ក្រុមហ៊ុន​យក្ស​ជប៉ុន​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ខ្លួន​មកកាន់​កម្ពុជា​ និង​បណ្តា​ប្រទេស​អាស៊ាន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ ម៉ា​ណេត​

ប្រទេស​ជប៉ុ​នៈ​ ក្រុមហ៊ុន​ភ័ស្តុភារ​អន្តរ​ជា​តិ​ធំៗ​របស់​ជប៉ុន​រួម​ទាំង​ក្រុមហ៊ុន​ Nippon​ Express​ និង​ Deutsche​ Post​ DHL​ Group​ កំពុង​ពង្រីក​ប្រតិបត្តិ​ការ​នៅ​អាស៊ី​អាគ្នេយ៍​ ខណៈ​ក្រុមហ៊ុន​ផលិតកម្ម​ផ្លាស់​ប្តូរ​ផលិតកម្ម​ទៅ​ក្នុង​តំបន់​នេះ​ ដើម្បី​គេច​ផុត​ពី​ភាព​តានតឹង​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។

ក្រុមហ៊ុន​ Nippon​ Express​ កំពុង​សាងសង់​ឃ្លាំង​ស្តុក​ដ៏​ធំ​មួយ​ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​កន្លែង​ផ្សេងទៀត​ និង​ពង្រឹង​សេវាកម្ម​ដឹកជញ្ជូន​នៅ​ទូទាំង​តំបន់​នេះ​ ក្នុង​គោលបំណង​បង្កើន​ការ​លក់​នៅ​ទីនោះ ៥០ភាគរយ​ក្នុងរយៈពេល ៥ឆ្នាំខាងមុខ​។

ឃ្លាំង​ធំ​មួយ​ដែល​កំពុង​សាងសង់​ដោយក្រុម​ហ៊ុន​ Nippon​ Express​ នៅ​ជាយក្រុង​គូ​ឡា​ឡាំ​ពួរ​ នឹង​ត្រូវ​បញ្ចប់​នៅដើម​ខែមករា​។ ឃ្លាំង​ធំ​មួយ​នេះ​មាន​ទំហំ​ជាន់​ជិត៥ម៉ឺន​ម៉ែត្រការ៉េ​ នឹង​គ្រប់គ្រង​ការ​ដឹកជញ្ជូន​អន្ដរ​ជាតិ​ ដែល​ទាក់ទង​នឹង​គ្រឿង​អេ​ឡិច​ត្រូ​និច​ និង​គ្រឿងបរិក្ខារ​អេ​ឡិច​ត្រូ​និច​ ព្រមទាំង​ការ​ដឹកជញ្ជូន​ម្ហូបអាហារ​ និង​ទំនិញ​ប្រចាំថ្ងៃ​នៅក្នុង​តំបន់​។

ក្រុមហ៊ុន​នេះ​ ក៏​នឹង​បញ្ចប់​ការសាងសង់​ឃ្លាំង​មួយ​នៅ​កម្ពុជា​ក្នុង​ខែ​ ធ្នូ​ ហើយ​កំពុង​ពិចារណា​លើ​ការសាងសង់​ឃ្លាំង​ដូចគ្នា​នេះ​ នៅក្នុង​ប្រទេស​ហ្វីលីពីន​ និង​វៀតណាម​។

ប្រទេស​ថៃ​ វៀតណាម​ និង​ម៉ាឡេស៊ី​ បាន​បង្កើត​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​រួចហើយ​ ហើយ​បាន​ធ្វើឲ្យ​តំបន់​នេះ​កាន់តែ​ងាយស្រួល​ ក្នុង​ការ​ទទួល​បាន​ផលិតកម្ម​បន្ថែម​ពី​ប្រទេស​ចិន​។ ក្រុមហ៊ុន​Nippon​ Express​ នឹង​បង្កើន​សេវា​ដឹកជញ្ជូន​ទំនិញ​ រវាង​ប្រទេស​ទាំងនេះ​ដើម្បី​បង្កើន​ការ​លក់​នៅក្នុង​តំបន់​ រួម​ទាំង​ប្រទេស​ឥណ្ឌា​ប្រហែល៥០ភាគរយ​ពីឆ្នាំ​ ២០១៨​ សើ្ម​នឹង១​,២៥​ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២៣​។

ក្រុមហ៊ុន​ Deutsche​ Post​ DHL​ Group​ កំពុង​ពង្រីក​បណ្តាញ​ដឹកជញ្ជូន​ដី​របស់​ខ្លួន​នៅ​ទីនោះ​ដោយ​យក​ប្រទេស​ថៃ​ជា​មជ្ឈមណ្ឌល​។

នៅ​ឆ្នាំ២០១៨​ ក្រុមហ៊ុន​នេះ​មាន​សមត្ថភាព​ដឹកជញ្ជូន​បាន៣០០០គ្រឿង​នៃ​ឡាន​ដឹក​ទំ​និញ​ធំៗ​ ក្នុង​មួយថ្ងៃ​ រួម​ទាំង​យានយន្ត​ផ្ទាល់ខ្លួន​ចំនួន​ ១,២០០គ្រឿង​។ ក្រុមហ៊ុន​អាល្លឺម៉ង់​ភាគច្រើន​ បាន​ផ្គត់ផ្គង់​ការ​ដឹកជញ្ជូន​ទៅ​ផ្សារ​ទំនើប​ និង​ហាងទំនិញ​ដែល​ដំណើរការ​ដោយក្រុម​ហ៊ុន​ និង​វិនិយោគិន​បរទេស​ដែល​ជាផ្នែក​មួយ​ ដែល​កំពុង​រីកចម្រើន​នៅក្នុង​ប្រទេស​ថៃ​។

លោក​ Thomas​ Tieber​ ប្រធាន​ផ្នែក​ដឹកជញ្ជូន​អន្ដរ​ជាតិ​របស់​ក្រុមហ៊ុន​ DHL​ នៅ​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ខាងត្បូង​ បាន​ប្រាប់​សារព័ត៌មាន​ Nikkei​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ថា​ ក្រុមហ៊ុន​នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ចម្រុះ​ជាតិសាសន៍​ ដែល​កំពុង​ស្វែងរក​ការ​ផ្លាស់​ប្តូរ​ផលិតកម្ម​ចេញពី​ប្រទេស​ចិន​។ ក្រុមហ៊ុន​ DHL​ នឹង​ស្នើការ​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​ជិត​ ដើម្បី​ដាក់​ក្រុមហ៊ុន​ផលិត​នៅក្នុង​តំបន់​ឥណ្ឌូចិន​។

ក្រុមហ៊ុន​ Toll​ Group​ របស់​អូស្រ្តាលី​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ Post​ Holdings​ ជប៉ុន​ បាន​ធ្វើការ​សាងសង់​ឃ្លាំង​ មាន​ទំហំ​ប្រហែល១០ម៉ឺន​ម៉ែត្រការ៉េ​នៅ​មជ្ឈមណ្ឌល​ភ័ស្តុភារ​ក្នុង​តំបន់​មួយ​នៃ​ប្រទេស​សិង្ហបុរី​។ ទីតាំង​ឃ្លាំង​មានតម្លៃ១៦៨លាន​ដុល្លារ​មាន​សមត្ថភាព​ ក្នុង​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ ចំនួន​ជាង១៥០​ ដែល​រួមមាន​ក្រុមហ៊ុន​ផលិត​ទំនិញ​ប្រចាំថ្ងៃ​ផង​ដែរ​៕

រដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ជំ​ហ៊ាន​ទី២​

0

ដោយ​ វុត្ថា​

ខេត្ត​ព្រះ​សី​ហនុៈ​ ក្រសួងទេសចរណ៍​ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ សម្រាប់​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្ន ក្នុង​មហា​អនុ​តំបន់​មេគង្គ​ជំហាន​ទី២នៅក្នុង​ខេត្ត​ព្រះសីហនុ​។

អភិបាលរងខេត្ត​ព្រះសីហនុ​លោក​ ជាវ​ វិ​ជ្ជា​ក់​មានប្រសាសន៍​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​អនុវត្ត​គម្រោង​នេះ​កាលពី​ថ្ងៃទី២១​ ខែមិថុនា​ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ ការ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ សម្រាប់​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្នក្នុង​មហា​អនុ​តំបន់​មេគង្គ​ជំហាន​ទី២​ នៅ​ខេត្ត​ព្រះសីហនុ​ មាន​ធនធាន​ធម្មជាតិ​តំបន់ឆ្នេរ​ កោះ​ ឆ្នេរខ្សាច់​ ឆ្នេរ​ថ្ម​ និង​ជីវ​: ចម្រុះ​បាតសមុទ្រ​ ជា​តំបន់​អេកូ​ទេស​ ចរណ៍​តំបន់ឆ្នេរ​ដ៏​ស្រស់បំព្រង​ និង​ជាគោល​ដៅ​ទេសចរណ៍​ដ៏​ពេញនិយម​ ដែល​ជា​សក្តា​នុ​ពលដ៍​សំខាន់​សម្រាប់​ខេត្ត​ព្រះ​ សីហនុ​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និង​ទេសចរណ៍​ហើយ​វិស័យ​ទេសចរណ៍​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​បង្កើន​មុខរបរ​ ជា​ប្រភព​ចំណូល​លើកកម្ពស់​សេដ្ឋកិច្ច​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បន្ត​ថា​ ឆ្នាំ២០១៨​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង២លាន​ នាក់​កើន២.៦៣ភាគរយ​ផ្អែកលើ​ធនធាន​ ដ៏​សម្បូរ​បែប​ និង​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ​។ ទន្ទឹម​នឹង​ការអភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​គំហុក​ ខេត្ត​ក៏​មាន​បញ្ហា​ប្រឈម​លើ​ការ​អភិវឌ្ឍ​កិច្ច​គាំពារ​បរិស្ថាន​ ជាពិសេស​ក្រុង​ព្រះសីហនុ​ ដែល​អភិវឌ្ឍន៍​យ៉ាង​គំហុក​ដូច​ទឹកបាក់​ទំនប់​ ធ្វើ​ឱ្យ​មានការ​ប្រឈម​បញ្ហា​មួយចំនួន​ដូចជា​ បរិស្ថាន​ សំរាម​ទឹក​កខ្វក់​ ភ្លើង​ កង្វះ​ទឹក​ស្អាត​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ផ្លូវថ្នល់​ ប្រព័ន្ធ​លូ​ និង​អូរ​ ប្រឡាយ​តូច​ចង្អៀត​ ។ បញ្ហា​ប្រឈម​ខាងលើ​ រដ្ឋ​ បាល​ខេត្ត​បាន​យកចិត្ត​ទុកដាក់​ និង​កំពុង​ដោះស្រាយ​ជា​បណ្ដើរ​។

លោក​ ទិត​ ចន្ថា​ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គម្រោង​ មានប្រសាសន៍​ បើក​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន័្ធ​ទេសចរណ៍​ សម្រាប់​កំណើន​ប្រកប​ដោយ​បរិ​យា​ប័ន្ន ក្នុង​មហា​អនុ​តំបន់​មេគង្គ​ជំហាន​ទី២​ ដោយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​បរិស្ថាន​ទីក្រុង​ ការគ្រប់គ្រង​សំណល់រឹង​ ផ្លូវ​តាម​បណ្ដោយ​ឆ្នេរ​ កំពង់ផែ​ទេសចរណ៍​។

លោក​បន្ត​ថា​ ការ​ពង្រឹង​សមត្ថភាព​សម្រាប់​ ការ​អភិវឌ្ឍ​ស្តង់ដារ​ទេសចរណ៍​អាស៊ាន​ ការ​កសាង​សមត្ថភាព​គ្រប់គ្រង​ជាគោល​ដៅ​ទេសចរណ៍​ ការប្រតិបត្តិ​ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ ការគ្រប់គ្រង​គម្រោង​កសាង​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរ​អូរ​ឈើទាល​ និង​អូ​ត្រេះ​ប្រវែង​ ៧.៥គីឡូម៉ែត្រ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​បរិស្ថាន​តំបន់ឆ្នេរ​ មាន​ដូចជា​ ( សួនច្បារ​ ចំណត​ឡាន​ ភ្លើង​ លូរ​ ផ្លូវ​ថ្មើរជើង​ បង្គន់​អនាម័យ​ និង​បន្ទប់ទឹក​) ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​កំណើន​ការ​វិនិយោគ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​៕

រទេះគោ​ខ្មែរ​បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​នៅ​ខេត្តសៀមរាប​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ឥឡូវនេះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ពិសេស​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មិន​ត្រឹមតែ​អាច​ទស្សនា​រមណីយដ្ឋាន​ប្រាសាទបុរាណ​នានា​នោះ​ទេ​ តែ​ពួកគេ​អាច​ជិះរទេះ​គោ​ និ​វង​ទស្សនា​កសិផល​ និង​សិក្សា​ស្វែងយល់​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​ខេត្តសៀមរាប​។

ស្ថាបនិក​ភូមិ​កសិ​ទេសចរ​ធម្មជាតិ​នៅ​សង្កាត់​ជ្រាវ​ និង​សង្កាត់​សៀមរាប​ ក្នុង​ក្រុង​សៀមរាប​ លោក​ គ្រួ​ច លី​បាន​មាន ប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ បច្ចុប្បន្ន​នេះ​ ភ្ញៀវ​ទេសចរណ៍​បរទេស​ បាន​សម្រុក​នាំគ្នា​មក​តាម​ជនបទ​ ដើម្បី​ជិះរទេះ​គោ​ និង​ ដើរ​ទស្សនា​កំសាន្ត​នូវ​កសិ​ទេសចរណ៍​ របស់​ពលរដ្ឋ​នៅក្នុង​សង្កាត់​ជ្រាវ​ និង​សង្កាត់​សៀមរាប​ ក្នុង​ក្រុង​សៀមរាប​ ដែល​នេះ​ជាផ្នែក​មួយ​នៃ​ទេសចរណ៍​ធម្មជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោលបំណង​លើក កម្ពស់​ផលិតផល​កសិកម្ម​ ជាពិសេស​ប្រជាកសិករ​ ហើយ​បាន​ផ្សារភ្ជាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ក្នុង​ការ​បង្កើន​ចំណូល​បន្ថែម​ ក្រៅពី​ប្រកបមុខរបរ​កសិកម្ម​ របស់​ពលរដ្ឋ​។

លោក​ឲ្យដឹង​ទៀត​ថា​ ការបង្កើត​ផលិតផល​ទេសចរណ៍​នេះ​ បាន​ចូលរួម​នៅក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការបង្កើត​ឱកាស​ការងារ​ ការ​រក​ប្រាក់ចំណូល​ ការ​លើកកម្ពស់​ជីវភាពរស់នៅ​ ការកាត់បន្ថយ​ភាព​ក្រីក្រ​ ការ​អភិរក្ស​បេតិកភណ្ឌ​ធម្មជាតិ​ វប្បធម៌​ និង​ប្រវត្ដិសាស្ដ្រ​ និង​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​ផង​ដែរ​ ។

ខណៈ​ដែល​រទេះគោ​ខ្មែរ​នា​បច្ចុប្បន្ន​នេះ​ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ទេសចរ​បរទេស​ សម្រាប់​ជិះ​ទស្សនា​ទិដ្ឋភាព​ទេសចរ​បៃតង​ ជា​ប្រភេទ​ដំណាំ​ដាំដុះ​ដោយ​មិន​ប្រើជា​តិ​គីមី​ ដែល​មាននៅ​ក្នុង​ភូមិ​ និង​នៅ​តំបន់​ព្រៃលិចទឹក​មួយចំនួន​ ជាពិសេស​ការ​កំសាន្ត​ដោយសារ​ការ​ជិះរទេះ​គោ​នេះ​ មិន​ត្រឹម​ធ្វើឲ្យ​ពួកគាត់​មាន​អារម្មណ៍​ភ្លឺ​ថ្លា​ប៉ុណ្ណោះ​នោះ​ទេ​ គឺ​ធ្វើឲ្យ​ពួកគាត់​បាន​ស្គាល់​ពី​វប្បធម៌​ អរិយធម៌​ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ នៅក្នុង​តំបន់ជនបទ​នេះ​ដែល​មាន​តាំងពី​បុរាណ​មក​ម្ល៉េះ​។

លោ​កគ្រួ​ច លី​ បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា​ សេវាកម្ម​រទេះគោ​នេះ​ មិន​ត្រឹមតែ​ធ្វើឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ និង​មាន​ជីវភាព​គ្រួសារ​ធូរធារ​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​វា​ថែមទាំង​បាន​ជួយ​ដល់​ការ​អភិរក្ស​នូវ​រទេះគោ​ខ្មែរ​ សម្រាប់​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់​ និង​យល់ដឹង​ពី​វប្បធម៌​ដូនតា​របស់​ខ្មែរយើង​ពី​ជំនាន់​មុន​ផង​ដែរ​។

​ដូច្នេះ​តាមរយៈ​នេះ​ លោក​សូម​អំពាវ​នា​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ រួមមាន​ក្រសួង​ទេសចរ​ក្រសួងវប្បធម៌​ ជួយ​ដឹកនាំ​ភ្ញៀវ​ និង​ជួយ​អភិរក្ស​រទេះគោ​ខ្មែរ​នេះ​ឲ្យបាន​គង់វង្ស​ជា​យូរអង្វែង​ផង​ដែរ​ ដើម្បី​បង្កើត​ការងារ​នៅនឹង​កន្លែង​ ចូលរួម​កាត់បន្ថយ​ការ​ចំណាកស្រុក​ពី​ជនបទ​ទៅ​ទីក្រុង​ ឬទៅ​ក្រៅប្រទេស​ និង​ធានា​ឱ្យ​បាន​នូវ​កំណើន​ប្រកបដោយ​សមធម៌​ ជាពិសេស​ការចូលរួម​ពី​ប្រជាជន​ក្នុង​សហគមន៍​នេះ​តែម្តង​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌​ ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​ឲ្យបាន​គង់វង្ស​៕

អាមេរិក​ដាក់​ក្រុមហ៊ុន​ចិន​ក្នុង​បញ្ជីខ្មៅ​បន្ថែម​មុន​ពេល​មាន​ជំនួប​កំពូល​រវាង​ត្រាំ​ និង​ហ្សី​នៅ​ប្រទេស​ជប៉ុន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក ​Donald​ Trump​ បាន​ដាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ចំនួន៤​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​បន្ថែម​ទៀត​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​ ពេល​កិច្ចប្រជុំ​ជាមួយនឹង​មេដឹកនាំ​ចិន​លោក​ ស៊ី​ ជី​នភី​ង នៅក្នុង​កិច្ចប្រជុំ​កំពូល ​G20​ នៅក្នុង​ប្រទេស​ជប៉ុន​។

ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ដាក់​ចូលក្នុង​បញ្ជីខ្មៅ​ និង​ត្រូវ​បាន​ហាមឃាត់​រួចហើយ​ រួម​ទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Huawei​ ផង​នោះ​ ត្រូវ​ហាមឃាត់​មិន​ឲ្យ​ទិញ​កម្មវិធី​កុំព្យូទ័រ​ និង​គ្រឿង​បង្គុំ​កុំព្យូទ័រ​ពី​អាមេរិក​។

យោង​តាម​នាយកដ្ឋាន​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ឲ្យដឹង​ថា​ វិទ្យាស្ថាន​ស្រាវជ្រាវ​នៅក្នុង​បញ្ជីខ្មៅ​មានឈ្មោះ​ថា​ Wuxi​ Jiangnan​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កុំព្យូទ័រ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ទី 56​th​ Research​ Institute​ របស់​កងទ័ព​រំដោះប្រជាជន​ចិន​។

នាយកដ្ឋាន​ពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​បាន​និយាយ​ថា​ “បេសកកម្ម​ចម្បង​របស់​អង្គការ​ស្រាវជ្រាវ​នេះ​ គឺ​ដើម្បី​គាំទ្រ​ទំនើបកម្ម​យោធា​របស់​ចិន​” ។

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​ នៅ​លើ​ពិភពលោក​ធ្វើឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំនេះ​។

លោក ​Trump​ បាន​គំរាម​ដាក់​ពន្ធ​បន្ថែម​លើ​ទំនិញ​ តម្លៃ៣០០ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​លើ​ទំនិញ​ចិន​ បន្ទាប់ពី​បាន​ដំឡើង​ពន្ធ​រួចមក​កាលពីដើម​ឆ្នាំនេះ​។

មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នឹង​ជួប​ប្រជុំ​គ្នា​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​ G20​ នៅក្នុង​ប្រទេស​ជប៉ុន​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៨​ ខែមិថុនា​៕

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើនឡើង​ ៦០ភាគរយ​ក្នុងរយៈពេល៥​ ខែ​ដើមឆ្នាំ​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុងរយៈពេល៥ខែ​ដើមឆ្នាំ​នេះ​ មាន​ទំហំ​ទឹកប្រាក់​សរុប​មាន​ចំនួន​រហូតដល់​ជិត​ ៣ពាន់​ លាន​ដុល្លារ​ កើនឡើង​ប្រមាណ ៦០ភាគរយ​ ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។

អគ្គនាយក​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ឆាន់​ សូរ្យ​ផល​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២២​ មិថុនា​នេះ​ថា​ គិត​ត្រឹម​រយៈពេល៥ខែ​ដើមឆ្នាំ២០១៩កន្លងទៅ​នេះ​ ទុន​វិនិយោគ​សរុប​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​បន្ត​កើនឡើង​ រហូតដល់ ២​,៨៩៤​,៣៥៧​,២៦៦ដុល្លារ​អាមេរិក​ កើន​ប្រមាណ៦០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ ដែល​មាន​ត្រឹម​ជាង ១​,៧៧៧ដុល្លារ​សហរដ្ឋអាមេរិក​។ លោក​បាន​បន្ត​ថា​ “តាមរយៈ​ការ​កើនឡើង​នូវ​ចំនួន​ទុន​វិនិយោគ​សរុប​ខាងលើ​នេះ​ យើង​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ នៅ​ដំណាច់ឆ្នាំ ២០១៩ វិស័យ​សំណង់​នៅ​កម្ពុជា​ នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​”។

​លោក​បាន​បន្ត​ទៀត​ថា​ “ដោយសារតែ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​ឥត​ឈប់ឈរ​នេះ​ហើយ​ បាន​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ ក៏ដូចជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំណង់​ធំ​នៅ​ប្រទេស​កូរ៉េ​ជាច្រើន​ ងាក​មក​ចាប់អារម្មណ៍​ ជាមួយនឹង​ការ​ព្យាយាម​មក​ស្វែងយល់​ពី​ឱកាស​វិនិយោគ​ និង​សហការ​ជា​ដៃគូ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដែល​កំពុងតែ​មាន​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​”។

ជាមួយនឹង​ភាព​រីកចម្រើន​ លើ​វិស័យ​សំណង់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ រួម​ជាមួយនឹង​ការចាប់អារម្មណ៍​ ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈសំណង់​ មក​ពី​ប្រទេស​កូរ៉េ​កន្លងទៅ​នេះ​ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូរ​ បាន​មាន ប្រសាសន៍​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ ក្រោម​ការ​គាំទ្រ​ឱ្យ​មានការ​ចូលរួម​ពីសំណាក់​ បណ្តា​ក្រុមហ៊ុន​បរ​ទេស​ធំៗ​មកកាន់​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​។

លោក​បាន​បន្ត​ទៀត​ថា​ “វា​ជា​រឿង​ល្អ​នៅពេល​មាន​រូបភាព​បែបនេះ​ ព្រោះ​ការ​ធ្វើទស្សនកិច្ច​សិក្សា​អំពី​ឱកាស​វិនិយោគ​ជា​ដៃគូ​ វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​វិស័យ​សាងសង់​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ភាគច្រើន​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​បើ​មាន​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ខាងត្បូង​បន្ថែម​ទៀត​វា​កាន់តែ​ប្រសើរ​ និង​ជម្រុ​ញឱ្យ​វិស័យ​មួយ​នេះ​រីកចម្រើន​ខ្លាំង​”៕

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​បាន​ច្រានចោល​របាយការណ៍​ថា​ ក្រុមហ៊ុន​ចិន​គេច​មិន​បង់ពន្ធ​ដល់​អាមេរិក​

0

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ដែល​វិនិយោគ​ដោយ​ចិន​នៅ​កម្ពុជា​បាន​ច្រានចោល​របាយការណ៍​ដែល​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​សួន​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​ដាក់​ពិន័យ​ដោយ​អាមេរិក​សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​តាមរយៈ​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ (កម្ពុជា​) ដើម្បី​គេចពន្ធ​លើ​អាមេរិក​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ដែល​ជា​តំបន់ឧស្សាហកម្ម​ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​វិនិយោគ​ និង​គ្រប់គ្រង​រួមគ្នា​ដោយ​វិនិយោគិន​ចិន​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ មាន​អាជីវកម្ម​ចំនួន​ ២០​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បាន​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​ដោយ​មិន​ត្រូវ​បាន​ស៊ើបអង្កេត​ ឬដាក់ទណ្ឌកម្ម​ដោយ​គយ​អាមេរិក​នា​ពេល​ថ្មី​ៗនេះ​ទេ​។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យដឹង​ “យើង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការខូចខាត​ដល់​កេរ្តិ៍ឈ្មោះ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បង្កឡើង​ដោយ​របាយការណ៍​មួយ​មិន​ពិត​។ យើង​តែងតែមាន​ការបង្កើត​ និង​ការគ្រប់គ្រង​សួន​ឧស្សាហកម្ម​ឲ្យ​ស្របតាម​ច្បាប់​ និង​បទប្បញ្ញត្តិ​ព្រមទាំង​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ណាមួយ​”។អ្នកតំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​។

លោកស្រី​ Emily​ Zeeberg​ ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ភ្នំពេញ​ បាន​ឲ្យដឹង​កាលពី​ថ្ងៃសុក្រ​ថា​ ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ស៊ើបអង្កេត​ និង​ដាក់​ពិន័យ​ដល់​ក្រុមហ៊ុន​មួយចំនួន​សម្រាប់​ការ​គេចពន្ធ​ពី​អាមេរិក​ដោយ​បញ្ជូន​ទំនិញ​តាមរយៈ​ប្រទេស​កម្ពុជា​។

លោកស្រី​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “ក្រុមហ៊ុន​ទាំងនេះ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។ ជួនកាល​ក្រុមហ៊ុន​ចិន​រក​ពិធី​គេច​ការ​យកពន្ធ​ ហើយ​បញ្ជូន​ទំនិញ​ទៅ​សហរដ្ឋអាមេរិក​តាមរយៈ​ការ​ដឹក​ឆ្លងកាត់​។ស្ថានទូត​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​ក្រសួង​សន្តិសុខ​មាតុភូមិ​ដែល​មិន​ឆ្លើយ​តប​ភ្លាម​ៗចំពោះ​សំណួរ​ដែល​ត្រូវ​បាន​ផ្ញើ​នៅ​ក្រៅ​ម៉ោង​ធ្វើការ​។

យោង​តាម​សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ “សួន​ឧស្សាហកម្ម​នេះ​គឺជា​គំរូ​ជោគជ័យ​នៃ​គម្រោង​វិនិយោគ​ចិន​”។ តំបន់​នេះ​មាន​ចម្ងាយ​ប្រហែល​ ១២​ គីឡូម៉ែត្រ​ពី​កំពង់ផែ​ទឹកជ្រៅ​តែមួយ​របស់​ប្រទេស​កម្ពុជា​ដែល​គ្រប់គ្រង​ប្រហែល​ ៧០​ ភាគរយ​នៃ​ការនាំចេញ​ និង​នាំចូល​របស់​កម្ពុជា​ ហើយ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​គម្រោង​សំខាន់​មួយ​ក្រោម​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​មួយ​នៃ​ទីក្រុង​ប៉េកាំង​។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​កើតឡើង​ ខណៈ​ចិន​ និង​សហរដ្ឋអាមេរិក​នៅតែ​ជាប់​គាំង​ជាមួយ​តាន​ភាព​តឹង​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​ដោយ​ដាក់​ពន្ធគយ​រាប់ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ទៅវិញទៅមក​។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ ការ​ដាក់​ពន្ធគយ​ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ពី​ប្រទេស​ចិន​ទៅកាន់​អាស៊ី​អាគ្នេយ៍​ ខណៈ​ក្រុមហ៊ុន​ជាច្រើន​ព្យាយាម​គេចវេស​ពី​កាតព្វកិច្ច​បន្ថែម​៕

ប្រភព​ China​ South​ Morning​ Post​

ក្រុមហ៊ុន​ផលិត​ម៉ូតូ​អាមេរិក​បោះទុន​វិនិយោគ​នៅ​ចិន​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​

0

ដោយ​ វុត្ថា

ចិន​៖ ក្រុមហ៊ុន​ផលិត​ម៉ូតូ​អាមេរិក​ដ៏​ធំ​មួយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ ដោយ​វិនិយោគ​លើ​ការផលិត​ម៉ូតូ​ដែល​មានតម្លៃ​សមរម្យ​សម្រាប់​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​។ ​

លោក​ Lu​ Kang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បានឱ្យ​ដឹង​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ ប្រទេស​ចិន​តែងតែ​ស្វាគមន៍​ដល់​សហគ្រាស​បរទេស​ក្នុង​ការ​វិនិយោគ​ និង​ចាប់ផ្តើម​អាជីវកម្ម​ដើម្បី​ចែករំលែក​នូវ​ឱកាស​អភិវឌ្ឍន៍​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន​។

យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​មួយ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Zhejiang​ Qianjiang​ Motorcycle​ Co​. , Ltd​ របស់​ចិន​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​មួយ​ជាមួយ​ក្រុមហ៊ុន​ Harley​-Davidson​ Inc​. ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អាមេរិក​ដ៏​ធំ​មួយ​ ដើម្បី​សហការ​តម្លើង​ម៉ូតូ​តូច​ៗដែល​មានតម្លៃ​សមរម្យ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​នៅ​ចុងឆ្នាំ២០២០ខាងមុខ​ ។

លោក​ Lu​ Kang​ ​បាន​ឆ្លើង​តប​ទៅ​សំនួរ​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​កាសែត​មួយ​អំពី​កិច្ច​ព្រមព្រៀង​នេះ​ថា​ “នេះ​គឺជា​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ធម្មតា​” ។

លោក​បន្ត​ថា​ “ដូចដែល​ខ្ញុំ​បាន​លើកឡើង​ជាច្រើន​ដង​ហើយ​ជំនួញ​ជាច្រើន​ត្រូវ​បាន​ជ្រើសរើស​វិនិយោគ​ដោយ​ផ្អែកលើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​ច្បាប់​ទីផ្សារ​”។

លោក​ Lu​ បាន​បន្ថែម​ថា​ “ភស្តុតាង​ជាច្រើន​បាន​បង្ហាញថា​ ក្រុមហ៊ុន​បរទេស​ភាគច្រើន​មាន​ទស្សនៈ​វិជ្ជមាន​ចំ​ពោះ​សក្តា​នុ​ពល​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ចិន​ និង​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ឥត​ឈប់ឈរ​របស់​ចិន​លើ​បញ្ហា​សក្តា​នុ​ពល​វិនិយោគ​”។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​នៅ​បន្ត​កើតឡើង​ មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ ដែល​បង្ក​ឱ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សេដ្ឋកិច្ច​។

លោក​ Trump​ កាលពី​ខែមុន​បាន​បញ្ជា​ ឱ្យ​តម្លើង​ពន្ធ​នាំចូល​ចំនួន​ ២៥ភាគរយ​លើ​ទំនិញ​របស់​ចិន​ ដែល​មានតម្លៃ​ ២០០ពាន់​លាន​ដុល្លារ​ ហើយ​បាន​គម្រាម​បង្កើនផលិតផល​បន្ថែម​ទៀត​ដែល​មានតម្លៃ​ ៣០០ពាន់​លាន​ដុល្លារ​៕

ដំណឹងល្អ​…គម្រោង​បុរី​កៀនស្វាយ​ផាក​ ចាប់ផ្តើម​បុក​គ្រឹះ​ និង​ប្រកាស​លក់​ជា​ផ្លូវការ​ហើយ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ យ៉ាង​យូរ​នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ គម្រោង​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ កៀនស្វាយ​ផាក​ ដែល​ជា​គម្រោង​លើកដំបូង​គេ​ស្ថិតនៅ​ភូមិ​ស្រែ​អំពិល​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ នឹង​ចាប់ផ្តើម​សម្ពោធ​បុក​គ្រឹះ​ រួម​ជាមួយនឹង​ការប្រកាស​លក់​ជា​ផ្លូវការ​ហើយ​ ដោយ​អតិ​ថិ​នក៏​ទទួល​បានការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ផង​ដែរ​ ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ដែល​ជា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​គម្រោង​មួយ​នេះ​ដោយ​ផ្ទាល់​បាន​មានប្រសាសន៍​ថា​ គម្រោង​បុរី​ កៀនស្វាយ​ផាក​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ និង​វិនិយោគ​ដោយក្រុម​ហ៊ុន​ KFA​ Property​ Co​ ., Ltd​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ នឹង​ក្លាយជា​លំនៅ​ដ្ឋាន​ដ៏​ស្រស់​ស្អាត​ ប្រណីតភាព​ និង​មាន​ផាសុកភាព​ខ្ពស់​មុនគេ​នៅក្នុង​តំបន់​ជាយក្រុង​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ទៀត​ថា​ “នៅក្នុង​ជំ​ហ៊ាន​ដំបូង​របស់​ បុរី​ កៀនស្វាយ​ ផាក​ ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជិត៣ម៉ឺន​ម៉ែត្រការ៉េ​ និង​ដាក់​លក់​ចំនួន​ ១៦៨​ ល្វែង​ ហើយ​បញ្ជប់​ទាំង​ការសាងសង់​ទាំងស្រុង​ត្រឹម​រយៈពេល​២៤​ខែ​ ចែកចេញជា២វគ្គ​ (១វគ្គ​ រយៈពេល១២ខែ​) ហើយ​អតិថិជន​អាច​ទទួល​បាន​លំនៅ​ដ្ឋាន​ត្រឹម​រយៈ១២ខែ​តែប៉ុណ្ណោះ​បន្ទាប់ពី​បង់ប្រាក់​”។

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ឱកាស​នៃ​ការប្រកាស​លក់​នេះ​ ក្រុមហ៊ុន​ក៏​មាន​កញ្ចប់​ពិសេស​សម្រាប់​អតិថិជន​ចំនួន២៧នាក់​ដំបូង​ផង​ដែរ​ ជាមួយនឹង​ការ​ទទួល​បាន​ទឹកប្រាក់​នៃ​ការ​បញ្ចុះតម្លៃ​ចំនួន​ ១០០០ដុល្លារ​ភ្លាម​ៗ”។ បច្ចុប្បន្ន​នេះ​ គម្រោង​បុរី​លំនៅ​ដ្ឋាន​ទាន់សម័យ​ និង​ទំនើប​ តម្លៃ​សមរម្យ​ កៀនស្វាយ​ ផាក​ បាន​ និង​កំពុង​មាន​សកម្មភាព​យ៉ាង​មមាញឹក​ក្នុង​ការរៀបចំ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវថ្នល់​ បណ្តាញ​ទឹក​ស្អាត​ បណ្តាញ​អគ្គិសនី​ និង​បណ្តាញ​បង្ហូរទឹក​ស្របតាម​បទដ្ឋាន​ដែល​ក្រសួង​បាន​កំណត់​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “លំនៅ​ដ្ឋាន​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ក្នុង​ការរស់នៅ​ ដោយ​សារ​តែ​វា​ជា​តំបន់​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ខ្លាំង​ ហើយដោយ​ឡែក​ចំពោះ​លំនៅ​ដ្ឋាន​ ក៏ដូចជា​បរិស្ថាន​ជុំវិញ​ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​រៀបចំ​ធ្វើឡើង​គោរព​តាម​មាត្រដ្ឋាន​របស់ក្រ​សួង​ ទាំង​ការរៀបចំ​ធ្វើ​ផ្លូវ​ធំ​ដែល​មាន​ទំហំ១១ម៉ែត្រ​ និង​ផ្លូវ​ខាងក្នុង​មាន​ទំហំ៨ម៉ែត្រ​ ជាពិសេស​មានការ​បង្កើត​ជា​តំបន់​បៃតង​ រួម​ជាមួយ​ផ្សារ​បែប​ទំនើប​ក្នុង​តំបន់​ ដែល​មិនធ្លាប់​នោះ​ឡើយ​នៅក្នុង​តំបន់​កៀនស្វាយ​នេះ​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅ​តំបន់​នេះ​នឹង​មាន​ភាព​លេចធ្លោ​ក្នុង​ពេល​ដ៏​ខ្លី​ ដោយសារតែ​វា​មាន​វិសាលភាព​ផ្ទៃដី​នៅ​ទូលាយ​ តម្លៃ​នៅ​មានកម្រិត​ ហើយ​ជាពិសេស​ ជា​តំបន់​ដែល​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ ដែល​ក្រៅពី​មាន​កំពង់ផែ​ភ្នំពេញ​ មាន​តំបន់​សេដ្ឋ​ពិសេស​ មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​អភិជន​ The​ Prince​ ​មណ្ឌល​កម្សាន្ត​របស់​ក្រុមហ៊ុន​វឌ្ឍនៈ​ រោងចក្រ​កាត់ដេរ​នោះ​ គឺ​ថែមទាំង​មានផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​ជា​ខ្សែ​បណ្តាញ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​កម្ពុជា​ទៀតផង​”៕

ប្រធានាធិបតី​ Duterte​ នឹង​ជំរុញ​ហ្វីលីពីន​ឲ្យ​ជាគោល​ដៅ​វិនិយោគ​ដ៏​ល្អ​មួយ​

0
President Rodrigo Roa Duterte announces that he will soon rename Benham Rise to Philippines Ridge during his departure speech at Francisco Bangoy International Airport in Davao City on April 10, 2017. KING RODRIGUEZ/Presidential Photo

ដោយ​ យុទ្ធ​

ហ្វីលីពីន​៖ ហ្វីលីពីន​អះអាង​ថា​ ខ្លូន​នៅតែ​ជា​ទិសដៅ​វិនិយោគ​ដ៏​ល្អ​មួយ​ ស្រប​ពេល​ខ្លួន​មាន​កំណើន​សេដ្ឋកិច្ច​ថេរ​ និង​កំណែទម្រង់​ហិរញ្ញវត្ថុ​។

នេះ​បើ​តាម​លោក​ Ramon​ Lopez​ ដែល​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​មុន​កិច្ចប្រជុំ​របស់​លោក​ប្រធានាធិបតី​ Duterte​ ជាមួយ​ពាណិជ្ជករ​ថៃ​នៅ​រសៀល​ម្សិលមិញ​នេះ​។

លោក​ Lopez​ ឲ្យដឹង​ថា​ លោក​ប្រធានាធិបតី​ត្រូវ​បាន​រំពឹង​ថា​នឹង​ជំរុញ​ឲ្យ​សហគមន៍​ធុរកិច្ច​ថៃ​វិនិយោគ​ ឬពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​បាងកក​។ លោក​ Lopez​ បាន​ថ្លែង​ថា​ “វា​នឹង​មានការ​ពិភាក្សា​បើកចំហ​ដែល​នឹង​អនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី​បង្ហាញ​ពី​ហ្វីលីពីន​ថា​ជាគោល​ដៅ​វិនិយោគ​ដ៏​ល្អ​មួយ​។

ក្រុមហ៊ុន​មួយចំនួន​ក្នុងចំណោម​ក្រុមហ៊ុន​ឯកជន​ទាំងនេះ​កំពុង​ដំណើរការ​រួចហើយ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។ យើង​កំពុង​ស្នើសុំ​ឲ្យ​ពួក​បង្កើន​ការ​វិនិយោគ​របស់​ពួកគេ​”។ លោក​ Duterte​ គ្រោង​នឹង​មកដល់​ទីក្រុង​បាងកក​នា​យប់​ចុង​សប្តាហ៍​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី​ ២២​ និង​ ២៣​ ខែមិថុនា​នេះ​។លោក​ Duterte​ នឹង​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​អាជីវកម្ម​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ថៃ​ផ្សេង​ៗមុន​ពេល​ចូលរួម​ក្នុង​កិច្ចពិភាក្សា​កំពូល​។

លោក​ Lopez​ ឲ្យដឹង​ថា​ ក្រុមហ៊ុន​ថៃ​ទាំងនេះ​ធ្វើ​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​ធនាគារ​ ម្ហូបអាហារ​ ផលិតកម្ម​កសិកម្ម​ កសិ​ពាណិជ្ជកម្ម​ និង​អចលនទ្រព្យ​។ រហូតមកដល់​ពេលនេះ​ លោក​ Lopez​ បាន​និយាយ​ថា​ គ្មាន​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ណាមួយ​នៅឡើយ​ទេ​ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ទៅកាន់​ប្រទេស​ថៃ​។

ដើម្បី​បញ្ចុះបញ្ចូល​ពាណិជ្ជករ​ថៃ​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ លោក​ Lopez​ បាន​និយាយ​ថា​ លោក​ប្រធានាធិបតី​ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ជាក់​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​រស់រវើក​របស់​ហ្វីលីពីន​ព្រមទាំង​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ផ្តល់​បរិយាកាស​ធុរកិច្ច​ល្អ​។

លោក​ Lopez​ បាន​បន្ត​ថា​ លោក​ប្រធានាធិបតី​នឹង​ធានា​ដល់​ពួកគេ​នូវ​ការធានា​និង​ការ​ការពារ​ទាំងស្រុង​នៃ​ការ​វិនិយោគ​របស់​ពួកគេ​ក៏ដូចជា​ផ្តល់​ជូន​ពួកគេ​នូវ​បរិយាកាស​ជំនួញ​ដ៏​ល្អ​ក្នុង​ប្រទេស​ហ្វីលីពីន​ទាក់ទង​នឹង​ការ​បង្កើន​ចំណាត់ថ្នាក់​ឥណទាន​ ការកែទម្រង់​ជាច្រើន​ដែល​យើង​កំពុង​ធ្វើ​នៅក្នុង​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ពន្ធដារ​ និង​កំណែទម្រង់​ហិរញ្ញវត្ថុ​៕

រដ្ឋាភិបាល​រឹត​បន្តឹង​ដោយ​តម្រូវឲ្យ​អ្នក​ប្រកបរបរ​ជា​ភ្នាក់ងារ​ និង​វាយតម្លៃ​ត្រូវ​ចុះ​បញ្ជី​រនៅ​ក្រសួងសេដ្ឋកិច្ច​

0

ដោយ​គង់​ សូ​រិយា​

​ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​ក្រុមហ៊ុន​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​ ត្រូវតែ​មក​ចុះ​បញ្ជី​រជាមុន​នៅ​ទី​ស្តី​ការក្រ​សួង​ ដើម្បី​អាច​ប្រកបរបរ​នេះ​បាន​ដោយ​ស្របច្បាប់​ និង​ទទួលស្គាល់​ពី​រដ្ឋាភិបាល​។

​យោង​តាម​សេចក្តី​ជូនដំណឹង​លេខ៥១​ សហវ​ ចុះ​ថ្ងៃទី២៩​ មិថុនា​កន្លងមក​នេះ​បាន​ឲ្យដឹង​ថា​………..សូម​អាន​សេចក្តី​ជូនដំណឹង​ខាងក្រោម​។