អាមេរិក​តម្លើង​ពន្ធ​នាំចូល​ដែក​​ពី​វៀតណាម​ ៤០០ភាគរយ​ ខណៈ​ភាព​តានតឹង​ពាណិជ្ជកម្ម​កើតឡើង​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​អាមេរិក​បាន​គិត​ពន្ធ​លើ​ឧស្សាហកម្ម​ដែកថែប​ របស់​វៀតណាម​ដោយ​បង្កើន​ពន្ធ​នាំចូល​ជាង ៤០០​ភាគរយ​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃនេះ​ ខណៈ​ពេល​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក​។

រដ្ឋាភិបាល​អាមេរិក​អះអាង​ថា​ ឧស្សាហកម្ម​ដែកថែប​របស់​វៀតណាម​ កំពុង​រំលោភបំពាន​ច្បាប់​ការនាំចូល​ ដោយ​យក​ដែកថែប​ពី​កូរ៉េ​ខាងត្បូង​ និង​តៃវ៉ាន់​នាំទៅ​កាន់​អាមេរិក​។ កាតព្វកិច្ច​ពន្ធ​របស់​អាមេរិក​លើ​ផលិតផល​ដែកថែប​ របស់​កូរ៉េ​ខាងត្បូង​ និង​តៃវ៉ាន់​ត្រូវ​បាន​ដាក់ចេញ​នៅ​ឆ្នាំ២០១៥​។

រដ្ឋាភិបាល​អាមេរិក​បាន​អះអាង​ថា​ វៀតណាម​បាន​គេចវេស​កាតព្វកិច្ច​ពន្ធ​ដែកថែប​របស់​អាមេរិក​ ដោយ​ការនាំចូល​ដែកថែប​របស់​កូរ៉េ​ខាងត្បូង​ និង​តៃវ៉ាន់​ រួចហើយ​ការកែច្នៃ​ជា​ផលិតផល​វៀតណាម​ មុន​ពេល​នាំចេញ​ទៅ​អាមេរិក​។

យោង​តាម​របាយការណ៍​ ដែល​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក​ បាន​ឲ្យដឹង​ថា​ ចាប់តាំងពី​ការ​យកពន្ធ​នាំចូល​មក​លើ​កូរ៉េ​ខាងត្បូង​ និង​តៃវ៉ាន់​ ការនាំចេញ​ដែកថែប​វៀតណាម​ទៅ​អាមេរិក​កើនឡើង៩១៦ភាគរយ​។

លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​គំរាម​ដាក់​ពន្ធ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ប្រទេស​វៀតណាម​កាលពី​សប្តាហ៍​មុន​ ហើយ​បាន​និយាយ​ថា​ “ប្រទេស​នេះ​ស្ទើរតែ​ជា​អ្នក​បំពាន​កាតព្វ​ពន្ធ​ខ្លាំង​ជាង​ប្រទេស​ដទៃទៀត​ ដែល​ជា​ការ​សំដៅលើ​អតុល្យភាព​ពាណិជ្ជកម្ម​។

យោង​តាម​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ឲ្យដឹង​ថា​ អាមេរិក​បាន​នាំចូល​ទំនិញ​ដែល​មានតម្លៃ៤៧​,ពាន់​លាន​ដុល្លារ​ពី​វៀតណាម​ ហើយ​អាមេរិក​ទំនិញ​នាំចេញ​ត្រឹមតែ ១០​,៥ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ទៅកាន់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​។

លោក​ Trump​ បាន​មានប្រសាសន៍​ថា​ “មាន​ក្រុមហ៊ុន​ជាច្រើន​កំពុងធ្វើការ​ផ្លាស់​ប្តូរ​ទៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​វៀតណាម​ទាញ​យក​ប្រយោជន៍​ ពី​យើង​ច្រើនជាង​ប្រទេស​ចិន​ទៀត​”។ លោក​បន្ត​ថា​ “យើង​កំពុង​ពិភាក្សា​ជាមួយ​វៀតណាម​។ វៀតណាម​គឺ​ស្ទើរតែ​ប្រទេស​បំពាន​កាត​ព្ធ​កិច្ច​ពន្ធ​ខ្លាំង​គេ​ ហើយ​ប្រទេស​តូចជាង​ប្រទេស​ចិន​ ប៉ុន្តែ​ប្រទេស​នេះ​បំពាន​ជាង​ប្រទេស​ដទៃទៀត​”៕

ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នឹង​ធ្វើសន្និសីទ​កាសែត​ស្តី​ពី​ “គោលការណ៍​គ្រប់គ្រង​បច្ចេក​ទេស​សំណង់​នៅ​កម្ពុជា​”

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នឹង​រៀបចំ​ធ្វើសន្និសីទ​សារព័ត៌មាន​ស្តី​ពី​ “គោលការណ៍​គ្រប់គ្រង​បច្ចេក​ទេ​សស​ណង់​នៅ​កម្ពុជា​” នៅ​ថ្ងៃទី​ ៥ ខែកក្កដា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ សន្និសីទ​នេះ​ មាន​គោលបំណង​ដើម្បី​ឆ្លើយតបទៅនឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​ ដែល​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សុវត្ថិភាព​សំណង់​ ជាមួយនឹង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ និង​កិ​ច្ច​ថែ​ររក្សា​សុវត្ថិភាព​ក្នុង​វិស័យ​សំណង់​ជូន​ប្រជាពលរដ្ឋ​ ព្រមទាំង​វិធានការ​ជំរុញ​ឱ្យ​អ្នកសាង​សង់​សំណង់​គោរព​បទដ្ឋាន​បរិស្ថាន​។

វាគ្មិន​ដែល​នឹង​ចូលរួម​នៅក្នុង​សន្និសីទ​កាសែត​នេះ​ រួមមាន​តំណាង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​តំណាង​ក្រសួងបរិស្ថាន​។

ការរៀបចំ​ធ្វើសន្និសីទ​កាសែត​នេះ​ បន្ទាប់ពី​មាន​ករណី​បាក់​ស្រុត​អគារ​កំពស់៧​ ជាន់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​ និង​ស្រប​ពេល​ដែល​មានការ​រីកចម្រើន​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​៕

New​ Zealand​ គ្រោង​វិនិយោគ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈជំនាញ​ទេសចរណ៍​នៅ​កម្ពុជា​

0

ដោយ​ វត្ថា​

ភ្នំ​ពេញៈ​ សាលា​ជំនាញ​ផ្នែក​ទេសចរណ៍​មួយ​ នៅ​ប្រទេស​ New​ Zealand​ កំពុង​ពិចារណា​វិ​និ​យោ​លើ​ការ​វិនិយោគ​ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំនាញ​ ទេសចរណ៍​នៅ​កម្ពុជា​មួយចំនួន​។

ក្នុង​ជំនួប​ជាមួយ​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ នៅក្នុង​ជំនួប​ជាមួយ​លោក​ Ben​ Potter​ នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ និង​លោកស្រី​ Marty​ Hiddleston​ នាយក​គ្រប់គ្រង​សាលា​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេស​ចរ​ណ៍​ញូ​វហ្សេ​ឡែន​ នៅ​ Willington​ នៅ​ថ្ងៃទី​ ៣ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​បាន​មាន​ចណាប់​អារម្មណ៍​ និង​ពេញចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​រចនាសម្ព័ន្ធ​ និង​ការគ្រប់គ្រង​របស់​សាលា​ ដែល​មាន​លក្ខណៈ​សាមញ្ញ​ ទំនើប​ ហើយ​មាន​គ្រប់​វិស័យ​ ជំនាញ​ ទាំង​ខាង​ឧស្សាហកម្ម​ធ្វើដំណើរ​ ឧស្សាហកម្ម​ទេសចរណ៍​ដូចជា​៖ Flight​ attendant​, Cruising​, House​ Keeping​, Tour​ Guide​,… ។ល ។ដែល​ជា​កម្មវិធី​សិក្សា​ខ្លី​ៗ៣០ម៉ោង​ ៦០ម៉ោង​ ដោយ​ផ្សារភ្ជាប់​ការអនុវត្ត​ជាក់ស្តែង​នៅនឹង​កន្លែង​។

លោក​បន្ត​ថា​“ជាង​នេះ​ទៀត​សាលា​នេះ​ មិន​ត្រូវការ​ដី​ធំ​ដើម្បី​សាងសង់​ឡើយ​ ដែល​ចំណុច​ទាំងអស់​នេះ​ កម្ពុជា​អាច​ឆ្លើយតប​បាន​ទាំង​នៅ​តំបន់​សៀមរាប​អង្គរ​ តំបន់​ភ្នំពេញ​ តំបន់ឆ្នេរ​សមុទ្រ​ និង​តំបន់​អេកូ​ទេសចរណ៍​”។

បន្ទាប់ពី​បាន​ស្តាប់​ពី​សភាពការណ៍​អភិវឌ្ឍន៍​រួម​ ក៏ដូចជា​ សំណូមពរ​ជាក់ស្តែង​នៃ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ពិសេស​ផ្នែក​ជំនាញ​ទេសចរណ៍​កម្ពុជា​ ភាគី​ New​ Zealand​ មានការ​កោតសរសើរ​ចំពោះ​ការ​រីក​ចំរើន​របស់​កម្ពុជា​ រួម​ទាំង​វិស័យ​ទេសចរណ៍​ ដែល​បច្ចុប្បន្ន​កំពុង​មាន​តម្រូវការ​ចាំបាច់​ ខាង​ធនធានមនុស្ស​ ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ ទាំង​ផ្នែក​ឧស្សាហកម្ម​ធ្វើដំណើរ​ និង​ទេសចរណ៍​។

ភាគី​ NZ​ គាំទ្រ​ចំពោះ​សំណូមពរ​របស់​កម្ពុជា​ ក្នុង​ការ​ផ្តល់​អាហារូបករណ៍​ការចែក​រំលែក​បទ​ពិសោធ​ន៏​ និង​ពិចារណា​ក្នុង​ការ​វិនិយោគ​ សាលា​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ជំនាញ​ទេសចរណ៍​នៅ​កម្ពុជា​។

កម្ពុជា​បច្ចុប្បន្ន​មាន​អ្នកបំរើ​ការ​ដោយ​ផ្ទាល់​ ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ៦២ម៉ឺន​នាក់​។ ឆ្នាំ២០២០​ យើង​នឹង​មាន​បុគ្គលិក​បំរើ​ការប្រមាណ១លាន​នាក់​ និង​ឆ្នាំ២០២៥​ ប្រមាណ១.២លាន​នាក់​ ។ តាម​ការវាយតម្លៃ​របស់​គណកម្មា​ការ​ជាតិ​ អ្នកជំនាញ​ទេសចរណ៍​ ឆ្នាំ២០១៨​ យើង​ទើប​មាន​ប្រមាណ៤០​% ដែល​មាន​សមត្ថភាព​ជំនាញ​តាម​ស្តង់ដារ​អាស៊ាន​។

ជា​ផែនការ​យុទ្ធ​សាស្រ្ត​របស់ក្រ​សួង​ទេសចរណ៍​ គឺ​នៅ​ឆ្នាំ២០២០ត្រូវឲ្យ​មាន៥០​% នៃ​អ្នកបំរើ​ការងារ​ក្នុង​ឧស្ស​ហក​ម្ម​ទេសចរណ៍​ ត្រូវ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ និង​វាយ​តំលៃ​សមត្ថភាព​ស្របតាម​ស្តង់ដារ​ សមត្ថភាព​អ្នកជំនាញ​ទេសចរ​អាស៊ាន​ និង​ឆ្នាំ២០២៥​ ត្រូវ​សំរេច​យុទ្ធនាការ​ បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ (One​ staff​ One​ Skill​) ពោល​គឺ​ ១០០​% នៃ​អ្នកជំនាញ​ គឺ​ត្រូវ​មានការ​ទទួលស្គាល់​សមត្ថភាព​តាម​ស្តង់ដារ​អាស៊ាន​៕

សម្តេចតេជោ៖ កម្ពុជាអាចបន្តរក្សាបានកំនើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយសម្រាប់់រយៈពេលមធ្យមខាងមុខ

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា​ អតា្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹងអាច​បន្ត​រក្សា​បាន​ក្នុងរង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ​ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មានប្រសាសន៍​ ក្នុង​ការ​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​ ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ២០១៩នៅ​ប្រទេស​ស្វីស​នា​រសៀល​ថ្ងៃទី៣​ កក្កដា​នេះ​ថា​ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ប្រចាំ៧​,៧ ភាគរយ​ ប្រកប​ដោយ​បរិ​យា​ប័ន​ និង​សម​ធ៌​មក្នុ​ងរ​យៈ​ពេល​ពី​ទស្ស​វត្ត​ចុងក្រោយ​នេះ​។

សម្តេច​បន្ថែម​ថា​ “សម្រាប់​ឆ្នាំ២០១៨កន្លងទៅ​នេះ​ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន៧​,៥ភាគរយ​ និង​ត្រូវ​បាន​ព្យាករណ៍​ថា​នឹងអាច​បន្ត​រក្សា​បាន​ក្នុងរង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ​ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​”។

កម្ពុជា​ថែមទាំង​សម្រេច​បាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ​ គឺ​ការ​ឆ្លងផុត​ពី​ឋានៈ​ប្រទេស​ចំណូល​ទាប​ ទៅជា​ប្រទេស​មធ្យម​កម្រិតទាប​ជា​ផ្លូវការ​នៅ​ឆ្នាំ២០១៥​។

សម្ដេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ ក្នុងនាម​ជាស​មា​ជិ​កអង្គការ​ពិភពលោក​ កម្ពុជា​បាន​ខិតខំ​បំពេញ​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ តាមរយៈ​ការ​ដាក់ចេញ​ និង​រៀបចំ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ ច្បាប់​បទ​បញ្ញា​ត្តិ​ផ្សេង​ៗ វិធានការ​នានា​។

កាល​ថ្មី​ៗនេះ​ក្រុម​បេសកកម្ម​មាត្រា ​IV​ របស់​ មូលនិធិ​រូបិយវត្ថុ​ពិភពលោក​ (IMF​) បាន​ឲ្យដឹង​ថា​ នៅ​ឆ្នាំ២០១៩​ និង​រយៈពេល​មធ្យម​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​ នឹង​រក្សា​ក្នុង​រង្វង៧ភាគរយ​ ជាមួយ​អត្រា​អតិផរណា​ក្នុងរង្វង់៣ភាគរយ​ ក្នុងរយៈពេល​មធ្យម​។

ក្រុម​បេសកកម្ម​បាន​ផ្ដល់​អនុសាសន៍​ដល់​កម្ពុជា​ ឲ្យ​បន្ដ​ធ្វើ​កំណែ​ទម្រង់​ចម្បង​ៗ និង​បន្ដ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​ ដើម្បី​គ្រប់គ្រង​ហា​នី​ភ័យ​ដែល​អាច​នឹង​កើតមានឡើង​ផង​ដែរ​។

លើស​ពីនេះ​ទៀត​ក្រុម​បេសកកម្ម​របស់ ​IMF​ បាន​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បានសម្រេច​បាន​វឌ្ឍនភាព​សេដ្ឋកិច្ច​គួរឲ្យ​កត់សម្គាល់​ ឆ្ពោះទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ តាមរយៈ​ការ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​រឹងមាំ​ និង​កំណែទម្រង់​សំ​ខាន់​ៗនា​រយៈពេល​កន្លងមក​៕

គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់ ៧៨ជាន់​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់

0

ដោយ​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ Glory​ International​ដែល​វា​នឹង​ផ្លាស់​ប្តូរ​មុខមាត់​ទីក្រុង​ភ្នំពេញ​ បាន​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់់​លាស់​ ខណៈ​អ្នកគ្រប់គ្រង​គំរោង​នេះ​នៅ​កម្ពុជា​បាន​អះអាង​កាលពី​ឆ្នាំមុន​ថា​ ក្រុមហ៊ុន​កំពុង​រៀប​ចំ​ឌី​សាញ​អាគារ​នេះ​ឡើងវិញ​។

គំរោង​នេះ​ដំបូង​ឡើយ​គ្រោង​សាងសង់​តាំងពីដើម​ឆ្នាំ២០១៧​ ប៉ុន្តែ​រហូត​មកទល់​នឹង​ពេលនេះ​ ទីតាំង​អាគារ​នេះ​ដែល​ស្ថិតនៅ​ចំពី​ក្រោយ​អាគារ​ The​ Bridge​ មិន​មាន​សកម្មភាព​សាងសង់​ណាមួយ​ឡើយ​។

បុគ្គលិក​ក្រុមហ៊ុន​យុង​ ឆ័ង​ដែល​ជា​ក្រុមហ៊ុន​គ្រោង​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ The​ Glory​ International​ ធ្លាប់​បាន​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ ការ​ឌី​សាញ​ប្លង់​អាគារ​នេះ​បាន​បញ្ចប់​ហើយ​ នឹង​ផ្តើម​សាងសង់​នៅដើម​ឆ្នាំ២០១៧​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២១ខាងមុខ​ ប៉ុន្តែ​សាល​តាំង​បង្ហាញ​គំរោង​នេះ​នឹង​បើក​ដំណើរការ​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ​។ លោក​បន្ត​ថា​ អាគារ​នេះ​នឹង​ប្រើប្រាស់​ចម្រុះ​ រួមមាន​ផ្សារ​ទំនើប​ ខុន​ដូ​ និង​សណ្ឋាគារ​ ព្រមទាំង​មាន​អាងហែលទឹក​ និង​ភោជនីយដ្ឋាន​វិល​លើ​អាកាស​នា​ជាន់ទី៧៨ផង​ដែរ​។

លោក​បន្ត​ថា​ ផែនការ​ប្រើប្រាស់​អាគារ​នេះ​លំអិត​ ក៏បាន​បញ្ចប់​ផង​ដែរ​ ប៉ុន្តែ​លោក​បដិសេធ​មិន​និយាយ​លំអិត​នោះ​ទេ​។ គំរោង​នេះ​បាន​ទទួលការ​អនុម័ត​យល់ព្រម​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​រួចហើយ​។

លោក​សេង​ ឡូ​តអ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ឲ្យដឹង​ថា​ ក្រសួង​បាន​យល់ព្រម​ផ្តល់​អាជ្ញាប័ណ្ណ​ ដល់​ក្រុមហ៊ុន​យាន​ ជ័ង​ រៀល​អេ​ស្ទេ​ត ដើម្បី​សាងសង់​អាគារ​កំពស់៧៨ជាន់​នេះ​រួចហើយ​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​តអ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែង​ថា​ កម្ពុជា​មាន​បទបញ្ញត្តិ​ស្តី​ពី​ការកំណត់​កំពស់​អាគារ​រួចហើយ​ ដូច្នេះ​ប្រសិនជា​យើង​អនុវត្តន៍​ច្បាប់​បញ្ញត្តិ​ដែល​មានបាន​ល្អ​ វា​មិន​ត្រឹមតែ​ជួយការ​ពារ​បាន​នូវ​បេ​តិ​កភ័​ណ្ឌ​ក្នុង​ទីក្រុង​នោះ​ទេ​ តែ​វា​នឹង​រក្សា​បាន​នូវ​ទេសភាព​ សោភ័ណភាព​ និង​កាត់បន្ថយ​បាន​នូវ​ផល​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​។លោក​បន្ត​ថា​ តាមធម្មតា​ការសាងសង់​អាគារ​ខ្ពស់​បែបនេះ​ ក្រុមហ៊ុន​បាន​សិក្សា​ពី​បទដ្ឋាន​បច្ចេកទេស​អស់ហើយ​ ចំណែក​ក្រសួង​ជំនាញ​គ្រាន់តែ​ជា​អ្នក​ ពិនិត្យ​លើ​បទដ្ឋាន​សំណង់​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ក្រុមហ៊ុន​គោរព​បាន​តាម​គោល​ការ​ ណ៍​ស្នើសុំ​ឬអត់​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ “ការ​មាន​អា​គារ​ខ្ពស់​ៗបែបនេះ​ វា​ជា​មោទនភាព​ជាតិ​ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ដល់​សេដ្ឋកិច្ច​នោះ​ទេ​ តែ​វា​ក៏​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​ដល់​ប្រជា​ ពលរដ្ឋ​ផង​ដែរ​”៕

លោក​បណ្ឌិ​តគីម​ ហ៊ា​ងប្រាប់​ពី​វិធី​សាស្រ្ត​ចំនួន៦ដើម្បី​វិភាគ​មុន​សម្រេចចិត្ត​វិនិយោគ​លើ​ដីធ្លី​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ វិស័យ​អចលនទ្រព្យ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ជាក់ស្តែង​វត្តមាន​អា​គារ​ខ្ពស់​ៗជាច្រើន​ បាន​រីក​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ​ ពិសេស​តំលៃ​ដីធ្លី​ក៏បាន​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​ ដែល​តំបន់​ខ្លះ​កើនឡើង​ទ្វេរ​ដង​ និង​តំបន់​ខ្លះទៀត​កើនឡើង​មួយ​គុណ​នឹង​បី​ឬបួន​ដង​ក៏​មាន​។

លោក​បណ្ឌិ​តគីម​ ហ៊ា​ង ប្រធាន ​Keller​ Williams​ Cambodia​ និងជាអគ្គនាយក ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ មុន​សម្រេច ចិត្ត​វិនិយោគ​លើ​ដីធ្លី​ អ្នក​វិនិយោគ​គួរ​សម្លឹង​មើល​កត្តា​មួយចំនួន​សិន​ ដូចជា​៖

១) ទិញ​ដី​ក្នុង​គោលបំណង​អ្វី​?

តើ​អ្នកមាន​បំណង​ទិញ​ដី​ ដើម្បី​ទុក​លក់​យក​ប្រាក់ចំណេញ​ ឬទុក​សាងសង់​សំណង់​នានា​? ប្រសិនជា​លោក​ អ្នក​ចង់​ទិញ​ដី​ដើម្បី​សាងសង់​ខុន​ដូ​ សាងសង់​អាគារ​ការិយាល័យ​ ឬសម្រាប់​សាងសង់​សណ្ឋាគារ​ សូម​ទិញ​ដី​នៅក្នុង​ខ័ណ្ឌ​ចំការ​មន​។

ប្រសិនជា​ចង់​ទិញ​ដី​ទុក​លក់​យក​ប្រាក់ចំណេញ​ រយៈពេល​បី​ឆ្នាំខាងមុខ​ គួរ​ទិញ​នៅ​តំបន់​ទួលគោក​ និង​តំបន់​ភ្នំពេញថ្មី​ ប៉ុន្តែ​បើ​ទិញ​ដី​ដែល​មាន​ចម្ងាយ​ពី៧ទៅ១០គីឡូម៉ែត្រ​ពីទី​ក្រុង​ ពួកគេ​ត្រូវ​រង់ចាំ​ដល់៧ឆ្នាំ​ទើប​ចំណេញ​បាន​។ បើ​ទិញ​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ​ពីទី​ក្រុង​ គឺ​ពួកគេ​អាច​ទទួល​បានផល​ចំណេញ​នៅ​រយៈពេល១០ឆ្នាំក្រោយ​។

២) ការទិញ​ដីធ្លី​ជា​ការ​វិនិយោគ​ត្រឹមត្រូវ​ និង​មិន​ត្រឹមត្រូវ​

លោ​កគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ការ​វិនិយោគ​ដីធ្លី​ ជា​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​ ប្រសិនជា​លោក​ អ្នក​សល់​លុយ​ដោយខ្លួនឯង​ មិនដឹង​យក​ទៅ​វិនិយោគ​អ្វី​ ប៉ុន្តែ​ប្រសិនជា​យក​លុយ​បង្វិល​ ឬយក​លុយ​ពី​ធនាគារ​ដើម្បី​ទិញ​ដី​វិនិយោគ​ អ្នកជំនាញ​រូប​នេះ​បាន​និយាយ​ថា​ “កុំអី​” ព្រោះ​អ្នកខ្លះ​គិតថា​ ការប្រាក់​ធនាគារ១ឆ្នាំ៨ភាគរយ​ ហើយ​ដី​ឡើងថ្លៃ២០ភាគរយ​ក្នុង​មួយឆ្នាំ​ គឺ​អាច​ខ្ចី​ឥណទាន​ពី​ធនាគារ​យក​មក​ទិញ​បាន​ ប៉ុន្តែ​វា​ជា​ការយល់​ច្រឡំ​ ព្រោះ​ដី​មិន​ងាយ​លក់​ភ្លាម​ៗនោះ​ទេ​ និង​អាច​មាន​ភាព​ជាប់​គាំង​រយៈពេល​ពីរ​ឬបី​ឆ្នាំ​ ពោល​គឺ​ត្រូវការ​ពេលវេលា​។

៣) តំបន់​ណា​ចំណេញ​លឿន​ជាងគេ​

ការទិញ​ដី​ដែល​ទទួល​បានផល​ចំណេញ​លឿន​ជាងគេ​ គឺ​ទិញ​នៅក្នុង​ខ័ណ្ឌ​សែនសុខ​ ដង្កោ​ និង​ខ័ណ្ឌ​ពោធិ​សែន​ជ័យ​ ពិសេស​តំបន់​ទួលគោក​ និង​ភ្នំពេញថ្មី​ ដោយសារ​តំបន់​នេះ​ដី​នឹង​ឡើងថ្លៃ​ទ្វេរ​ដង​នៅ​រយៈពេល​ពីរ​ ឬបី​ឆ្នាំខាងមុខ​នេះ​។

៤) គួរ​ទិញ​នៅ​តាម​បណ្តា​ខេត្ត​ឬទេ​?

ក្រៅពី​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះសីហនុ​ អ្នកជំនាញ​រូប​នេះ​បាន​ប្រាក់​ថា​ “កុំ​ទិញ​អី​” ព្រោះ​ក្រៅពី​ខេត្ត​ទាំងពីរ​នេះ​ មិន​មាន​ខេត្ត​ណា​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​ផ្នែក​នេះ​ទេ​ ហើយ​ក្នុងចំណោម​ខេត្ត​ទាំងពីរ​ខាងលើ​ គឺ​ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ខ្ពស់​ជាង​ខេត្តសៀមរាប​។ ប្រសិនជា​ទិញ​ដី​នៅ​ខេត្ត​ទុក​លក់​យក​ប្រាក់ចំណេញ​ គឺ​ត្រូវ​រង់ចាំ​រយៈពេល១០ឆ្នាំ​ទៀត​។

៥) ការ​វិនិយោគ​ដីធ្លី​មិន​សុទ្ឋ​ជា​ជម្រើស​ល្អ​

ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​មិន​សុទ្ឋ​តែ​ជា​ជម្រើស​ល្អ​នោះ​ទេ​ ព្រោះ​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​មាន​វិ​ស័យ​ផ្សេង​ៗទៀត​ ដែល​អាច​ប្រមូលប្រាក់​បាន​លឿន​ជាង​វិស័យ​ដីធ្លី​។

លោ​កគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ប្រសិនជា​អ្នកមាន​អាយុ៥០ឆ្នាំ​ ជា​ពេល​ដល់អាយុ​ជិត​ចូលនិវត្តន៍​ មិន​គួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នោះ​ទេ​ គឺ​គួរ​ទិញ​ខុន​ដូ​ ទិញ​ដី​សាងសង់​ផ្ទះ​ជួល​ ឬទិញ​ផ្ទះល្វែង​សម្រាប់​ជួល​ ដែល​អាច​បាន​ប្រា​ក់​ភ្លាម​ៗត្រលប់​មកវិញ​។ ផ្ទុយទៅវិញ​ប្រសិនជា​លោក​ អ្នកមាន​អាយុ​ចន្លោះ​ពី៣០ទៅ៤០ឆ្នាំ​ គួរ​វិនិយោគ​លើ​វិស័យ​ដីធ្លី​ ព្រោះ​ទិញ​ដី​មានផល​ចំណេញ​ខ្ពស់​ និង​ជា​វ័យ​ដែល​លោក​ អ្នក​កំពុង​រកលុយ​បាន​ច្រើន​។

៦) តើមាន​លុយ​អ្នក​ប៉ុន្មាន​?

តើ​លោក​ អ្នកមាន​ប្រាក់​ប៉ុន្មាន​ មាន​ស្ថានភាព​ជីវិត​យ៉ាងដូច​ម្តេច​? ព្រោះ​ការសម្រេច​ចិត្ត​ក្នុង​លក្ខខ័ណ្ឌ​នេះ​មាន​សារៈសំខាន់​ មុន​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​នេះ​។

លោ​កគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ការ​វិនិយោគ​លើ​វិស័យ​អ្វីមួយ​ ក៏​គួរ​មាន​លក្ខខ័ណ្ឌ​ជាក់លាក់​ទាក់ទង​នឹង​ ចំនួន​ទុន​វិនិយោគ​ លក្ខខ័ណ្ឌ​ការងារ​ លក្ខខ័ណ្ឌ​ជីវិត​ ជាដើម​ ដោយ​លោក​បាន​ថ្លែង​ថា​ ប្រសិនជា​ចង់​ទិញ​ដី​សំរាប់​សាងសង់​លំនៅ​ដ្ឋាន​ ឬសាងសង់​បុរី​លក់​នៅ​រយៈពេល៥ឆ្នាំខាងមុខ​ សូម​ទិញ​លើ​ទីតាំង​ដែល​មានដីចំងាយ ១៥ ទៅ ២០គីឡូម៉ែត្រពីទីក្រុង ទាល់តែ៥ ទៅ ៧ឆ្នាំទើបអាចសង់សំណង់អាគារពាណិជ្ជកម្មផ្សេងៗបាន៕

ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​កំពុង​ប្រឈមមុខនឹង​វិបត្តិ​

0

ដោយ​ Donald​ Lee​

គួ​ឡា​ឡាំ​ពួៈ​ រដ្ឋាភិបាល​ម៉ាឡេស៊ី​គ្រោង​សាងសង់​លំនៅ​ដ្ឋាន​ មាន​តំលៃ​សមរម្យ​មួយ​លាន​ខ្នង​ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​លំនៅ​ដ្ឋាន​ ដែល​បាន​ធ្វើឲ្យ​គ្រួសារ​មាន​ចំណូល​មធ្យម​ធ្វើជា​ច្រើន​ កំពុង​ព្យាយាម​ស្វែងរក​លំនៅ​ដ្ឋាន​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ខណៈ​លំនៅ​ដ្ឋាន​ ដែល​មានតម្លៃ៦​,៦ពាន់​លាន​ដុល្លារ​នៅតែ​មិន​មានការ​លក់​ចេញ​។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ធនាគារ​ Negara​។

យោង​តាម​របាយការណ៍​អចលនទ្រព្យ​ម៉ាឡេស៊ី​ មានតែ២៥ភាគរយ​ប៉ុណ្ណោះ​នៃ​លំនៅ​ដ្ឋាន​ ដែល​បាន​ដាក់​លក់​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយមាន​តម្លៃ​ក្រោម​ ៦០​,០០០ដុល្លារ​។ ប៉ុន្តែ​លំនៅ​ដ្ឋាន​មានតម្លៃ​ជាមធ្យម​ ប្រហែល១៨៧​,០០០ដុល្លារ​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួ​ដែល​កើនឡើង១០០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​កាលពី​ឆ្នាំមុន​។ការ​កើនឡើង​តម្លៃ​នេះ​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជិត២លាន​គ្រួសារ​ មិន​អាច​រកបាន​លំនៅ​ដ្ឋាន​ដែល​មាន​តំលៃ​សមរម្យ​។

អ្វី​ដែល​ធ្វើឲ្យ​ស្ថានភាព​លំនៅ​ដ្ឋាន​កាន់តែ​ពិបាក​នោះ​ គឺ​ការសាងសង់​លំនៅ​ដ្ឋាន​ថ្មី​ជាង១៥០​,០០០​ ផ្ទះ​ដែល​មានតម្លៃ​ច្រើនជាង៦០​,០០០ដុល្លារ​ មិន​ត្រូវ​បាន​លក់​ចេញ​ ដែល​បង្ក​ឲ្យ​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ និង​អាច​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ប្រទេស​ម៉ាឡេស៊ី​ធ្លាក់ចុះ​។

រដ្ឋាភិបាល​បាន​សន្យា​បង្កើន​ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ ដែល​មាន​តំលៃ​សមរម្យ​ និង​បាន​សហការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ និង​សមាគម​អ្នកទិញ​អចលនទ្រព្យ​។

លោក​ Datuk​ N K Tong​ អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ និង​លំនៅ​ដ្ឋាន​ម៉ាឡេស៊ី​ (Rehda​) បាន​និយាយ​ថា​ “ផ្ទះ​ចំនួន​មួយ​លាន​ខ្នង​(តម្លៃ​សមរម្យ​)ក្នុងរយៈពេល១០ឆ្នាំ​ អាច​សម្រេច​ទៅ​បាន​ ប្រសិនបើ​មាន​ដំណោះស្រាយ​គ្រប់គ្រាន់​ ហើយ​ខ្ញុំ​គិតថា​ រដ្ឋាភិបាល​នេះ​មាន​សមត្ថភាព​ធ្វើ​បាន​”។

លោក​បាន​បន្ត​ថា​ “ទោះបីជា​យ៉ាងណាក៏ដោយ​ខ្ញុំ​មិន​រំពឹង​ថា​ផ្ទះ​ចំនួន​ ១០​ ម៉ឺន​ ខ្នង​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​ឆ្នាំទី​ ១ ទេ​ ពីព្រោះ​ដោយសារតែ​ការអនុវត្ត​ជាក់ស្តែង​ រយៈពេល​នៃ​ការ​វិវត្ត​នៃ​ការអភិវឌ្ឍន៍​អាច​ចំណាយពេល​ដល់ទៅ៤ឆ្នាំ​”។

រដ្ឋបាល​ក្រុង​ប៉េ​ណាង​បាន​សន្យា​ថា​ នឹង​សាងសង់​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​សមរម្យ១១០​,០០០​ ខ្នង​នៅ​ឆ្នាំ​ ២០២៥​។

យោង​តាម​លោក​ Jagdeep​ Singh​ Deo​ អភិបាល​ទីក្រុង​ប៉េ​ណាំង​បាន​ឲ្យដឹង​ថា​ ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​អនុវត្ត​ការ​ផ្តួចផ្តើម​គោលនយោបាយ​ “ជួល​ហើយ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​” ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នកដាក់ពាក្យ​សុំ​បង់ថ្លៃ​ជួល​ប្រចាំខែ​ ចន្លោះ​ពី​ ២៤​ ទៅ​ ៣៦​ ដុល្លារ​ក្នុងរយៈពេល​ ១៥​ ឬ ២៥​ ឆ្នាំ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក​បាន​មានប្រសាសន៍​ថា​ “យើង​គ្រោង​ផ្តល់​ផែនការ​“ជួល​ ហើយ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​” ហើយ​ឥឡូវនេះ​យើង​មាន​លំនៅ​ដ្ឋាន​ចំនួន ២​,០០០​ នៅក្នុង​ដៃ​សម្រាប់​ការ​ធ្វើ​ដូច្នេះ​”។

លោក​បន្ត​ថា​ “យ៉ាងហោចណាស់​ប្រជាពលរដ្ឋ១​,០០០​ គ្រួសារ​ដែល​មិន​អាច​ទទួល​បាន​ប្រាក់កម្ចី​ពី​ធនាគារពាណិជ្ជ​ អាច​មានលទ្ធភាព​ទទួល​បាន​នូវ​លំនៅ​ដ្ឋាន​ទាំងនេះ​ ហើយ​អាច​កាន់កាប់​វា​បាន​ក្នុងរយៈពេល​វែង​”៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​អំពាវនាវ​អង្គការ​អន្តរជាតិ​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ប្រទេស​ស្វីសៈ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​អំពាវនាវ​ដល់​អង្គការ​អន្តរជាតិ​ទាំងអស់​បន្ត​ផ្តល់​ជំនួយ​ និង​គម្រោង​នានា​ ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ដែល​អាច​បង្កើន​ចំណូល​ ជួយ​កាត់បន្ថយ​ភាព​ក្រក្រី​ និង​បង្កើត​ការងារ​ សម្រាប់​ប្រជាជន​ទាំងអស់គ្នា​។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​លើក​ទី៥៣​ (53​rd​ Joint​ Advisory​ Group​ Meeting​) ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​បាន​វាយតម្លៃ​ខ្ពស់​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ និង​ជំនួយ​ដែល​បាន​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ ជាពិសេស​ជំនួយ​ដូចជា​ ការចូលរួម​គាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​កន្លងមក​ ការអភិវឌ្ឍន៍​ធនធានមនុស្ស​ និង​ជំនាញ​ ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ជួយ​ដល់​សហគ្រាស​កម្ពុជា​មួយចំនួន​ចូលរួម​ ក្នុង​ពិព័រណ៍​នាំចេញ​នាំចូល​ចិន​លើក​ទី២​ នៅ​ទីក្រុង​សៀងហៃ​ ក្នុង​ឆ្នាំ២០១៩​។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​លើក​ទី៥៣​ (53​rd​ Joint​ Advisory​ Group​ Meeting​) ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ មានការ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដោយ​អគ្គ​ទីប្រឹក្សា​កូស្តារីកា​ ជា​ប្រធាន​អង្គប្រជុំ​ចាស់​ អគ្គរដ្ឋទូត​ហ្វាំងឡង់​ជា​ប្រធាន​អង្គប្រជុំ​ថ្មី​ អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ អគ្គលេខាធិការ​នៃ​អង្គការ​ UNCTAD​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ អនុរដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា​ និង​ប្រធាន​អង្គការ​អន្តរជាតិ​ និង​ឥស្សរៈ​ជន​ជាន់ខ្ពស់​ដទៃទៀត​ផង​ដែរ​។

កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ បាន​រាយការណ៍​ពី​សកម្មភាព​ពីឆ្នាំ២០១៨និង​ថ្លែង​ដោយ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ និង​ការ​រួមចំណែក​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​អង្គការ​ UNCTAD​ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូច​ និង​ទន់ខ្សោយ​ តាមរយៈ​ការ​ផ្តល់​គម្រោង​ជាច្រើន​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ និង​ជួយ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​ក្នុង​ឆ្នាំ២០៣០​។

អង្គការ​ទាំងនេះ​ បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​បន្តសកម្មភាព​ និង​គម្រោង​នានា​ ក្នុង​ការ​បន្ត​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ និង​វិស័យ​ពាណិជ្ជកម្ម​ តាមរយៈ​ការ​ផ្តល់​អនុសាសន៍​ និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ផង​ដែរ​៕

CEO​ Master​ Club​ បាន​ក្លាយជា​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ទី១​ ទទួល​បានការ​អនុញ្ញាត​ជាគោល​ការណ៍​ពី​រដ្ឋាភិបាល​ដើម្បី​កៀរគរ​ទុន​វិនិយោគ​ពីសា​ធា​រណៈ​

0

ដោយ​ សារី​

ភ្នំ​ពេញៈ​ ក្លឹប​អ្នកជំនួញ​ដ៏​ល្បី​គឺ​ CEO​ Master​ Club ​បាន​ក្លាយជា​ក្រុមហ៊ុន​ខ្មែរ​ទី១​ ដែល​ទទួល​បានការ​អនុញ្ញាត្ត​ជាគោល​ការណ៍​ពី​រដ្ឋាភិបាល​ ក្នុង​ការ​គៀង​គរ​ទុន​វិនិយោគ​ពីសា​ធា​រណៈ​ជន​។

កិច្ចប្រជុំ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (គ.ម.ក​) លើក​ទី៥៥ដឹកនាំ​ដោយ​លោក​ អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ គ.ម.ក​ បាន​ផ្តល់​ការអនុញ្ញាត​ជាគោល​ការណ៍​ដល់​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ Plc​ ក្នុងចំណោម​ក្រុមហ៊ុន៤ ដែល​ទទួល​បានការ​អនុញ្ញាត្ត​ជាគោល​ការណ៍​ដំបូង​គេ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​គណៈកម្ម​មូលបត្រ​កម្ពុជា​ ដើម្បី​រៀបចំខ្លួន​ឱ្យ​ក្លាយទៅជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ពេញលេញ​ ដែល​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ប្រមូល​ទុន​ពីសា​ធា​រណៈ​និង​ធ្វើការ​ដាក់​ទុន​ ក្នុង​គម្រោង​វិនិយោគ​រួម​ជាមួយ​សហគ្រិន​កម្ពុជា​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មានការ​លូតលាស់​បាន​ឆាប់រហ័ស​។

កាលពី​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ (Securities​ and​ Exchange​ Commission​ of​ Cambodia​) រួម​សហការ​ជាមួយ​ក្រុមហ៊ុន ​CEO​ Master​ Club​ Investment​ Plc​ និង​សាលា​អចលនទ្រព្យ​កម្ពុជា​ (Real​ Estate​ School​ of​ Cambodia​) បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តីអំពី​ “វិធី​សាស្រ្ត​ត្រៀមខ្លួន​ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​ការ​វិនិយោគ​” ដើម្បី​បញ្រ្ជាប​ចំណេះដឹង​អំពី​អត្ថ​ប្រយោជន៍​ និង​លក្ខខណ្ឌ​ផ្លូវច្បាប់​សំ​ខាន់​ៗនៃ​ការ​ប្រមូល​ទុន​ពីសា​ធា​រណៈ​និង​ការ​វិនិយោគ​រួម​ដល់​សាធារណៈ​ជន​។

លោក​ស៊ូ​ សុ​ជាតិ​ អគ្គនាយក​ គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​ប្រមូល​ទុន​ពីសា​ធា​រណៈ​សម្រាប់​គម្រោង​វិនិយោគ​រួម​ ត្រូវ​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ ស្របច្បាប់​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ដែល​បាន​អនុលោម​តាម​ស្តង់ដារ​នៃ​ការវាយតម្លៃ​អំពី​គុណ​វុឌ្ឍ​ន៍​ និង​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​តម្លាភាព​ និង​ទំនុកចិត្ត​ដល់​សាធារណៈ​ជន​ឱ្យ​បាន​ច្បាស់លាស់​ ជៀសវាង​ការ​វិនិយោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​ ដែល​អាច​បង្ក​រប​ញ្ហា​ជា​អវិជ្ជមាន​ដល់​អ្នក​វិនិយោគ​ក៏ដូចជា​វិស័យ​វិនិយោគ​រួម​តែម្តង​។

លោក​ អោ​មសេង​ បូរ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុម​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ Plc​. បាន​លើក ឡើង​ថា​ ការបង្កើត​ឱ្យ​មាន​ភាព​ស្របច្បាប់​សម្រាប់​ការ​វិនិយោគ​រួម​គឺ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ការ​កសាង​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ ព្រោះ​វា​នឹង​ចូលរួម​ចំណែក​ជួយ​សហគ្រិន​ និង​សហគ្រាស​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការបង្កើត​ប្រាក់ចំណេញ​ និង​មាន​សមត្ថភាព​ដឹកនាំ​គ្រប់គ្រង​ចាត់ចែង​អាជីវកម្ម​មាន​លក្ខណៈ​ស្តង់ដារ​ ឱ្យ​ទទួល​បាន​ប្រភព​ទុន​មិន​ចេះ​រីងស្ងួត​ និង​មាន​ភាព​បត់បែន​ខ្ពស់​ដើម្បី​ពង្រីក​អាជីវកម្ម​បង្កើន​ប្រាក់ចំណេញ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន​។

ទន្ទឹម​នឹង​នោះ​ដែរ​ ក៏​ផ្តល់​ឱកាស​ដល់​ប្រជាជន​សាធារណៈ​ទូទៅ​ ដែល​មាន​លុយ​ទំនេរ​ តិច​ក្តី​ច្រើន​ក្តី​ អាច​ចូលរួម​វិនិយោគ​ក្នុង​គម្រោ​ងធំៗ​ ដែល​មាន​សក្តា​នុ​ពល​ចំណេញ​ខ្ពស់​ ស្របច្បាប់​ តម្លាភាព​ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​។

លោក​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ សម្រាប់​បងប្អូន​សហគ្រិន​ ដែល​ធ្វើការ​ប្រមូល​ទុន​វិនិយោគ​រួម​នៅក្នុង​វិស័យ​អចលនទ្រព្យ​កន្លងមក​ ដែល​មិន​មាន​ភាព​ស្របច្បាប់​ក្នុង​ការ​ប្រមូល​ទុន​វិនិយោគ​ អាច​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន​ ស៊ី​អ៊ី​អូ​ម៉ាស្ទ័​រក្លឹប​ អ៊ិ​នវេ​សម៉ិ​ន ម.ក​ (CEO​ Master​ Club​ Investment​ Plc​.) ដើម្បី​ក្លាយជា​ដៃ​គូរ​ស្របច្បាប់​ជាមួយគ្នា​បាន​៕

ជប៉ុន​គ្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រៅតែ​ពី​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​រៀបចំផែនការ​មេ​សម្រាប់​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​ នៅពេល​នេះ​ទី​ភ្នាក់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) បាន​នឹង​កំពុង​មាន​មច្ឆិ​តា​ចូលរួម​វិនិយោគ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​បន្ថែម​ទៀត​។

គណៈប្រតិភូ​ប្រឹក្សា​ធុរកិច្ច​អង្គការ​ JCIA​ ដឹកនាំ​ដោយ​លោក​ Takeshi​ Saito​ នៅ​ក្នុង​ជំ​នួ​ពិ​ភក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​ស្ដីទី​ លោក​តូច​ ចាន់​កុសល​ កាលពី​ថ្ងៃទី​ ២ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​ ដើម្បី​ស្ដាប់ការ​ធ្វើ​បទ​បង្ហាញ​របស់​តំណាង​អង្គការ​ JCIA​ អំពី​ឧបករណ៍​បច្ចេកវិទ្យា​សម្រាប់​ពិសោធន៍​ដី​ មុននឹង​ធ្វើការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ក៏ដូចជា​ស្វែងរក​សក្ដានុពល​ និង​ឱកាស​វិនិយោគ​លើ​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ផង​ដែរ​។

លោក​តូច​ ចាន់​កុសល​ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​នេះ​ ព្រោះថា​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​មាន​តួនាទី​ក្នុង​ការសាងសង់​ផ្លូវ​ ស្ពាន​ កំពង់ផែ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដ៏​ទៃ​ទៀត​ជាច្រើន​។ បើ​មាន​ឧបករណ៍​ទំនើប​សម្រាប់​ពិសោធន៍​ដី​ នោះ​នឹង​ធ្វើ​ឱ្យ​គុណភាព​សំណង់​ទាំងនោះ​រឹតតែ​មានគុណ​ភាព​ថែមទៀត​។

លោក​រដ្ឋមន្ត្រី​ស្ដីទី​បាន​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​គណៈប្រតិភូ​ដែល​មានបំណង​មក​វិនិយោគ​លើ​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ និង​ស្នើ​ឱ្យ​អង្គការ​នាំ​យក​ឧបករណ៍​បច្ចេកទេស​ទាំងនោះ​មក​កម្ពុជា​ ដើម្បី​ធ្វើ​ពិសោធន៍​ ព្រមទាំង​ស្នើ​ឱ្យ​អង្គការ​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​របស់ក្រ​សួង​(នៅ​ប្រទេស​ជប៉ុន​) ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រើ​ប្រាស់​ឧបករណ៍​ទំនើប​នោះ​។

អង្គការ​ JCIA​ គឺជា​អង្គការ​មនុស្សធម៌​ មាន​ទីស្នាក់ការ​នៅ​ប្រទេស​ជប៉ុន​ និង​បាន​ចុះ​ពិធីសារ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​និង​យុវ​នីតិសម្បទា​ ក្នុង​ភាពជា​ដៃ​គូ​តាំ​ពីឆ្នាំ១៩៩៦​។ អង្គការ​នេះ​កំពុង​បន្ត​ការ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ ពោធិ៍​សែន​ជ័យ​ លើ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដូចជា​កាត់ដេរ​សម្លៀកបំពាក់​ ជួសជុល​ម៉ូតូ​ និង​ម៉ាស៊ីន​ធុន​តូច​ ជួសជុល​ទូរទស្សន៍​ និង​បរិ​ក្ខា​អគ្គិសនី​ កាត់សក់​ ជួសជុល​ទូរសព្ទ​ បង្រៀន​កុំព្យូទ័រ​ ភាសាអង់គ្លេស​ ភាសា​ជប៉ុន​ សំណង់​ និង​បដិសណ្ឋារ​កិច្ច​ជាដើម​៕