​ ៣កន្លែង​

0

​ដោយ ​វុត្ថា

​ព្រះសីហនុ​៖ លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​ បាន​ចុះ​ផ្អាក​ការដ្ឋាន​សំណង់​គ្រោង​ដែក​ ៣ទីតាំង​ ស្ថិតនៅ​ភូមិ២​ សង្កាត់​លេខ៤​ ក្រុង​ព្រះ​ សីហនុ​ ។

លោក​ គួច​ ចំរើន​ នៅពេល​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​នា​ថ្ងៃទី​ ២ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ធ្វើការ​ការណែនាំ​ឱ្យ​មេការ​សំណង់​នៅក្នុង​ការ​ ដ្ឋាន​ បញ្ឍប់​សកម្មភាព​សាង​សង​ចាប់ពី​ពេលនេះ​តទៅ​ ទុក​ឱ្យ​ក្រុមការងារ​បច្ចេក​ ទេស​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​រួច​ រាល់​សិន​ ទើប​អាច​ឱ្យ​ដំណើរការ​សាងសង់​បន្ត​ ប្រសិនបើ​ការ​ដ្ឋាន​ណាមូ​យនៅតែ​បន្ត​ សកម្មភាព​សាងសង់​បន្ត​ទៀត​ ម្ចាស់ការ​ដ្ឋាន​នោះ​មិន​គោរព​តាម​ការណែនាំ​របស់​មន្ត្រី​សាធារណៈ​ ចុះ​ណែនាំ​ ។

លោក​ ក៍​បាន​ពិនិត្យមើល​អាហារដ្ឋាន​ជនជាតិ​ជប៉ុន​ ដែល​សំណង់​អគារ​កម្ពស់​ ៧ជាន់​ ដួល​រលំ​សង្កត់​លើ​ បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង​កាលពី​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងមក​ ។ លោក​អភិបាលខេត្ត​ ក៍​បាន​ធ្វើការ​ណែ​ នាំ​ឱ្យ​មន្ត្រី​ជំនាញ​ជួយ​សម្រួល​ និង​ពន្លឿន​ឱ្យ​គាត់​សាងសង់​សំណង់​ឈើ​ផ្នែក​ខាង​ មុខ​ឡើងវិញ​ ដោយឡែក​សំណង់​ថ្ម​នៅ​ពី​ខាងក្រោយ​ ត្រូវ​សុំច្បាប់​សាងសង់​តាមផ្លូវ​ច្បាប់​ ។

សម្តេច​ក្រឡាហោម​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរតំណែង​អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​កន្លងមក​នេះ​បាន​ជំរុញ​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​ លោក​គួច​ ចំរើន​ ចាត់វិធានការ​លើ​សំណង់​ដែល​គ្មាន​ច្បាប់​ និង​សំណង់​ខុស​បច្ចេកទេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ឱ្យ​បាន​ម៉ឺងម៉ាត់​ និង​ស្រប​ទៅតាមច្បាប់​របស់​កម្ពុជា​៕

ក្រុមហ៊ុន​យក្ស​ថៃ​កំពុង​ត្រៀម​បើកហាង​លក់ទំនិញ​របស់​ខ្លួន​ចំនួន ៧០០កន្លែងនៅ​កម្ពុជា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ CP​ All​ Plc​ ដែល​បាន​ចុះបញ្ជី​នៅ​ថៃ​បាន​ប្រកាស​អំពី​ផែនការ​បើកហាង​ទំនិញ​ខ្នាត​តូច​ចំនួន ៧០០​កន្លែងនៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ផ្សារ​មូលបត្រ​ថៃ​ (SET​) បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​។

ក្រុមហ៊ុន​យក្ស​ថៃ​បាន​និយាយ​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ចរចា​ លើ​កិច្ច​ព្រមព្រៀង​ទិញ​សិទ្ធិ​ ដែល​នឹង​នាំ​យក​ហាងទំនិញ 7​-eleven​ មកកាន់​កម្ពុជា​។

របាយការណ៍​របស់​ក្រុមហ៊ុន​វិនិយោគទុន​ថៃ​ I V Global​ Securities​ បាន​ឲ្យដឹង​ថា​ “ក្រុមហ៊ុន​ CPALL​ កំពុង​រង់ចាំ​ការ​ពន្លឿន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មេ​ ដើម្បី​បើកហាង​នៅ​ឡាវ​ និង​កម្ពុជា​”។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យដឹង​ថា​ “ផ្អែក​តាម​ការស្ទង់មតិ​ទីផ្សារ​ និង​ការ​ប៉ាន់ប្រមាណ​បឋម​របស់​ក្រុមហ៊ុន​ គឺ​យើង​នឹង​បើកហាង​នេះ​ឲ្យបាន​ចំនួន​ហាង៧០០កន្លែងនៅ​កម្ពុជា​ និង​ចំនួន​ហាង៥០០កន្លែងនៅ​ឡាវ​ គ្រោង​នឹង​បើក​នៅពេល​ខាងមុខ​”។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​កើនឡើង ០​,៨២ដុល្លារ​ កាលពី​ម្សិលមិញ​បន្ទាប់ពី​សេចក្តី​ប្រកាស​នេះ​។

ក្រុមហ៊ុន ​CP​ ទាំងអស់​ដំណើរការ​ហាងទំនិញ១១​,០០០​ កន្លែង​ ក្រោម​ស្លាកយីហោ​ 7-eleven ​នៅ​ថៃ​ ដែល​មាន​អតិថិជន​ជាមធ្យម១១​,៨ លាន​នាក់​ជា​រៀងរាល់ថ្ងៃ​។ ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​ពី​ក្រុមហ៊ុន​ 7-Eleven​ Inc​ នៅ​សហរដ្ឋអាមេរិក​ក្រោម​កិច្ច​ព្រមព្រៀង​អាជ្ញាប័ណ្ណ​ប្រចាំ​តំបន់​កាលពី​ឆ្នាំ​ ១៩៨៩​។ ក្រុមហ៊ុនមេ​នេះ​គឺជា​ក្រុមហ៊ុន​ដែល​មានតម្លៃ ៦៣ពាន់​លាន​ដុល្លារ​។

យោង​តាម​របាយការណ៍​របស់​ធនាគរ​ជាតិ​នៃ​កម្ពុជា​ ដែល​បាន​ចេញផ្សាយ​នៅ​ឆ្នាំនេះ​បាន​ឲ្យដឹង​ថា​ ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ៥​ ក្នុងចំណោម​ប្រទេស​ទាំង៥​ ដែល​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI​) ចូល​មក​កម្ពុជា​។

បន្ទាប់ពី​ប្រកាស​នាំចូល​នូវ​ហាង​ 7-Eleven ​មក​កម្ពុជា​ប្រទេស​ថៃ​ បាន​ជាប់​ចំណាត់ថ្នាក់​ទី៥ភ្លាម​ បន្ទាប់ពី​ប្រទេស​ជប៉ុន​៕

តើ​អ្វី​នៅ​ពីក្រោយ​នៃ​ភាព​​វឹកវរ​ដែល​កំពុង​កើតមាន​នៅ​ទីក្រុង​ហុងកុង​?

0

ដោយ​ Donald​ Lee​

ហុង​កុងៈ​ ក្រុម​អ្នក​តវ៉ា​បាន​វាយលុក​ និង​គ្រប់គ្រង​អាគារ​ការិយាល័យ​រដ្ឋាភិបាល​ក្រុង​ហុងកុង​ ដើម្បី​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​ ដែល​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​កាលពីយប់មិញ​ នៅ​ខួប​លើក​ទី​ ២២​ នៃ​ការ​វិលត្រឡប់​របស់​អតីត​អាណានិគម​អង់គ្លេស​ មកកាន់​ការគ្រប់គ្រង​របស់​ចិន​វិញ​។

ក្រុម​អ្នក​តវ៉ា​ប្រមាណ ៥០ម៉ឺន​នាក់​ បាន​ចូលក្នុង​ការិយាល័យ​នីតិប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ ដោយ​កម្ទេច​កុំព្យូទ័រ​ និង​បាញ់ថ្នាំ​ជា​គំនូស​ថា​ “ការ​ប្រឆាំង​ការ​ធ្វើ​បត្យាប័ន​” នៅ​លើ​ជញ្ជាំង​ដែល​ធ្វើឲ្យ​អគារ​នេះ​បិទ​នៅ​ថ្ងៃនេះ​។

ក្រុម​ប៉ូលិស​បាន​បាញ់កាំភ្លើង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​លើ​ក្រុម​អ្នក​តវ៉ា​ ហើយ​បាន​បោសសំអាត​ក្រុម​អ្នក​តវ៉ា​ តាម​ដងផ្លូវ​នៅពេល​ព្រះអាទិត្យ​បាន​រះ​នៅ​ព្រឹក​នេះ​។ មនុស្ស​ជិត​កន្លះ​លាន​នាក់​បាន​ចូលរួម​ការ​តវ៉ា​នៅ​តាម​ដងផ្លូវ​ហុងកុង​ ដោយសារ​អំពើ​ហិង្សា​បាន​កើតឡើង​រវាង​អ្នក​តវ៉ា​ និង​អាជ្ញាធរ​។

លោកស្រី​ Carrie​ Lam​ អភិបាលក្រុង​ហុងកុង​បាន​ថ្លែង​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ “នេះ​ជា​អ្វី​ដែល​យើង​គួរ​ផ្តន្ទា​ទោស​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​គ្មានអ្វី​សំខាន់​ជាង​នីតិរដ្ឋ​នៅ​ហុងកុង​”។លោកស្រី​បាន​បន្ត​ថា​ “ខ្ញុំ​សង្ឃឹមថា​សហគមន៍​ទាំងមូល​ នឹង​យល់ស្រប​ជាមួយ​យើង​ថា​ ជាមួយនឹង​អំពើ​ហិង្សា​ទាំងនេះ​ ដែល​យើង​បានឃើញ​វា​ជា​ការត្រឹមត្រូវ​សម្រាប់​យើង​ដើម្បី​ថ្កោលទោស​ ហើយ​សង្ឃឹមថា​ សង្គម​នឹង​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ឲ្យបាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​”

ពលរដ្ឋ​ហុងកុង​រាប់​លាន​នាក់​ បាន​ប្រមូល​ផ្តុំគ្នា​នៅ​តាម​ដងផ្លូវ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ ដើម្បី​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​ ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចិន​ឃាត់ខ្លួន​ប្រជាជន​ចិនដីគោក​ ដើម្បី​ប្រឈម​នឹង​ការ​កាត់ទោស​នៅក្នុង​តុលាការ​ ដែល​គាំទ្រ​ដោយ​បក្ស​កុម្មុយនិស្ត​។

ច្បាប់​នេះ​បាន​ធ្វើឲ្យខូច​ខាត​ដល់​ភាព​ស្របច្បាប់​ នៃ​រដ្ឋបាល​ដែល​មាន​អាយុ៣ឆ្នាំ​របស់​លោ​ស្រី​ Lam​ ហើយ​បាន​បង្ខំ​នាង​ឲ្យ​ផ្អាក​ការ​អនុម័ត​ច្បាប់​។ ក្រុម​អ្នក​តវ៉ា​បាន​សន្យា​ថា​ “នឹង​ប្រយុទ្ធ​ប្រឆាំង​រហូតដល់​ច្បាប់​បត្យាប័ន​ត្រូវ​បាន​ដក​ ហើយ​លោកស្រី​Lam​ លាលែង​ពី​តំណែង​”។

សារព័ត៌មាន​ Global​ Times​ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន​បាន​ចេញផ្សាយ​អត្ថបទ​មួយ​ដែល​រិះគន់​ក្រុម​អ្នក​តវ៉ា​នៅ​ថ្ងៃនេះ​។

អត្ថបទ​នេះ​បាន​ឲ្យដឹង​ថា​ “ដោយសារតែ​ភាព​ក្រអឺតក្រទម​ និង​ងងឹតងងល់​របស់​អ្នក​តវ៉ា​បាន​បង្ហាញ​ពី​ការ​មិន​គោរពច្បាប់​ និង​សណ្តាប់​ធ្នាប់​”។

បណ្តាញ​សង្គម​ចិន​មាន​កំហឹង​យ៉ាង​ខ្លាំង​ ជាមួយនឹង​អ្នកធ្វើ​អត្ថា​ធិប្បាយ​ទាំង​ដែល​ពេញចិត្ត​ និង​រិះគន់​ព្រឹត្តិ​ការណ៍​ដែល​បាន​កើតឡើង​កាលពីយប់មិញ​។

សមាជិក​នៃ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Weibo​ មួយ​បាន​សរសេរ​ថា​ “ហុងកុង​បង្ហាញថា​ ប្រទេស​ចិន​មិន​អាច​ធ្វើតាម​ប្រព័ន្ធ​ នយោបាយ​របស់​លោកខាងលិច​បានទេ​។ វា​ជា​ការ​ងាយស្រួល​ពេក​ ដើម្បី​ត្រូវ​បាន​គេ​គ្រប់គ្រង​ និង​នាំមក​នូវ​ភាព​វឹកវរ​”។

យប់​នៃ​ភាព​វឹកវរ​បាន​គាំទ្រ​ដល់​គោលនយោបាយ​ “ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​” របស់​ចិន​តាមរបៀប​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ ហើយ​មនុស្សជា​ច្រើន​ភ័យខ្លាច​ថា​ រដ្ឋាភិបាល​ចិន​ នឹង​បង្កើន​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​ការគ្រប់គ្រង​ពេញលេញ​។

តៃវ៉ាន់​ដែល​ជា​កោះ​ដែល​គ្រប់គ្រង​ដោយខ្លួនឯង​ នៅ​តាម​ឆ្នេរសមុទ្រ​ចិន​បាន​បន្ដ​ជំទាស់​គ្រប់​ជំហាន​ឆ្ពោះទៅ​រកគោ​លន​យោ​បាយ​ “ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​” និង​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ពួក​អ្នក​តវ៉ា​ហុងកុង​។

រដ្ឋមន្រ្តី​កិច្ចការ​បរទេស​របស់​កោះ​តៃវ៉ាន់​លោក​ Joseph​ Wu​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “នៅ​ខួប​លើក​ទី២២​ នៃ​ការ​ប្រគល់​ហុងកុង​ ប្រជាពលរដ្ឋ​កំពុង​ខឹង​ និង​មាន​កំហឹង​ និង​ការ​ខកចិត្ត​”។

លោក​បាន​បន្ថែម​ទៀត​ ដោយ​យោង​តាម​ការសន្យា​របស់​ប្រទេស​ចិន​ ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ និង​ស្វ័យភាព​នៅ​ហុងកុង​វា​ច្បាស់​ណាស់​ថា​ “ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​គឺ​មិន​មាន​អ្វី​ក្រៅពី​កុហក​ទេ​”៕

តើ​វិស័យ​អាទិភាព​ណាខ្លះ​ដែល​រដ្ឋាភិបាល​លើក​ចិត្ត​ផ្នែក​ពន្ធដារ​?

0

ដោយ​ វុត្ថា​

ភ្នំពេញ៖​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ «ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ក្នុង​វិស័យ​អាទិភាព​» កាលពី​កន្លង​ទៅ​ថ្មី​ៗ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សហ​គ្រាស់​ធុន​តូច​ និង​មធ្យម​ និង​ដើម្បី​បង្កើត​ការងារ​ និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ ក្នុង​គោលដៅ​កំណត់​លក្ខ​ណ្ឌ​ សម្រាប់​ផ្តល់​ការ​លើទឹក​ចិត្ត​ផ្នែក​ពន្ធដារ​ ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះតែ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​។

វិស័យ​អាទិភាព​សម្រាប់​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ដា​ របស់​រដ្ឋាភិបាល​មាន៦​ សហគ្រាស​រួមមាន​ ទី១​ ផលិតផល​កសិកម្ម​ ឬកសិ​-ឧស្សាហកម្ម​។ ទី២​ ផលិត​ និង​កែច្នៃ​ម្ហូបអាហារ​។ ​; ទី៣​ កម្មន្តសាល​ដែល​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក​ កែច្នៃ​កាកសំណល់​និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​។ ទី៤​ កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច​ ឬផ្នែក​ ឬគ្រឿង​បង្គុំ​ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃទៀត​។

ទី៥​ ស្រាវជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ រួម​ទាំង​ការ​ផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេក​-វិទ្យា​ព័ត៌មាន​ ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ និង​ទី៦​ សហគ្រាស​ដែល​ស្ថិត​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ​។

រដ្ឋាភិបាល​ពន្យល់​ថា​ វិស័យ​អាទិភាព​ទាំងនេះ​ មិន​រួមបញ្ចូល​វិស័យ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ សុខភាព​ និង​បរិស្ថាន​នោះ​ទេ​ ។

រដ្ឋាភិបាល​បាន​ពន្យល់​បន្ត​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ក្នុង​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ​អាច​ទទួល​បាន​នូវ​ការ​លើកទឹកចិត្ត​ ដូចជា​ ទី១​ លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន៣ឆ្នាំ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ ចុះបញ្ជី​ថ្មី​ ឬចាប់​ពី​ថ្ងៃ​ ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​ សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ​ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូលជាធរមាន​។

ទី២​ លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល៥ឆ្នាំ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​ សហគ្រាស​ចុះបញ្ជី​ថ្មី​ ឬ ចាប់ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ​ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូលជាធរមាន​ ដែល​បំពេញ​លក្ខខណ្ឌ​ណាមួយ​ ដូច​ខាងក្រោម​៖ ប្រើ​វត្ថុធាតុដើម​ក្នុង​ស្រុក​ ចាប់ពី​ ៦០​%ឡើង​ទៅ​ ឬបង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច២០​% ឬមាន​ទីតាំង​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​ Cluster​)។

ទី៣​ លើកលែង​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ពន្ធ​អប្ប​រមា​ ក្នុងរយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​។ ទី៤​ លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន​ ដូច​ខាងក្រោម​៖ ក៖អនុញ្ញាត​កាត់កង​ចំណាយ២០០​% ចំពោះ​ចំណាយ​លើ​ការប្រើ​ប្រាស់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេក​-វិទ្យា​ព័ត៌មាន​ ខ៖ អនុញ្ញាត​កាត់កង​ចំណាយ​ ២០០​% ចំពោះ​ចំណាយ​លើ​ការ​បណ្តុះបណ្តាល​ការ​កាន់​បញ្ជី​ គណនេយ្យ​ ឬ ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត​, និង​គ អនុញ្ញាត​កាត់កង​ចំណាយ១៥០​% ចំពោះ​ចំណាយ​វិនិយោគ​លើ​ម៉ាស៊ីន​ ឬឧបករណ៍​បច្ចេកវិទ្យា​ ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ សម្រាប់​បម្រើ​ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​។

រដ្ឋាភិបាល​បញ្ជាក់​ថា​ ក្នុង​ការ​ទទួល​បានការ​លើកទឹកចិត្ត​ដូច​បាន​រៀបរាប់​ខាងលើ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ត្រូវ​កាន់​បញ្ជី​គណនេយ្យ​ និង​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ ទៅតាម​កាលកំណត់​ជូន​រដ្ឋបាល​សារពើពន្ធ​ ទោះបី​ជា​ត្រូវ​បាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ត្រូវ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​អាករ​ដទៃទៀត​តាមច្បាប់​ និង​បទ​ប្ប​ញ្ញ​តិ្ត​ស្តី​ពី​ពន្ធដារ​ជាធរមាន​។

ផ្ទុយទៅវិញ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​មិនបាន​បំពេញ​លក្ខខណ្ឌ​ដូច​បាន​កំណត់​នៅក្នុង​អនុក្រឹត្យ​នេះ​ ឬខកខាន​មិនបាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​នានា​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ និង​ បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ ការ​លើកទឹកចិត្ត​ដែល​បាន​ផ្តល់​ជូន​ នឹង​ត្រូវ​បាន​ដកហូត​វិញ​៕

លោក​ ច្រឹក​ សុ​ខនីម​ បង្ហាញ​ពី​គន្លឹះ​ធំៗ​ចំនួន៣ ដើម្បី​ឈរជើង​រ៉ឹង​មាំ​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​អស់​រយៈពេល១៥ឆ្នាំ​ លោក​ច្រឹក​ សុ​ខនីម​អគ្គនាយក​ក្រុមហ៊ុន ​Century21​ Mekong​ បាន​ចាប់់​ផ្តើម​ក្រុមហ៊ុន​ពី​បុគ្គលិក​ក្នុង​ចំនួន៤នាក់​ ប៉ុន្តែ​បច្ចុប្បន្ន​បុគ្គលិក​របស់​លោក​បាន​កើនឡើង​ជាង៦០នាក់​។

ការ​ឈរជើង​យ៉ាង​រ៉ឹង​មាំ​ និង​ដឹកនាំ​ក្រុមហ៊ុន១ឲ្យ​ទទួល​បាន​ជោគជ័យ​រយៈពេល​វែង​មិនមែន​ជា​រឿង​សាមញ្ញ​ពេក​ទេ​ ប៉ុន្តែ​លោក​ច្រឹក​ សុ​ខនី​មធ្វើ​បាន​យ៉ាង​ល្អជា​មួយ​នឹង​ការ​បើក​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ​ Mekong​ Brokerage​ ហើយ​ក្រោយមក​បាន​ទិញ​យក ​Franchise​ មួយ​គឺ​ Century21​ Mekong​ ដើម្បី​ពង្រីក​សក្តា​នុ​ពល​របស់​ខ្លួន​។

តើ​លោក​ឈរ​លើ​គោលការណ៍​បែប​ណា​ ដើម្បី​សម្រេច​បាន​នូវ​ជោគ​ជ័យ​ធំៗ​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​ លោក​សុ​ខនីម​ ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​ នា​រសៀល​ថ្ងៃទី២​ កក្កដា​នេះ​ថា​ ការដឹកនាំ​ក្រុមហ៊ុន​រហូត​មកទល់​ពេលនេះ​ លោក​ឈរ​លើ​គោលការណ៍​សំខាន់​ចំនួន៣​ ដូចជា​ ទី១​ ការ​ធ្វើការងារ​តាម​គោលការណ៍​ជា​ក្រុម​ ទី២​ កំណត់​វិស័យ​ដែល​យើង​ធ្វើ​ឬផ្តោត​ឲ្យ​បាន​ច្បាស់់​លាស់​ និង​ទី៣​ ធ្វើជា​ភ្នាក់ងារ​ដែល​ផ្តោត​លើ​វិស័យ​អ្វីមួយ​ និង​វិនិយោគ​ដោយខ្លួនឯង​។

លោក​បន្ត​ថា​ “អ្វី​ដែល​យើង​អនុវត្តន៍​គឺ​កសាង​ទំនុកចិត្ត​នៅក្នុង​ទីផ្សារ​ តាមរយៈ​ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​”។លោក​បន្ត​ថា​ “យើង​ផ្តល់​ឲ្យ​អតិថិជន​ចំណេញ​ មិន​ចេះតែ​ណែនាំ​នោះ​ទេ​ ព្រោះ​នៅពេល​អតិថិជន​ចំណេញ​ ពួកគេ​នឹង​មករ​កយើង​ ជាល​ទ្ឋ​ផល​មានការ​ងារ​ជាច្រើន​ដែល​អតិថិជន​ផ្តល់​ឲ្យ​យើង​ ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​របស់​យើង​ធ្វើការ​ឲ្យ​គេ​សឹង​មិនទាន់​”។

នៅពេល​និយាយ​ពី​មូលហេតុ​ នៃ​ការទិញ​ពាណិជ្ជសញ្ញា​ឬ Franchise​ ពី​ក្រុមហ៊ុន ​Century21​ Cambodia​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ការទិញ​ Franchise ​ធ្វើឲ្យ​គេ​ឆាប់់់​ស្គាល់​យើង​ និង​ងាយ​ទទួល​បាន​ជោគជ័យ​ ព្រោះ​យើង​ហាក់បីដូចជា​ទិញ​ពេលវេលា​ ដើម្បី​ពង្រីក​កេរ្ត៍​ឈ្មោះ​របស់​យើង​ ព្រោះ​បើសិនជា​យើង​ចាយ​លុយ​ធ្វើ​ទីផ្សារ​ក៏អាច​អស់​ច្រើន​ដូចគ្នានឹង​ការទិញ​ Franchise​ ហើយ​ជួនកាល​គេ​ក៏​មិនសូវ​ស្គាល់​យើង​បាន​ច្រើន​ដូច​ក្រុមហ៊ុន​ ដែល​មា​នកេរ្ត៍​ឈ្មោះ​ល្អ​លើឆាកអន្តរជាតិ​បែបនេះ​ដែរ​។

លោក​បន្ត​ថា​ “យើង​មាន​ក្រុមការងារ​ច្រើន​ចាំ​ជួយគ្នា​ទៅវិញទៅមក​ នៅពេល​យើង​ជួប​បញ្ហា​អ្វីមួយ​ ហេតុនេះ​ទើប​យើង​អាច​ដើរ​បាន​លឿន​ជាង​មុន​ និង​ជោគជ័យ​លឿន​ជាង​មុន​”៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​ចាប់ផ្តើម​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្រោម​ដី​នៃ​ខេត្ត​កែប​

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ខេត្ត​កែ​បៈ​ ក្រុមហ៊ុន​ Shanghai​ Construction​ Group​ Co.Ltd​ ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ បាន​ចាប់ផ្តើម​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព​ និង​ផែនការមេ​សម្រាប់​គម្រោង​សាងសង់​ប្រពន្ធ​រំដោះ​ទឹក​កខ្វក់​ នៅ​ខេត្ត​កែប​ ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ លោក​ កែន​ សត្ថា​បានឱ្យ​ដឹង​នៅក្នុង​ជំនួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ Shanghai​ Construction​ Group​ Co.Ltd​ នៅ​ថ្ងៃទី​ ២ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ខេត្ត​កែប​ ជា​ខេត្ត​ទេសចរណ៍​បែប​ធម្មជាតិ​ ហើយ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ ជាច្រើន​បាន​ស្គាល់​កែប​តាមរយៈ​សោភណភាព​ឆ្នេរសមុទ្រ​ សោភណភាព​តាម​ដងផ្លូវ​អម​ដោយ​ផ្កា​ចម្រុះ​ព័ណ៌​ ជាពិសេស​គ្រឿង​សមុទ្រ​មាន​រសជាតិ​ឆ្ងាញ់​ គឺ​ក្តាមសេះ​កែប​។

លោក​បន្ត​ថា​ “កត្តា​ទាំងនេះ​ហើយ​ ដែល​ធ្វើអោយ​ថ្នាក់ដឹកនាំ​ខេត្ត​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ការងារ​ អានាម័យ​ បរិស្ថាន​ សោភណភាព​តាម​ទីប្រជុំជន​នានា​ ជាពិសេស​គឺ​កាកសំណល់​រឹង​ រាវ​ និង​សំ​រាម​ផ្សេង​ៗ ដែល​តែ​រៀបចំ​ទុកដាក់​អោយ​បាន​ល្អ​បំផុត​”។

តំណាង​ក្រុមហ៊ុន​ Shanghai​ Construction​ Group​ Co.Ltd​ បាន​បង្ហាញ​ពី​គោលបំណង​របស់​ក្រុមហ៊ុន​ ពី​ជំហាន​នៃ​ការសិក្សា​នេះ​ និង​ស្នើរ​សុំ​កិច្ច​សម្របសម្រួល​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ពី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ ដើម្បី​ក្រុមហ៊ុន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ ក្នុង​ការរៀបចំ​ផែនការមេ​សម្រាប់​បណ្តាញ​ទឹក​កខ្វក់​ និង​ប្រពន្ធ​រំដោះ​ទឹក​ក្នុង​ក្រុងកែប​ឲ្យបាន​លឿន​បំផុត​៕